រំលង ទៅខ្លឹមសារ
11 ខែ​មេសា 2013 / ស្នាមញញឹម

ជិតចូលឆ្នាំថ្មី ខ្ញុំមានអាយុកើនបានមួយឆ្នាំទៀតហើយ

ថ្ងៃនេះមានរឿងច្រើនណាស់ដែលបានកើតឡើង ទាំងនៅក្នុងជីវភាពប្រចាំថ្ងៃ និងកន្លែងការងារ។

ព្រឹកមិញនេះ មានទូរស័ព្ទមួយទាំងព្រលឹម (ព្រោះយប់មិញខ្ញុំគេងលក់នៅម៉ោង៨យប់) ដែលជាបញ្ហាធំមួយ(ពីរ បីឯណោះ) ក្នុង កន្លែងធ្វើការដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ព្រោះវាទាក់ទងជាមួយនឹងទំនាស់ផលប្រយោជន៍។ កម្រទូរស័ព្ទនិយាយគ្នាទាំង  ព្រលឹមបែបនេះណាស់ខ្ញុំ លើកលែងតែរឿងគ្រួសារទេដែលអាចតេមកទាំងព្រលឹមបាន។

ចូលមកដល់កន្លែងធ្វើការ មេបានបង្ហាញនូវការរៀបចំរបាយការណ៍ដែលខុសពីគោលបំណងគាត់ចង់បាន។ មេគាត់មិនត្រូវការ ព័ត៌មានណាដែលមិនចាំបាច់ (ចាំមើលតែពេលត្រូវការចាំតែឱយតើ)។ ចំណែកខ្ញុំ មិនត្រូវការធ្វើការដែលគ្មានព័ត៌មានច្រើនទេ ខ្ញុំ ត្រូវការព័ត៌មានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះជួនកាល បើមាននរណាម្នាក់ត្រូវការខ្ញុំនឹងមានព័ត៌មានផ្តល់ឱយទាន់ ពេលវេលា។

មិត្តរួមការងារបានព្រមព្រាងគ្នាថានឹងរៀបចំបាយពេលថ្ងៃត្រង់មួយពេលទៀត។ ត្រូវរៃអង្គាសប្រាក់បដិភាគបន្ថែមដើម្បីបន្តដំណើរ ផឹកស៊ីរបស់យើងឱយបានពេញលេញមួយពេលទៀត។ តែស៊យដល់ហើយ ព្រោះខ្ញុំមានណាត់បាយនៅខាងក្រៅបាត់។

មិនដឹងថានៅក្នុងកន្លែងធ្វើការសប្បាយប៉ុណ្ណាទេដែលមានសុទ្ធតែបង្កងបង្គា ត្រីអាំង និងបង្អែម ក្លែមជាមួយស្រាបៀក្លាស្សេតាំង ពីម្សិលឡើងត្រជាក់ស្រេប អ្ហែមៗ… (មិនដឹងថាខុសឬត្រូវទេដែលខ្ញុំក៏ចូលចិត្តផឹកស្រាបៀពេញម៉ាទំហឹងដែរ ពិតមែនតែកម្លាំង មិនសូវមាំអីនឹងគេ) ជាពិសេសមានពេលបាយជាមួយមេ បានជជែកគ្នារឿងការងារខ្លះផង សោះមិនសូវខាតពេលច្រើន តែ…

ថ្ងៃនេះជាថ្ងៃដំបូងហើយក្នុងសប្តាហ៍នេះដែលខ្ញុំបានញ៉ាំគ្រាប់បាយចូលខ្លួន មានសម្លប្រហើរត្រីឆ្អើរ និងឆាខាត់ណាសាច់គោ។ ឆ្ងាញ់ណាស់!!! តាមខ្ញុំស្មានស្នាដៃចុងភៅម្នាក់នេះមិនអន់ឡើយ។ អាហារដ្ឋាន «អម» នៅផ្លូវប៉ាស្ទ័រ ដែលមានម្ចាស់ហាងជាស្រី ចំណាស់ស្រស់ស្អាតម្នាក់នេះ គួរឱយចង់ទៅហូប មិនសូវនិយាយស្តីប៉ប៉ាច់ប៉ប៉ោចច្រើន និយាយលាយញញឹម និយាយដឹង ខុសត្រូវទាំងក្នុងរឿងទទួលយកការកែលម្អ តម្លៃក៏សមរម្យ ហើយជាពិសេសមានបង្អែមមួយចានសម្រាប់លាងមាត់ផង។ មិន មែនចង់ផ្សាយពាណិជ្ជកម្មអីទេ តែគ្រាន់តែឆ្ងាញ់មាត់នឹងសម្លប្រហើរត្រីឆ្អើរមួយកូនឆ្នាំងដីតូចនេះ ហុតឡើងខ្មាសគេព្រោះសល់ តែស្លឹកគ្រៃនៅក្នុងឆ្នាំង (សូម្បីតែខ្ជាយក៏ញ៉ាំអស់ដែរ)។ ដោយសារថ្ងៃនេះគេធ្វើចេកខ្ទិះ ខ្ញុំមិនចំណូលផង ក៏មិនហ៊ានអួតពីរស ជាតិបង្អែមនេះដែរ។ បើធៀបនឹងហាង «ត្រសក់ផ្អែម» នៅផ្លូវត្រសក់ផ្អែម ហាងនេះគឺប្រហាក់ប្រហែលគ្នា ដោយគ្រាន់តែហាង ត្រសក់ផ្អែមមានកន្លែងអង្គុយមានផាសុកជាងនេះ និងមានម៉ាស៊ីនត្រជាក់បន្តិចៗផង ធ្វើឱ្យញ៉ាំបាយឆាប់ឆ្អែតណាស់។

ទៅបាយនៅក្រៅផ្ទះជាមួយមិត្តភ័ក្តិរួចខ្ញុំក៏ហួសទៅផ្ទះដាក់ចំណីឱ្យក្មួយបង្កើត ឈ្មោះអាបេប៊ីប៊យ (ធ្វើឬកឯងជាទន្សាយអ្នកមាន ស្អីស៊ីតែចំណីកញ្ចប់ សាច់ជ្រូកចិញ្រ្ចាំលីង និងកកេរតែក្រដាសសោះហ្នឹង) វានឹកខ្ញុំខ្លាំងណាស់ គ្រាន់តែស្រែករកភ្លាម វារត់មក ដល់ក្រោមជើងភ្លាមដែរ ដែលជាធម្មតា វាខ្ជិលមែនទែន ហៅទម្រាំតែចេញមក ដប់នាទីអីឯណោះ!

ដោយសារតែខ្លួនឯងមិនសូវដឹងពីរឿងធ្វើម្ហូប ខ្ញុំមិនដែលហ៊ាននិយាយរឿងមុខម្ហូបជាមួយអ្នកធ្វើការរួមនឹងខ្ញុំឡើយ តែខ្ញុំតែងដឹង ថាតើកន្លែងណាមានម្ហូបដែលខ្ញុំចូលចិត្ត ដូចជានៅហាងមួយក្បែរមាត់ទន្លេ ខ្ញុំចូលចិត្តញ៉ាំសាមុសា រ៉ាហ្គូសណ្តែក និងសាច់ក្រក ឡាសាញ៉ា និងស៊ុបសាច់ក្រកបន្ទះ។ រួចចំណែកហាងដែលស្លម្ជូរគ្រឿងស្លឹករមៀតក្បាលត្រីឆ្ងាញ់ គឺហាងរំចង់នៅព្រែកលាប។ រួចត្វាគោដែលឆ្ងាញ់គ្រាន់បើ ហើយខ្ញុំចូលចិត្តគឺនៅវ៉ាស៊ីងតោនព្រែកលាប ហើយបើនិយាយពីដំឡូងបារាំងបំពងឆ្ងាញ់គឺនៅ ប៊ីប៊ីវើល ចំណែកសាច់នំប៊ឺហ្គ័រឆ្ងាញ់គឺឡាក់គីប៊ីហ្គ័រ ហើយបើសាច់មាន់ឆ្ងាញ់វិញមានតែនៅ ប៊ីប៊ីឃ្យូ ឈីកខិន… ចំណែកបបរស ត្រីងៀតឆ្ងាញ់ជាងគេលើលោកនេះសម្រាប់ខ្ញុំ មានតែនៅហាងមួយនៅកំពង់ធំ អត់មានដំបូលប្រក់ អង្គុយលើគ្រែ ដួសបបរដាក់  ចានដែកសល់ពីសម័យសង្គ្រាមព័ណ៌ប្រាក់ (ឱយឆាប់ត្រជាក់) ដាក់ឱយហូប ម្ចាស់ហាងជាស្រីចាស់ម្នាក់ ទារថ្លៃធ្វើម្ហូបប្រចាំខែ  ច្រើនៗណាស់ តែក៏នៅតែពេញចិត្តឱ្យព្រោះខ្ញុំចូលចិត្តបបរសនោះតាំងពីកូនង៉ែតមក…

ឆ្នាំនេះគ្មានអ្វីពិសេសឡើយ មានតែអង្គុយមើលគេមើលឯង ដើរទៅដើរមក ហើយនឹងធ្វើការឱយរួចមុនពេលចាប់ផ្តើមការងារនៅ ឯភូមិដាច់ស្រយាល តាមខេត្ត។ តែខ្ញុំចង់កត់ត្រាទុកនូវអ្វីៗដែលបានកើតឡើង ហើយតើដែលនឹងខុសប្លែកគ្នាពីមួយឆ្នាំទៅមួយ ឆ្នាំបែបណា?

ទើបតែថ្ងៃនេះទេដែលមេធំ និយាយកាន់ជើងថា បើខ្ញុំនៅតែធ្វើការងារបានត្រឹមនេះ គេនឹងដាក់ការងារឱយធ្វើខ្ពស់លើសហ្នឹងមួយ កម្រិតទៀត… គាត់មិនទាន់និយាយពាក្យថាអាណិតខ្ញុំទេ តែខ្ញុំដឹងថាក្នុងចិត្តគាត់អាណិតខ្ញុំ បើមិនអាណិតស្រឡាញ់ខ្ញុំទេ ស្មាន តែពេលខ្លះខ្ញុំធ្វើខុសហើយ ធ្វើការងារមិនទាន់ហើយ (គាត់មិនច្រឡោតដាក់ដូចអ្នកផ្សេង) មេនៅការពារខ្ញុំទៀត ហើយមិនមែនតែ មេធំទេ មេទីពីរក៏ Save my life រាល់តែដងដែរ កុំអីស្មានតែ បានឈរជើងនៅកន្លែងហ្នឹងជាប់ឬ? បើម្នាក់ៗលេងតែប៉ែងជើង គ្នាបែបនេះ។

ចង់និយាយពាក្យប៉ុន្មានម៉ាត់ ព្រោះមិនដឹងថាថ្ងៃនេះ ថ្ងៃស្អែកនឹងប្រែប្រួលបែបណា ចង់និយាយមុនពេលហួសពេលនឹងនិយាយ៖

អរគុណម៉ែ ម៉ាក់ ប៉ា និងលោកគ្រូ អ្នកគ្រូ ទាំងអស់ ព្រមទាំងញាតិមិត្តនៅជុំវិញខ្លួនរបស់ខ្ញុំដែលបានណែនាំប្រដៅឱ្យខ្ញុំធ្វើជា មនុស្សដែលមិនរស់នៅនាំទុក្ខដល់អ្នកដទៃ (លើកលែងតែអ្នកនៅហ្វេសប៊ុក និងវើតប្រេស ខ្ញុំអាចនាំទុក្ខដោយនិយាយសាំតាប៉ែ ច្រើន តែម៉ែមិនដែលស្គាល់ហ្វេសប៊ុកទើបគាត់មិនដែលប្រដៅខ្ញុំឱ្យក្លាយជាមនុស្សល្អនៅលើនេះទេ) ។

អរគុណមេទាំងពីរដែលជានិច្ចកាលតែងចេញមុខការពារកូនចៅផ្តេសផ្តាសដូចជាខ្ញុំ។

អរគុណផែនដីដែលរក្សាទុកខ្ញុំឱយនៅលើលោក ខ្ញុំប្រហែលជាធ្ងន់ណាស់ហើយ…

តែមិនភ្លេចទេ៖ សូមជូនពរញាតិមិត្តទាំងអស់គ្នាដែលអាចឃើញអក្សរនេះ សូមមិត្តបានជួបប្រទះសេចក្តីសុខ សេចក្តីចម្រើន និង មានតែសុភមង្គលជានិច្ចក្នុងក្រុមគ្រួសារ នាឆ្នាំថ្មីនេះគ្រប់ៗគ្នា។

 

  1. តា ម៉ាប់ / មេសា 11 2013 9:24 ល្ងាច

    សាធុៗៗៗ

    • លី កល្យាណ / មេសា 11 2013 9:41 ល្ងាច

      ផ្ញើជូនពរយាយម៉ាប់ផងណា៎!

  2. somada / មេសា 19 2013 4:16 ល្ងាច

    ពេញចិត្តជាង​គេហាង​បបរសនៅកំពង់ធំ តែឆ្ងល់ណាស់​ ស្រីចាស់សោះលក់ថ្លៃម្លេះ សង្ស័យ​តែ​មិនសូវ​មានអ្នក​ចូលញ៉ាំហើយ​មើលទៅ​បានជាមានម៉ូយ​ម្តង ៗ កាប់ឆៅអញ្ចឹង ។ ចាំមានឱកាស​ទៅ​ឲ្យ​ស្គាល់​ម្ចាស់​ហាង​អត់ដំបូល​នោះម្តង នៅម្តុំណាដែរ?

    • លី កល្យាណ / មេសា 20 2013 3:36 ល្ងាច

      អាថ្លៃបបរសនោះមិនជាណាស់ណាទេ ណាស់តែទារថ្លៃធីបប្រចាំខែទេតើបង។ ដូចបងថាចឹង ម៉ូយមានតែម្នាក់ទេ ចឹងកាប់ផ្តាច់តែម្តងទៅ។ បើសិនជាបានឆ្លងតាមផ្លូវនោះ ខ្ញុំនឹងនាំបងទៅញ៉ាំឱយស្គាល់ជាតិម្តង។

  3. somada / មេសា 20 2013 5:58 ល្ងាច

    រង់ចាំជានិច្ច តែត្រូវសន្សំលុយ​មុនសិន វីវរ​អត់លុយ​ឲ្យ​ថ្លៃបបរស

    • លី កល្យាណ / មេសា 20 2013 6:44 ល្ងាច

      បងឯងគាត់មិនគិតលុយទេ

  4. ម៉ាក់ស្រីតូចបីនាក់ / មេសា 25 2013 11:02 ល្ងាច

    ខានមកអើតយូរ ផ្ទះនេះស្ងាត់ដល់ហើយ

    • លី កល្យាណ / មេសា 27 2013 10:52 ព្រឹក

      ម្ចាស់ផ្ទះកំពុងសន្សំគ្រាប់ទុកបាញតទល់ជាមួយអ្នកទស្សនាដែលមានទស្សនៈមិនពេញចិត្ត ជាមួយរឿងដែលម្ចាស់ផ្ទះសរសេរ។

    • ម៉ាក់ស្រីតូចបីនាក់ / មេសា 27 2013 4:07 ល្ងាច

      ហ៊ូៗៗៗ ខ្លាចណាសសសសសសសស់ 😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: