រំលង ទៅខ្លឹមសារ
1 ខែ​ឧសភា 2013 / ស្នាមញញឹម

សន្យា (ភាគ៧)

ខ្ញុំជាមនុស្សស្មោះត្រង់ក្នុងរឿងស្នេហា។  តែ…អូខេ ខ្ញុំសារភាព… ខ្ញុំមិនមែនជាមនុស្សស្មោះត្រង់​បំផុតនោះទេ។ ជានិច្ចជាកាល ខ្ញុំតែងតែស្វែងរកការកម្សាន្ត សប្បាយនៅខាងក្រៅផ្ទះជាញឹកញយតាមតែឱកាសហុចឱ្យ។ តើវា មិនមែនជារឿងធម្មតាទេឬ សម្រាប់មនុស្សម្នាក់ក្នុងស្ថានភាពរបស់ខ្ញុំ?

មនុស្សស្រីដែលនៅក្បែរខ្លួនខ្ញុំនេះ មិនមែនជាស្រីដែលខ្ញុំស្រឡាញ់ទេ ទោះបីនាង មានរូបសម្បត្តិស្អាតជាងនារី ទាំងអស់ដែល ខ្ញុំធ្លាប់មានទំនាក់ទំនងក៏ដោយ … សេចក្តីស្រឡាញ់មិនបានផ្អែកទាំងស្រុងទៅលើរូបសម្រស់​ ឡើយ តែក៏មិនមែនកាត់ផ្តាច់ពី សម្រស់ដែរ … ហើយក៏ប្រហែលដោយសាររូបសម្រស់របស់នាងស្អាត នេះឯង ហើយដែលខ្ញុំអាចមានទំនាក់ទំនងយូរអង្វែង និងជិតស្និទ្ធនឹងនាងជាងនារីណាៗទាំងអស់…

ជានារីស៊ីវិល័យតាមរបៀបអ្នកសិល្បៈដែលស្រឡាញ់រចនាបទផ្ទាល់ខ្លួន នាងមានលក្ខណៈពិសេសតែងខ្លួនយ៉ាង ស្រស់ស្អាត… សក់ខ្មៅរលើបបួងឡើងទៅលើផុត​ស្រឡះ​ មូរចូលគ្នាដូចគូទខ្យងចុងបំផុតដោតបន្ដុបនៅលើនោះ ដោយស្នៀត​សក់ធ្វើពីប្រាក់ មានរំយោលផ្កាក្រវាន់ដាំពេជ្រចាំងរលេក ទម្លាក់​មកក្បែរ​ស្លឹក​ត្រចៀក។ រូបរាងស្តើង ខ្ពស់ ១,៦០ម៉ែត្រ ប៉ុណ្ណឹងហើយ នាងនៅ តែពាក់ស្បែកជើងកែងចោត ដែលធ្វើឱ្យពេលដើរជាមួយគ្នាគេមិនដែល មើលឃើញខ្ញុំទេ។ ទម្រង់មុខនាងដូចជាកូនចៅចិន ស្រដៀងនឹងនាងកុប តារាភាពយន្តថៃ នាងមានសម្បុរ ស ជ្រះ តែមិនសូវជាស្អាតប៉ុន្មានទេ ដោយសារតែជម្ងឺខ្វះគ្រាប់ឈាម ក្រហមនេះយាយី ដែលធ្វើឱ្យសម្បុរសនេះប្រែ​ ជាលាយបៃតងព្រឿងៗ ដោយសារសាច់ឈាមមិនបរិបូណ៍ នាំឱ្យមើលឃើញ សសៃឈាម។ នាងចូលចិត្ត​ស្លៀក​ រ៉ូប ឬ សំពត់ច្រើនជាងខោ។ ព័ណ៌ដែលនាងចូលចិត្តប្រើគឺព័ណ៌បៃតង ព័ណ៌បៃតងលាយ ខៀវខ្ចី ព័ណ៌សលាយលឿង ខ្ចី (ស៊ីនួន) ព័ណ៌ផ្កាឈូកស្រាល… និងមានកន្សែងរុំកប្រើជាប្រចាំ ការពារខ្យល់ត្រជាក់ប៉ះបំពង់ក នាំឱ្យរលាកជា ញឹកញយ (ឬដើម្បីបាំងកុំឱ្យគេមើលទៅឃើញកវែងរបស់នាងទេដឹង???)។

ខ្ញុំសារភាពថា រូបរាងរបស់នាងពិតជាស្អាតគួរឱ្យចាប់ចិត្ត តែក្តីស្រឡាញ់មិនមែនចេះតែកើតមានសម្រាប់គ្រប់ មនុស្សដែលមាន រូបល្អស្អាតនោះទេ … ប្រហែលជាខ្ញុំជាមនុស្សខុសគេទេដឹង?… តែគិតចង់ស្រឡាញ់យ៉ាងណា ក៏ខ្ញុំធ្វើចិត្តស្រឡាញ់ស្រីស្អាត ដូចជានាងមិនបានដែរ ។ ពិតជាមិនចម្លែកឡើយដែលស្រីរូបស្អាតប្រហែលនឹងតារា  ភាពយន្ត ត្រូវបានបុរសជាច្រើនព្យាយាម ទាក់ទង រួមមានទាំងអ្នករាជការក្នុងស្ថាប័នទាហានជាមួយឪពុកនាង និងទាំងកូនចៅអ្នករកស៊ីធ្លាប់ទាក់ទងជាមួយម្តាយនាង។ រហូតជួនពេលខ្លះ នាងហុចទូរស័ព្ទមកឱ្យខ្ញុំនិយាយ ជួសនាងផង ដើម្បីសាងភាពប្រចណ្ឌដែលខ្ញុំមិនដែលគិតដល់ទាល់ តែសោះ។

និយាយជំនួសអូនមួយភ្លែត! អូនរវល់! (នាងហុចទូរស័ព្ទមកឱ្យខ្ញុំហើយដើរទៅក្រៅបន្ទប់បាត់)

ទេ! និយាយជួសគ្នាយ៉ាងម៉េច? មិនដឹងនិយាយរឿងអីទេ! … អា..អាឡូ… គាត់មានធុរៈរវល់ … បន្តិច។ អត់ទោស បើសិន មានអីត្រូវផ្តាំផ្ញើ សូមផ្តាំមកចុះ ចាំខ្ញុំកត់ទុកជូនគាត់…

រួចពីទូរស័ព្ទភ្លាម ខ្ញុំដើររកនាងដើម្បីណែនាំភ្លាមដែរ៖

គេហ៍! កុំធ្វើបែបនេះទៀតណា៎ បងមិនចូលចិត្តមនុស្សគ្មានសុជីវធម៌របៀបនេះទេ កំពុងនិយាយទូរស័ព្ទជាមួយគ្នា អូនបែរជា ហុចឱ្យអ្នកផ្សេងនិយាយ បើបងជាគាត់នោះមិញវិញ បងនឹងខឹងអូនគ្មានថ្ងៃរសាយឡើយ។ ផ្តេសផ្តាស ណាស់ បែបនេះគេ ហៅថាគ្មានសុជីវធម៌!

អាប៉ិហ្នឹង…

He…! You should use this word instead.

He ហ្នឹង តេរកអូនញឹកញាប់ពេកបានជាអូនធុញ មិនដឹងជាប្រកែកយ៉ាងម៉េចឱ្យស្រួលស្តាប់ជាងនេះ ព្រោះអូន ធ្លាប់ប្រាប់ថា អូនមិនចូលចិត្ត He ហ្នឹងទេ ហើយឱ្យឈប់តេរកអូនទៀត តែ He ហ្នឹងមិនស្តាប់។

អូហ៍!… ព្យាយាមនិយាយពីរបីដងទៅ!

ម៉េចប្រចណ្ឌឬ?

ណូ…ប្រចណ្ឌខ្មោចសេះស្អី! I’m not f**king jealous.

ស្មានតែប្រចណ្ឌ…

និយាយគ្នាឱ្យហើយណា៎ បើថ្ងៃណាមួយពួកយើងត្រូវបែកគ្នា គឺគ្មានរឿងប្រចណ្ឌឆ្កួតៗកើតឡើងទេ។ទោះយើង បែកគ្នាព្រោះ មូលហេតុអ្វីក៏ដោយគឺមិនត្រូវប្រើហឹង្សា មិនត្រូវឈ្លានពានគ្នាទៅវិញទៅមកឡើយ ។ ទោះជាយ៉ាង​ ម៉េចក៏ដោយ យើងនៅតែជា មិត្តនឹងគ្នា ។ គេហ៍ដឹងទេ? You are my best friend I’ve ever had.

Just only best friend??? ស្អាតត្រឹមអូនប៉ុណ្ណឹងហើយនៅត្រឹមតែជាមិត្តទេ?

Yes, but you know being best friend is better than anything else. For my opinion and concept, I’ll do as what my best friend telling me to do but not what my girlfriend telling me to do.

អូនមិនចង់បានត្រឹមជាBest Friendអីគេហ្នឹងទេ!

បើដឹងហើយថាបងមិនឱ្យតម្លៃលើអ្វីផ្សេងក៏អូននៅតែមិនចូលចិត្តទៀតឬ?

ចុះបើបងផ្លាស់គំនិតហើយសាកល្បងឱ្យតម្លៃវិញទៅ មិនបានទេហ្អេះ?

ពិបាកផ្លាស់ប្តូរគំនិត! ហើយក៏មិនចង់ដូរ៕

ពិតមែនតែខ្ញុំក៏មានសាច់មាន ឈាម​ដូចមនុស្សទូទៅមែន តែចិត្តមនុស្សគឺខុសគ្នា អ្នកខ្លះស្រឡាញ់ស្រីស្អាត អ្នកខ្លះស្រឡាញ់ ស្រីឆ្លាត អ្នកខ្លះ ស្រឡាញ់ស្រីដែលមានទ្រព្យ … តែខ្ញុំស្រឡាញ់ស្រីដែលខ្ញុំស្រឡាញ់ … ទោះស្រី ដែលខ្ញុំស្រឡាញ់ស្អាតមិន បាន ពាក់កណ្តាលនាងក៏ដោយ … ក៏ខ្ញុំនៅតែស្រឡាញ់គេ … ព្រោះខ្ញុំក៏ជាអ្នកស្មោះ ស្នេហ៍ម្នាក់ដែរ 😀

ដោយសាររបររកស៊ីទទួលបានផលច្រើន គួបផ្សំនឹងជីវិតដែលចូលចិត្តសម័យទំនើបនិយមផង នាងទិញប្រើតែ រថយន្តទំនើប ប្រើ របស់ដែលសុទ្ធតែយកពីស្រុកគេមកទាំងអស់…​ ជាញឹកញយ មនុស្សដើរមិនទាន់បច្ចេកវិទ្យា ដូចជាខ្ញុំតែងរងគ្រោះព្រោះតែរបស់ ទំនើបទាំងនោះ ដូចជាជាប់ក្នុងរថយន្តប្រើក្រយៅដៃដើម្បីបញ្ជា ឬជាប់នៅ ក្នុងកៅអីម៉ាស្សា ។ មានម្តងនោះ ខ្ញុំខឹងដល់កម្រិតរហូត មិនអាចទប់ចិត្តមិននិយាយពីរឿងរបស់របរទាំងនោះបាន គឺ ខ្ញុំ និងនាង ត្រូវជាប់នៅរានហាលមុខបន្ទប់ដោយសារតែទ្វារចេញ ចូលក្នុងបន្ទប់ប្រើសម្លេងបញ្ជាហើយពួក យើងប្រើសម្លេងខុសតង់ដែលវាចងចាំ លុះដល់ព្យាយាមច្រើនដងទៅវាប្លក់សម្លេងរបស់ ពួកយើង។ ខ្ញុំត្រូវសួ តោងហក់ទៅអោបដើមស្លា ហើយសម្រូតចុះមកក្រោមដើម្បីចូលទៅក្នុងផ្ទះ ហើយកែប្រែការកំណត់របស់ ប្រដាប់បញ្ជា។ ខ្លួនប្រាណខ្ញុំសុទ្ធតែរបួសព្រោះអោបដើមស្លា ដែលក្នុងប្រវត្តិជីវិតរបស់ខ្ញុំខានឡើងដើមឈើយូរណាស់ហើយ។

តែ…នាងជាមិត្តល្អបំផុតរបស់ខ្ញុំ។ គ្រប់ពេលមានបញ្ហានាងជាអ្នកដែលនៅក្បែរខ្ញុំជារៀងរហូត។

ពេលខ្ញុំឈឺ នាងនៅមើលថែខ្ញុំបីដូចជាគូជីវិត។ ហើយខ្ញុំក៏ដូចគ្នាពេលណាខ្ញុំឈឺ ខ្ញុំរត់ទៅរកនាង។វាជាសភាវគតិ ដែលមនុស្សរស់ នៅជាមួយគ្នាត្រូវតែគិតពីគ្នាជានិច្ច រួមទាំងពេលមានឈឺមានភ័យ មានសុខមានទុក្ខ។

គ្រាមួយដែលខ្ញុំនៅធ្វើការក្នុងព្រៃជិតមួយខែ ខ្ញុំដឹងថាមិនស្រួលខ្លួន ខ្ញុំឡើងពីព្រៃទៅរកនាងនៅភ្នំពេញ៖

ហ្អាក??? បង កើតអីហ្នឹង?

គេទះ គេតប់ គេដាល់ គេធាក់ គេទាត់ឡើងប៉ល់អស់ហើយ។ (មិនដឹងកើតអីទេ ដើរព្រៃសុខៗស្រាប់​ តែឈឺខ្លួន ទ្រមខ្លាំងទ្រាំមិន បានក៏ឡើងមកភ្នំពេញទៅ)។

នរណាធ្វើអីបង? ហើយបងទៅរករឿងគេឬយ៉ាងម៉េចបានជាគេវ៉ៃដល់ថ្នាក់នេះ?

ពួកម៉ាកកល្យាណហ្នឹងណា៎… មិនដឹងវានិយាយស្អីខ្លះបានជាគេស្អប់បង។ ម្នាក់កូនបីនោះ ខ្លួនស្គមទេ តែធាក់ បងគ្មានប្រណី … ឡើងជ្រះក្អែល មិនតែប៉ុណ្ណោះស្រាប់តែមានស្រីក្មេងម្នាក់ទៀតដែលនៅទំនេរនៅឡើយ ផ្តាំឱ្យ ម្នាក់កូនបីនោះធាក់បងថែម ព្រោះខ្លួនឯងធាក់បងមិនកើតដោយសាររក្សារាងជ្រុលពេក(Sic!)។ រួចម្នាក់ទៀត កូនពីរនាក់ធំៗនោះ ដំបូងៗមិនទាន់វ៉ៃបងទេ គ្រាន់តែស្តីឱ្យតែយូរៗទៅ វ៉ៃសុទ្ធតែបីជើងរាប់មួយប្រាំមួយសារដើម ។ រួចចំណែកបងប្រុសម្នាក់ទៀតនោះ តាមដឹងដូចជានៅ ក្បែរៗផ្ទះយើងដែរ លេងធាក់បងឡើងទ្រម ហេតុផលរបស់គាត់គឺបង្ការកុំឱ្យស្រីៗប៉ុន្មាននាក់ខាងលើវ៉ៃបងទាន់។ (គ្មាននរណា គេរករឿងអីទេ ឈឺតែ ខ្លួនឯងហ្នឹង)។

អ៊ូអ៊ូ…នរណាមកធ្វើបាបដំរីទឹករបស់អូនអីចឹង? តោះ ទៅពេទ្យតែម្តងទៅ មិនបាច់ផ្លាស់ខោអាវទេ។ អូនបញ្ចេញ ឡានសិន…

ខ្ញុំមិនដែលស្គាល់សត្វដំរីទឹកសោះតែម្តងរួចនឹកស្មានថាសត្វនោះគួរឱ្យស្រឡាញ់ហើយបានជានារីដែលតែងច្រៀង ដាក់ត្រចៀកខ្ញុំ ថាស្រឡាញ់ខ្ញុំណាស់នេះ ហៅខ្ញុំបែបនេះ។

អូនស្លៀកពាក់ឱ្យសមរម្យជាងនេះបន្តិចបានទេ? បងចាំ។ (ខ្ញុំនឹកអរក្នុងចិត្តដែលនាងដាក់ឈ្មោះពិសេសបែបនេះ ឱ្យខ្ញុំ)

នាងចូលទៅតែងខ្លួន សារជាថ្មីជំនួសខោខ្លី និងអាវយឺតរបស់នាង។ ពិតមែនតែខ្ញុំឈឺជិតស្លាប់ ហើយខ្ញុំមិនដែល គិតពីរឿងស្រស់ ស្អាតយ៉ាងម៉េចក៏ដោយ តែខ្ញុំមិនចង់ឱ្យអ្នកដទៃឃើញនាងមិនស្អាតនោះទេ។ ទោះជាខ្ញុំដឹងថា ការតែងខ្លួននោះ នឹងចំណាយ ពេលរបស់ខ្ញុំជាងមួយម៉ោងក៏ដោយ ក៏ខ្ញុំទ្រាំចាំ… អូខេ ទោះយ៉ាងណាក៏ខ្ញុំនៅតែ ស្រឡាញ់ស្រីស្អាត។

ដោយមិនចង់ឱ្យខាតពេល ខ្ញុំក៏ចូលបន្ទប់ទឹក សម្អាតខ្លួនដែលឡើងពីព្រៃមកកុំឱ្យពេទ្យខ្លាចខ្ញុំដែលមិនដឹងជាមាន បញ្ហាអ្វី ហើម ពេញខ្លួនទាំងអស់។ មុជទឹករួចទាញអាវថ្មីមួយដែលនាងដាក់ឱ្យក្នុងទូខោអាវរបស់ខ្ញុំ នាងបានសន្យា ថានឹងទិញអាវយឺតរូបក្រពើ ព័ណ៌បៃតងនេះឱ្យខ្ញុំជាយូរហើយ។ ខ្ញុំបញ្ចេញឡានរបស់នាងមកក្រៅរួចស្រេចចាំនាង នាងមិនដែលប្រើឡានរបស់ខ្ញុំចេញដើរលេង ក្នុងទីក្រុងទេ ព្រោះវាមានអាយុជាងម្ភៃឆ្នាំហើយ ទោះជាខ្ញុំថ្នមថែវា យ៉ាងណាក៏សម្រស់ និងសុខភាពរបស់វាមិនអាចរក្សាបានយូរ អង្វែងឡើយ។

ពេទ្យប្រាប់ថា ខ្ញុំមានប្រតិកម្មជាមួយអ្វីម្យ៉ាងដែលប៉ះ សាច់របស់ខ្ញុំជាច្រើនកន្លែង។ តែខ្ញុំរកនឹកមិនឃើញសោះថា​ ខ្ញុំដើរទៅប៉ះនឹង ស្អីដែលនាំឱ្យសាច់ ស្បែកខ្ញុំឡើងហើមស្ពីងដូចត្រូវគេវាយដំច្រំធាក់យ៉ាងដំណំបែបនេះ។

អូនស្មានតែនរណាគេធ្វើបាបបងពិតមែន ហើយគិតថាមនុស្សស្លូតអស់ត្រឹមប្តីអូនមាននរណាអាចនាំឱ្យឈ្លោះ ជាមួយបាន? បើ សូម្បីតែរុយទំក៏មិនខ្ចីបក់ផងនោះ! (និយាយរួចនាងក៏សើចរលាក់គ្មានគិតថាចិត្តអ្នកឈឺវាយ៉ាង ម៉េចនោះទេ ក្នុងពេលដែលខ្ញុំសូម្បី តែសើចក៏ឈឺដែរ)

គេហ៍កំពុងឌឺខ្ញុំមែនទេ???

ហើយប៉ុណ្ណឹង នៅមិ​នដឹងគេឌឺទៀត?

មិនដឹងហ្នឹងហើយបានជាសួរ។ បងគ្រាន់តែសួរកុំឱ្យវ៉ៃខុសប៉ុណ្ណោះ! (Sic!)

ទោះជាខ្ញុំមានធុរៈប៉ុណ្ណឹងហើយក៏រក្សាមិនព្រមលុបចោលកម្មវិធីមួយចំនួនដែរ។ នាងត្រូវទៅជប់លៀងជាមួយមិត្ត និងសង្សាររបស់ គេមកពីក្យូដូដោយនាំខ្ញុំទៅជាមួយដែរ បន្ទាប់ពីជជែកគ្នាលេងជាមួយមិត្តភ័ក្តិនាងមួយស្របក់ ពួកគេបានសុំឱ្យយើងជួយកក់បន្ទប់ សម្រាប់ស្នាក់នៅខេត្តកំពង់ធំ និងសៀមរាប និងចាត់ចែងរករថយន្តដែលគួរ ឱ្យទុកចិត្តសម្រាប់ជូនពួកគេដើរលេងស្រុកខ្មែរ តាម ផែនការដែលគេប្រាប់យើង។ ចេញពីនោះ នាងនិងខ្ញុំក៏ហួសទៅកំពង់សោមដើម្បីសម្រាកលម្ហែនៅសមុទ្រទាំងកណ្តាលអាធ្រាត្រ។ ដល់កំពង់សោម ក្រុងមាត់សមុទ្រ ភ្លឺល្មម នាងនាំខ្ញុំឆ្លងទៅលេងកោះឬស្សី ជាមួយមិត្តភ័ក្តិរបស់នាងបួនដប់នាក់ទៀតដែលមក ដល់ទីនេះតាំងពីក្បាលល្ងាច ខ្ញុំមិនសូវចូលចិត្តមនុស្សអ៊ូអរច្រើន ក៏តែងដើរគេចមិនចង់រួមសមាគមនឹងគេឡើយ គេក៏ចំអន់ខ្ញុំជា ច្រើនរឿងដើម្បី ទាក់ទាញខ្ញុំកុំឱ្យខ្មាសអៀនគេ។

មិនឱ្យខ្មាសយ៉ាងម៉េច បើគេម្នាក់ៗមានមុខរបរ មានថានៈធំៗក្នុងសង្គមផងដែរ ងាកមកមើលខ្ញុំជាស្អី ខ្ញុំគ្រាន់តែជាបុគ្គលិកអង្គការ តូចតាចស្ទើរមិនដែលឮឈ្មោះ។ អង្គុយមើលពួកគេប្រឡែងគ្នាលេង ខ្ញុំគិតក្នុងចិត្តថា មនុស្សមួយក្រុមនេះស្ថានភាពជីវិតក៏ខ្ពង់ខ្ពស់ តែក៏ធ្វើខ្លួនសាមញ្ញបានតាមកាលៈទេសៈ និងមានភាពឆ្លាតវៃ ពួកគេនៅក្មេងនៅឡើយទេ តែសម្តីសម្តៅនិយាយមិនឡេះឡោះឥត ប្រយោជន៍ មិនឈ្លោះ ប្រគងសម្តី លេងជ្រុល ឬនាំបង្ករឿងចំពោះមិត្តនិងមិត្ត ជជែកគ្នាដោះស្រាយតែបញ្ហារបស់គ្នាទៅវិញទៅមក នរណាមានបញ្ហាអ្វីក្នុងការរកស៊ី ពួកគេសួរ គ្នាដើម្បីរកផ្លូវជួយមិត្ត មានទាំងអ្នកដែលអាចសម្រេចចិត្តអារកាត់រឿងនីមួយៗបាន មានទាំងអ្នកទទួលខ្លួនចេញទៅជួយនិយាយជាមួយធនាគារដើម្បីសុំពន្យារពេលបង់ប្រាក់ដើមដែលខ្ចីមករកស៊ី ដោយគេចេះជជែក គ្នាថាតើគួរ និយាយបែបណាដើម្បីឱ្យធនាគារព្រមទទួលហេតុផលនោះ អ្នកនេះនិយាយអីចេះ អ្នកនោះថាអីចុះម្នាក់មួយម៉ាត់ម្នាក់ មួយយោបល់ ពួកគេសម្រេចគ្នាបានដោយជោគជ័យ។

ខ្ញុំមើលទៅពួកគេដូចជាដឹងថាពេលវេលាដែលពួកគេជួបគ្នាគឺជាពេលដែលជួយគ្នាដោះស្រាយបញ្ហាក្នុងជីវិត អ្នក ខ្លះនិយាយប្រាប់ ការលំបាកតាំងពីរឿងផ្ទៃក្នុងគ្រួសារ រាប់ទាំងរឿងប្តីប្រពន្ធ រឿងលើគ្រែផងដែរ តែគ្មាននរណាសើច យំឱ្យគ្នាសោះឡើយ មានតែឱ្យ គំនិតថាគួរដោះស្រាយបែបនេះ បែបនោះទៅវិញ។ 

មកដល់ត្រង់នេះ ខ្ញុំភ័យបុកពោះ ព្រោះខ្ញុំខ្លាចនាងលើកយករឿងរបស់យើងមកជជែកជាមួយពួកគេ។

ពេញមួយថ្ងៃនៅលើកោះ និងលើកាណូតក្នុងសមុទ្រ ពួកអ្នកសម្បុរសប្រែព័ណ៌ជាក្រហម ចំណែកខ្ញុំសម្បុរខ្មៅ ស្រាប់ក៏ឡើងសម្បុរ ខ្មៅក្រញ៉េះនឹងគេដែរ។

ត្រឡប់មកដល់សណ្ឋាគារវិញ ពួកយើងគេងតែពីរនាក់នៅមាត់សមុទ្រសំដិលយកខ្យល់ត្រជាក់ ក្រោយពេលជប់លៀងបាយល្ងាច ដើម្បីអបអរសាទរមិត្តម្នាក់របស់នាងដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅអង់គ្លេស។ ពេលខ្ញុំតេទៅរកសង្សារចាស់ដើម្បី សួរពីសុខទុក្ខគ្នារួច ខ្ញុំក៏ផ្ញើសារទៅនិយាយរាត្រីសួស្តីជាមួយស៊ីណាហើយសើចតែម្នាក់ឯងពេលមើលសារតបមកវិញរបស់ស៊ីណា។

បងដឹងទេ?…

បាទ?

…អូននៅតែច្រណែននឹងគេ … ទោះគេស្រឡាញ់បងតិចជាងមុន តែបងនៅតែឃែរគេរាល់យប់… ប្រៀបដូចអ្នក ទើបមានស្នេហា ថ្មីដែលតែងនឹកគិតដល់គ្នាគ្រប់ដង្ហើមចេញចូល…មិនដឹងថាកាលស្រឡាញ់គ្នាដំបូងបងគិតពីគេ បែបណាទេ…ហ្ន៎?

…គេហ៍ដែលសង្កេតដែរទេ? មនុស្សម្នាក់ទុកប្រាក់ក្នុងហោប៉ៅ លុះសម្បូរណ៍ប្រាក់ច្រើនទៅ ក៏តាំងទុកដាក់ដោយប្រហែស។ ពេល បាត់បង់ប្រាក់ទៅ មនុស្សនោះក៏តាំងដើររក តាំងរើកកាយសព្វរបស់ក្នុងផ្ទះដើម្បីរកប្រាក់ដែល ខ្លួនជាដើមចមបណ្តាលឱ្យបាត់បង់។ ឧទាហរណ៍នេះប្រដូចនឹងរូបបងដែលកាលមានរបស់ល្អនៅក្នុងដៃបងមិន ចេះយកចិត្តទុកដាក់ថែរក្សាឱ្យបានត្រឹមត្រូវ ព្រោះ សេចក្តីប្រមាទ។ កុំច្រណែនគេអីណា៎ ព្រោះជួនកាលនេះជាវត្ថុជំនួសដែលបងគួរធ្វើពីមុនមកទេ។

បង…នៅនឹកគេទេ?

បាទ។

គេនៅតែសំខាន់សម្រាប់បងប៉ុណ្ណាខ្ញុំក៏ដឹង ទោះជាមានពេលខ្លះបងបង្ខំចិត្តបំពេញភារកិច្ចរបស់ខ្លួនចំពោះគ្រួសារ យ៉ាងណាក៏ខ្ញុំនៅ តែមើលឃើញកែវភ្នែកបងត្រូវការគេជាទីបំផុត។ … តែមនុស្សម្នាក់ៗត្រូវតែមានមនុស្សសំខាន់ របស់ខ្លួនដើម្បីដាក់កំណត់ចំពោះ ខ្លួនឯងដើរឱ្យដល់គោលដៅណាមួយ… បើគ្មានទេ នរណាក៏មិនសូវប្រឹងប្រែង ដែរ។ មែនទេបង?

ប្រហែលហើយ។ … អូនងងុយគេងហើយឬនៅ? តោះចូលក្នុង។

កុំទាន់អីបង។ អូនចង់នៅនិយាយលេងជាមួយបងសិន។ …បងងងុយឬ?

អត់ទាន់ងងុយទេ។ តែខ្លាចអូនអស់កម្លាំងព្រោះដើរពេញមួយថ្ងៃហើយ។ ម៉េចដែរ? អូនមានឈឺខ្លួនទេហ្នឹង?

អត់អីទេ ព្រោះនៅតែលើទូក ដើរតែបន្តិចហ្នឹង។ ខ្ញុំសប្បាយចិត្តណាស់ដែលមានពេលនៅជាមួយបងពេញមួយថ្ងៃ ដូចថ្ងៃនេះ។ …បង Break input បានតែអាទិត្យនេះទៀតទេឬ?

បងសុំគេពីរអាទិត្យថែមទៀត ណាមួយគេមិនទាន់សម្រេចបន្ថែម Input (ពេលវេលាការងារ)ឱ្យបងផង ដូច្នេះបង ត្រូវតែ សម្រាកសិន។… ម៉ោះ បងធ្វើសរសៃឱ្យ! (នាងក៏បែរខ្នងមកឱ្យខ្ញុំតប់គក់ច្របាច់ រំសាយការឈឺចាប់ដែលបណ្តាល មកពីអង្គុយយូរ)

ស្អែកបងត្រូវនៅចាំប៉ាចុះយន្តហោះមកពីចិន ហើយបើកឡានជូនគាត់ទៅពញាក្រែក។ … ស្អែកនេះយើងត្រូវ ក្រោកពីព្រឹកដើម្បី ត្រឡប់ទៅភ្នំពេញវិញ ពេលបាយថ្ងៃរួច អូននិងម៉ាក់ទៅពញាក្រែកមុន ចំណែកបងចាំទៅពេល ទទួលប៉ាហើយ ។

យើងទៅធ្វើអីនៅឯនុះ?

 

  1. Vy / ឧសភា 2 2013 11:06 ព្រឹក

    ចុះម្នាក់កូនបីហ្នឹងស្គមទេ តែបែបរៀនកុងហ្វ៊ូចប់គម្ពីរធាក់ហើយមើលទៅ។ បានគេធាក់ទ្រោមខ្លួនចឹង ដូចល្មមរៀងចាលខ្លះហើយប្រុសព្រាន។ អរគុណអ្នកនិពន្ធដែលតែងអោយគេធាក់តួមុនខ្ញុំធាក់ ម្យ៉ាងបានគេធាក់អោយ សោះនឹងហត់ខ្ញុំ បងសុធា និងពូស្រុកស្រែធាក់តួនោះ :mrgreen:
    មិនដឹងកាលចប់ទេ បើងាកដេកពេទ្យៗដោយអ្នកអានចាំធាក់ចឹងនោះ។

    • លី កល្យាណ / ឧសភា 2 2013 4:09 ល្ងាច

      😛 ម្នាក់កូនបីនោះឈ្មោះជីវី ហៅម៉ាក់អាបីនាក់។ ហើយម្នាក់ទំនេរនោះ ឈ្មោះដាវី ហៅអ្នកសំចៃរាង។ ម្នាក់កូនពីរធំៗនោះ បាននិងកំពុងតែ ខំមិនតាមរបៀបវ៉ៃប្រហារ នៅខាងក្រោម។ ចំណែកបងប្រុសម្នាក់នោះ ឈ្មោះពូឆុកឈែ

    • ម៉ាក់ស្រីតូចបីនាក់ / ឧសភា 3 2013 11:00 ព្រឹក

      គេខំធើពើអត់ដឹងខ្លួនហើយនៅ ហែកបង្ហាញទៀត

    • លី កល្យាណ / ឧសភា 3 2013 5:15 ល្ងាច

      ចង់បញ្ជាក់ថា តាមពិតរឿងត្រូវផ្សាយយូរហើយ តែទាស់រកទំនុកសងសឹកមិនទាន់ឃើញបានជា យូរ ដល់ពេលរកទំនុកឃើញ បែរជាសរសេរខ្វះឈ្មោះតួថ្មីទៅវិញ។

  2. Vy / ឧសភា 2 2013 11:08 ព្រឹក

    ថែមតិចទៀត៖ ចំណាប់អារម្មណ៍អ្នកអាន ប្រុសព្រានគេចេះណាស់ខាងយកចិត្ត ចេះគក់ច្របាច់អោយប្រពន្ធទៀត ចឹងបានតួស្រីបាក់ចិត្តស្រ៊ឹបនោះ។

    • លី កល្យាណ / ឧសភា 2 2013 4:12 ល្ងាច

      ជំនាញខាងថែម ហើយវ៉ៃផាំងៗ។ ថាហើយថា ថាចាំទិញអាវក្រោះសិនចាំផ្សាយ អាឡូវត្រូវពីរបីផាំងឡើងចង់រឹងថ្គាម

    • somada / ឧសភា 3 2013 9:29 ល្ងាច

      អត់ឃើញមានអីគួរ​ឲ្យ​ឈឺចាប់ផង ព្រោះសាច់រឿង​ហ្នឹង តួដែលគេថែម​ទៅវាយ​តួព្រានសោះហ្នឹង មានអីត្រូវ​ឈឺចាប់ណស់ជីវីណស់ ។

    • លី កល្យាណ / ឧសភា 4 2013 7:53 ព្រឹក

      តែក្នុងរឿងហ្នឹងគេចោទថា តួថ្មីបីបួននាក់ហ្នឹងជាអ្នកធ្វើឱយតួឯក កំពូលដួងចិត្តគេឈឺចាប់ ដូចជាវ៉ៃផង ធាក់ផង បងឯងចាំមើលតែ មានឱកាស ខ្ញុំឱយតួស្រីរឿងមួយទៀតសងសឹក ចាំមើលលលលល៍

  3. តា ម៉ាប់ / ឧសភា 2 2013 1:17 ល្ងាច

    អីយ៉ា លេងដូរហ្វុនទៀត ហេហេហេ បាត់យូរហើយទម្រាំចេញភាគថ្មី ។

    • លី កល្យាណ / ឧសភា 2 2013 4:14 ល្ងាច

      ខ្ញុំកូពីម៉ោពី វើត ដាក់វា ចេញអក្សរធំៗបែបហ្នឹង។ មិនដឹងដូរយ៉ាងម៉េច ទេតាម៉ាប់អើយ។ យូរព្រោះអាល័យតែចាំរកនឹកសរសេរអ្នកវ៉ៃតួឯកខ្ញុំ។

    • តា ម៉ាប់ / ឧសភា 2 2013 8:07 ល្ងាច

      អក្សរ​ណឹង​ហើយ​ស្អាត​បង 😀

  4. somada / ឧសភា 2 2013 1:56 ល្ងាច

    មានឆ្លៀត​មកថែមតួ​ទៀត តែម៉េចបានជាតួដែលគេថែមនោះអត់មានបានលុយអញ្ចឹង ។ សង្ស័យ​អ្នកនិពន្ធប្រមូលយក​អស់ហើយ​មើលទៅ ?​

    • លី កល្យាណ / ឧសភា 2 2013 4:16 ល្ងាច

      ចាំពេលណាមានអ្នកឡែកដល់ម៉ាម៉ឺននាក់ ចាំអូនសុំលុយពីអ្នកអានយកមកចែកតួថ្មី ព្រោះតួចាស់មិនអីទេ។

    • somada / ឧសភា 3 2013 9:25 ល្ងាច

      អេងយល់សប្តិទៅអូនអើយ រឿងប្រុសព្រានអញ្ចឹងសោះចង់ឲ្យ​គេឡៃក៍ដល់ម៉ាម៉ឺននាក់ ។

    • លី កល្យាណ / ឧសភា 4 2013 7:49 ព្រឹក

      ចឹងបងក៏អត់បានថ្លៃសម្តែងដែរ ហាសហាសហា

  5. ដាវី / ឧសភា 4 2013 1:09 ព្រឹក

    អៅវ!!! ទើបតែ​បានមកដល់ ក៏​ស្រាប់តែ​ឃើញ​ខ្លួនឯង​បានក្លាយ​ជាតួ​បានម៉ាឈុត​ដោយ​មិន​ដឹង​ខ្លួន​! ង៉ាសង៉ាសង៉ាស គិត​រកទារ​ថ្លៃ​ឈ្នួល​សម្ដែង​ដូច​បង​សុធា​និយាយហើយ​ខ្ញុំ :mrgreen: តែ​បានតែ​មួយឈុត​ចឹង​ក៏​បានមិនច្រើន​ដែរ ណ្ហើយ!​សុំផ្ញើ​ទុក​នឹង​អ្នកនិពន្ធ​ហ្មង​ទៅ 😀

    […មនុស្សមួយក្រុមនេះស្ថានភាពជីវិតក៏ខ្ពង់ខ្ពស់ តែក៏ធ្វើខ្លួនសាមញ្ញបានតាមកាលៈទេសៈ និងមានភាពឆ្លាតវៃ… តែគ្មាននរណាសើច យំឱ្យគ្នាសោះឡើយ មានតែឱ្យគំនិតថាគួរដោះស្រាយបែបនេះ បែបនោះទៅវិញ។] ខ្ញុំ​ពេញចិត្ត​វគ្គនេះ​ 🙂

    • លី កល្យាណ / ឧសភា 4 2013 7:51 ព្រឹក

      ណែកក្មេងក្មាង ប្រាប់ឱយហើយណា៎ រឿងដែលគេខំប្រឹងសរសេរគឺនៅត្រង់ កន្លែងគេសងសឹកអ្នកធ្លាប់ធាក់តួឯក ដូច្នេះសូមមេត្តាអ្នកគ្រូលើកសរសើរបន្តិចផងចាស។

    • ដាវី / ឧសភា 4 2013 6:54 ល្ងាច

      ខ្ញុំ​សរសើរ​ក៏​បានដែរ តែចេញ​ថ្លៃឈ្នួល​សម្ដែង​ឱ្យ​សិនម៉ោ :mrgreen:

    • លី កល្យាណ / ឧសភា 4 2013 7:03 ល្ងាច

      នឹងចេញឱយនៅពេលមានអ្នកឡែកម៉ាម៉ឺននាក់ដូចបងសុធាដែរ

    • ដាវី / ឧសភា 4 2013 10:44 ល្ងាច

      អ៊‍ឺស!​ដាំចេកប៉ាដោយខ្ញុំ 😕 😀

Trackbacks

  1. សន្យា (ភាគ៤) | ស្នាមញញឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: