រំលង ទៅខ្លឹមសារ
4 ខែ​ឧសភា 2013 / ស្នាមញញឹម

តើជាគុណបុណ្យ ឬផែនដីមូល?

ថ្ងៃមុននេះបានជួបរឿងគួរឱយសប្បាយចិត្តសម្រាប់ខ្ញុំ ដែលគួរទុកជាមេរៀនពិចារណាសម្រាប់អ្នកដែលធ្លាប់បានធ្វើបុណ្យដាក់ ទាន ព្រោះប្រហែលជាហេតុផលនេះ បានជាខ្ញុំបានជួបរឿងល្អៗក្នុងជីវិតជារហូតមក។ រឿងទីពីរទើបកើតឡើង កាលពីរសៀល អាទិត្យមុននេះ តែរឿងទីមួយមានពាក់ព័ន្ធតាំងពីពីរឆ្នាំមុនដែលខ្ញុំទើបតែនឹកឃើញមុននេះបន្តិចដែរ។

ប្រហែលក្នុងកំឡុង ខែកក្កដា ឆ្នាំ២០១១ ខ្ញុំបានទៅបង់ពន្ធ នៅពន្ធដារទួលគោកភ្នំពេញ។ ជាធម្មតារបស់ខ្ញុំទៅហើយដែលខ្ញុំតែង រង់ចាំវេនរបស់ខ្លួន ដែលនៅពេលនោះមានមនុស្សប្រហែលជាងដប់នាក់នៅក្នុងបន្ទប់បង់ពន្ធកំពុងរង់ចាំវេនរបស់ខ្លួនដូចគ្នា។ ពេល ខ្ញុំកំពុងឈរក្បែរបុគ្គលិកពន្ធដារ ដោយមិនបានសួរនាំអ្វីទាំងអស់នោះ បុរសសង្ហារ់ម្នាក់អាយុបងខ្ញុំប្រហែលជាងដប់ឆ្នាំ ទំនងជា មានចិត្តឈឺឆ្អាលចំពោះអ្នកមកដល់ថ្មី បានណែនាំខ្ញុំ៖

…មកបង់ពន្ធឡានឬ?

ចាស។

ទៅសុំក្រដាសមកសរសេរខ្លួនឯងទៅ! នោះនៅកន្លែងគាត់មានក្រដាស។ (គាត់និយាយហើយចង្អុលទៅអ្នកទទួលប្រាក់និងចេញ បង្កាន់ដៃបង់ពន្ធដែលកំពុងញាប់ដៃសរសេរ និងពិនិត្យឯកសារ)

ចាស។

ខ្ញុំឆ្លើយចាសបែបនេះឯង ព្រោះថាខ្ញុំមិនអាចជ្រៀតគេទៅសុំទម្រង់ពាក្យសុំបង់ពន្ធនោះទេ ព្រោះមានមនុស្សច្រើនណាស់នៅរង់ចាំ ដូចគ្នានឹងខ្ញុំដែរ។ ដោយគាត់ឃើញខ្ញុំនៅស្ងៀម គាត់ក៏ងើបទៅសុំពាក្យនោះមកឱយខ្ញុំ នាំឱយខ្ញុំកាន់តែរអៀសខ្លួនដែលគាត់ជា មនុស្សចាស់ជាងមកជួយបែបនេះ។ ខ្ញុំអរគុណគាត់ជាខ្លាំង ហើយសរសេរបីបួននាទីក៏រួចរាល់ និងបានយកពាក្យសុំនោះទៅដាក់ ក្រោមសំណុំពាក្យរបស់អ្នកមកមុនតាមលំដាប់លំដោយ។ រួចនឹកថាមិនដឹងអរគុណគាត់យ៉ាងម៉េចសមទេ ហេតុតែគាត់មិនចង់ឱយ ខ្ញុំចំណាយប្រាក់ក្នុងការជូនសគុណមន្ត្រីពន្ធដារដែលកំពុងរអ៊ូបណ្តើរថាការងារច្រើនខ្លាំងណាស់ រកពេលសម្រាកគ្មាន ឬថាហត់ ដល់ហើយ។ល។

ដល់វេនគាត់ត្រូវចូលទៅរាប់ប្រាក់បង់ពន្ធឱយគេ ស្រាប់តែគាត់ខ្វះកាតគ្រីឡានថ្មីដែលទើបទិញធ្វើផ្លាកលេខ ចំណែកឡានចាស់ មួយទៀតមានឯកសារគ្រប់ហើយ។ គាត់ក៏រត់ទៅផ្ទះបាត់ដោយផ្តាំមន្ត្រីពន្ធដារថា ទុកឯកសារគាត់ផង គាត់នឹងត្រឡប់មកវិញ ព្រោះផ្ទះគាត់នៅជិតដែរទេ។ បានឳកាសហើយខ្ញុំ យ៉ាងហោចណាស់ខ្ញុំអាចប៉ាវកាហ្វេគាត់មួយកែវ ពេលគាត់ត្រឡប់មកវិញ។ ទោះជាយ៉ាងណាក៏ឯកសារខ្ញុំត្រូវតែហើយមុនគាត់ដែរ ខ្ញុំក៏នៅចាំមើលឯកសារគាត់ផងដើម្បីកុំឱយច្រឡំគ្នានឹងឯកសារគេផ្សេង ដែលនៅរាយប៉ាយលើតុរបស់អ្នកទទួលពន្ធជាមន្រ្តីពន្ធដារនោះ។

ដល់វេនខ្ញុំរួចរាល់ គាត់ក៏មកដល់ល្មម ខ្ញុំប្រគល់ឯកសារឱយគាត់ហើយចេញទៅចាំគាត់នៅខាងក្រៅបន្ទប់។

ខ្ញុំបានអញ្ជើញគាត់ទៅពិសានំបាញ់ឆែវនៅក្បែរនោះ មុនពេលយើងយកម៉ូតូអូសត្រឡប់ទៅផ្ទះរៀងខ្លួន។ ពេលកំពុងពិសាបាញ់ ឆែវនោះខ្ញុំមិនហ៊ាននិយាយអ្វីទេ ព្រោះមានទម្លាប់មួយគឺមិនចូលចិត្តខ្ទាតទឹកមាត់ដាក់គេ។

គាត់ប្រាប់ខ្ញុំថា៖ ខ្ញុំមិននឹកស្មានថាបានជួបបងនៅទីនេះសោះ! (គាត់ហៅខ្ញុំបង)

ខ្ញុំ៖ អូហ៍ … តើយើងធ្លាប់ជួបគ្នាពីមុនមកដែរឬបង? (ខ្ញុំហៅគាត់ថាបងដែរ)

គាត់៖ យី! បងចាំខ្ញុំអត់បានទេឬ?

ខ្ញុំ៖ ហ៊ឺ…. ខ្ញុំសុំទោសបង ខ្ញុំពិតជានឹកមិនឃើញសោះ ប្រហែលខ្ញុំនឹកមិនទាន់ឃើញ…. បងប្រាប់ខ្ញុំបន្តិចមក៍ ថាបងធ្លាប់ជួប ខ្ញុំនៅឯណាទៅ?

គាត់៖ ឱ ខ្ញុំស្មានថាបងស្គាល់ខ្ញុំទេតើ! បងមាននឹកឃើញទេ បងធ្លាប់សណ្តោងឡានខ្ញុំមកពី….តាំងពីឆ្នាំទៅនោះណា៎!

ខ្ញុំខ្មាសគេសឹងជ្រែកមេឃ ម៉ែឪហើយ អាយុខ្ញុំច្បាស់ណាស់ គឺប្អូនគាត់ទេ តែខ្ញុំមិនដែលយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញ ខ្លួនខ្ញុំសោះ។

មុនលាគ្នាពីគាត់មក ខ្ញុំបានអរគុណគាត់ដែលបានជួយខ្ញុំក្នុងពេលបង់ពន្ធអម្បាញ់មិញ ព្រោះថាបើគ្មានគាត់ទេ ខ្ញុំប្រហែលជាត្រូវគេ ទារប្រាក់ថ្លៃទឹកប៊ិចគួរសមដែរហើយ។ ហើយក៏អរគុណដែលគាត់នៅរាប់អានខ្ញុំ ក្នុងពេលដែលខ្ញុំមិនអាចចំណាំគាត់បាន។

*****

រឿងទីពីរនេះ គឺរឿងនៅកន្លែងបង់ពន្ធទៀត៖

ខ្ញុំចូលទៅក្នុងកន្លែងបង់ពន្ធឡាន ដើម្បីដាក់ពាក្យសុំដែលបានកូពីពីមិត្តភ័ក្តិមកបំពេញរួចស្រេចពីផ្ទះ ក៏យកទៅដាក់លើតុមន្រ្តី ពន្ធដារដូចតែរាល់ដង ហើយថយទៅឈរនៅខាងក្រោយព្រោះគ្មានកៅអីអង្គុយទេ ដោយសារមនុស្សច្រើនពេកជិតសាមសិបនាក់ នៅក្នុងនោះដែរ។ ដោយសារអាងថា សរសេរពាក្យរួចរាល់ ខ្ញុំមិនបានបកទៅយកវ៉ែនតាដែលភ្លេចនៅឯផ្ទះនោះទេ ណាមួយគ្មានអី ចាំបាច់ត្រូវមើលឡើយ បើសិនត្រឹមរាប់លុយគឺអាចរាប់បាននឹងភ្នែកទទេ។

ឈរចាំគេយូរនោះយូរ ព្រោះមនុស្សច្រើន ស្រាប់តែក្មេងតូចម្នាក់វារត់លេងចុះឡើងៗ វាចង្អុលមុខខ្ញុំទំនងលេងបន្តិចមែនបន្តិច។ ខ្ញុំបើកភ្នែកធំៗ ប្រឹងមើលថាតើក្មេងនេះជានរណា មានម៉ែមានឪក៏អត់បានជាវាមកចង្អុលមុខខ្ញុំធ្វើមើលតែខ្ញុំមានកំហុសអីចឹង?

ម្តាយវាស្ទុះភ្លែតមកវាយដៃកូនទម្លាក់ចុះ ធ្វើឱយខ្ញុំរាងរសាយចិត្តបន្តិច។ គាត់និយាយនឹងខ្ញុំតាមរបៀបមនុស្សដឹងខុសត្រូវ ដោយ សុំទោសចំពោះកាយវិការមិនសមរម្យរបស់កូនប្រុសគាត់៖

…អូនអើយ ខ្ញុំសុំទោសផង កូនខ្ញុំគ្មានដឹងអីសោះ។…សុំទោសផងណា៎…ហ្អ៊ី???

អត់អីទេបង។ (ខ្ញុំរាងភ្ញាក់ដែរដែលគាត់លាន់មាត់បែបនេះដាក់ខ្ញុំ)

អូន…អូន… ចុះទៅណាមកណាបានជាមកជួបគ្នានៅនេះចឹង? អ្ហូយ ខ្ញុំតេទៅអូនឯងច្រើនដងណាស់តែតេទៅអត់មានអ្នកលើក (បានអីលើកបើលេខណាមិនដែលស្គាល់ប្លុកឱយទៅជារោទិ៍ចោលអស់ហើយហ្នឹង?)

ខ្ញុំធ្មឹងធ្មាំងមួយស្របក់ដោយសារតែខ្ញុំរកនឹកយ៉ាងណាក៏ខ្ញុំនឹកមិនឃើញថា គាត់ជាមិត្តភ័ក្តិ ឬជាអ្នកធ្លាប់ធ្វើការជាមួយ ឬធ្លាប់ទៅ ប្រជុំជួបគ្នានៅឯណា ឬក៏សង្សារចាស់របស់ខ្ញុំក៏មិនដឹង??? ដោយទ្រាំមិនបាននឹងការនិយាយគួរសមរបស់គាត់ ខ្ញុំក៏សើចស្ញេញ ទៅវិញតបនឹងគាត់ ព្រោះមិនចង់សួរត្រង់ពេកនៅចំពោះមុខមនុស្សរាប់សិបនាក់បែបនេះទេ។

មិនដឹងសួរថាអញ្ជើញទៅណាកើតព្រោះថាឃើញគ្នាក្នុងកន្លែងបង់ពន្ធទៅហើយ ម៉្លោះហើយក៏ដាច់ចិត្តសួរសុខទុក្ខតាមរបៀបអ្នក ស្គាល់គ្នាទៅចុះ!

ចាស បងសុខសប្បាយជាទេឬ?

ចាស សុខទុក្ខធម្មតាទេ។ ប៉ាវាគាត់តាំងពីង៉ៃជិះឡានអូននោះមក គាត់ឱយខ្ញុំតេរកអូនថានឹងអញ្ជើញមកបាយជុំគ្នានៅផ្ទះម្តង គ្រាន់នឹងបានអរគុណហើយសុំរាប់អានគ្នាផង តែតេទៅអូន យូរណាស់ហើយ មិនដែលចូលសោះ លើកណានោះ តេទៅគេ ប្រាប់ថាលេខនេះមិនអាចទាក់ទងបានទេ។ ខ្ញុំ និងប៉ាវាគិតថាបែបអូនទៅណាឆ្ងាយហើយបានជាតេមិនចូល។

…ហ៊ឺ… ខ្ញុំមិនសូវនៅផ្ទះទេបង។ ខ្ញុំច្រើនតែទៅតាមខេត្ត តាមភូមិឆ្ងាយៗ ។ (ដោយរកលេសគេចទៅណាក៏មិនរួច ខ្ញុំក៏នៅឈរ និយាយលេងជាមួយមនុស្សដែលខ្ញុំនឹកមិនឃើញសោះថាខ្ញុំធ្លាប់ជួបនៅកន្លែងណា គិតសឹងក្តៅខួរទៅហើយនៅតែនឹកមិនឃើញ)

ដោយសារឃើញខ្ញុំមិនសូវចាប់អារម្មណ៍នឹងសម្តីគាត់ ឬនិយាយដោយត្រង់ថាមិនយកចិត្តទុកដាក់នឹងសម្តីគាត់ គាត់ក៏និយាយ ប៉ប៉ាច់ប៉ប៉ោចម្នាក់ឯងទៀត៖

…ង៉ៃហ្នឹងណា៎ បើមិនបានឡានអូនបងមកវិញដោយសារទេ ប៉ាវាខ្ញុំគាត់ទៅឡើងយន្តហោះមិនទាន់ទេ មុខជាអស់លុយដូរ សំបុត្រទៀតមិនខាន…តែចេះសំណាងណាស់ បានជួបឡានអូន បានដោយសារមកជាមួយ។ កុំអីនោះដេកផ្លូវទាំងបួននាក់ ម៉ែឪកូន មិនខានឡើយ។ …ចង់អរគុណតាំងពីប៉ាវាត្រឡប់មកពីណាមីបៀរម៉្លេះតែរកមិនចូលសោះ សង្ស័យតែឃើញលេខខ្ញុំ បិទចោល ម៉ងបានជាអីចឹងនោះ! (គាត់និយាយចំអន់ខ្ញុំទាំងមិនដឹងថាខ្ញុំនេះកំពុងតែរកនឹកមិនឃើញពីរូបភាពគាត់ក្នុងការចងចាំ)

អូនចំណាំខ្ញុំបានឬអត់ហ្នឹង? (គាត់សួរបែបនេះពេលបណ្តើរគ្នាចេញពីកន្លែងបង់ពន្ធមក ហើយមើលទៅខ្ញុំកាន់តែងីងើទៅៗ)

សុំទោសណា៎បង! ខ្ញុំគិតថាបងបែបច្រឡំហើយ ខ្ញុំមិនសូវមានមិត្តភ័ក្តិទេនៅភ្នំពេញនេះ បើនៅកំពង់ធំក្រែងលោមានខ្លះ។ តែថាទោះជាច្រឡំក៏មិនអីដែរ គ្រាន់នឹងស្គាល់គ្នាផង។

ទេ! ខ្ញុំថា គឺប្អូនឯងនេះហើយ ដែលធ្លាប់ដឹកខ្ញុំនៅម្តុំបិតត្រាំង វាលរេញ កាលបួនប្រាំឆ្នាំមុន យូរណាស់ហើយ ។ កាលហ្នឹង ឡានដែលខ្ញុំជួលពីកំពង់សោមមក មកខូចនៅបិតត្រាំង ហើយអ្នកម្ចាស់ឡាននោះគាត់ក៏តេហៅជាងមកធ្វើ។ មានចាំក៏អត់? គាត់ធ្វើយូរហើយនៅមិនរួចទៀតជួនជាម៉ោងជិតដប់យប់ទៅហើយ អត់មានឡានក្រុងជិះកាត់ទៀត ហើយប្តីខ្ញុំត្រូវឡើងយន្ត ហោះម៉ោងប្រាំបីព្រឹក គាត់ក៏សាកលើកដៃសុំឡានគេ ហើយឡានប្អូនក៏បើកហួសរួច បកក្រោយមកវិញ ឱយពួកខ្ញុំជិះជាមួយ ណែក! ខ្ញុំឥតភ្លេចទេណា អូនឯងពេលសើចទៅគឺមានខួចខុសគេ។ ខ្ញុំចំណាំបាន។ អូនឯងមានគ្នាពីរនាក់ ហើយពួកខ្ញុំជិះនៅ បាំងក្រោយ ក្នុងឡានអូនឯងស្អីក៏មានដែរ នំប៉័ង ទឹកសុទ្ធ ប៊័រ ដំណាប់ផ្លែឈើដាក់កែវ (ជេម) ។ ហើយចាំបានទេ ពួកម៉ាកអូន ឯងស្រែកយំពេលអូនឯងបើកឡានលឿន ព្រោះឮប្តីខ្ញុំប្រាប់ថាប្រញាប់នោះ? ហើយមកដល់កំពង់ស្ពឺ ក្តាមអូនឯងរួចចំណង វារពេញឡានរហូតដល់ពួកម៉ាកអូនឯងស្រែកឱយឈប់ឡានចាប់វាដាក់ក្នុងកន្រ្តកវិញ។ ខ្ញុំជួយចាប់ដែរនោះ កាលហ្នឹងនឹក ឃើញក៏អត់?????

ហ៊ឺ…ខ្ញុំ…ខ្ញុំ…ខ្ញុំ…

ឈប់សិនៗ ចាំមើលណា ខ្ញុំមានលេខទូរស័ព្ទ ចាំខ្ញុំតេសាកមើល ចូលទៀតក៏អត់ ហើយចូលលេខអូនឯងក៏អត់?

គាត់តេមកភ្លាម ចូលលេខខ្ញុំមែន។ ខ្ញុំឆ្ងល់អើយឆ្ងល់?

ចុះបងបានលេខខ្ញុំពីណាមក៍?

កាលហ្នឹងប្តីខ្ញុំគាត់ខ្ចីទូរស័ព្ទអូនឯងតេមកប្រាប់អ្នកផ្ទះ ដល់ចឹងទៅក៏ជាប់លេខហ្នឹងនៅទូរស័ព្ទម្តាយខ្ញុំ។

ហ៊ឺបងអើយ ខ្ញុំនឹកយ៉ាងម៉េចក៏មិនឃើញទេបង។ ខ្ញុំសុំទោសទៅចុះ។

មែនក៏អី? តែថាខ្ញុំនៅចាំបាន។ ខ្ញុំចង់អញ្ជើញអូន និងមិត្តទៅញ៉ាំបាយជាមួយខ្ញុំម្តង សូមកុំប្រកែកអី ព្រោះពួកខ្ញុំមានអារម្មណ៍ ថាជំពាក់គុណប្អូនណា៎។ អញ្ជើញម្តងទៅ! ទុកថារាប់អានមិត្តថ្មីដែលមិនធ្លាប់ស្គាល់គ្នាទៅចុះ។

កុំអីបង បានតែបងនិយាយប៉ុណ្ណឹងនោះខ្ញុំអរគុណណាស់ទៅហើយ ។ អញ្ជើញចុះបង ខ្ញុំគិតរកជម្រាបលាសិនហើយ។

ទេៗ កុំអីចឹងអី។ អញ្ជើញបាយជាមួយខ្ញុំម្តងទៅណា៎ ឥឡូវនេះតែម្តងទៅ ។ កុំប្រកាន់នឹងខ្ញុំ ខ្ញុំនឹងតេហៅប្តីខ្ញុំមកជាមួយដែរ។ តោះទៅជាមួយខ្ញុំ។

ខ្ញុំអត់ចង់ទៅទាល់តែសោះ ណាមួយខ្លាចចាញ់បោកគេ ណាមួយខ្លាចគេនាំទៅលក់(ពីណាទិញទៅលោក????)។ តែគេចពី ម្នាក់ស្រីនេះមិនរួចសោះ។ គាត់អូសដៃខ្ញុំដាក់ចូលឡាន ហាយឡេនឌ័រ របស់គាត់ ដោយប្រាប់អ្នកយាមម៉ូតូថា បើស្អែកមក យកបានឬអត់? អ្នកយាមគេក៏ព្រមយាមឱយ។

ណ្ហើយ ម៉ូតូអាគុបហ្នឹងចាស់ជិះលែងចង់ទៅមុខហើយ ហើយអត់មានភ្លើងសម្រាប់ជិះពេលយប់ផង ចំណែកខ្លួនប្រាណខ្ញុំនេះ ចង់យកទៅលក់ឱយពីណាក៏គេមិនហ៊ានទិញដែរ ព្រោះគេខ្លាចថាជាគ្រញូងក្លែងក្លាយ។ បាយល្ងាចម៉ាពេល រួចលុយបានខ្លះ ដែរធ្វើម៉េចអានេះមិនមែនខ្ញុំទៅបោកគេស៊ីឯណា គេហៅខ្ញុំត្រឹមត្រូវទេតើ?

គាត់នាំខ្ញុំចូលហាងបាយចិនមួយកន្លែងដែលមានភ្ញៀវសឹងកកខាប់ ខ្ញុំមិនសូវនិយមម្ហូបចិនទេ តែចេះតែទ្រាំទៅបំណាច់នឹងគេ ប៉ាវទៅហើយ។ ដល់និយាយគ្នាចុះ និយាយគ្នាឡើងទៅ ក៏បានទៅជានឹកឃើញថា មានលើកណានោះខ្ញុំដឹកអ្នកសុំដោយសារ មកពីកំពង់សោម ហើយគាត់នោះសុំបើកឡានជួសខ្ញុំ ព្រោះបែបមើលទៅឃើញខ្ញុំស្រវឹងខ្លាំងនិយាយឡូឡាស្តាប់គ្នាមិនបាន ហើយខ្ញុំចេះតែនឹកថា ចុះអាគាត់អ្នកផ្ញើខ្លួននឹងឡានខ្ញុំហ្នឹងវាចង់ប្លន់ឡានខ្ញុំក៏អីបានជាចេះតែសុំខ្លួនបើកឡានខ្ញុំចឹង???

លោកហ្អើយលោក ទម្រាំតែរកនឹកឃើញចង់ម៉ាង៉ៃវាល់ល្ងាច ហៀរដល់យប់។ តែរួចបាយមួយពេល ហើយឆ្ងាញ់មាត់ទៀត ប្តីប្រពន្ធមួយគូនេះគួរឱយគោរពស្រឡាញ់ណាស់។

តែលេខទូរស័ព្ទខ្ញុំ ប្លក់លេខគាត់ទាំងពីរបាត់ទៅហើយ!

  1. ម៉ាក់ស្រីតូចបីនាក់ / ឧសភា 4 2013 8:28 ល្ងាច

    ចិត្តល្អហូរហែ ស្រាប់តែមកអាក្រក់ចុងក្រោយ 😛

    • លី កល្យាណ / ឧសភា 4 2013 8:31 ល្ងាច

      ពីណាឈ្នះតែទទួលទូរស័ព្ទលោកអើយ

    • ដាវី / ឧសភា 4 2013 10:46 ល្ងាច

      ទិញប៉ះចំទូរសព្ទសម្បូរសេវា 😀

    • លី កល្យាណ / ឧសភា 4 2013 10:48 ល្ងាច

      😛 មានង៉ៃណានោះ ជិះឡានក្រុងសោះសុំលេខទូរស័ព្ទដែរ មានអី ចេះតែហៅលេខឱយទៅ។ ដឹងចំលេខពីណាទេលោក

    • ដាវី / ឧសភា 4 2013 11:21 ល្ងាច

      យ៉ាហ៊ី… 🙄 ចុះបើគេ​ស៊ីញ៉ូ គេមិនដឹង​ថា​បងឱ្យ​លេខ​ខុស​ទៅគេ​ទៅហើយ​ទេហ្អី? 😀

    • លី កល្យាណ / ឧសភា 5 2013 6:35 ព្រឹក

      យី ចុះឯងម៉េចក៏ដឹងម៉េះ? ង៉ៃមុនគេស៊ីញ៉ូភ្លាមអត់ចូល សួរខ្ញុំទៀត ខ្ញុំក៏ឱយលេខប្អូនស្រីខ្ញុំទៅ ចៃដន់អីលេខនោះ អត់ចេះស្គាល់ម៉ោងទំនេរយ៉ាងម៉េច គេតេទៅទៀត អត់ចូលទៀត សុំទៀតឱយលេខប្អូនប្រុសម្តង ចំពេលអានោះដេក គេតេទៅទៀត (ថាមុខក្រាស់នោះក្រាស់ ប៉ុណ្ណឹងមិនដឹងខ្លួនទៀត) មានអីឮឱយច្បាស់ក្រឡែត «ស្អី អាណាតេរកអញស្មើណេះ? ហ្អែងដឹងអញកំពុងដេកពួនអីក៏អត់? យីអាអត់ឡាបៀបនេះវ៉ី?» ម៉ោងជាងមួយយប់។ ហាសហាសហា អន់ចង់។ ក្បាលកញ្ចាស់ឱយគេជេរលេង ព្រោះព្រើលចង់បានលេខទូរស័ព្ទស្រី។

    • ដាវី / ឧសភា 5 2013 3:51 ល្ងាច

      ស្រីណាបាន ស្រីដូចបងកល្យាណ ល្មមម៉ាអន់ចង់ ង៉ាសង៉ាស :mrgreen:

  2. តា ម៉ាប់ / ឧសភា 5 2013 12:10 ព្រឹក

    ម្ចាស់ថ្លៃ ចិត្ត​ល្អម៉្លេះបង នៅ​ស្រុក​ខ្មែរ​បើ​សម្បូរមនុស្ស​ដូច​បង ខ្ញុំ​ជិះ​ឡាន​ទៅ​ណា​ក៏​មិន​អស់​លុយដែរ ហាហាហា

    • លី កល្យាណ / ឧសភា 5 2013 6:36 ព្រឹក

      បានតែផ្លូវជាមួយទេចាស មិនដល់ថ្នាក់ដើរដឹកឡើយចាស

    • តា ម៉ាប់ / ឧសភា 5 2013 7:52 ព្រឹក

      ផ្លូវ​ជា​មួយ​ណឹង ព្រោះ​ឃើញ​បងកល្យាណឧស្សាហ៍​ទៅ​ពាយព្យ និង ឧត្តរ ហាហាហា

    • លី កល្យាណ / ឧសភា 5 2013 8:23 ព្រឹក

      😀 ស៊ីបានតែខាងពាយ័ព្យហ្នឹង។

  3. កវីស្រី លីម លក្ស្មី / ឧសភា 5 2013 4:16 ល្ងាច

    គួរឲ្យចាប់អារម្មណ៍ណាស់បងស្រីកល្យាណ! ធ្វើបុណ្យបានបាយ បងអើយកុំណាយ ប្រឹងធ្វើទៀតទៅ បងនិងជួបគូរ មិនយូរតាមផ្លូវ ឈប់ប្រមុំព្រៅ មានប្តីដូចគេ!​ កុំខឹងណាបង !និយាយបង្អាប់លេងទេ! ធ្វើល្អបានបុណ្យ ពេលក្រោយក្រែងកុន បុណ្យនោះតាមជួយ!​​ហិ!ហិ!ហា!

    • លី កល្យាណ / ឧសភា 5 2013 8:36 ល្ងាច

      មិនចេះតបទៅវិញតាមពាក្យកាព្យទេ សុំទោសផង។ តែថាខ្ញុំមិនបានគិតអីវែងឆ្ងាយទេ គ្រាន់តែចង់ធ្វើល្អឱយបានច្រើនមុនពេលមិនអាចធ្វើបានប៉ុណ្ណោះ។ ប្រហែលដូចពាក្យអ្នកកវីថាមែនហើយ គ្រប់កន្លែងការងារណាដែលលំបាក ដែលគ្រោះថ្នាក់ខ្លាំង ខ្ញុំទៅបានដោយគ្មានបញ្ហាធំដ ខ្ញុំតាមសង្កេតមើលផងដែរ ពិតមែនតែមិនសូវជឿ។

    • ម៉ាក់ស្រីតូចបីនាក់ / ឧសភា 5 2013 10:46 ល្ងាច

      ខ្ញុំក៏យល់ដូចអ្នកកវីដែរ បុណ្យដែលយើងធ្វើ នឹងបានត្រឡប់មកជួយយើងក្នុងគ្រណាមួយជាប្រាកដ

    • លី កល្យាណ / ឧសភា 6 2013 8:24 ព្រឹក

      ខ្ញុំសុំឱយបុណ្យជួយខ្ញុំឱយបានជួបអាឡិចផងទៅលោក

  4. ស្រុកស្រែ / ឧសភា 6 2013 12:17 ល្ងាច

    រឿងទី១ គឺផែនដីមូលច្រើនជាង… 😀

    • លី កល្យាណ / ឧសភា 6 2013 2:44 ល្ងាច

      ទើបមានរឿងជួនគ្នាពីររឿងនៅកន្លែងតែមួយបែបនេះដែលខ្ញុំចង់កត់ចូល។
      សូមឱយផែនដីមូលហើយខ្ញុំបានជួបអាឡិចតួកុនកំពូលដួងចិត្តរបស់ខ្ញុំ បើសិនចឹងមែនខ្ញុំនឹងជឿគុណបុណ្យហើយ។

    • ដាវី / ឧសភា 6 2013 9:07 ល្ងាច

      យ៉ាហ៊ី… 😀

    • លី កល្យាណ / ឧសភា 6 2013 9:48 ល្ងាច

      យ៉ាហ៊ី ហ្នឹងម៉េច?
      ចាំមើល៍តែខ្ញុំជួបតួកុនកំពូលដួងចិត្តខ្ញុំនឹងប្តឹងគាត់។ ចាំមើល៍!

    • ដាវី / ឧសភា 6 2013 10:06 ល្ងាច

      សា……ធុ បន់ឱ្យ​តែ​បង​បានជួប​គ្នា​ហ្នឹង​ហើយ គ្រាន់​បង​បានល្ហែល្ហើយ​ស្បើយ​ក្នុង​ឱរាខ្លះ 😉

    • លី កល្យាណ / ឧសភា 6 2013 10:09 ល្ងាច

      វ៉ៃបានម៉ាកានរ តែខ្មាសគេពេក លុបចោលអស់ហើយ។ ទៅដឹងតែខ្ញុំឆ្កួតហើយ ម៉ែខ្ញុំក៏គាត់ដឹងថាកូនគាត់ យ៉ាងម៉េចដែរអាឡូវហ្នឹងនោះ។

    • ដាវី / ឧសភា 6 2013 10:52 ល្ងាច

      សង្ស័យបងត្រូវស្នេហ៍​អាឡិចទេ​ បានជា​ជាប់ចិត្ត​ម៉្លឹងៗ ង៉ាសង៉ាសង៉ាស 😆

    • លី កល្យាណ / ឧសភា 6 2013 11:00 ល្ងាច

      អាឡិចមិនបានដាក់ស្នេហ៍ទេ គឺឆ្កួតតែខ្លួនឯងហ្នឹង

  5. somada / ឧសភា 7 2013 2:05 ល្ងាច

    អានឡើងឈឺក្បាល ចុះទម្រាំអ្នកសរសេរទៀត​ម៉េចទៅលោកអើយ

    • លី កល្យាណ / ឧសភា 7 2013 2:46 ល្ងាច

      ចុះដល់ថ្នាក់ឈឺក្បាលផងឬបង? ខ្ញុំសរសេរធម្មតាៗទេតើ មានតវ៉ា មានបញ្ហាអីឯណា?

      មើល៍ បងថាមកមើល តើឈឺក្បាលត្រង់ណា???

  6. somada / ឧសភា 7 2013 3:29 ល្ងាច

    វែងពេក ខ្ជិលអាន

    • លី កល្យាណ / ឧសភា 7 2013 3:32 ល្ងាច

      អូនអ្នកត្រសេរមិនខ្ជិលទេ ទោះជាបងអ្នកអានខ្ជិលក៏ដោយ
      ខ្ញុំដឹងថាបងរវល់ណាស់ព្រោះកន្លែងថ្មី

  7. Taing Chanthy / ឧសភា 7 2013 4:17 ល្ងាច

    យឺស​បងកល្យាណ ចិត្តបុណ្យមែន ហ៊ានជួយសង្គ្រោះគេពេលយប់ទៀត ហើយបងស្រវឹងមែនក៍អី បានជាពូអ្នកសុំជិះគាត់ភ័យ ហើយសុំបើកខ្លួនឯងវិញ។

    • លី កល្យាណ / ឧសភា 7 2013 4:29 ល្ងាច

      កាលពីប្រាំបីឆ្នាំមុន ក្នុងមួយថ្ងៃម៉ោងដែលស្វាងគឺចាប់ពីម៉ោងប្រាំពីរព្រឹក ដល់ម៉ោងបួនល្ងាច។ មិនដែលស្គាល់វ៉ាកងយ៉ាងម៉េច ហើយច្បាស់ណាស់គឺគាត់ប្រហែលជាឃើញបែបនេះហើយបានជាសុំបើកជំនួស តែចរិតម្នឹសស្រវឹងគឺយ៉ាប់ណាស់ ត្រូវនឹងសង្ស័យថាគាត់ចង់ប្លន់ឡានផង ខ្ញុំឡូឡាគ្មាននរណាដេកពួនបានទេ។

      អាឡូវស្មាលាច្រើនហើយ ព្រោះផឹកឆ្អែត។

  8. ក្តីស្រលាញ់ / ឧសភា 20 2013 10:34 ព្រឹក

    ធ្វើបុណ្យច្រើនចឹងហើយ​……….​ហាសហា

    • លី កល្យាណ / ឧសភា 20 2013 11:28 ព្រឹក

      😀 ធ្វើបុណ្យច្រើន…អស់លុយ…

    • ក្តីស្រលាញ់ / ឧសភា 27 2013 1:12 ល្ងាច

      មិនមែនទេដឹង?

    • លី កល្យាណ / ឧសភា 27 2013 4:27 ល្ងាច

      ចុះបើអីចឹងមែន? ធ្វើបុណ្យច្រើនអស់លុយ

  9. គឹម ចាន់ / ឧសភា 27 2013 4:09 ល្ងាច

    សុំដោយសារទៅជាមួយផងបងស្រី ង៉ៃណាត្រូវ ទៅបាត់ដំបង ខ្ញុំសុំដោយសារផង ហា ហា………….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: