សាមញ្ញ តែមិនសាមញ្ញ
រឿងខ្លះយើងគិតថាតូចតាចទេ តែធាតុពិតរបស់វា ជាដើមចមសំខាន់របស់រឿងរ៉ាវធំៗនៅក្នុងសង្គមក៏ថាបាន។
ខ្ញុំបានជួបផ្ទាល់ភ្នែកនូវរឿងរ៉ាវមួយចំនួនដែលសង្គមបច្ចុប្បន្នកំពុងតែអនុវត្តដោយគ្មានបានគិតពិចារណាវែងឆ្ងាយឡើយ…
បុរសម្នាក់ឌុបកូនបីនាក់ទៅសាលារៀន មានកូនប្រុសម្នាក់អង្គុយពីមុខ និងកូនពីរនាក់អង្គុយតោងនៅខាងក្រោយ។ ពួកគេកំពុង នៅឈប់ចាំស្តុប លើផ្លូវបំបែកមកពីមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីចាំបត់ឆ្វេងទៅផ្លូវព្រះមុនីវង្សឡើងទៅខាងពេទ្យកាល់ម៉ែត្រ។
ខ្ញុំនៅឈប់លើផ្លូវមុនីវង្សក្នុងរង្វង់ស្តុបនោះដូចគ្នា ដើម្បីបត់ឆ្វេងទៅផ្លូវសហព័ន្ធរុស្ស៊ីដែរ លុះដល់វេនភ្លើងបៃតងសម្រាប់ខ្ញុំ និងអ្នក ឯទៀតបានបង្អង់ល្បឿនដើម្បីទុកឱកាសឱយរថយន្តពេទ្យដែលស្រែកស៊ឺរ៉ែនអាចបត់ឆ្វេងទៅខាងកាល់ម៉ែត្របានលឿនដោយមិន បាច់បង្អង់។
បុរសកំសត់របស់ខ្ញុំ និងអ្នកដទៃផ្សេងទៀត គាត់ឆ្លៀតពេលរថយន្តស៊ីរ៉ែនបត់ទៅហើយ គាត់ក៏រោទិ៍ម៉ាស៊ីនម៉ូតូតាមពីក្រោយគូថ រថយន្តពេទ្យ ដែលតម្រូវឱយ អ្នកមានសិទ្ធិបត់ឆ្វេងតាមភ្លើងសញ្ញា ត្រូវបង្អង់ល្បឿនបន្តទៀតសម្រាប់អ្នកផ្សេងទៀតជាច្រើនដែល ធ្វើតាមគ្នា។ យូរៗទៅ អ្នកត្រូវបត់ឆ្វេងបានបាត់សិទ្ធិព្រោះតែអស់ភ្លើងសញ្ញាអទិភាព ហើយបែរជាដូចមនុស្សខុសច្បាប់នៅ កណ្តាលផ្លូវធ្លានាពេលនោះ។
របៀបបែបនេះគេហៅថាឆ្លៀតឱកាសពង។
ចំពោះខ្ញុំ ការអត់អោនក្នុងការធ្វើដំណើរលើផ្លូវ គឺត្រូវតែមាន បើមិនតិចក៏ច្រើនទៅតាមកាលៈទេសៈ តែថារឿងមួយនេះបានឆ្លុះ បញ្ចាំង និងអាចឈានដល់ក្លាយជាគំរូសម្រាប់ក្មេងជំនាន់ក្រោយថែមទៀតផង។ វាបានចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គម បច្ចុប្បន្នហើយតែបើសិនជាគ្មានអ្វីប្រែប្រួលទេ វានឹងចាក់ឬសកាន់តែជ្រៅទៅទៀតក្នុងជំនាន់មនុស្សបន្ត។
ខ្ញុំមិនចង់និយាយថា ក្មេងនោះ«អាច»ឃើញទង្វើឪពុកធ្វើ ហើយ«អាច»ធ្វើតាមទេ តែខ្ញុំគ្រាន់តែប្រៀបធៀបថា ស្រុកអាមេរិច បារាំង អង់គ្លេស គេបង្រៀនកូនតូចតាំងពីរបៀបទុកដាក់សម្រាម របៀបឈរតម្រង់ជួររង់ចាំវេន របៀបធ្វើការងារមួយចំនួនដែល យើងមើលទៅឃើញថា គេរៀនបណ្តុះគំនិតទំពាំងរបស់គេ ឱយល្អ ឱយប្រសើរតាំងពីតូចមក ដូច្នេះទៅថ្ងៃមុខ ឬស្សីរបស់គេ មិនងាយស្អុយរលួយចោលទាំងអស់ឡើយ។
ខ្ញុំខ្លួនឯងក៏ធ្លាប់មានគំនិតខូចបែបនេះដែរពីមុនមក។ ខ្ញុំជាកូនគ្រូបង្រៀន ដូច្នេះការទៅសាលារៀនយឺតវាចង់ទៅជាទម្លាប់ទៅ ហើយព្រោះតែក្មេងខ្ជិលដូចជាខ្ញុំ តែងគេងក្រក្រោក តែងចេញទៅចាំមិត្តភ័ក្តិដើម្បីជិះកង់បណ្តើរគ្នាទៅរៀន រួចក៏តាំងយឺតម៉ោង កាលនោះលោកគ្រូដែលកាន់ការខាងវិន័យជាគ្រូ របស់ម្តាយខ្ញុំទៅទៀត រាប់ថាជាជីតាគ្រូរបស់ខ្ញុំ ចំណែកម្តាយខ្ញុំគាត់ក៏ទៅសាលា យឺតដែរ ដូច្នេះ ខ្ញុំក៏សរសៀរៗដើរទៅជិតគាត់ដើម្បីបានចូលក្នុងបរិវេណសាលាមុនពេលគេគោរពទង់ជាតិ ព្រោះបើចូលក្រោយគោរព ទង់ជាតិ ខ្ញុំនឹងទៅដល់ថ្នាក់យឺតជាងគ្រូ ហើយនឹងអាចត្រូវគ្រូមិនឱយចូលថ្នាក់ទៀតផង។
លោកគ្រូវិន័យ៖ ហ្អែងកុំអាងតែម៉ែធ្វើគ្រូហើយចង់គេចមិនគោរពវិន័យ។ អញគ្មានយោគយល់ទេ ទៅ! ទៅឈរនៅដងទង់ជាតិ មួយម៉ោងទៅពួកអាកូនសិស្សមករៀនមាននាឡិកាពីរ។ (ម៉ោរៀនយឺតហើយយកលេសថានាឡិកាពាក់នៅដៃដើរយឺត)។ (គាត់ ងាកទៅម្តាយខ្ញុំដែលជិះម៉ូតូកន្ថោរចូលក្នុងសាលាធ្វើមិនដឹង) មើល៍ កូនអ្នកគ្រូឯងទៅ! ម៉ោរៀន ផ្ទះត្រឹមហ្នឹងសោះយឺតដែរ។
ម្តាយខ្ញុំ៖ លោកគ្រូធ្វើម៉េចធ្វើទៅ! ទុកតែភ្នែកនិងឆ្អឹងឱយខ្ញុំបានហើយលោកគ្រូ។
ខ្ញុំខ្មាសពួកម៉ាកណាស់ ដែលត្រូវលោកគ្រូតាស្តីឱយជាងគេ ព្រោះយើងជាកូនគ្រូបង្រៀន ។ ខ្ញុំនឹកអន់ចិត្តនឹងម្តាយ ដែលគេដទៃ មិនត្រឹមតែឪពុកគេមកសុំលោកគ្រូវិន័យឱយកូនបានចូលសាលាដោយមិនបាច់ត្រូវរងពិន័យទេ គេថែមទាំងជូនកូនដល់មាត់ជណ្តើរ ទៀតផង។ តាំងពីនោះមក ខ្ញុំបានព្យាយាមបំផុតនៅឆ្ងាយពីការរងពិន័យ។
ព្រោះតែចរិត ច្រឡោងខាម នៅថ្ងៃខ្ញុំប្រឡង ខ្ញុំស្រែកស្តីឱយម្តាយដែលទារជូនខ្ញុំទៅបន្ទប់ប្រឡង ៖
ម៉ាក់ឯងទៅប្រឡងជំនួសខ្ញុំក៏អី??? ខ្ញុំមិនត្រូវការឃើញមុខនរណាទេពេលទៅប្រឡង មិនបាច់ទៅលុតក្រាបគេទេ ខ្ញុំមិនចូលចិត្ត … បើម៉ាក់ឯងទៅមើលខ្ញុំនៅសាលានោះ ខ្ញុំមិនចូលប្រឡងឡើយ។
មិនប្រឡងម៉ាក់អ្នកធ្លាក់ក៏អី?
មិនជឿសាកមើល៍ទៅ! (គាត់អត់ហ៊ានជាមួយខ្ញុំទេ ព្រោះខ្ញុំហាមថា បើគាត់ទៅសូកគេ ឬទៅនិយាយជាមួយគ្រូគ្នាគាត់ ពេលខ្ញុំដឹង ខ្ញុំនឹងទៅធ្វើស្រែ ហើយមិនចូលធ្វើការទេ ព្រោះខ្មាសគេដែលប្រឡងជាប់ដោយសារមានគេជួយ។ ខ្ញុំដឹងថាគាត់មិនសូកគេដោយ សារខ្ញុំប្រឡងធ្លាក់លើកទីមួយ។ ហាសហាសហា ពេលប្រឡងធ្វើត្រូវច្រើនដែរ តែមកពីគេដាក់ចូលបន្ទប់ពិសេសពីរមុខវិជ្ជា ធ្វើឱយ អារម្មណ៍ខ្ញុំមិនមូល…ធ្លាក់ក្ឌូក។ ក្រោយចេញលទ្ធផល ខ្ញុំបានបិទទ្វារបន្ទប់រៀនសារថ្មីដើម្បីប្រឡងលើកទីពីរ សំណាងហើយដែល ប្រឡងជាប់ កុំអីបានធ្វើស្រែពិតមែនហើយ)
កាលនៅពីក្មេងអាយុប្រហែល ៩ឆ្នាំ ខ្ញុំធ្លាប់សុំឪពុកដើម្បីជិះយន្តហោះ (ពីភ្នំពេញ ទៅសៀមរាប និងត្រឡប់មកវិញ)។
ប៉ា!!! ប៉ា!!! ខ្ញុំចង់ជិះយន្តហោះ!
ជិះស្អី? បើឯងពុលរហូតហ្នឹង?
ខ្ញុំចង់ជិះយន្តហោះ! ហ្អាវៗៗៗ
ជិះលើកមុនល្មមឆ្អែតហើយ!
អត់ទេ ខ្ញុំចង់ជិះទៀត។
កុំ!
ប៉ាឯងអាក្រក់ណាស់!
ថាកុំ! ប៉ាមិនមែនប្រធានកប៉ាល់ហោះទេ!
ប៉ាឯងសុំគេទៅ!
កុំអីកូន! ប៉ាខ្ជិលសុំគេណាស់។ លើកមុនម៉ោពីគេជាមិត្តរបស់ប៉ាទេ។
មិនដឹងទេ ប៉ាឯងសុំគេទៀតទៅ។
កូនឯងខំរៀនទៅ ចាំជិះទៅរៀននៅបរទេស។ ឬក៏រៀនបើកកប៉ាល់ហោះតាម៉ងទៅ។
កាលណាបាន បានជិះ??? ខ្ញុំចង់ជិះអាឡូវនេះ។ (ដល់ម៉ោងទួញសោក យំយែកបែកពពុះមាត់)
នែកូន! ឯងខ្មាសគេដែរទេ ដែលដើរសុំដោយសារគេទាំងយើងមិនចាំបាច់ត្រូវទៅផងនោះ។ ប៉ាខ្មាសគេណាស់ ព្រោះប៉ាមិនចង់កេង ចំណេញនរណាទេ គេខាតមនុស្សមួយកៅអីដោយសារតែកូនឯង។ កូនឯងដឹងទេ? បើកូនឯងមិនបានធ្វើអ្វីជាប្រយោជន៍ដល់គេ កុំ នាំគេឱយខាតបង់ដោយសារយើងណាកូន។ មនុស្សបែបនេះរស់នៅនាំធ្ងន់ផែនដីទទេៗ។
មិនដឹងទេ! ខ្ញុំត្រូវតែជិះយន្តហោះឱយបាន។
យកវាទៅឯណាឱយបាត់ពីមុខខ្ញុំទៅ! ថ្លង់ណាស់!
រឿងខ្លះ បើយើងបណ្តុះកូនតាំងពីតូចមកប្រហែលជាមានប្រសិទ្ធភាពជាង។
ខូច ចចេស ក្បាលរឹង យកតែចិត្តឯង (នៅសល់អីទៀត!!!) នូនូជិតដូចអ៊ំហើយ
ឱយតែម៉ែនាំនិយាយរឿងចាស់ ខ្ញុំខ្មាសគេជាងគេទាំងអស់។ ប្អូនៗខ្ញុំវាខ្ជិលទាំងស្តាប់ទៅទៀត។
មានអាម៉ាក យំវ៉ៃជញ្ជាំងផ្ទះ យំឱបពាងទឹក យំក្រោមដើមត្របែកយំបណ្តើរឡើងបេះត្របែកបណ្តើរ យំទទូរភួយ។ល។
ណែ កុំស្តីឱយកូនជេររាលដាលដល់អ៊ំវាណា៎ ទើបនឹងបានប្រាប់ក្មួយតែមួយរឿងទេ គឺត្រូវលាងដៃឱយស្អាតមុនចុះក្នុងអាង ខ្លាចខ្លាញ់អណ្តែតមកជាប់លើស្បែករបស់យើង។
អរគុណហើយមីងដែលជួយដាស់តឿន ។ បើបានកូនធឹ ៗ នឹងច្បាស់ជាអាយះទ្រូងងាប់ហើយខ្ញុំ ។
ចុះទ្រូងអីក៏អន់ម្ល៉េះ មើលតែទ្រូងមាន់កសិកម្មទៅហើយ?
បងឯងចង់ថា កូនអស់សាច់មែនហេស? (ថែមថយទៀត)
មានណា??? គេថាទ្រូងម្តាយដែលឆាប់រហែកហ្នឹង ដូចជាទ្រូងមាន់កសិកម្មចឹង ពេលឆ្អិនទាញមកតែបន្តិចគឺស៊ីផុយ ចំណែកទ្រូងមាន់ខ្មែរ ស្វិតណាស់មិនងាយស៊ីដាច់ទេ។
អ្នកឆ្លើយមិនសូវជាអីទេ ណាស់តែអ្នកថែមថយទេតើ ដែលអីនោះ