ក្មេងលោភលន់
ប៉ុន្មានថ្ងៃនេះនិយាយតែពីរឿងនៅក្មេង ព្រោះតែចង់រំលឹកដល់ថ្ងៃចាប់ផ្តើមដំបូងនៃរដូវវស្សាឆ្នាំនេះ ដែលរាល់ៗឆ្នាំ ខ្ញុំតែងមានពេល មានអនុស្សាវរីយ៍ច្រើនជាងពេលណាៗទាំងអស់។
ប្រហែលជាខ្ញុំទើបតែរៀនថ្នាក់ទីបី ឬអាយុខ្ទង់៨ឆ្នាំ ឬលើសនេះតិចតួច ខ្ញុំតែងត្រូវបានបងប្អូននៅភូមិកំណើតម្តាយខ្ញុំស្រឡាញ់ រាប់អានខ្លាំងណាស់ (អាឡូវលែងស្រឡាញ់ហើយ ព្រោះពួកគេមានគ្រួសារអស់) គេតែងនាំខ្ញុំទៅចំការដែលនៅក្នុងព្រៃឆ្ងាយពីភូមិ ដោយត្រូវដើរប្រហែលជាពីរម៉ោងទើបដល់។ ថ្ងៃនោះជាថ្ងៃបុណ្យរបស់បងប្អូន ពួកយើងបានទៅគេងនៅទីនោះតាំងពីយប់ ដល់ ព្រឹកឡើងពេលចាស់ៗរវល់ យើងក៏នាំគ្នា មានធំមានតូចប្រហែលប្រាំពីរនាក់ទៅលេងចំការ។
ខ្ញុំទើបតែស្គាល់ចំការជាលើកដំបូងនៅក្នុងខែវ៉ាកងមុនចូលឆ្នាំខ្មែរ ដែលពួកគេនាំខ្ញុំទៅបេះឪឡឹកនៅចំការតាទួតខ្ញុំដែលជិតប្រមូល ផលលក់ក្នុងថ្ងៃបន្ទាប់។ ចំការគឺខុសពីស្រែ ដែលអាចមានដំណាំផ្សេងៗរួមផ្សំ មានស្ថានភាពជាទីទួលមិនលិចទឹក តែក៏មិនមែន ខ្ពស់ដូចជាភ្នំនោះទេ គេច្រើនធ្វើចំការនៅក្នុងព្រៃព្រោះអាចគេចផុតបានខ្លះពីគោក្របី ចំណែកស្រែធ្វើបានតែម្តងក្នុងមួយឆ្នាំ ហើយ គ្មានអ្វីផ្សេងពីស្រូវក្រៅពីម្អមនោះទេ។
ចំការតាទួត មានដំណាំច្រើនណាស់ សមនឹងជាមនុស្សដែលគេគោរពមែន។ គាត់ដាំឪឡឹកនៅក្រោយពីច្រូតស្រូវចំការរួច ហើយ មានដំណាំផ្សេងទៀតសម្រាប់បេះយកទៅផ្ទះដូចជាននោង ត្រសក់បន្តិចបន្តួច ត្រឡាច ល្ពៅ ម្ទេស មានដើមថ្នាំជក់ជាច្រើនដើម ដែលយាយទួតដាំសម្រាប់លក់ដូរ។ នៅជាយរបងលាយឡំជាមួយដើមឈើព្រៃ តាយាយខ្ញុំដែលត្រូវជាកូនរបស់គាត់បានដាំស្វាយ និងខ្នុរខ្លះ ដោយមានដាក់សញ្ញាសម្គាល់ថាជារបស់យាយតាមួយណា ហើយតាទួតក៏មានដាំរុក្ខជាតិខ្លះសម្រាប់ប្រើការជាថ្នាំបុរាណ ព្យាបាលជម្ងឺតាមការចាំបាច់របស់គាត់។
ដោយសារគាត់ជិតបេះលក់ឪឡឹកទាំងនោះហើយ ទើបតានិងយាយដែលមានអាយុបងខ្ញុំប្រហែលជាជាងដប់ឆ្នាំ បើកដៃឱយខ្ញុំ រើសម៉ាសេរីតាមលទ្ធភាពដែលអាចស្ពាយយកទៅបាន ព្រោះគាត់ក៏ត្រូវស្ពាយរបស់គាត់ដែរ សម្រាប់យកទៅធ្វើចង្ហាន់បុណ្យ។ ខ្ញុំរើសយកតែផ្លែណាដែលធំបំផុតក្នុងចំណោមផ្លែឪឡឹកក្នុងចំការដែលខ្ញុំឃើញ ហើយចងជាប់នឹងចុងក្រមាពីរផ្លែម្ខាងមួយៗ និង ពីរផ្លែទៀតខ្ញុំស្រាក់នឹងវល្លិដែលតាខ្ញុំគាត់ប្រើឱយទៅបោចឱយគាត់ គាត់ចងស្រាក់ជាថ្នក់ឱយ។ ខ្ញុំហូបឪឡឹកមួយចំអែតមុននឹង ចេញដំណើរត្រឡប់មកវិញ។
តាមផ្លូវត្រឡប់មកវិញ ខ្ញុំឃើញផ្លែគុយខ្ញុំក៏ឈប់បេះទុកផ្ញើម៉ែ ឃើញផ្លែល្ពាក់ ខ្ញុំក៏សង្វាតបេះមកទៀត រហូតដល់ស្ពាយលែងរួច ខ្ញុំ សម្រេចចិត្តថាត្រូវហូបផ្លែឪឡឹកខ្លះដើម្បីសម្រាលស្មា ឈប់ពីរដងខ្ញុំនិងគ្នីគ្នាហូបអស់ឪឡឹកពីរជាចំណែករបស់ខ្ញុំ ចំណែករបស់ពួក គេមិនទាន់ហូបទេ គេទុករហូតមកដល់ផ្ទះបុណ្យវិញទើបនាំគ្នាហូប។
ចំណែកខ្ញុំវិញ ព្រោះតែភាពលោភលន់ខ្ញុំស្ទើរតែអូសឪឡឹកមកភូមិមិនដល់ ក៏បានបងប្អូនជីលួតមួយរបស់ខ្ញុំជួយបកទៅយកមក វិញពេលគាត់ទៅដល់ភូមិម្តងហើយដាក់អីវ៉ាន់របស់គាត់ទុកស្រួលបួលហើយ ព្រោះថាកុមារីម្នាក់នោះដើរមកដល់ក្រោយគេយ៉ាង យូរ។
មកដល់ផ្ទះ ឪឡឹកក្តី គុយក្តី ជាំ ប៉ល់ហូបមិនកើតទេ ខ្ញុំក៏យំតាមតែការស្តាយរបស់ ហើយមិនអស់ចិត្តនឹងស្ពាយមកបានតែប៉ុណ្ណឹង
ដល់មុនពេលធ្វើស្រែ តានិងយាយខ្ញុំ បបួលខ្ញុំទៅលេងចំការតាទួតទៀត។ លើកនេះខ្ញុំមានពិសោធន៍ច្រើនជាងមុន ខ្ញុំបានប្រុង ប្រៀបរកក្រមាធំ រកកន្ត្រកយួរ និងមានឈើសម្រាប់ធ្វើដងរែក រែករបស់មកពីចំការរបស់តាទួត។
ទៅដល់ចំការ ខ្ញុំស្រងាកចិត្តជាខ្លាំង ព្រោះថាគ្មានឪឡឹក គ្មានត្រសក់ គ្មានសូម្បីតែម្ទេសគ្រាន់នឹងផ្ញើម៉ែខ្ញុំសោះ។ ខាតពេញទំហឹង ហើយពេលនេះ ដើរព្រៃហើយគ្មានអីផ្ញើអ្នកផ្ទះ គឺជារឿងមួយអាម៉ាស់ណាស់។ ត្រឡប់មកវិញតាមផ្លូវ ខ្ញុំបានឃើញផ្កាក្រវាន់ និង ផ្លែរបស់វាដែលមានខ្លះទុំ ខ្លះខ្ចី ខ្ញុំក៏បេះមកទុកជារបស់កំដរដៃ។ ដើរមកដល់ចំការតាយាយមួយគ្រួទៀត ខ្ញុំបានឃើញពូមីងខ្ញុំដែល កំពុងរើសគ្រាប់ស្វាយចន្ទី (អ្នកស្រុកខ្ញុំហៅក្តខ្យូវ ឬក្រយ៉ូវ) ខ្ញុំក៏សុំគេបេះផ្លែវាយកមកផ្ញើម៉ែ ព្រោះអស់ជម្រើសហើយ ទោះជាខ្យូវ មានរសជាតិមិនជាទីគាប់ចិត្តសម្រាប់មនុស្សចាស់ ហើយពេលហូបវាគឺត្រូវចំណាយស្ករប៉ោតច្រើនក៏ដោយ (ស្រុកក្ររកតែអង្ករច្រក ឆ្នាំងសឹងមិនបានទៅរវល់អីនឹងចំណាយស្ករប៉ោតលាយទឹកត្រីម្ទេស សម្រាប់ជ្រលក់ស្វាយចន្ទីឱយឆ្ងាញ់មាត់នោះ បានតែអំបិល ក្រួសជ្រលក់នោះអរណាស់ទៅហើយ)។
ជាលទ្ធផលម្តាយខ្ញុំបានវ៉ៃខ្ញុំដែលធ្វើឱយប្រឡាក់ខោអាវបោកមិនជ្រះព្រោះជ័រស្វាយចន្ទីហៀរមកប្រឡាក់ពេញខ្លួន។
តែគាត់លើកទឹកចិត្តខ្ញុំជានិច្ចដែលមានគំនិតរករបស់ចូលផ្ទះ ព្រមទាំងបានហាន់ស្វាយចន្ទីកូរជាដំណាប់ទុកហូប បានជាងមួយខែ គ្រាន់នឹងឱយខ្ញុំកេះពេលឃ្លានខ្លាំងបាយមិនទាន់ឆ្អិន។
ម្តាយខ្ញុំមានទម្លាប់មួយគឺថា ឱយតែមានរបស់ចូលផ្ទះ គាត់តែងនិយាយថា៖ ហ្អូ៎ មានលាភមកទៀតហើយយើង!
នេះជាទម្លាប់របស់អ្នកស្រុកស្រែចំការ ដែលតែងប្រសិទ្ធីរបស់របរដែលអ្នកផ្ទះនាំយកពីព្រៃមក បើជារបស់ដែលមិនគួរសមគេតែង ងូតទឹកឱយ ដូចជាប្តីរកបានជ្រូកព្រៃ ហើយកាច់បានចង្កូមវាមកដាក់លើហ៊ឹង ប្រពន្ធត្រូវចេះដួសទឹកមកចាក់លាងជម្រះចង្រៃដែល អាចមានមកតាមចង្កូមហ្នឹង។ នេះមកពីគេជឿថា មនុស្សស្រីជាប្រភពនៃសិរី។
សូមស្វែងរកន័យពាក្យនេះនៅក្នុងវចនានុក្រម និង ក្នុងគេហទំព័រកំពូលមហាសំណព្វចិត្តរបស់ខ្ញុំ៖ បណ្តាញព័ត៌មានវប្បធម៌ខ្មែរ
អនុស្សាវរីយ៍កាលវ័យកុមារ 🙂
របស់របរប៉ល់អស់ហូបអត់កើតហើយ នៅឆ្លៀតមិនអស់ចិត្តស្ដាយថាយកបានតាប៉ុណ្ណឹងទៀត 😀
😀 ណាស់តែថាទៅលើកក្រោយកុំឱយតែមានស្អីពីចំការមកផ្ទះបន្តិច កុំតែបានខ្យូវមកផ្ញើម៉ែកុំអីខឹងចិត្តណាស់។
រួចឡាម៉េចទៅហើយ ទៅដើរលេងទៅដើរមែននោះ? សប្បាយទេហ្នឹង? ទៅប៉ៃលិនសប្បាយទេ?
បើសិនលើកក្រោយហ្នឹងសម្បូររបស់យកមកផ្ទះដូចលើកមុនទៀត មិនដឹងរែកយកមករួចឬអត់ទេ បែបអម្រែកត្រូវអូសដីហើយមើលទៅ 😀
ដើរលេងសប្បាយគួរសមដែរបង 😀 នៅប៉ៃលិនមានអនុស្សាវរីយ៍មួយគឺប៊ិះបានគេងនៅសាលាឆាន់ ព្រោះរកផ្ទះសំណាក់មិនបាន ក៏ហួសទៅផ្សារព្រំ។ ឥឡូវកំពុងទៅប៉ោយប៉ែត ហើយតៃកុងឡានកំពុងប្រូម៉ូសិនឱ្យហួសទៅសៀមរាប 😀 ហើយបងបានទៅណាទៅណីខ្លះដែរ ?
ចិត្តលោភត្រូវតែខំប្រឹង ទោះជាអូសមកហូបមិនកើតក៏ដោយ។
ទៅលេងសៀមរាបបង្ហើយទៅបំណាច់នឹងបានដៃ បានគ្នាដើរលេងអីចឹងហើយនោះ មកវិញចាំគិតទៀត។ ម៉ៃមីប៉ៃណៃ ហាសហាសហា
😀
ចឹងតស់បង ប៉ៃធៀវកាប់ឆាន់ 😀 បើទៅបន្ត ទាល់តែយប់នេះចូលកាស៊ីណូទៅស្រង់ដើមយកសោហ៊ុយ 😀
😀 ភ្លេចផ្តាំដាវីពីង៉ៃមុនថា បើបានទៅលេងកាស៊ីណូ ជួយមើលៗសង្សារខ្ញុំនៅនោះផង 😛
ហើយចុះបងមានសង្សារប៉ាម៉ានឱ្យប៉ាកដ បានជានៅរាយគ្រប់កន្លែងណាក៏មានចឹង? មានច្រើនម៉្លឹងៗ បើខ្ញុំមិនប្រយ័ត្នបែបអាចស្រឡាញ់ចំសង្សារបង ជាន់លេខរៀងគ្នាមិនខានទេ 😆
បបួលគ្នាទៅ ៗ បើឈ្នះប្រាប់ផង តែបើចាញ់មិនបាច់ប្រាប់ទេ ។
ស្មានតែចិត្តបានទៅជួយចេញថ្លៃខាតទាំងអស់គ្នា។
ង៉ាសៗៗៗ ចិត្តបានណាស់បងសុធា 😀 បើឈ្នះមែន ខ្ញុំនឹងធ្វើប៉ាស្ព័រទៅលេងបងដល់នោះ ទៅឱ្យបងប៉ាវចូលហាងញ៉ាំអាហារអបអរខ្ញុំមិនខាន