គោលដៅដែលអូនបានដាក់ឱយ
02 សីហា 2013
តាមត្រូវ ថ្ងៃនេះបងត្រូវសុំច្បាប់គេដើម្បីសម្រាកមួយថ្ងៃ គិតពីអូនឱយបានច្រើន កុំឱយអូនច្រណែននឹងគេ។
ប្រាំមួយឆ្នាំមុន អូនបានដាក់គោលដៅឱយបងក្នុងការ រៀបចំដំណើរជីវិតរបស់ខ្លួនឱយស្របទៅនឹងគំនិតរបស់ អូន…
02 មិថុនា 2005 ៖
- ប្រាំឆ្នាំទៀត 2010 បងត្រូវតែមានតួនាទីការងារមួយដែលខ្ពស់ជាងនេះ ប្រាក់ខែក៏ច្រើន
«តួនាទីខ្ពស់ងាយ រកទេ តែបើប្រាក់ខែ ខ្ពស់បែបពិបាករកណាស់ ព្រោះខ្ញុំរៀនមិនសូវពូកែចឹង គ្មាននរណា គេឱយប្រាក់ខែច្រើន ទេ!»
- ពីរឆ្នាំទៀត 2007 បងត្រូវតែបន្តរៀន ថ្នាក់អនុបណ្ឌិត ហើយពីរឆ្នាំក្រោយពីចាប់ផ្តើមរៀន 2009 បងនឹងមាន ការងារគ្រាន់បើជាងសព្វថ្ងៃនេះមិនខាន
«រៀនថ្នាក់បរិញ្ញាប័ត្រផងនៅតែរៀនមិនចង់ចប់ ទម្រាំរៀនអនុបណ្ឌិត ហើយឡើងចុះៗមួយអាទិត្យពីរ បីដង យ៉ាងនេះ ធ្វើម៉េចអាចរត់រួចទៅ??? បើខ្ញុំត្រូវរៀនផង ត្រូវធ្វើការនៅ ក្នុងព្រៃផងហើយត្រូវ មករកអូនទៀត។»
កុំគិតច្រើនអី អូននឹងជួយបងឱយមានពេលរៀនសូត្រហើយ អាចធ្វើការបាននិងមានពេលនៅ ជាមួយអូន បានច្រើនជាងមុនទៅទៀត។
By how?
- ឆ្នាំ 2012 បងត្រូវតែចូលធ្វើការងាររដ្ឋ ដើម្បីកាន់តំណែងណាមួយដែលអាចធ្វើធំបាន។
«ប្រុងធ្វើធំធ្វើអី? ធ្វើធំគ្មានពេលវេលាសម្រាប់ខ្លួនឯង និងគ្រួសារទេ។ ណាមួយយើងមិនមែនជាមនុស្សដែល អាចធ្វើធំបានផង។ …កុំដាក់គោលដៅខ្ពស់ៗពេក ពេលបងមិនអាចធ្វើបាន អូននឹងបន្ទោសទៀតមិនខាន»
មនុស្សគ្មានគោលដៅក្នុងជីវិត ដូចឡានអត់ចង្កូតហើយបើកដាក់លេខ L ចឹង។ ជាបឋមបងត្រូវស្តាប់ពី ផែនការរបស់អូនឱយចប់ចុងចប់ដើមសិន ចាំវាយតម្លៃថាវាយ៉ាងម៉េច?«អូខេ។ សុំទោសៗដែលខ្ញុំកាត់ប្រសាសន៍លោកស្រីប្រធាន។ សូមគោរពអញ្ជើញបន្តជម្រាបពីផែនការនោះ ទៀតចុះ។» - បងមានដែលគិតចង់ធ្វើការនៅរដ្ឋសភាដែរទេ?
«អត់មានសោះតែម្តង ហើយក៏មិនចង់ធ្វើដែរ»
បើបងធ្វើជាអ្នកតំណាងរាស្រ្ត ប្រហែលជាអាចទៅរួចព្រោះពីឥឡូវទៅបងកំពុងធ្វើការងារសង្គមរួចទៅ ហើយ។ អីចឹងបងនឹងមានគេស្គាល់ខ្លះៗ។«អូនកុំនិយាយរឿងធ្វើការងារធំហ្នឹងទៀតបានទេ? បងមិនចង់កេងចំណេញលើអង្គភាពដែលបងកំពុង ធ្វើសព្វថ្ងៃនេះទេ។»
មានកេងចំណេញអីទៅ?
«អូនឯងមិនយល់ថា វាជាការកេងចំណេញទេឬ?»
អូខេ អីចឹងបងមានដែលចង់ធ្វើការងារជាមួយប៉ាដែរទេ?
«អត់ចង់ទេ។ អូនកុំនិយាយទៀត កិច្ចការណាដែលប្រើខ្សែ ប្រើអំណាចមិនសមហេតុផល។ បើបងចង់នោះ បងនឹងទៅធ្វើការងារជាមួយប៉ាបងពីយូរណាស់ហើយ។ (នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជា ច្រើននៃការជ្រើសរើសគូស្រករដោយមិនបានពិនិត្យចិត្តគំនិត និងទំនោរឱយបានច្បាស់លាស់មុនពេល សម្រេចចិត្តរស់នៅជាមួយគ្នាជាគូជីវិត) »
ចុះបើមានរបររកស៊ីផ្ទាល់ខ្លួន បងចង់ធ្វើដែរទេ? ដូចជាបើកហាងលក់បាយម្ហូប ឬក៏លក់គ្រឿងអេឡិចត្រូនិច?
អូនមានដែលមើលពីចំណុចខ្សោយរបស់បងទាក់ទងទៅនឹងការធ្វើអាជីវកម្មដែរទេ? បងក៏ចង់ដែរ ចង់មាន ហាងលក់គ្រឿងកុំព្យូទ័រមួយ ព្រោះពេលវេលាទៅខាងមុខគេត្រូវការប្រើវាច្រើនណាស់ ជាពិសេសសិស្ស។ តែម្តាយបងតែងនិយាយថា ចិត្តបុណ្យខ្សត់ទ្រព្យ។ អីចឹងបានជាបងខ្ជិលគិតតែម្តងទៅ! … អូហ៍ ហើយអូន កុំចង់រកស៊ីធ្វើអី នាំហត់ខ្លួន មានប៉ុណ្ណាយើងរស់ត្រឹមហ្នឹងទៅ បងធ្វើការឆ្ងាយគ្មានពេលមកជួយមើលអូនទេ
អូខេ។ ចឹងសម្រេចថាមិនធ្វើតំណាងរាស្រ្ត មិនធ្វើការងារជាមួយទាហាន មិនធ្វើការងារក្នុងក្រសួងជាមួយ ប៉ាអ៊ំហើយក៏មិនធ្វើការរដ្ឋជាមួយប៉ាខ្លួនឯង។ ចប់។
«ចឹងយើងអាចគេងបានហើយមែនទេ?»
នៅទេ ។ គោលដៅមួយនេះ គឺនៅឆ្នាំ 2013 បងត្រូវតែរកប្រាក់ឱយបានជាងមួយពាន់ដុល្លារក្នុងមួយខែ។
ដោយមិននៅចាំស្តាប់នាងរៀបរាប់ផែនការជីវិតដែលនាងបានរៀបចំទុកឱយខ្ញុំចប់ ខ្ញុំក៏ចេញទៅក្រៅចោលឃ្មុំ ឱយរអ៊ូម្នាក់ឯងតទៀតទៅ។
***
ថ្ងៃនេះ៖
រូបភាពបុរសកម្មករក្នុងរោងលក់ឡាននៅក្បែរសណ្ឋាគារមនោរម្យ កំពុងហូបអាហារពេលព្រឹកក្នុងប្រអប់ស្នោ ដែលជាទីពេញនិយមប្រើប្រាស់សម្រាប់អ្នកលក់ដូរ បានដិតជាប់ក្នុងអារម្មណ៍ខ្ញុំ ធ្វើឱយខ្ញុំចង់ឈប់ថតរូបភាព មួយនេះបំផុត។
មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនគឺ កម្មករម្នាក់នោះកំពុងដួសបាយហូប ហើយនៅក្បែរគាត់មាន ឆ្កែខ្មៅមួយក្បាល និងមាន់គករូបស្អាតមួយឈរ ជ្រហម ចាំមើល ក្រែងមានអាហារធ្លាក់ចុះមក សម្រាប់ពួកគេ។
ខ្ញុំមើលឃើញកែវភ្នែកអ្នកហូបបាយព្រឹកបានគេចចេញពីក្រសែភ្នែកគួរអាសូរនៃសត្វទាំងពីរ ហើយប្រឹងបំភ្លេច ក្តីស្រេកឃ្លានរបស់សត្វទាំងនោះដោយពឺតពមបាយនោះបន្តទៀតយ៉ាងប្រញាប់ប្រញាល់។
កែវភ្នែកនោះ ដូចអារម្មណ៍ខ្ញុំកាលពីប្រាំមួយឆ្នាំមុន ដែលប្រឹងគេចចេញពីផែនការជីវិតរបស់នាងរៀបចំសម្រាប់ ខ្ញុំ។
មកដល់ថ្ងៃនេះ ខ្ញុំមិនបានដើរតាមផែនការដើម្បីឱយដល់គោលដៅដែលនាងចង់បានឡើយ។ នាងចង់ឱយខ្ញុំល្បី ល្បាញក្នុងសង្គម និងមិនត្រូវបានគេមើលងាយ ក្នុងកាលៈទេសៈមួយដែលខ្ញុំនឹងត្រូវក្លាយជាមនុស្សរបស់ខ្លួនឯង ប្រសិនបើមាននាងនៅក្បែរខ្ញុំរហូតដល់ពេលនេះ ខ្ញុំប្រហែលជាមិនភ្លេចមុខភ្លេចក្រោយដូចសព្វថ្ងៃនេះទេ។
ដល់ពេលនេះបានបងអាចដឹងខ្លះៗថា ចិត្តបង គំនិតបង អូនដឹង អូនយល់អស់ហើយ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែ បេះដូងរបស់បងក៏អូនយកទៅតាមបាត់ហើយដែរ។
វែងណាស់ អត់ទាន់មានពេលមើល
តាមសម្រួលម៉ាមី កុំភ្លេច ហៅខ្ញុំទៅដើរលេងផងណា៎!
មនុស្សម្នាក់ ៗ ត្រូវមានផែនការជីវិត ទោះជាដើរដល់ឬមិនដល់ យ៉ាងហោចណាស់យើងក៏មានតម្រុយសម្រាប់ដើររួចទៅហើយ ប្រសើរជាងដើរស្មាន (ជីវិតមិនមែនជាការលេងសើច ឬ ការសាកល្បងនោះទេ ដើរខុសមួយជំហានខុសមួយជីវិត) ។ សូមសរសើរគាត់ដែលគាត់គិតគូរបានល្អិតល្អន់ ។
គាត់ត្រូវបានគេមើលឃើញថា កៀបសង្កត់សេរីភាពរបស់គូសង្សារគាត់។ បងមិនដែលគិតទេឬថាមនុស្សម្នាក់ៗ ពេលដែលផែនការសង្កត់ខ្សែជីវិត វាជាគំនាបផ្នែកផ្លូវចិត្តដែរទេ?
បងដូចជាមើលមិនឃើញសោះថាគាត់កៀបសង្កត់ ឬ ប្រើអំណាចផ្តាច់ការទៅលើដៃគូរបស់គាត់ តែដៃគូរបសើគាត់ទៅវិញទេ ដែលមើលរំលងពីបំណងល្អរបស់គាត់ ។ មនុស្សមានគោលដៅ មានផែនការ គឺជាមនុស្សដែលមានទទួលជោគជ័យលើអ្នកដទៃមុន ៥០ភាគរយដោយមិនបាច់ប្រឹង ។ ផែនការជីវិតគឺជាការពង្រាងជោគជ័យមួយសម្រាប់ក្រុមគ្រួសារ តែយើងដើរដល់ឬមិនដល់នោះវាជារឿងផ្សេងមួយទៀត ដូច្នេះសូមកុំគិតថា ជាសំពាធលើរូបយើងឲ្យសោះ ។ “សូមមើលគាត់ក្នុងផ្លូវល្អខ្លះផង មុនពេលដែលគ្មានឱកាសនឹងបានឃើញគំនិតល្អរបស់គាត់”