រំលង ទៅខ្លឹមសារ
11 ខែកញ្ញា 2013 / ស្នាមញញឹម

អនុស្សាវរីយ៍មួយ ក្នុងព្រៃជាំផ្កា

ភាគ១

 

«

– បងហ្អា៎?

+ បាទ?

– គេហ៍សុំទៅលេងព្រៃជាមួយបងផងបានទេអាទិត្យនេះ?

+ ចាំអាទិត្យក្រោយទៅបានអត់? លើកនេះបងទៅដេកបួនប្រាំយប់ឯណោះ។ អូនមុខជាធុញមិនខាន។

»

…មួយខែក្រោយមក…

«

– បង!

+ បាទ???

– ការងារលាបជញ្ជាំងផ្ទះកាលណាបានរួចទៅ ប្រុងទុកឱយនៅមេម៉ាយប៉ុន្មានខែ ឱយដូចដូរចង្កៀងឡានដែរ មែនទេ?

+ អត់ទេ។ បងសន្យា។ (ខ្ញុំធ្លាប់សន្យាថានឹងដូរចង្កៀងឡានមួយចំហៀងរបស់ខ្ញុំដោយខ្លួនឯង មិនចង់ចំណាយ ប្រាក់ឱយជាងទេ។ ទម្រាំបានដូរចង្កៀនឡានរួច ខ្ញុំចំណាយពេលជាងបីខែ… ចាំថ្ងៃនេះ ចាំថ្ងៃនោះរហូត។)

– បងទៅព្រៃលើកនេះយូរទេ?

+ បងទៅតែពីរយប់មកវិញហើយ។ មកវិញបងនឹងបង្ហើយជញ្ជាំងផ្ទះ។

– ចឹងលើកនេះអូនសុំទៅព្រៃជាមួយផងបានទេ?

+ អូនទៅធ្វើអី???

– ចង់ទៅដើរលេង តាមព្រៃភ្នំ ធម្មជាតិនឹងគេម្តង។

+ អូនស្មានតែស្រួលណាស់ទៅឬ? មិនមែនដូចទៅដើរលេងនៅបរទេសទេណា៎។

– អូនដឹងទេតើថាវាមិនស្រួល តែអូនចង់ទៅ!

+ កុំទៅអី!!! ចាំបងនាំអូនទៅលេងចំបក់នៅកំពង់ស្ពឺវិញ។ ខាងណោះស្រួលធ្វើដំណើរបន្តិច។

– ម៉េចបានបងមិនចង់ឱយអូនទៅ??? បងឯងមាននរណានៅក្នុងព្រៃហ្នឹងមែនទេ?

+ ណែ!!! ទៅជាអីចឹងទៅ? កុំគិតសង្ស័យបងបែបហ្នឹងមើល៍ បើមាននរណាផ្សេងក៏បងមិនទៅមាននៅក្នុងព្រៃ ហ្នឹងដែរ។

– ចុះម៉េចបានជាមិនចង់ឱយអូនទៅជាមួយផង?

+ ប្រាប់ហើយថាពិបាក!

– ជិះឡានទៅមានអីពិបាក?

+ ហ្អើយ!!! និយាយមិនចេះស្តាប់សោះ!

»

ជួនជារដូវនោះជារដូវភ្លៀងធ្លាក់រអិលប៉ប៉ាច់ ខ្ញុំជិះម៉ូតូរបស់អង្គភាពទៅទុកនៅផ្ទះលោកម្នាក់ជាអ្នកនាំផ្លូវ សម្រាប់ ឱយគាត់ធ្វើដំណើរទៅមុន។ យើងបានណាត់គ្នាថាទៅព្រៃក្នុងតំបន់មួយដែលគេហៅថាជាំកា/ជាំផ្កា (កាលណោះ ជាតំបន់ដាច់ស្រយាល មិនទាន់មានឈ្មោះជាភូមិតាមផ្លូវការនៅឡើយទេ) គឺជាព្រៃដែលក្រុមហ៊ុនសម្បទានដីពីរ បានឈូសឆាយទៅជាវាលសម្រាប់ដាំកៅស៊ូ ហើយនៅសល់ដីបន្តិចបន្តួចដែលអ្នកភូមិនៅទីនោះតស៊ូក្រាញនៅ ធ្វើស្រែចំការក្នុងព្រៃតាំងពីយូរណាស់មកហើយ មុនពេលមានក្រុមហ៊ុនមកដាំកៅស៊ូទៅទៀត ដោយយើងអាច សង្កេតឃើញដើមដូង ដើមស្លា និងខ្នុរខ្លះនៅក្នុងដីចំការរបស់គាត់។

ផ្លូវធ្វើដំណើរពីខេត្តកំពង់ធំទៅទីរួមស្រុកសណ្តាន់ លំបាកណាស់ទៅហើយ ត្រូវឆ្លងទឹក ឆ្លងទូក រថយន្តរបស់នាង ដែលស៊ីសាំងយ៉ាងខ្លាំង ក៏ត្រូវចំណាយអស់ច្រើនជាងធម្មតាទៅទៀតពេលបរលើផ្លូវដីគ្រលុកធំតូចទាំងនោះ។ ចេញពីទីរួមស្រុកសណ្តាន់នៅម៉ោងពីររសៀលបន្ទាប់ពីបានទទួលទានបាយថ្ងៃត្រង់រួច ក្រោយពីធ្វើដំណើរពីខេត្ត កំពង់ធំអស់ពេលជាងបួនម៉ោង យើងបន្តដំណើរតាមផ្លូវរទេះក្នុងឃុំមានរិទ្ធទៅកាន់ផ្លូវ មៀង លីហេង ដែលជាផ្លូវ សំខាន់កាលសម័យដឹកជញ្ជូនឈើរបស់ក្រុមហ៊ុននេះ ទើបរថយន្តអាចធ្វើដំណើរបានស្រួលជាងមុនបន្តិច។ តាម ផ្លូវក្រាលគ្រួសក្រហមមៀងលីហេង ខ្ញុំបានប្រាប់នាងនូវទីតាំងសំខាន់ៗទាំងឡាយដែលជាអនុស្សាវរីយ៍របស់ខ្ញុំ ក្នុងព្រៃកន្លែងជ្រូកដេញ…កន្លែងទិញឈាមខ្លាឃ្មុំត្រាំស្រាយកទៅឱយនាង…កន្លែងឈប់សម្រាកកណ្តាលព្រៃ…

យើងទៅដល់ផ្ទះចំការមួយដែលជារបស់អ្នកនាំផ្លូវ ដែលគាត់ជាអ្នកស្រុកភូមិក្បែរនោះដែរ (ជិះប្រហែលមួយម៉ោង ទៅដល់ភូមិនោះហើយ) យើងមិនបានឃើញគាត់មកតាមសន្មត់គ្នាទេ។ ខ្ញុំឡើងបើកទ្វារផ្ទះដែលខ្ញុំមានសោស្រេច ឱយនាងចូលទៅមើល។

– បង! ទៅណា?

+ បងទៅរកកន្លែងទូរស័ព្ទរកគាត់បន្តិចសិន។ អូននៅលើហ្នឹងហើយ កុំចុះដី។ ចាក់សោទ្វារទៅ!

– កុំទៅយូរពេកណា៎ អូនខ្លាចស្ងាត់ខ្លាំងណាស់!

+ បាទ បងតេរកគាត់តែមួយភ្លែតទេ បងមកវិញហើយ។ (ដើរបណ្តើរខ្ញុំស្រែកប្រាប់នាងឱយបើកបង្អួចផង ព្រោះ តែក្នុងផ្ទះងងឹតពេក នាងក៏ស្រែកតបមកខ្ញុំវិញពីក្នុងផ្ទះនោះ)

– អូនភ្លេចយកពិលមកហើយ!

+ អត់អីទេ ទូរស័ព្ទបងមានពិលដែរ! (ដើរបណ្តើរខ្ញុំតមាត់ជាមួយនាងបណ្តើរ បន្លប់ភាពភ័យខ្លាចរបស់នាង) យើង មានអីហូបទៅល្ងាចនេះ?

– យើងមានតែត្រីប្រឡាក់ចៀនដែលបងឯងទិញពីផ្សារសណ្តាន់មកទេ! គ្មានអីហូបឡើយ។

+ ហ្អើយ! អត់មានអីហូបបែបនេះ ធ្វើឱយបងនឹកដល់ហាំប៊័ហ្គឺរព្រាត់ស្នេហ៍របស់បងដល់ហើយ។ នែក! បងប្រាប់ អូនណា៎! ឱយតែបងមកដេកក្នុងព្រៃនេះ គឺបងនឹកដល់ម្ហូបឆ្ងាញ់ៗនៅភ្នំពេញហើយ។ ពេលនឹកដល់ បងហូប បាយបានណាស់។

– បងចង់ហូបអី? (នាងប្រឹងស្រែកតមាត់ខ្ញុំដែលដើរទៅឆ្ងាយបន្តិចទៅហើយព្រោះនាងក៏ដឹងដែរថាខ្ញុំនិយាយកុំ ឱយនាងខ្លាច)

+ ថាម៉េច?

– បងចង់ហូបអី?

+ ហ៊្អែមៗ បើបានឆាត្រកួន និងសៀង ឬស្លប្រហើរទំពាំងលាយស្លឹកងប់ មិនដឹងជាឆ្ងាញ់យ៉ាងណាទេ! ជុជុជុ…

– ចាំទៅវិញអូនធ្វើឱយណា៎!

+ អូខេ! (ខ្ញុំដើរកាត់ចំការពោត ទៅកាន់តែឆ្ងាយហើយ ក៏ខ្ជិលហៅនាងទៀត។ ដល់ទូរស័ព្ទរកពូអ្នកនាំផ្លូវទៅ គាត់មិនទាន់បាន ចេញពីទីរួមខេត្តមកផង ដោយសារគ្រួសារគាត់ឈឺ។ ដូច្នេះការងារត្រូវប្រជុំនៅភូមិមួយ ទៀតដែលយើងបាន គ្រោងនោះត្រូវរំសាយសិនរង់ចាំអាទិត្យក្រោយវិញ។ ខ្ញុំក៏និយាយសុំផ្ទះគាត់សម្រាក និងរក បាយទឹកចានឆ្នាំង គាត់ដោះស្រាយមួយយប់នេះសិន)។

និយាយទូរស័ព្ទចប់ ខ្ញុំក៏ស្រែកប្រកូកហៅនាង៖

+ គេហ៍ហ្អើយ!

– ចាស!

+ ឃើញបងទេ??? ឃើញទេ? (ខ្ញុំនៅលើមែកស្វាយចន្ទី លើដីទួលមួយដែលខ្ពស់ជាងគេគ្រាន់មានសេវាទូរស័ព្ទ អាចនិយាយទៅរកពិភពលោកបាន)

ខ្ញុំគ្រវីដៃដាក់នាង រួចក៏ស្រាប់តែនឹកភ្នកថា ម្តេចក៏ខ្ញុំទុកនាងនៅលើផ្ទះនោះម្នាក់ឯងបែបនេះ? បើមានសត្វពន្លាត់ អីនៅក្នុងផ្ទះ នាងនឹងមានអាសន្នធំហើយ ព្រោះពេលខ្ញុំចាក់សោផ្ទះ ខ្ញុំមិនទាន់បានឡើងទៅមើលក្នុងផ្ទះនៅ ឡើយទេ។ ខ្ញុំស្រូតចុះមកវិញ តាមផ្លូវខ្ញុំកាច់បានពោតប្រហែលដប់ផ្លែ ។

+ នេះជាទឹកដីដែលបងតែងមកធ្វើការជាមួយអ្នកភូមិ អូនឃើញទេ? វាជាធម្មជាតិស្ងប់ស្ងាត់ដែលបងតែងនឹក ចង់មានជីវិតសាមញ្ញបែបនេះនៅពេលបងចាស់ទៅធ្វើការលែងកើត។ អូខេ! ល្ងាចនេះអូនចង់ញ៉ាំអី ចាំបងធ្វើ!

– អូនចង់ហូបពោតដុត! (នាងនិយាយប្លែកជាងធម្មតា ដែលប្រើតែពាក្យញ៉ាំៗៗៗ)

+ បងប្រាប់រឿងពិតមួយឱយអូនដឹង! មានប្រពន្ធជានារីទីក្រុង បងនឹងចេះគ្រប់សព្វទាំងអស់!

នាងសើចញឹមៗ ហើយដើរទៅចង្រ្កានបាយដែលនៅដាច់ពីផ្ទះធំប្រុងនឹងបង្កាត់ភ្លើងដាំបាយ កំដៅម្ហូប។ ខ្ញុំចុះ ទៅដងទឹកមកដាក់ឱយនាង តែលុះដល់ឃើញនាងបង្កាត់ភ្លើងមិនឆេះ ខ្ញុំក៏បង្កាត់ភ្លើង នាងលាងអង្ករហើយ បោសផ្ទះធំ។

ជញ្ជូនអីវ៉ាន់ពីក្នុងឡានសម្រាប់សម្រាករួចអស់ហើយ ខ្ញុំបបួលនាងទៅងូតទឹកទាន់មេឃមិនទាន់ងងឹតខ្លាំង។ ខ្ញុំបង្កាត់ភ្លើងភ្នក់ចាំនាងបណ្តើរ ជក់បារីបណ្តើរនៅក្រោមផ្ទះ ហើយឆ្លៀតរោចភ្លើងបាយដែលជាត់ទឹករួចផ្ងំឱយ ងំល្អ។

– បងឯងធ្វើអីហ្នឹង? ហុយផ្សែងខ្លាំងណាស់ ទ្រាំមិនបានទេ!

+ បងបំពក់ភ្លើងកុំឱយមូសខាំ ហើយការពារសត្វដើរពេលយប់ផង។ ទ្រាំបន្តិចទៅអូន បន្តិចទៀតលែងសូវ មានផ្សែងហើយ។

នាងចុះមកមាត់អណ្តូង ខ្ញុំក៏ដងទឹកឱយនាងងូតបណ្តើរ ជក់បារីបណ្តើរ​។ ចាំនាងងូតទឹកក្ររួចពេក ខ្ញុំក៏បកពោត ដាក់ឆ្នាំងស្ងោរក្បែរភ្នក់ភ្លើង ព្រោះឮនាងថាចង់ហូប។ ខ្ញុំរើត្រីក្រម៉មចៀនដែលខ្ញុំបានប្រាប់អ្នកលក់បាយឱយចៀន ឱយយើងហើយស្រេច ដាក់កំដៅដង្ហែគ្នាលើគម្របឆ្នាំងបាយ។

– អូនចង់ហូបពោតដុតម្តង។ បងដុតវាខ្លះទៅ!

ខ្ញុំក៏ដាក់ដុតពោតថែមទៀត។ ពេលនាងងូតទឹករួច យើងក៏ហូបបាយល្ងាចក្រោមពន្លឺភ្លើងទៀន និងអំពូលទូរស័ព្ទ បញ្ចាំងទៅលើចានក្លាំធ្វើពីអ៊ីណុកដែលគេប្រើសម្រាប់ដាក់សម្ល ដែលខ្ញុំបញ្ឈរក្បែរជញ្ជាំងផ្ទះ។ ពន្លឺជះត្រឡប់នៃ ចានក្លាំ នាំឱយយើងមើលឃើញមុខគ្នាច្បាស់ជាងមុនបន្តិច។ ទឹកមុខភ័យខ្លាចរបស់នាងដែលខ្ញុំបានឃើញមុន នេះនៅពេលទើបមកដល់ បែរជាជំនួសដោយខ្សែភ្នែករីករាយជាងមុន។

+ ញញឹមវិញហើយហ្អេះ?

– ម៉េច? បងឯងមិនដែលឃើញទេក៏អី? អូនខ្លាចណាស់ ផ្លូវដែលយើងជិះមកគ្មានជួបអ្នកស្រុកម្នាក់សោះ!

+ ស្មានថាទារត្រឡប់ទៅវិញទាំងយប់ទេតើ? (ខ្ញុំមិនមែននិយាយចំអន់ឡើយ ការពិតគឺខ្ញុំគិតថានាងនឹងទ្រាំទ្រ ភាពងងឹតស្លុបនៃស្រុកព្រៃនេះមិនបានហើយទារឱយខ្ញុំបើកឡានត្រឡប់មកវិញទាំងយប់មិនខាន)… ណេះត្រី! អូហ៍ ឯណានំប៉័ង និងត្រីជាប់គុក? (ខ្ញុំស្ទុះទៅស្រវារកកញ្ចប់អីវ៉ាន់ដែលខ្ញុំច្រកមកតាំងពីព្រឹក)

+ យី! ចុះអ្នកណាប្រឡាក់ត្រីនេះ? អីក៏សាបម្លេះ?

– ប្រៃណាស់ហើយ បងកុំហូបប្រៃពេក!

+ អ្ហើយ បងហត់ណាស់ ហើយបែកញើសច្រើនទៀត ប្រៃបន្តិចក៏មិនអីដែរ។ ឯណាទឹកស៊ីអ៊ីវ? អូនមានឃើញទេ? … អូន! ឃើញឆៃប៉ូវទេ បងដាក់ត្រង់នេះមិញហ្នឹង? … ឯណាកែវតៅហ៊ូបង? … បងទៅរកបេះម្ទេសសិន …

ខ្ញុំលោតចុះទៅដីព្រួស ព្រោះខ្ជិលរាវកាំជណ្តើរបីកាំនោះ។ ស្រវាដើមម្ទេស ស្ទាបៗ យកផ្លែអាធំៗ បួនដប់ផ្លែក៏ ឡើងមកលើផ្ទះវិញ។

– ម៉េចក៏មិនយកទូរស័ព្ទទៅបង?

+ ខ្លាចងងឹតអូន!

ខ្ញុំក៏បានហូបបាយ ជាមួយនំប៉័ង លាយគ្នាប្រឡូកប្រឡាកតាមតែចិត្តចង់ ម្តងបាយពមជាមួយត្រីប្រឡាក់ចៀន ម្តងនំប៉័ងនិងត្រីខប្រអប់ដែលអ្នកស្រុកនៅទីនោះនិយមហៅវាថា អាត្រីជាប់គុក។ ពេលឃើញនាងបិទភ្នែកពេល កំពុងហូបបាយខ្ញុំក្រោកគ្រូក ទៅឈរពីក្រោយនាងក្រែងនាងវិលមុខដួល… តែឈរមួយភ្លែតមិនឃើញនាងស្រែក ហើយនៅតែបិទភ្នែកដដែល ខ្ញុំក៏សួរថាកើតអី?

– កុំមាត់! អូនកំពុងបន់ស្រន់!

+ ពុទ្ធោ? កណ្តាលម៉ោងបាយ អូនបន់អី???

– បងហ្អា៎? ចាស់ទៅកុំរើសម្ហូបពេកអី កុំសាំញ៉ាំពេក កុំត្រូវការរបស់របរច្រើនពេក ខ្ញុំវិលមុខណាស់។ ចាស់ទៅ យើងមុខតែឈ្លោះគ្នានឹងរឿងរបស់របរដែលត្រូវមានសព្វគ្រប់ ពេលបាយ ពេលដេក ពេលធ្វើការ មិនខាន។

+ គ្រាន់តែប៉ុណ្ណឹងហ្នឹង?

– បងប្រុងរកស្អីទៀតដើម្បីបានហូបបាយមួយពេលដែលឆ្ងាញ់កើត??? បើងាកទៅរកនេះ ងាកទៅរកនោះ ខ្វះនេះ ខ្វះនោះមិនចេះគ្រប់ចឹង!

+ អូខេ អូខេ ឈប់ហើយ ឈប់រកអីទៀតហើយ តស់ ញ៉ាំបាយ! (តាមពិតខ្ញុំចង់ទៅរកដបទឹកមកផឹកដែរ ដល់តែ នាងស្តីឱយបែបនេះអន់ចង់បណ្តោយ)

ហូបបាយល្ងាចរួច ខ្ញុំមើលម៉ោងប្រហែលជាប្រាំមួយកន្លះ តែទីនេះងងឹតស្លុប រកពន្លឺភ្លើងឯណាគ្រាន់រំពៃមើល មិនមានសោះ សូម្បីអ្នកជិតខាងក៏នៅឆ្ងាយមើលមិនឃើញ។

សូមរង់ចាំអានភាគបន្ត

  1. krousarrikreay / កញ្ញា 11 2013 7:20 ល្ងាច

    ពាក្យថ្មីដែលត្រូវរៀននៅថ្ងៃនេះគឺ «ត្រីជាប់គុក» ហាសហាហា!!!

    • លី កល្យាណ / កញ្ញា 11 2013 8:38 ល្ងាច

      អ្នកស្រុកនៅទីនោះ ហៅ ត្រីខប្រអប់ថា អាជាប់គុក…ទៅទិញអាជាប់គុកមកហូប…
      ចំណែកម៉ូតូវិញ គេហៅវាថា សេះ… អាសង់ គេហៅ សេះខ្មៅ បើជិះអាម៉ូតូធំ អេស អិល ព័ណ៌ទឹកប្រាក់ គេហៅថា ជិះសេះស។

  2. krousarrikreay / កញ្ញា 11 2013 8:47 ល្ងាច

    ហាសហា ឡូយ! គួរអោយចាប់អារម្មណ៍

  3. ម៉ាក់ស្រីតូចបីនាក់ / កញ្ញា 12 2013 10:15 ព្រឹក

    អត់ទាន់អានទេ like មួយសិន ប្រែនហើយ ទៅផ្សារទិញម្ហូបសិន ព្រោះព្រឹកម៉ិញខកអត់បានទៅ

  4. ដាវី / កញ្ញា 12 2013 5:50 ល្ងាច

    ចេញរឿងថ្មី ចុះរឿង សន្យា កាលចេញ​ភាគ​បញ្ចប់?

    • លី កល្យាណ / កញ្ញា 12 2013 6:18 ល្ងាច

      ទុកម៉ាកាដុបសិន កុំមាត់

    • លី កល្យាណ / កញ្ញា 13 2013 11:31 ព្រឹក

      តាមពិតទៅ រឿងនេះក៏ជាផ្នែកមួយនៃរឿងសន្យាដែរ។ ចាំពេលសរសេរចប់ ខ្ញុំនឹងកែសម្រួលឱយស្រួលភ្នែកបន្តិច។

  5. រដ្ឋ / សីហា 17 2014 4:29 ព្រឹក

    ខ្ញុំ​ចាប់​អារម្មណ៍​ត្រង់​ចំណង​ជើង ព្រោះ​ខ្ញុំ​ធ្លាប់​ចូល​ព្រៃ​ជាំផ្កា ទើប​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​កើត​ឡើង​ថ្ងៃ​នោះ ។ ពិត​ជា​លំបាក​មែន​ចូល​ទៅ​ព្រៃ​នោះ ទោះ​សម័យ​២០១៤​ក៏​ដោយ គ្មាន​អ្វី​រារាំង​ការ​លំបាក​ដែល​ត្រូវ​តែ​កើត​នោះ​ទេ អា​ការ​ដើរ​ក្នុង​ព្រៃ​នោះ–ចៃ​ដន់​អី​ពេល​ខ្ញុំ​ទៅ​នោះ ខែ​ភ្លៀង​ដូច​ក្នុង​រឿង​ដែរ 😀 ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: