មិត្តស្រីរៀននៅអនុវិទ្យាល័យ
ជាងម្ភៃឆ្នាំហើយដែលខ្ញុំមិនដែលបានដឹងពីសុខទុក្ខរបស់គាត់។ ស្រាប់តែពេលដឹងដំណឹងគឺគាត់បានស្លាប់ បាត់ទៅហើយ។
គាត់និងខ្ញុំ ស្គាល់គ្នាកាលរៀនថ្នាក់ទីប្រាំបី។ ជាមិត្តនឹងគ្នាអង្គុយជាប់តុគ្នាមុខក្រោយ។ ដោយហេតុថាខ្ញុំជា មនុស្សរប៉ិលរប៉ូចរកលេខដាក់គ្មាន លោកគ្រូអ្នកគ្រូមិនដែលឱយនរណាអង្គុយជាមួយខ្ញុំទេ ម៉ាតុខ្ញុំម៉ៅដាច់តែ ម្នាក់ឯងរហូតពេញមួយជីវិតនៃការសិក្សា។
កាលណោះ ខ្ញុំមិនបានដឹងខ្លួនថានារីម្នាក់នេះស្រឡាញ់ខ្ញុំឡើយ។ ខ្ញុំក៏មានមនុស្សដែលខ្ញុំស្រឡាញ់រួចហើយ ដែរដែលខ្ញុំកំពុងតាមសម្លឹងមើលគេរាល់ថ្ងៃ តាំងពីម៉ោងគេជិះកង់ចេញពីផ្ទះរហូតដល់ម៉ោងគេត្រូវត្រឡប់ពី រៀនគួរយប់វិញ។
ថ្ងៃមួយនៅម៉ោងហាត់កីឡា ខ្ញុំបានលេងបាល់បោះស្ទើរពេញមួយម៉ោង ក្រោយពីហត់ពេក ខ្ញុំក៏សុំច្បាប់គេ សម្រាកទៅទិញទឹកផឹក។ នៅកៀនរបងសាលាកន្លែងលក់ចំណីចំណុក គាត់នៅរង់ចាំខ្ញុំនៅកន្លែងស្ងាត់ក្នុង ម៉ោងដែលសិស្សថ្នាក់ដទៃកំពុងរៀន គាត់ទាញដៃខ្ញុំឃាត់មិនទាន់ឱយត្រឡប់ទៅកន្លែងបាល់ទេ គាត់ប្រាប់ ខ្ញុំថាគាត់ស្រឡាញ់ខ្ញុំណាស់!
នេះជាលើកដំបូងហើយដែលស្រីស្អាតម្នាក់កាត់កេរ្ត៍កាត់ខ្មាសមកសារភាពស្នេហ៍ក្នុងយុវភាពប្រាប់ខ្ញុំ!
ខ្ញុំមិនមែនជាមនុស្សដែលងាយស្រឡាញ់ ងាយអាណិតគេនោះទេ ចំពោះរឿងស្នេហា គឺជារឿងដែលត្រូវគិត ឱយបានល្អិតបន្តិចព្រោះថា មនុស្សដែលនឹងក្លាយជាសង្សារយើង គួរតែមានចរិតឬកពារប្រហាក់ប្រហែលគ្នា ឬយ៉ាងហោចណាស់និយាយត្រូវចិត្តគ្នាខ្លះដែរ។
ខ្ញុំចាប់ដៃគាត់ហើយប្រាប់គាត់វិញថា ខ្ញុំមិនទាន់គិតដល់រឿងហ្នឹងរវាងយើងទាំងពីរនាក់ទេ។ ខ្ញុំសុំរាប់អានគ្នា ជាមិត្តដើម្បីពិនិត្យចិត្តគំនិតឱយបានច្បាស់សិន មុនពេលដែលយើងសម្រេចចិត្តថា នរណាជាមនុស្សដែល យើងស្រឡាញ់!
តាំងពីពេលនោះមក ខ្ញុំលែងសូវនិយាយលេងនឹងគាត់។ នារីម្នាក់នេះ តែងគិតដល់ខ្ញុំគ្រប់វិនាទី តែខ្ញុំមិនដែល ព្រមទទួលស្គាល់ថាគាត់ជាមនុស្សសំខាន់របស់ខ្ញុំឡើយ។ គាត់តែងសរសេរសំបុត្រជាភាសាអង់គ្លេសមកខ្ញុំ មិនសូវលោះ ព្រោះថាសំបុត្រភាសាខ្មែរ អ្នករត់សំបុត្រដែលជាមិត្តរបស់គាត់ និងមិត្តរបស់ខ្ញុំអាចមើលយល់!
គាត់តាមខ្ញុំគ្រប់ជំហាន ដោយសារតែគាត់ជាមនុស្សស្រីម្នាក់ដែលស្អាតគួរឱយស្រឡាញ់ មិត្តម្នាក់របស់ខ្ញុំក៏ មានចិត្តចំពោះគាត់ផងដែរ តែគាត់មិនព្រមទទួលយកការស្រឡាញ់ពីបុរសម្នាក់នោះឡើយ។ បុរសម្នាក់នោះ បានចេញមុខមកនិយាយជាមួយខ្ញុំដោយផ្ទាល់ឱយខ្ញុំដកខ្លួនចេញពីគាត់ ហើយខ្ញុំក៏សារភាពថា ខ្ញុំមិនមានចិត្ត ស្រឡាញ់គាត់ទេ។
ពៅ តាមខ្ញុំរហូតដល់ខ្ញុំត្រូវសុំច្បាប់ប្រធានថ្នាក់ជាញឹកញាប់។ ខ្ញុំគេចមិនចង់ជួប តែគាត់តាមខ្ញុំទៅចាំនៅក្បែរ ផ្ទះជារៀងរាល់ព្រឹកល្ងាច ។ ខ្ញុំក៏អាណិតគាត់ណាស់ដែរ ព្រោះគាត់ជានារីម្នាក់ដែលមានសុខភាពមិនមាំទាំ ឈឺសន្លប់ជាញឹកញាប់នៅក្នុងថ្នាក់ ។ មានជួនកាលយើងនៅក្នុងថ្នាក់តែពីរនាក់ ខ្ញុំលោតចេញតាមបង្អួចទៅ តាមមិត្តគាត់ម្នាក់ទៀត ឱយមកមើលគាត់នៅពេលសន្លប់…
ពេលសាលាតម្រូវឱយពួកយើងទៅធ្វើពលកម្មឆ្ងាយៗ គាត់រៀបចំបាយទឹក សម្រាប់ខ្ញុំផងដែរ ហើយតែងតែ ជិះកង់តាមជាប់ពីក្រោយខ្ញុំបីដូចស្រមោចរត់តាមគ្នា។ ទៅដល់ណាក៏គាត់ទៅក្បែរខ្ញុំ ឯខ្ញុំដល់តែមានមនុស្ស តាមស្អិតបែបនេះស្រាប់តែទៅជាខ្លាច ដើរគេចគាត់និងមិត្តម្នាក់ទៀតរបស់គាត់គ្រប់ពេល។ ត្រឡប់មកពី កន្លែងពលកម្មវិញ តាមផ្លូវមានទឹកហូរ ខ្ញុំនឹកឃើញថាបែបគ្មាននរណាមកមុជទឹកនៅនេះទេ ខ្ញុំក៏ចុះមុជ ហែល បណ្តែតខ្លួនតិចៗលេង និងរៀនជ្រមុជអត់ដង្ហើមក្នុងទឹក ដល់លេងបានមួយស្របក់ស្រាប់តែងើបឡើង គាត់និងមិត្ត របស់គាត់នៅក្បែរនោះដែរ។
ពេលណាដែលគាត់តាមខ្ញុំៗតែងតែគេច តែពេលណាដែលគាត់ត្រូវទៅណាយប់ព្រលប់ ខ្ញុំតាមពីក្រោយម្តង ការពារសុវត្ថិភាពព្រោះថាមនុស្សកំពុងឆ្កួតនឹងស្នេហា មិនដឹងជាក្នុងចិត្តគិតពីអីទេ។ ជាស្រីសុភាពរាបសារ ស្លូតបូត និងពោរពេញដោយរឿងរ៉ាវជីវិតដ៏កំសត់ គាត់គួរឱយអាណិតណាស់។ តែងមានចិត្តទន់ភ្លន់ និងបាក់ ទឹកចិត្តម្តងម្កាលពេលប្រឡងធ្លាក់មុខវិជ្ជាណាមួយក្នុងថ្នាក់។
ពេលប្រឡងឌីប្លូមរួច ខ្ញុំសម្រេចចិត្តប្រាប់ការពិតដល់គាត់ថាខ្ញុំមិនអាចស្រឡាញ់គាត់បានទេ ហើយខ្ញុំមាន អារម្មណ៍ថាខ្មាសគាត់ណាស់ដែលខ្ញុំបានធ្វើឱយកិត្តិយសនារីម្នាក់ត្រូវស្រុតចុះព្រោះតែខ្ញុំ។ គាត់យំស្ទើរ ពេញមួយល្ងាចនោះទម្រាំខ្ញុំនិយាយលួងលោមគាត់ឱយបានធូរស្បើយចិត្ត។ គាត់ប្រាប់ខ្ញុំថា បងស្រីគាត់ បង្ខំឱយគាត់រៀបការក្រោយពេលប្រឡងធ្លាក់ ហើយមានតែបុរសដែលតាមស្រឡាញ់គាត់ទេ ដែលបងស្រី គាត់ពេញចិត្តបំផុត! គាត់ខ្សឹបតិចៗថា គាត់ប្រហែលជាត្រូវរៀបការជាមួយគេហើយព្រោះពីមុនមកគាត់ បានប្រាប់បងស្រីគាត់ថា គាត់ស្រឡាញ់ខ្ញុំ តែដោយសារតែទៅមិនរួច គឺមានតែព្រមតាមបងម្តងវិញ!
ដល់ពេលចេញលទ្ធផលប្រឡង ខ្ញុំបានប្រឡងជាប់គួរជាទីពេញចិត្តបំផុត ចំណែកគាត់ប្រឡងធ្លាក់។ គាត់បាន សរសេរសំបុត្រមួយច្បាប់ប្រាប់ខ្ញុំថា ទោះជាមានមនុស្សប៉ុន្មាននាក់ទៀតដែលនៅរង់ចាំគាត់ក៏គាត់មិនអាចធ្វើ ចិត្តស្រឡាញ់គេដូចគាត់មានចិត្តចំពោះខ្ញុំដែរ។
សេចក្តីរៀបរាប់ក្នុងសំបុត្រវែងអន្លាយនោះ ខ្ញុំមិនសូវអើពើឡើយ ព្រោះថាក្នុងជីវិតជាយុវវ័យខ្ញុំមានអារម្មណ៍ ពេញដោយកម្លាំងនៃភាពក្លៀវក្លា មិនដែលស្តាយក្រោយ មិនដែលខកបំណង ខ្ញុំធ្វើបាននូវអ្វីដែលអ្នកដទៃមិន អាចស្រមៃថាខ្ញុំធ្វើបាន វាជារឿងដ៏រីករាយណាស់។ ការប្រឡងដែលទទួលបានលទ្ធផលជាទីគាប់ចិត្តនាំឱយ ខ្ញុំមានអំណួតក្រៃលែងក្នុងកំឡុងពេលដែលរិតត្បិតបំផុតដើម្បីគុណភាពនៃការអប់រំ។
មនុស្សតែងមានអំណួតនឹងខ្លួនឯងជានិច្ច។ ខ្ញុំគិតថា ថ្ងៃនេះមនុស្សស្រីដ៏ស្រស់ស្អាត ទន់ភ្លន់ម្នាក់ស្រឡាញ់ខ្ញុំ ទៅថ្ងៃមុខមិនខ្វះមនុស្សស្រីស្អាតៗដទៃទៀតស្រឡាញ់ខ្ញុំឡើយ បើខ្ញុំរៀនកាន់តែពូកែកាលណា គេក៏មើលមក ខ្ញុំអស្ចារ្យកាន់តែច្រើនកាលនោះ។ គាត់បានចាកចេញពីស្រុកទៅរស់នៅកន្លែងផ្សេងជាមួយបងស្រី និងបង ថ្លៃ បាត់ដំណឹងរហូតមក ដែលគិតទៅជាងម្ភៃឆ្នាំហើយ។
ចុងបញ្ចប់ កាលពីថ្មីៗនេះដែលខ្ញុំបានជួបជាមួយមិត្តជិតដិតរបស់គាត់ហើយបានដំណឹងមកថា គាត់បាន សម្រេចចិត្តរៀបការជាមួយបុរសដែលតាមស្រឡាញ់គាត់ តែត្រូវគេធ្វើបាបព្រោះតែគេដឹងថាគាត់ស្រឡាញ់ ខ្ញុំ។
នៅទីបំផុត គាត់ត្រូវឈឺស្គមរីងរៃដោយសារប្តីវាយធ្វើបាប និងមានស្រីបញ្ឈឺចិត្តក្នុងពេលគាត់កំពុងពរពោះកូន ទីបី រហូតដល់គាត់សម្រាលកូនរួចធ្លាក់ខ្លួនឈឺខ្លាំងឡើងៗ មិនអាចសង្រ្គោះបាន។
ខ្ញុំមានវិប្បដិសារៈនៅជាប់ក្នុងចិត្តក្នុងពេលបានដឹងថា គាត់មិនដាច់ចិត្តពីខ្ញុំក្នុងពេលមានប្តីមានកូនទៅហើយ ខ្ញុំមិនគួរបណ្តោយឱយនារីម្នាក់ដ៏គួរឱយគោរព ធ្លាក់ទៅក្នុងជីវិតអប្បលក្ខណ៍ជាមួយជនពាលសោះឡើយ!
បើសិនជាខ្ញុំនៅចាំមុខវាបាន ខ្ញុំនឹងទូទាត់គំនុំមួយនេះតាមវិធីត្រជាក់បំផុត ឱយសមចិត្តនឹងមនុស្សអាក្រក់ដែល ដាច់ចិត្តធ្វើបាបនារីទន់ខ្សោយម្នាក់ដ៏ស្រស់ស្អាត និងរាបសារក្នុងនាមជាម្តាយរបស់កូនខ្លួន។
តាមពិតទៅ ខ្ញុំចាំបានថាមានម្តងនោះ ពេលខ្ញុំមករៀននៅភ្នំពេញ អ្នកយាមទ្វារបានប្រាប់ខ្ញុំថា មាននារីម្នាក់ សម្បុរស្រអែម ភ្នែកធំៗ មករកខ្ញុំនៅចាំមាត់ទ្វារកន្លែងធ្វើការ តែពេលខ្ញុំចេញទៅរក បែរជាមិនឃើញមាននរណា ម្នាក់ទៅវិញ!
ក៏ធ្លាប់មានម្តងដែរ ដែលខ្ញុំត្រូវបានគេផ្ញើកន្សែងដៃប៉ាក់រូបត្រីក្រឹមពីរបណ្តើរគ្នាមកឱយ ដែលខ្ញុំសង្ស័យថា នោះ ជាទឹកដៃប៉ាក់ចាក់ជុលរបស់គាត់តាមដែលខ្ញុំធ្លាប់បានឃើញ។
គាត់ស្ថិតក្នុងការចងចាំមួយរបស់ខ្ញុំ! ជានារីម្នាក់ដែលមានដំណើរទន់ភ្លន់ សំដីសុភាពរាបសារ និងពោរពេញទៅ ដោយចិត្តបុណ្យ!
ពេលវេលាចេះតែរំកិលទៅមុខ ហើយកំពុងតែបន្តបាត់បង់ទៅដោយមិនដឹងខ្លួន… គឺមានតែអនុស្សាវរីយ៍ទេ ដែលនឹងមិនបាត់បង់ទៅវិញ ដោយងាយៗនោះ..!!.. 😀
មនុស្សលោកយើង តែប៉ុណ្ណឹង ទាល់តែបាត់បង់ហើយទើបមើលឃើញពីតម្លៃរបស់នោះ
ជិវិតនិងពេលវេលដើរទន្ទឹមគ្នា ការបំពភ្លេចមនុស្សម្នាក់ក្នងចិត្តវាជារឿងលំបាកនិងស្មុគស្មាញណាស់ តែសម្រាប់រឿងរ៉ាវខាងលើបងសូមបដិសេធចំពោះចរិកឬកពាររបស់ស្រ្តីម្នាក់នោះ ទោះបីជាមានការរៀបរាប់ខាងលើថាគាត់ជាមនុស្សសុភាពរាបសារយ៉ាងណាក៏ដោយ ។ អតីតកាលគឺជាមេរៀនជីវិត ដែលមិនទាមទារឲ្យមនុស្សណាម្នាក់រក្សាវារហូតនោះទេ វាគ្រាន់តែស្រមោលក្នុងចិត្តដែលមិនអាចលប់បាន ។ ជីវិតបច្ចុប្បន្នយើងត្រូវរក្សានិងការពារវាឲ្យបានគង់វង្ស ។ បើសិនជាបងជាប្តីគាត់វិញបងក៏មិនសុខចិត្តឲ្យស្រ្តីដែលបងឱបនឹងដើមទ្រូងទៅនឹកប្រុសផ្សេងនោះដែរ ហើយចំពោះការវាយដំមកលើរូបគាត់បងជឿថាមិនមែនដោយសារតែបញ្ហានឹកប្រុសដទៃនោះដែរ វាអាចមានរឿងរ៉ាវជាច្រើនទៀតដែលយើងស្មានមិនដល់ ។ បងសូមរក្សាពាក្យដដែលគឺ “ចង្កៀងផ្ទះណាភ្លឺផ្ទះនោះ” ។
ធើចារឹកប្រុសស្អាតអីណា !
រឿងពិត??? អាណិតគាត់ណាស់ ;(
ប្រហែលមកពីនាងចិត្តបុណ្យដាក់ទានច្រើនពេកដឹង
សុំអីក៏បាន សុំស្មើម៉ានបានស្មើហ្នឹង ទើបប្តីធ្វើបាប ?