អនុស្សាវរីយ៍មួយ ក្នុងព្រៃជាំផ្កា (តចប់មែនទែនហើយ)
ធ្វើដំណើរមកដល់ត្រង់ស្ពានឈើមួយក្បែរមាត់ព្រៃជិតមកដល់ភូមិគន្លងខ្ទីង ខ្ញុំដក ក អើតតាមបង្អួចឡាន មើល ទៅឈើកំណល់ស្ពាន ឈើកំពុកដែលបន្តុប ត គ្នាដោយអ្នកដំណើរធ្លាប់បានឆ្លងកាត់។ ម្នាក់ៗអារដាក់មួយដើម អ្នកក្រោយឯទៀតមក ក៏អារដាក់ថែមទៀតគ្រាន់សម្រន់ភាពភ័យខ្លាចធ្លាក់ក្នុងអូរជម្រៅជាងប្រាំម៉ែត្រ។ បានជាគេ អារឈើដាក់បន្តុបបាន ព្រោះអ្នកបើកឡានទាំងនោះជាអ្នកអារឈើ គេមានរណាស្រាប់ក្នុងការសម្រួលចរាចរណ៍ ដូចជាបើសិនជាពើប នឹងឈើរលំដួលកាត់ទទឹងផ្លូវ គេក៏អារវា ជាកង់ៗ ហើយប្រមៀលចេញឱយផុតពីផ្លូវ ទើប អាចបន្តដំណើរទៅមុខទៀតបាន ឬដូចក្នុងករណីមានស្ពានឈើដែលមិនសូវមាំមួនបែបនេះ ។
ខ្ញុំចុះទៅលើកឈើដាក់តម្រឹមកល់កង់ឡានឱយមាំ ហើយប្រាប់នាងឱយបើកឡានដោយមានខ្ញុំជា អ្នកមើលផ្លូវ!
ដោយសារភ្នែកម្ញូបរបស់នាង ឡានបានធ្លាក់ពីកំណល់ឈើមាំ ទៅជាប់ផុងក្នុងចន្លោះឈើជាន់ខាងក្រោម ធ្វើ ឱយឡានត្រូវកៀបកង់មុខទាំងពីរលើស្ពានកំពុកនេះ។
– អូនប្រាប់ហើយថា ឱយបងបើកទៅ! មិនព្រមទេស៍។ អាឡូវឃើញហេ៎?
+ មានដែលឃើញនរណាគេបើកឡានបិទកញ្ចក់ហើយស្តាប់អ្នកស៊ីញ៉ូឡានស្រែករ៉េ??? អូនស្តាប់ម៉េចបានបើ ឡានក៏រោទិ៍ មនុស្សប្រឹងស្រែកបញ្ជាពីខាងក្រៅ ហើយអូនឯងបិទកញ្ចក់ជិតឈឹងអីចឹង???
– ចឹងហើយ ចង់ឱយអូនបើកឡាន!
+ បងគិតថាកុំឱយអូនឯងពិបាករត់រកកំណល់កល់កង់ឡាន ពេលវាផុតគន្លង… អាឡូវ…ហ៊ឺសហ្អា៎!
– អាឡូវគិតយ៉ាងម៉េចទៅ? បើជិះឡានមកផ្លូវជាងដប់គីឡូហើយគ្មានជួបនរណាម្នាក់សោះអីចឹងនុះ?
ទោះប្រឹងសម្លឹងរកមើលដើមឈើ ឬបង្គោលរឹងមាំណាមួយក្បែរៗនោះដើម្បីយកត្រើយឡានទៅប្រទាក់ក៏ គ្មានសោះព្រោះនៅក្បែរមាត់អូរ គេតែងកាប់ដើមឈើចេញឱយស្រឡះ បើមានដើមឈើធំមាំក៏មាននៅឆ្ងាយ ខ្សែត្រើយឡានតោងមិនដល់ឡើយ។ ចុះថ្ងៃអីក៏ស៊យយ៉ាងនេះ??
+ អូននៅចាំក្នុងឡានហ្នឹងហើយ បងដើរទៅមុខទៀតរកមនុស្សមកជួយសែងឡាន។
– អត់ទេ! ខ្ញុំមិនហ៊ាននៅចាំក្នុងឡានទេ! ក្រែងថាកន្លែងនេះជ្រូកព្រៃធ្លាប់ដេញបងឯងហ្អី???
+ បើអីចឹងចាក់សោឡានហើយដើរទៅជាមួយគ្នា ។ … ដើររួចក៏អត់អ្នកកីឡាហែលទឹក?
– រួច!!!
+ កុំប្រាប់ថារអ៊ូណា៎! មកធ្វើការជាមួយបងគឺបែបនេះឯង គ្មានសេវាទូរស័ព្ទ គ្មានទឹកភ្លើងប្រើប្រាស់ស្រួល គ្មាន ពូកខ្នើយភួយល្អៗទេ ហើយក៏គ្មានម្ហូបឆ្ងាញ់ របស់ល្អដូចជាមាសពេជ្រប្រើដែរ។ ហើយបើយានជំនិះមានតែ អាដូតឡាហើរហ្នឹងហើយ ឈ្នះអស់ឧបសគ្គលើផ្លូវទាំងឡាយ។
ខ្ញុំងាកមើលនាយអាយ ស្តាប់ស្នូរឡាន ក្រែងមានឡានណាមួយឆ្លងកាត់ នឹងអាលបានសុំគេជួយទាញឡាន ជាប់ផុងនេះពីលើស្ពានផង ក្រែងលោវាស្រុតទាំងឡាន ទាំងស្ពានបាក់ទៅក្នុងទឹកទៅនាំវេទនាមួយជាន់ទៀត!
តែគ្មាននរណាម្នាក់សោះ ក៏គ្មានឮសម្រិបអ្វីផ្សេងពីក្រៅពីទឹកហូរ …សត្វត្រសេះយំឆ្លើយឆ្លងជាមួយលលក កុកគ្រូ និងសម្លេងចង្រិតស្រែកពេលមេឃចុះត្រជាក់ ។
ដោយមិនចង់រេរាយូរនាំខកម៉ោងប្រជុំ ខ្ញុំនាំនាងដើរទៅមុខទៀតដើម្បីរកអ្នកភូមិឱយជួយលើកឡាន។ ដើរបាន កន្លះគីឡូ នាងក៏ទារឱយខ្ញុំឈប់សម្រាក៖
– បងហ្អា៎? ហត់ឬអត់ហ្នឹង?
+ មិនទាន់ទេ … កុំ កុំ កុំប្រាប់បងថាហត់ ប្រាប់ថាឱយនៅចាំឡានមិនព្រមទេ!
នាងរត់មកតោងស្មាខ្ញុំពីក្រោយ ហើយខ្ញុំក៏ឱយនាងតោងខ្ញុំដើរតាមសម្រួលដោយសារនាងមានដៃជើងវែងៗ យើងមិនបានពិបាកដើរប៉ះឬជាន់កែងគ្នាឡើយ។ ដើរអូសនាងយូរៗទៅ កាន់តែយឺតទៅៗ មិនបានមួយគីឡូ ម៉ែត្រផង នាងស្រែកសុំឱយឈប់សិន ព្រោះទ្រាំដើរទៅទៀតលែងរួចហើយ។
– បងហ្អា៎ សម្រាកបន្តិចសិនបានឬអត់?
+ អាឡូវចង់យ៉ាងម៉េច??
– អូន…ទៅលែងរួចហើយ សុំទីសិន!
+ បើយើងនៅសម្រាក យើងប្រហែលជាមិនអាចទៅភ្នំពេញបានទេណា៎អូន! ដើរបន្តិចទៀត មុខជាជួបអ្នកធ្វើ ចម្ការគេត្រឡប់ទៅផ្ទះ យើងនឹងពឹងគេឱយជួយលើកឡានយើងបានទៅមុខទៀត មិននាំពិបាកខកពេល យើងឡើយ!
– អូនអស់ជើងហើយ!
+ តោងបងមកចឹង!
– អត់ទេ! ចង់ឱយបងឯងអៀវវិញបានស្វ៊ីតជាង!
+ …. (គ្រាន់តែឮ ខ្ញុំគ្រវីក្បាលហួសចិត្តមួយបាត់ទៅហើយ) ហ៊ឺ!… អូខេ «អ្វីគ្រប់យ៉ាងដើម្បីអូន» (បទចម្រៀងសាពូន មីដាដា អីក៏ត្រូវម្លេះ???) ហើយម្តងណេះ!
នាងមានកម្ពស់ខ្ពស់ជាងខ្ញុំ តើខ្ញុំនឹងអៀវនាងបានប៉ុន្មានគីឡូម៉ែត្រទៅ??? សំណាងហើយដែលនាងមានទម្ងន់ ស្រាល ត្រឹមតែជាង សែសិបគីឡូក្រាម កុំអីនោះ… ខ្ញុំក្លាយជាឆ្កែដែលគេប្រើទុកបណ្តើរសត្វមិនខានរ៉េ។
– បងហ្អា៎?
+ បាទ!
– ពេលចាស់ទៅ បើខ្ញុំនៅផ្ទះចម្ការជាមួយបង ពេលឈឺទៅ បានពេទ្យឯណាមើល?
+ បងក៏ចេះដូចពេទ្យដែរ! … ហ្អេ៎! ក្រែងអូនចេះចាក់ថ្នាំដោយខ្លួនឯងទេតើ ចាំបាច់ពិបាកអី???
ខ្ញុំមើលមិនឃើញសោះឡើយនូវបញ្ហាលំបាកទាំងឡាយសម្រាប់មនុស្សចាស់ដូចជាពួកយើង ព្រោះខ្ញុំកំពុង ពេញកម្លាំង មាំមួន។ ជាងដប់ឆ្នាំនេះ ខ្ញុំគ្រុនឈឺតែប៉ុន្មានដងពេលយ៉ុងចិត្ត នឹងសង្សារទាត់ចោលទេ ហើយខ្ញុំ សារភាពថាខ្ញុំកម្រកោសខ្យល់ណាស់ ក្នុងរវាងប្រាំ ឬ ប្រាំមួយឆ្នាំ ខ្ញុំកោសខ្យល់ ឬម៉ាស្សាម្តងតែប៉ុណ្ណោះ។
– ពេលចាស់ទៅ មិនមែនឈឺតែមួយមុខហ្នឹងទេ! (នាងនិយាយប៉ប៉ាច់ប៉ប៉ោចម្នាក់ឯងព្រោះតែសប្បាយចិត្តជាង ពេលណាៗទាំងអស់កាលបើខ្ញុំព្រមចាញ់នាង ព្រមអៀវនាងដើរ។ នាងដឹងថាខ្ញុំមិនចូលចិត្តធ្វើរឿងផ្អែមល្ហែម បែបនេះទេទោះជាមួយស្រីណាក៏ដោយ)។
+ អូនហាត់ប្រាណ ហែលទឹក ហើយចេះថែរក្សាសុខភាពបានល្អចឹង មុខជាមិនងាយមានបញ្ហាទេ! តែ…ឈប់ នាំបងនិយាយបានទេ? បងហត់ណាស់!!!
– គ្រាន់តែចង់និយាយរឿងអនាគតផងក៏មិនបាន រកតែផ្អែមដាក់គ្នាបន្តិចក៏មិនកើត! យ៉ាប់ណាស់!
នាងថើបថ្ពាល់ស្តាំរបស់ខ្ញុំឮសូរ ជូបៗ ហើយបញ្ជាខ្ញុំឱយប្រឹងដើរឱយលឿន។ សំណាងបានធ្លាក់មកដល់មុន ពេលខ្ញុំដាច់ខ្យល់ស្លាប់នៅកណ្តាលព្រៃ គឺមានឡានដឹកជើងសរសរ និងស័ង្កសីសម្រាប់ធ្វើផ្ទះមកបញ្រ្ចាស នឹង ដំណើររបស់យើង។
ពេលនិយាយត្រូវថ្លៃគ្នារឿងទៅជួយទាញឡាន យើងក៏ឡើងឡាននោះ បកក្រោយមករកស្ពានវិញ។ អ្នកឡាន មានគ្នាបួននាក់ បានជួយរកឈើគាស់កង់ខាងមុខទាំងពីរបង្ហើប ហើយដាក់ខ្សែកាបទាញ ទើបឡានអាច ផុតផុង។
យើងនិយាយគ្នាត្រូវ ក៏បាននាំគ្នាជួយរៀបស្ពាននោះ ដោយដាក់ឈើតូចៗទទឹងស្ពានដើម្បីសម្រួលដល់ឡាន ក្រោយៗកុំឱយជាប់ផុងកង់ព្រោះតែភ្លាត់ឈើកំណល់ដូចឡានខ្ញុំទៀត ។ ខ្ញុំអរគុណអ្នកឡានជាខ្លាំង ដែលបាន ជួយយើងឱយរួចផុតគ្រាក្រនាពេលនេះ ។ រក្សាឱយប្រាក់ទៅគេហាសិបដុល្លារជាសគុណ។
+ អូនហ្អា៎! បងប្រជុំតែមួយភ្លែតទេ ចប់ហើយបងនឹងនាំអូនទៅភ្នំពេញឱយទាន់ពេលឡើងយន្តហោះ មិនឱយ ខកឡើយ! (ខ្ញុំសម្លឹងមើលនាងដែលហាក់ដូចជាខ្សោយកម្លាំងផ្អែកនឹងកៅអីឡានធ្វើមុខស្មឿក មិននិយាយ មិនស្តីអី ។ ខ្ញុំខំយកចិត្តអស់ប៉ុណ្ណឹងហើយ នាងនៅតែមិនតតាំងនឹងខ្ញុំសោះ បែបឈឺធ្ងន់ហើយម្តងណេះ!)
– អត់អីទេ! អូនគ្រាន់តែខ្លាចពេលយើងធ្វើដំណើរយប់មានបញ្ហាទេតើបង!
+ បងធានា!!! បងនឹងការពារអូនឱយបាន។ ហេសហេ ស្មានតាឈឺធ្ងន់ហើយតើ!
– បងប្រជុំយូរដែរទេ?
+ យ៉ាងយូរមួយម៉ោង!… អូនគេងក្នុងឡានពេលបងប្រជុំណា៎! គេងឱយលក់ ដល់ពេលបងងងុយគេងពេល បើកឡាន អូនចាំជួយដាស់បងផង!
– អូនគេងមិនលក់ទេ គ្រាន់តែមិញ គិតថាចប់បាត់ហើយនៅកណ្តាលព្រៃបែបនេះ! គ្មានទឹក គ្មានបាយផង!
+ ខ្លាចអី? បងដើរតែបែបនេះតាំងពីជាងម្ភៃឆ្នាំហើយ តាំងពីបងនៅតូចមកម្លេះ!…បើអត់មានអីញ៉ាំ យើងកាប់ គមផ្អាវញ៉ាំក៏បាន។ ឆ្ងាញ់ដែរតើ!
– តែនៅតែខ្លាចដដែល!
+ ដូររឿងនិយាយវិញអីចឹង!
ស្ងាត់មួយស្របក់ នាងក៏និយាយរឿងបាត់ចិញ្ចៀន ៖
– អូនវង្វេងដៃ មិនដឹងទុកចិញ្ចៀនបងនៅឯណាទេនេះ! រកនឹកមិនឃើញ!
+ ក្នុងទូដែក រកហើយនៅ?
– រកសព្វអស់ហើយ!
+ ចុះអូនយកទៅទុកនៅឯណា? … ង៉ៃហ្នឹងបើកុំតែបានចិញ្ចៀន ដៃបងត្រូវទូរទឹកកកកិនខ្ទេចមិនខាន!
– ធ្វើអីមិនចេះស្មានកម្លាំងទេបងឯង! …រកនឹកមិនឃើញសោះ!
+ អូខេ… ដូររឿងនិយាយទៀតទៅ!
– អូនប្រាប់ហើយនៅ ថាខែក្រោយអូនរើអីវ៉ាន់ទាំងអស់ ទៅ អាផាតមិន នៅសៀមរាប!
+ ប្រាប់រួចហើយពីយប់មិញ! … តែអូហ៍ភ្លេច! អូនមានយកខោអាវនៅក្នុងទូដាក់ចូលកាបូបបងទេ?
– រៀបរួចហើយ ។ ចុះត្រីក្រឹមបងឯងគិតយ៉ាងម៉េច? យកទៅលែងនៅមាត់ទន្លេទៅ!
ខ្ញុំទើបតែទិញត្រីក្រឹមជល់របស់ថៃ ដែលគេហៅថា ត្រីក្រឹមតាយ/អន្តាយ ព័ណ៌ខៀវមួយ និងក្រហមមួយ ដាក់តាំងក្នុង ដបសេរ៉ូមនាងដែលបោះចោលក្រោយព្យួររួច នៅក្បែរកន្លែងញ៉ាំបាយ។ ខ្ញុំទើបតែបង្ហាត់វាឱយ ចេះជល់ មិនទាន់ដែល បានដាក់ឱយជល់គ្នាបានម្តងផង ឥឡូវត្រូវរើវាទីងណាត់ទីងណែងទៅតាមទៀត។
+ ចាំបងគិតមើលសិន ថាគួរយកវាទៅនៅផ្ទះបង ឬនៅសៀមរាប!
– គិតពីអណ្តើក និងត្រី ដែលបងទើបនឹងយកទៅលែងក្នុងស្រះក្រោយផ្ទះផងទៅចឹង!!! អូនលែងទទួលខុស ត្រូវហើយ។ នៅអាផាតមិនគេមិនឱយចិញ្ចឹមអីទេ!
+ ត្រីរ៉ស់!!! ហ៊ឺ…យកទៅលែងមាត់ទន្លេចុះ ចំណែកអណ្តើក យកទៅលែងនៅអង្គរវត្ត! គិតរួចហើយ ត្រីក្រឹមក៏យកទៅ លែង នៅកសិណទឹកអង្គរដែរ! … ម៉ាស៊ីន និងអីវ៉ាន់ច្រើនប៉ិនណាប៉ិនណី ចេះគិតគូរ សណ្តោងយកតាមខ្លួន អណ្តើក និងត្រីបង ប៉ិនហ្នឹង អូនយកតាមផងមិនបានហ្ន៎?
អ្នកឱយតម្លៃជីវិត និងអ្នកគិតពីការងាររបររកស៊ី បានតម្លើងសសៃក តទល់គ្នាក្នុងឡានកណ្តាលព្រៃទៀត៖
– សុំដូររឿងនិយាយទៅ!!! រឿងហ្នឹងយើងឈ្លោះគ្នា ជាងមួយឆ្នាំហើយ!
…..
+ បងកំពុងគិតពីរឿងស្អែកនេះបងត្រូវធ្វើអីបន្ទាប់ពីជូនអូនឡើងយន្តហោះរួច?
– ត្រឡប់មកវិញម៉ោ!
+ ង៉ៃសុក្រហើយហ្នឹង ត្រឡប់មកធ្វើអី?
– ប្រុងដើរលេងជាមួយនរណាទៀតហើយ? (ដល់ម៉ោងនាងដំឡើងសំឡេងដាក់ខ្ញុំម្តងហើយ)
+ ចង់…បបួលស៊ីណាទៅលេងឧត្ដុង្គ… តែបែបគេរវល់ដែរហើយមើលទៅ! … និយាយអីចឹង ថ្ងៃណាអូនមកវិញ នឹងអាលបងសុំច្បាប់គេមកទទួលអូន។
– បួនប្រាំថ្ងៃទៀត! មិនទាន់ច្បាស់ទេ អូនចង់នៅមើលសាច់ក្រណាត់ និងសូត្រខ្លះ … ចាំទៅដល់នោះ អូននឹងតេរកបង អូខេ?
+ អូខេ! (ខ្ញុំនឹកក្នុងចិត្តថា ទោះនាងទៅយូរក៏មិនអីដែរ ខ្ញុំនឹងមានសេរីភាពក្នុងការដើរបានយូរបន្តិច!) … ចុះសូត្រស្រុកយើងមានដែរ ម៉េចអូនមិនប្រើវា?
– ការប្រើសាច់ក្រណាត់សូត្រ មិនមែនចេះតែប្រើទេបង។ សូត្រស្រុកយើង ទន់ ប្រើសម្រាប់តែម៉ូដលាតព្រោះ ងាយស្រួលកាត់ ។ យើងប្រើក្រណាត់ស្របនឹងម៉ូត ដូចជាបាទីក មានព័ណ៌ស្រស់ មានរូបប្លែកៗសម្រាប់អ្នក សិល្បៈ គេចូលចិត្តបែបនេះណាស់ ។ លើកនេះខ្ញុំរៀបចំ ម៉ូតសម្រាប់ អ្នកសិល្បៈ ចឹងត្រូវតែគិតពីរឿងម៉ូដ រូប និងព័ណ៌។ លើកមុនខ្ញុំកាត់ឱយពួកម៉ាកម៉ាក់ ខ្ញុំ រើសតែសាច់ក្រណាត់ ចំណែកព័ណ៌ មិនសូវស្មុគ្រស្មាញ ពេកទេ ព្រោះអ្នកស្រុកខ្មែរ ចូលចិត្តព័ណ៌ មិនស្អេកស្កះ មិនច្របូកច្របល់។ មានតិចតួចទេ ដែលគេចូលចិត្ត របៀប សាំញ៉ាំ…
+ … ចុះអូន ចូលចិត្តសាំញ៉ាំ ហីក៏ស្រួលៗ?
– ចូលចិត្តទាំងអស់។ គ្រាន់តែប្រើវាខុសពេលគ្នាប៉ុណ្ណោះ ដូចជាទៅជប់លៀងជាមួយពួកម៉ាក ឬទៅជប់លៀង ជាមួយអ្នកក្រុមហ៊ុន។ គឺត្រូវផ្លាស់ប្តូរតាមការគួរ! … សួរហ្នឹងមានបំណងចង់ទិញអីឱយអូនមែនទេ?
+ ដូច…អត់…ទាន់…មានអីទេ។ … អត់ទាន់បើកប្រាក់ខែផង!
– ចុះលុយដឹកអីវ៉ាន់ និងដឹកភ្ញៀវ … យកទៅណាអស់ហើយ??? (ដល់ពេលនិយាយរឿងលុយកាក់ គឺជាពេលតឹង សំឡេងដាក់គ្នាទៀតហើយ)
+ អាហ៊ី… អត់ប្រុងឱយបងទិញបាយហូបទេក៏អីហ្នឹង? អូនគិតមើល សាំងម៉ាលីត្រជិតបួនពាន់ហើយ រួច ឡានមិនមែនចាក់តែមួយលីត្រជិះបានឯណា? បាយមួយពេល មិនតិចជាងប្រាំបីពាន់រៀលទេ បើបងហូប ច្រើនបែបនេះនោះ… ហើយនៅនំ ទឹក និងជូនចាស់ៗខ្លះ ឱយក្មេងៗខ្លះ … មានលុយឯណាសល់ទៀតអូន?
– ចាយច្រើនណាស់បងឯង!
ខ្ញុំមិនតមាត់ទៀតទេ ពេលយើងមកដល់ភូមិវិញ។ ខ្ញុំចូលទៅផ្ទះពូ មើលសោទ្វារផ្ទះ និងបេះម្ទេស ត្រប់ កាប់ ចេកពីរស្ទងដែលចង់ទុំទៅហើយ បេះពោតបានប្រហែលមួយផ្លូន ដាក់ឡានទុកយកទៅភ្នំពេញ។
+ អូនមើលអីវ៉ាន់ឱយអស់ណា! កុំឱយមានភ្លេចអី ខ្ជិលបកមកវិញណាស់!
– អត់មានអីភ្លេចទេ! … អូហ៍! ភ្លេចមួយ!
+ ភ្លេចអី?
– ស្នាមដានជើង!!! 😀
+ ហសៗៗ…. តោះ ឡើងឡាន! យើងមិនបកក្រោយវិញទេ។ ពេលប្រជុំនៅផ្ទះមេភូមិរួច យើងឡើងឡានទៅ វាងខាងទំរីង ហើយចេញតាមកំពង់ថ្ម ។
– ប្រហែលទៅដល់ភ្នំពេញម៉ោងប៉ុន្មានបង?
+ ម៉ោងបីភ្លឺអីហ្នឹង!
– ពុទ្ធោ! យើងបើកឡានរហូតហើយ នៅទៅដល់ម៉ោងបីភ្លឺទៀត?
+ …បើសិនគ្មានបញ្ហាអ្វីសោះ!… ហើយអូនត្រូវគេងក្នុងពេលបងប្រជុំ ដើម្បីជួយដាស់បងកុំឱយគេងលក់ ពេល បើកឡានតាមផ្លូវ!
– រឿងហ្នឹងទុកចិត្តចុះ ប្រពន្ធបងគឺកំពូលសេក!!!
មែនហើយ ខ្ញុំភ្លេចពីសមត្ថភាពពិសេសរបស់នាងដែលតែងតែមានមតិយោបល់ជាប់រហូត នៅពេលណានាង ជិះឡាន ។ តែបើដល់ម៉ោងគេងភ្លាម នាងក៏គេងលក់ភ្លាមៗដែរ។ រក្សាជាមនុស្សមានសតិបញ្ញាល្អប្រសើរក្នុង ការតាំងសមាធិ ទាំងសមាធិក្នុងការងារ និងសមាធិផ្លូវចិត្ត។ តែ… បើដល់ម៉ោងខឹងម្តងៗ ដូចយួនចុះទូក…
ពេលខ្ញុំកំពុងប្រជុំ ខ្ញុំឃើញនាងដើរទៅដើរមកនៅខាងក្រោយខ្នងប្រជាជន។
លុះដល់ពេលប្រជុំចប់ យើងក៏ជម្រាបលាអ្នកស្រុក និងមេភូមិត្រឡប់ទៅតាមផ្លូវកាត់ឃុំទំរីងនៃស្រុកសណ្តាន់ និងរំហូតដំណើរទៅកាន់ទីប្រជុំជនកំពង់ថ្មនៃស្រុកសន្ទុក ដើម្បីឡើងផ្លូវជាតិលេខ ៦ ត្រឡប់ទៅភ្នំពេញវិញ។
ផ្លូវធ្វើដំណើរពីភូមិដាច់ស្រយាលមកឃុំទំរីងសែនស្ងាត់ជ្រងំ លុះមកដល់ទំរីង ខ្ញុំបានឈប់ទិញនំកញ្ចប់ នំក្រៀម និងពោតស្ងោរ ដំឡូងមី ទុកប្រើជាស្បៀងតាមផ្លូវ។ ក្រោយចាក់សាំងពេញឡានរួចហើយ មេឃងងឹត ល្មម ម៉ោងប្រាំមួយយប់ហើយ យើងក៏ចេញដំណើរមកតាមផ្លូវ ឆ្ពោះមកក្រយា-ដងក្តារ ដើម្បីចេញមកកំពង់ថ្ម!
យើងចេញមកដល់ផ្លូវជាតិលេខ ៦ នៅត្រង់កំពង់ថ្ម ម៉ោងប្រហែលប្រាំបួនយប់ ។ ដោយគ្មានកន្លែងញ៉ាំបាយ យើងក៏ស្រូតតម្រង់ទៅភ្នំពេញតែម្តង ។ នៅយប់នោះ គ្រាន់តែមកដល់ភ្នំពេញភ្លាម យើងគ្មាននឹកឃើញហូប អីថែមទេ គឺមុជទឹករួចត្បុលចូលដេកតែម្តង។
ព្រឹកឡើង(របស់ពួកខ្ញុំ គឺម៉ោងប្រហែលប្រាំបី) នាងរៀបចំវ៉ាលីស និងរៀបចំសម្អាតផ្ទះ ដោយប្រមូលរបស់របរ ដែលមិនត្រូវការចោល ជាពិសេសម្ហូបអាហារ។
+ អូនហ្អា៎! ឈប់ទិញអីៗ មកទុកច្រើនៗទៀតទៅ។ ពួកយើងដូចជាខ្ជះខ្ជាយណាស់ឥឡូវ!
– អូនខ្លាចអត់មានអីញ៉ាំពេលយប់ជ្រៅ … អូនទិញសម្រាប់តែង៉ៃណាធ្វើការយប់ប៉ុណ្ណោះ!
+ តែថា យើងដូចជាចោលនំប៉័ង ពងទា ប៊័រ អំបិលម្ទេស ជេម ច្រើនដងពេកហើយ … ហើយនែ! ឃើញទេ លើក នេះយើងចោលពងទា …ពីរ បួន ប្រាំមួយ… នំប៉័ងប្រាំមួយដើម (នំប៉័ងនេះ នាងជាអ្នកដុតដោយខ្លួនឯងរៀងរាល់ អាទិត្យ) ផ្លែប៉ោមផង ផ្លែសារីផង ហើយក្នុងទូរទឹកកកមានទំពាំងបាយជូរដុះផ្សិត មានត្រសក់ស្រូវរលួយ អូហ៍! គគ្រិចណាស់! … ទឹកដោះគោនេះបើកចោលប៉ុន្មានថ្ងៃហើយអូន? … ហ៊ឺ ផ្អូមបាត់ហើយ មើល៍ចុះ!
– បងឯងចេះរអ៊ូតាំងពីកាលណា? ម៉េចអូនទើបតែដឹងអីចឹង?
+ បងនិយាយនេះគ្មានន័យចង់រអ៊ូរទាំទេ! តាមពិតទៅវាមិនមែនជាប្រាក់របស់បងឡើយ តែបងគ្រាន់តែលើក ហេតុផលសមរម្យសម្រាប់យើងពិចារណាតែប៉ុណ្ណោះ!!!
– ក្មេងៗគង់តែរើសវាទេ។ គេមិនចោលទទេៗឡើយ!
+ ក្មេងៗ??? Who??? ក្មេងរើសសំរាមឬ?
– Yes!!!
+ Where the hell is that idea comes from? … បងស្មានថាអូនចិត្តល្អ តាមពិតទៅអូនគិតបែបនេះអាក្រក់ពេក ហើយ។ សាកគិតសារឡើងវិញមើល៍អូន! នំប៉័ង ពងទា និងផ្លែស្អីៗនេះ វានៅជាមួយយើងប៉ុន្មានថ្ងៃហើយ បាន យើងបោះចោល ហើយទម្រាំឡានដឹកសំរាមមកដល់ ប៉ុន្មានថ្ងៃ? ទម្រាំក្មេងៗរើកកាយសំរាមឃើញវា តើប៉ុន្មាន ថ្ងៃ? ហើយតើរបស់ហ្នឹងនៅហូបកើតដែរទេ? … មួយទៀត ចុះបើវាមិនត្រូវបានក្មេងរើសសំរាមឃើញ វាមិនត្រូវ ខូចខាតទទេៗចោលលុយហើយទេឬ? … អូននិយាយពីអ្វីដែលនៅក្នុងចិត្តអូនមកមើល៍!
– អូខេ អូនគិតថាបែបហ្នឹងគឺខុសមែន តែអូនគិតថាដូចរបស់ខ្លះដែលវាមិនខូច វានៅប្រើកើត ដូចជាអំបិល ខ្លាញ់ ស្ករអីអស់ហ្នឹង ទុកឱយអ្នករើសសំរាមគ្នារើសយកទៅប្រើទៅ! យើងមិនដឹងយកលុយឱយគ្នាតាមវិធីណា ក៏ធ្វើ បែបហ្នឹងទៅ គ្នាមានរបស់ប្រើផង។ អំបិលហ្នឹងមានទៅខូចអី? ខ្ញុំច្រកក្នុងកំប៉ុងត្រឹមត្រូវហើយតើ?
+ អូនហ្អា៎! បងសំណូមពរមួយណា៎!
– ចាស?
+ អូនកុំធ្វើបែបនេះ កុំគិតបែបនេះបានទេ? … ហ្អើយ!!! បងមានអារម្មណ៍ថាអូនធ្វើបែបនេះដូចជាមើលងាយគេ អីចឹងបាទ! បើអូនចង់ឱយគេ អូនទិញរបស់ល្អៗទៅ ហើយបងទទួលខ្លួនយកទៅឱយពួកគេ។ បើធ្វើបុណ្យ ធ្វើ ឱយល្អបន្តិចទៅហ្ន៎ោះ ហ្ន៎ោះអូនហ្ន៎ោះ!
– អូនឈប់ទិញអីវ៉ាន់មកច្រើនទៀតហើយ!
+ បាទ! ទិញសម្រាប់តែញ៉ាំល្មមអស់បីថ្ងៃអីបានហើយ ព្រោះអូនចូលចិត្តទៅញ៉ាំបាយនៅផ្ទះចាស់ច្រើនជាងនៅ ញ៉ាំអីនឹងផ្ទះនេះ។
– បងងូតទឹកទៅ!!! យើងទៅញ៉ាំបាយផ្ទះម៉ាក់!
+ Aye Aye, Sir!!!
ខ្ញុំជូននាងទៅរកអីញ៉ាំហើយក៏ហួសទៅផ្ទះម្តាយនាង ដោយទុកដាក់របស់របរដែលបានបេះពីព្រៃមកក្នុងផ្ទះបាយ និងដើម្បីចាំញ៉ាំបាយជុំគ្នាពេលថ្ងៃត្រង់ មុនឡើងយន្តហោះ នៅម៉ោងបួនរសៀល។ អ្នកផ្ទះនេះ ចូលចិត្តជជែកគ្នា ណាស់ គេនិយាយគ្នាដោយគ្មានធុញទ្រាន់ បានរហូតដល់ បីបួនម៉ោង ហើយក៏មិនចេះអស់រឿងនិយាយ។ ដឹងថា គេមានរឿងជជែកគ្នាក្នុងគ្រួសារ ខ្ញុំក៏សុំដកខ្លួន!
+ រក្សា! ខ្ញុំចង់ចេញទៅក្រៅ។
– ទៅរកនរណាស្មើណេះ? ក្រែងង៉ៃហ្នឹង(ស៊ីណា)គេកំពុងធ្វើការ បងទៅរកនរណាគេ?
គ្រាន់តែឮសម្លេងតឹងសសៃករបស់កូនស្រីគាត់ភ្លាម ម្តាយនាងក៏លូកមាត់កាត់ភ្លាមដែរ ៖
= ចុះគ្រាន់តែគេទៅរកមិត្តភ័ក្តិផងមិនបានឬ? កូនឯងហ្នឹង ដូចជាហួងហែងជ្រុលពេកហើយ!
– មិនមែនកូនហួងហែងទេ! កូនគ្រាន់តែសួរទេតើ!
+ ខ្ញុំទៅរកមើលប្អូនខ្ញុំ តើវាចូលសាលាឬអត់! … ម៉ាក់ខ្ញុំគាត់ខ្លាចថាវាគេចមិនចូលសាលា ហើយគាត់ផ្តាំថាបើខ្ញុំ បានមកភ្នំពេញឱយចូលមើលវាផង។
= ហ្ន៎ក! ឃើញហេ៎? គេមានការ បានគេត្រូវទៅ!
– ចុះខ្ញុំមានទៅថាស្អី! … រួចព្រឹកមិញម៉េចបានបងមិននិយាយ?
+ ខ្ញុំទើបតែនឹកឃើញ!
– កុំធ្វើជាកណ្តុរបានដៃ ពេលឆ្មារមិននៅ! ខ្ញុំនឹងឱយគេតាមបងឯងរហូតដល់ម៉ោងត្រឡប់ទៅខេត្តវិញ!
= យី!!! ចុះកូនឯងប្រុងយ៉ាងម៉េចហ្នឹងហ្អ៎ាស???
– កូនគ្មានគិតអីទេម៉ាក់! ម៉ាក់គិតមើល៍ បើទៅទាក់ទងប្រពន្ធគេរាល់ពេលរាល់អាទិត្យបែបនេះ លើកលែងតែ ប្តីនោះជាប្រុសមិនដឹងខ្យល់បានគេមិនធ្វើអី! ម៉ាក់ដឹងទេ! គាត់ទៅទាក់ទងសង្សារចាស់គាត់ មិនព្រមបែកទេ ហើយគេឯណោះ ក៏មានប្តីហើយ។ បើប្តីគេមោហ៍បាំងតែបន្តិច បងឯងគ្មានថ្ងៃត្រឡប់មកវិញឃើញមុខខ្ញុំទេ!
+ ខ្ញុំគ្រាន់តែរាប់អានគ្នាទេតើ! … ខ្ញុំមិនចង់បែកគ្នាហើយ ត្រូវធ្វើជាសត្រូវស៊ីសាច់ហុតឈាមគ្នានោះទេបាទ!
– តែបងមិនមែនទៅនិយាយលេងធម្មតាទេ បើមិនអីចឹងបងត្រូវទៅរកពួកម៉ាកផ្សេងទៀតជជែកគ្នាដែរហើយ! នរណាមិនដឹងនោះ ថាទៅនិយាយគ្នារឿងអី? ក្រៅពីរឿងហ្នឹង មានរឿងអីអាចនិយាយគ្នាបានទៀត??? កុំឱយខ្ញុំចាប់បានថា ទៅធ្វើអីនៅឯណាទៀត ប្រយ័ត្នណា៎បងឯង!
= បានហើយ! ប៉ុណ្ណឹងបានហើយកូន! ឈប់ជជែកគ្នារឿងចឹងៗទៅ! ម៉ាក់ក៏ចង់និយាយដែរថាម៉ាក់មិនចង់ជួប កូនហើយស្តាប់ឮតែរឿងប្រចណ្ឌ រឿងដើរលេង … ត្រឹមម៉ាអារឿងចឹងៗក៏និយាយគ្នាមិនត្រូវដែរ ។ គេដទៃគេ គិតរឿងរកស៊ី រឿងការងារ រកលុយចូលផ្ទះ តែឯងពីរនាក់នេះ ង៉ៃណាក៏ប្តឹងតែរឿងដដែលៗ។
+ ខ្ញុំសុំទោស។
– ពួកខ្ញុំចង់នៅជាមួយគ្នាឱយសុខសាន្តដូចគេដូចឯងដែរ តែមិនដឹងធ្វើម៉េច បើពួកខ្ញុំនិយាយគឺមិនដែលត្រូវគ្នា បានយូរទេម៉ាក់! ម៉ាក់កុំកាន់ជើងគាត់អី! រឿងអីចឹងៗ បើមិនបានធ្វើខ្ញុំមិនទៅជាន់កែងនាំហត់ធ្វើអីទេ!
= អ៊ើ!! ប៉ុណ្ណឹងបានហើយ! នរណាទៅណា នរណាធ្វើអីធ្វើទៅ … និយាយអីនិយាយទៅ… ម៉ាក់ទៅរកមើលអ៊ំ យឿនឯងស្លសិន!
ម្តាយរបស់នាងជាមនុស្សមាំមួនក្នុងការនិយាយស្តីណាស់ បើគាត់ថាដូចម្តេច រឿងនោះមុខតែក្លាយជាបែបហ្នឹង ហើយ។ គាត់ចេញទៅបន្ទប់បាយ ទុកឱយខ្ញុំនៅតែពីរនាក់។ ខ្ញុំប្រុងនឹងដើរចេញទៅរកឡានហើយ ក៏នឹកថា សុំនាងម្តងទៀតចុះកុំឱយគេ ថាយើងដើរទៅណាមិនចេះជូនដំណឹងជម្រាបម៉ែប្រពន្ធ!
+ រក្សា…រក្សា… បងទៅក្រៅម៉ាភ្លែតណា៎!
– បើបងទៅ ខ្ញុំនឹងទៅតាមដែរ។
+ តស់!
រឿងហួងហែងគ្នាជារឿងមួយផ្អែមល្ហែមណាស់ តែពេលដែលមនុស្សត្រូវការសេរីភាពខ្លះៗ រឿងហួងហែង នឹងក្លាយជារឿង សោកសៅវិញមិនខាន។
នាងតាមខ្ញុំទៅមហាវិទ្យាល័យដែលប្អូនខ្ញុំរៀន ។ អាមួយរៀនពីរមហាវិទ្យាល័យ អាមួយទៀតរៀនតែមួយទេ។ ដូច្នេះ ម៉ាព្រឹកនេះ ខ្ញុំត្រូវដើរទៅបីកន្លែងផ្សេងៗគ្នា។ ជួបគ្រូទទួលបន្ទុកខាងសិក្សាហើយ ទំនាក់ទំនងសួរគាត់ ពីវត្តមានរបស់ប្អូនខ្ញុំហើយ ខ្ញុំក៏បានព័ត៌មានច្បាស់ ថាអាប្អូនប្រុសបង្កើត មិនចូលរៀនសាលាទាំងពីរ ឯអាប្អូន ជីលួតមួយនោះគឺចូលរៀនធម្មតាទេ។
ចេញពីសាលាមក យើងស្ទើរតែហួសម៉ោងបាយទៅហើយ។ ប៉ារបស់នាងចេញពីធ្វើការតាំងពីម៉ោង ១១ថ្ងៃ ហើយគាត់នៅចាំញ៉ាំបាយជាមួយកូនស្រីពៅរបស់គាត់ជិតមួយម៉ោងហើយ។ ខ្ញុំស្រូតណាស់ដែរ តែឡាននេះ ហោះឡើងលើមិនកើត!
– នៅភ្នំពេញស្ទះឡានដល់ហើយ!
+ អូនមានដែលគិតចង់ទៅនៅស្រុកដែលយើងទៅពីម្សិលមិញទេ? ជិះឡានមួយផ្លួវម្នាក់ឯង…
– មានម្យ៉ាងអត់ម្យ៉ាង។ ស្រុកនោះ បើឈឺថ្កាត់អី ដឹងតែស្លាប់តែម្តង តែខ្យល់អាកាសបរិសុទ្ធ ទឹកត្រជាក់ មានដើមឈើច្រើន មានបរិយាកាសស្ងប់ស្ងាត់ ។
+ បងចូលចិត្តនៅស្រុកនោះជាង!…
នៅស្ងៀមមួយស្របក់ ខ្ញុំដាច់ចិត្តនិយាយជាមួយនាងពីរឿងដើរលេង។ ខ្ញុំបាននិយាយប្រាប់នាងថា ខ្ញុំចង់ទៅខេត្ត ព្រះវិហារ ឡើងទៅលេងប្រាសាទដែលខ្ញុំប្រាថ្នាចង់ទៅ ព្រោះដូនតាខ្ញុំក៏មាននៅទីនោះខ្លះដែរ គ្រាន់តែមិនដែល បាន ទៅមករកគ្នា។
– ចាំអូនមកវិញចាំទៅទាំងអស់គ្នា!
+ បងសុំទៅតែម្នាក់ឯងបានទេ?
– ម៉េចបានជាចេះតែចង់ដើរទៅឆ្ងាយៗតែម្នាក់ឯងចឹង? បងមានដឹងថាខ្ញុំគិតស្ទើរតែគ្មានបានធ្វើអីកើត ដោយសារតែបង ទេ?
+ ទៅដើរលេងឆ្ងាយៗអីចឹង មិនចង់នាំអូនទៅទេ វាពិបាក ដូចឃើញស្រាប់ហើយ ពីម្សិលមិញ ម្សិលម្ង៉ៃ។ … ហើយចុះអូនទៅ គិតរឿងបងធ្វើអី សព្វបើគ្រាន់តែដើរលេងនុះ? បងមិនមែនចេញទៅខ្សែត្រៀមជួរមុខឯណា?
– មិនចង់ឱយទៅ!!!
+ សរុបទៅ គឺមិនឱយ(ខ្ញុំ)ទៅ(ដើរលេង)ទេមែនទេ?
– No, no. Not now.
+ OK.
នៅពេលបាយរួច នាងជជែកគ្នាជាមួយម្តាយឪពុកតាមទម្លាប់ធម្មតារបស់គ្រួសារ ដែលជាចំណែកមួយធ្វើ ឱយខ្ញុំកាត់ស្មានបានថា ការយល់ចិត្តគ្នាក្នុងគ្រួសារ ទំនាក់ទំនង និងស្ថានភាពមុខរបរគឺកើតចេញពីការ ប្រាស្រ័យទាក់ទងគ្នាតាមរបៀបនេះ ហើយភាគច្រើននៃក្រុមគ្រួសារខ្មែរ គឺមិននិយមជជែកគ្នាក្នុងគ្រួសារទេ គេច្រើនជជែកគ្នាជាមួយមិត្តភ័ក្តិជាង ភាគច្រើនបើនិយាយគ្នាបែបនេះ នឹងឈានដល់ការឈ្លោះប្រកែកគ្នា។
ពេលជូននាងឡើងយន្តហោះ និងរង់ចាំគេត្រួតពិនិត្យ ខ្ញុំនាំនាងទៅញ៉ាំកាហ្វេនៅទីនោះ ដើម្បីជជែកគ្នា ក្រែងនាងមានអី្វត្រូវផ្តាំផ្ញើខ្ញុំពេលនាងទៅឆ្ងាយ។
– បង! កុំភ្លេចរកកន្លែងថ្មីឱយត្រី អណ្តើក និងត្រីក្រឹម ត្រីក្រោញបងឯងផង ប្រយ័ត្នភ្លេច!
+ Yes Ma’am.
– បង! ទៅយកអីវ៉ាន់ដែលពួកម៉ាកអូនផ្ញើមកតាមអាណាផង។ គេតេមកឱយទៅយកតាំងពីយប់តែអូនភ្លេច!
+ Yes Ma’am. តេប្រាប់គេឱយទុកនឹងផ្ទះចុះ បងនឹងចូលទៅយកល្ងាចនេះ!
– បងហ្អា៎ ស្អែកកុំភ្លេចទៅកាត់សក់ផង សក់វែងដល់ហើយ អាក្រក់មើលណាស់! (នាងយកដៃមកជ្រងសក់ខ្ញុំ)
+ Yes Ma’am. ខ្មាសគេណាស់ គេមើល៍មកនុ៎ះ!
– បង…កុំដើរលេងច្រើនពេកណា៎! កុំទៅដើរជាមួយសង្សារចាស់ណា៎! ខ្លាចប្តីគេតាម។
+ Yes Ma’am. ចុះផ្តាំអីក៏ផ្តាំយ៉ាងនេះលោក?
នាងឡើងយន្តហោះទៅបាត់ ខ្ញុំក៏បកមកផ្ទះវិញ ស្របពេលស៊ីណាទូរស័ព្ទមកល្មមឱយទៅទទួលទៅញ៉ាំបាយ ម៉ោងប្រាំមួយល្ងាច។
ខ្ញុំយកឡាននាងទៅទុកនៅផ្ទះមា្តយនាង ហើយដើរទៅផ្ទះ។ ខ្ញុំសល់ពេលប្រហែលជាងពីរម៉ោងដើម្បីសំអាត ផ្ទះ និង ប្រមូលរបស់របរផ្សេងរៀបចំសម្រាប់រើផ្ទះ។ ដោយនឹកដល់បណ្តាំរឿងត្រីក្រឹម ត្រីរ៉ស់ និងអណ្តើក ខ្ញុំក៏ មុជទឹករាវរកវាដើម្បីយកទៅលែងនៅមាត់ទន្លេ ឱយអស់កម្មអស់ពៀរនឹងគ្នា មុនពេលខ្ញុំចេញទៅញ៉ាំបាយ ជាមួយស៊ីណា។
ស្រះលម្អមួយនៅខាងត្បូងផ្ទះតូចហើយរាក់ទេ តែមានឈ្លើងកន្លះឱយរវាម ប្រហែលជាពួកវាដោយមកតាម ត្រកួនដែលប្រពន្ធខ្ញុំទិញមកឱយអណ្តើកស៊ី វាក៏កើតជាកូនពូនជាចៅនៅក្នុងស្រះនេះប្រហែលពីរបីខែហើយ តែខ្ញុំមុជរាវអស់ចិត្តហើយ ត្រីក៏រកមិនឃើញអណ្តើកក៏រកមិនឃើញ ចំណែកឈ្លើង បេះមួយដាក់ក្នុងដប មួយ មកតោងទៀត បានប្រហែលម្ភៃ។ ខ្ញុំឡើងទៅរកវ៉ែនតាមុជទឹកពីលើផ្ទះមករាវរកទៀតក៏នៅតែរកមិនឃើញ។ ស្ទើរនឹងអស់ចិត្តទៅហើយព្រោះត្រាំទឹកយូរពេករកកលស្រៀវស្រាញ ខ្ញុំក៏ឡើងមកអង្គុយគិតនៅមាត់ស្រះ។ ស្រះនេះបើចង់បូមទឹកចេញ ទាល់តែទៅរកម៉ូទ័របូមទឹកគេ តែមិនដឹងទៅរកឯណា បើស្រុកនេះគេប្រើទឹក ម៉ាស៊ីនគ្រប់តែផ្ទះទៅហើយ។ បើបាចចេញអាចត្រូវប្រើពេលយូរ មួយថ្ងៃពេញឯណោះ… អូខេ ខ្ញុំមិនទៅ ចំណាយប្រាក់ទិញម៉ាស៊ីនបូមទឹក ឬបាចទឹកស្រះនេះឱយបង់កម្លាំងទេ ខ្ញុំនឹងទៅរកបាយល្ងាចជាមួយស៊ីណា វិញប្រសើរជាង។
បាយល្ងាចជាមួយសង្សារចាស់រួច ទម្រាំជូនគេដាក់ផ្ទះ ទម្រាំមកដល់ផ្ទះប្រពន្ធវិញ ម៉ោងដប់យប់ល្មម ត្រឡប់មក ផ្ទះវិញខ្ញុំខំគិតដើម្បីរកវិធីធ្វើយ៉ាងណាចាប់អាត្រីរ៉ស់ និងអណ្តើកហ្នឹងឱយបាន ហើយយកទៅ ព្រលែងឱយបាត់ នៅថ្ងៃស្អែក ។ ងាកចុះងាកឡើង ខ្ញុំឃើញរោងដាក់ឡានមានក្រណាត់គ្របឡានចាស់មួយដែលមាន កន្លែងខ្លះ រហែកហើយត្រូវគេបោះបង់ចោលក្នុងឡាំងដាក់ប្រេងម៉ាស៊ីន។
ខ្ញុំរើយកក្រណាត់គ្របឡានមកសាកមើលអូសវាធ្វើដូចអូសមង តែនៅខ្វះខ្សែ ខ្ញុំក៏ស្ទុះទៅស្រាយខ្សែចំណងពីក្នុង ឡានរបស់ខ្ញុំរួចយកទៅប្រទាក់នឹងដើមផ្ការំដួលដែលគេទើបតែដាក់ដាំបានប្រមាណជាមួយខែ មិនទាន់ចាប់ឬស ផង។ ពេលអូសក្រណាត់ជូតឡាន វាមិនអាចទៅមុខបានដោយសារគ្មានកន្លែងចន្លោះអាចធ្វើឱយទឹកឆ្លងកាត់ ដូចមង។
ខ្ញុំលើកវា មកដាក់មាត់ស្រះហើយយកកាំបិតចិតផ្លែឈើ មកអង្គុយចោះឱយធ្លាយប្រហោង… ចុះឡើងៗ ខ្ញុំនឹក ស្រណោះខ្លួនដែលមកកំសត់ម្នាក់ឯងកណ្តាលយប់ នៅមាត់ស្រះដែលខ្ញុំធ្លាប់អង្គុយជាមួយនាង… ម្យ៉ាងផ្ទះនេះ មិនមែនជាផ្ទះរបស់ខ្ញុំទេ ម្តេចក៏ខ្ញុំមកនៅកន្លែងដែលខ្ញុំមិនចង់នៅបែបនេះ …
នឹកឃើញបែបនេះ ខ្ញុំស្ទុះភ្លែត ទៅមុជទឹកសម្អាតខ្លួនហើយចេញទៅច្រៀងរហូតដល់ម៉ោងបួនភ្លឺទើបត្រឡប់មក វិញ។ នេះជាព្រឹកថ្ងៃសៅរ៍ គ្មាននរណាមករំខាន គ្មានត្រូវងើបពីព្រឹកអីទេ ខ្ញុំក៏ដេករហូតដល់ម៉ោងប្រាំបួនព្រឹក។
បើកភ្នែកឡើងពេលណា ទូរស័ព្ទរោទិ៍ពេលនោះ ព្រោះនាងចង់តាមដានសម្លេងរបស់ខ្ញុំ ថាតើខ្ញុំចូលដេកម៉ោង ប៉ុន្មានកាលពីយប់ម៉ិញ។
– Good morning, baby.
+ បាទ។ អូនទៅដល់ណោះម៉ោងប៉ុន្មាន? ហើយគេងនៅឯណាឥឡូវ?
– អូនមកដល់ម៉ោង ប្រាំមួយ ។ មកដល់ញ៉ាំបាយរួចគេងតែម្តងព្រោះគេងមិនឆ្អែតផង។
+ អូហ៍ ចឹងបានជាអត់តេរកបង។
– បងហ្អា៎ មានទៅណាទៀតអត់យប់មិញ?
+ ទៅច្រៀង ម៉ោងជិតមួយ…
– ម៉ោងជិតមួយទៅ ឬក៏ម៉ោងជិតមួយមកផ្ទះវិញ?
+ ម៉ោងជិតមួយបានទៅ! មកវិញម៉ោងបួនភ្លឺ!…
និយាយទូរស័ព្ទចប់ ខ្ញុំឮទ្វារផ្ទះបិទគ្រាំង។ ខ្ញុំរត់ចុះពីលើមកដល់ដីដោយកាន់កាំបិតចិតផ្លែឈើជាប់ដៃ ក៏វាក់អ៊ើ នឹងឪពុកនាង ដែលគាត់ កំពុងកាន់ស្បោងមួយធំដាក់សុទ្ធតែត្រីក្រហម។ ខ្ញុំភ្ញាក់នឹងគាត់ គាត់ក៏ភ្ញាក់នឹងខ្ញុំ។
# អើ! ឯងនៅខាងលើទេកូន? ប៉ាស្មានថាទៅខេត្តបាត់ហើយ។ … ណែ ប៉ាទិញត្រីមកដាក់ក្នុងស្រះរបស់ឯងកុំឱយ សោះកក្រោះពេក។ ឆាប់ទៅលុបមុខ ហើយមកជួយគ្នា។ លឿន!!!
+ …យាយប៉ិនោះផ្តាំថាឱយខ្ញុំចាប់ត្រី អណ្តើក និងយកត្រីក្រឹមជល់របស់ខ្ញុំទៅលែង ។ គេហ៍ លែងឱយខ្ញុំទុកសត្វ ចិញ្ចឹមនៅផ្ទះនេះទៀតហើយ ព្រោះគ្មានអ្នកឱយចំណី។
# ហ្អា៎ក??? … ហើយចុះបើគ្រាន់តែទុកវាឱយនៅក្នុងស្រះហ្នឹងទៅ វាចេះរកស៊ីខ្លួនឯងហើយ! វាដែលយំទារចំណី អីពួកឯងម្តងណា? … នែក! និយាយអីចឹង នរណាចាប់ឈ្លើងដាក់ក្នុងដប?
+ ខ្ញុំ!!!
# ទៅៗ ទៅមុជទឹកស្លៀកពាក់ឱយត្រឹមត្រូវមក! មកជួយប៉ា!
+ Aye Aye, Sir!
ខ្ញុំចុះទៅអង្គុយមើលគាត់លែងត្រីម្តងមួយៗ គាត់ធ្វើហាក់ដូចជាមិនខ្ជិលសោះ។
គាត់ព្រលែងឈ្លើងកន្លះក្នុងដបដែលខ្ញុំចាប់ញាត់វាប្រុងសម្លាប់កាលពីម្សិលទៅក្នុងស្រះវិញដោយគ្មានញញើត ក្រោយពីការងារកំប៉ិកកំប៉ុកដូចជាប្រមូលក្រណាត់ចងរយីងរយោងរបស់ខ្ញុំពេញទីធ្លាដាក់ក្នុងស្បោងសំរាមរួច គាត់ក៏មកដាក់ខ្លួនអង្គុយដោយយកដៃមកច្រត់ស្មាខ្ញុំដើម្បីទម្លាក់ខ្លួនសន្សឹមៗលើស្មៅ។
# កូនឯងដឹងទេ? ហេតុអីបានប៉ាលែងត្រីក្នុងស្រះ?…ព្រោះគ្រឿងលម្អនៃស្រះតូចនេះគឺត្រីដែលអាចហែលរវាម មើលទៅមានសុខដុម មានជីវិតជីវ៉ាបរិបូរណ៍ដោយផាសុក។ សេចក្តីស្រឡាញ់មិនអាចខ្វះរបស់លម្អឡើយ ឬបើ ប្រៀបនឹងជីវភាព សេចក្តីស្រឡាញ់ដែលគ្មានវត្ថុលម្អ ប្រៀបដូចគ្មានសម្លៀកបំពាក់…ហើយ
+ តែខ្ញុំយល់ថាឈ្លើងទាំងនេះ វានឹងបំផ្លាញលម្អទាំងអស់របស់ស្រះ! ហើយវាក៏អាចចូលក្នុងត្រចៀកត្រីដែរ!!!
# នរណាថាទៅកូន? ក្នុងលោកនេះ មានរឿងច្រើនណាស់ដែលយើងមិនអាចដឹងដោយភ្នែក ត្រចៀក ច្រមុះ ឬមាត់ បានទេ។កូនមើលទៅ ក្នុងសង្គម មានអ្នកមាន មានអ្នកក្រ មានមនុស្សដែលសង្គមត្រូវការ មានមនុស្សដែល សង្គមមិនត្រូវ ការ តែធាតុពិត ទោះសង្គមមិនចូលចិត្តមនុស្សដូចជាឈ្លើង ក៏គេនៅតែជាផ្នែកមួយនៃសង្គម ។ បើគ្មានពួកគេ សង្គមនេះក៏មិនមែនបែបនេះ គ្មានតម្លៃនឹងពិចារណា គ្មានតម្លៃនឹងប្រព្រឹត្តល្អ។ ទាល់តែមាន អាក្រក់ទើបមានការពិចារណា។
+ ហេតុអីបានជាយើងមិននាំគ្នាធ្វើតែអំពើល្អទៅ???
# ឯងចង់បន្សុទ្ធសង្គមឬ? គ្មាននរណាចង់បន្សុទ្ធសង្គមទេ មានតែអាពតទេដែលចង់ធ្វើបែបនេះ។
+ បើមនុស្សគ្រប់គ្នាគិតឃើញថាអំពើល្អជារឿងគួរតែធ្វើខានមិនបាន ហោចណាស់ក៏សង្គមនេះជាសង្គមល្អមួយ គ្រាន់បើដែរ។
# សង្គមនេះនឹងក្លាយជានិព្វានមិនខាន ហើយគ្មាននរណាចង់ធ្វើកិច្ចការអីទាំងអស់។
ជម្លោះរវាងគាត់និងខ្ញុំបានបញ្ចប់។
+ ខ្ញុំទៅធ្វើម្ហូបសិន! ម៉ោងជិតដប់ពីរថ្ងៃត្រង់ហើយ។
ឪពុកនាង ប្រហែលជាគាត់ស្មានថាកូនអ្នកស្រុកស្រែចម្ការដូចជាខ្ញុំចេះធ្វើម្ហូបម្ហាដែលគាត់អាចហូបបានហើយ មើលទៅ! គាត់ក៏ទៅមុជទឹក រួចមកចាំនៅតុបាយ។ ខ្ញុំលើកពងទាស្ងោចាក់ទឹកស្អ៊ីវ កន្លះចាន និងចៀនពងទា ខ្ទឹមបារាំង ញ៉ាំជាមួយនំប៉័ងនិងប៊័រ (អូម៉ឺឡែត)។
# អើ! ស្មានថាគេមានម្ហូបអីគ្រាន់បើ ឃើញយកបន្លែគ្រប់មុខមកពីខេត្ត។
+ បន្លែខ្ញុំយកទៅទុកនៅផ្ទះធំអស់ហើយ។ ខ្ញុំអត់ចេះធ្វើម្ហូបឆ្ងាញ់ទេ តែទាំងនេះជាម្ហូបប្រចាំថ្ងៃរបស់ពួកខ្ញុំ។
គាត់ទ្រាំមិនដឹងជាប៉ុណ្ណាក្នុងការលេបនំប៉័ងជាមួយម្ហូបពិសេសរបស់ខ្ញុំ ព្រោះថាគ្រាន់តែបាយរួច គាត់ក៏បើក ឡានទៅផ្ទះវិញបាត់ខុសពីធម្មតាគាត់តែងសម្រាន្តសំដិលនៅក្រោយផ្ទះមើលសៀវភៅបន្ទាប់ពីបាយរួច។
នាងទូរស័ព្ទមកថា ល្ងាចថ្ងៃអាទិត្យនាងនឹងត្រឡប់មកវិញហើយ ។ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ខ្ញុំឈរសម្លឹង មើលត្រីក្រហមក្រឡេក្រឡាហែលទៅហែលមកក្នុងស្រះ ប្រដេញគ្នាជាមួយឈ្លើងកន្លះក្បែរៗសារាយ…
ខ្ញុំសម្រេចចិត្តសរសេរសំបុត្រមួយក្តារខៀនទុក…
«…ម្ខាងម៉ែទីពីរ ម្ខាងឪក្មេក… មួយចំណែកទៀតគឺក្តីអាណិតស្រឡាញ់…
ម៉ែ…ផ្តាំថា ធ្វើកិច្ចការរឿងយកត្រី អណ្តើក ទៅលែងឱយហើយក្នុងពេលទំនេរ មុននឹងរើអីវ៉ាន់ ។ ឪក្មេកមក ដល់ទិញត្រីមកដាក់ថែម…គ្រាន់តែឃើញថង់ត្រី បេះដូងខ្ញុំស្ទើរលោតចេញមកក្រៅ… បើគេហ៍មកវិញហើយ ឱយចាប់ចេញឱយអស់…ព្រះជាម្ចាស់!!! មិនដឹងឆ្នាំណាហើយទេ ត្រីតូចត្រីធំម៉ាថង់។
តើត្រូវជ្រើសយកមួយណា រវាងសង្សារ និងឪសង្សារ?»
…ឱយឪក្មេក និងប្រពន្ធបានឃើញ ដោយយកហ្វឺតសរសេរក្រដាសផ្ទាំងធំ មកសរសេរលើក្តារខៀនចាស់ ដែលគេចោល មកផ្អែកនឹងគល់ក្រខុបកណ្តាលវាលមុខផ្ទះ…ដោយមិនភ្លេចគូររូបខ្ញុំឈរឱនក្បាលជ្រប់ ទឹកស្រក់ ពេញកន្លែងឈរ ហើយសក់ក្បាលបះឡើងលើដូចកណ្តុរលង់ទឹក…
សូមអរគុណលោកអ្នកដែលបានប្រឹងអានពីដើមរហូតដល់ចប់!!! 😀
🙂
យ៉ាងម៉េចហើយបងចរិយា? 😀
កំពុងតែពិចារណាលើឈ្មោះ ព្រៃជាំផ្កា.. មុនដំបូង បងគិតថា អូនសរសេរខុស តែបងគិតមើលទៅ សង្ស័យតែបងគិតខុស ខ្លួនឯង។ 😀
នេះជាឈ្មោះភូមិមួយក្នុងព្រៃនៃស្រុកសណ្តាន់ខេត្តកំពង់ធំ
interesting name
តួប្រុស ខានវ៉ៃជ្រះក្អែលយូរ បែបចង់ចេញក្រឡា ញ៉ែសង្សារចាស់វិញ មើលទៅ/
តួប្រុសគ្រាន់តែឮ និងឃើញម៉ាក់អាបីនាក់ខំមិន ក៏គ្នាខ្លាចឡើងរួញខ្លួនដែរ។
អត់មានពេលអានទេ គ្រាន់តែឃើញឈឺក្បាលមុនហើយ
រឿងកម្សាន្តអារម្មណ៍គេមិនអានពេលរវល់ឡើយទាន។ ស្អែកឡើងជ្រុញហើយ បងនៅមានអារម្មណ៍បើកឥន្ទ្រនេត្រទៀត???
ឡើងជ្រុញអីគេទៅ ?
ឡើងតាំងពីម្សិលបាត់ហើយហ្នឹង ស្មានតែឡើងង៉ៃណេះ
ជ្រុញរបស់បងគឺ ធ្វើការឲ្យគេអត់ទាន់!!!! ឯរឿងផ្សេងទៀតដូចជាគ្មានទេ
ពិតជាអានទាំងប្រឹងមែន! ខំប្រឹងអានហើយ បែរជាចុងបញ្ចប់សាច់រឿង ដូចអត់ទាន់ចប់ទៀត 🙄 😛 😀
ចុះអនុស្សាវរីយ៍មួយ មិនមែនរឿងមួយឯណា
អូ៎! អ៊ីចឹងទេឬ kkkk