រំលង ទៅខ្លឹមសារ
17 ខែ​ឧសភា 2014 / ស្នាមញញឹម

អ្នកស្រែ ចម្ការ

នេះមិនមែនជាអត្ថបទតម្អូញ ឬហែកហួរ អំពីជីវិតអ្នកចម្ការឡើយ។ អ្វីដែលខ្ញុំចង់ចែករំលែកនៅទីនេះគឺការលាត ត្រដាងពីផលវិបាកមួយចំនួន និងផ្នត់គំនិតរបស់មហាជនចំពោះជីវភាពអ្នកស្រែ ចម្ការ។

  • បទពិសោធន៍ ក្រោយរបបប៉ុលពត

គ្រួសារខ្ញុំមានស្រែមួយប្លង់តូច ដែលបានដោយសារសល់អំណាចបុណ្យជីដូនជីតាពីសង្គមជាន់មុន ក្រោយពេល ជម្លៀសភៀសខ្លួនពីបាត់ដំបងមកស្រុកវិញ ដោយប្រើពេលជិតកន្លះឆ្នាំ ។ មកដល់ស្រុកកំណើត គ្មានដីធ្លីអ្វីសល់ សម្រាប់យើងឡើយ ព្រោះក្រុមសាមគ្គីបានបែងចែកអស់ហើយ។ តែដោយអំណាចជីតា ជីតាទួតដែលសេស-សល់ គេព្រមឱយដីមួយប្លង់ផ្ទះ និង ក្រោយមកស្រែមួយប្លង់តូចនេះនៅឆ្ងាយពីផ្ទះប្រហែលប្រាំគីឡូម៉ែត្រ។

ខ្ញុំតែងស្តាប់ដោយទ្រលាន់នូវការរំលឹកឡើងវិញរបស់កូន និងចៅម្ចាស់ដីរាប់រយហិចតាពីសង្គមមុន។ ដើមហេតុ ចម្បងពីចំណុចនេះហើយ ទើបខ្ញុំចូលចិត្តប្រមូលទិញដីភូមិចាស់ ដីស្រែចាស់របស់ដូនតា ដោយមានជំនឿថា របស់ទាំងអស់នេះគាត់មិនបានចែកឱយអ្នកណាផ្សេងដោយចិត្តគាត់ឡើយ គ្រាន់តែគាត់គ្មានឳកាសទុកឱយចៅ ដោយផ្ទាល់ប៉ុណ្ណោះ នេះមួយ។ មួយទៀត ខ្ញុំចង់ផ្សារភ្ជាប់ជីវិតទៅនឹងស្រែចម្ការ ដែលខ្ញុំមានជំនឿថា មានតែផល ពីទីនេះហើយដែលអាចចិញ្ចឹមកូនចៅរបស់ខ្ញុំទៅថ្ងៃមុខបាន របរផ្សេងទៀត បើរកគ្រប់តែគ្នា លក់ដូរនៅផ្សារគ្រប់ តែគ្នា ម្លេះសមស៊ីជ័រផ្លាស់ស្ទិចទាំងអស់គ្នាមិនខាន។ របរនៅឯផ្សារស្រួលរកណាស់ ទទួលរបស់មកដាក់លក់ ចាំយកកម្រៃក្បាលកាក់បានពីការលក់ចេញរបស់ដែលដាក់លក់នោះ នរណាៗក៏ចង់រករបរស្រួួលៗបែបនេះដែរ ហើយចុះបើបែបនេះ តើនរណានឹងធ្វើស្រែ ធ្វើស្រូវ ឱយអ្នកទាំងនោះហូប? 😦

ស្រុកទេសដែលមនុស្សធ្លាប់ស្លៀកបាវ ក្នុងនឹមអាណានិគម បានប្រឹងប្រែងកសាងខ្លួន យ៉ាងល្មាសស្បែក គឺយក របរស្រែចម្ការជាគោលធំ ទើបបានអ្នកស្រុកចិញ្ចឹមជីវិតបានសមរម្យគ្រាន់បើមួយរយៈ។ ដូច្នេះ ខ្ញុំក៏ត្រូវគិតឱយ ដិតដល់ក្នុងរឿងរបរនេះដែរ។

ដោយមាន ម្តាយ និងជីដូន ជាអ្នកមូលមតិក្នុងការសន្សំប្រាក់ ដើម្បីដោះដូរដីស្រែមួយចំនួនបានមកជារបស់ខ្លួន ហើយ ថែមទាំងទិញចម្ការបានតិចតួចបន្ថែមផង ខ្ញុំក៏ចូលចិត្តប្រឡូកក្នុងកិច្ចការនេះណាស់ដែរ។ ថ្ងៃសម្រាករបស់ ខ្ញុំគឺជួយដឹកអីវ៉ាន់ម្តាយទៅលក់តាមភូមិដែលនៅក្បែរស្រែរបស់យើង ខែវស្សាប្រឹងធ្វើស្រែ ខែប្រាំងប្រឹងលើកភ្លឺ និងធ្វើរបង។ទោះបីភាពខ្ជិលច្រអូសនៃវ័យក្មេងដឹកនាំខ្ញុំបែបណាក៏ដោយ ម្តាយខ្ញុំតែងជម្នះភាពខ្ជិលច្រអូស នេះដោយលួងលោមខ្ញុំឱយប្រឹងធ្វើការ ជំនួសកម្លាំងគាត់ផង ដើម្បីបង្វឹកខ្ញុំឱយស្គាល់រសជាតិជីវិតបែបនេះផង គាត់មានជំនឿថាបើថ្ងៃណាមួយដែលស្រុកទេសភ័ន្តប្រែទៀត ខ្ញុំនឹងអាចជួយជីវិតខ្លួនឯងរស់ ហើយអាចយោង សណ្តោងប្អូនៗដែលនៅតូចឱយរួចជីវិតផងដែរ។

ខ្ញុំមិនចេះស្ទូងទេ ម្តាយខ្ញុំលួងលោមខ្ញុំឱយស្ទូងដោយដំបូងដាក់កំណល់ឱយអង្គុយ បន្ទាប់មកគាត់ចំអន់ខ្ញុំថា ខ្ញុំ មានឈ្មោះតែថាធំដូចគេ (កូនអ្នកស្រុកដែលមកស៊ីឈ្នួលស្ទូង) តែស្ទូងមិនទាន់គេទេ។ ឮពាក្យចំអន់នេះកាល ណាខ្ញុំទ្រលាន់សម្បើមណាស់ ខ្ញុំប្រឹងស្ទូងទាល់តែបានលឿនដូចគេដូចឯង គ្រានោះដែរ។

បើខ្ញុំចុះច្រូតស្រូវពេលណាដែលថាមិនមុតនឹងកណ្តៀវ ម្តាយខ្ញុំតែងសរសើរថាខ្ញុំពូកែច្រូតស្រូវណាស់ ចាប់កួរ រួចបានដាក់កណ្តៀវច្រូត… 😀 😀 😀

កូនអ្នកស្រុកគ្រប់គ្នា គេស្ទូងឬច្រូតបានកណ្តាលថ្ងៃក្តៅ ឯចំណែកកូនម្ចាស់ស្រែ មិនបានទៅនៅហាលក្តៅនឹងគេ ទេវាទៅសំងំត្រាំទឹកអូរ រាយសន្ទូច មើលមង រកត្រីហូបឯណោះ។ កូនអ្នកស្រុកមកជួយដកស្ទូង ច្រូតស្រូវ បាន តែបាយម្ហូបមានត្រីមានសាច់គឺគេរីករាយនឹងហូបណាស់ទៅហើយ ចំណែកកូនម្ចាស់ស្រែ បើគ្មានពងទាស្ងោ ឱយវាស៊ីទេ វាស្រែកផ្អើលមេឃផ្អើលដី យំននៀលនឹងថ្លុកក្របី ទាល់តែបានពងទាស៊ីទើបអាចធ្វើការទៀត!!! 😥

នេះគ្រាន់តែជារឿងសើរៗ សើចសប្បាយរបស់ខ្ញុំ ដែលម្តាយ មីង ជីដូន ជីតា បងប្អូនជិតឆ្ងាយ ទុកនិទានឱយ កូនស្តាប់បានជាកេរ្តដំណែលយូរអង្វែង ព្រោះក្នុងមួយភូមិនោះ គ្មាននរណាគេធ្វើដូចខ្ញុំបានឡើយ។ នេះក៏រាប់ ទុកថាជាជំនាញពិសេសមួយរបស់ខ្ញុំដែរ 😀 😛

ស្លេះរឿងពីក្មេង ថ្លែងរឿងមនុស្សចាស់វិញម្តង៖

ខ្ញុំមានចម្ការឆ្ងាយពីផ្ទះប្រហែល ៤០ គីឡូម៉ែត្រដែរ ដែលមានដាក់ដាំស្វាយជាច្រើនមុខ តែវាដុះដាលកើតផល តែស្វាយកែវល្មៀតដែលគេគ្រប់គ្នាក៏មានដាំដែរ។ ស្វាយកែវចិន ស្វាយខ្ទិះអីវាមិនព្រមដុះល្អឡើយ។ មួយផ្នែក នៃដីនេះក៏មានដាក់ដាំ ស្វាយចន្ទី(ខ្យូវ) និងដាំស្រូវចម្ការ និងមានព្រោះសណ្តែកបាយខ្លះៗ តាមជ្រកតាមជ្រៀត តាមរដូវកាល។

ល្ពៅ ត្រសក់ ត្រប់ពុតញង និងមានដំណាំផ្សេងទៀតស្ទើរតែគ្រប់មុខ ត្រូវបានកប់ដាំតាមដំបូក តាមទួលនានា ក្នុងចម្ការ ប្រាថ្នាតែម្យ៉ាងគឺថា បើបានផលមក នឹងបេះចែកញាតិហូបផងព្រោះរបស់ដាំគ្មានដាក់ថ្នាំអ្វីទាំងអស់។

ម្តាយតេមកប្រាប់កូនថា៖ ល្ពៅ និងត្រសក់ ត្រូវបានស្វាស៊ីសឹងទាំងអស់ហើយ។ កូនអើយតើគិតដូចម្តេច? កូន ឆ្លើយទៅវិញថា៖ ទៅគិតធ្វើអី ស្វាគ្មាននរណាចិញ្ចឹមវាទេ វាមានប្រាក់ខែឯណារស់បាន? ចិញ្ចឹមវាផងទៅ!!! 😦 ម្តាយតមាត់មកវិញថា ម៉ែចិញ្ចឹមតែខ្លួនមិនចង់រស់ផង ទៅចិញ្ចឹមស្វាម៉ាហ្វូង ពេញចម្ការទៀតឬ??? និយាយប្រាប់វា ដូចអត់និយាយអីចឹង! ស្អីក៏ឱយចិញ្ចឹម ស្អីក៏ឱយទុក អាឡូវសត្វពេញចម្ការ មានគ្រប់មានសព្វ ចាំមើលបើឯងមកជាន់ចំពស់ ឯងកុំមករអ៊ូឱយសោះវ៉ី!

ក្រោយពេលកូនក្លាយជាអ្នកអភិរក្សសត្វ ដោយព្រោះចិត្តស្រឡាញ់សត្វ ម្តាយងាកអីបន្តិច តេមកប្តឹងកូនរឿង នរណាចូលបាញ់ឆ្មាបាក្នុងចម្ការ បន្តិចរឿងអាណាចាប់ស្វាស៊ី បន្តិចឮរឿងគេដាក់លប ចាប់សារិកាកែវ លលក ប៉ោលតោក កង្ហែន ទន្សាយ ពស់… ស្ទើររាល់ថ្ងៃ។ គាត់ធ្វើមើលតែខ្ញុំជាម្ចាស់របស់សត្វទាំងនោះដែលគេមក ប៉ះពាល់មិនបាន។ ខ្ញុំចេះតែឆ្ងល់ ចុះនរណាក៏ពូកែទៅរាយការណ៍ប្រាប់គាត់ រឿងទាំងអស់នេះម្លេះ? តាមពិតគឺពួកអាបាញ់សត្វស៊ីទាំងនោះឯង ដែលវាដណ្តើមកន្លែងគ្នារកសត្វក្នុងចម្ការយើង!

អ្វីៗទាំងអស់នៅក្នុងចម្ការ គឺជាជម្រកសត្វព្រៃយ៉ាងសុខសាន្ត។ ដើមត្នោតប៉ុន្មានដើមនោះ គឺជាជម្រកពស់ ទន្សាយ កណ្តុរ… លើកំពូលត្នោត សម្បូរណ៌ដោយសត្វស្លាបជាច្រើន។ ត្នោតនេះ ទោះគេឱយប្រាក់ ប៉ុន្មានសុំឡើងគៀបទឹក ក៏មិនអនុញ្ញាតដែរ វាគឺទុកសម្រាប់សត្វទាំងអស់ជ្រក ព្រោះថាជុំវិញនោះ គឺសុទ្ធតែមនុស្សមិនចេះស្រឡាញ់សត្វ។ មនុស្សទាំងនោះមិនជាក្ររកអីស៊ីគ្មានទេ តែគេចូលចិត្តប្រមាញ់បែបនេះជាងការរករបរផ្សេងទទួលទាន។

និយាយពីផលវិញ ហាក់ដូចជាគុណបុណ្យមួយផ្នែកដែលតបស្នងមកវិញពីការការពារសត្វទាំងនោះ ចម្ការនេះ ឱយផលស្វាយផ្លែសឹងបាក់មែក ដែលទាំងនេះគឺសល់ពីចំណីរបស់សត្វទាំងអស់។ ផ្លែស្វាយកែវល្មៀតមួយៗ ធំប៉ុនកំភួនជើងខ្ញុំ ជ្រុះរោយរាយពេញដី នៅឯលើដើមក៏សឹងញែកដើម ។ តែស្តាយអើយស្តាយ ដែលវាគ្មាន ទីផ្សារសោះ។ គេឱយថ្លៃមួយគីឡូមួយរយរៀល។ នេះបើសិនជាបានថ្លៃវិញ ម្តាយខ្ញុំស្លាប់ចិត្តនឹងចម្ការនេះ លែងរករឿងខ្ញុំមិនខានឡើយ (គាត់រករឿងខ្ញុំដែលយកលុយមកទិញចម្ការទុកចោល គ្មានបានប្រាក់ត្រឡប់ចូលហោប៉ៅវិញ)។ ចំណែកសណ្តែកបាយសល់ពីចំណីសត្វស្លាប បានផលគ្រាប់ធំៗល្អ យកមកផ្ទះធ្វើបង្អែមក៏ឆ្ងាញ់ណាស់ ទៅទៀត។លុះមកបានហូបរបស់ឆ្ងាញ់ដាំដោយខ្លួនឯងគ្មានដាក់ថ្នាំ ទើបខ្ញុំដឹងថា ការរស់នៅក្នុងទីក្រុងបាន បំផ្លាញ ជីវិតខ្ញុំដោយមិនដឹងខ្លួនតាមរយៈការហូបបន្លែមានជាតិពុលលាយឡំ។

ចម្ការមួយនេះសម្រាប់តែសង្គ្រោះសត្វទៅចុះ បែរទៅចម្ការពីរទៀតដែលដាំដំឡូងមី ឱយតែបានផល គឺដល់ ពេលទីផ្សារដំឡូងមីធ្លាក់ថ្លៃគ្រឹប។ ម្តាយខ្ញុំសឹងបែកដើមទ្រូង ព្រោះចំណាយទុន ចំណាយកម្លាំងច្រើនណាស់ លើវា។បើទុកលុយដែលកូនឱយយកទៅធ្វើចម្ការដេកចាយយ៉ាងរំភើយគ្មានខ្វល់ចិត្ត។

រាល់ពេលប្រមូលផល គាត់បបួលខ្ញុំលក់ចម្ការ ទុកប្រាក់ឱយគាត់ធ្វើបន្ទប់ជួល។ នេះក៏ជាក្តីស្រមៃមួយរបស់ខ្ញុំ ដែរ។ខ្ញុំក៏ចង់ឱយគាត់រស់នៅសុខស្រួលក្នុងវ័យចាស់របស់គាត់ មានពេលដើរលម្ហែ កម្សាន្តចិត្ត តែខ្ញុំនៅមិន ទាន់ចាត់ការរឿងនេះបាន ខ្ញុំត្រូវការពេលវេលាដើម្បីរកប្រាក់ឱយគាត់ថែមទៀត។

ម៉ែបាទ! ងាកមើលជុំវិញខ្លួនយើងទៅមើល៍ មាននរណាគេធ្វើស្រែធ្វើចម្ការដែរទេ? ម្នាក់ៗមានកូនមានចៅ ពេញទឹកពេញដីតែប្រាថ្នាតែរករបរដែលស្រួលខ្លួន សូម្បីអ្នកស្រែឥឡូវក៏រត់ចោលស្រុកទៅរករបរបានប្រាក់ ភ្លាមៗស្ទើររលស់អស់ពីភូមិទៅហើយដែរ។ តើយើងមិនគិតប្រកបការងារធ្វើស្រែចិញ្ចឹមជីវិតហើយបែរជាចាំ ទិញស្រូវពីស្រុកជិតខាងយើងមកស៊ីវិញឬ? តើសេដ្ឋកិច្ចយើងពឹងលើអី? ពឹងលើរបរលក់ដូរឬ? បើយើងមិន មែនជាអ្នកផលិតផងនោះ!

  • ទស្សនាទានពីជ្រុងម្ខាងនៃពិភពលោក

(នឹងបន្តសរសេរ…)

  • ទស្សនាទានពីជ្រុងម្ខាងនៃអ្នកស្រុកភូមិ

(នឹងបន្តសរសេរ…)

  • ទស្សនាទានរបស់អ្នកគ្រប់គ្រងរដ្ឋ

(នឹងបន្តសរសេរ…)

  • ទស្សនាទាននៃខ្លួនឯងចំពោះជីវភាពប្រចាំថ្ងៃ

(នឹងបន្តសរសេរ…)

ខ្ញុំមិនមែនជាអ្នកមានធ្លាក់ពីលើមេឃមកពីណាទេ។ ខ្ញុំគ្រាន់តែជាក្មេងដែលចូលចិត្តរបស់របរថ្មីៗ ដែលព្យាយាម ស្វែងរកន័យជីវិតពីគ្រប់ទិដ្ឋភាពទាំងអស់ក្នុងសង្គម ដោយស្រវាស្រទេញ របេះរបោញប្រាក់កាសដែលរកបានពី ការធ្វើការងារក្នុងការិយាល័យ ទៅកាន់ការស្រែ ចម្ការ ដើម្បីបន្ស៊ាំខ្លួនទៅនឹងជីវភាពទាំងនេះ ក្នុងន័យរក្សាលំនឹង ជីវិតដោយការរៀនរស់ក្នុងគ្រប់ស្ថានភាព។

ហើយបើសិនជានៅតែក្រមិនមាននឹងគេព្រោះគំនិតនេះ ខ្ញុំមិនបន្ទោសខ្លួនឯងដែលស្លាប់ទៅនៅតែក្រនោះដែរ!

  1. អ៊ុំ ច័ន្ទសានិត / ឧសភា 18 2014 2:21 ល្ងាច

    ពិត​ជា​ពូកែ​សរសេរ​មែន សូម​សរសើរ!!! (y)

    • លី កល្យាណ / ឧសភា 19 2014 9:09 ព្រឹក

      មិនហ៊ានទទួលទេទាន! 😀

    • អ៊ុំ ច័ន្ទសានិត / មិថុនា 7 2014 5:46 ល្ងាច

      សរសើរមិនចង់ ចង់​ឲ្យខ្ញំុបង្អាប់? 😀 😀 😀

    • លី កល្យាណ / មិថុនា 7 2014 9:38 ល្ងាច

      អូយខ្ញុំ ងាកទៅណាក៏គេតម្រង់កាណុងមករកដែរ
      😀 😀 😀

  2. achharia / ឧសភា 19 2014 3:12 ល្ងាច

    ដាំដើម ម្រុម (MORINGA)ផងដែរទៅ ស្លឹកវា គ្រាប់វា ពូកែត្រូវថ្នាំគ្រប់មុខ
    បើមិនចង់បានលុយ គ្រាន់ចែកចាយដល់អ្នកក្រដែលមានជំងឺ
    ទំពារលេងរឺលេបមួយថ្ងៃ ពិរបីគ្រាប់ មិនបាច់រកពេទ្យទេ ។
    សំរាប់ស្ត្រី ក៍ល្អ សាច់ចាំ សក់ក្រចកស្បែកស្អាត មិនជ្រីវជ្រួញ UTI…
    សំរាប់បុរស ក៏ល្អ ប៉ូវកំលាំង ខ្លាំងហើយធន់បានយូរ … ។ល។
    😀

    • លី កល្យាណ / ឧសភា 19 2014 4:32 ល្ងាច

      ម្រុមនៅផ្ទះមានមួយដើមដែរអាយុប្រហែលសាមសិបឆ្នាំ តែលាស់មិនទាន់សម្លកកូរម៉ែខ្ញុំទេពូ។

      ខ្ញុំមានអារម្មណ៍ថា អ្វីក៏ជាថ្នាំដែរ តែកុំប្រើច្រើនជ្រុលពេេកប៉ុណ្ណោះ តួយ៉ាងដូចជាស្លឹកញដែលគេកាច់កន្ទោងដាក់អាម៉ុក ខ្ញុំគិតថាអាហ្នឹងក៏ជួយកាត់ខ្លាញ់ក្នុងឈាមផងដែរ។

      អរគុណពូអច្ឆរិយ

  3. Somada Vsthea / ឧសភា 20 2014 12:10 ល្ងាច

    សរសេរនេះ គ្មានអាណិតអាសូរគ្នាឯង​ខ្លះសោះ ចង់​មើល​ក៏គ្មាន​ពេលមើល ដល់ចឹង​អត់​មានមាត់​ខាំមាន់​នឹង​គេទេ ?

    • លី កល្យាណ / ឧសភា 20 2014 6:12 ល្ងាច

      ឱ បងសម្លាញ់អើយ ទៅមើលអីទេវែងណាស់។ ខំតែការងាររកលុយឱយតែបានទៅគឺគ្រប់ហើយ កុំមកលេងនៅនេះនោះ ការងារបងមិនហើយទេ

  4. Somada Vsthea / ឧសភា 21 2014 1:11 ល្ងាច

    យ៉ាហ៊ីឆ្លៀត​មកសួរ​សុខទុក្ខ​ហើយ នៅម៉ោឌឺដងឲ្យទៀត !!!

    • លី កល្យាណ / ឧសភា 21 2014 2:27 ល្ងាច

      នេះបានថា ធ្វើបុណ្យបានបុណ្យមែន ជាបងជាប្អូន ខំដាស់តឿនគ្នាឱយខំធ្វើការរកលុយ ទៅជាថាឯងរករឿងទៅវិញ! អយុត្តិធម៌ណាស់លោកម្ចាស់ប៉ាវ!!! 😀 😀 😀

  5. រដ្ឋ / មករា 7 2015 10:10 ព្រឹក

    ថ្ងៃនេះដាក់អារម្មណ៍អានទាល់តែចប់ នេះបើដាក់អាកន្លែងមិនទាន់សរសេរទៀត ខ្ញុំអានខ្ទេច។ ជីវិតស្រែចំការសប្បាយម្យ៉ាង គឺសប្បាយនឹងធម្មជាតិ ។ ខ្ញុំគ្មានស្រែចំការ តែខ្ញុំព្យាយាមបង្កើតសួនធម្មជាតិនៅផ្ទះ បន្លែបង្កា ជីខ្ទឹមស្លឹកគ្រៃ… និងបុប្ផាគ្រប់ព័ណ៌ ព្រោះនេះជាសម្រស់ជីវិត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: