រូបថតផ្កាក្រវាន់នៅភូមិគោកងួន
រូបថតផ្កាក្រវាន់នៅភូមិកំណើតជីដូនជីតាខាងម្តាយរបស់ខ្ញុំមានសម្រស់គួរជាទីចាប់ចិត្ត មានព័ណ៌ធម្មជាតិស្រស់ស្រទន់ ហាក់ទាក់ទាញភ្នែកអ្នកទស្សនា ដូចក្លិនដ៏ក្រអូបឈ្ងប់របស់វាដែរ ។ ខ្ញុំមានផ្កាក្រវាន់ជាផ្កាប្រចាំចិត្តរបស់ខ្ញុំ ជាផ្កាតែមួយគត់ដែលខ្ញុំចូលចិត្តក្លិនក្រអូបលើសផ្កាឯទៀត ម្ល៉ោះហើយរូបថតផ្កាក្រវាន់លើកណាក៏មានថតដែរឱ្យតែពេលខ្ញុំទៅលេងស្រុកកំណើតជីដូនខ្ញុំ ។ រូបថតអាចនិយាយបានថាលើសពីមួយពាន់សន្លឹកគ្រាន់តែផ្កាក្រវាន់មួយមុខនេះ ដូច្នេះលោកអ្នកប្រាកដជាយល់ពីចំណូលចិត្តរបស់ខ្ញុំចំពោះវាបានហើយ ។
រូបថតមួយសន្លឹកក្នុងបណ្តារូបផ្កាក្រវាន់ទាំងឡាយរបស់ខ្ញុំ និងរូបខ្លះទៀត ត្រូវបានផេកមួយចំនួនយកទៅផ្សព្វផ្សាយឈ្មោះផ្កាខ្មែរហើយដាក់និមិត្តសញ្ញាសម្គាល់ផេករបស់គេនៅក្នុងហ្វេសប៊ុក និងវេបសាយរបស់គេទៅហើយ ។
ខ្ញុំក៏ប្រហែលជាភ្លេចខ្លះដែរថាខ្ញុំធ្លាប់បានជូនរូបថតផ្កាក្រវាន់នេះដល់ញាតិមិត្តណាខ្លះ តែខ្ញុំចាំច្បាស់ថាខ្ញុំមិនដែលបានជូនរូបមួយនេះទៅនរណាទេពីមុនមក ព្រោះបើអ្នកដឹងថារូបនេះតំណាងឱ្យបេះដូងខ្ទេចខ្ទាំមួយ នោះប្រហែលជាអ្នកអាចប្រែចិត្ត។
ខ្ញុំចូលចិត្តថតរូបសម្រាប់ជំនួស(តំណាង)អារម្មណ៍ Metaphor ដូចជាអាឡិចអ្នកថតរូបសំណព្វចិត្តរបស់ខ្ញុំដែរ ។
បើអ្នកសង្កេតជាមួយខ្ញុំ អ្នកនឹងបានឃើញពន្លឺតាមចន្លោះស្លឹកក្រវាន់នេះប្រៀបដូចតំណក់ទឹកភ្នែកទាំងឡាយដែលស្រក់ មកដក់ជាប់ក្នុងដំណើរជីវិត ។ ទឹកភ្នែកនេះស្រក់រាយប៉ាយស្ទើរពេញរូបថត ស្រក់ពីគ្រឹះទៅដល់កំពូល ហើយស្រក់កាន់តែច្រើននៅពេលយើងមើលកាន់តែខ្ពស់ ។ ផ្កាក្រវាន់ធំមួយនៅខាងមុខបើកស្រទាប់រីកស្គុះស្គាយ ដូចជាកំពុងរីករាយនឹងអ្វីដែលខ្លួនមាន គេចមុខចេញពីភ្នែកមនុស្សដែលស្រឡាញ់ចាប់អារម្មណ៍បំផុត … បានត្រឹមស្រឡាញ់ តែគេគេចចេញធ្វើហាក់មិនដឹង ឬប្រឹងបំភ្លេច … បើគិតតាមគណិតវិទ្យា មុំនេះថតផ្កាបានស្អាតល្អបំផុតហើយ ស្រទាប់ទាំងប្រាំមួយរីកសាយមើលឃើញច្បាស់ក្រឡែត … ស្នេហាយើងដើរដល់ចំណុចដែលអាចជួបគ្នាហើយ ម្តេចឡើយសេចក្តីស្រឡាញ់មួយនេះបែរជាទទួលបានត្រឹមតែការព្រងើយបន្តើយ គេចចេញ លាចោល ទៅបាត់វិញ … បើយើងមើលទៅទង និងមែកផ្កាវិញ ស្ទើរច្រឡំគ្នាមិនដឹងជាមួយណារបស់ផ្កាណាទេ … អ្នកមកមុន និងអ្នកមកក្រោយ មិនប្រាកដថានរណាអាចរួមដំណើរជីវិតរហូតដល់ពេលចុងក្រោយឡើយ … ក្តីស្រឡាញ់បានផ្តោតសំខាន់ឆ្ពោះចំពោះមនុស្សម្នាក់គត់ ស្របពេលមានមនុស្សម្នាក់ទៀតផ្តោតចិត្តខ្លាំងដូចគ្នាឆ្ពោះមករក ទាមទារថែរក្សាសេចក្តីស្នេហាមួយនេះដែលទើបតែប្រេះស្រាំទៅ … គេមើលមកពីចម្ងាយដោយហ្មត់ចត់ណាស់ ល្អិតល្អន់ណាស់ ស្ទើរតែតាមមើលមិនដាក់ភ្នែក មិនព្រិចភ្នែក ត្រង់ឆ្ពោះ ច្បាស់លាស់ និងមានគោលដៅគ្មានងាករេ … បើអ្នកប្រើរង្វាស់ប្រវែង Matrix នោះអ្នកនឹងឃើញថា ផ្កាទាំងពីរទងនៅក្នុងចន្លោះស្ទើរស្មើគ្នា បើធៀបទៅនឹងគែមខ្វែងនៃជ្រុងរូបថត ។
នេះជាសម្លោកប្រៀបធៀបនៃសេចក្តីស្នេហារបស់មនុស្សបីនាក់ ។ រឿងរ៉ាវអតីតជារឿងដែលពិបាកបំភ្លេចពន់ពេកក្នុងជីវិត ។ តែការត្រាំត្រែងក្នុងទុក្ខព្រួយបានទទួលត្រឹមតែពាក្យ ស្មោះស្នេហ៍ប្រែព្រាត់ប្រាស ទៅវិញ គ្មានអ្វីនឹងសង្ឃឹមថាសេចក្តីស្នេហាមួយនេះអាចវិលត្រឡប់វិញទេ ។ ទោះជាយ៉ាងណា ម្នាក់ៗបានត្រឹមគិតក្នុងចិត្ត បានត្រឹមលួចរក្សាទុកអនុស្សាវរីយ៍ល្អៗដែលពួកគេមានជាមួយគ្នាសម្រាប់រំលឹកលួងចិត្តខ្លួនឯងថា មានម្តងនៅលើលោកនេះដែលពួកគេមានមនុស្សម្នាក់ស្រឡាញ់គេយ៉ាងបរិសុទ្ធ យ៉ាងស្ម័គ្រស្មោះ មិនដែលគិតកេងចំណេញ ឬសម្លឹងរកផលប្រយោជន៍ពីសេចក្តីស្នេហាមួយនេះឡើយ … មានពេលខ្លះក៏ស្តាយក្រោយព្រោះពួកគេមិនត្រឹមតែទុកអនុស្សាវរីយ៍ល្អៗនោះទេ ពួកគេក៏មានដាប់ស្នាមអាក្រក់ទុកឱ្យគ្នាផងដែរ …
ខ្ញុំបានបាត់បង់រូបភាពដើមដែលមានគុណភាពល្អអស់ទៅហើយព្រោះហាដឌីសដែលផ្ទុកវាបានខូច តែរូបទាំងនេះខ្ញុំធ្លាប់បង្ហោះក្នុងហ្វេសប៊ុកខ្លះ ទើបអាចទាញមកប្រើការបាន តែគុណភាពរូបថតមិនដូចរបស់ដើមដែលមើលទៅត្រជាក់ភ្នែកនោះទេ ។
ឥឡូវរូបនេះខ្ញុំបានសម្រេចចិត្តប្រគល់ជូនមិត្តម្នាក់របស់ខ្ញុំ ឈ្មោះ វ៉េង ទេពី ដូចមានបង្ហាញឈ្មោះជានិមិត្តសញ្ញាលើរូបថតស្រាប់ ។
សូមជូនពរមិត្តប្រកបដោយសេចក្តីសុខ និងសេចក្តីចម្រើនជានិច្ច ។ អរគុណដែលបានអធិដ្ឋានឱ្យខ្ញុំក្នុងពេលលំបាកបំផុតរបស់ខ្ញុំ ។
ផ្កាក្រវាន់ ២០១២ @ភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕
ឆ្លើយតប