សត្វល្អូត នៅជិតប្រាសាទក្រពុំឈូក
មុនចូលឆ្នាំខ្មែរ ខែមេសា២០២០ មួយអាទិត្យ ខ្ញុំមានបេសកកម្មត្រូវទៅព្រះវិហារ ។ ខ្ញុំចេញពីភ្នំពេញនៅថ្ងៃទី០៦ ខែមេសា ម៉ោង៧៖៣០នាទី ទៅសម្រាកនៅផ្ទះកំពង់ធំមួយយប់ ។ លុះព្រឹកឡើងខ្ញុំងើបទៅខេត្តព្រះវិហារម៉ោង៦ព្រឹក ។
នៅតាមផ្លូវស្ងាត់ជាងសព្វមួយដង នាពេលថ្មើរណេះសមនឹងមានឡានតាក់ស៊ីរត់មួយៗទៅកំពង់ធំឬភ្នំពេញហើយ តែនេះគ្មានទេ! តាមផ្លូវអ្នកស្រុកប្រកបការងារតាមផ្ទះរៀងខ្លួន អ្នកលក់នំបញ្ចុកចាប់ផ្តើមហាន់បន្លែបណ្តើរៗ ចាស់ៗខ្លះបណ្តើរគោចម្លងថ្នល់វាឱ្យទៅរកស៊ីឯព្រៃខាងកើតផ្លូវ… បញ្ហាមេរោគកូវីត១៩នេះបានធ្វើឱ្យមនុស្សម្នាចេះនៅផ្ទះច្រើនជាងមុន ។
ខ្ញុំមកដល់ជិតប្រាសាទក្រពុំឈូក មានលោកនេនពីរអង្គកំពុងរៀបចំតុទទួលបច្ច័យនៅជើងភ្នំមួយ ។ កំពុងរីករាយនឹងបានឃើញលោកចេះជួយគ្នារៀបចំកន្លែងបោសដី បោសតុរលាស់ក្រណាត់ក្រាល ស្រាប់តែងាកមកឃើញសត្វល្អូតមួយហើរព្រុល ចេញពីព្រៃគម្ពោធនៅខាងកើតផ្លូវតម្រង់មករកឡាន ខ្ញុំជាន់ហ្វ្រាំងអូសឮសូរឡើងងឺត… ជាធម្មតាខ្ញុំកម្រជាន់ហ្វ្រាំងបែបនេះណាស់ អាណិតឡាន។ តែទន្ទឹមនឹងប្រឹងទប់ខ្លួន បង្ខំឡានគេចពីសត្វកំពុងហើរនេះ ខ្ញុំសម្លឹងមើលឃើញវាហើរយឺតនោះមហាយឺតហាក់គ្មានកម្លាំងសោះ ខុសពីធម្មជាតិរបស់សត្វព្រៃដែលលឿនរហ័ស ។ បើសិនខ្ញុំកុំជាន់ហ្រ្វាំង ប្រហែលជាឡានគេចផុតពីវាហើយ ។ តែចៃដន់អីពេលនេះខ្ញុំស្មានខុសល្បឿនហើយ ឡានបុកនឹងល្អូតដ៏កំសត់នោះដែលគ្មានកម្លាំងហើរផុតពីដីបីម៉ែត្រ សត្វក៏ខ្ទាតទៅខាងកើតផ្លូវ ខ្ញុំឈប់ឡាននៅផ្លូវចូលទៅប្រាសាទក្រពុំឈូកដោយសារត្រង់នេះជាផ្លូវកោង ហើយរត់មកមើល ក្រែងវានៅរស់ នឹងបានលើកដាក់ឡានទៅខេត្ត ដែលមានគ្នីគ្នាគាត់អាចជួយបានព្រោះជាអ្នកកសិកម្ម ។ រត់មកមើលមិនឃើញកម្រើកស្លាបកម្រើកក្បាល នឹកអនិច្ចាភ្លាម ឱអ្នកអើយ ខ្ញុំសុំខមាទោស ខ្ញុំគ្មានចេតនាទេ ក៏លើកដៃសំពះសំបូងសំរូងសុំឱ្យអ្នកឯងបានទៅកាន់ទីស្ងប់សុខចុះ។ លុះអើតមើលទៅកែវភ្នែកសត្វដែលងាប់ទៅហើយឃើញក្រហមដិត នឹកអាណិតណាស់ អាណិតខ្លួនខ្ញុំដែលបានបំពានជីវិតគេ ខ្ញុំក៏ស្ទុះទៅយកទូរស័ព្ទមកថតរូប ។ កំពុងអង្គុយគិតពិចារណាកំហុសដែលប្រហែសនេះ ស្រាប់តែស្រ្តីពីរនាក់ជិះម៉ូតូមកពីណាមិនដឹងព្រោះមិនបានតាមមើល ស្រែកសួរថាស្អីគេហ្នឹង? គេក៏បត់ម៉ូតូមកមើល ខ្ញុំអួលដើមកនិយាយមិនចង់ចេញ។
– សត្វអីហ្នឹងបង?
ខ្ញុំថាល្អូត ឡានខ្ញុំបុកវា។
– បងឯងហុចវាឱ្យខ្ញុំបន្តិចមក ។
អត់ទេ ខ្ញុំគ្មានសិទ្ធិទេ។
– គាត់ខ្លាចមេរោគហ្នឹងក៏អី?
ខ្ញុំគ្រវីក្បាលមិននិយាយអីទេ ខ្ញុំដើរចេញត្រឡប់ទៅរកឡានវិញ ។ អ្នកជាម្ចាស់ស្រុកអ្នកមានសិទ្ធិអាស្រ័យផលបានមកពីធនធានធម្មជាតិជាការធម្មតាទៅហើយ តែខ្ញុំកំពុងមានកំហុស ខ្ញុំគ្មានសិទ្ធិព្រមឬមិនព្រមឱ្យអ្នក សម្រាប់ជីវិតសត្វមួយនេះទេ។
ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាដែលជាអ្នកមានទ្រព្យសមរម្យល្មមនឹងរស់ហើយ សូមទុកកន្លែង ទុកព្រៃឱ្យសត្វទាំងឡាយគ្នាមានផ្ទះមានសម្បែងរស់នៅផង។ កុំដុតព្រៃ កុំទុកឱ្យគ្នាទុព្វលដល់ទីបំផុតអី! អាណិតគ្នា! កាលសម័យប៉ុលពត ម៉ែឪយើងស្រែកត្អូញលំបាកណាស់ គ្រប់សព្វសារពើ តើយើងមានដែលយកត្រចៀកស្តាប់សម្លេងសត្វទាំងឡាយដែលយំសោក ព្រោះអស់ព្រៃជាជម្រក ជាកន្លែងការងាររកស៊ីចិញ្ចឹមជីវិតទេ?
ខាងលើនេះជារូបទេសភាពពេលព្រឹកម៉ោង៦ នៅប្រយុទ្ធជិតទីរួមខេត្តព្រះវិហារ និងរូបមានដុតព្រៃរានដីចម្ការនោះ នៅជិតតំបន់ដែលលោក បេន គាត់ធ្វើការជាមួយសហគមន៍ដើម្បីថែទាំព្រៃឈើសម្រាប់ខ្មែរទាំងអស់គ្នា។
សូមឱ្យសព្វសត្វទាំងឡាយ កុំបីមានពៀរនឹងគ្នា កុំចងពៀរនឹងគ្នា សូមធ្វើជាញាតិជាមិត្តនឹងគ្នា ដរាបដល់អស់កប្បនេះទៅហោង!
តើវាងាប់ទេ?
វាងាប់បាត់ហើយ ។ ខ្ញុំស្តាយកំហុសណាស់។
ជាការល្អ។ សេចក្តីស្លាប់ជាការរំលត់ ទុក្ខ និងភាពលំបាក ទាំងឡាយ។
ទោះជាយ៉ាងណា វាជាកំហុសមួយរបស់ខ្ញុំ ពេលដែលនឹកដល់ការប៉ះពារជីវិតគេ ខ្ញុំតែងតែភ័យខ្លាច។ ខ្ញុំខ្លាចកម្មផលប៉ះមកលើគ្រួសារខ្ញុំវិញ ។
បើគ្មានចេតនាសម្លាប់វាផង អ៊ីចឹងមិនខុសទេ។ លុះណាតែមានចិត្តចង់សម្លាប់វា នោះទើបមានកម្មពៀរ។