រំលង ទៅខ្លឹមសារ
19 ខែកញ្ញា 2012 / ស្នាមញញឹម

មានអីចាបាយជាងមានសង្សារច្រើននោះ?


តើស្រុកយើងកំពុងតែខ្វះធនធានមនុស្សជាស្រី្តឬ? ខ្ញុំថាដូចជាមិនមែនទេដឹង!

អ្នកនៅជុំវិញខ្លួនខ្ញុំមានសុទ្ធតែស្រីទាំងអស់ ទាំងនៅកន្លែងធ្វើការ និងមិត្តភ័ក្តិ។ ខ្ញុំមានមិត្តច្រើនណាស់ ខ្លះនៅ ទាក់ទងគ្នាជាប់រហូត ខ្លះនោះបានតែឃើញមុខតាមហ្វេសប៊ុកទេ។

រឿងមួយនេះ ខ្ញុំទុកជាមេរៀនជីវិត ជាបទពិសោធន៍ និងក្នុងនោះផងដែរបានបង្កើតសេចក្តីស្រឡាញ់ចំពោះខ្ញុំ។

នៅកន្លែងការងារមួយណាក៏មានស្រីៗក្មេងៗ ដែលខ្លះជាអ្នកធ្វើការជាមួយ ឯខ្លះទៀតជាក្មេងមកសុំហាត់ការ។ រឿងក្មេងហាត់ការនេះជារឿង សេនស៊ីធីវ ណាស់សម្រាប់ខ្ញុំ ពួកគេញ៉ែខ្ញុំដោយតាមទៅគ្រប់កន្លែងទាំងអស់ ទាំង កន្លែងការងារ។ ទោះជាគម្រោងរបស់ខ្ញុំគ្មានអ្នកហាត់ការក៏ពួកគេមកធ្វើនៅគម្រោងផ្សេង ហើយបញ្ចេះខ្ញុំឱ្យសុំ ពួកគេមកជួយការងាររបស់ខ្ញុំ ដូចជាគម្រោងជាមួយអង្គការនៅខេត្តកំពង់ធំ (មិនឱ្យហៅថាញ៉ែយ៉ាងម៉េច បើ គម្រោងអត់ត្រូវការអ្នកជួយផង ពួកវាប្រាប់ឱ្យខ្ញុំទៅសុំមេ ឱ្យហៅពួកវាទៅជួយ)។ និយាយៗទៅ ម៉ាជុំវិញខ្លួនខ្ញុំ ងាកទៅណាក៏មានតែមនុស្សស្រី (បើជាប្រុសវិញគឺគេហៅអាសំណាងមិនខានរ៉េ) 😀

ក្មេងហាត់ការពីរនាក់ដែលស្និទ្ធនឹងខ្ញុំជាងគេក្នុងចំណោមក្មេងស្រីទាំងដប់នាក់ ឥឡូវនេះបានកាន់ការងារធំៗក្នុង អង្គភាពផ្សេងដែលបើនិយាយសាមញ្ញៗទៅគឺថាពួកគេបានធ្វើធំជាងខ្ញុំឥឡូវនេះ ក្រោយពេលបែកពីពួកគេប្រាំបី ឆ្នាំមក។

ពីរនាក់នេះកំពូលខូច ម្នាក់ៗស្គាល់ផ្ទះខ្ញុំ ឆ្កែរបស់ខ្ញុំមិនដែលព្រុសពួកគេទេព្រោះមកដល់ផ្ទះហៅឈ្មោះវាច្បាស់ និងមានរបស់ផ្ញើឆ្ងាញ់ៗទៀត បាយកកបាយក្តាំងឱ្យតែមានសល់ក្នុងឆ្នាំង តែត្រូវចិត្តគឺពួកគេនាំគ្នាឆ្កឹះហូបជាមួយ ម្ទេសជ្រក់ និងត្រីឆ្អើរ ឬជួនកាលមានតែផ្អកត្រសក់ផ្អលាយម្ទេសនិងក្រូចឆ្មារក៏អាចទៅរួចអស់បាយមួយឆ្នាំងទទេ ក៏មាន។ ពួកគេទាំងពីរនាក់ ម្នាក់ណាក៏អាចហាមាត់ស្តីឱ្យខ្ញុំពីកំហុសបន្តិចបន្តួច ហើយអាចនឹងណែនាំខ្ញុំផងក៏ សឹងមានព្រោះតែពួកគេស្គាល់ដឹងចិត្តព្រះអស់ទៅហើយ ដែលតាមការពិតទៅខ្ញុំទេដែលមានសិទ្ធិស្តីឱ្យគេតែម្ខាង បើសិនជាថ្ងៃណាគេមកលេងផ្ទះខ្ញុំចំពេលខ្ញុំនៅផ្ទះវិញ គេលោតឡើងលើគ្រែដេកខ្ញុំសឹងតែបាក់អស់ហើយ ទម្លាក់ ខ្លួនភឹងៗគ្មានប្រណីគ្រែបន្តិចទេ និយាយទៅបើថាមានអាថ៌កំបាំងអីក៏មិនអាចលាក់បានដែរ។

តែពួកគេច្រើនតែដើរពីរនាក់គ្នាគេហ្នឹង មួយធំ មួយតូចល្អិត មួយធាត់មួយស្គម មួយខ្ពស់ មួយទាប ទើបតែមក បែកគ្នាត្រឹមឆ្នាំ ២០១១ ដែលម្នាក់ត្រូវទៅធ្វើការឯបន្ទាយមានជ័យ និងម្នាក់ទៀតនៅស្រុកប្រាសាទសំបូរ​ទីរួម​ខេត្ត កំពង់ធំ។

ប្រហែលខែមុន ស្រីធំបានទូរស័ព្ទមកព្រមានខ្ញុំទាំងកណ្តាលអធ្រាត្រ ថា ៖ បើខ្ញុំនៅតែមិនតេមកលេងគេ ឬឆៀង ចូលលេងគេពេលទៅដល់បន្ទាយមានជ័យទេ ខ្ញុំនឹងមានបញ្ហាធំជាមួយគេមិនខាន ព្រោះគេច្រណែនដែលខ្ញុំតែង ជួបជាមួយស្រីតូចឯកំពង់ធំជាងជួបគេ។

«- អូខេ! អូនសម្លាញ់ ពេលណាក៏បងជាមនុស្សប្រកបដោយសមធម៌ និងសន្តិភាពដែរណា៎ បងនឹងស្រឡាញ់អូន មិនឱ្យលើសមិនឱ្យខ្វះឡើយ! បើបងទៅជួបស្រីតូចមួយថ្ងៃ បងនឹងសុំច្បាប់ពីកន្លែងការងារទៅជួបអូនមួយថ្ងៃ ដែរ។ព្រមទេអូន?

– ចុះបងសុំច្បាប់ហ្នឹងគេកាត់ប្រាក់ខែដែរទេ?

– កាត់! ព្រោះបងធ្វើការបើកប្រាក់តាមថ្ងៃ។

– ចឹង… កុំទាន់មកជួបអូនក៏បានដែរ អូនអត់ទាន់ខឹងទេ។

– អើ! ល្អ! ចេះគិតគ្រាន់បើ!

– …តែបងត្រូវបើកប្រាក់មួយថ្ងៃនោះទុកផ្ញើឱ្យអូនផង ព្រោះនោះជាបដិភាគរបស់បងសម្រាប់អូន!…»

:shock: សឹងនឹងដាច់ផ្ងារទាំងកំពុងឈរនិយាយទូរស័ព្ទ។ លោកអើយលោក ចុះអីក៏ក្បាច់ស្រីម្ល៉េះលោក?

ខ្ញុំនឹកក្នុងចិត្ត៖ ក្នុងគម្រោងមួយ មានថវិការបស់ម្ចាស់ជំនួយ និងបដិភាគរបស់អ្នកទទួលផល។ ខ្ញុំទៅជាកំពុង ធ្វើគម្រោងមួយជាមួយនាងចឹងទៅ??? :shock:

ជាញឹកញយខ្ញុំតែងទៅមើលការងារនៅបន្ទាយមានជ័យ តែភាគច្រើនជ្រុលដំណើរមកគេងនៅបាត់ដំបង ឬនៅ សៀមរាប។ ប៉ុន្មានថ្ងៃមុនខ្ញុំបានឆ្លងកាត់បន្ទាយមានជ័យដែរ តែភ្លេចសូន្យតែម្តងថាតេរកគ្នាហូបបាយ ដល់តែ ស្រីធំដឹងនាងក៏ខឹងខ្ញុំ តេមកនិយាយឱ្យក្រងួរ អួលដើមក។ មូលហេតុដែលនាងដឹងថាខ្ញុំមិនចូលលេងព្រោះអ្នក ធ្វើការជាមួយខ្ញុំគាត់ក៏ស្គាល់នាងដែរ។ រឿងប៉ុនចង្អេរ យកដំរីទៅបាំងម្តេចនឹងជិត?  😀

លើកទីបីនេះខ្ញុំដោះសារលែងរួចហើយ។ នាងតេមកដុកដាន់ខ្ញុំពេញទំហឹង ទោះលួងអង្វរយ៉ាងណាក៏នៅមិន ស្រកស្រុតចិត្តដែលខឹងសោះ។

– បងអត់ស្រឡាញ់អូនដូចកាលពីមុនទេ។ បងស្រឡាញ់ស្រីតូចជាងអូនហើយ។ ចិត្តបងប្រែប្រួលលឿនណាស់!

– បងនៅតែស្រឡាញ់អូនដូចៗគ្នាស្មើៗគ្នាតែទាំងអស់ហ្នឹង។ ដូចដើមដដែល។

– អត់ដូចទេៗៗៗ!

– យីសវ៉ី! តែបងថាដូចគឺដូចហើយ។ ក្រែងយើងព្រមព្រាងគ្នារួចហើយថា បងនឹងស្រឡាញ់អូនទាំងពីរឱ្យស្មើគ្នា!

– បងឯងកុំសំដីធំដាក់អូនពេកមើល៍!!! បងត្រូវនិយាយតែពាក្យពីរោះៗដាក់អូនបានហើយ។ ហើយត្រូវរៀន និយាយឱ្យពីរោះគ្រប់ពេលទើបគេមិនមើលងាយ។ និយាយផ្អែមល្ហែមដាក់អូនវាមិនអស់អីទេ មានតែចំណេញ!

ខ្ញុំនឹកក្នុងចិត្ត៖ រួចចុះក៏ដូចសម្តីបងសុធាម៉្លេះ???

*****

– អូននឹកបងណាស់តើពេលនេះបងមាននឹកដល់អូនទេ? សូមអរគុណបងដែលបានស្រលាញ់ និងជួយគ្រប់ពេល ណា។ សូមឲ្យបងមានសំណាងល្អគ្រប់វេលាជារៀងរហូតណា៎។

– បងមិនដឹងថាបេះដូងបងត្រូវការអូន គិតដល់អូន នឹកអូនតាំងពីពេលណាមកនោះទេ តែពេលនេះវាលោតខ្លាំង ណាស់នៅពេលបានទទួលសាររបស់អូនបងគិតថាប្រហែលអូនជិតផ្ញើលុយឱ្យបងចាយនៅពេលដាច់ខែ។

បងមិន ទាន់បានជួយអីអូនទេកុំមកនិយាយបែបហ្នឹងនោះ។ សូមអូនជួបតែសេចក្តីសុខ សេចក្តីចម្រើន និងមាន ជោគជ័យគ្រប់ការងារ។

*****

– ពេលនេះ អូន រៀបចំទៅភូមិហើយណាបង។

-សូមបានសុខសាន្តតាមផ្លូវណាអូន។ ថែខ្លួនផង ព្រោះបងស្រឡាញ់។ smile

– សូមលាមួយរយៈពេលខ្លីណាបងសម្លាញ់ចិត្ត។

-បាទទាន អូនបណ្តូលចិត្តបង។

*****

– ខ្ញុំនៅបន្ទាយមានជ័យណាបង !!!  ចុះបងវិញ? អូននឹកបងណាស់!

– អើយ! បងក៏នឹកអូនឯងដែរ តែវាមិនដែលបានជួប ឱ្យធ្វើម៉េច? បងនៅភ្នំពេញ មិ្សលមិញបងទៅកំពង់ធំ ផ្ទះអូន បងមើលពីថ្នល់ទៅស្ងាត់ឈឹង។

– អរគុណណាស់បង។ នៅក្នុងផ្ទះរបស់អូនមានតែម្តាយនិងឳពុកទេ កូនៗចេញពីផ្ទះអស់ហើយបងសំឡាញ់។

– បងសួរមួយ អូនឯងទៅនៅនោះអត់អផ្សុកទេ?

– yes……………. cos miss u nas……….

– Bante tha neung kmean kit rok kni knea te

– នឹកណាស់ម្ចាស់ចិត្ត

– Oyyyy… kal na mean sangsa tov?

– អូនចាំរៀបការជាមួយបណ្តូលចិត្តរបស់អូន។

– បើបងសុំអូនរៀបការ អូនព្រមការជាមួយបងទេ? បងសុំស្រីតូចដែរ តែគេថាទាល់តែការភ្លាមៗបានព្រម។ បងរក ធ្វើស្អីក៏មិនទាន់ដែរ សូម្បីតែហែរជំនូន។ គេថាឱ្យបងប្រាប់ម៉ែឳបងប្អូនទាំងកណ្តាលអាធ្រាត្រម៉ោងមួយយប់ហ្នឹង ហើយព្រឹកឡើងត្រូវមានជំនូន ៥០គូ ហែជូនដំណើរបងនៅមុខផ្ទះគេឯកំពង់ថ្ម។

– អូយ អាណិតណាស់បង !!! ហេតុអីបងចង់រៀបការជាមួយអូន?

– ព្រោះ«អូនស្រឡាញ់បង»

– ខ្ញុំយល់ព្រមណាបងសំណប់ចិត្ត !!! តើមួយសប្តាហ៍ទៀតអាចរៀបចំមង្គលការបានទេ?

– ឡាប់ហើយ! អាមួយឱ្យការស្អែកបានព្រម អាមួយឱ្យមួយអាទិត្យ ធ្វើអីទាន់ គ្រាន់តែហៅភ្ញៀវពីរខែឯណោះ!!!

– មិនបាច់ហៅភ្ញៀវការទេ រៀបការតែបងប្អូនបានហើយណា !!!! ហាសហា!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

– ម៉េចហៅការទៅ បើការតែគ្នាឯង អាហ្នឹងគេហៅសែនណាមីនាង!

– ខ្ញុំអាណិតបង ខ្លាចអស់លុយច្រើនណា៎។ បើអស់លុយច្រើនពេកខ្លាចបងអត់រៀបការជាមួយអូនណា៎។

– ហ៊ី! បងខ្លាចអីអស់លុយនោះ ឱ្យតែបានប៉ាពន្ធមួយ។

– អូយសំណប់ចិត្ត អូនអរណាស់ អញ្ចឹងពិធីការត្រូវការលុយ១០ម៉ឺនដុល្លា។ យល់ព្រមទេ?

– បងនឹងសន្សំប្រាក់ចាប់ពីស្អែកទៅ មួយថ្ងៃមួយដុល្លា ណា៎អូន

– អ៊ែកៗណាស់!!!

– កុំទាន់អស់សង្ឃឹម មួយម៉ឺនថ្ងៃទៀតយើងនឹងបានសំពះផ្ទឹមជាមួយគ្នា។

ចាឡំ ដប់ម៉ឺនថ្ងៃទៀត!!!

XXX

រឿងរ៉ាវជាមួយស្រីក្មេងចប់ត្រឹមនេះ។ មិនដឹងថាថ្ងៃណានាងតូចរបស់ខ្ញុំទាំងពីរបានអានប្រកាសនេះទេ។

6 ខែកញ្ញា 2012 / ស្នាមញញឹម

ថ្ងៃពិសេសរបស់មនុស្សពិសេស


នរណាទៅពិសេស?

ទោះជាយ៉ាងណា នេះមិនមែនជាមនុស្សពិសេសរបស់ លី កល្យាណ ទេ។ រឿងដែលខ្ញុំនឹងរៀបរាប់នេះជារឿង សង្ខេបរបស់អ្នកដទៃ (មិត្តម្នាក់ស្និទ្ធគ្រាន់បើដែរ) តែដោយត្រូវគេរំខានអស់មួយថ្ងៃទៅហើយ រឿងអីមិនហ៊ាន ហែកកេរ្ត? សរសេរតាំងពីម៉ោងដប់មួយព្រឹករហូតដល់ម៉ោង ដប់យប់បានចប់ និយាយរួមទៅគឺដួលមួយសារ ហើយបានក្រោកមកសរសេរទៀតបង្ហើយទម្រាំកែសម្រួលអក្ខរាវិរុទ្ធរួចរាល់ ជិតមួយអាទិត្យបានដាក់ប្រកាស ព្រោះចង់ឱ្យអ្នកខ្លះបានដឹងពីប្រវត្តិស្នេហាមួយនេះ!!!

XXX

ថ្ងៃសុក្រម៉ោងដប់ពីរយប់ ឡានក្រុងទើបតែឈប់មិនទាន់ស្រួលបួលផង មានសារមួយចូលក្នុងទូរស័ព្ទ ៖

– K, where are you? I’m in PP. I want to meet you tomorrow night, couldn’t I?

– I’m in KT, just arrived, what wrong with you? Will be back tomorrow night 12 PM.

– I need to see you tomorrow. I’ll call you 12 pm. Could we have a drink?

– What’s wrong with you? I’ll arrived PP 12 pm Sat night.

– I want to meet you. Want to discuss something with you. Could I?

– Of course, yes. Yeah. Why not? Huh?

– OK! See you… Love, Xo

I don’t know what is that “Xo” mean, but wouldn’t asked for. Because for a drink with an old friend, I would not refuse to get it, happy to get it. 😀

ម៉ោងប្រាំបីព្រឹកថ្ងៃអាទិត្យ ទូរស័ព្ទរកគ្នាទៅបាយព្រឹក រួចហួសទៅត្រើយម្ខាង ស្ទូចត្រីលេងតាមមាត់ទន្លេព្រោះគាត់ ដឹងថាខ្ញុំចូលចិត្តស្ទូចត្រី។ តាមពិតទៅស្ទូចមិនដែលសូម្បីតែបានត្រីកញ្ចុះអីមួយ តែនេះជាចំណូលចិត្តខ្ញុំ ត្រីស៊ី នុយឬមិនស៊ីជារឿងរបស់ត្រី រឿងរបស់ខ្ញុំនាពេលនេះគឺត្រូវអង្គុយស្តាប់គាត់និយាយរឿងរបស់គាត់ដែលលាក់ទុក ក្នុងចិត្តមិនដឹងតាំងពីអង្កាល់??? រួចអ្នកស្តាប់រឿង ឬអ្នកពិភាក្សាផ្លូវចិត្តជួនកាលងងុយដេកពេកក៏លក់មួយភាំង ហើយមិនដឹងរឿងតទៀតយ៉ាងម៉េចទេ តែចេះតែ ហ៊ឺ!!!… ម៉េចក៏ទៅជាចឹងហ្ន៎?… តែអីចឹង… តាមពិតដេកលក់ ម្តងៗដែរហ្នឹងព្រោះមិនដែលមាននរណានិយាយម្នាក់ឯងដល់ទៅពីរម៉ោងកើតទេ!

«

– តោះហៅបៀរមក កំដរពេលទម្រាំដល់ម៉ោងបាយ! អូខេ?

– អូខេ! ផឹកបណ្តើរនិយាយគ្នាលេងបណ្តើរបានសប្បាយ! និយាយគ្នាទទេៗអស់អារម្មណ៍ហើយ!

– អូន! … អូនៗ! យកអង្គរខ្មៅ និងឃីងដុមមក៍។ យកអាត្រជាក់ៗណា៎!

– អត់មានទេបង។ មានតែអង្គរធម្មតា ហិននីកែន បាត់វ៉ៃសឺ ខេមបូឌៀ ។

– យីស៍ ចុះមានអីតែពួកយើងមិនចេះចឹង? ខេឯងសម្រេចទៅ អស់មានអីរើសកើតហើយ!

ក្រៅពីខុសចិត្តរឿងភេសជ្ជៈហើយនោះ យើងក៏នៅមិនត្រូវមាត់នឹងសម្លដែលកុំម៉ង់ទៀត តែក្រោយមកយើងក៏ ហៅពោតស្ងោរមកហូបជាមួយឆៃប៉ូវ។ មួយថ្ងៃអាទិត្យនេះស្ទូចបានថង់ផ្លាស្ទិចមួយយ៉ាងកញ្ចាស់ 😦 ។

គាត់ក៏ចាប់ផ្តើមនិយាយរឿងដែលលាក់ទុកជាយូរ ដែលប្រហែលជារំខានចិត្តគាត់មិនស្ទើរទេព្រោះមិនមានអ្នក ណាដែលអាចនិយាយជាមួយបាន បើមិនអីចឹងមិនមែនគាត់សុខចិត្តជិះឡានពីមណ្ឌលគីរីមករកខ្ញុំដល់ភ្នំពេញ នោះទេ។ ទម្រាំតែបានចាប់ផ្តើមនិយាយរឿងដែលត្រូវនិយាយ ម៉ោងចង់មួយរសៀលទៅហើយ ស្រាបៀរក៏អស់ បណ្តើរៗដែរ ត្រីក៏បានហូបមួយៗ (ត្រីដែលគេទិញពីផ្សារមកស្ល) ដែរ។

ខេ ស្អែកជាថ្ងៃខួបកំណើតសង្សារចាស់របស់ខ្ញុំ!

– ចុះបងនឹងទៅ … ជូនពរគាត់ឬអត់?

– អត់ដឹងថាម៉េចដែរ … (គាត់មើលទៅ ខ្សែទឹកដែលកួចខ្សែសន្ទូចខ្ញុំទៅជាមួយឱ្យរសាត់វិលវល់) … ប្រមាណជា ដប់ពីរឆ្នាំហើយដែលខ្ញុំតែងរីករាយថ្ងៃដែលមានគេនៅលើលោកនេះ … តែពេលនេះ…

– អូហ៍! ចិត្តបង … នៅនឹកគាត់ទៀត? ក្រែងគាត់មានគ្រួសារយូរហើយតើហី?

– កូនពីរ កូនបីហើយ តែអាចិត្តចង្រៃដែលខ្ញុំធ្លាប់តែសន្យាចំពោះខ្លួនឯងហ្នឹងវានៅតែលងរហូតហ្នឹង។ ម៉ោះ…

– បងឯងតែទៅនឹកគាត់ទៀត នឹងក្លាយជាសាច់ញាតិជាមួយកូនខ្ញុំមិនខាន។ (អត់ហ៊ានថាគាត់ទេ ព្រោះប្រុស សង្ហារកំពុងស្រវឹងចឹងតែថាខ្លាំងពេក ខឹងតូងទៅបាត់អាឡូវហ្នឹង) … ឈប់នឹកគាត់ទៅបង … ទៅ!!! បង្ហើយ!!!

– ចង់កាត់ចិត្តឱ្យដាច់ដែរ តែធ្វើមិនទាន់បាន។ (គាត់និយាយបណ្តើរ យោគជើងបណ្តើរ ខ្ញុំធុញសឹងស្លាប់ទៅ ហើយស្អប់នរណាហូបបាយយោគជើង រង្គើតុ រង្គើកែវ ចង់តែថាឱ្យទេ បើកុំតែនឹកថាកំពុងតុកស៊ិចទេ កុំអី!!!)

– កាត់ឱ្យដាច់ទៅបង … បើបងកាត់ចិត្តបាន លើកក្រោយខ្ញុំជិះឡានទៅលេងបងវិញ។ (គាត់ចង់ឱ្យខ្ញុំទៅលេង ឯណោះណាស់ ព្រោះគាត់ខ្ជិលមករកខ្ញុំ)។ ឥឡូវបងហ៊ានភ្នាល់នឹងខ្ញុំឬអត់? ខ្ញុំចាក់ជូន!

– មិនទាន់ដឹងទេ! កុំឱ្យសន្យាអី បើធ្វើមិនបានខ្មាសគេស្លាប់ហើយ (គាត់លើកដាច់ៗ ពីរបីដងឱ្យតែនិយាយ ចូលរឿងពិបាកចិត្តរបស់គាត់) … ចង់ទិញនំខួបកំណើតឱ្យគេមួយ … (គាត់និយាយរួចរកនឹកអីម្យ៉ាង ក៏ងាកមក រកខ្ញុំ) នៅភ្នំពេញមានហាងណាយើងកុំម៉ង់នំខួបកំណើតហើយមានសេវាដឹកជញ្ជូនទេ?

– ខ្ញុំដូចមិនដែលឮដែរទេ តែឱ្យតែយើងប្រាប់គេ គេអាចឱ្យកូនចៅដឹកទៅឱ្យដល់កន្លែងមិនខាន។ ថែមតែលុយ ធីបទៅគឺបានហើយ … (និយាយប្រាប់គាត់បណ្តើរខ្ញុំនឹកក្នុងចិត្តបណ្តើរ៖ មិនដឹងជាកាត់ចិត្តខ្មោចសេះស្អីទេ បើ នៅតែចង់ជូនពរខួបកំណើត ចង់ទិញនំធ្វើខួបកំណើតឱ្យគេអាដែលជាអាដែលចឹងនោះ!)

– ជាងដប់ឆ្នាំហើយដែលខ្ញុំតែងតែរីករាយថ្ងៃកំណើតរបស់គេ ថ្ងៃដែលមានគេនៅលើលោកនេះឱ្យខ្ញុំបានជួប ថ្ងៃនោះក៏ជាថ្ងៃដែលខ្ញុំតែងនឹកអរគុណម្តាយគេដែលផ្តល់រូបគេជាមនុស្សដ៏ល្អម្នាក់។ រាល់ៗឆ្នាំ ខ្ញុំតែងចង់មាន ពេលនេះសប្បាយរីករាយជាមួយគ្នា ទោះបីពេលធម្មតាយើងឈ្លោះគ្នាដល់ទៅ ៣៦៤ថ្ងៃក៏ដោយ ក៏ខ្ញុំនៅតែ ចង់ សប្បាយ ទោះត្រឹមតែមួយពេលក៏ដោយ សប្បាយរីករាយជាមួយមនុស្សសំខាន់របស់យើង ហាក់បីដូចជា ពិភពលោកនេះមិនដឹងជាបាត់មនុស្សទៅណាអស់។

– ក្រែងបងកំពុងកាត់ចិត្តពីគាត់ហើយ ម៉េចនៅចង់ទិញនំខួបកំណើតជូនគាត់ទៀត? ធ្វើអីចឹងដូចសម្លាប់ពេល វេលារបស់យើងអស់ថែមបីបួនឆ្នាំទៀតហើយ។

– ដូចជាមិនយល់ចិត្តខ្លួនឯងដែរ។ ប្រហែលជាការដែលខ្ញុំរំលឹកប្រាប់ឯងនេះ មកពីវាជាទម្លាប់អស់ដប់មួយឆ្នាំ ហើយទេ មិនមែនមកពីស្រឡាញ់ហើយនៅនឹកនោះទេ។ បើសិនជាខ្ញុំត្រូវចំណាយពេលអស់បីបួនឆ្នាំទៀត ទាំងឥតប្រយោជន៍ក៏ខ្ញុំមិនស្តាយដែរ ព្រោះខ្ញុំទុកថាគេជាមនុស្សសំខាន់របស់ខ្ញុំទៅហើយ មានអ្វីធំជាងគេទៀត នោះ?

– អ៊ីហ៍!!! (ដល់ក និយាយទៅនិយាយមកចូលលក្ខណៈស្រវឹងហើយតើនេះ!) បើបងទុកគាត់សំខាន់ហើយ តោះ លើកដាច់នឹងអាលសម្រេចចិត្តឱ្យភឹងៗទៅ ត្រូវទិញនំ ឬមិនទិញ។

– បងត្រូវតែទិញ!

– ចឹងចាំខ្ញុំនាំទៅកន្លែងលក់នំឆ្ងាញ់ កុំម៉ង់គេពីល្ងាចព្រឹកឡើងឱ្យគេយកទៅកន្លែងគាត់ធ្វើការតាម៉ង។

– អូខេ! អរគុណ ខេ!

– អត់អីទេបង។ តោះ!!!

– តែបងអត់ហ៊ានទិញនំយកទៅឱ្យគេទេ!

– (សឹងតែឈ្លក់ប្រកាច់ស្លាក់ភេសជ្ជៈដែលទើបតែលេបមិនទាន់ជ្រុះដល់ក្នុងក្រពះផង) អៅ!!! រួចបងចង់ទិញនំ មកធ្វើអី? នំខួបកំណើតហ្នឹង?

– កុំម៉ង់នំមកហូបពីរនាក់ក៏បានដែរតើ! ខេឯងហ្នឹងឃើញចូលចិត្តនំខេកណាស់ ង៉ៃមុនទៅប៊ូហ្វេ ហូបតែខេក។

– មានអីបង! ខ្ញុំចូលចិត្តតើ តែកុំដាក់ក្រែមបានទេ?

– បាន!!! ឱ្យតែខេឯងចង់ ម៉េចក៏បានដែរ។

– (និយាយបណ្តើរហួសចិត្តបណ្តើរលួចសើចនឹងប្រុសស្អាតចាប់ផ្តើមស្រវឹងខ្លាំងទៅៗ) បងហ្អា៎!

– បាទ!

– សង្សារចាស់បងដល់ថ្ងៃខួបកំណើតមែនទេ?

– បាទ!

– រួចបងកុំម៉ង់នំខួបកំណើតហ្នឹងមកហូបពីរនាក់ខ្ញុំមែនទេ?

– បាទ!

– នំខួបកំណើតគេសម្រាប់យកមកធ្វើខួបកំណើតមែនទេ?

– បាទ!

– នំខួបកំណើតញ៉ាំឆ្ងាញ់ទាល់តែម្ចាស់ខួបគេកាត់ជូន មែនឬអត់បង?

– បាទ! មានសិរីសួស្តីដល់ម្ចាស់ខួប (គាត់ចង់និយាយថា ពេលម្ចាស់ខួបកំណើតកាត់នំជូន គេត្រូវជូនពរសិរីសួស្តី ដល់អ្នកមានខួបកំណើតនោះ តែបែរជានិយាយទាំងក្រងួរ កម្ជិល ដាច់ពាក្យមួយកំណាត់អីចឹងទៅ?)

– បងកុំម៉ង់នំខួបហ្នឹងង៉ៃស្អែក មិនមែន?

– បាទ!

– បង!!! ខ្ញុំឆ្ងល់ណាស់ រួចអាពីរនាក់ដែលប្រុងស៊ីនំង៉ៃស្អែកហ្នឹង មួយណាជាម្ចាស់ខួបកំណើតបង???

😀 😀 😀

4 ខែកញ្ញា 2012 / ស្នាមញញឹម


ដើរព្រៃមួយថ្ងៃវាល់ល្ងាច (ពីម៉ោងប្រាំភ្លឺ ដល់ម៉ោងប្រាំល្ងាច) បានគមផ្អាវប្រហែលម្ភៃ ចំណែក ដៃនិងជើង សុស សាច់មុតនឹងបន្លា។ ម៉ែប្រាប់ថា រកស៊ីអីរស់ បើមួយថ្ងៃរកមិនបានមួយម៉ឺនរៀលផងនោះ?

នៅមិននៅ មិនបាននៅហូបសម្លកកូរគមផ្អាវ ដែលម៉ែធ្វើ រួចកាន់យួរគមផ្អាវយកមកផ្ញើអ្នកភ្នំពេញ គាត់ថាគាត់ មិនដែលស្គាល់គមផ្អាវនឹងយ៉ាងម៉េចផង, ចាំគាត់យកទៅស្ល!!! ដល់ល្ងាចឡើងទៅសួរកុំឱ្យ តែនិយាយអីម៉ាម៉ាត់ ពីរឿងសម្លគមផ្អាវ (សង្ស័យតែស្លហើយហូបមិនកើត ចាក់ចោលបាត់ទៅហើយ)។ កម្លាំងក៏អស់ ដៃនិងជើងដូច ប្រែត (បិទស្គុតរុំរបួស) មុខដូចធ្យូង រួចត្រូវគេថាឱ្យរកស៊ីមិនរស់ទៀត ចប់ប៉ារយ!!!

ចំណាំ៖ បើកុំតែអ្នកទាំងអស់គ្នាទេដែលចង់ដឹង ឆ្ងល់ និងសួររក ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តថតរូបឡើយ (ពីអាយុប្រាំមួយខែដល់ សាមជាងនេះ ខ្ញុំមានរូបថតតែប្រហែលជាប្រាំសន្លឹកគត់) ពេលដើរទៅណាក៏ដោយខ្ញុំមិន ដែលសង្វាតថតរូបដែរ ខ្ញុំគ្រាន់តែមើលឱ្យស្គាល់ឱ្យដឹងតែខ្លួនឯងប៉ុណ្ណោះ (របៀបបែបនេះហើយដែលខ្មែរបាត់បង់ ចំណេះដឹងជាច្រើនដោយសារខ្ជិលចងក្រងឯកសារ)។ ខ្ញុំនឹងព្យាយាមចែករំលែកគ្នាតាមការគួរ តែសូមហាមមួយ ថាកុំធុញនឹងការនិយាយច្រើនរបស់ខ្ញុំ ព្រោះអ្នកទាំងអស់គ្នាប្រហែលជាមានគ្រួសារមានគ្នាច្រើនជជែកគ្នា ដូច្នេះ មិនសូវនិយាយច្រើនទេនៅទីនេះ តែខ្ញុំនៅផ្ទះមិនសូវបាននិយាយទេ ព្រោះមានតែម្នាក់ឯង ដូច្នេះក៏មកតាប៉ែនៅ ក្នុងប្លក់ខ្លួនឯងចឹងទៅ។ ម៉េចម៉ាអាណិតតែកុំប្រើពាក្យអសុរសដាក់គ្នា និងដាក់ខ្ញុំ ទៅបានហើយ ព្រោះខ្ញុំនេះស៊ីជោរ!

សហគមន៍ជនបទនៅកម្ពុជា

គមផ្អាវ អាចហូបឆៅ (សម្រាប់អ្នកដើរព្រៃដែលរកអ្វីមិនបានទ្រាប់ពោះ) ឬប្រើជាបន្លែសម្រាប់ ស្លកកូរ។ រសជាតិប្រហែលគមដូង គមត្នោតដែរ។

ផ្អាវ ៖ ឈ្មោះ​ឈើ​ពួក​តចសារ​ជាតិ​មួយ​ប្រភេទ ដើម​តូច​ៗ​ទាប​ៗ ខ្នង​ធាង​សក​ត្បាញ​ជា​កន្ទេល​បាន : កន្ទេល​ ផ្អាវ; គម​វា​ស្ល​កកូរ​បាន : សម្ល​ កកូរ​គម​ផ្អាវ; ប្រើ​ជា​អន្លក់​ស្រុស​ក៏​បាន : អន្លក់​ គម​ផ្អាវ ។

View original post

1 ខែកញ្ញា 2012 / ស្នាមញញឹម

លីងល័ក្ត Ling leak


To borng sothea, sochivy who are always interested in making great food for family, especially for the sweetest one. This is chi, because I don’t know what it call, herb, may be. Ling leak is use for only food which had a thick prahok. The smell completely different from neang vorng.

image

image

image

Just took it in my mom’s garden about 3 hours ago. But please don’t expect for another shoot. I’m on my road back to pp. 🙂

31 ខែសីហា 2012 / ស្នាមញញឹម

Being on the bus


Is it a surprise? Being on the bus to KT with 2 srey sa ‘ art, no absolutely not because they are koo sne.

Love was not black or blind if we can put a light in front, like a frog catchers.

Has ha. No like ride on a cow with topographical map (map)

Love the way I laugh…

image

lykalyane

28 ខែសីហា 2012 / ស្នាមញញឹម

សុំពេលកែតម្រូវវិញ


ណ្ហើយ!!! អារឿងអន់ចិត្តនឹងការសម្រេចចិត្តខុសនោះកុំទៅទុកក្នុងចិត្តយូរអី! សាកមកស្តាប់រឿងសប្បាយៗ ដែលខ្ញុំបានជួបកាលពីពីរអាទិត្យមុនវិញទៅមើល!!! តែមើលហើយ ហាមសើច 😀 😀 😀

XXXXXXX

រឿងរបស់ខ្ញុំ ក្រៅពីធ្វើការ ចេញពីធ្វើការទៅផ្ទះ ចេញពីផ្ទះទៅធ្វើការ ចុះទៅខេត្តធ្វើការ រួចក៏ទៅមើលស្រែភ្លឺនៅ ស្រុកកំណើត។ ដូចអត់មានរឿងអីនិយាយទេ ក្រៅពីហ្នឹងនិយាយដើមគេ និយាយបរិហារកេរ្ត និយាយរឿង ស្រុកទេស ឬ មាននិយាយដើមមេខ្លះដែរ 😀

អាទិត្យនេះទៅផ្ទះជួបតែរឿងល្អៗ។ ជិះឡានទៅស្រុក ខ្ញុំអង្គុយជិតសុភាពបុរសម្នាក់ដ៏គួរឱ្យគោរព ។ ក្នុងចំងាយ ផ្លូវពីភ្នំពេញទៅកំពង់ធំ គាត់ឥតប៉ះខ្ញុំសូម្បីបន្តិចដែលអាចនាំរំខានដល់ការសម្រាកបិទភ្នែកក្នុងឡានរបស់ខ្ញុំក្នុង ពេលដែលមាឌរបស់យើងទាំងពីរធំៗដូចគ្នា ចំណែកទូរស័ព្ទវិញនិយាយស្ទើរស្តាប់មិនឮ ព្រោះនិយាយតិចៗ យក ដៃខ្ទប់មាត់។ សុភាពបុរសម៉ាកហ្នឹង មិនងាយជួបឡើយ! ឱសំណាងរបស់នរណាទៅហ្ន៎ ដែលមានវាសនាបាន គាត់ជាគូរជីវិត!!! ប្រហែលជាអ្នកធ្វើការអង្គការ ឬក្រុមហ៊ុនណាមួយនៅសៀមរាប ឬកំពត។

ទៅដល់ផ្ទះត្រូវសើរើរឿងកូនចៅជាមួយម្តាយមីង ដែលមានជម្លោះថ្នាក់មូលដ្ឋានដែលចាំបាច់ត្រូវដោះស្រាយ ស្របតាមការឱ្យយោបល់របស់បង សុម៉ាដា និងដើម្បីកុំឱ្យខ្មោចធ្វើផង ទាន់ស្ថានការណ៍ទើបតែចាប់ផ្តើមមិន ទាន់ទុំជោរ។

ទៅមើលស្រែមើលស្រូវ ដើរបោចស្មៅព្រៅ លើកទប់ភ្លឺរួចរាល់ក៏ដាក់ខ្លួនអង្គុយចុះជជែកលេងជាមួយមាមីងដែល ធ្វើស្រែក្បែរគ្នា ក៏បានបែកប្រាជ្ញជជែកពីរឿងដើមត្នោតនៅចុងដីខ្ញុំ។

មីងប្រាប់ថាត្នោតមិនងាយងាប់ទេ លែងតែរន្ទះបាញ់ បីរយឆ្នាំអីមិនទាន់ទៅណាផង។ ដើមត្នោតដែលអាចយក ប្រើជាគ្រឿងផ្ទះបានទាល់តែមានអាយុចាប់ពីមួយរយឆ្នាំឡើងទៅ ។​ ដើមត្នោតឱ្យផលពីអាយុសែសិបឆ្នាំឡើងទៅ  ចំណែកនំដែលខ្ញុំចង់ញ៉ាំ គឺនំកាតំ ចាំពេលណាគាត់ទំនេរគាត់ធ្វើឱ្យហូប។

ប្រកាសមុនរបស់ខ្ញុំត្រូវកែសម្រួលទៅតាមសម្តីរបស់មាមីងទាំងស្រុង ដោយយោងទៅលើបទពិសោធន៍ និងការ កត់សម្គាល់របស់ពួកគាត់។ ពេលនេះខ្ញុំបានដឹងច្បាស់ណាស់ថា ចំណេះដឹងមូលដ្ឋានរបស់ខ្ញុំនៅមានកម្រិតតិច ស្តើងបំផុតបើប្រៀបធៀបជាមួយសង្គមវិទ្យាបច្ចុប្បន្ន។

ចំណែកផ្កាគ្រញូងក៏ឥតបានទៅថតដែរព្រោះរវល់តែភ្លេចកាមេរានៅឯភ្នំពេញ គ្រាន់តែចង់ជម្រាបថា គ្រញូងដែក មួយដើមនោះកម្ពស់ប្រហែលបីម៉ែត្រ ខ្ញុំសួរអ្នកស្រុកដែលគេនាំខ្ញុំទៅមើលហ្នឹងគឺអាយុវាមិនតិចជាងសាមសិប ទៅ សែសិបឆ្នាំហើយទេ (លោកអើយ! បងខ្ញុំទៅទៀត?)។ ស្លឹកវាល្អិតដូចស្លឹកក្រឡាញ់ ផ្កាវាក៏ស្រដៀងនឹងផ្កា ក្រឡាញ់ ដែរ។

ត្រឡប់មកវិញមានរឿងមួយដែលខ្ញុំចង់ប្រាប់ញាតិមិត្តនៅភូមិវើតប្រេសនេះអំពីគំនិតរបស់ខ្ញុំ (គំនិតអាក្រក់)៖

ឡើងឡានក្រុងក្រុមហ៊ុនប៉ារ៉ាម៉ោនត្រឡប់មកវិញ បានកៅអីដំបូងជិតក្មេងប្រុសម្នាក់ដែលអង្គុយមើលទៅខាង ក្រៅតាមកញ្ចក់ដែលមានថ្ងៃក្តៅហែងចាំងលើវា។ ខ្ញុំក៏ហៅឱ្យដូរមកអង្គុយកន្លែងខ្ញុំត្រង់ម្លប់វិញ វាមើលមុខខ្ញុំ ទាំងមិនអស់ចិត្ត ព្រោះបើវាចង់អង្គុយកន្លែងម្លប់គេមិនឱ្យវាអង្គុយទេ (ខ្ញុំកក់សំបុត្រពីសៀមរាបមកភ្នំពេញ) គ្មាននរណាសុខចិត្តអង្គុយកៅអីចាំងថ្ងៃក្តៅហែង ហើយប្តូរឱ្យអ្នកផ្សេងអង្គុយនៅកន្លែងស្រួលរបស់ខ្លួនឡើយ។

ពេលក្មេងនោះ និងជីតាវាចុះនៅកំពង់ថ្ម ខ្ញុំក៏ត្រឡប់មកអង្គុយកន្លែងខ្ញុំវិញ។ រថយន្តឈប់នៅរំលងដើម្បី សម្រាកឱ្យអ្នកដំណើរបានរកបន្ទប់ទឹក និងរបស់ទ្រាប់ពោះមុនអាហារល្ងាច។ ខ្ញុំឈររង់ចាំរថយន្តចេញដំណើរ ទាំងធុញទ្រាន់ ខ្ញុំមិនញ៉ាំអីទេ ទោះជាឃ្លានក៏ដោយ ព្រោះឃើញកន្លែងអស់ហ្នឹងដែលគ្មានអនាម័យបន្តិចសោះ ងាកមើលកន្លែងធ្វើម្ហូបគគ្រិច មើលទៅចានឆ្នាំងលាងរួចរៀបដាក់ចោលក្បែរធុងសម្រាម … អូ ហ្គត់ …

ខ្ញុំដើរទៅឈរជិតកន្លែងលក់ភេសជ្ជៈក្លាសេ ក្រឡេកទៅឃើញបុរសម្នាក់ សង្ហារអស់ទាស់ ប្រហែលជាកូនកាត់ ខ្មែរ ឬកូនខ្មែរនៅស្រុកគេ ព្រោះតាមមើលការស្លៀកពាក់គឺរបៀបយុវវ័យអាមេរិចកាំង ខ្មៅស្រស់ កាត់សក់ខ្លី យ៉ាងស្អាតមានរបៀបរៀបរយ អាយុខ្ទង់ម្ភៃប្លាយប៉ុណ្ណោះ កំពុងអង្គុយយោលលើអង្រឹងអ្នកលក់ ហើយប្រឡែង ជាមួយក្មេងស្រីកូនអ្នកលក់ដូរនោះ។

ពេលចេញដំណើរត្រឡប់មកភ្នំពេញបន្តទៀត បុរសសង្ហារម្នាក់នោះក៏បានមកអង្គុយនៅកន្លែងក្បែរខ្ញុំ…ដែល ធ្វើឱ្យអារម្មណ៍ខ្ញុំរវើរវាយពេញមួយល្ងាចនោះ…

តាមការសង្កេតរបស់ខ្ញុំ ជនជាតិគេដែលមានលទ្ធភាពមកដើរលេងស្រុកខ្មែរតាមបែបស្ពាយសាក់កាដូ (ទេសចរ ថ្មើរជើង) គឺសុទ្ធតែជាអ្នកដែលចង់ចេះចង់ដឹង ចង់ឃើញចង់យល់ ហើយប្រឹងសន្សំប្រាក់ដើម្បីបានធ្វើដំណើរ ស្វែងយល់ពី ស្រុកគេស្រុកឯង ដូច្នេះហើយការចាយវាយក៏តម្រូវតាមកាលៈទេសៈដែរ។ ទេសចរដែលធ្វើដំណើរ តាមឡាន ក្រុងច្រើនជាទេសចរមិនសូវសំបូរប្រាក់។

ពួកគេចំណាយពេលដើរលើដី អានសៀវភៅលើឡាន ងាកមើលទេសភាពតាមដងផ្លូវ និងជជែកគ្នាពីរឿងរ៉ាវ ដែលបានជួបប្រទះដើម្បីផ្លាស់ប្តូរគំនិត យោបល់ទៅវិញទៅមក។ ចំណែកជនជាតិខ្មែរដែលជិះឡានក្រុងភាគ ច្រើនគេង លេងហ្គេមតាមទូរស័ព្ទ មើលវីដេអូដែលគេចាក់លើឡានក្រុង និយាយទូរស័ព្ទទៅសង្សារយូរៗ និង និយាយដើមគេ។ល។ ជួនកាលភាពខុសគ្នាខ្លះនាំគំនិតយើងឱ្យគិតដល់រឿងវែងឆ្ងាយរបស់ស្រុកទេស…

អូខេ ចូលដល់រឿងរវើរវាយរបស់ខ្ញុំម្តង។ ខ្ញុំ…តាមពិតទៅនៅទំនេរបេះដូងយូរណាស់ហើយ មិនដែលនឹកនារក គ្នីគ្នាកំដរជីវិតឡើយ។ ទើបតែថ្មីៗនេះ មានមិត្តជិតដិតមួយចំនួន រួមទាំងប្រធានៗធ្លាប់ធ្វើការជាមួយគ្នាពីមុន មកផងបានណែនាំឱ្យរកគូស្រករ «ល្មមដល់ពេលហើយ» ។ តាមពិតមិនសមនឹងប្រើពាក្យហ្នឹងទេ ព្រោះថាខ្ញុំ នេះអាយុច្រើនចង់ហួសពេលទៅហើយ។ លោកប្រធានចាស់ម្នាក់ដែលគាត់ស្និទ្ធស្នាលជាងគេ បានប្រាប់តាម ហ្វេសប៊ុក ថាខ្ញុំគួរតែចេះទាក់ទាញ ឬរៀនធ្វើខ្លួនឱ្យទាក់ទាញ (Be attractive) ។ ខ្ញុំនឹងគោរពតាមពាក្យទូន្មាន របស់មនុស្សចាស់ទុំជាទីគោរពរបស់ខ្ញុំ។

រួច…បុរសម្នាក់ដែលនៅអង្គុយក្បែរខ្ញុំនេះ គួរឱ្យស្រឡាញ់ណាស់លោកអើយ!!! ឡើងឡានភ្លាមទាញសៀវភៅ មគ្គុទេសទេសចរណ៍ស្រុកខ្មែរ ជាភាសាអង់គ្លេសមកអានរាវរកកន្លែងភ្លាម (គេមើលថានៅម្តុំជិតៗរំលងមាន ប្រាសាទមួយទៀត) គេប្រឹងងាកមើលតាមដងផ្លូវរកផ្លាកណែនាំ។ ត្រចៀកចាក់ចម្រៀងស្តាប់ក្ឌាំងៗឮដល់ខ្ញុំ តែសុភាពណាស់អង្គុយមិនឱ្យដល់គែមកៅអី ដើម្បីកុំឱ្យប៉ះខ្ញុំព្រោះមាឌខ្ញុំនិងម្នាក់នេះធំ ធាត់ ទាបប្រហែលគ្នា ស្មាផ្អៀងទៅម្ខាងរៀងៗខ្លួនកុំឱ្យប៉ះដៃ ប៉ះស្មា និយាយរួមគឺគេគោរពសិទ្ធិគ្នាទៅវិញទៅមក!!! 😀

អូម៉ាយហ្គត់ គេគួរឱ្យស្រឡាញ់ម៉្លេះ!!! ហ៊ឺ…ធ្វើម៉េចបានអាច Attract គេបានទៅលោក!!!

ខ្ញុំថាគេគួរឱ្យស្រឡាញ់នេះមិនទាន់សំដៅដល់មុខមាត់ រូបរាងខ្មៅស្រស់របស់គេទេ គឺគេគួរឱ្យស្រឡាញ់ ព្រោះ ចរឹតសុភាព ដែលខ្ញុំមិនសូវបានប្រទះនៅស្រុកខ្មែរ។ និយាយតាមត្រង់ មានអស់លោកបុរសៗខ្លះ បើបានមក អង្គុយក្នុងឡានជាប់ជាមួយស្រីៗទេនោះ ធ្វើជាមកប៉ះ មកទ្រេតលើ តាមចលនារបស់ឡានគេចក្រឡុក។

តាំងពីទើបចាប់ផ្តើមឡើងឡានមកវិញពីរំលងមកដល់ជិតថ្នល់កែងខ្ញុំនៅរកវិធីទាក់ទាញមិនបានសោះ គិតថា បើសិនជាមនុស្សស្រីដែលគេហៅថាទាក់ទាញនោះគឺត្រូវពាក់អាវសំយ៉េះ ឬវាលក ស្លៀកសំពត់ ឬវ៉ាល់ខ្លី លាប មុខផាត់ថ្ពាល់ឱ្យស្រស់ស្រាយ មានបបូរមាត់ព័ណ៌ក្រហមដោយក្រែមប្រផូរ… របៀបៗនេះទើបគេហៅថាទាក់ ទាញ(តាមសម្តីរបស់លោកប្រធានចាស់) តែបែរមកមើលខ្ញុំវិញ… អាវយឺតកឌុប ខោជើងវែងហោប៉ៅបួន ចង សក់ទៅក្រោយដូចកូនទីទុយ មុខគម្រាំងចែត និងស្បែកជើងផ្ទាត់ធម្មតាមួយគូរ… អើយ … ចង់អាសតាមវិធី ណាក៏ទាក់ទាញគេមិនរួចដែរ… ណ្ហើយ…តាមដំណើរទៅចុះ… ង៉ាស់ៗៗៗ

តាមផ្លូវមានធ្លាក់ភ្លៀងជាប់រហូត លុះមកដល់ផ្លូវបំបែកថ្នល់កែង ព្រែកក្តាម ស្រាប់តែឡានមិនមកតាមផ្លូវជាតិ លេខ៦អា បែរជាឆ្ពោះទៅផ្លូវព្រែកក្តាម ខ្ញុំក៏ស្រែកថា ពូតៃកុងឡាន! មេឃទើបតែភ្លៀងរួចផង ពូកុំទៅតាមផ្លូវ ហ្នឹងអី។ តៃកុងឡានតបមកវិញថា អត់អីទេបង។ ខ្ញុំក៏ស្ងាត់មាត់ទៅព្រោះគេជាអ្នកបើកបរគេដឹងច្បាស់ហើយ មិនបាច់យើងណែនាំ មានយោបល់អីច្រើនទេ។ ខ្ញុំប្រឹងតែមើលផ្លូវព្រោះដឹងច្បាស់ណាស់ថាផ្លូវព្រែកក្តាមទើប តែជួសជុលចាក់ដីបង្ហាប់ មិនទាន់រាយថ្មរាយក្រួសទេ បើមេឃទើបតែភ្លៀងថ្មីៗបែបនេះនោះ មុខតែពិបាកធំ ហើយ។

លុះចេញពីផ្លូវបំបែក ប្រមាណប្រាំរយម៉ែត្រដែលថ្នល់ចាស់មិនទាន់ឈូសនៅមានជាតិថ្មនិងកៅស៊ូនៅឡើយ យើងមិនទាន់ភ័យឡើយ ស្រាប់តែផុតពីថ្នល់កៅស៊ូចាស់មក ខ្ញុំចាប់ផ្តើមមើលឃើញផ្លូវពិបាក… ផ្លូវទើបចាក់ ដីបង្ហាប់ត្រូវរអិលប៉ប៉ាច់ដោយសារភ្លៀង … ទទឹងផ្លូវធំណាស់តែគន្លងដែលអាចបើកបរបានមានតែមួយ ប្រឡោះសម្រាប់ឡាន និងគែមខាងសម្រាប់ម៉ូតូបន្តិចប៉ុណ្ណោះ។ ពេលឡានមួយមកពីខាងមុខជាមួយម៉ូតូធ្វើ ឱ្យតៃកុងមានការលំបាកក្នុងការចៀសគ្នា ព្រោះទោះយ៉ាងណាខាងគេមកបញ្រ្ចាស់នឹងយើងនេះមិនអាចងាក ចេញទៅខាងបន្តិចបានទេព្រោះមានម៉ូតូពីរបីនៅខាងស្តាំដៃរបស់គេដែរ (មានឧបសគ្គ) ដូច្នេះឡានយើងមិន មានឧបសគ្គត្រូវតែចៀសផ្លូវអែបទៅខាងបន្តិច ។ គ្រាន់តែតៃកុងងាកក្បាលឡានខ្ញុំភ័យទុកមុនស្រេចព្រោះថា ខាងស្តាំដៃរបស់យើងមានស្នាមភ្លោះ និងនៅខាងមុខបីបួនម៉ែត្រនេះគឺផ្ទះតៀមលក់គ្រឿងទេសដែលកំពុងបិទ ទ្វារសម្រាកពេលល្ងាច។ ឡានក៏រអិលដូចបរលើផ្លូវលាបខ្លាញ់ ដោយម្ខាងខ្លួនខាងក្រោយធ្លាក់គូទទៅនៅនឹង ចិញ្ចើមផ្លូវ ឡានប្រឹងរោទិ៍ឡើងយឺតៗ (បើរោទិ៍ខ្លាំងច្បាស់ជាបានដេកពេទ្យមិនខានទេ) ខៃកង់ក្រោយឱ្យឡើង មកលើគន្លងផ្លូវវិញដែលតួខាងមុខបានទៅនៅទទឹងម្ខាងទៀតនៃថ្នល់ទៅហើយ។ ឡានប្រុងនឹងប្រៀបនឹងបុក កន្ទុយក្រោយជាមួយតៀមលក់អីវ៉ាន់នោះហើយ ខ្ញុំក៏និយាយប្រាប់បុរសសង្ហាររបស់ខ្ញុំដែលគ្មានគិតធ្វើអីក្រៅ ពីក្តោបកាបូបស្ពាយពីក្រោយមួយជាប់មិនរបេះ តែលែងដាក់កាសត្រចៀកហើយញាត់សៀវភៅដែលបាន មើលចូលទៅក្នុងកាបូបនោះរួចស្រេច ដោយគ្មានគិតប្រាថ្នារកកន្លែងកាន់ដើម្បីទប់ខ្លួនអីម៉ាតិច ៖

Please… put down your bag, and be careful.

គេក៏ស្តាប់បង្គាប់បានដូចចិត្ត ទម្លាក់កាបូបនោះទៅក្នុងចន្លោះជើង រួចកាន់កន្លែងតោងក្រោយកៅអីខាងមុខ។ ខ្ញុំក៏បានធូរចិត្តហើយប្រឹងសម្លឹងមើលទៅផ្លូវនិងឡានដែលកំពុងជួបបញ្ហា។ ឡានវាត់កន្ទុយក្រោយប៉ះដំបូល តមកខាងមុខបន្តិចប៉ុណ្ណោះ ហើយអ្នកម្ចាស់តៀមក៏មិនរករឿងអីទៀតគិតតែថាអត់អីទេ ទៅចុះ!

ឡានបន្តដំណើរមកស្ពានព្រែកក្តាមដោយមិនមានបញ្ហាអ្វីជាដុំកំភួនទៀតទេ …

តែខ្ញុំគិតនោះគិត…

អ្ហើយ!!! បុរសជាទីស្រឡាញ់របស់ខ្ញុំ អាសជាងខ្ញុំទៅទៀត ពេលឡានបោកត្រូវដំបូលរោងនោះ គេរាវដៃមក ចាប់កំភួនដៃខ្ញុំដោយក្តីភិតភ័យ ចាប់ច្របាច់តាមការភ័យខ្លាចដែលឃើញកន្ទុយឡានប៉ះនឹងដំបូលរោង… ដៃ ឯងឡើងក្រហមក្រឡោតឃើញសុទ្ធតែម្រាម… បានអីគ្រាន់ជាទីពឹងទៀត បើមានភ័យអី ភ័យជាងគេយ៉ាងនេះ នោះ??? ថាទៅមិនទៅគិតអីច្រើនទេ នរណាដែលមិនធ្លាប់ជួបបញ្ហាគង់តែភ័យដូចតែគ្នាហ្នឹង នេះដោយសារតែ ខ្ញុំវារបួសសុសសាច់អស់ទៅហើយទេបានមិនសូវភ័យ បានប្រុងជើងការរកមើលកន្លែងឡើងលើដំបូល (ផ្លូវច ចេញបន្ទាន់) រួចហើយស្រេច មើលវិធីដោះវាហើយស្រេច!!! ម៉ាភ្លែតដែលឡានប្រឹងរោទិ៍ឡើងនោះ មនុស្សម្នា ស្រែកសឹងបែកក្រដាសត្រចៀក ជាពិសេសស្រីៗ និងចាស់ៗ ឯងឯណេះ បិទភ្នែកគ្រវីក្បាលព្រោះហ៊ឹងមួយភ្លែត តែខ្ញុំសូមសរសើរតៃកុងដែលមានពិសោធន៍យ៉ាងក្រាស់ក្រែល បានប្រុងប្រយ័ត្ននិងប្រឹងបញ្ជាឡានបានត្រឹមត្រូវ បើឱ្យ លី កល្យាណ បើកវិញបែបរោទិ៍ទាល់តែខូងដីជាប់នៅហ្នឹង ឬមួយបោកកាន់តែខ្លាំងទៅលើរោងនោះមិន ខានឡើយ។

បទពិសោធន៍ជិះឡានលើកនេះ គឺជាមេរៀនមួយសម្រាប់ខ្ញុំជាអ្នកបើកបរត្រូវប្រកាន់យក គឺមិនត្រូវស្លុតនឹងការ ស្រែករបស់អ្នកជិះឡាននោះទេ ត្រូវប្រឹងតែខំទប់ស្មារតីហើយកែខៃបញ្ហាឱ្យបានតាមតែលទ្ធភាពទៅ។

ហើយក៏បានទទួលបទពិសោធន៍មួយទៀតពីការប្រឹងធ្វើជាទាក់ទាញដែរ គឺថា បើយើងមិនចេះទេ កុំប្រឹងធ្វើជា ចេះអី!!! ព្រោះជំនាញនេះប្រហែលជាយើងមិនអាចធ្វើទៅបានទទួលជោគជ័យទេ។ សុំទោសលោកប្រធាន ដែលមិនអាចធ្វើតាមការទូន្មានរបស់លោកបាន (sic!) ព្រោះខ្ញុំហ្នឹង ទោះជាស្លៀកម៉ៃយ៉ូក៏ឆ្កែវាមិនព្រមព្រុសដែរ!

27 ខែសីហា 2012 / ស្នាមញញឹម

ពេល«របស់គេពេញនិយម»លែងសំខាន់


នរណាថាបច្ចេកវិទ្យាសុទ្ធតែល្អទាំងអស់?

ខ្ញុំឥតស្របតាមទាំងស្រុងឡើយ។ តួយ៉ាងមានខ្ញុំជាឧទាហរណ៍ស្រាប់។ ពីមុនមកខ្ញុំប្រើទូរស័ព្ទណូគា 1220 ។ វាជា ទូរស័ព្ទសំណព្វចិត្តខ្ញុំ ដោយមូលហេតុច្រើនយ៉ាង ៖

– កាន់ថ្មបានយូររហូតដល់បួនថ្ងៃ (រួមទាំងនិយាយប្រហែលពីរម៉ោងផង)

– ងាយស្រួលប្រើ និងផ្លាស់ប្តូរការកំណត់នានាតែក្នុងប្រមាណប្រាំវិនាទី រួមទាំងការបិទបើក

– ចង់នរណាខ្ចីប្រើក៏គេងាយប្រើ គ្រាន់តែចុចពីរ បីក្រឹប គឺទូរស័ព្ទចេញបានភ្លាម

គុណសម្បត្តិត្រឹមប៉ុណ្ណេះទុកថាវាល្អសមស្របសម្រាប់ខ្ញុំហើយ តែវាខ្វះខាតតែម៉្យាងប៉ុណ្ណោះសម្រាប់ខ្ញុំគឺ ៖

– មិនអាចចងចាំលេខទូរស័ព្ទបានលើសពី ២៥០​លេខ។

ខ្ញុំជាមនុស្សចិត្តទូលាយ មិនបានបិទភ្នែកបិទត្រចៀកចំពោះបច្ចេកវិទ្យាថ្មីនោះទេ។ ខ្ញុំបានគិតដល់ទូរស័ព្ទល្អជា ច្រើនដែលក្នុងនោះមានម៉ាក HTC ដែលខ្ញុំស្រឡាញ់តាំងពី ២០០៤ សម័យដែលខ្ញុំត្រូវការ GPS បំផុតដើម្បីដើរព្រៃ ហើយការងាររបស់ខ្ញុំវាខ្វះខាត GPS ហ្នឹង ដោយក្នុងអង្គភាពមួយមាន GPS តែមួយគត់សម្រាប់ប្រើបីគម្រោង ។

មកដល់ឆ្នាំ ២០០៩ មនុស្សម្នាផ្អើលប្រើទូរស័ព្ទល្អៗជាច្រើន ខ្ញុំក៏នៅតែស្រឡាញ់ HTC ព្រោះមានតែវាទេ ដែលអ្នក ហាក់ឃើរ មិនអាចហែកចូលបាន ។ អូហ៍ទេ! នៅមាន Blackberry មួយទៀត។

ដល់ពេលដែលបាត់ទូរស័ព្ទអស់ទៅ ខ្ញុំក៏សម្រេចចិត្តទិញ HTC One V ដោយគិតថាសាកប្រើវាសិន ព្រោះចង់ដឹង ថារបស់ដែលគេកំពុងពេញនិយមសព្វថ្ងៃនេះតើវានឹងផ្តល់ប្រយោជន៍ឱ្យខ្ញុំប៉ុណ្ណាដែរ? សមនឹងតម្លៃវាដែរទេ? បើសិនជាវាគួរឱ្យស្រឡាញ់ពិតមែន ត្រូវចិត្តខ្ញុំ ស្របនឹងតម្រូវការរបស់ខ្ញុំហើយ ខ្ញុំអាចនឹងឈានទៅរក HTC មួយ ទៀតដែលខ្ញុំស្រឡាញ់មែនទែន។

ក្រោយពេលទិញបាន HTC យកមកប្រើ ដំបូងមានការលំបាកក៏នឹកក្នុងចិត្តថា របស់ណាក៏ដោយលំបាកតែដំបូង អីចឹងឯង មើលតែប្តីប្រពន្ធទើបរៀបការចុះ ស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ការរស់នៅជាមួយគ្នាវាមិនបានល្អឥត ខ្ចោះដែរ (ទោះជាតាម៉ាប់ធ្លាប់ប្រាប់ថារើសយកអ្នកឥតខ្ចោះមកក៏នៅតែរកាំរកូសខ្លះៗចៀសមិនរួចទេ) តែក្រោយ ពីសាកល្បងប្រើមួយខែមក ខ្ញុំចាប់ផ្តើមសួរខ្លួនឯងពីការសម្រេចចិត្តមិនច្បាស់លាស់នេះ។ ទូរស័ព្ទនេះបានតែ ៖

– ចងចាំលេខទូរស័ព្ទបានច្រើនមិនកំណត់

– អាចប្រើកាមេរាបន្ថែមមួយមុខទៀត

តាមពិតទៅរបស់គេមានច្រើនមុខទៀតតែខ្ញុំត្រូវការត្រឹមតែប៉ុណ្ណឹង ដូច្នេះរបស់ផ្សេងគ្មានតម្លៃសម្រាប់ខ្ញុំឡើយ។

– មានកម្មវិធីមើលវីដេអូ ស្តាប់ចម្រៀង (ខ្ញុំមិនមែនអ្នកចូលចិត្តមើលវីដេអូតាមទូរស័ព្ទ ចាក់ចម្រៀងស្តាប់ឡើយ)

– មានកម្មវិធីវិទ្យុ (ខ្ញុំចូលចិត្តតែប៉ុស្តិ៍ ទទក ប៉ុណ្ណោះ មិនចូលចិត្តវិទ្យុប៉ុន្មានទេ)

– មានហ្វេសប៊ុក ឥន្ទនេត្រ និងស្អីៗជាច្រើនទៀត

ទន្ទឹមនឹងនេះវាក៏មានគុណវិបត្តិរបស់វាដែរ គឺថា ៖

– ប្រើបានតែមួយថ្ងៃត្រូវសាកថ្មម្តង (ខ្ញុំធុញណាស់ព្រោះជួនកាលនៅស្រុកស្រែម៉េចមានភ្លើងគ្រប់ពេលនោះ?)

– ចុចចុះចុចឡើង រកកន្លែងចងចាំលេខទូរស័ព្ទមិនឃើញឈប់ចុច ចង់លេខនរណា សំខាន់ប៉ុណ្ណាក៏ចុចមិនកើត ទៅចេញអក្សរចិន យ៉ាប់នេះយ៉ាប់ម៉្លេះទេ!!! លោក!!!

ខ្ញុំសម្រេចចិត្តខុសគ្រប់សព្វតែម្តង លើកទីមួយសម្រេចចិត្តខុសក្នុងការសិក្សា លើកទីពីរសម្រេចចិត្តខុសរឿង ជីវិតនិងអនាគត លើកទីបីសម្រេចចិត្តខុសរឿងជ្រើសរើសជំនាញការងារ។ លើកនេះសម្រេចចិត្តរឿងតូចតាច ក៏ខុសទៅទៀត ចុះអីក៏ផ្តែសៗ។

លី កល្យាណ

14 ខែសីហា 2012 / ស្នាមញញឹម

សំណើច៖ នរណាធំជាង?


ត្រឡប់មកពីធ្វើការវិញ ខ្ញុំហូបបាយ និងមើលទូរទស្សន៍ជាមួយប្រពន្ធខ្ញុំ។ នៅក្នុងកម្មវិធីទូរទស្សន៍មាននិយាយពី ការធ្វើបុណ្យឧទ្ទិសកុសលថ្វាយសម្តេចសង្ឃ ជួន ណាត។

ខ្ញុំ៖ ខានស្អែកនេះ គេធ្វើបុណ្យឆ្លងហើយ។ បងនឹងទៅចូលបុណ្យក្រោយពេលបាយថ្ងៃត្រង់ អូនមិនបាច់ចាំបាយ បងទេណា៎។

ប្រពន្ធខ្ញុំ៖ ចាស។ … ខ្ញុំមិនដែលឃើញបងទៅបុណ្យទៅទានអីសោះ បើអ្នកកន្លែងធ្វើការហៅ រុញឱ្យតែខ្ញុំទៅជា មួយកូនយើង ដល់តែឥឡូវចេះទៅបុណ្យខ្លួនឯង! គួរឱ្យឆ្ងល់!!!

ខ្ញុំ៖ បងគោរពតែសម្តេចសង្ឃមួយអង្គនេះ ហើយបើបុណ្យលោកទៅហើយបងមិនទៅ អូនឯងមិនឆ្ងល់ទេថាមក ពីហេតុអីបានជាបងមិនទៅ???

មិនដឹងថាគាត់គិតក្នុងចិត្តយ៉ាងម៉េចទេព្រោះគាត់នៅស្ងៀមមិននិយាយតតាំងប្រណាំងនឹងខ្ញុំទៀតឡើយ។ គាត់ ប្រមូលទុកដាក់ចានឆ្នាំង ខ្ញុំក៏ទៅងូតទឹក (ប្រពន្ធខ្ញុំរករឿងរាល់តែដងថាខ្ញុំឱ្យតែបាយរួចតាំងទៅងូតទឹក ធ្វើម៉េច បើនេះជាទម្លាប់របស់ខ្ញុំទៅហើយ ព្រោះខ្ញុំខ្ជិលសម្អាតធ្មេញម្តងទៀតក្រោយពេលបាយ បើចូលបន្ទប់ទឹកសរុបគឺ ងាយស្រួលជាង និងមិនចំណាយពេលច្រើន) រួចចាប់បង្ហើយការងារដែលមិនទាន់រួច។ ចំណែកគាត់ រៀបចំទុក ដាក់ចានឆ្នាំងរួចគាត់ក៏ងូតទឹកចូលសម្រាកដែរទៅ។ ដោយសារតែទើបនឹងរើទូសៀវភៅរកឯកសារក៏ប្រទះឃើញ សៀវភៅជីវប្រវត្តិសម្តេចសង្ឃរាជជាទីសក្ការ ក៏ទាញចេញមកប្រុងនឹងដាក់នៅកន្លែងដោយឡែកផ្សេងដើម្បីងាយ ស្រួលរកផង និងទុកជាទីគោរពផង។ ប្រពន្ធខ្ញុំមកឃើញក៏ទាញមើលក្បែរគ្នានឹងខ្ញុំដែលកំពុងធ្វើការ។

គាត់៖ បង! មុនសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើងជាទីសម្តេចសង្ឃ តើសម្តេចសង្ឃអង្គណាជានាយកសង្ឃ?

ខ្ញុំរាងភាំងបន្តិចដែរព្រោះកំពុងផ្ចង់ស្មារតីលើការងារ ៖ អូនមើលក្នុងសៀវភៅហ្នឹងទៅ! តាមបងចាំ គឺសម្តេចសង្ឃ ទៀង ជាថា្នក់នាយកសង្ឃទូទាំងប្រទេស។

គាត់៖ ចុះកាលហ្នឹងសម្តេចព្រះសង្ឃរាជ ជួន ណាត មានងារអី?

ខ្ញុំ៖ កាលហ្នឹង ប្រហែលជាគ្រូសាលាបាលី ។

គាត់៖ ចឹងសម្តេចព្រះសង្ឃរាជ ទៀង ជាស្តេចសង្ឃធំជាងគេកាលណោះ។

ខ្ញុំ៖ បាទ!

គាត់៖ ចុះកាលហ្នឹងសម្តេចសង្ឃមានសិទ្ធិត្រួតការ គ្រូសាលាបាលីដែរទេបង? ព្រោះថាការរៀនសូត្រកាលហ្នឹង មិនមានសំបូរដូចពេលឥឡូវនេះទេ។

ខ្ញុំ៖ ប្រហែលចឹងហើយអូន។ គ្រូសាលាបាលីជាមនុស្សដែលនាំគំរូដល់សង្ឃឯទៀត គ្រូល្អ គ្រូមាំមួន គ្រូតឹងរ៉ឹង គ្រូពូកែបានសិស្សគណៈមានគុណភាពទៅតាមហ្នឹងដែរ។ ប្រហែលជាសម្តេចសង្ឃត្រួតមើលហើយ ព្រោះបង គិតថាសាលាបាលីជាន់ខ្ពស់មានតែមួយហ្នឹង។

គាត់៖ ចឹងម៉េចបានជាបងគោរពតែសម្តេចព្រះសង្ឃរាជ ជួន ណាត? ចុះសម្តេចព្រះសង្ឃរាជ ទៀង ម្តេចបងមិន លើកតម្កើង បើលោកជាគ្រូ ជាមេ សម្តេចសង្ឃទៅទៀតនោះ?

ខ្ញុំ៖ អ៊ឺម… ចាំបងគិតមើល៍សិន។

តើនេះជាការវិភាគរបស់នាងតាមបែបតក្កវិទ្យា ឬតាមបែបប៊ុយរ៉ូវិទ្យា?

តើនាងចង់ឱ្យខ្ញុំគោរពព្រះអង្គហើយត្រូវគោរពដល់ជីតាគ្រូរបស់ព្រះអង្គទៀតឬ?

សំណាងណាស់ដែលសម្តេចព្រះសង្ឃរាជលោកគ្មានប្រពន្ធ កូន បើមិនអីចឹងទេប្រពន្ធខ្ញុំ គាត់នឹងឱ្យខ្ញុំគោរពត ត្រកូលរបស់ព្រះអង្គ ក្នុងពេលដែលមានអ្នកខ្លះក្នុងចំណោមនោះមិនមានអ្វីដែលត្រូវនឹងលក្ខខណ្ឌសម្រាប់ការ គោរពរបស់ខ្ញុំ។

ខ្ញុំគោរពតែចរិយាសម្បត្តិ គុណសម្បត្តិ និងសេចក្តីព្យាយាមទេ សូមកុំឱ្យខ្ញុំគោរពតាមខ្សែដូចប្រជាជនខ្មែរកំពុង ធ្លាប់ខ្លួនក្នុងការប្រតិបត្តិអី។

ទមិឡឥតសាសនា

8 ខែសីហា 2012 / ស្នាមញញឹម


ខ្ញុំពេញចិត្តនឹងការលើកឡើងរបស់បង សុម៉ាដា ។ ខ្ញុំសុំការអនុញ្ញាតបង ដាក់បង្ហាញក្នុងប្លក់របស់ខ្ញុំដែរដោយ​សង្ឃឹមថា ការចែកចាយគ្នាក្នុងពេលនេះ នឹងនាំឱ្យមានចំណាប់អារម្មណ៍ចំពោះ បញ្ហាប្រឈមដែលមន្ទីរពេទ្យគន្ធបុប្ផា កំពុងជួប ហើយអាចផ្លាស់ប្តូរស្ថានការណ៍ នាពេលលំបាកនេះបានខ្លះ។

vsthea

មានព័ត៌មានរហិចរហៀងជាច្រើនអំពីការបិទទ្វាររបស់មន្ទីរពេទ្យគន្ធបុប្ផា ។ ប្រសិនបើ មន្ទីរសង្គ្រោះ ជីវិតមួយនេះត្រូវបិទទ្វារមែន កុមារខ្មែរមិនតិចទេនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់សុខភាព និងជីវិត ព្រោះបញ្ហាជីវភាពរបស់ឪពុកម្ដាយរបស់គេក្នុងការព្យាបាលជំងឺកូន ៗ ។ គ្រួសារខ្ញុំក៏មានជំនឿ លើប្រសិទ្ធភាពនៃសេវាថែទាំសុខភាពនិងព្យាបាលជំងឺកុមាររបស់មន្ទីរពេទ្យនេះ ។ បទពិសោធន៍ កន្លង មកបាននាំដល់ការវាយតម្លៃខាងលើនេះ ។ មានពេលខ្លះយើងបានសាកល្បង ទៅ ក្លីនិក ក្បែរ ផ្ទះល្បី ថាកបនឹងជំងឺក្មេង ប៉ុន្ដែមិនដូចអ្វីដែលគេថា ព្រោះទីនោះពេលមើលឈាមរួចហើយ លទ្ធផលគឺ ប្រហែលជាគ្រុនឈាមប៉ុណ្ណោះ នេះដល់ថ្នាក់ជួសឈាមមើលទៅហើយ គេនៅតែ ប្រើពាក្យ ប្រហែល ទៀត ! រួចគេឲ្យទិញថ្នាំមួយចំភ្លូស លេបមួយខែមិនអស់ផង ។ សួរថាគុណភាពយ៉ាងណាដែរ ? ថ្នាំមួយ ចំភ្លូសលេបហើយ អាការក្ដៅខ្លួនរបស់កូនមិនបានធូរ មានតែធ្ងន់ឡើង ។

ហេតុនេះគ្រប់ពេលដែលកូនមិនស្រួលខ្លួន គ្រួសារយើងតែងតែលះបង់ដំណេក ក្រោកពីម៉ោង ៤ នាំកូន ទៅពេទ្យ ។ អ្នកខ្លះដែលមិនដែលឆ្លងកាត់កម្មវិធីនេះនឹងឆ្ងល់ទៅងងឹតម៉្លេះ? យើងទៅសុំលេខហ្នឹងណ៎ា! សុំបានហើយយើងត្រេតត្រតម្ដុំមាត់ទន្លេស៊ីពេលរង់ចាំដល់ម៉ោងទទួលសេវា ។ ជំនាន់នោះ មន្ទីរ ពេទ្យ គន្ធបុប្ផានៅខាងក្រោយពេទ្យជប៉ុន គឺត្រូវទៅយកលេខមុន ហើយម៉ោងប្រាំពីរ ទើបគេចាប់ផ្តើមធ្វើការ បានលេខខ្ទង់មួយរយ ឬ ពីររយអីហ្នឹងត្រឹមតែម៉ោងប្រាំបី ឬ ប្រាំបួន​បានត្រឡប់​មកផ្ទះវិញហើយ ។ ថ្នាំដែលគេឲ្យមិនមែនមួយចំភ្លូសដូចដែលថាខាងលើទេ គេឲ្យទៅតាមកម្រិតពីទាបទៅខ្ពស់ (ប្រហែល ចឹង) ។ កូនយើងកបនឹងពេទ្យជាទីកន្លែងផ្សេងទៀត ។ ហើយចំពោះ ព័ត៌មាន ដែល ថាពេទ្យមាត់ អាក្រក់នោះ សម្រាប់ខ្ញុំមិនដែល​ជួបនោះទេ អ្នកដែលជួបបញ្ហាពេទ្យ ស្តីឲ្យក៏ព្រោះ តែមិន ធ្វើតាម បញ្ជា ពេទ្យ ដូចជាត្រូវដោះអាវកូន​មុននឹងចូល​ពិនិត្យ ឯអ្នកខ្លះទៀតមិនបានងូតទឹក ឬ សម្អាតខ្លួនឲ្យកូន​មុន នឹងចូលពិនិត្យនិយាយរួមគឺមកពីគាត់ខ្វះអនាម័យតែម្តង ។

ការដែលយើងតែងតែនាំកូនទៅមន្ទីរពេទ្យនោះមានអ្នកខ្លះគិតថា មកពីយើងមិនហ៊ានចាយលុយទេ ដឹង ? យើងពិតជាហ៊ានចាយ ធ្វើយ៉ាងណាឲ្យកូនជាមានសុខភាពល្អ ។ តែពេលខ្លះតើយើងត្រូវចាយទេ បើចាយ ទៅមិនបានប្រយោជន៍អ្វីមកវិញនោះ សមនឹងកម្រិតលុយ មិនមានក្នុងខ្ទង់ ចំណាយខ្ជះខ្ជាយ ផងនោះ យើងគួរទៅរកម​ន្ទីរពេទ្យហ្វ្រីដែលមានគុណភាពខ្ពស់ប្រសើរជាងចាយលុយអត់អំពើ និង ខាត ពេល​វេលាទៀតផង ។ ខ្ញុំក៏ធ្លាប់នាំកូននីតាទៅចាក់ថ្នាំការពារនៅពេទ្យរដ្ឋផងដែរ (កាលនោះ​គេមាន​អាយុ​​តែ មួយខែកន្លះប៉ុណ្ណោះ) ក្មេងដែលចាក់ថ្នាការពារហើយ ពេទ្យគេនឹងឲ្យថ្នាំមកលេបដើម្បី​កុំឲ្យ​ក្តៅ​ខ្លួន តែថ្នាំដែលឲ្យមក​នោះជាប្រភេទថ្នាំគ្រាប់ ខ្ញុំក៏ឲ្យកូនលេបតាមអ្វីដែលពេទ្យប្រាប់​តែអ្វី​ដែល​ខ្ញុំ​ទទួល​បាន​នោះគឺ ខ្ញុំស្ទើរតែបាត់បង់រូវគេទៅហើយ​នាពេលនោះ ដោយសារតែឥទ្ធិពលថ្នាំ​បានធ្វើឲ្យកូន​ខ្ញុំ​សន្លប់​បាត់ស្មារតី ខ្លួនត្រជាក់ស្រេប ។ ទីបំផុតបានគុណបុណ្យពេទ្យគន្ធបុប្ផានេះហើយជួយឲ្យ​គេមាន​ជីវិតម្តងទៀត… ។  ដោយសារតែកូន ៗ ទាំងពីររបស់​ខ្ញុំតែងតែ​ទៅពេទ្យ​នោះជាប្រចាំ​ដូច្នោះហើយ​​បាន​ជា​កូនយើងទាំងពីរមិនធ្លាប់បានស្គាល់រសជាតិថ្នាំចាក់យ៉ាងណានោះទេ ព្រោះនៅទីនោះគេកម្រ ប្រើ​ថ្នាំ​ចាក់​ណាស់ លុះត្រា​ណាតែករណីធ្ងន់ធ្ងរទើបគេប្រើ ។

ពេលនេះមន្ទីរពេទ្យដែលទាំងគេទាំងខ្ញុំទុកចិត្ដពឹងពរអាស្រ័យកំពុងប្រឈមមុខក្នុងរឿងថវិកា ។ ប្រភព ធំរបស់មន្ទីរពេទ្យជាមនុស្សដែលមិនមែនជាខ្មែរ ពេលនេះថាមពលរបស់គាត់ (Dr. Beat Richner) បានថមថយទៅហើយ គាត់មិន មានលទ្ធភាព គ្រប់គ្រាន់ នឹងទំនុក បម្រុងទី នេះឲ្យប្រសើរ ឡើងខាង ថវិកាទៀតហើយ…

View original post 29 more words

6 ខែសីហា 2012 / ស្នាមញញឹម

ទាល់តែជិតដាច់ខ្យល់បានជួយ


ខ្ញុំឆ្ងល់គ្រួសារខ្ញុំអើយឆ្ងល់ ដេឌី និងម៉ាមីខ្ញុំជាមនុស្សអ្នកបុណ្យអ្នកទានណាស់ ចំណែកអាន់ខល អាន់ធី ហ្គ្រេនម៉ា ហ្រ្គេនប៉ា​ ស៊ីសស្ទើរ ប្រាឌើរ នីស៍ នេបភ្យូ​វ បេប៊ី ស្មលបេប៊ី និយាយរួមម៉ាពូជខ្ញុំហ្នឹងតាម៉ង ជាកំពូលមនុស្សធ្វើ​បុណ្យ គ្រប់វត្ត គ្រប់សាលាសុទ្ធ​តែ​ឈ្មោះគ្រួសារខ្ញុំទាំងអស់ តែទាស់តែម៉ារឿង​។

តាមខ្ញុំដឹង តាដុកទ័រមួយនោះគាត់ជាអ្នកសប្បុរស មានចិត្តជួយកូនចៅអ្នកអត់អ្នកក្សត់ នៅឯណាឯណី សំដៅ​មក​រកតែគាត់ទេ កុំថាតែអ្នកអត់ តែអ្នកមានហ្នឹងក៏ទៅរកគាត់ដែរ ព្រោះអី? ព្រោះខ្ទមគាត់ហ្នឹង ព្យាបាលក្មេងតាម​ក្បួន​តាមខ្នាតត្រឹមត្រូវ មានសណ្តាប់ធ្នាប់ មានថ្នាំគុណភាពល្អមកពីស្រុកគេស្រុក នាយ ទោះជាកូនចៅ​ក្រោមបង្គាប់​ គាត់ខ្លះសម្តីដូចគេទះចំកំផ្លៀងមុខចឹងក៏ដោយ ក៏យើងគ្រាន់តែគិតថា គ្នាពេទ្យហ្នឹងធ្វើការស្រ្តេសណាស់ បើកភ្នែក​ ឡើងឃើញតែឈាម ឮតែស្រែកឈឺ ម្ល៉ោះហើយសម្តីគ្នាក៏ទៅ តាមបរិយាកាសដែរទៅ!!! តាហ្នឹងមិនដឹងគាត់​កើត​ អីបានជាគាត់ស្រឡាញ់ជាតិសាសន៍ខ្ញុំនោះ ស្រឡាញ់ តាមពិតទៅចំណេះដឹងប៉ាប៉ុនគាត់ហ្នឹងសមតែទៅដេក​ស៊ី​ ឯស្រុកគាត់ឱ្យស្រួលព្រោះអាយុ ចំណាស់ណេះហើយ តែគាត់តស៊ូនៅស្រុកខ្ញុំរហូតជិតម្ភៃឆ្នាំហើយទេដឹងតាំង​ពី ខ្ញុំទើបជាប់ឌីប្លូម អាឡូវ ក្បាលខ្ញុំឡើងដុះស្កូវមួយៗហើយ  រួចនិយាយពីគាត់ពូកែដើរសុំគេ ខ្ញុំចេះតែឆ្ងល់ រួចរៀន​​ បានប៉ុណ្ណឹងដែរ ក៏ទៅជាមុខក្រាស់ដើរសុំលុយគេគ្រប់តែស្រុកគ្រប់តែទេសអត់ចេះខ្មាស រួចស្រណោះតែសុំបាន យកមកទិញឡាន ទិញវីឡា មានស្រីក្មេងកំដរ ដូចអ្នកមានស្រុកខ្ញុំទៅថា គ្រាន់សមនឹងតម្លៃដែលមុខក្រាស់សុំ លុយគេរាល់តែខែរាល់តែឆ្នាំ តាមដែលខ្ញុំដឹងដូចជាតាំងពីខ្ញុំប្រឡងបាក់ឌុបជាប់ម៉េះ(៩៧) សុំនោះសុំ សុំយក​មក ទិញ​ថ្នាំ ឱ្យថ្លៃពេទ្យដែលធ្វើការងារនៅក្នុងខ្ទមគាត់ ហើយនឹងចិត្តល្អ អាណាក្រខ្លាំងពេក ឱ្យនំ​ឱ្យ​លុយខ្លះតាមមាន ​តាម​អត់ទៀត។ សម្រាប់អ្នកផ្តល់ជំនួយ អ្នកខ្លះគេឱ្យជាថ្នាំពេទ្យ ខ្លះឱ្យជាសម្ភារៈ​ប្រើប្រាស់​​សម្រាប់ព្យាបាល​ជម្ងឺ ខ្លះឱ្យ​អ្នកស្ម័គ្រចិត្ត បែបសង្ស័យតែខ្លាចតាហ្នឹងកឹបកេង​លុយបើឱ្យលុយ​សុទ្ធម៉ោ ឬអាចថាគេមាន​របស់អស់ហ្នឹង​ ស្រេច​គេជួយ​តែម្តងទៅ??? អត់ដឹងច្បាស់អត់ហ៊ានថាចំទេ។ ព្រោះតែឃើញគាត់ប្រកាសសុំជំនួយ និងអ្នកបរិច្ចាគ​ ឈាមទើបខ្ញុំគិតថា ជួយតាមលទ្ធភាពដែលអាច ជួយ​បាន គាត់ដើរសុំតាំងពីមេភូមិខ្ញុំដែលជាអ្នកមើលការ​ខុស​ ត្រូវអ្នកស្រុកទាំងមូលផ្នែកពេទ្យអីហ្នឹង តែអត់ឃើញមេភូមិខ្ញុំក្អកគ្រហែមអីម៉ាប៉ឹកទេ ដល់តាចឹងទៅតាដុកទ័រ​ ហ្នឹងទៅជាលេងភ្លេងរាល់ថ្ងៃសម្រាក កំដរក្មេងដែលឈឺ អ្នកបរទេសណាចិត្តល្អគេចូលទៅជួយតាម​លទ្ធភាពផឹន គេចឹងដែរ រួចមានជាហូរហែ តែទប់ចំណាយមិនជាប់ទេ ស្ទើរតែម៉ាស្រុកទាំងមូលហើយដែលទៅរកគាត់ពេល​ក្មេង​ ឈឺ។ ភ្លេច! តាហ្នឹង ជំនាញតែមើលកូនក្មេងទេ។

ឯងទៅបរិចាគឈាម រួចចេះតែអង្គុយចាំមើល ដេឌីនិងម៉ាមីខ្ញុំតើគាត់នឹងមានប្រតិកម្មយ៉ាងម៉េចខ្លះ ឬចាំមើល​បំណាំតាហ្នឹងទេ ព្រោះថាគ្មានដែលមកឱនក្បាលដាក់សោះ ធ្វើការក្នុងស្រុកក្នុងភូមិខ្ញុំគ្មានខ្វល់ម៉ោ លុតក្រាប​អីម៉ាប៉ឹក ជាពិសេសខ្ញុំចាំមើលតែមេភូមិដែលទទួលខុសត្រូវការងារដូចតាហ្នឹងគាត់ធ្វើ តាមថា​គាត់ត្រូវមកត្រួត​តាហ្នឹងថាធ្វើអីខ្លះ បានផលឡាម៉េច រួចត្រូវការអីខ្លះ ព្រោះតាដុកទ័រមានទៅមើលអ្នក​ស្រុក​គាត់អី គាត់ម៉ោ​មើល តែអ្នកស្រុកខ្ញុំ ចឹងត្រូវរកវិធីជួយគាត់តាមលទ្ធភាពដែរ មិនមែនមើលនឹងភ្នែកទេ ព្រោះពន្ធប្រាក់ខែខ្ញុំ​ច្រើន​ ណាស់ រួចមិនមែនមានតែខ្ញុំឯណា មានប្រមូលលុយបានច្រើន ចែកគ្នាប្រើ តាមមុខងារតាមការគួរទៅ គេមិន​មែន​ឱ្យប្រមូលលុយទៅទុកមិនឱ្យចាយអីសោះឯណា។

យាយៗទៅដូចជាមិនសូវចំ ដេឌីនិងម៉ាមីខ្ញុំណាស់តែចឹងតើ ទាល់តែគ្នាជិតឡាប់ហើយបានស្ទុះមក​ជួយ រួច​បងប្អូនជីដូនជីតា សាច់ញាតិ៧ឋានផឹនដេឌីនិងម៉ាមីខ្ញុំហ្នឹង កុំតែពួកគាត់ធើអីនាំគ្នាព្រូទៅធើ​តាមដែរ យូរៗ​ទៅ​ចង់ទៅជាទម្លាប់ហើយ ប្រហែលនឹងអារឿងបើកលក់ពោតស្ងោរដែលខ្ញុំលើកមក​បង្ហើប​កាលពីប្រកាសមុន។ ណ្ហើយយាយៗទៅនៅតែដេឌីនិងម៉ាមីតែដដែលហ្នឹង និយាយចុះឡើងដូចហែក កេរ្តម៉ែឪឯងចឹង ប៉ិនតែវាមិន​អស់ចិត្ត មិនអស់ហ្នឹងយ៉ាងម៉េច? មិនអស់ត្រង់ថា បើតាហ្នឹងនៅឆ្ងាយឯ ស្រុកគេទៅគ្រាន់ស្រែកហៅ​សុំជំនួយឮ​មិនដល់ តែនេះម៉ាឆ្នាំម្តង ខ្ញុំឃើញតាហ្នឹងសរសេរសំបុត្រទៅសុំ មេភូមិ រួចប្រកាសសុំជាសាធារណ៍​ទៀតនៅតែ​មិនមាននរណាអើពើ យាយៗទៅដេឌីនិងម៉ាមីខ្ញុំបានតែ រឿងផ្សេងទេ ព្រោះគាត់គិតថារឿងហ្នឹង ទោះជា​ជួយទៅ​ក៏បុណ្យបានតែតាដុកទ័រហ្នឹង។

ខ្ញុំថាសព្វង៉ៃនេះ មានការជួយពីដេឌីនិងម៉ាមី ពីញាតិមិត្តនានារបស់ខ្ញុំហើយ តែនោះមិនមែននិរន្តរភាព ទេព្រោះ​ជំនួយទាំងនោះគ្រាន់តែអាចដោះមួយពេលយូរឬឆាប់ប៉ុណ្ណោះ សំខាន់គឺថាបើមេភូមិខ្ញុំចេះចាត់ ចែងលុយកាក់​ម៉ាផ្នែកធំទៅជួយបានអាចដំណើរការគ្រាន់បើបន្តិច ហើយបានយូរផង ព្រោះលុយក្នុង ភូមិ​​នៅតែប្រមូលបានទេ ខ្ញុំឯណាទៅឈប់ធ្វើការស្អែកនោះ។

ប្រកាសមួយនេះសរសេរចម្លងស្ទីលតាមពូស្រុកស្រែ តែដឹងតែវិជ្ជាគុនចាញ់ពូដាច់ ដូច្នេះ បងប្អូនញាតិ ញោម ទាំងឡាយដែលមានទស្សនៈដូចខ្ញុំ គឺសុំឱ្យជួយរឿងកែសម្រួលពាក្យពេចន៍ក្នុងប្រកាសនេះដើម្បី យើង ទាំង​អស់គ្នាស្តាប់ទៅមិនឆ្គងត្រចៀក ហើយយើងនាំគ្នាចែករំលែកតាមការគួរ។

30 ខែកក្កដា 2012 / ស្នាមញញឹម

អរគុណ


ខ្ញុំជិះម៉ូតូចេញពីកន្លែងធ្វើការទៅរកសម្រាកនៅផ្ទះ ព្រោះថ្ងៃនេះគ្មានអារម្មណ៍ឃ្លានបាយសោះ មេទើបតែទារ របាយការណ៍ប្រចាំត្រីមាស។ ហ្អើយ គិតទៅមួយខែៗលឿនណាស់ រកតែពេលរៀបចំការងារឱ្យមានសណ្តាប់ ធ្នាប់អីស្អាតនឹងគេក៏មិនបាន មហាសែនរញ៉េរញ៉ៃ។ ម៉ោង ដប់ពីរ និង ដប់ប្រាំនាទីថ្ងៃត្រង់ ខ្ញុំជិះចេញពីកន្លែង តាមផ្លូវខាងកើតផ្សារថ្មីតម្រង់ទៅផ្សារ រួចទើបបត់ទៅផ្លូវព្រះអង្គឌួងវិញ។ កំពុងតែជិះឆ្លងផ្លូវខ្វែងផ្សារតាប៉ាង ដែលម៉ូតូក្តីឡានក្តីបើកយ៉ាងសម្រុកប្រញាប់ទៅរកបាយថ្ងៃត្រង់រៀងខ្លួន ផុតពីផ្លូវខ្វែងនោះ អ្នកធ្វើដំណើររួម ផ្លូវជាមួយខ្ញុំក៏ប្រញាប់ណាស់ដែរ គាត់បើកគ្មានសំចៃប្រេងទេ គឺសម្រុកចូលទៅផ្លូវជុំវិញផ្សារថ្មីនោះ ដែលធ្វើឱ្យ អ្នកទេសចរបរទេសប្រមាណមួយឡានទួរីស ត្រូវបកជំហានត្រឡប់ក្រោយ ឡើងទៅលើខឿនសួនច្បារវិញ ចំណែកខ្ញុំណាមួយម៉ាស៊ីនម៉ូតូវាយឺត ណាមួយសំចៃប្រេង ណាមួយអត់មានអារម្មណ៍អីតិចក្នុងខ្លួនក៏ជិះយឺតៗ ហើយឃើញបារាំងស្រីពីរនាក់កាន់ដៃគ្នាឆ្លងថ្នល់ក៏បង្អន់ល្បឿនរហូតដល់ឈប់នៅពេលពួកគាត់ឆ្លងថ្នល់។ ដោយការគួរសមរបស់ជាតិគេ គេឱនមុខបន្តិចជាមួយពាក្យ តែងឃ្យូ ហើយលើកដៃគ្រវីដើរទៅតាមបណ្តោយ​ ផ្លូវជុំវិញផ្សារថ្មីនោះដែរ ស្របគ្នានឹងខ្ញុំដែលជិះម៉ូតូឆ្លងចូលគន្លងផ្លូវផ្សារថ្មីនេះដើម្បីឆ្ពោះទៅផ្លូវអង្គឌួង។

ជិះម៉ូតូបណ្តើរនឹកបណ្តើរដល់នារីបារាំងពីរនាក់នោះ ដែលជាតិសាសន៍មួយនេះកម្រឃើញកាន់ដៃគ្នាឆ្លងថ្នល់ ណាស់ បើមានគឺត្រឹមតែឈរចាំគ្នាពេលម្នាក់ទៀតមិនទាន់ឆ្លងផុតតែប៉ុណ្ណោះ។

«នែ! ខ្លួនឯងដឹងទេ ថ្ងៃនេះខ្ញុំបានឃើញស្រ្តីមានផ្ទៃពោះដើរឆ្លងថ្នល់ ហើយខ្ញុំបានឈប់ឡានឱ្យគេឆ្លង។ ធ្វើឱ្យខ្ញុំ នឹកដល់ខ្លួនឯងដែលកាលជិះម៉ូតូឌុបខ្ញុំ ហើយតែងតែឈប់ឱ្យក្មេង មនុស្សចាស់ អ្នកមានផ្ទៃពោះ ដើរឆ្លងទៅ ទាំងដែលពួកយើងកំពុងប្រញាប់សឹងតែហោះ។»

នេះជាសម្តីរបស់មិត្តខ្ញុំម្នាក់ដែលធ្លាប់ប្រាប់ខ្ញុំក្នុងពេលគាត់បានធ្វើអំពើគប្បីនឹងធ្វើចំពោះមនុស្សដែលគាត់កំពុង ជួបក្នុងពេលបើកឡានត្រឡប់ទៅផ្ទះ ហើយតេប្រាប់ខ្ញុំក្នុងពេលដែលខ្ញុំមមាញឹកសឹងតែដកដង្ហើមមិនរួច។ ខ្ញុំមិន សូវចាប់អារម្មណ៍ទេព្រោះការងារនៅលើតុខ្ញុំសឹងតែលុបក្បាលខ្ញុំទៅហើយ។ រហូតដល់ពេលដែលខ្ញុំឃើញនារីពីរ នាក់នេះនិយាយថា តែងឃ្យូ ដាក់ខ្ញុំបានខ្ញុំនឹកឃើញសម្តីពួកម៉ាក។ គាត់ប្រហែលជារំភើបចិត្តមិនតិចទេក្នុងពេល គាត់តេរកខ្ញុំ តែខ្ញុំបែរជាមិនបានលើកទឹកចិត្តហើយក៏មិនចាប់អារម្មណ៍។

ខ្ញុំដឹងថាគ្នាយើងក៏មានជួបរឿងពិសេសៗ ពីពាក្យថាអរគុណនេះដែរ តួយ៉ាងដូចជារឿងរបស់ តាម៉ាប់

ដូច្នេះប្រសិនបើអ្នកមានរឿងល្អៗបែបនេះ សូមនិយាយប្រាប់ខ្ញុំផងម៉ោ ព្រោះខ្ញុំអត់សូវបានចេញទៅពិភពលោក ខាងក្រៅអត់សូវដឹងរឿងច្រើនទេ ចែករំលែកនៅទីនេះទុកថាធ្វើបុណ្យដាក់មនុស្សជាប់ទ្រុងម្នាក់នេះទៅចុះ 🙂

29 ខែកក្កដា 2012 / ស្នាមញញឹម

ចុងសប្តាហ៍រីករាយ


ទៅផ្ទះលើកនេះមានរឿងហួសចិត្តផង ស្តាយក្រោយផង និងសប្បាយសើចផង។

រឿងហួសចិត្តមានពីរ៖

កាលពីយប់ថ្ងៃសុក្រជិះឡានក្រុងពេលយប់ទៅកំពង់ធំ។ អ្នកលក់សំបុត្រប្រាប់ថាមានតែកៅអីក្បែរតៃកុង។ អូខេ

បុរសម្នាក់ដែលជាអ្នកទទួលខុសត្រូវក្នុងឡានបានរៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវត្រឹមត្រូវហើយ ឡានចេញពី បេនទៅដល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឡានក៏ឈប់ដាក់មនុស្សស្រីពីរនាក់ទៀត។ នារីពីរនាក់នេះប្រហែល ជាលោកជំទាវណាមួយហើយមើលទៅបានជាចូលទៅអង្គុយក្នុងកៅអីក្រោយតៃកុងដែលមិនមែនជាកៅអីទិញ សំបុត្រ។

នាងម្នាក់រូបរាងស្អាតជាងគេរអ៊ូ៖ បងឯងឱ្យខ្ញុំអង្គុយកៅអីហ្នឹង? ខ្ញុំថាទិញសំបុត្រត្រឹមត្រូវមិនឱ្យទិញទេ រួចឱ្យខ្ញុំ អង្គុយចឹងខ្ញុំមិនព្រមទេ។ (នាងរអ៊ូដាក់បុរសរៀបចំកន្លែងអង្គុយ) បងឯងនេះយ៉ាប់ណាស់!

នាងមិនមែនជានារីវ័យក្មេងខ្ចីដែលតាមស្តាប់សម្តីសមតែជាកំណាន់របស់អ្នករៀបកៅអីហ្នឹងទេ តែបើជាប្រពន្ធ ពេញច្បាប់ក៏ពេញជាមិនមែនដែរ ព្រោះថា ពេលឡានចេញដំណើរមកនាងរអ៊ូរង៉ូវជាប់រហូតប្រហែលម្ភៃនាទី ហើយក្នុងពេលដែលបុរសម្នាក់នោះឃើញមនុស្សឆ្កួតរត់តាមឡានក៏បើកកញ្ចក់ស្រែកសួរថាទៅណា? អ្នកផ្សេង ថាទេមនុស្សឆ្កួតទេ! នាងក៏ស្តីឱ្យថា បងឯងហៅមនុស្សឆ្កួតហ្នឹង បងឯងក៏ឆ្កួតដែរ! 8-(  បុរសនោះនៅស្ងៀម!

អូហ្គត់! ខ្ញុំជាស្រីផងទើសត្រចៀកប៉ុណ្ណឹងហើយ ចុះទម្រាំបុរសពីរនាក់ទៀតដែលអង្គុយនៅលើជណ្តើរនោះ គិត យ៉ាងណាទៅលោកអើយ!

ដល់កន្លែងឈប់ទិញនំប៉័ង នាងនិងបុរសនោះក៏ចុះទៅ ខ្ញុំខ្ជិលចុះក៏នៅអង្គុយកាន់កន្ទុយសំបុត្រនៅនឹងដៃមើល ផ្អៀងផ្អងតាមតែនឹកឃើញ (តាមពិតមើលអក្សរមិនឃើញទេព្រោះភ្លេចយកវ៉ែនយាយតាម)។ មួយសន្ទុះ បុរស នោះក៏មកនិយាយនឹងខ្ញុំ ៖ បងអាចអង្គុយនៅកន្លែងនោះបានទេ? សុំកន្លែងហ្នឹងឱ្យម្នាក់នោះអង្គុយ!

ខ្ញុំសម្លឹងមើលមុខសុភាពបុរសម្នាក់នោះបន្តិចមុននឹងសម្រេចចិត្តឆ្លើយតបវិញ៖ អ៊ឹមហ៍! អូខេ។

ខ្ញុំនឹកថាបើទោះជាខ្ញុំមិនព្រមដូរក៏ខ្ញុំទ្រាន់ត្រចៀកនឹងសម្លេងរបស់នារីម្នាក់ហ្នឹងណាស់ដែលធ្វើមើលតែជាជំទាវ ជិះឡានមួយតែម្នាក់ឯងចឹង តាមពិតអ្នករកស៊ីទិញខោអាវលក់ពីស្រុកថៃមកស្រុកខ្មែរសោះហ្នឹង ជិះឡានក្រុង សឹងសឹកគូទទៅហើយធ្វើជាមិនចេះអង្គុយទេកៅអីគ្មានបង្អែកដេកបាន។ ណាមួយបុរសម្នាក់នេះប្រហែលជា ទទួលខ្លួនមកសុំនិយាយដូរកៅអីជាមួយខ្ញុំទាំងដឹងថាតួនាទីរបស់ខ្លួនជានរណា ហើយនារីម្នាក់ដែលគាត់ដាក់ មិនបានទិញកៅអីនោះជានរណា ខ្ញុំនឹកថាគ្នាខំកាត់ខ្មាស លះកិត្តិយសជាបុរសដឹងខុសត្រូវមកសុំខ្ញុំប៉ុណ្ណេះទៅ ហើយ បើខ្ញុំមិនព្រមទៀតដូចជាបំបាក់មុខគ្នាចំពោះស្រីកំណាន់នោះពេកកូវ។

ខ្ញុំដូរជាមួយដោយធុញទ្រាន់ ដោយនឹកក្នុងចិត្តថា មុនពេលចុះខ្ញុំនឹងនិយាយពាក្យ ពីរបីម៉ាត់ដើម្បីកុំឱ្យបុរសម្នាក់ នោះវង្វេងខ្លាំងពេក៖ បងជាសុភាពបុរសពិតមែនដែលសុខចិត្តហាមាត់សុំខ្ញុំប្តូរកៅអីដែលមានសំបុត្រត្រឹមត្រូវ ត្រង់ៗមិនខ្លាចខ្មាស សូមបងពិចារណាឡើងវិញណា៎!

ខ្ញុំចង់និយាយតែប៉ុណ្ណឹងទេ។ ដល់ពេលឃើញបុរសម្នាក់នោះត្រូវនាងស្តីឱ្យ ត្រូវនាងប្រើឱ្យជួយសម្រួលកៅអីផ្អែក ឱ្យយកខ្នើយឱ្យនាង ឱ្យរកទឹកសុទ្ធត្រជាក់ស្រេបឱ្យនាង ខ្ញុំលែងមានសល់អារម្មណ៍ចង់ស្តីឱ្យគាត់ ព្រោះនឹកថា៖ ហេតុតែគាត់ស្រឡាញ់នាងនោះពេក នាងប្រើធ្វើអីក៏ធ្វើ នាងស្តីថាយ៉ាងម៉េចក៏មិនមាត់នៅតែញឹមៗរហូត។ ដល់ ថ្នាក់តែកុងឡានគាត់ទើសទែងពេកគាត់សួរទៅព្រូក្មេងម្នាក់ទៀត ថាតើមានកៅអីណាទំនេរដែលអាចឱ្យខ្ញុំឡើង ទៅខាងលើបាន តែគ្មានសល់សោះ ព្រោះកៅអីដែលខ្ញុំទិញនោះជាកៅអីចុងក្រោយហើយ។

កៅអីតៃកុង និងកៅអីមុខនោះសុទ្ធតែជាកៅអីមានបូមដែលគេធ្វើប្រយោជន៍កុំឱ្យពួកគាត់ងងុយគេង ចំណែក នាងម្នាក់នោះសម្រាកក៏មិនលក់គិតតែពីនិយាយរហូតចប់តែផ្លូវ ប្រសិនបើជាពេលថ្ងៃវិញខ្ញុំនឹងចុះរកឡានមួយ ទៀតជិះមិនខានព្រោះទ្រាន់ត្រចៀកជ្រុលពេក។

ពេលចុះទៅបុរសនោះខំនិយាយប្រាប់ខ្ញុំថាបើត្រឡប់មកវិញចាំជិះឡានគេទៀត ខ្ញុំស្រែកសឹងភ្លាត់ NO NOWAY

ត្រឡប់មកវិញឡើងឡានមកពេលយប់ទៀត ក៏ជួបរឿងពិសេសមួយទៀត៖

បុរសម្នាក់ដែលអង្គុយកៅអី ខាងឆ្វេងដៃខ្ញុំហ្នឹងគាត់កំពុងពេញគេងលក់ស្រួល ស្រាប់តែមានទូរស័ព្ទប្រាំប្រាំមួយ ដងរោទិ៍ គាត់ក៏លើកម្តង។ និយាយជាមួយសង្សារដោយអង្វរសង្សារថាកុំទាន់និយាយចាំទៅដល់ភ្នំពេញចាំគាត់ តេប្រាប់។ តែទំនងនាងមិនព្រម ទើបគាត់និយាយបន្តទៀត ថាគាត់អត់បានគេងថ្ងៃហើយធ្វើការមួយថ្ងៃពេញ គាត់សុំគេងលក់ឱ្យឆ្អែតម្តង។ គាត់អង្វរសង្សារតែបែបគេមិនព្រម គាត់ក៏បិទទូរស័ព្ទ។ នាងនោះតេមកប្រមាណ បីដងទៀតបានគាត់លើកនិយាយ អូនឯងបានគេងថ្ងៃអូនឯងទុកឱ្យបងគេងឱ្យឆ្អែតផងបានទេ? បងសុំតែ ប៉ុណ្ណឹងបានទេ? … បើអូនឯងគេងមិនលក់អូនមើលទូរទស្សន៍ឬធ្វើកិច្ចការផ្សេងទៅ ឬមួយចង់ឱ្យបងអត់បាន គេងដូចអូនឯងដែរ? ល្មមឈប់ទម្លាប់គេងមិនលក់ពេលយប់ហ្នឹងហើយ! គួរតែកុំគេងពេលថ្ងៃច្រើនពេក ចឹង ពេលយប់ អាចគេងលក់ស្រួល… បើអូនឯងគេងមិនលក់ហើយឱ្យបងនិយាយជាមួយឱ្យឈឺឬអី? គាត់ក៏បិទ ទូរស័ព្ទ។នាងតេមកទៀត មុនពេលលើកទូរស័ព្ទគាត់ក៏និយាយ៖ អូយសុំខ្លាចហើយ សុំចាញ់តាម៉ង (គាត់ និយាយទាំងសម្លេងក្រងួរដោយសារងងុយគេងពេក)… គាត់និយាយលន់តួហួសវិស័យ ចំពោះសង្សារទម្រាំ នាងនោះព្រមឈប់និយាយហើយគាត់ក៏រអ៊ូម្នាក់ឯង ហ៊ឺយយយយ៍…

ខ្ញុំនឹកតែគិត មនុស្សស្រីតែធ្វើដល់ថ្នាក់ហ្នឹងពេកដូចជាលែងជាស្រីខ្មែរហើយទេដឹង?

ថាទៅខ្ញុំហ្នឹងក៏អឺរ៉ុបណាស់ដែរ កុំមើលឃើញតែកំហុសគេពេក!

រឿងស្តាយមានតែមួយទេ៖

ខ្ញុំទៅដល់ផ្ទះធ្វើការងារមួយចំនួនរួច ខ្ញុំឆ្លៀតទៅលេងព្រៃមួយល្ងាចទៀត ព្រោះមានមួយកន្លែងតាមផ្លូវនៅក្នុងព្រៃ ដុះសុទ្ធតែគ្រញូង មានកូនគ្រញូងមួយដើមដែលទើបចេញផ្កាដំបូងរបស់ខ្លួនខ្ញុំបានឃើញកាលពីលើកមុន។ ដល់ តែនឹកគិតទៅគឺថាស្តាយព្រោះមិនបានដាក់កាមេរាទៅតាមខ្លួនសោះ ក៏បកក្បាលមកវិញមិនទៅនាំខាតសាំងទេ។

រឿងសប្បាយសើចមានតែមួយដែរគឺជារឿងកូនប្រុសសំណព្វដួងចិត្តរបស់ខ្ញុំ៖

គ្រាន់តែដើរចូលក្នុងផ្ទះភ្លាម មីងរបស់ខ្ញុំគាត់ប្រាប់ខ្ញុំថាឆ្កែខាំគាត់ពេលគាត់ចាប់វាប្រុងចាក់ថ្នាំ។ អាយក្សវាកំពុងតែ ប្រតោងប្រឡែងជាមួយខ្ញុំដែលវានឹកព្រោះបែកមួយអាទិត្យហើយ ខ្ញុំស្តាប់ម្តាយមីងនិយាយបណ្តើរឆ្ងល់បណ្តើរ រាល់ដងឆ្កែរបស់ខ្ញុំវាប្រតោង លោតប្រឡែងពីខាងមុខ ចុះម៉េចក៏លើកនេះតោងហើយដើរទៅក្រោយជើងខ្ញុំចឹង? ទើបតែដឹងវាក្បាលខូចបានធ្វើកំហុសមួយធំណាស់ជាមួយយាយវា ហើយគាត់អត់និយាយរកវាបួនថ្ងៃហើយ ៖

មើលនែ! ដៃមីងហើមដោយសារអាកូនសំណព្វចិត្តរបស់ឯងហ្នឹងខាំ! ចង្កូមទាំងបួនមុតទាំងបួន។

ម៉េចបានហ្អែងខាំយាយចឹងហះ? (ខ្ញុំងាកទៅមើលវាដែលដើរចេញយឺតៗពីខ្ញុំ ខុសពីទម្លាប់វាដែលនៅតោងខ្ញុំទាល់ តែខ្ញុំទម្លាក់សំពាយចាប់លើកដៃវា យោងខ្លួនវាដូចទោងចុះឡើងមួយសន្ទុះបានវាឈប់តោងហើយរត់ទៅលេង ជាមួយគ្នាវា) មើលវាធ្វើ! (ខ្ញុំសម្លឹងមើលកូនសំណព្វចិត្តរបស់ខ្ញុំដែលដើរចេញទៅរកមាត់ទ្វារ ហើយសម្លឹងមើលខ្ញុំ ម្តងៗដោយព្រិចភ្នែក ដាក់ភ្នែកចុះ រួចដាក់ខ្លួនចុះដេកលូនបែរមុខមករកខ្ញុំ)។

ដោយសារយប់ហើយខ្ញុំមិនឡូឡាទេ ក៏មុជទឹកចូលដេកទៅ។

ព្រឹកព្រលឹមឡើងខ្ញុំទ្រមក់មិនទាន់ងើបទេ ទោះជាម្តាយខ្ញុំក្រោករៀបចំឥវ៉ាន់រួចហើយក៏ខ្ញុំមិនទាន់ប្រែខ្លួនដែរ អាយក្សវាចូលមកមើលខ្ញុំបីបួនដងហើយ តាំងពីម្តាយខ្ញុំបើកទ្វារមក ព្រោះវាអត់ឃើញខ្ញុំភ្ញាក់ហើយឥវ៉ាន់រៀប ទៅស្រែទៅភ្លឺអីគេប្រុងប្រៀបរួចរាល់ហើយ។ ចូលមកលើកទីប្រាំវានៅអត់ឃើញខ្ញុំប្រែខ្លួនទៀត វាក៏លូកជើង មុខវាចូលក្នុងមុងកេះដៃខ្ញុំដែលសន្ធឹងទទឹងខ្លួនពេញគ្រែ ខ្ញុំធ្វើមិនដឹងព្រោះមិនទាន់ចង់ភ្ញាក់ មួយសន្ទុះទៀត វាក៏លូកជើងមកកេះម្តងទៀត ហើយក៏ចេញទៅក្រៅបាត់ទៅ ។ ជាទម្លាប់ឆ្កែរបស់ខ្ញុំជាអ្នកដាស់ខ្ញុំរាល់ព្រឹក ព្រោះបើមានមនុស្សណាមកដាស់ ខ្ញុំខឹងគេដាច់ក្បាលដាច់កន្ទុយ តែបើឆ្កែខ្ញុំដាស់វិញ អូខេ អត់អីទេ។ ហើយ រាល់ដងបើម្តាយខ្ញុំនិយាយប្រាប់វាថា ទៅដាស់ម៉ែហ្អែងទៅស្រែ គឺវារត់ត្រុយលោតឡើងលើពូក ត្រសុលចូល មុងរកខ្ញុំឱ្យក្រោកទៅស្រែ។ តែលើកនេះវាបានធ្វើកំហុសមួយធំណាស់ គឺវាមិនហ៊ានឡើងលើគ្រែទេ សុខចិត្ត យកជើងកេះដៃខ្ញុំ ដែលពីមុនវាមិនដែលធ្វើបែបនេះឡើយ។

ក្រោកពីដេកបានខ្ញុំក៏ស៊ុតវាមួយរយៗ ស្តីឱ្យរឿងវាខាំមីងខ្ញុំ។ ស្តាប់ខ្ញុំស្តីឱ្យរួចវាក៏នាំបងប្អូនវាឆ្លងថ្នល់ទៅលេង ជាមួយពួកម៉ាកវានៅម្ខាងថ្នល់។

មីងមិននិយាយរកវាតាំងពីថ្ងៃវាខាំមក ហើយវាចេះតែដើរតាមមីងគ្រប់កន្លែងទាំងអស់ ទាំងព្រឹកព្រលឹមក៏មិន ទៅឆ្លងថ្នល់ មិនទៅណាក្រៅពីដើរតាមមីង និងនៅចាំផ្ទះ។ វាដឹងថាវាខុសដែរ ពេលមីងទៅវត្ត ធម្មតាបើវាជូន មីងទៅហើយវានឹងត្រឡប់មកវិញចាំផ្ទះ តែលើកនេះនៅអង្គុយស្តាប់លោកទាំងងោកឯកន្លែងសុំសីល។ មីង អត់រវល់និយាយរក។ អើ! មកពីមីងចង់ចាប់វាចាក់ថ្នាំ តែពេលសង្រ្គប់វាទៅវាភ្ញាក់ក៏ខាំមីងទៅ!

មូលហេតុគឺមកពីដល់ពេលចាក់ថ្នាំវា រួចម្នាក់ៗមិនអាចចាប់វាបានទេ វាជាឆ្កែសេរី មួយភូមិប្រហែលជាងដប់ផ្ទះ នោះសុទ្ធតែជាមាមីងវាទាំងអស់ វាខឹងអ្នកផ្ទះខ្ញុំ វាដើរទៅដេកផ្ទះមាមីងវា រួចគេស្រឡាញ់ក៏ចេះតែឱ្យបាយស៊ី ទៅដល់វាអស់ចិត្តលែងខឹង វាមកផ្ទះវិញមក។ អ្នកដែលចាប់វាចាក់ថ្នាំបានមានតែប្អូនប្រុសខ្ញុំទេ តែអាប្អូនប្រុស ក្បាលខូចខ្ញុំហ្នឹងមិនចង់ចាប់ឆ្កែ ខ្លាចឆ្កែមិននៅចាំទ្វារឱ្យវាពេលវាមកផ្ទះយប់ វាខ្ជិលចាក់សោរ រួចបើប្រាប់វាថា ចាំពូមកវិញផង រួចឱ្យឆ្អឹងមួយទៅ គឺនៅយាមនឹងទ្វារហ្នឹងរហូត។

ដល់ពេលចាប់វាមិនបាន ហើយវាខាំទៀតមីងខ្ញុំគាត់ខឹងលែងនិយាយរក វាក៏ដឹងកំហុស។ ល្ងាចពេលត្រឡប់ មកពីស្រែវិញខ្ញុំហៅវាមកនិយាយជាមួយ ពីរបីដងទៅវាក៏ព្រមឱ្យចាប់ចាក់ថ្នាំ ខ្ញុំនឹកឃើញចង់តែសើច ដែលជា ធម្មតាឱ្យតែចាប់ឆ្កែចាក់ថ្នាំ ឬមុជទឹកគឺផ្អើលមនុស្សអស់មួយភូមិ ។​​ ចាក់ថ្នាំរួចវាក៏ចុះហែលទឹកស្រះក្រោយផ្ទះ ឡើងមកវិញទៅននៀលដីប្រឡាក់ខ្លួនឡើងបះរោមដូចកញ្ជ្រោង! តែណ្ហើយឱ្យតែវាបានចាក់ថ្នាំ ចាំមុជទឹកឱ្យ តាមក្រោយទៀតចុះ។

ឱ្យតែមកដល់ផ្ទះ បើមិនមនុស្សប្តឹងទេ គឺឆ្កែប្តឹងខ្ញុំ។ យូរៗទៅផ្ទះរបស់ខ្ញុំសឹងតែលែងមានរឿងអីសំខាន់ជាងហ្នឹង ហើយ ប្រហែលជាជីវិតរបស់ពួកយើងគឺមានពួកវាជាកូនក្មេងដែលអាចប្រឡែងជាមួយបាន។

មើលទៅជម្លោះមីងខ្ញុំ និងកូនរបស់ខ្ញុំដែលជាចៅរបស់គាត់នៅមានរឿងវែងឆ្ងាយតទៅទៀត… ហ៊ឺ…

25 ខែកក្កដា 2012 / ស្នាមញញឹម

តើជាយុទ្ធសាស្រ្តអ្វី?


ខ្ញុំមិនដែលដឹងរឿងរ៉ាវសំខាន់ៗពីមុនមកទេ ទើបតែដឹងនៅពេលដែលខ្ញុំឈប់ឆ្កួតនឹងបច្ចេកវិទ្យា ឈប់នឹកនារឿង អត់បានការនានាជុំវិញខ្លួន ហើយសម្លឹងមើលទិដ្ឋភាពក្នុងសង្គម។ រឿងទីមួយគឺ ការប្រមូលទិញរទេះគោចាស់ៗ ដើមត្នោត ដើមរាំងទឹក រាំងភ្នំ ដើមចំប៉ី និងដើមឈើជាច្រើនដែល «ត្រូវប៉ាន់» របស់ឈ្មួញប្រទេសជិតខាង។

ទាំងអស់ហ្នឹងគ្រាន់តែខ្ញុំបានឮប៉ុណ្ណោះ តែមិនដែលបានចាប់អារម្មណ៍គិតឱ្យស៊ីជម្រៅនោះទេ។

ខ្ញុំទើបតែបានឃើញសកម្មភាពរបស់ឈ្មួញមួយចំនួនដោយផ្ទាល់ ហើយគំនិតច្របូកច្របល់បានរត់ប្រណាំងនៅ ក្នុងខួរស្វារបស់ខ្ញុំស្ទើរតែពេញមួយអាទិត្យ។ នោះគឺដំណើរទៅលេងផ្ទះរបស់ខ្ញុំរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ។

រាល់ថ្ងៃសៅរ៍ ខ្ញុំតែងជិះម៉ូតូពីម៉ោងបីព្រឹកទៅកំពង់ធំ ដើម្បីជួយការងារគ្រួសារ ។ ទៅដល់ទីប្រជុំជនស្គន់ នៅម៉ោង ប្រាំព្រឹកព្រលឹម ខ្ញុំមិនទាន់ឈប់សម្រាកទេ រង់ចាំទៅដល់ព្រំប្រទល់ខេត្តកំពង់ចាម កំពង់ធំ ទើបសម្រាក ព្រោះនៅ ទីនោះមានគេរៀបចំដាក់បាត្រលោក ខ្ញុំចាំទៅឈប់ដាក់បាត្រលោកដែរ កុំឱ្យខាតពេល។

សុំនិយាយបន្តិចទៅចុះត្រង់នេះ បានជាខ្ញុំចង់ដាក់បាត្រលោកនៅទីនោះ ព្រោះអ្នកស្រុកគេរៀបចំបានល្អ គឺមាន ការប្រមូលគ្នាពីរបីគ្រួសារ មានចង្ហាន់ មានម្ហូប មានបង្អែម តាមតែលទ្ធភាព ពេលលោកនិមន្តមកបិណ្ឌបាត្រនា ពេលព្រឹកគេស្រូតដាក់បាត្ររួចទើបបររទេះទៅស្រែ ឬចេញទៅរកស៊ីឈ្នួល ឬប្រវាស់ដៃគ្នា ជាខាងក្រោយ។ ខ្ញុំមិន ឃើញមានការដាក់បាត្រជាបច្ច័យឡើយ នាពេលព្រឹកនោះ ដូច្នេះខ្ញុំក៏ទិញនំប៉័ងមានសាច់ជ្រូកស្ងួតពីក្នុងទៅដាក់ បាត្រយកមុខយកមាត់នឹងគេដែរទៅ ។ ង៉ាស់ៗៗ តាមពិតខ្ញុំចូលចិត្តគេគោរពលោកសង្ឃពីទឹកចិត្ត មិនមែនដោយ ព័ណ៌សម្បុរ ណាមួយលោកនៅវត្តក្បែរនោះក៏មើលទៅមិនខ្ជិលច្រអូស មានការសម្អាតវត្ត មានពេលសម្រាប់រៀន តែដឹងតែថាមនុស្សមហាគម្រិះ មិនដែលថ្វាយបង្គំលោកដូចខ្ញុំហ្នឹងជាមនុស្សមិនងាយធ្វើបុណ្យតែប៉ុណ្ណឹងបាន ហើយ។

ដល់តែឃ្លាតពីកន្លែងដាក់បាត្របន្តិចមក ខ្ញុំក៏ឃើញក្រុមបុរសជាច្រើននាក់ មានម៉ូតូមួយម្នាក់ដែលនៅជាប់នឹង នោះមានបន្តោងឆ្នាំង កំសៀវថ្មីៗ រណេងរណោងដែលខ្ញុំមិនធ្លាប់ឃើញ (សុំទោសទៅចុះ មិនបានថតរូបមកដាក់ ជូនទេ ព្រោះតែមិនបានដោយកាមេរ៉ាទៅតាម) ជាប់នឹងទ្រុងមួយទទឹងប្រហែលកន្លះម៉ែត្រ បណ្តោយមួយម៉ែត្រ។ គ្នាគេប្រហែលជាជាងដប់ម៉ូតូ មានយួនមានខ្មែរ ដែលដំកង់គ្នាមកប្រមូលទិញឆ្កែពីស្រុកយើងទៅលក់ឱ្យយួននៅ ព្រំប្រទល់ ដែលដំណើរការនេះគឺបានលុកលុយចូលដល់ស្រុកស្រែ ចំការ ឆ្ងាយៗ (តាមការសាកសួរគឺទៅដល់ រហូតឃុំទំរីង ស្រុកសណ្តាន់ ស្រុកដែលខ្ញុំធ្លាប់ទៅធ្វើការ ដែលផ្លូវធ្វើដំណើរសែនលំបាក)។

ខ្ញុំជឿថាលោកអ្នកប្រាកដជាបានដឹងពីរឿងនេះខ្លះៗហើយ នៅផ្ទះខ្ញុំនេះ ខ្ញុំគ្រាន់តែចង់បញ្ចេញមតិរបស់ខ្ញុំថា៖

កាលមុនយើងមិនបានឃើញការប្រមូលទិញឆ្កែនៅតាមជនបទទេ បើមានក៏ជាការដោះដូរគ្នារវាងអ្នកស្រុកដែរ ដូចជាកូនមាន់មួយដូរឆ្កែមួយ ឬពេលនរណាឡើងផ្ទះថ្មី គេចាប់កូនឆ្កែដែលផ្តាច់ដោះរួចទៅចងដៃដែរ ដើម្បីបាន ការពារផ្ទះសម្បែង។ បើនៅទីក្រុង មានខ្លះដែរ ដូចជាគេលួចចាប់ឆ្កែទៅស៊ី (ច្រើនអ្នកប្រមឹក) ទាក់ឆ្កែទៅលក់។

ភូមិដ្ឋានស្រុកស្រែ ដូចលោកអ្នកដឹងស្រាប់ហើយ គ្មានទ្វារ គ្មានជញ្ជាំងឱ្យមាំមួនដូចអ្នកផ្សារនោះទេ មានតែឆ្កែ ដែលជា «សន្តិសុខភូមិ» នេះគ្រាន់ជាអ្នកឱ្យសញ្ញា ផ្តល់ដំណឹងពេលមានមនុស្សចម្លែកចូលមក ឬជួនកាលធ្វើ ជាអ្នករកម្ហូបក្នុងគ្រួសារដែរ និងក៏ជាអ្នកជួយការពារទ្រព្យសម្បត្តិ សត្វពន្លាត់ពេលយប់យ៉ាងសំខាន់…

ខ្ញុំជិះម៉ូតូបណ្តើរគិតបណ្តើរ តើនេះជាយុទ្ធសាស្រ្តអ្វីទៅ? ឬមិនមែនទេ?

ពេលដែលអ្នកការពារភូមិត្រូវបានម្ចាស់ចាប់លក់ហើយ នរណានៅការពារទៀត? ឆ្កែមិនមែនចិញ្ចឹមបានធំ លឿនឯណា! តើគេបានកំណត់ទីផ្សារច្បាស់លាស់ណាស់មែនទេ ក្នុងពេលដែលអ្នកស្រុកស្រែត្រូវការរបស់ ប្រើប្រាស់ មានចាន មានឆ្នាំង អីអស់ហ្នឹង គេដឹកទៅដាក់រួចប្តូរមកវិញជាសត្វឆ្កែដែលគេចង់បាន ព្រោះតែគេ ដឹងថាអ្នកស្រុកអស់ហ្នឹង បើសិនឱ្យយកលុយទៅទិញចាន ឆ្នាំងគឺមិនងាយទិញទេ ព្រោះក្រលុយ តែបើចង្អុល ឆ្កែមួយដូរឆ្នាំងនេះមួយ គេប្រហែលជាងាយទទួលយកសំណើរនេះជាង។ល។

គិតមិនឃើញរឿងហេតុនោះសោះ ខំគិតយ៉ាងណាក៏គិតមិនទាន់ដល់។ ឥឡូវមានតែចាំមើលបងប្អូនក្នុងភូមិ យើងមាននរណាមានគំនិតដូចម្តេចគ្រាន់ជួយដាស់សតិខ្ញុំឱ្យបានភ្លឺផង… ត្រឡប់មកពីផ្ទះវិញម៉ោងពីររសៀល ថ្ងៃអាទិត្យ ខ្ញុំនឹងបានឃើញក្រុមម៉ូតូទាំងនោះត្រឡប់មកវិញជាមួយនឹងឆ្កែក្នុងទ្រុង ពីរ បី…

ពេលជិះឡានឆ្លងកាត់តាមផ្លូវ ហើយឃើញគេដឹកឆ្កែទាំងនោះដាក់ទ្រុង ខ្ញុំសង្វេគខ្លាំងណាស់ រួចក៏គិតឆ្កួតៗ ថាបើសិនជាខ្ញុំនៅដូចកាលពីមុន (ជើងកាងប្រចាំខេត្ត ដើរបង្ករឿងឱ្យម្តាយវេទនារាល់អាទិត្យ) ខ្ញុំនឹងហៅកន ខ្ញុំឱ្យលើកគ្នាមកបើកទ្រុងហ្នឹងឱ្យឆ្កែរត់ទៅឱ្យបាត់ទៅ នរណាហ៊ានធ្វើអីខ្ញុំ?

សូមស្វែងយល់បន្ថែមពីព័ត៌មាននេះ នៅកាសែតកោះសន្តិភាពតាមតំណភ្ជាប់ខាងក្រោម៖

http://kohsantepheapdaily.com.kh/article/45432.html

ប្រកាសរបស់ពូស្រុកស្រែក៏មានសរសេរពីរឿងនេះដែរ បើចង់ជ្រាបច្បាស់សូមចូលទៅប្លក់របស់គាត់ ស្រុកស្រែ

មានតំណភ្ជាប់ផ្សេងទៀតដែលខ្ញុំនឹងដាក់ជាខាងក្រោយ។

សូមអរគុណអង្គប្រជុំភូមិដែលបានអានប្រកាសនេះតាំងពីលើរហូតដល់ក្រោម ហើយសង្ឃឹមថា បើសិនមាន អ្នកចូលចិត្តហូបសាច់ឆ្កែបានអានទេ សូមបន់ស្រន់ឱ្យគាត់បានផ្លាស់ប្តូរតាមការគួរ។

ពីអ្នកស្រឡាញ់ឆ្កែបំផុតម្នាក់នៅស្រុកខ្មែរ (កូនខ្ញុំឈ្មោះ លី អសុរិន្ទ និង លី អង្គារា គឺជាឆ្កែ) ៖ លី កល្យាណ (តែ ម៉ែវាមិនមែនឆ្កែទេ 😀 )

22 ខែកក្កដា 2012 / ស្នាមញញឹម

ដើមត្នោត


វចនានុក្រមសម្តេចជួនណាត៖

ត្នោត៖ ឈ្មោះ​ដំណាំ​តចសារ​ជាតិ​ (ជាតិ​ឈើ​ដែល​មាន​សំបក​ជា​ខ្លឹម​ឬ​មាន​ខ្លឹម​នៅ​ត្រង់​ សំបក ដូច​យ៉ាង​ឫស្សី, ត្នោត, ដូង​ជាដើម) មួយ​ប្រភេទ ជា​ដំណាំ​មានប្រយោជន៍​សំខាន់​ក្នុង​ប្រទេស​ខ្មែរ​យើង (ព្រោះ​ ប្រកបការ​បាន​ច្រើន​យ៉ាង) : ទឹក​ ត្នោត, ស្ករ​ត្នោត, ផ្ទះ​ប្រក់​ស្លឹក​ត្នោត, ជញ្ជាំង​ស្លឹក​ត្នោត, កន្ទេល​ ស្លឹក​ត្នោត, សំពៀត​ស្លឹក​ត្នោត, ផ្លិត​ស្លឹក​ត្នោត, ដួន​ស្លឹក​ត្នោត, ក្បាប​ ត្នោត, សម្ល​ត្នោត, សម្ល​គម​ត្នោត, នំ​ ត្នោត, ចាហួយ​ត្នោត, កំពីង​ត្នោត, ម្សៅ​ ត្នោត, សាច់​ត្នោត​ខ្ចី, ត្នោត​ទុំ​ដុត, គល់​កូន​ត្នោត​ស្ងោរ​ឬ​ដុត, ខ្សែ​ធាង​ ត្នោត, ខ្សែ​ជក់​ត្នោត, រនូត​ដើម​ត្នោត, អំបោស​ជក់​ត្នោត ។ល។

ស្រុកខ្មែរមានសំបូរជាងគេគឺដើមត្នោតដុះក្បែរផ្ទះក្បែរភូមិ (តិចអ្នកភូមិយើងមកជាន់កែងខ្ញុំអីណា ថាស្រុកយើង សំបូរជាងគេគឺវល្លិ៍អញ្ជ័ន ព្រោះឃើញមានស្ទើរគ្រប់ផ្ទះ) ។ នៅតាមស្រុកស្រែស្រុកចំការក្តី ដើមត្នោតជារុក្ខជាតិ ពេញនិយមរបស់ប្រជាកសិករ ដោយពួកគាត់អាចទាញប្រយោជន៍ជាច្រើនពីដើមត្នោតដែលដុះដោយមិនចាំបាច់ ចំណាយប្រាក់សម្រាប់ថែទាំទេ សូម្បីមួយរៀល។

ខ្ញុំហ៊ាននិយាយដូច្នេះព្រោះថា ខ្ញុំមិនដែលឃើញនរណាចាំបាច់ត្រូវយកជីរទៅដាក់ ឬទិញថ្នាំសម្លាប់សត្វល្អិតទៅ ដាក់ដើមត្នោតទេ បើមានក៏ត្រឹមតែយកគោទៅចងពីក្រោម…

តែប្រយោជន៍ឥតគណនាសម្រាប់ជួយគាំទ្រជីវភាពរបស់ប្រជាកសិករឱ្យបានធូរស្រាលមួយកម្រិតនោះគឺបានពី ដើមត្នោតយ៉ាងជាក់ស្តែង បើប្រៀបធៀបទៅនឹងពាក្យទំនៀមថា «ធ្វើនំអត់ម្សៅ» បែបត្រឹមត្រូវ។

ត្នោតជារុក្ខជាតិលូតលាស់យឺតៗ តែមានអាយុវែងអាចរហូតដល់ជិតមួយរយឆ្នាំ ។ ត្នោតរឹងមាំណាស់ ជាមួយ សម្បកដើមគគ្រើមព័ណ៌ក្រម៉ៅ និងគាវដែលរុំដើមជាប់មិនងាយជ្រុះប្រសិនបើមនុស្សមិនទៅកាប់ចេញទេនោះ ដើមនោះនឹងឈរជង្រ្គឹងកណ្តាលវាលមិនងាយរងឥទ្ធិពលពីខ្យល់ឡើយ ខ្ញុំខ្លួនឯងក៏បានដឹងថាទោះជាមានព្យុះ ក៏ត្នោតមិនរលំដូចដើមឈើផ្សេង លើកលែងតែទឹកជំនន់ដែលនាំបាក់ដីតែប៉ុណ្ណោះដែលត្នោតអាចដួលបាក់ទៅ តាមដី។

ត្នោតផ្តល់ប្រយោជន៍សព្វបែបយ៉ាងសម្រាប់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកស្រុកស្រែចំការ ដូចជា៖

គាវត្នោតយកមកច្នៃជាអំបោសដៃ ធាងយកធ្វើដងកណ្តប ស្លឹកដេរជាមួយដងកណ្តបប្រើការប្រក់ផ្ទះប្រក់រោង ស្លឹកខ្ចីអាចយកមកប្រើខ្ចប់នំ (ចង់ភ្លេចទៅហើយព្រោះឥឡូវមិនសូវមាននរណាធ្វើនំហ្នឹងទៀតសោះ សព្វថ្ងៃគេ និយមនំកញ្ចប់ទិញឯផ្សារណាស់ ខ្ញុំចូលចិត្តនំត្នោតឈ្ងុយឆ្ងាញ់ និងនំម្យ៉ាងដែលធ្វើពីអង្ករដំណើបលាយ ជាមួយសណ្តែកខ្មោច ឬសណ្តែកក្រហមមួយគ្រាប់ៗ  អ្ហឹម…) ពោះធាងរបស់វាគេយកមកត្បាញជាកន្រ្តក សម្រាប់យួរទៅផ្សារ ទូកធ្វើពីដើមត្នោត គមត្នោត (ខ្ញុំហូបទាំងឆៅ) កំពីងត្នោត ជាពិសេសៗៗៗរបស់ដែលខ្ញុំ ចូលចិត្តជាងគេពីត្នោតគឺទឹកត្នោតផ្អែម-ជូរ។ សូមមើលបន្ថែមផលិតផលបានពីត្នោតនៅក្នុងន័យវចនានុក្រម សម្តេចជួនណាត ខាងលើ។

នៅមានប្រយោជន៍ជាច្រើនទៀតដែលយើងបានទទួលពីដើមត្នោត។ ពីមុនអ្នកស្រុកស្រែចំការមិនដែលមានចិត្ត ចង់ទាញយកផលប្រយោជន៍ពីត្នោតដោយកាប់បំផ្លាញដើមវាទេ គេកាប់ធាងយកស្លឹកក្តី ទាញយកផលពីទឹក ដមផ្កាត្នោតក្តី គឺនៅរក្សាដើមវា ។

ទើបតែមួយរយៈក្រោយប្រមាណបួនប្រាំឆ្នាំមុននេះដែលមានឈ្មួញមួយ ចំនួនបានដើរប្រមូលទិញដើមត្នោត ដែលល្បីថាយកទៅលក់បន្តឱ្យឈ្មួញវៀតណាមដែលប្រមូលទិញតាម ព្រំដែនដើម្បីយកទៅច្នៃជាវត្ថុប្រើប្រាស់ និងវត្ថុលំអមួយចំនួន ។ អ្នកស្រុកមួយចំនួនធំបានលក់ដើមត្នោតកេរ្ត ពីឪពុកម្តាយ ដើម្បីយកប្រាក់ថ្នូរមកប្រើ ប្រាស់ក្នុងការចិញ្ចឹមជីវិត នេះជាផ្លូវថ្មីដែលគេអាចទាញយកប្រយោជន៍ពីដើមត្នោតបាន។ តែ ហេង ឌី ប្រាប់ថា នេះមិនមែនជាផ្លូវល្អឡើយ គឺផ្លូវថ្មីដែលអាចបំផ្លាញដើមត្នោតបាន ។

ដោយសារនាពេលបច្ចុប្បន្នយើងពិបាករកគ្រឿងផ្ទះធ្វើពីឈើ អ្នកស្រុកខ្លះបានអារដើមត្នោត សាងជាគ្រឿងផ្ទះ លាយជាមួយឈើដែលកាត់បន្ថយចំណាយជាច្រើន។ នៅតាមរមនីយដ្ឋានមួយចំនួនឃើញមានដាក់លក់នូវ ផលិតផលពីត្នោត មាន៖ ស្លាបព្រា វែកដួសបាយ ប្រអប់ដាក់ប៊ិច ក្លង ។ល។ ជាច្រើនមុខ ច្រើនយ៉ាង។

ពាក្យចាស់ថា «ចាស់ដូង ចាស់ត្នោត» មានន័យថាកាន់តែចាស់ កាន់តែរឹងមាំ … ខ្ញុំក៏ចង់បែបនេះដែរ តែធម្មជាតិ របស់មនុស្សខុសពីដើមត្នោត។ …ស្តាប់បទចម្រៀងខ្លះទៅដូចជាចាកន័យរបស់ដើមត្នោតទាំងស្រុងតែម្តង។

តែបទមួយនេះខ្ញុំចូលចិត្ត ៖ ដើមត្នោត រាងរាវខ្ពស់សន្លឹម… ភ្លេចទំនុកបាត់ទៅហើយ 😀

មានអត្ថបទសង្ខេបមួយដែលខ្ញុំឃើញនៅ វីគីផេឌៀ

សូមស្វែងរកបន្ថែមនៅ បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

រូបភាពដើមត្នោតស្អាតៗមាននៅគេហទំព័រ អ្នកស្រី កែវ ច័ន្ទបូរណ៍

រូបភាពដើមត្នោតនៅប្លក់ ចំប៉ាបាត់ដំបង  តាម៉ាប់ One Photo A Day  និង វឌ្ឍនា

សុំអភ័យទោសពីម្ចាស់ប្លក់ដែលជាតំណភ្ជាប់ទាំងអស់ដែលខ្ញុំមិនបានទំនាក់ទំនងសុំជាមុន។

ដោយក្តីគោរពពីចម្ងាយ ពីខ្ញុំ៖ កល្យាណ។

15 ខែកក្កដា 2012 / ស្នាមញញឹម

កំប្លែង៖ រឿងអត់ស្តេចដូចម៉ាក់អាបីនាក់សរសេរដែរ


ដោយសារខ្ញុំស្អាតសង្ហារគ្រាន់បើដែរ ខ្ញុំមានសង្សារគ្រប់ខេត្តក្រុងដែលខ្ញុំបានទៅដល់ មិនថាជើងមេឃជើងមុង ណាទេនារីជាច្រើននាក់សុទ្ធតែស្ម័គ្រជាសង្សារខ្ញុំទាំងដឹងហើយថាមនុស្សខ្ញុំនេះសំបូរស្នេហ៍។

ប្រមាណបួនប្រាំខែនេះខ្ញុំមិនសូវបានទាក់ទងនាងណាមួយឱ្យជាប់លាប់ទេ ព្រោះតែអត់ការងារ គ្មានបៀរវត្ស៍ ទុកជាមធ្យោបាយទៅរកនាង ស្រាប់តែមានម្នាក់ក្នុងចំណោមនោះបានផ្ញើប្រាក់មួយរយដុល្លាមកឱ្យគ្រាន់នឹង ទៅជួបគេបានមួយភ្លែតក៏នាងសុខចិត្តដែរ។

ដោយទាក់ទងតាមទូរស័ព្ទរួចរាល់ខ្ញុំក៏ណាត់គេឱ្យមកភ្នំពេញមកទទួលប្រាក់របស់គេទៅវិញទៅ ព្រោះខ្ញុំខ្ជិល ចាយណាស់ប្រាក់ហ្នឹងតិចពេក ចាំចាយអាមួយរៀលៗញើសរបស់ខ្ញុំវិញឆ្ងាញ់ស្រួលជាង។

ក្រោយពេលដឹងថាខ្ញុំគ្មានការធ្វើ នារីទាំងអស់នោះហាក់ជ្រួលច្រាលចង់ជួបខ្ញុំលើសកាលមានការងារមានប្រាក់ ទៅទៀត។ ខ្ញុំបិទទូរស័ព្ទមួយរយៈខ្លី និងក្រោយមកបើកទូរស័ព្ទតែមិនទទួលវិញ។

ឥឡូវជីវភាពវិលទៅរកភាពធម្មតាបណ្តើរៗហើយ ក៏ស្រាប់តែនឹកអរគុណនាងៗ ខ្ញុំបានតេទៅរកពួកគេគ្រប់គ្នា រហូតដល់នាងចុងក្រោយដែលខ្ញុំតេទៅ៖

អាឡូអូន!

ចាស ជម្រាបសួរបង! បងនៅឯណាឥឡូវ? បាត់មុខយូរហើយនៀក!

បងនៅភ្នំពេញ! សុខសប្បាយដូចតែរាល់ដងហ្នឹងមានទៅដល់ណា! (តាមពិតទៅខ្ញុំច្រឡំឈ្មោះនាង) អាស្រីសុខ សប្បាយជាទេអូន? (នាងឈ្មោះដានី តែដោយសារថ្ងៃនោះនាងកើតផ្តាសាយ សម្លេងនាងដូចអាស្រីចឹង)

បងឯងម៉េចបានជាហៅឈ្មោះខ្ញុំអាស្រី? បងឯងមានស្រីណាផ្សេងមែនទេ?

អ៊ីហ៍…ទៅជា…ចឹងទៅ…បងហៅអូនឯងចឹងព្រោះបងស្រឡាញ់តើ? ក្រែងអូនឯងស្រីហី ឱ្យបងហៅអូនអាប្រុស ម៉េចកើត?

ទេហ៍! បងឯងប្រាកដជាមានស្រីឯណាលាក់នឹងខ្ញុំហើយ! ស្អែកខ្ញុំឡើងទៅភ្នំពេញ! បងឯងតែមិនមកទទួលខ្ញុំ រឿងហើយ!

 

ដល់កខ្ញុំហើយ! ខ្ញុំប្រញាប់ដោះសារដើម្បីយករួចខ្លួនព្រោះតែខ្ញុំដឹងពីចំណុចខ្សោយរបស់នាង។

ក្រោយកើតរឿងរ៉ាវច្រឡំឈ្មោះពីរខែ ខ្ញុំបានភ្លេចរឿងចាស់ទាំងស្រុង ក៏ត្រូវនាងម្នាក់ទៀតតេរកណាត់គ្នាញ៉ាំ បាយថ្ងៃអាទិត្យនេះព្រោះខានជួបគ្នាជិតកន្លះឆ្នាំហើយប្រកែកមិនបានសោះ។ ដោយសារណាត់នាងតាំងពី ពីរអាទិត្យមុនខ្ញុំបានភ្លេចឈ្មោះនាង ដោយប្រហែសមិនកត់ទុកក្នុងកំណត់ហេតុ។

ព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំដឹងថាខ្ញុំត្រូវស្រូតត្រឡប់មកពីខេត្តដើម្បីមកជួបគ្នាញ៉ាំបាយថ្ងៃត្រង់ ស្រាប់តែរកនឹកភ្លាម មិនឃើញសោះ នៅអង្គុយឯតៀមកាហ្វេអស់ចិត្តអស់ចង់ ដោយនឹកមិនឃើញខ្ញុំក៏តេរកគ្រប់គ្នា… តែក៏ស្ទង់ សភាពការណ៍ដែរ ថាតើនាងណាមួយដែលខ្ញុំជាប់ណាត់?

អាឡូ អូន!

ចាសបង! ម៉េចបាត់យូរម៉េះ?

បងរវល់ អូនឯងសុខសប្បាយទេហី? ការងារយ៉ាងម៉េចហើយ?

ដូចតែរាល់ថ្ងៃហ្នឹងមានយ៉ាងម៉េច! រួចនឹកឃើញម៉េចបានតេរកអូនហ្នឹង?

បងនឹកអូនឯងហ្នឹងណា! ដេកយប់មិញយល់សប្តឃើញអូនមករក… (ដឹងថាមិនមែនមួយហ្នឹងហើយ រកពាក្យ ដោះសារដើម្បីតេទៅមួយទៀត) …ចាំបងទៅ បងតេរកណា៎! អូខេ?… បាយ!

រាវរកលេខតេទៅមួយទៀត៖

អាឡូអូនសម្លាញ់! នៅណាហ្នឹង? (បង្អូសឃ្លាបន្តិចធ្វើដូចជានឹកគេណាស់ចឹង)

អូននៅផ្ទះ! បងនៅឯណាហ្នឹង?

(មួយនេះក៏មិនមែនដែរ ចឹងញ៉ែតែបន្តិចបានហើយនឹងអាលតេរកទៀត) … ជីប ជីប ជីប…នឹកណាស់ម្ចាស់ចិត្ត!

រកឃើញមួយទៀតហើយ៖

អូន! ចាំបងបានអត់?

ថីមិនចាំបើលេខដដែលហ្នឹង! តែលេខបងឯងអូនតេមិនដែលចូលសោះ ពេលខ្លះតេទៅមិនលើកទូរស័ព្ទអូន ទៀតម៉េចលែងចង់ជួបអូនហើយហ្អេះ?

នរណាថា? បងនឹកអូនឯងទ្រាំមិនបានហ្នឹងបានជាវាយឯកសារបណ្តើរ តេរកអូនឯងបណ្តើរឡើងវៀចក ក្រង៉េវ!

ចេះតែថាហើយ តាមពិតគ្មាននឹកអូនទេ! មិនឃើញតេរកសោះជិតប្រាំខែហើយ! (មួយនេះក៏មិនមែនដែរ តើមួយ ណាទៅហ្ន៎? ទម្រាំតែដឹងថាជាម្នាក់ណាតិចអស់លុយទូរស័ព្ទទៅ? ដោះសាររួចរាវរកលេខផ្សេងទៀត តេទៅរក)

អាឡូ!

អាឡូបង! បងឯងនៅណាម៉េចមិនតេរកអូនសោះចឹង! អូនមកដល់តាំងពីយប់ម៉្លេះ?

ចុះអាឡូវអូនឯងនៅណា? (មិនទាន់ច្បាស់ក្នុងចិត្តទេថាមួយហ្នឹង)

អូននៅចាំបងមុខគីរីរម្យ បងឯងថាមករកអូននាំទៅញ៉ាំអីនោះ អូនចាំតាំងពីយប់មិនឃើញមីសខលអីមួយ អូន មិនតេទៅទេព្រោះដឹងតែថាមិនលើកទូរស័ព្ទអូនហើយដោះសាររហូត…

បងដឹង! បងចាំបានតើ! តែយប់មិញបងរវល់ពេកបានជារកពេលតេទៅមិនបាន! ឃើញហេ៎ រួចរវល់ភ្លាមបងរក អូនភ្លាម អូនឯងស្មានថាបងមិននឹកឬ? បន់ឱ្យតែដល់ង៉ៃទេណា៎!

ចឹង? មែនហ្អេះ? មកយកអូនម៉ោ អូននៅចាំ!

អូយព្រះជាម្ចាស់ ទម្រាំបានដឹងថាមួយហ្នឹងមែនខ្ញុំបែកញើសប៉ុនគ្រាប់ពោត ព្រោះខ្លាចគេជាន់កែងជាប់រត់ទៅ ណាមិនរួច មុខជាខ្មាសនាងស្លាប់ហើយ!

ខ្មាសថា សង្សារច្រើនពេកជួនហៅឈ្មោះខុស ជួនទៅច្រឡំលេខ ហើយមានពេលខ្លះទៅរកខុសមនុស្សទៀត។

***

មួយរឿងទៀត៖ ណាត់សង្សារម្តងពីរនៅសៀមរាប មួយនៅក្រឡាញ់ មួយនៅខេត្ត ទម្រាំចេញពីក្រឡាញ់រួច អ្នក នៅឯខេត្តចេះតែតេរកមកដល់ណាហើយៗ? ម៉េចក្រដល់ម៉្លេះ?

ចេញរួចពីក្រឡាញ់បើកឡានដូចហោះមកសៀមរាប។ មកដល់រង្វង់មូលចូលខេត្តដែលក្បួនឡានប្រតិភូទើប តែចេញពីព្រលានយន្តហោះមកក៏បើកតាមក្រោយគេ មិនដឹងជាក្បួននរណា ហើយក៏មិនហ៊ានវ៉ាគេ សុខចិត្ត តែបើកតិចៗតាមក្រោយ រួចក៏បើកវិទ្យុស្តាប់ព្រោះចូលដល់ក្នុងខេត្តវិទ្យុចាប់រលកធាតុអាកាសបានច្បាស់ ក៏ឮ គេនិយាយព័ត៌មានពីលោកស្រី ហ៊ីលឡារី រ៉ដហាំ គ្លីនតុនមកទស្សនកិច្ចស្រុកយើង។

ពេលចេញផុតក្បួន ប្រឹងបញ្ជាឡានឱ្យទាន់ចិត្តទៅជួបនាង ក៏ស្រាប់តែត្រូវនាងបន្ទោស៖

បងឯងអាឡៃទៅណាបានជាយូរជាងមួយម៉ោងទៅហើយ នៅមកពីក្រឡាញ់មិនទាន់ដល់ទៀត? ខ្ញុំដឹងណា៎ ថាឡានហ្នឹងបើកដូចហោះចឹង រឿងអីបានជាយូរ? បងឯងប្រាកដជាមានស្រីណានៅសៀមរាបនេះមិនខាន!

មានណា? បងបើកមកដល់ផ្លូវចេញពីព្រលានយន្តហោះ ជួបហីលឡារីគ្លីនតុន បងក៏នាំគាត់ទៅដាក់ផ្ទះ សំណាក់ទៅ! អូនឯងអត់ចិត្តទេអី គេមកពីស្រុកណាស្រុកណីម៉ោដល់ស្រុកយើង យើងត្រូវទទួលគេឱ្យបាន សមរម្យហើយ មិនមែនជូនទម្លាក់រួចចេញបានភ្លាមឯណា? ត្រូវនៅជួយមើលរកបន្ទប់រកអីឱ្យគាត់ដែរណា៎!

បងឯងកុហកទៀតហើយ! ហ៊ីអីឯណា?

អូនឯងនេះ បងឱ្យរៀនស្តាប់ព័ត៌មានអត់ចេះស្តាប់សោះ! គេដឹងម៉ាពិភពលោករួចមានតែអូនឯងមួយអត់ដឹង!

ហ៊ឺស! (នាងសម្លក់ខ្ញុំទាំងគ្នាន់ក្នាញ់ក្នុងចិត្តព្រោះតែខ្ញុំតមាត់ឱ្យប៉ប៉ែសជាមួយនាង)

ខ្ញុំក៏បើកព័ត៌មានឱ្យនាងស្តាប់ ជាចៃដន់អីព័ត៌មាននោះនៅមិនទាន់អស់ នៅនិយាយពីដំណើរទស្សនកិច្ចរបស់ លោកស្រី។ សុំទោសផងលោកអើយ ចេះតែនិយាយទៅទេ គ្មានបំណងប្រមាទគាត់ឡើយ! 😦

15 ខែកក្កដា 2012 / ស្នាមញញឹម

Just an imagination to the past…


*** A share of one story happen in this world, amazing world.***

 

១៤ កក្កដា ២០០៦ … ថ្ងៃនេះជាថ្ងៃដែលខ្ញុំនឹកដល់នីណា ថ្ងៃដែលយើងបែកគ្នាជារៀងរហូតហើយ។

ខ្ញុំនៅធ្វើការក្នុងពេលដែលរក្សា ខលមកប្រាប់ថា នីណា ចូលបន្ទប់ អាយស៊ីយូ។ ខ្ញុំលួងលោមនាងតាមទូរស័ព្ទក្នុង ពេលដែលខ្ញុំកំពុងវាយកំណត់ហេតុសម្រាប់ការប្រជុំកាលពីព្រឹក។ ប្រហែលជាជាងមួយម៉ោងដែលនាងទូរស័ព្ទ មករកខ្ញុំរហូតខ្ញុំមិនអាចផ្ចង់អារម្មណ៍ធ្វើរបាយការណ៍ប្រជុំកើត។ ខ្ញុំទ្រាំមិនបានដោយសារនិយាយទូរស័ព្ទយូរពេក ខ្ញុំបានផ្តាច់ទូរស័ព្ទចោលហើយប្រឹងបង្ហើយការងារមុនពេលបាយល្ងាច។ ខ្ញុំដឹងថាឳពុកម្តាយ និងបងប្រុសនាង នៅស្រុកចិនខ្ញុំមិនចង់និយាយច្រើននៅមុខគ្រួសារនាង ហើយត្រចៀករបស់ខ្ញុំដូចជាទទួលទូរស័ព្ទទាំងធុញទ្រាន់ ទោះជាដាក់កាសស្តាប់ក៏ដោយ។ ខ្ញុំដឹងថាខ្ញុំធ្វើខុសក្នុងពេលដែលនាងត្រូវការស្តាប់ពាក្យលួងលោមបំផុត ខ្ញុំបែរ ជាផ្តាច់ខ្លួនចេញពីការទទួលខុសត្រូវមួយនេះ។

ទម្រាំហើយរបាយការណ៍ ខ្ញុំក៏រៀបអីវ៉ាន់ឡើងទៅភ្នំពេញដើម្បីទៅមើលនាងនិងកូន។ មិត្តជិតដិតរបស់នាងជា អ្នកទិញសំបុត្រយន្តហោះឱ្យតាំងពីម្សិលមិញ ថ្លៃសំបុត្រមួយគុណនឹងពីរ! ម៉ោងដប់មួយកន្លះហើយខ្ញុំទើបមក ដល់ភ្នំពេញនាងក៏ទូរស័ព្ទមកប្រាប់ថា នីណាស្លាប់បាត់ហើយ…

ឡើងយន្តហោះចេញទៅទាំងកណ្តាលអាធ្រាត្របណ្តើរអារម្មណ៍ខ្ញុំស្រមៃឃើញតែក្មេងតូចមួយនេះ។ នាងជាកូន ចិញ្ចឹមរបស់ខ្ញុំដែរ តែខ្ញុំមិនដែលមានអារម្មណ៍ល្អចំពោះនាងឡើយ។ ខ្ញុំទទួលខុសត្រូវតែក្នុងពេលដែលនាងនៅ លើដៃខ្ញុំតែប៉ុណ្ណោះ ដែលអ្នកផ្សេងអាចស្មានបានថាការទទួលខុសត្រូវនោះគឺធ្វើឱ្យតែរួចពីដៃ…

យើងទាំងពីរនាក់នៅមិនទាន់បានរៀនសូត្រពីរបៀបចិញ្ចឹមក្មេងទេ មានជួនកាលប្រហែសបន្តិច នីណា ធ្លាក់ពីលើ គ្រែគេងដែលពួកយើងកំពុងប្រឡែងលេងជាមួយគេ ពកក្បាលឡើងខៀវជាំ… ជួនកាលដាក់គ្នានៅបាំងខាង ក្រោយក្នុងកៅអីសម្រាប់កូនក្មេង គេភ័យស្រែកយំពេលណាខ្ញុំបើកឡានលឿន យំជួនកាលរហូតគាំងទម្រាំឈប់ ឡានចូលទៅលួងឱ្យបៅឬពរចេញក្រៅឡាន… ឬកំពុងហែលទឹកអាងវារពឹសដកឆ្នុកពោងដែលរុំខ្លួនវាចេញខ្យល់ អស់លិចទៅក្នុងទឹក ទាល់តែឈ្លក់អីចឹងទៅ… ពេលខ្លះដោយខ្លាចគេធ្លាក់ពីលើពូកយើងដាក់គេឱ្យលេងលើ កម្រាលឥដ្ឋគេវារចូលក្រោមគ្រែ ទម្រាំអាចហៅចេញមកវិញបានជួនកាលត្រូវលើកទាំងគ្រែទៀត… មានថ្ងៃខ្លះ យើងត្រូវលោះព្រលឹងព្រោះគេលូកម្រាមដៃទៅក្នុងរន្ធភ្លើងដែលនៅទាបជាប់ជញ្ជាំង… ប៉ុន្តែរក្សាគ្មានចិត្តចង់ ផ្លាស់ប្តូររបៀបរបបក្នុងផ្ទះឡើយ គាត់ប្រើរបៀបចិញ្ចឹមកូនតាមអឺរ៉ុបដែលគាត់យល់ថាឱ្យកូនឯករាជ្យម្ចាស់ការ ឯខ្ញុំគ្មានបទពិសោធន៍សូម្បីបន្តិចក្នុងការថែទាំកូនង៉ែត… ប្អូនសាកស្រមៃទៅមើលមនុស្សពីរនាក់ដើរក្នុងព្រៃ ដោយគ្មានគោលដៅ គ្មានឧបករណ៍ជីភីអេស តើចុងក្រោយនឹងទៅជាយ៉ាងណា?

បងសូមផ្តាំថាបើប្អូនសម្រេចចិត្តសុំកូនគេមកចិញ្ចឹមហើយ សូមបំពេញនាទីឱ្យបានត្រឹមត្រូវ បានចប់ចុងចប់ ដើមអស់ពីចិត្តពីថ្លើម នោះទើបប្អូន មិនស្តាយក្រោយ…ដូចបង…

***

នេះជាអ្វីដែលខ្ញុំបានដឹងពីរបៀបចិញ្ចឹមកូនដែលមិនត្រឹមត្រូវ ចុះអ្វីទៅដែលហៅថាត្រឹមត្រូវនោះ? ត្រូវទៅរៀនពី គ្រូផងឬ? ខ្ញុំខ្ជិលបណ្តោយឮតែអីចឹង!

10 ខែកក្កដា 2012 / ស្នាមញញឹម

ថ្ងៃពិសេសដែលខ្ញុំរង់ចាំ


ខ្ញុំមិនដែលស្រឡាញ់នរណាដែលខ្ញុំមិនដែលស្គាល់ទេ។ នេះជាលើកដំបូងហើយដែលអារម្មណ៍របស់ខ្ញុំហោះទៅ បាត់ពីស្រុកកំណើតទៅតាមរកមនុស្សដែលខ្ញុំស្រឡាញ់។ ខ្ញុំសារភាពថា ខ្ញុំងាយនឹងប្រើពាក្យថាស្រឡាញ់ចំពោះ អ្វីៗដែលនៅជុំវិញខ្លួនខ្ញុំណាស់ ជាពិសេសគ្រាន់តែពេញចិត្តនឹងនរណាម្នាក់ដែលគេញញឹមសល់ពីណា រសាត់ មកចំភ្នែកខ្ញុំ គឺខ្ញុំនឹងនិយាយថា ខ្ញុំស្រឡាញ់ម្នាក់នោះដល់ហើយ ឬ គេគួរឱ្យស្រឡាញ់ណាស់… មិនចំពោះតែ មនុស្សទេដែលខ្ញុំនឹងនិយាយពាក្យនេះកាលបើខ្ញុំពេញចិត្តគេ សូម្បីសត្វ វត្ថុនានា មានជីវិតក្តី ឥតជីវិតក្តីក៏ខ្ញុំប្រើ ពាក្យតែមួយនេះចំពោះរបស់ទាំងនោះដែរ 😀 ចំពោះអ្នកផ្សេង តើគេនឹងប្រើពាក្យថាស្រឡាញ់ងាយដូចខ្ញុំដែរទេ?

អ្នកនាង អាឡិចសាន់ដ្រា ហេឌីសាន់ Alexandra Hedison ជាតួកុនដំបូងដែលខ្ញុំស្រឡាញ់ដោយមនោគតិ រួមជា មួយនឹងការកោតសរសើរអំពីការងារថតរូបដែលរួមមាន៖ អត្ថន័យនៃរូបថត ចំណុចផ្តោត លក្ខណៈពិសេស និង មួយទៀតគឺការច្នៃប្រឌិត។ នៅមានលក្ខណៈពិសេសខ្លះទៀតដែលខ្ញុំពេញចិត្តចំពោះការងាររបស់គាត់ ដោយសុំ លាក់ទុក…

ខ្ញុំមិនមានជំនាញខាងរូបថត ឬថតរូបទេ ព្រោះតែខ្លួនឯងមិនដែលបានថតបានរូបណាគួរជាទីចូលភ្នែកមួយ។ តែខ្ញុំចូលចិត្តមើលរូបថតគេ ហើយរាវរកន័យរបស់វាតាមគំនិតរបស់ខ្ញុំ ចង់ម្ចាស់រូបថតមានគំនិតយ៉ាងម៉េចក៏ខ្ញុំ មិនដែលខ្វល់ទេ។

ត្រង់នេះសូមនិយាយពីគាត់តាមការយល់ដឹងរបស់ខ្ញុំត្រួសៗជម្រាបជូនមិត្តនៅលើវើតប្រេស៖

អ្នកនាង អាឡិចសាន់ដ្រា ហេឌីសាន់ Alexandra Hedison កើតថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ១៩៦៩ នៅឡូសអាន់ ចឺលើស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិច ក្នុងគ្រួសារសិល្បៈមួយ ដែលមានឪពុកជាតួកុន ដេវីដ ហេឌីសាន់ និងម្តាយជាផលិតករ ប្រ៊ីជីត ហេឌីសាន់ និងមានប្អូនស្រីម្នាក់ឈ្មោះ សេរេណា ហេឌីសាន់។

អាឡិចសាន់ដ្រា ហេឌីសាន់ ជាអ្នកថតរូបទេសភាពប្រកបដោយសិល្បៈនៃការច្នៃប្រឌិតខ្ពស់ និងមានគំនិតជ្រៅ ក្នុងការបង្កប់អត្ថន័យរូបភាពដែលគាត់បានដាក់តាំងបង្ហាញ។ ការតាំងបង្ហាញរូបភាពដែលជាលទ្ធផលការងារ របស់អាឡិចសាន់ដ្រា ហេឌីសាន់ មានចំនួនបីធំៗ គឺ៖

– “Ithaka” បានដាក់បង្ហាញនៅ Concrete + Glass (the art event which brought together over 25 artists to the galleries and art spaces in London’s Est End)  នៅ ខែកក្កដា ឆ្នាំ ២០០៨ និងបានដាក់បង្ហាញបីដងទៀត នៅ បីកន្លែងផ្សេងគ្នា (សូមស្វែងរកបន្ថែមនៅទីនេះ) និងបានទទួលលិខិតឆ្លងដែនសម្រាប់តាំងពិព័ណ៌នៅបរទេស ទៀតផង។

– “(Re)Building” បានដាក់បង្ហាញនៅ White Room Gallery in West Hollywood នៅឆ្នាំ ២០០៥

– “Element” បានដាក់បង្ហាញនៅ White Room Gallery in West Hollywood នៅឆ្នាំ ២០០៤

លក្ខណៈពិសេសនៅក្នុងការដាក់តាំងពិព័ណ៌ Ithaka គឺខ្ញុំបានសង្កេតឃើញ (ពិតមែនតែខ្ញុំមិនបានទៅឃើញ ដោយផ្ទាល់) ថាការរៀបចំស៊េរីផ្ទាំងទំហំប្រហែលមួយម៉ែត្រកន្លះគុណនឹងពីរម៉ែត្រ នៃរូបទេសភាពក្នុងព្រៃនៅ អាមេរិចនោះពិតជាស្អាតតាមធម្មជាតិបំផុត ហើយកាលបើអ្នកទៅទស្សនាបានដើរកាត់ផ្ទាំងរូបភាពនោះ រូប គេនឹងចាំងស្រមោលទៅក្នុងកញ្ចក់ហាក់បីដូចយើងមើលឃើញមនុស្សដើរនៅក្នុងរូបថតពិតៗ ឬអាចធ្វើឱ្យ មានអារម្មណ៍ថាអ្នកដើរមើលក្នុងពិព័ណ៌គឺដូចបានចូលទៅ ក្នុងព្រៃជ្រៅនោះជាមួយអ្នកថតរូបជំនាញម្នាក់ នេះដែរ។

មានរឿងច្រើនទៀតដែលខ្ញុំបានសង្កេតឃើញក្នុងរូបភាពស្នាដៃរបស់គាត់ តែខ្ញុំមិនហ៊ានដាក់ក្នុងនេះទេ ព្រោះ តែខ្ញុំមិនបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់រូបនោះ។ សូមចូលទៅតំណភ្ជាប់ខាងលើរួចស្វែងរករូបទាំងនោះ នៅយូធូប និង វេបសាយដែលគាំទ្រគាត់

តាំងពីថ្ងៃដែលខ្ញុំបានឃើញរូបភាពរបស់គាត់មក ខ្ញុំបានចំណាយប្រាក់ប្រហែលពីររយដុល្លារក្នុងការប្រើឥន្ទនេត្រ ដើម្បីស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ ជាពិសេសអាសយដ្ឋាន ដោយក្នុងបំណងចង់ផ្ញើកន្សែងរុំកធ្វើពីសូត្រ ដ៏ស្រស់ស្អាតព័ណ៌ទឹកប្រាក់លាយខ្មៅជាក្រឡាចត្រង្គ។ បានឱ្យគេធ្វើដោយកក់ប្រាក់គេរួចរាល់ហើយ តែក្រោយ ពេលទាក់ទងទៅគាត់តាមរយៈមិត្តភ័ក្តិ គាត់ប្រាប់មកវិញថាគាត់អរគុណនូវសំណើដ៏ល្អនេះ តែគាត់មិនអាចឱ្យ នរណាស្គាល់អាសយដ្ឋានរបស់គាត់ទេ (គាត់អត់ដឹងថាខ្ញុំស្គាល់ទាំងក្លោងទ្វារផ្ទះគាត់ និងម៉ាករថយន្តដែលចត នៅមុខផ្ទះទៅទៀតទេ)។ ក្រោយពេលមិនទទួលការអនុញ្ញាតខ្ញុំក៏មិនខ្ចីទៅយកកន្សែងសូត្រដែលកំម៉្មង់គេរួច ហើយនោះ ហើយថ្ងៃនេះជាថ្ងៃដែលខ្ញុំបានដាក់កាលវិភាគតាំងពីពីរខែមុនម៉្លេះដើម្បីជូនពរថ្ងៃខួបកំណើតមនុស្ស ដែលខ្ញុំស្រឡាញ់…ពិតមែនតែខ្ញុំនៅឆ្ងាយ…តែអ្វីដែលខ្ញុំដឹងអំពីគាត់គឺជាមនុស្សម្នាក់ដែលរឹងមាំ និងម៉ត់ចត់ បំផុត។

ខាងក្រោមនេះជារូបមួយចំនួនដែលខ្ញុំស្រឡាញ់ ខ្ញុំចង់ជូនពរមនុស្សដែលខ្ញុំស្រឡាញ់តាមរយៈរូបភាពនេះ។

សូមសេចក្តីសុខ សុភមង្គល និងភាពរីករាយស្ថិតនៅនឹងអ្នកជានិច្ច! Happy Birthday to Alexandra Hedison!

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

2 ខែកក្កដា 2012 / ស្នាមញញឹម

នឹកកន្លែងធ្លាប់រងទឹកភ្នែក


នរណាមិនដឹង! ថាខ្ញុំហ្នឹងមិនដែលស្គាល់រសជាតិស្នេហាអីនឹងគេនោះ! ប្រកាសមួយៗអួតតែរឿងហ្នឹង។

តាមពិតទៅមនុស្សដូចខ្ញុំនេះ កើតជម្ងឺម្យ៉ាងដែលមិត្តភ័ក្តិខ្ញុំនាំគ្នាហៅថាវិកលចរឹត (ឆ្កួត) ។ ពេលណាខ្ញុំទំនេរ ខ្ញុំ ទាញម៉ូតូជិះទៅលេងតាមស្រុកចម្ការ តាមព្រៃភ្នំក្រំថ្ម តាមអូរតាមស្ទឹង ស្រេចតែក្បាលវ៉ាល់របស់ខ្ញុំ ហើយ ជួនកាលត្រឹមតែមួយវិនាទីទេដែលខ្ញុំអាចប្តូរទិសដៅបានភ្លាម។

ថ្ងៃទី ៧ មករា ២០១២ ដោយសារអត់ការងារធ្វើជិតមួយឆ្នាំហើយផង ទំនេរពេកទៅលេងផ្ទះហួសទៅស្រុក សណ្តាន់-ទំរីងកម្សាន្តអារម្មណ៍ផន់ខ្ញុំចឹងទៅ។ បើសរុបជាចម្ងាយផ្លូវគឺប្រហែលជាងប្រាំមួយរយគីឡូម៉ែត្រ ក្នុងរយៈពេលពីរថ្ងៃ។

ម្តាយខ្ញុំកាលមុនចូលចិត្តទៅតាមខ្ញុំណាស់ (បែបខ្លាចឯងទៅខូចកាចឯណាបានជាចេះតែតាមមើលតែអង្គរក្ស) តែឥឡូវនេះលែងតាមហើយ ព្រោះការជិះម៉ូតូយូរនាំឱ្យគាត់ឈឺ បើបានឡានទៅបានគាត់ទៅតាម។ រឿងអីជិះ ឡាននោះ សាំងថ្លៃមើលតែមាសទៅហើយ។

កាលថ្ងៃទៅលេងសណ្តាន់នោះ គោលបំណងគឺចង់ទៅទំរីង នាំគាត់ទៅមើលក្រុមគ្រួសារដែលគាត់ផ្ញើអាវជជុះ និងពូថៅឱ្យ តើជីវភាពប្រែប្រួលទៅជាបែបណាហើយ? ទៅរកមើលកន្លែងពួនលាក់ខ្លួនគេចពីការតាមដានរបស់ គេ(កាលហ្នឹងធ្វើការងារការពារបរិស្ថាន ភ្នែកនៅកញ្ចឹងកម្តងៗរាប់ខែឯណោះ) ហូបតែមីរហូតដល់ថ្នាក់រមួលពោះ ម៉ែបញ្ជូនទៅពេទ្យព្យួរសេរ៉ូម។ មានអីអស្ចារ្យ បើមនុស្សខ្លួនមួយចឹង គ្មានគិតអីច្រើនទេ ពាក្យថាខ្លាច ដូចជាគ្មាន បានចារឹកទុកក្នុងវចនានុក្រមរបស់ខ្ញុំឡើយ។

តែទៅមិនដល់ទេ ដោយសារត្រូវឆ្លងព្រៃហើយត្រូវស្នាក់នៅមួយយប់ទៀតឯស្រុកនោះ ក៏បកក្រោយត្រឡប់មក ភ្នំអំពេញទាំងកណ្តាលអាធ្រាត្រ រួចឆ្លៀតមានអ្នកហៅទៅលេងជាមួយគេម៉ោងមួយភ្លឺតទៀត នេះបានពិតជា ស្មៅចាក់ជើងមែន។

នេះជារូបភាពខ្លះៗពីការដើរកម្សាន្តព្រៃរបៀបមនុស្សមិនគ្រប់ទឹកដូចជាខ្ញុំ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

កាលចេញដំណើរទៅ មិនបាននឹកថាចង់ថតរូបទេ ដល់តែទៅឈប់នៅសាលាស្រុកសណ្តាន់ក៏នឹកចង់ថតរូប រួចហើយចង់ដាក់រូបស្រីចាស់គួរឱ្យខ្នាញ់ម្នាក់នេះដែរដើម្បីរម្លឹកថា គាត់ធ្លាប់បានទៅជាមួយខ្ញុំកាលនៅមាន កម្លាំងខ្លះៗ ឥឡូវចាស់ហើយ បបួលទៅណាក៏មិនទៅដែរ សូម្បីតែទៅមើលស្រែខ្លួនឯង 😦

រូបទី១ និង រូបទី២ ៖ សាលាស្រុកសណ្តាន់

រូបទី៣៖ មធ្យោបាយធ្វើដំណើរ និងអ្នករួមដំណើរ (ត្រូវជាម្តាយខ្ញុំ)

រូបទី៤៖ ការិយាល័យអាវុធហត្ថស្រុកសណ្តាន់

រូបទី៥៖ ដល់ម៉ោងដាក់រទេះ រកបាយរកទឹក

រូបទី៦៖ កំពូលម្ហូបសម្រាប់អ្នកដំណើរផ្លូវឆ្ងាយ (បាយស្រូវរំដួលដែលប្រុងចែកឱ្យបងសុធាកាលពីដើមឆ្នាំខ្ចប់ ស្លឹកចេក និង ត្រីច្រកែងឬត្រីក្រហែប្រឡាក់អាំង)

រូបទី៧៖ រូបមួយនេះចង់បង្ហាញថា តែដល់ម៉ោងបាយហើយ ស្បែកជើងទៅមួយចំហៀង លាងតែដៃ ពួយយក៍

រូបទី៨៖ បាយបណ្តើរគិតបណ្តើរ រើសអុសមកផ្ទះវិញកុំឱ្យខាត! ហ្នឹងម៉ែខ្ញុំ!

រូបទី៩៖ ដបទឹកខ្ញុំធំជាងរបស់គាត់៦ដង ចំណែកគំនិតសន្សំរបស់គាត់ធំជាងខ្ញុំមួយពាន់ដង (ខ្ញុំរើសបានស្នឹង គោមួយប៉ុនកដៃ គាត់យកឈើដែលគាត់ទ្រាប់អង្គុយមកផ្ទះ) ឈឺៗៗៗ! ឈឺចិត្ត!

រូបទី១០៖ ស្ពានអនុស្សាវរីយ៍កន្លែងជ្រូកព្រៃដេញជិតស្លាប់ជិតរស់ …  😦

រូបទី១១៖ អរគុណអ្នកបើកឡានដឹកដំឡូងជាអនេក!

រូបទី១២៖ រូបសំណាកព្រះនារាយណ៍ សញ្ញាសម្គាល់ទីរួមស្រុកសណ្តាន់

រូបទី១៣៖ មើលពីសាលាស្រុកទៅស្ពានសណ្តាន់ ឆ្លងស្ទឹងសែនស្រុកខ្មែរ

រូបទី១៤៖ ស្ពានឆ្លងស្ទឹងសែនត្រង់ទីរួមស្រុកសណ្តាន់

រូបទី១៥៖ ម្តាយខ្ញុំស្រឡាញ់រូបភាពលើស្ពានឆ្លងស្ទឹងសែនណាស់ គាត់ថាថតឱ្យគាត់មួយ! ចឹង…ឈរឱ្យនឹង កុំធ្វើខឹងភ្នែកសម្លឹងទៅឆ្ងាយ…(ខ្ជិលដាក់ឃ្លាចុងក្រោយ នាំគេមើលងាយថាឯងរមិលគុណ)

រូបទី១៦៖ ស្ទឹងសែនប៉ែកខាងលើទីរួមស្រុក

រូបទី១៧៖ សកម្មភាពសម្រាប់ជីវភាពរបស់ប្រជាជននៅស្រុកនេះគឺរាវគ្រួសអាចម៍ផ្កាយ ដែលលក់បានថ្លៃ!

រូបទី១៨៖ ស្ទឹងសែនប៉ែកខាងក្រោមទីរួមស្រុក

រូបទី១៩៖ ដីដុះកណ្តាលស្ទឹងដែលនាំស្ទះដល់លំហូរទឹកស្ទឹងនារដូវវស្សា

រូបទី២០៖ អូរមានប៉ែកខាងលើ (តិចទៀតបានទៅធ្វើហើយ)

រូបទី២១៖ អូរមានប៉ែកខាងក្រោម

រូបទី២២៖ អូរមានក្រោយពេលបាក់សំណង់បង្ហៀរកាលពីឆ្នាំ ២០០៦

រូបទី២៣៖ ផ្ទះអ្នកភូមិ របៀបដែលខ្ញុំស្រឡាញ់ព្រោះមានហេតុផលជាច្រើន…

រូបទី២៤៖ ចង់បានបែបផ្ទះនេះណាស់ … ដូចកាលជីតាទួតធ្លាប់ធ្វើទុកឱ្យជីដូនខ្ញុំ…

រូបទី២៥៖ គុម្ពស្រូវដែល លី កល្យាណ យល់ថាស្អាតណាស់

រូបទី២៦៖ វាលខ្សាច់សាហារានៅតាមផ្លូវពីអូរមានមកប្រាសាទសំបូរ

រូបទី២៧៖ អនុស្សាវរីយ៍ដែលសោម មិត្តខ្ញុំធ្លាប់ស្រក់ទឹកភ្នែកព្រោះសង្ហាដោយសារអេសអិល

រូបទី២៨៖ ការិយាល័យព័ត៌មានទេសចរណ៍សំបូរព្រៃគុក

រូបទី២៩, ៣០, និង៣១៖ រូបភាពថ្ងៃលិចនៅភូមិឥន្ទកុមារ (ភូមិកំណើតឪពុក)

😀 😀 😀

1 ខែកក្កដា 2012 / ស្នាមញញឹម

លោក អាត់ស៊ូ វីរបុរសក្នុងដួងចិត្តខ្ញុំ


* * ក្នុងរវាងឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ខេត្តកំពង់ធំដែលជាស្រុកកំណើតកើតជារបស់គ្រួសារខ្ញុំជាច្រើនសិប ដំណមកហើយនោះ គឺជាសមរភូមិក្តៅគគុកមួយរវាង ក្រុមទាហានរដ្ឋាភិបាល និងខ្មែរក្រហមដែលនៅសេស សល់។ឆ្នាំ ១៩៩៣អង្គការសហប្រជាជាតិបានមករៀបចំការបោះឆ្នោតនៅកម្ពុជា ដែលក្នុងពេលនោះខ្ញុំទើប មានអាយុ ១៣ ឆ្នាំ នៅមិនទាន់ដឹងក្តីច្បាស់លាស់ហើយក៏មិនបានចាប់អារម្មណ៍លើរឿងរ៉ាវជុំវិញខ្លួនក្រៅតែពី ទៅសាលារៀន មក ផ្ទះធ្វើការងារប្រចាំថ្ងៃ និងមួយយប់ៗរវល់ជាងគេគឺសរសេរសៀវភៅកម្រងអនុស្សាវរីយ៍ ជាមួយមិត្តភ័ក្តិ។

* * លោកអាត់ស៊ូ ណាកាតា ជាជនជាតិជប៉ុនដែលមកបំពេញការងាររបស់អង្គការសហប្រជាជាតិ ដែលយើង ហៅរត់មាត់ថាអ៊ុនតាក់ ក្នុងខេត្តកំពង់ធំ។ គាត់ជាបុរសមានមាឌទាបទ្រនាប់ ខុសពីបុគ្គលិកផ្សេងទៀតរបស់ អ៊ុនតាក់ដែលភាគច្រើនមានមាឌធំៗ មានទឹកមុខញញឹមស្រស់ស្រាយ រាក់ទាក់ និងចូលចិត្តទំនាក់ទំនង ជាមួយអ្នកគ្រូ ភាសាអង់គ្លេសរបស់យើង ហួត ថាវរី ពីស្ថានការណ៍នានា។ មុនពេលគាត់ចេញដំណើរទៅ (ប្រហែលជា ស្រុកសណ្តាន់តាមដែលម្តាយខ្ញុំប្រាប់ពីកាលនោះ) គាត់បានចូលមកសាលាបឋមសិក្សា អនុវិទ្យាល័យ កំពង់ធំ ក្រុងដើម្បីជួបជាមួយអ្នកគ្រូ។ ខ្ញុំអើតតាមបង្អួចឃើញគាត់និយាយជាមួយអ្នកគ្រូ ហើយឱនគោរពលាចេញទៅ…

* * ម្តាយខ្ញុំតែងនិយាយសរសើរ លោកអាត់ស៊ូ ថាជាមនុស្សដែលមានការលះបង់ខ្ពស់ ព្រោះក្នុងកំឡុងពេល នោះពួកយើងដែលទើបរួចពីរបបប៉ុលពត ម្នាក់ៗអាត្មានិយមណាស់។

*** «អាត់ស៊ូជាកូនប្រុសតែមួយគត់ តែបែរជាមកប្រឹងធ្វើការដែលប្រឈមជាមួយនឹងគ្រោះថ្នាក់បែបនេះ! ពិតជាឳពុកម្តាយបារម្ភឡាប់ហើយ…» សម្តីរបស់ម្តាយខ្ញុំ …

*** ខ្ញុំចេះតែគិតថា បើគាត់ដឹងថាការងារវាគ្រោះថ្នាក់ហើយម៉េចមិនឃាត់កូន? ឯលោកអាត់ស៊ូនោះម៉េចក៏ មិនខ្លាចស្លាប់អីសោះ ឬចង់ធ្វើជាកំពូលអ្នកគុននិយម? (សម័យរឿងកាប់ដាវរបស់ចិនកំពុងរត់រចល់នៅក្នុង ស្រុកខ្មែរ)

* * ប្រមាណជាមួយអាទិត្យក្រោយមកខ្ញុំឮម្តាយខ្ញុំ និងអ្នកគ្រូនិយាយគ្នាថា អាត់ស៊ូស្លាប់ដោយត្រូវគេបាញ់នៅ តាមផ្លូវមកពីប្រាសាទសំបូរហួសជាយសំពៅបន្តិច ប្រហែលជាពួកខ្មែរក្រហម ហើយគេប្លន់យករបស់របរជាប់ ខ្លួនគាត់ទៅទាំងអស់ នាឡិកា កាបូបប្រាក់ អាយកូម ។ ល។

* * ពេលណាឆ្លងកាត់ភូមិអាត់ស៊ូ ម្តាយខ្ញុំតែងរករបស់របរដាក់សែនផ្នូរអាត់ស៊ូតាមជំនឿរបស់គាត់ ដូចជាទិញនំ ទឹកសុទ្ធ ឬស្ករគ្រាប់ដាក់ឱ្យ ប្រហែលជាកាលលោកនោះនៅរស់គាត់ធ្លាប់ជូនអំណោយមកម្តាយខ្ញុំ។ 😦  តែមិន ភ្លេចទេប្រាប់កូនក្មេងឃ្វាលគោឱ្យទៅចាំយកហូបនៅពេលអស់ធូបដែលបានដុត។ ខ្ញុំគ្មានជំនឿអីទេ តែនឹកគាត់ ដូចគ្នា នឹកពេលគាត់លាអ្នកគ្រូខ្ញុំទៅដោយឱនគោរពស្ទើរដល់ចង្កេះ… ការលះបង់យុវវ័យដើម្បីសន្តិភាព…

* * វីរបុរសសន្តិភាពរបស់ខ្ញុំ សូមវិញ្ញាណខន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…

ដោយក្តីគោរពពីគ្រួសារខ្ញុំ

សហគមន៍ជនបទនៅកម្ពុជា

លោក អាត់ស៊ូអ៊ីតូ ណាកាតា (Atsuhito Nakata) ជាជនជាតិជប៉ុន កើតនៅ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ១៩៦៨ ស្លាប់ ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ១៩៩៣។

ក្នុងការងារបំពេញបេសកកម្មជាអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ (UNTAC) ត្រួតពិនិត្យការបោះឆ្នោតនៅកម្ពុជា លោកត្រូវជនមួយក្រុមបាញ់សម្លាប់នៅពេល ត្រឡប់មកពីបំពេញការងារនៅក្នុង ស្រុកសណ្តាន់-ប្រាសាទសំបូរ តាមផ្លូវឆ្ពោះទៅ ទីរួមខេត្តកំពង់ធំ។ អ្នកបកប្រែរបស់លោក ឈ្មោះលោក ឡាយ សុភាព ក៏ត្រូវក្រុម នោះបាញ់ និងបានស្លាប់ក្រោយបញ្ជូនមកភ្នំពេញ ( យោងព័ត៌មានពី ដឹញូយកថែមស៍ )

ក្រោយការស្លាប់របស់កូនប្រុសទោល លោក តាកេអ៊ីតូ ណាកាតា បានចាត់ចែង សាងសង់ សាលារៀន និងផ្តល់ជំនួយជាច្រើនដល់អ្នកភូមិដែលរស់នៅក្បែរនោះ ដូចជាការធ្វើផ្ទះ ជីក អណ្តូងទឹក កម្មវិធីបណ្តុះបណ្តាលផ្នែកកសិកម្ម និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀត។ សូមបញ្ជាក់ថា មុនពេលដែលមានការរៀបចំ ភូមិក្រោយពេល លោកអាត់ស៊ូស្លាប់ ទីនោះ មិន មានមនុស្សរស់នៅច្រើនទេ មានតែអ្នករស់ក្នុងព្រៃដែលដាច់ស្រយាលពីផ្លូវ។ ក្រោយ ពីរដ្ឋបានរៀបចំភូមិ ឳពុកម្តាយលោកអាត់ស៊ូ បានមកសាងសង់សាលារៀន ធ្វើផ្ទះ ស្នាក់ សម្រាប់អ្នកភូមិ ដើម្បីឱ្យពួកគេនាំគ្នារស់នៅប្រមូលផ្តុំ និងផ្តល់ឱកាស ដល់កូន ក្មេងក្រីក្រ ដែលគ្មានលទ្ធភាពទៅរៀននៅស្រុក ឬខេត្តបានចូលរៀនក្នុង សាលាបឋមសិក្សាអាត់ស៊ូ ដែលក្រោយមកបានបន្ថែមជាអនុវិទ្យាល័យ ដូចបានបង្ហាញក្នុងរូបខាងក្រោម។

រូបភាពសាលារៀនអាត់ស៊ូ ថ្ងៃទី ៧ មករា ២០១២

សពលោកអាត់ស៊ូត្រូវបានបញ្ជូនមកភ្នំពេញ តែនៅកន្លែងដែលលោកត្រូវគេបាញ់ សម្លាប់ គេបានធ្វើផ្នូរមួយជាតំណាង នៅក្នុងបរិវេណសាលារៀននោះ ។ ជារៀងរាល់ ឆ្នាំ ឳពុកម្តាយលោកតែងតែទៅកាន់ទីនោះដើម្បីរំលឹកថ្ងៃកើត ថ្ងៃស្លាប់របស់កូន តែប្រមាណមួយរយៈក្រោយនេះ លោកមិនសូវបានមកទេប្រហែលជាដោយសារ បញ្ហាសុខភាព។

នៅទល់មុខនឹងសាលារៀននោះ មានផ្ទះស្នាក់សម្រាប់អ្នកស្ម័គ្រចិត្តទៅធ្វើការងារ ស្នាក់នៅយ៉ាងសមរម្យដោយមានបំពាក់ឧបករណ៍គ្រប់គ្រាន់សម្រាប់សម្រួលដល់ ការងារគម្រោង ដូចជាម៉ាស៊ីនភ្លើង ឧបករណ៍សូឡា ។ល។

ស្វែងយល់បន្ថែម ពីលោក អាត់ស៊ូអ៊ីតូ ណាកាតា (Atsuhito Nakata) តាម៖

យូអិន     ហ្សូមអ៊ីនហ្វូ      ក្យូដូញីវស៍

 

View original post

13 ខែមិថុនា 2012 / ស្នាមញញឹម

ហេតុផលកំប៉ិឡិះរបស់អូន


កាលដែលយើងទើបចាប់ផ្តើមស្នេហ៍ថ្មោងថ្មី ទាំងបងប្អូនអូន និងគ្រួសារបង សុទ្ធតែមានទំនាក់ទំនងនឹងគ្នាយ៉ាង ជិតស្និទ្ធ។ យើងមិនមែនជាគូស្នេហ៍លួចលាក់ដែលត្រូវគេចពីភ្នែកអ្នកដទៃឡើយ ព្រោះមនុស្សនៅជុំវិញខ្លួនយើង គឺជាសាច់ញាតិរបស់យើងទាំងអស់ យើងធ្វើអ្វីខុស មានពួកគេជួយណែនាំ ជួយតម្រង់ទិស ជួយគាំទ្រ និងរីករាយ ជាមួយស្ទើរគ្រប់ពេលវេលា។

ដល់ពេលបែកគ្នា អ្វីៗទាំងអស់បានផ្លាស់ប្តូរតែក្នុងមួយប៉ព្រិចភ្នែក ដែលបងស្ទើរមិនជឿថា រឿងនឹងទៅជាបែប នេះកើតឡើយ។ មិនត្រឹមតែការបែកគ្នារបស់ពួកយើងនាំឱ្យជីវិតរបស់យើងទាំងពីរត្រូវផ្លាស់ប្តូរទេ វានាំប៉ះពាល់ ដល់ពួកគេផងដែរ ពួកគេធ្លាប់រស់នៅជាមួយគ្នា បែរជាលែងមានទំនាក់ទំនងនឹងគ្នា បែរជាក្លាយជាត្រឹមតែមនុស្ស ធ្លាប់ស្គាល់ ពួកគេបានត្រឹមសើចដាក់គ្នា សួរសុខទុក្ខគ្នាដែលខុសពីមុនដាច់ស្រឡះគឺពួកគេបបួលគ្នាទៅដើរលេង ទាត់ធាក់គ្នា និងមានរឿងអ្វីកើតឡើងគេចេះជជែកគ្នាដើម្បីរកវិធីដោះស្រាយ។ នេះជាការប្រែប្រួលមួយដែលពួក គេគួរតែបន្ស៊ាំខ្លួនទៅនឹងរឿងទាំងនេះតាំងពីយូរមកហើយ។ អូនយល់ដូចបងទេ? រឿងរបស់ពួកយើងសោះ បែរ ជាមនុស្សជិតដប់នាក់ត្រូវឈឺក្បាលជាមួយ ដែលយ៉ាងហោចណាស់បានរំខានការគិតរបស់ពួកគេខ្លះផងដែរ។

ពួកយើងឈប់ទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ យើងក៏មានគូស្នេហ៍ថ្មីរៀងៗខ្លួនដែរ យើងកម្របានជួបគ្នាណាស់ ដោយមួយរយៈក្រោយប្រមាណបួនប្រាំឆ្នាំនេះ យើងបាននឿយណាយនឹងកិច្ចការប្រចាំថ្ងៃផង ការងារផ្ទាល់ខ្លួន ផងទើបយើងមិនសូវបានជួបគ្នា ដែលជាធម្មតាមនុស្សមានទស្សនៈទំនើបដូចពួកយើង មិនចង់ឱ្យក្រោយពីបែក គ្នាទៅយើងត្រូវចងចិត្តជាសត្រូវនឹងគ្នាអស់មួយជីវិតទេ បងគ្មានពេលគិតចងគំនុំគុំគួននឹងអូន ព្រោះបងរវល់គិត រឿងសប្បាយៗដែលបងត្រូវប្រឹងស្វែងយល់ក្នុងពិភពលោកដ៏ធំទូលាយមួយនេះ។ បងត្រូវការចង់ដើរទៅគ្រប់ទិស ទីនៃលោកនេះដើម្បីបានឃើញបានយល់របស់ប្លែកៗផ្សេងទៀត របស់ដែលបងត្រូវការចាំបាច់ក្នុងជីវិត និងរបស់ ដែលគួរឱ្យទាក់ចិត្តនានា។ តែ…

ញាតិមិត្តបងប្អូនយើងទាំងសងខាងនៅតែមានទស្សនៈខុសឆ្គងចំពោះទំនាក់ទំនងរបស់យើង គេយល់ថាពួកយើង នៅតែទាក់ទងគ្នា នៅតែនឹកដល់គ្នា នៅតែស្រឡាញ់គ្នា។

អូខេ! បងមិនប្រកែកទេថាបងស្រឡាញ់អូន បងធ្លាប់ស្រឡាញ់អូនខ្លាំងណាស់ ហើយឥឡូវ…បងក៏នៅសល់ក្តី ស្រឡាញ់ចំពោះអូន ចុះអូនវិញ? អូនធ្លាប់ស្រឡាញ់បងទេ? អូននៅស្រឡាញ់បងទេ?

បងចេះតែសួរថា អូនស្រឡាញ់បងដែរទេ? ក្រោយពេលដែលបងតែងសូត្រស្លោកមួយឃ្លារបស់បងថា «បង ស្រឡាញ់អូនណាស់»។ មួយរយសំណួរដែលបងធ្លាប់បានសួរ អូនមិនដែលឆ្លើយតបទេ មនុស្សដែលមានការ គិតជ្រៅជ្រះដូចជាអូននឹងមិនព្រមប្រទាក់ខ្លួននឹងក្រឡាសំណាញ់របស់បងឡើយ ដូច្នេះហើយបានជាអូនស៊ូនៅ ស្ងៀម។ បងក៏ដឹង គឺអូនចង់ឆ្លើយថា អូនមិនធ្លាប់ស្រឡាញ់បងទេ តែក្តីអាណិតមួយនោះបែរជាបង្ខំអូនមិនឱ្យ ក្លាហាននិយាយពាក្យពិតទាំងនេះទៅវិញ។ ស្តាយដែរ បើកាលណោះអូនចេះបន្ស៊ាំបងទៅនឹងការឈឺចាប់ខ្លះ បង ប្រហែលជានឹងចេះងើបឈរដោយខ្លួនឯងបានឆាប់រហ័សក្រោយពេលបងទាក់ជើងដួល។

គ្រួសារអូន និងបងនៅតែមានមន្ទិលក្នុងពេលដែលពួកយើងព្យាយាមកប់អារម្មណ៍ និងមនោសញ្ចេតនារបស់ពួក យើងទៅហើយ។ ប្រហែលជាមកពីពួកយើងបានបង្ហាញនូវអារម្មណ៍នឹករលឹកដល់គ្នា ឬគិតពីគ្នាទើបនាំឱ្យពួកគេ គិតបែបនេះ។ តាមពិតពួកយើងមិនដែលបានទាក់ទងគ្នាទេ មិនដែលបានពិភាក្សាគ្នាពីរឿងជីវិត ពីការងារផ្សេងៗ ជាមួយគ្នាទៀតឡើយ។ ប្រហែលជាមកពីធ្លាប់តែគិតរួមគ្នា ធ្វើអ្វីៗរួមគ្នារបស់ពួកយើងពីមុនទើបពេលដែលយើង «រៀនរស់ដោយខ្លួនឯង សម្រេចចិត្តដោយខ្លួនឯង» យើងបែរជានឹកដល់គ្រាកន្លង និងរឹតតែនាំការសង្ស័យច្រើន ឡើងនៅពេលយើងបានមករស់នៅជិតគ្នាវិញ។

អូន! បងសារភាពថា គ្រប់ពេលដែលបងប្រុងធ្វើអ្វីមួយ បងគិតដល់អូនជានិច្ច។ សូម្បីបងចង់ទិញអាវក៏បងគិត ដល់អូន…អូននឹងធ្វើជាសួរបងថា ម៉េចចឹង? មកពីកាលមានអូន បងគ្រាន់តែនិយាយពីតម្រូវការរបស់បង នោះ ស្អែកបងនឹងបានរបស់ដែលបងចង់បានហើយ ត្រូវចិត្តទៀត។ មានពេលខ្លះបងនឹកដល់កាលមុនដែលបងក្រ គ្មានសូម្បីប្រាក់មួយរយដុល្លារដើម្បីទិញចិញ្ចៀនមួយវង់ជូនអូនទុកជារបស់បញ្ចាំចិត្ត ដល់ឥឡូវបងចង់ទិញ ចិញ្ចៀនពេជ្រមួយពាន់ដុល្លាជូនអូនតែបងធ្វើទៅមិនកើត នេះហើយជាអ្វីដែលបងយល់ថា «ទំនាក់ទំនងយើង កើតឡើងក្នុងពេលមិនសមប្រកប!»។ តែបងមិនសោកស្តាយពេកទេ ព្រោះមានរឿងខ្លះបងគិតថាបងបានធ្វើ រឿងដែលត្រឹមត្រូវបំផុតចំពោះអូនរួចហើយ។ ពេលអូនឈឺ ប្រុងចូលពេទ្យ បងបានលក់ម៉ូតូដែលជាសម្បត្តិតែ មួយគត់ដែលអ្នកក្រដូចបងមានសម្រាប់រកចិញ្ចឹមជីវិតដើម្បីត្រៀមប្រាក់សម្រាប់អូន… បងបានព្យាយាមការពារ និងថែទាំអូនគ្រប់បែបយ៉ាងដែលបងអាចធ្វើទៅបាន សុំត្រឹមតែឱ្យអូនរស់នៅមានសុខភាពល្អ និងរីករាយក្នុង ជីវិតប៉ុណ្ណោះ។

បងយល់មិនអស់នូវអ្វីដែលអូនកំពុងគិត។ អូនគិតពីអ្វី? មានគិតអី  អូនចង់ជួបបងដើម្បីជជែកគ្នា? អត់ទេ!  ចឹងអូនមានការអី? បង! ជួយជូនអូនទៅទិញកង់មួយបានទេ? បងគ្មានពេលទំនេរទេ ស្អែកទំនេរទេ?  បងរវល់ ធ្វើការបង្ហើយប្រញាប់បញ្ចប់របាយការណ៍ ថ្ងៃសៅរ៍បានទេ?  បងត្រូវទៅជួបប្រធានចាស់  ថ្ងៃអាទិត្យទៅអីចឹង? 

អស់ពាក្យនឹងប្រកែកជាមួយអូនហើយ អស់ស្នៀតភូតអូនទៀតហើយ៖ បងសុំសួរបន្តិច! អូនអត់ចេះទិញទេ គ្រាន់តែកង់ហ្នឹង? បងមិនចង់និយាយត្រង់ពេកជាមួយអូនទេ ព្រោះបងមិនចង់ឱ្យអូនស្រក់ទឹកភ្នែកដោយសារ សម្តីត្រង់ពេករបស់បង។ បងដឹងថាអូននៅគិតដល់បង បងអរគុណណាស់ក្នុងនាមមនុស្សម្នាក់ដែលចង់ឱ្យ អូនគិតបែបនេះតាំងពីដប់ឆ្នាំមុនឯណោះមិនមែនទើបតែឥឡូវនេះទេ។

អូន! យើងជ្រើសរើសផ្លូវដើរដ៏ត្រឹមត្រូវស្របតាមគោលការណ៍ជីវិត និងបំណងប្រាថ្នារបស់យើងហើយ យើងបាន ធ្វើរឿងដែលត្រឹមត្រូវបំផុតហើយ ទោះមានម្តងពីរនោះយើងធ្លាប់ធ្វើខុសខ្លះក៏ដោយ តែពួកយើងបានរៀនពីជីវិត មួយ នេះច្រើនណាស់ដើម្បីកែសម្រួលដំណើរជីវិតរហូតដល់ថ្ងៃចុងក្រោយរបស់យើងរៀងខ្លួន។ បងតែងអរគុណ ទេវតា និងក្រុមគ្រួសារយើង ដែលដឹកដៃឱ្យយើងរៀនសិក្សាដោយមិនចាំបាច់ចំណាយប្រាក់អស់មួយរៀលណា ដើម្បី បានស្វែងយល់ពីពាក្យថា «ជីវិត និងសេចក្តីស្រឡាញ់»។

បងកំពុងគិត៖ បងប្រហែលជាត្រូវធ្វើបុណ្យឱ្យខ្មោចស្នេហាមួយនេះ បើមិនដូច្នេះទេ វានឹងតាមលងពួកយើងរហូត ដល់ទីបញ្ចប់។

កុំស្តាយក្រោយអីណា៎! ទោះជាយ៉ាងណា ពេលនេះយើងត្រូវតែពេញចិត្តនឹងអ្វីៗដែលកំពុងមាន ហើយព្យាយាម ស្វែងរកនូវអ្វីដែលយើងកំពុងខ្វះខាតដើម្បីបំពេញសេចក្តីត្រូវការឱ្យជីវិតដែលមានតែម្តងរបស់យើងនេះឱ្យបាន ពេញទំហឹង។ ពេលនោះឯង យើងនឹងដឹងថានេះហើយជាជោគជ័យមួយក្នុងជីវិតយើង។

ឯវំ

10 ខែមិថុនា 2012 / ស្នាមញញឹម

បទពិសោធន៍ថ្មីជាមួយគោយន្ត


និយាយៗពេលណាចេះតែខ្លាចគេថាខ្ញុំហ្នឹងឆ្កួត។ តែវាជាបទពិសោធន៍ក្នុងជីវិតពិត នាពេលបច្ចុប្បន្នរបស់ខ្ញុំ។

ខ្ញុំខំសន្សំប្រាក់ច្រើនឆ្នាំហើយដើម្បីទិញបានគោយន្តមួយគ្រាន់នឹងភ្ជួរស្រែកុំឱ្យលំបាកទៅជួលគេ ព្រោះថាពេល យើងត្រូវការ ជួលជួនកាលគេមិនមានពេលឱ្យយើងទៀត នាំលំបាកធ្វើស្រែក្រោយគេ ទឹកលិចផង បានផលតិច ហើយទុំក្រោយគេសត្វស៊ីគ្មានសល់។

ខ្ញុំមិនចង់បានគោយន្តប៉ុន្មានទេ តែកាលៈទេសៈនេះខ្ញុំគ្មានសល់គោទុកប្រើឡើយ។ គោទាំងប៉ុន្មានដែលមាន ត្រូវបានលក់អស់ គ្មានសល់យកប្រាក់មកឱ្យប្អូនៗរៀន ដូច្នេះមានតែវិធីមួយទេគឺទិញគោយន្តទុកប្រើ។ ការប្រើ គោយន្តបានបង្ខាតសេដ្ឋកិច្ច គ្រួសារមួយចំណែកដែរ ព្រោះយើងលែងមានជីរដាក់ស្រែទៀតហើយ។ តែបើប្រើ គោយើងលែងមានវាលសម្រាប់ឃ្វាលវា និងពិបាករកស្មៅឱ្យវារាល់ថ្ងៃ។ ពាក្យចាស់ថា «បើចង់មានឱ្យជួញអង្ករ ចង់ក្រឱ្យជួញឡានចាស់» ដឹងយ៉ាងណាយ៉ាងណីទេ!

ប៉ុន្មានអាទិត្យនេះ ខ្ញុំមិនបាននៅផ្ទះវើតប្រេសទេ ព្រោះរវល់ទៅមើលរៀបចំស្រែភ្លឺ ដើមរដូវវស្សាហើយ បើមិនចុះ ភ្ជួររាស់ទាន់ ពេលទេក្រែងមិនបានស្រូវដាក់ជង្រុក។ ណាមួយទើបបានគោយន្តថ្មីមកផង ជាម្ចាស់វាត្រូវចេះសព្វ គ្រប់កុំឱ្យគេមើលងាយ។

តាមពិតទៅ ពូខ្ញុំទេគាត់អ្នកកាន់កាប់វា ព្រោះខ្ញុំមិននៅជាប់លាប់ គាត់ជួយភ្ជួរយើងផងគាត់ភ្ជួរស្រែគាត់ផង។ ខ្ញុំ ឯណេះជាម្ចាស់ បានត្រឹមជួយមើលថែ ប្រាប់ពីរបៀបប្រើវាឱ្យសមស្របតាមបច្ចេកទេសប៉ុណ្ណោះ។ ព្រឹកម្សិល មិញទៅដល់កំពង់ធំភ្លាម រូតទៅ ស្រែភ្លាមដែរ ទៅជួយមើលគេភ្ជួរ និងបំណងមួយទៀតស្រូតទៅមើលដើមរំដួល ខ្ញុំនឹកថាក្រែងបានមួយមែកធំមកផ្ញើ ម៉ាក់អាបីនាក់ ព្រោះចង់ឱ្យក្មួយបានហូបរបស់ស្រស់ៗ ទៅដល់មិនដឹងជា រំបល់យក៍ណាមកលួចបេះរំដួលខ្ញុំមួយមែកធំដែលខ្ញុំបាន សម្លឹងទុកតាំងពីអាទិត្យមុន។ ទ្រាំខកបំណងមិនបាន ស្រែកជេរទាំងព្រលឹម ត្រូវនរណាត្រូវទៅ ព្រោះលួចរបស់ខ្ញុំ តាមស្មាន ប្រហែលជាគេទៅបេះមិនដល់មួយម៉ោង មុនខ្ញុំទៅដល់។ ឡើងលើដំបូករកមើលដែរ ឱ្យតែឃើញរត់ទៅដណ្តើមយកវិញមិនខាន ហ៊ឹះ កុំច្រឡំជាមួយខ្ញុំ!

ដើរតយង៉យមកវិញ ម៉ែដឹងតែថាអត់ហើយ ព្រោះដៃទទេ គាត់ប្រឹងលួងលោម៖

អើចាំទៅមើលឯផ្សារបានមួយគីឡូពីរទៅ!

អូខេ!

ដើរមកវិញ ពូយកគោយន្តមកដល់ល្មម។ ក្រោយពេលសួរនាំអស់មួយសន្ទុះធំមក ដឹងតាក់ទិចវាខ្លះៗពីមុនមក ដែរហើយ ព្រោះធ្លាប់បាក់ឆ្អឹងជំនីរអស់មួយដោយសាររៀនភ្ជួរគោយន្ត។ រៀបចំដោះពីរទេះ បំពាក់ផាលរួច ខ្ញុំ បណ្តើរវាចុះស្រែដែលដីមិនទាន់ជោគទឹកនៅឡើយទេ ព្រោះទើបភ្លៀងបានបីបួនមេ ឡើងជាន់បើកតិចៗរហូត ដល់ចុងស្រែ ម៉ែ និងពូបានទៅឈរនៅចាំត្រង់នោះព្រោះជាកន្លែងបត់។ ម្ចាស់ថ្មី គោយន្តថ្មី មិនទាន់ស្គាល់គ្នាអស់ គ្រាន់តែចាប់ផ្តាច់អំប្រ៊ីយ៉ាកង់មួយចំហៀង ស្រាប់តែភ្លេចមិនបានថយឱ្យផុតចង្កូតដែលវាបត់ មានអី ដៃចង្កូតវាត់ មកប៉ះឆ្អឹងជំនីរ ដួលព្រូសខ្ទាតពីគោយន្តទៅម្ខាង សំណាងណាស់វាបត់ទៅឆ្វេង វាបោកឯងទៅស្តាំ កុំអីអស់ជើង និងផាលវាកិនពីលើទៀត។ ម៉ែនៅហ្នឹង រត់មកលើកទាំងភ័យសភ្នែក ព្រោះគាត់គ្មាននរណាក្រៅពីខ្ញុំទេ។

ខ្ញុំត្រដរងើបឈរឈឺជិតនឹងសន្លប់ តែមិនចង់ឱ្យគាត់ពិបាកចិត្តក៏ប្រឹងធ្វើជាមិនអី!

អត់អីទេម៉ាក់! ហេសហេសហេ! ខ្ញុំបើកបានហើយ! ស្រួលតើ! (តាមពិតជិតនឹងឡាប់ហើយលោកអើយ! ចង់ឱប ពោះព្រោះចុកខ្លាំងណាស់ តែមិនហ៊ាននិយាយ មិនហ៊ានឈឺ ហ្នឹងមកពីចំណេះជិះកឯងរបស់ខ្ញុំ ខំធ្វើឬកជាអ្នក ចេះបែរជាតម្រិះជាន់កវិញ) 😀

ក្រោយមកខ្ញុំដើរទៅក្រោយគុម្ពោតដើម្បីមើលស្នាម តើវាយ៉ាងម៉េចហើយ? ទុកឱ្យពូខ្ញុំបណ្តើរគោយន្តជួសខ្ញុំទៅ។ រួចការយើងក៏ត្រឡប់មកផ្ទះវិញជាមួយនឹងបន្លែល្ពៅ និងត្រសក់មកផ្ទះវិញ។ ក្រោយបាយរួចក៏ដេកលក់តាំងពី ម៉ោងប្រាំពីរយប់ ព្រឹកឡើងម៉ោងបីក៏ងើបមកភ្នំពេញវិញ ដេកដល់ម៉ោងដប់មួយ។

ដេកឈឺមួយល្ងាចទៀត ម៉ែក៏តេមកសួរថាយ៉ាងម៉េចយ៉ាងម៉ាហើយ។ មិនហ៊ានប្រាប់តាមត្រង់ទេព្រោះម៉ែគាត់ ភ័យអាក្រក់ណាស់ គាត់លើសឈាមផង។

ទើបត្រឡប់មកពីពេទ្យ ក៏បានធូរចិត្តព្រោះមិនកើតអីទេ គ្រាន់តែជាំសាច់ក្បាលពោះបន្តិចប៉ុណ្ណោះ។

ហេងវិញណា៎! ម៉ាក់អាបីនាក់ថា គ្រាន់តែបាក់ធ្មេញ អត់បែកទូរស័ព្ទ 😀

អត់មានអីផ្ញើក្មួយទេ ព្រោះងើបម៉ោងបីយប់ព្រឹកមិញ គ្មាននរណាលក់អីឡើយ។ ចាំលើកក្រោយចាំអ៊ំទៅរកនៅ ក្នុងព្រៃមកឱ្យតែម្តង ទៅរកអារបស់ធម្មជាតិពិតៗ ង៉ាស់ង៉ាស់ង៉ាស់ ប្រុងភរក្មេងបានប៉ុន្មានចាំមើល៍ 😀

6 ខែមិថុនា 2012 / ស្នាមញញឹម

ខ្ញុំចូលចិត្តសមភាព សមាទិដ្ឋិ


តែខ្ញុំមិនដឹងថាខ្លួនឯងប្រព្រឹត្តបានកម្រិតណាទេ!

ខ្ញុំស្រឡាញ់ភាពងប់ងល់របស់ខ្លួន ស្រឡាញ់ជីវិតអ្នកដទៃ ស្រឡាញ់ធម្មជាតិដែលនៅជុំវិញខ្លួនខ្ញុំ ស្រឡាញ់ គ្រួសារ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ជនរួមជាតិ ស្រឡាញ់សាសនា ស្រឡាញ់ព្រះមហាក្សត្រ ស្រឡាញ់ទឹក ដីដែលបានផ្តល់កំណើត និងបទពិសោធន៍ជីវិតមួយនេះដល់ខ្ញុំ និងមិនភ្លេចទេ ស្រឡាញ់អ្នក នាង អាឡិចសាន់ដ្រា 😀

ខ្ញុំមានគោលការណ៍មួយជាមួយនឹងការវិនិច្ឆ័យរបស់ខ្ញុំ ដែលគោលការណ៍នោះឯងជាអ្នកពន្យារពេល និងក៏ បានធ្វើឱ្យខ្ញុំយឺតយ៉ាវក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ មុននឹងសម្រេចថារឿងអ្វីមួយជារឿងខុសឬត្រូវ ពិតឬ មិនពិត ខ្ញុំត្រូវការ រកហេតុផល រកភស្តុតាង រកប្រភព និងប្រជាប្រិយភាព។

មានរឿងជាច្រើនដែលខ្ញុំយល់ថា សព្វថ្ងៃយើងប្រើប្រជាប្រិយភាពក្នុងការសម្រេចចិត្តច្រើនជាងអំណះ អំណាងដទៃទៀត។ តួយ៉ាងដូចជាការនិយមធ្វើអ្វីៗតាមគ្នា រាប់តាំងពីការលក់ដូរ … នៅព្រែកលាបដំបូង ឆ្នាំ ១៩៩៧មានតូបលក់ពោតស្ងោរប្រហែលជាមួយរយតូប ក្រោយបីឆ្នាំមក តូបលក់ពោតមានប្រហែល ជាបី រយតូប និងចុងឆ្នាំ ២០០៧តូបទាំងនោះត្រូវបានបន្ថយមកនៅត្រឹមប្រហែលពីររយតូបវិញ។ អូខេ នេះជារឿង របស់អ្នកលក់ពោតទេ មិនមែនរឿងខ្ញុំឡើយ។

មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំមើលឃើញដោយសង្វេគនូវព្រឹត្តិការណ៍យប់ថ្ងៃ ២២ វិច្ឆិកា ២០១០។ តើជាផល កម្មឬ?

ពេញមួយថ្ងៃនេះប្រភពព័ត៌មានបានផ្សាយពីគ្រួសារមួយនៅពោធិ៍សាត់ដែលបានបរិភោគមីម៉ាម៉ា ហើយពុល ក្អួតរហូតដល់មានដូនចាស់ម្នាក់ស្លាប់ និងសមាជិកគ្រួសារបួននាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ មណ្ឌលសុខភាពដើម្បីសង្រ្គោះការពុលនេះ។

នៅក្នុងប្រព័ន្ធបណ្តាញដ៏មានប្រជាប្រិយភាពរបស់យើងបច្ចុប្បន្ន Facebook ក៏បានបង្ហាញឱ្យឃើញនូវ ពត៌មានទាំងនេះរួមទាំងបម្រាម និងការបញ្ជោះបន្សោក បន្ថែមលើព័ត៌មានទៅទៀត។

ខ្ញុំដឹងថាអ្នកទាំងអស់គ្នាមានបំណងល្អសម្រាប់មិត្តភ័ក្តិ បងប្អូន តែសូមគិតផង … តែបន្តិចទេ!

យើងស្រឡាញ់ ពេញចិត្ត គាំទ្រផលិតផលរបស់ជាតិយើងគឺជារឿងដ៏ល្អបំផុត ម្នាក់ៗនាំគ្នាបំផុសគំនិតនេះ ដល់អ្នកនៅជុំវិញខ្លួននូវគំនិតលើកស្ទួយ គាំទ្រផលិតផលជាតិ ដើម្បីប្រាក់ចំណូលរបស់ជាតិយើង ប្រជាជន យើង។ យើងពេញចិត្តរបស់យើង យើងលើកមកនិយាយ យើងមិនពេញចិត្តរបស់យើងត្រង់ណា យើង ជួយកែលម្អគ្នាឱ្យប្រសើរ ឡើង… តែសូមកុំប្រើវិធី ដើម្បីអាត្មាអញបានល្អ អញត្រូវជាន់ពន្លិចអ្នកដទៃដែល នៅស្មើ ឬលើខ្លួនអញ ឱ្យទាបរាប នឹងដីទើបបាន។

ខ្ញុំនឹកដល់ ប្រសិនបើមានផលិតផលណាមួយពីស្រុកខ្មែរទៅដល់បរទេស ហើយត្រូវបានជាន់ពន្លិចតាម ប្រព័ន្ធផ្សព្វផ្សាយដោយគ្មានហេតុផល ភស្តុតាងច្បាស់លាស់ តើអាជីវករដែលនាំចេញ កម្មករផលិត និង ខ្សែសង្វាក់ផលិតកម្មរបស់ផលិតផលនោះនឹងក្លាយទៅជាយ៉ាងណា?

យើងនឹងចាំមើលលទ្ធផលនៃការពិសោធន៍ទាំងខាងអាជ្ញាធរខ្មែរ និងសាម៉ីក្រុមហ៊ុនផលិតផលដែលត្រូវ ទទួលខុសត្រូវលើគុណភាពផលិតផលរបស់ខ្លួន ឬបើសិនជាផលិតផលក្លែងក្លាយ ឬជាចេតនារបស់ នរណាម្នាក់… ខ្ញុំនឹងរង់ចាំមើលដោយអត់ធ្មត់បំផុត មុននឹងអារកាត់ថា មីម៉ាម៉ា ឬ/និង មានផលិតផល ឯទៀតនាំគ្រោះថ្នាក់ដល់សុខភាព ពិតតែថាខ្ញុំចូលចិត្តមីមូលព័ណ៌លឿងឆាពងទាសាច់ក្រកក៏ដោយ… 😀

ជួយគ្នាលើកតម្កើងផលិតផលជាតិ នាំប្រយោជន៍ដល់ខ្លួនយើង និងគ្រួសាររបស់យើង។

សូមកុំឱ្យផលិតផលខ្មែរមួយចំនួនដែលកំពុងពេញនិយម និងល្បីឈ្មោះនៅបរទេស ជួបបញ្ហារបៀបនេះ ឱ្យសោះ!

2 ខែមិថុនា 2012 / ស្នាមញញឹម

គំនិតអ្នកចេះដឹងរបស់ខ្ញុំ


និយាយពីរឿងជិះឡានគ្នាច្រើននេះ ខ្ញុំមានពិសោធន៍មិនតិចពេកទេ។ រឿងជិះគ្នាដប់បួននាក់មួយឡាន កាមរីហ្នឹង មានរឿងសើចពីរចែកគ្នាវិភាគពីគំនិតឡប់ៗរបស់ខ្ញុំ។

នឹកឃើញកាលហ្នឹងចង់តែអស់សំណើចម្នាក់ឯង៖ ជាធម្មតារបស់ខ្ញុំទៅហើយដែលមិនចេះតែងតួ និងសូម្បី តែតែងឡាន បើអ្នកផលិតគេមានដាក់អីមកប៉ុន្មានខ្ញុំ ក៏មានប៉ុណ្ណឹងតាមគេ មិនឱ្យលើស មិនឱ្យខ្វះទេ បើមាន យ៉ាងច្រើនណាស់យ័ន្តដែលម៉ែទៅសុំពីលោកមកប៉ុណ្ណោះ (ឡានរបស់គាត់ មិនហ៊ាន ប្រឆាំងទេ) ថ្ងៃនោះ ឯងគ្រួសារធំរបស់យើងដែលមានគ្នាប្រមាណជាង ហាសិបនាក់ បានជួបជុំគ្នាធ្វើបុណ្យនៅវត្តឆ្ងាយពីខេត្ត។ ដោយសារចាស់ៗកំពុងរវល់រៀបចង្ហាន់លោក អ្នកខ្លះធ្វើម្ហូប អ្នកខ្លះរៀបតុ រៀបនំ ឯក្មេងៗដែលសុទ្ធសឹងជា ប្អូនជីលួតមួយវាប្រឡែងគ្នា វាវ៉ៃគ្នា ទារនំ ទារលុយ នាំខ្ញុំឱ្យខូចមាត់អស់ ដោយសារតែម៉ែៗចេះតែថា ប្រយ័ត្ន បងឯង (ខ្ញុំ) វាស្រែកផ្អើលឥឡូវហើយ! ខ្ញុំពិបាកមើលពេក ស្រែកឱ្យវាឡើងឡាន អាធំៗវាថា៖ ដឹងចឹងរករឿង ឱ្យបងស្រែកពីយូរណាស់ ! ខ្ញុំរវល់ងាកទៅ ប្រាប់ចាស់ៗកុំឱ្យគាត់ភ័យព្រោះពួកវាឡើងឡានជាមួយខ្ញុំ ស្រាប់ តែងាកមកវិញឡានបានបិទទ្វារទាំងអស់រួចស្រេច មានន័យថាក្មេងៗបានរៀបគ្នាចូលឡានអស់ហើយ៖ តោះ បងចេញទៅៗ! ខ្ញុំឡើងបើកដោយមានប្អូនប្រុសជំទង់ម្នាក់នៅជាប់ក្បែរចង្កូត។ ដោយសារចង្អៀតពេក និង ខុសកន្លែងអង្គុយផង បើកបណ្តើរខ្ញុំតម្រង់ (សារ៉េ) កញ្ចក់មើលក្រោយម្តងទៀត ខ្ញុំដាក់វាត្រង់កន្លែងដែល អាចមើលឃើញឡានខាងក្រោយហើយ … តែ… មើលទៅខាងមុខបណ្តើរខ្ញុំឆ្ងល់បណ្តើរ …ឡានខ្ញុំអត់មាន កូនតុក្កតា (ដូចខ្ញុំធ្លាប់ឃើញឡានគេមានដាក់) រូបខ្លា រូបឆ្កែទេ រួចចុះស្អីដែលខ្ញុំឃើញមិញហ្នឹង ដូចជាបាំងៗ មើលទៅក្រោយមិនសូវស្រឡះភ្នែកដូចរាល់ដងសោះ ពេលបានធូរស្រាលពីប្រឹងមើលចរាចរលើផ្លូវ ខ្ញុំងាក ទៅម្តងទៀតមើលឱ្យច្បាស់ថា អ្នកណាយកស្អីមកដាក់តាំងក្នុងឡានហ្នឹង នាំពិបាកមើលក្រោយ!

ហ្អាក???  …   លោកអើយ អាប្អូនប្រុសតូចមួយអាយុប្រហែលពីរឆ្នាំ វាទៅលូនលើតាបឡូ លើអំព្លី បាសហ្នឹង ហើយយកក្បាលវាមកដាក់កើយលើក្បាលបង្អែកកៅអី! ព្រះជាម្ចាស់ ដូចកូនតុក្កតាខ្លាព័ណ៌លឿងចឹង ព្រោះ វាពាក់អាវឆ្នូតលឿងទុំលាយខ្មៅ។ ខ្ញុំនាំពួកវាទៅកន្លែងងូតទឹកដែលវាចូលចិត្ត ហើយនាំជិះទាធាក់។

ទាមានតែបួន អាធំៗបួននាក់ ឡើងទាមួយម្នាក់ហើយដាក់ប្អូនបីនាក់ជាមួយ តូចធំៗតាមប្រហែលទម្ងន់ដែល អាចជិះបានមិនមានបញ្ហា ហើយស្រែកសំឡុតអ្នកជួលទាទាំងនោះ (ព្រោះហេតុតែគ្នាចង់បានលុយចេះតែ និយាយថា បងជួលទាំងអស់ទៅ ចាំខ្ញុំមើលឱ្យអត់អីទេ) ឱ្យចែវទូកតាមទាដែលប្អូនៗខ្ញុំជិះ។ មើលប្អូនវាជិះ ដូចជាមិនសូវទំនងក៏តាំងបារម្ភភ្លាម ទោះជាប្អូនមានអាវពោងពាក់ម្នាក់មួយហើយ មានអ្នកជួលទាចែវទូក តាមពីក្រោយពីរទូកហើយក៏ដោយ (ព្រោះខ្ញុំបញ្ជាវាមិនបានលឿនដូចចិត្ត) ខ្ញុំដែលខកខ្លួនសព្វគ្រប់នោះ (ខកទីមួយមិនឡើងលើទាហ្នឹងជិះជាមួយពួកវា គ្រាន់នឹងស្រែកបញ្ជា ស្រែកប្រាប់វាយ៉ាងនេះយ៉ាងនោះ ខក ទីពីរគឺពេលអ្នកចែវទូកចេញទូកទាំងពីរទៅហើយខ្ញុំមិនឡើងទៅតាមពួកគេព្រោះខ្ញុំគិតថា ទូកហ្នឹងវាយឺត មិនទាន់ចិត្តខ្ញុំ) ងាកទៅលិចងាកទៅកើតឃើញចានជ័របោកខោអាវធំៗពីរក្បែរនោះក៏ស្រែកសុំខ្ចីគេ ឡើង លើចានជ័រត្រួតគ្នាភ្លាម ទឹកឡើងជិតពៀបមាត់ តែចិត្តដាច់ណាស់ ប្អូនៗសំខាន់ជាង ចាប់ស្បែកជើងផ្ទាត់ បានអុំគឹបៗ បំណាច់នឹងបារម្ភពីប្អូន កម្លាំងដៃមានស្មើកម្លាំងជើង ដកដង្ហើមពីរឃូស មកជិតដល់ទាដែល ប្អូនខ្ញុំកំពុងធាក់ មិនទៅមុខ ខ្ញុំស្រែកប្រាប់វាចេះ អីចុះ វាក៏សាកធាក់ទៀត។

ស្លាបចក្រវាដើរផ្លាប់ៗទៅមុខតិចៗហើយ មីអូនៗ ឈប់ៗកុំទាន់ធាក់ៗ… ហ្អើយ ប៊ិះនឹងស្លាប់ដោយសារ លិចចានជ័រ ព្រោះទឹកពៀបមាត់ហើយ។ មីអូន ចាំបងចែវចេញសិន! … រួចចុះបងឯងចែវមកធ្វើស្អី?  ណែក! ឯងបារម្ភវាទៅជាកំហុសទៅវិញ ប៉ិនតែគិតៗទៅ ចឹងមែន! នៅមិននៅធ្វើខ្លួនដូចអាឡេវ ខំបារម្ភពី គេស្រាប់តែនាំគេឱ្យភ័យព្រោះខ្លួនទៅវិញ (ប្អូនៗវាមានអាវពោង និងទា ដែលទោះជាគាំងក៏វាមិនលិចដែរ ឯខ្ញុំមានដែររបស់ដែលអាចអណ្តែតបានដែរ … ចានជ័រ… វាជាអ្នកអណ្តែត… ខ្ញុំ…លិចទេ  😀 ខំប្រវេប្រវាចែវ ចានចេញពីគេមកខ្លាចគេធាក់ទៅកំសួលទឹកជះមកនាំលិចខ្ញុំ   😦

នេះហើយគំនិតអ្នកចេះដឹងរបស់ខ្ញុំ!

30 ខែ​ឧសភា 2012 / ស្នាមញញឹម

សំដីអូន!


ល្ងាចមិញប្រុងទៅលេងមិត្តភ័ក្តិថ្មីដែលទើបស្គាល់គ្នា បានសុំអាសយដ្ឋានគេមកហើយក៏កត់ទុកលើក្រដាស ស្ទីកណូតមួយសន្លឹកបត់ដាក់ក្នុងកាបូបលុយស៊កដាក់ហោប៉ៅ។ ស្រាប់តែមិត្តភ័ក្តិបបួលចេញក្រៅ ទៅរកការ កម្សាន្តផង និងហូបបាយល្ងាចផង។ យើងក៏សំដៅកន្លែងចាស់របស់ពួកយើង ដែលមិត្តផ្សេងទៀតបានទៅ ចាំកាលពីជាងមួយម៉ោងមុន។

ចេញពីកន្លែងបាយល្ងាចដោយស្រវឹងស្រឿងៗទាំងអស់គ្នាហើយ យើងក៏មូលមាត់គ្នាបន្តទៅកន្លែងច្រៀងឱ្យ ស្រឡះបំពង់កស្រួលនិយាយបន្តិច។ យើងសប្បាយម៉ាអស់ដៃតែម្តងព្រោះថាគ្មាននរណានៅអង្គុយចំអន់គ្នា ដូចនៅកន្លែងធ្វើការទេ នរណាក៏មានគូឡើងរាំគ្រប់ៗតែគ្នា ហើយតាំងស្រែកច្រៀងបន្ទរតាមភ្លេង ឡូឡាម៉ា ទំហឹងដោយគ្មានគិតអ្នកណាធំអ្នកណាតូចឡើយ។

ចេញពីកន្លែងច្រៀងម៉ោងមួយយប់ទៅហើយ។ យើងមានមិត្តម្នាក់ដែលមិនសូវស្រវឹងខ្លាំង បានហៅតាក់ស៊ី ម៉ែត្រឱ្យពួកខ្ញុំបីនាក់ដែលត្រូវមកតាមផ្លូវជាមួយគ្នា ចំណែកឡានរបស់ពួកយើងនៅឯកន្លែងធ្វើការឯណោះ ព្រោះតែដឹងថាបើនាំគ្នាមកផឹកហើយ មិនបើកឡានទៅទេដើម្បីកាត់បន្ថយគ្រោះថ្នាក់ផង និងកុំឱ្យស្រីៗ យើងឆាប់សក់ស្កូវផង។ ក្រោយទម្លាក់ពួកម៉ាកទាំងពីរនាក់នៅផ្ទះរបស់ពួកវាមក ខ្ញុំដែលស្រវឹងដល់កបើក ភ្នែកមិនរួចនោះក៏បិទភ្នែកដេកលើកៅអីឡាន ដោយសំអាងថាអ្នកបើកបរនេះមានអាសយដ្ឋានរបស់ខ្ញុំ ហើយ។

បង! បង! ដល់ផ្ទះបងហើយ!

អូហ៍! … ដល់ហើយ? (ខ្ញុំទើបតែបើកភ្នែក មមីមមើ ខំសម្លឹងរកមើលផ្ទះរបស់ខ្ញុំ តែដូចជាមិនប្រហែលត្រង់ ណាសោះ) កន្លែងណាហ្នឹង តាក់ស៊ី?

ហ្នឹងម្តុំទួលទំពូងណាបង! (អ្នកបើកតាក់ស៊ីបញ្ជាក់ ដោយកំពុងពិនិត្យមើលលេខកុងទ័រម៉ែត្រ និងតម្លៃ)

ហ្អាក! … ម៉េចមកដល់ទួលទំពូងអីចឹង? (ខ្ញុំស្រវាងើបមើលជុំវិញខ្លួន ជាមួយនឹងការហួសចិត្តដែលខ្ញុំមក ដល់មួយចំហៀងមេឃម្ខាងនៃផ្ទះរបស់ខ្ញុំ)

ខ្ញុំមកតាមតែក្រដាសដែលបងហុចឱ្យតើ! … នេះក្រដាសរបស់បង! (គាត់នោះនិយាយការពារខ្លួន ដោយ មានភស្តុតាងច្បាស់លាស់ណាស់គឺក្រដាសស្ទីកណូតរបស់ខ្ញុំដែលបានកត់អាសយដ្ឋានមិត្តថ្មីនៅក្នុងនោះ)

ខ្ញុំទាញក្រដាសមកមើលទាំងងីងើ រកនឹកមិនទាន់ឃើញ ទម្រាំតែដឹងថាជាផ្ទះរបស់មិត្តភ័ក្តិនៅក្នុងនោះ ខ្ញុំក៏ ស្វាងស្រវឹងបន្តិច រួចក៏ប្រាប់អ្នកតាក់ស៊ីថាទៅផ្ទះម្តាយខ្ញុំវិញ ប្រពន្ធលែងឱ្យចូលផ្ទះហើយ។ និយាយកុំឱ្យ គេមើលងាយថាស្រវឹងវង្វេងផ្ទះតែប៉ុណ្ណោះ តាមពិតទៅលួចសើចក្នុងពោះម្នាក់ឯងតាមសំណើចរបស់ តា ព្រហ្មម៉ាញ (បើកឡានដឹកស្រីទៅផ្ទះសំណាក់ មិនចូលផ្ទះសំណាក់បត់ចូលក្នុងផ្ទះតាមទម្លាប់ រួចដល់ពេល នឹកឃើញជ្រុលខ្លួនក៏និយាយប្រាប់ប្រពន្ធថាដឹកស្រីឱ្យមេ តែខ្លាចប្រពន្ធជេរ ក៏ចូលមកផ្ទះប្រាប់គេសិន)។

តាក់ស៊ីក៏បរទៅផ្ទះពិតប្រាកដរបស់ខ្ញុំ។ ទម្រាំប្រពន្ធបើកទ្វារឱ្យឈរក្រៅផ្ទះជិតកន្លះម៉ោង។

មុជទឹករួច ប្រពន្ធដល់ម៉ោងជំរិតសួរចម្លើយ។ សំណួរដំបូងៗជាសំណួរធម្មតា នេះជាស្ទីលរបស់គាត់៖

ម៉េចយប់ម៉េះប៉ាវា?

ឱ្យអាត់ដ្រេសតាក់ស៊ីច្រឡំ គេដឹកទៅដាក់ទួលទំពូងឯណោះ! ទម្រាំស្វាងដឹងទិស ក៏បកមកផ្ទះវិញ! អូនក្រ បើកទ្វារឱ្យទៀត! … នេះសំណាងហើយដែលចោរវាមិនវ៉ៃយកកាបូបលុយ…

ទៅដល់ណាខ្លះហ្នឹង?

ទៅបាយល្ងាចនៅវ៉ាស៊ីងតោន ហើយក៏ចូលច្រៀងនៅហ្នឹងទៀតទៅ។ មានទៅណា! (ខំនិយាយសម្រួល)

ផឹកច្រើនអត់ហ្នឹងបានជាក្លិនសឹងតែវិលមុខយ៉ាងនេះ?

ដូចតែធម្មតាហ្នឹង! មានស្រវឹងឯណា? ឯងស្មើណាបានចូលសម្រាក? យប់ហើយណា!

នែប៉ាវា! បើនៅដើរផឹកយ៉ាងហ្នឹង កូនយើងស្រីណាបង!… ប៉ាវាឯងល្មមបន្ថយខ្លះហើយ ណាមួយសុខភាព ណាមួយក្រុមគ្រួសារយើង បើឯងយ៉ាងម៉េចៗទៅតើខ្ញុំទៅពឹងនរណាបាន? ពេលបងដើរយប់ចឹង ខ្ញុំឯណេះ គិតឡើងស្កូវសក់អស់ហើយ!

នែបងផឹកបងដឹងហើយ!… ឯងគិតតែរឿងផ្ទះសម្បែង កូនចៅឱ្យស្រួលបួលទៅ បងគិតគូរអស់ហើយ។… ផឹកប៉ុណ្ណឹងមានអីអស្ចារ្យ? មិនបានស្កៀបពោះវៀនផង…

ប៉ុណ្ណឹងមិនទាន់អស្ចារ្យទេឬ?… ប៉ាវាហ្អា?

ហ្អឺ?

បងផឹកថែមហ្អេះ? ខ្ញុំទិញមកជូនទុកក្លាស្សេក្នុងទូទឹកកកអាជាន់ក្រោមទៀតហ្ន៎!

យាយប៉ិ នេះឌឺទេតើ! តែខ្ញុំខ្ជិលតមាត់ ព្រោះជិតនឹងភ្លឺហើយ ណាមួយស្អែកត្រូវទៅធ្វើការផង។

ខ្ញុំប្រុងនឹងបិទភ្នែកដេក ក៏ស្រាប់តែដេកមិនលក់ ស្ទុះងើបថានឹងចុះទៅខាងក្រោម ងាកមើលប្រពន្ធខ្ញុំគាត់ សម្រាកលក់ហើយ។ ដើម្បីកុំឱ្យរំខានដំណេកគាត់ដោយសារការដេកមិនលក់របស់ខ្ញុំ ខ្ញុំដើរចុះដើរឡើង នៅចង្ក្រានបាយ ក៏ស្រាប់តែនឹកដល់សំដីរបស់គាត់ដែលប្រាប់ខ្ញុំមុននេះបន្តិចថា មានប៊ីយ៊ែរក្លាស្សេនៅក្នុង ទូទឹកកក។ បើកទូទៅឃើញមានមែន! 😀 អផ្សុកមិនដឹងជាធ្វើអីក៏ទាញមួយកំប៉ុងមកផឹក!

ផឹកបណ្តើរនឹកបណ្តើរដល់សំដីរបស់ប្រពន្ធ៖

កូនយើងស្រី… អត់ពីខ្ញុំទៅប្រពន្ធខ្ញុំមិនដឹងជាទៅពឹងនរណា បើខ្ញុំជាជំហរគ្រួសារ… ហ៊ឺ

អូនហ្អើយ បងមិនទាន់ចង់ឈប់ទេ ព្រោះបងកំពុងពេញសប្បាយណាស់។ តែបងចាស់ពេកទៅ មានតែលុយតែគ្មានកម្លាំងដើរផឹកស៊ីសប្បាយដូចពេលនេះ បងមុខជាស្តាយក្រោយមិនខានទេ!

អាណិតប្រណីបងទៅចុះអូន    😦

28 ខែ​ឧសភា 2012 / ស្នាមញញឹម

ខ្ញុំបានធ្វើរឿងដែលខ្ញុំចង់ធ្វើជាងដប់ឆ្នាំ!


ពីម្សិលមិញខ្ញុំបានទៅលេងផ្ទះមួយថ្ងៃ ដោយខ្ចីឡានគេទៅព្រោះមានការសំខាន់ដែលត្រូវធ្វើនៅផ្ទះ។

ចេញពីភ្នំពេញទៅខួរក្បាលខ្ញុំពោរពេញដោយគំនិត និងសម្តីរបស់តួឯកសំណព្វដួងចិត្ត រហូតដល់ភូមិត្រពាំង ឈូកជិតកំពង់ថ្មបានឃើញគ្រោះថ្នាក់ចរាចរមួយនៅទីនោះ៖

កង់ខ្មែរចាស់មួយក្រពិតរួញជាប់គ្នា ឡានកូរេមួយតោនកន្លះជ្រុលចង្កូតមកនៅបញ្រ្ចាសក្បាលខាងស្តាំដៃខ្ញុំ មនុស្សកំពុងរោមជុំមើលអ្នករបួស ខ្ញុំឃើញគេលើកបុរសម្នាក់ស្លៀកក្រមា មានរបួសលើខ្នងដោយកោសនឹង ថ្នល់ចេញឈាមរហាម និងបាក់ជើង ដាក់លើម៉ូតូដឹកទៅពេទ្យ។ ហ៊ឺ!

ខ្ញុំទៅពីភ្នំពេញដល់ផ្ទះត្រឹមតែបីម៉ោងម្ភៃនាទី រួមទាំងឈប់ចាក់សាំងនៅស្គន់ប្រហែលដប់នាទីផង!

ម៉ែឆែករហូត ហើយគាត់ក៏ដឹងតែមិននិយាយប្រដៅទេ ព្រោះកូនម្នាក់នេះនិយាយទៅដូចចាក់ទឹកលើក្បាល ទាចឹងម៉្លោះហើយគាត់សុខចិត្តគិតល្បិចតាមផ្លូវផ្សេងវិញ។ រឿងល្បិចនេះខ្ញុំនឹងបញ្ជាក់នៅចុងក្រោយគេ។

កាលវិភាគរបស់ខ្ញុំត្រូវបានគ្រប់គ្រង និងរៀបចំដោយម្តាយខ្ញុំ។ គាត់ត្រូវការខ្ញុំឱ្យទៅផ្ទះដើម្បីគាត់បានប្រើខ្ញុំ ឱ្យធ្វើអ្វីផ្សេងសម្រាប់គាត់ ដោយខ្ញុំគ្រាន់តែប្រាប់គាត់ពីពេលវេលាដែលខ្ញុំមានសម្រាប់គាត់។ ពីម្សិលមិញនេះ ខ្ញុំគ្រាន់តែប្រាប់គាត់ថាខ្ញុំមានពេលសម្រាប់គាត់តែប្រាំបួនម៉ោងប៉ុណ្ណោះនៅផ្ទះ។ ដូច្នេះអ្វីៗគាត់ជាអ្នករៀបចំ និងគ្រប់គ្រងទាំងអស់។

ដោយសារចាំប្អូននាំឱ្យខ្ញុំយឺតពេលចេញដំណើរ ហើយទៅដល់ផ្ទះកាន់តែខើចពេលសម្រាប់គ្រួសារខ្ញុំ។  ចុះ ពីឡាន ខ្ញុំទៅមុជទឹករួចមានបាយ មានម្ហូបដែលម៉ែធ្វើចាំ ដូចជាប្រហុកចិញ្រ្ចាំផ្ទាប់ត្រសក់ផ្អខ្ចីល្អូក និងត្រកួន ស្រុះដែលតាមខ្ញុំដឹងគឺទាំងត្រកួន និងត្រសក់គឺបងប្អូនខ្ញុំយកមកផ្ញើពីភូមិក្បែរទីរួមខេត្ត។ មានសម្លម្ជូរត្រកួន ដែលខ្ញុំចូលចិត្តមួយមុខទៀត ក្រៅពីនោះគឺសម្លរម្ជូរគ្រឿងស្លឹកទ្រមូងសាច់ទន្សាយដែលពូដាក់អន្ទាក់បាន នៅឯស្រែរបស់ខ្ញុំ។ ហ្គោអឹវេយ៍! ឱ្យតែមានគ្រឿងមិនមើលទេ។

បាយរួចតែប្រាំនាទីទេ ព្រោះខ្ញុំជាកូនទាហានធ្លាប់ហ្វឹកមកឱ្យហូបបាយរហ័សបន្តិច។ ស្រាប់តែម៉ែប្រាប់ថា៖

តោះ! ជូនម៉ែទៅសាលាវិស័យ! (គាត់ហុចអាវសម្រាប់ពាក់ទៅព្រៃឱ្យខ្ញុំដែលគាត់ទើបបោករួច)

ខ្ញុំមិនសូវរញ៉ាំរញ៉ូវទេ តែគាត់ប្រើខ្ញុំទៅតាមហើយ ព្រោះថ្ងៃនេះជាថ្ងៃរបស់គាត់។

ម៉ែ៖កូនឯងបើកឡានជូនម៉ែទៅរកអុស! ម៉ែទៅលេងផ្ទះមីងឯងផង កាលចូលឆ្នាំមិនបានទៅមើលវា!

ខ្ញុំ៖ ម៉ែអើយ! អាឡូវគេឈប់ប្រើអុសហើយ គ្មានព្រៃឯណាឱ្យម៉ែរកអុសទៀតទេ។ ទិញហ្គាសប្រើទៅ!

ម៉ែ៖ កូនហ្អើយ! ជាជាងដើរលេង មកវិញរើសអុសដាក់កុំឱ្យទំនេរឡាន!

ព្រះជាម្ចាស់! កុំឱ្យទំនេរឡាន? គាត់បែបមិនដែលគិតទេថាអាឡានមហាកំពូលសំណព្វដួងចិត្តរបស់ខ្ញុំហ្នឹង វាជិតរលំកាលបើឮយាយវានិយាយយ៉ាងហ្នឹង (ឡានហ្នឹងកូនខ្ញុំ 😀 )។

ឡើងឡានបញ្ឆេះកម្តៅម៉ាស៊ីនរួចស្រែកសួរម្តងទៀត ស្របពេលដែលមីងខ្ញុំបួននាក់ដើរមកតាមក្រោយ ជាមួយប្អូនជីលួតមួយរបស់ខ្ញុំអាយុប្រហែលប្រាំឆ្នាំម្នាក់មកទៀត។

កូនហ្អើយកូន សុទ្ធតែយក្សមកជិះកូនឯងទៀតហើយ! 😦

ខ្ញុំ៖ ម៉ាក់ដាក់ខ្សែក្រវាត់ផង! … មីងៗម៉ោធើ្វអី?

ម៉ែ៖ អើស! វាចង់ទៅដែរ ឱ្យវាទៅៗ គ្រាន់បានគ្នាជួយរើសអុស! (ស្រួលបស់គាត់ទៅ គាត់ស្មានតែបើក ឡានហ្នឹងគឺចេះតែបើកទៅមិនគិតសុវត្ថិភាពអីតិចទេមើលទៅ! យ៉ាប់ណាស់អ្នកអត់ចេះចរាចរនោះ!)

មីងៗ និងប្អូនខ្ញុំឡើងប្រជ្រៀតក្នុងឡានហ្នឹងជាមួយខ្ញុំ និងម៉ែ។ ណែនភ្អឹះ! ខ្ញុំមិនដែលបានបើកឡានពេល ណាដែលមានតែខ្ញុំម្នាក់ឯងជិះសោះ!

ខ្ញុំ៖ ឱ្យតែពីណាចង់ធ្វើអីហើយ គឺត្រូវទាំងអស់រួមទាំងម៉ែខ្ញុំផង!

ម៉ែ៖ កុំរអ៊ូ ក្រែងង៉ៃហ្នឹងង៉ៃរបស់ម៉ាក់ហ្អី?

ខ្ញុំគ្រវីក្បាលហួសចិត្ត។ ថ្ងៃនេះជាថ្ងៃកំណើតរបស់គាត់ ចឹងធ្វើឱ្យគាត់សប្បាយចិត្តម៉ាទំហឹងទៅ ព្រោះមួយ ឆ្នាំគាត់មានថ្ងៃនេះតែម្តងទេ ក្រៅពីហ្នឹងជាថ្ងៃរបស់ខ្ញុំទាំងអស់! 😀

ចេញពីទីរួមខេត្តកំពង់ធំ តាមផ្លូវទៅខេត្តព្រះវិហារប្រមាណជាសាមសិបគីឡូម៉ែត្រចេញពីផ្លូវបំបែកសៀម រាប-ព្រះវិហារទៅ យើងបានមកដល់ទីរួមស្រុកប្រាសាទបល្ល័ង្គ ដែលស្ថិតក្នុងឃុំសាលាវិស័យ (ស្រុកដែល សំបូរជនជាតិកួយរស់នៅច្រើនជាងគេបន្ទាប់ពីស្រុកកំពង់ស្វាយ)។ តាមពិតកាលមុនកួយសម្បូរតែនៅ ស្រុកកំពង់ស្វាយទេ តែក្រោយពេលជាតិចិន និងជាតិផ្សេងនាំគ្នាទៅរកស៊ីក្នុងស្រុកភូមិរបស់ជនជាតិនេះ មកពួកគេមិនចេះរស់នៅជាមួយខ្មែរ ចិនទេ (អត់ចេះលក់របស់ គឺចេះតែសុំគ្នា ខ្លួនមានរបស់ក៏ចែកគេវិញ ដែរ) គេបានរើភូមិចេះតែចូលជ្រៅទៅក្នុងព្រៃ ដើម្បីគេចចេញពីអ្នកចំណូលថ្មី ម៉្លោះហើយពីមុននៅម្តុំស្រុក កំពង់ស្វាយ ឥឡូវរើមកនៅប្រាសាទបល្ល័ង្គ ហើយក៏នឹងរើបន្តទៀតទៅនៅខាងលើៗទៀត (អាចជាតំបន់ ព្រៃអភិរក្សជម្រកសត្វបឹងពែរ) ។ល។

ទៅតាមផ្លូវម៉ែឃើញរានមួយលក់ឳឡឹក គាត់ក៏ប្រាប់ថា មកវិញចូលទិញឳឡឹកហូប។

ទៅដល់ដីរបស់បងប្អូនខ្ញុំ ដោយចូលតាមសាលាវិស័យទៅក្នុងប្រហែលបួនគីឡូម៉ែត្រតាមផ្លូវភ្ជាប់ពីស្រុក ប្រាសាទបល្ល័ង្គ ទៅស្រុកស្ទោង ដែលបច្ចុប្បន្នអ្នកព្រះវិហារ-ភ្នំដែក ដែលចង់ទៅសៀមរាបដោយមិនបាច់ ឆ្លងកាត់ទីរួមខេត្តកំពង់ធំ គេអាចធ្វើដំណើរតាមនេះបានដោយងាយ។

អង្គុយលេងផ្ទះមីងបានតែមួយភ្លែត ប្អូនជីលួតមួយកូនគាត់បបួលដើរទៅរកគ្រាប់ខ្យូវទុកដុតហូប ខ្ញុំក៏ ទាញម៉ាស៊ីនថតដើរទៅតាមវាកាត់វាលឆ្លងទៅចម្ការក្រោយភូមិ។ មីងៗរបស់ខ្ញុំគាត់អូសរទេះរ៉ឺមកសម្រាប់ រើសអុសរបស់គាត់ជាមួយម្តាយខ្ញុំ។ មីង និងគាត់កំពុងតែជជែកគ្នារឿងការងារប្រទេសជាតិទាំងពីរផ្ទះ (ផ្ទះខ្ញុំ និងផ្ទះមីង ផ្ទះណាកើតរឿងអីខ្លះ ត្រូវធ្វើសេចក្តីលម្អិតរឿងរ៉ាវឱ្យគ្នាដឹងទៅវិញទៅមក)។ ខ្ញុំខ្ជិលរវល់ ជាមួយ ដឹងតែថាចាស់ៗហ្នឹងមានរឿងអីលាក់លៀមខ្ញុំ តែខ្ញុំធ្វើជាមិនចង់ដឹង។ ដឹងរឿងច្រើនពេកឈឺក្បាលណាស់ គិតតែពីប្រឹងធ្វើការទៅបានហើយ ការងារគ្រប់គ្រងផ្ទះសម្បែងទុកសិទ្ធិជូនគាត់ជាធំទៅក៏ម៉្យាងដែរ គាត់ បានសប្បាយចិត្តផង។

តាមពិតមកស្រុកលើកនេះប៉ងថា នឹងទៅថតរូបផ្កាក្រវាន់នៅភូមិគោកងួនក្បែរខេត្តដែលជាស្រែរបស់ខ្ញុំ ផងព្រោះបានជាប់មាត់ជាមួយបង កុលធីតា ដែលថ្ងៃមុនទៅលូកមាត់នៅហ្វេសប៊ុក មីងច័ន្ទបូរណ៍ពីរឿង ផ្ការំដួល ផ្កាក្រវាន់។ ដល់មកទីនេះហើយ ក៏ប្រឹងដើររកមើលក្រែងឃើញក្រវាន់ សោះមិនជំពាក់មាត់យូរ

ដើរចុះឡើងៗ ស្រាប់តែទាក់ជើងដួលព្រូស ៖

ចុះរំបល់យក៍ស្អីក៏មកដុះប្រទើសផ្លូវគេនេះវ៉ី! (ខ្ញុំតែចឹងឯង ចេះតែស្រែកឱ្យតែគេឮមាត់ទៅព្រោះដើរព្រៃគេ មានទម្លាប់បែបនេះ តាមពិតគ្មានទៅចង់ជេរស្អីទេ តែយូរៗក៏ជាប់មាត់រហូតដែរ 😀 )

មីង៖ ណែ! បងឯងមើលវា ដើរមិនមើលក្រោមទេ ទៅទាក់វល្លិក្តួច! ហ្អើយ! ប្រយ័ត្នមុតជើង បេះឱ្យស្រួល!

ម្តាយមីងខំស្រែកប្តឹងម៉ែ និងប្រាប់ខ្ញុំឱ្យដោះបន្លាស្អិតហ្នឹងម្តងមួយៗ ។ ជាមួយខ្ញុំគ្មានទុកយូរទេ ខ្ញុំចាប់បូត ទាញបន្លាចេញពីជើង ហើយដែលមកទាក់ជាប់ខោខ្ញុំនឹងដៃដោយខឹងតិចៗផង (ខឹងថាឯងដើរមិនមើល) សំណាងណាស់ដៃហ្នឹងយួរទឹកស្រោចដំណាំឡើងក្រិនអស់ហើយ ជាប់បន្លាក៏មិនឈឺ មិនចេញឈាម។ ឡូយត្រង់ហ្នឹង ត្រង់ថាដៃក្រិនក៏មានប្រយោជន៍ដែរ 😀

ទៅហ្នឹងថតបានវល្លិក្តួច និងវល្លិគុយ យកមកចែកគ្នា ។ នៅមានលំពង់ដើមត្រាច ដើមខ្លុងនាំមកឱ្យស្គាល់ ទៀតផង (បំណាច់ដើរលេងមួយថ្ងៃហើយ កុំឱ្យខាត)។ ដើរត្រុកៗថតរូបបណ្តើរ ម៉ែមានយោបល់បណ្តើរ៖

ម៉ែ៖ ម៉ាក់គិតរកមើលដីមួយកន្លែងទុកសម្រាប់ដាំកូនឈើ។

ខ្ញុំ៖ ល្អតើ! ពេលណាយើងរកអុសដុតមិនបានយើងមានកន្លែងរកអុស សោះមិនខ្វល់ទៅពឹងគេ។

ម៉ែ៖ អើ ម៉ែនឹកថាលោកពិបាករកអុសណាស់ឥឡូវ ព្រោះកន្លែងណាៗក៏សុទ្ធតែជាព្រៃគេរក្សាទុក គេមិនឱ្យ យើងរកអុសបានស្រួលដូចមុនទេ ហើយលោកឥឡូវមករៀនក៏ច្រើនឡើងៗ ពិបាករកចង្ហាន់មួយផ្នែកហើយ នៅពិបាករកទាំងអុសទៀតផង។

ខ្ញុំ៖ ព្រះជាម្ចាស់លោកអើយ! …ខ្ញុំស្មានថាម៉ាក់ចង់រកដីមកដាំកូនឈើព្រៃ គ្រាន់នឹងខ្ញុំបានមកដេកលេងនៅ ហ្នឹង!… ហ៊ឺ!…

ម៉ែ៖ អើ! ជាជាងសល់ដីទំនេរ លោកតែដល់ខែវស្សាហើយ អត់មានអុសដុតទេ គ្មានរកបច្ច័យមកទិញអុស សម្រាប់ដាំចង្ហាន់ទេ ព្រោះលោកមករៀនច្រើនណាស់។ តេជគុណធំមុខឡើងសល់ប៉ុនមេដៃហើយ ណា ចំណាយថ្លៃភ្លើង ណាចំណាយថ្លៃប្រេងបូមទឹក ណាដើររកបច្ច័យមកទប់រឿងចង្ហាន់។ នេះបើកុំតែមានវេន ពុទ្ធបរិស័ទគេជួយរាល់ចង្ហាន់ថ្ងៃត្រង់នោះ កុំអីរត់មិនរួចចំណាយទេ។

ខ្ញុំ៖ ម៉ែ! យើងមិនទាន់មានដល់ថ្នាក់ហ្នឹងទេ! កុំទាន់គិតអី ចាំមានដល់សល់លុយច្រើនជាងហ្នឹងបន្តិចសិន ចាំនិយាយគ្នា!… ចុះលោក! ម៉េចមិនទិញហ្គាសប្រើទៅ ខ្ញុំគិតថាវាថោកផង!

ម៉ែ៖ កូនហ្អើយ! បើលោកមានបច្ច័យទិញហ្គាសនោះមិនមែនមកបួសលោករៀនទេ មុខជាធ្វើការធ្វើងារអី ដូចឯងអស់ហើយ។ មនុស្សអត់ណា៎បានមកបួសមករៀន ខំរកចំណេះដាក់ខ្លួនជាជាងទៅជក់ថ្នាំ ទៅធ្វើ ជើងកាងជើងអី! ឯងមិនឃើញទេ អ្នកដែលមិនបានបួសរៀននៅតាមស្រុកតាមភូមិអី ភាគច្រើនសុទ្ធតែ ញៀនថ្នាំ ជើងកាប់ចាក់ រកតែស្រីស្រាល្បែង។ វត្តយើងនេះ កុំតែលោកតាមិនព្រមទទួលទេ បើចេះតែទទួល នោះលោកមករៀនពេញៗវត្តរកកន្លែងសឹងគ្មាន រកចង្ហាន់ប្រគេនគ្មានទេ។

គ្មានយោបល់បន្តព្រោះជារឿង sensitive ណាស់។ តែហ៊ានមានយោបល់ច្រើនអស់លុយឥឡូវហ្នឹង។

តែ៖ គ្រួសារយើងមួយផ្នែកធំបានរៀនសូត្រធំធាត់លូតលាស់ដល់ត្រឹមនេះក៏បានអាស្រ័យគុណបុណ្យ របស់វត្តអារាមស្ទើរទាំងស្រុង តាំងពីសម័យអាណានិគមបារាំងមកដល់សម័យសង្គមរាស្រ្តនិយម ដូច្នេះ ហើយ បានជាមតិយោបល់ណាដែលលើកឡើងជាប្រយោជន៍សម្រាប់ព្រះសង្ឃ សម្រាប់កសាងវត្ត សម្រាប់ជួយ បណ្តុះបណ្តាល គឺភាគច្រើនលើសលប់ត្រូវបានគាំទ្រដោយសមាជិកគ្រួសារយើង។ រហូតដល់ថ្នាក់ ជួនកាលខ្ញុំចង់ខ្លាចការធ្វើបុណ្យរបស់ពួកគាត់។

ត្រឡប់មកដល់ឡានវិញគេរៀបរួចអស់ និយាយទៅម្តាយខ្ញុំគាត់មានជំនាញមួយគឺជំនាញលេខា គឺថាពេល ណាក៏គាត់គ្រប់គ្រងពេលវេលាមិនឱ្យខាតចោលឥតប្រយោជន៍ដែរ។ គាត់ចាត់ចែងការងារ អ្នកណាត្រូវធ្វើអី  អ្នកណាត្រូវជួយអ្នកណា គឺគាត់រៀបរួចអស់ស្រេចហើយ។ តែមួយនាទីក៏ខ្ញុំមិនបានខាតដែរ។

ចេញដំណើរមកវិញខ្ញុំបើកយឺតៗ មិនមែនមិនប្រញាប់ទេ តែឡានរបស់ខ្ញុំឡើងដាបកង់ ព្រោះអុសរបស់គាត់ ពេលណាក៏ខ្ញុំសឹងស្រក់ទឹកភ្នែកអាណិតឡានដែរ។ រួចម៉ែ និងមីងខ្ញុំ៖

បើដឹងសម្បូរអុសចឹង ទៅខ្ចីឡានកូរេអាបីតោនមក រើសយកទាំងអស់អុសមិញហ្នឹង!

មកដល់ផ្ទះ ប្អូនៗគេរៀបចំកម្មវិធីសម្រាប់គាត់ យើងក៏រីករាយពេញមួយល្ងាចហ្នឹង។ ម៉ោងប្រាំបីយប់បានខ្ញុំ ចេញឡានត្រឡប់មកវិញ។ ម្តាយខ្ញុំមិនចង់ឱ្យខ្ញុំបើកម្នាក់ឯង គាត់បាននិយាយបញ្ចុះបញ្ចូលប្អូនស្រីជីលួត មួយរបស់ខ្ញុំម្នាក់ទៀតឱ្យមកជាមួយរួចចាំឱ្យវាត្រឡប់ទៅវិញនៅព្រឹកស្អែកតាមឡានក្រុង ខ្ញុំមិនឱ្យវាមកទេ ព្រោះពេលវេលានេះជាពេលវេលារបស់ខ្ញុំ ដែលខ្ញុំប្រាថ្នាចង់មានពេលបែបនេះជាងដប់ឆ្នាំហើយ។

ក្តីប្រាថា្ននោះគឺថា ចង់មានពេលជិះឡានតែម្នាក់ឯងម្តងគ្រាន់នឹងបានស្រែកច្រៀងក្នុងឡានបាន តាមចិត្តចង់។

និយាយតាមត្រង់ទៅចុះ គ្រួសារខ្ញុំជាមនុស្សដែលចូលចិត្តទៅណាជាមួយគ្នា ដើរជាក្រុម (ម្តងៗមិនតិចជាង ពីរឡានទួរីសទេ) ហើយបើថាបានខ្ញុំទៅណាយកឡានទៅ ប្អូនៗខ្ញុំវាឡើងមកប្រជ្រៀតរកតែដកដង្ហើមសឹង មិនរួច។ មិនដែលមានទេ ឡានកាមរីមួយ ជិះគ្នាដប់បួននាក់ ៖ ធំៗប្រាំនាក់ តូចអាយុប្រាំឆ្នាំពីរនាក់ អាតូចៗ បីឆ្នាំប្រាំនាក់ តូចល្អិតៗលើជើងពីរនាក់ទៀត។

ថាមហាសែនសប្បាយចិត្តដែលបានជិះឡានមកភ្នំពេញតែម្នាក់ឯង! មកដល់ម៉ោងដប់មួយកន្លះយប់ នៅ ឆ្លៀតមានអ្នកអផ្សុកហៅទៅរកញ៉ាំអីជាមួយទៀត។

មិត្តខ្ញុំសួរថា ម៉េចឥឡូវសរសេរតែរឿងផ្ទាល់ខ្លួនអីចឹង? (គេមិនចង់ឱ្យសរសេររឿងផ្ទាល់ខ្លួនទេ ព្រោះវាមិន សមរម្យ not professional) តែខ្ញុំម៉េចហ៊ានសរសេររឿងផ្សេង ក្រោយពីត្រូវមួយដំបង និងបីដងចបមក 😦

25 ខែ​ឧសភា 2012 / ស្នាមញញឹម

កិរិយាគួរប្រតិបត្តិ (ខ្មាសណាស់លោកអើយ)


ការគួរសមចំពោះញាតិចាស់ទុំដែលខ្ញុំធ្លាប់ស្គាល់ គឺជារឿងដែលខ្ញុំអាចអនុវត្តបានដោយមិនចាំបាច់មានអ្នក មកប្រៀនប្រដៅឬណែនាំទេ ព្រោះថាគំនាបពីម្តាយ និងជីដូនល្មមសមរម្យឱ្យខ្ញុំស្ថិតក្នុងផ្នត់មួយ។

ការគោរព ឱនលំទោន ការគួរសមសម្រាប់មនុស្សមិនធ្លាប់ស្គាល់ ឬមិនបានប្រាស្រ័យទាក់ទងគ្នា វាជារឿង មួយពិបាកសម្រាប់ខ្ញុំ។ ខ្ញុំឆាប់រាងចាល ឆាប់អៀន កាលបើខ្ញុំបានលើកដៃសំពះមនុស្សដែលខ្ញុំបានជួបតែ គាត់បែរជាមិនមានប្រតិកម្មតបវិញកាលបើគាត់មានអារម្មណ៍ថាគាត់មិនធ្លាប់ស្គាល់ខ្ញុំ ខ្ញុំនឹងដើរគេចមុខ មនុស្សនោះ និងអ្នកដែលស្ថិតក្នុងការណ៍នោះជារៀងរហូត អាចដល់អស់មួយជីវិតក៏ថាបាន។

ខ្ញុំនៅនឹកស្នាមរបួសដួងចិត្តរបស់ខ្ញុំកាលពីដប់ប្រាំឆ្នាំមុននៅឡើយ រហូតដល់សព្វថ្ងៃ។ ថ្ងៃនេះក៏សម្រេចចិត្ត ថាត្រូវលើករឿងនេះមកសរសេរចែកគ្នាស្តាប់ គ្រាន់បានជាគំនិតទុកអប់រំកូនចៅ ញាតិមិត្តតាមការគួរ។

«របួសដួងចិត្ត?» មិនមែនជារឿងស្នេហានោះទេ ព្រោះខ្ញុំមិនធ្លាប់មានស្នេហាផង។ របួសដួងចិត្តនៅត្រង់នេះ គឺរបួសដោយសារឈឺចិត្ត ឈឺពេក ឈឺហួសបើថ្លែង…

ឆ្នាំ១៩៩៧ ខ្ញុំបានមករៀនសូត្រនៅភ្នំពេញ ឆ្នាំដែលខ្ញុំចំណាយពេលជាមួយកង់កញ្ចាស់ទៅគ្រប់ទិសទីនៃ ទីក្រុងនេះ រួមទាំងរាជវាំងផង។

ខ្ញុំត្រូវទៅយករបស់ដែលពូបានតេប្រាប់ថាឱ្យទៅចាំនៅក្លោងទ្វារវាំងខាងជើង ក្បែរសាលារចនា ក្បែរផ្លូវទៅ សារមន្ទីរជាតិ ជិតវាលមេន។ ពូផ្តាំមកច្បាស់ប៉ុណ្ណឹងហើយ ឡើងកង់វឹងក្រោយបាយរួចម៉ោងប្រហែលជាង ពីររសៀលទៅឈរចាំពូ។ បើកាលហ្នឹងមានទូរស័ព្ទដូចឥឡូវគ្មានទៅឈររេរយូរទេ! មានតែទូរស័ព្ទលើតុ ទាក់ទងគ្នាហើយមានតែអ្នកដែលមានលទ្ធភាពបង់ថ្លៃទូរស័ព្ទប៉ុណ្ណោះដែលប្រើវាតាមផ្ទះ ក្រៅពីហ្នឹងគឺប្រើ ទូរស័ព្ទតាមទូសាធារណៈ (ដោយប្រើកាត) ឬ ទូរស័ព្ទជួលនិយាយ (គេហៅថាទូរស័ព្ទសាធារណៈដែរ)។

ឈរចាំគាត់តាំងពីម៉ោងជិតបីរហូតដល់ម៉ោងជិតប្រាំល្ងាច ឡើងធុញដល់កម្រិតហើយ ពូគាត់មិនព្រមចេញ មកប្រាប់ថាយ៉ាងម៉េចយ៉ាងម៉ាអីតិចសោះ អ្នកយាមទ្វារក៏គេនៅឈរដូចរូបចម្លាក់ ហើយកាលហ្នឹងខ្ញុំនៅ ក្មេងផងមិនចេះទៅសួរនាំគេសោះ គិតតែពីឈរទាំងធុញទ្រាន់។

កំពុងតែទប់ខ្លួនអង្គុយលើកង់ស្រាប់តែឃើញឡាន ប៉ឺសូ ស៊េរីទំនើបមួយបានមកឈប់នៅអែបផ្លូវចូល។ ជា ធម្មតាខ្ញុំជាអ្នកនិយមសម្លឹងមើល ម៉ូត ម៉ាក ស៊េរីឡានណាស់ ឡានមួយណាក៏មិនអាចភ្លាត់ចេញពីក្រសែ ភ្នែកខ្ញុំដែរ បើជាស៊េរីថ្មីទៀតនោះមុខជាតាមមើលរហូតផុតកន្ទុយភ្នែកមិនខាន តែនេះឈរឡើងចង់ស្រែក ជេរពូទៅហើយ រឿងអីទៅមានអារម្មណ៍តាមមើលឡាននោះ។ គ្រាន់តែក្រឡេកឃើញក៏ដាក់ភ្នែកត្រឡប់ មកវិញសញ្ជឹងគិតរឿងនានាដែលខ្ញុំកំពុងជួបប្រទះ។

ឮសូរឡានបិទទ្វារក៏នឹកក្នុងចិត្តថា សូម្បីសម្លេងទ្វារអាឡានទំនើបហ្នឹងក៏ឮដូចបិទដោយថ្នមដៃដែរហ្ន៎ ចឹង បានគេចូលចិត្តជិះឡានទំនើប។ ឡានចាស់វិញ ទាញម៉ាទំហឹងបិទហើយ ជួនកាលពីរដងអីមិនទាន់ជាប់ផង ត្រចៀកសឹងបែកគ្រាន់តែនៅក្បែរ។

ងើបក្បាលប្រុងទៅមើលឡានទេ ព្រោះថាស្តាយដែលធ្លាប់តែតាមមើលវាទៅជាមិនបានមើលដូចជាខុស ទម្លាប់។ ស្រាប់តែ លោកអ៊ំស្រីពីរនាក់ដើរមកសំដៅចូលទៅក្នុងតាមទ្វារដែលខ្ញុំនៅឈរក្បែរនោះ។ គាត់ ដើរសំដៅមក លើកដៃសំពះខ្ញុំដែលកំពុងធុញទ្រាន់នឹងបរិយាកាសដ៏តឹងតែងរបស់ខ្លួនឯង។

ខ្ញុំទៅជាស្រឡាំងកាំងភ័ន្តរកនឹកអីក៏មិនឃើញ លុះក្រោយបន្តិចមកក៏លើកដៃសំពះតបទៅគាត់វិញទាំងខំ គិតថាតើខ្ញុំធ្លាប់ស្គាល់គាត់ដែរទេ? ស្គាល់នៅកន្លែងណា? ក្រែងធ្លាប់ជួបគ្នានៅឯណាទេដឹងហើយខ្ញុំភ្លេច!

អ្នកក្មួយអញ្ជើញមករកលោកណាដែរ?

ចាសលោកអ៊ំ ខ្ញុំមករកពូ គាត់ឈ្មោះ (…) គាត់ឱ្យខ្ញុំមកចាំគាត់។ ខ្ញុំសុំទោសលោកអ៊ំ…

អញ្ជើញចូលមកចាំខាងក្នុងសិនមក។

ខ្ញុំមិនហ៊ានរំខានលោកអ៊ំទេ ខ្ញុំសុំនៅខាងក្រៅវិញ។

ចាស អីចឹងខ្ញុំសុំជម្រាបលា អ្នកក្មួយ។

ចាសលោកអ៊ំ! (ម្តងនេះមិនឱ្យគាត់លើកដៃបានមុនទេ កុំឱ្យអាមាសមុខពីរដងទាន់ តែម្តងនោះឡើងរឹងខ្លួន ណាស់ទៅហើយ)

ខ្មាសគាត់ណាស់លោកអើយ! ខ្ញុំឈរតាមសម្លឹងមើលគាត់ដោយគោរពត្រង់ជើងភ្លឹង ព្រោះពេលដែលគាត់ ដើរដល់កន្លែងដែលទាហានម្នាក់នោះឈរគ្មានកម្រើកតាំងពីម៉ោងជិតបីដែលខ្ញុំមកចាំពូ ពួកគាត់ទាំងពីរ ត្រូវបានទាហានរូបនោះស្ទុះទៅគំនាប់រួចលូកដៃបើកទ្វារជូនដោយក្តីគោរពឱនលំទោនបំផុត ជាទីបំផុត

ខ្ញុំខ្មាសគេណាស់ ខ្មាសទាហានដែលឈរនៅទីនោះ ខ្មាសទាំងអ្នកបើកឡាននោះ ខ្មាសគ្រប់ខ្មាសសព្វ ។ ខ្មាសទីមួយគឺការដែលធ្លាប់រៀនសូត្រមកបានមើលសៀវភៅរឿង ការគួរសម (តាចាស់ ដែលគោរពក្មេង ប្រុសសំ មុនជានិច្ចដោយដោះមួក) មិនគួរណាខ្លួនខ្ញុំក្លាយជាចៅសំក្នុងសៀវភៅហ្នឹងសោះ។

ខ្មាសទីពីរ គឺខ្មាសគេដែលម្តាយចិញ្ចឹមខ្ញុំគឺជាមនុស្សមានវិន័យ ច្បាប់ និងសីលធម៌ល្អណាស់ សូម្បីពាក្យសម្តី ដែលត្រូវនិយាយ ហើយខ្ញុំត្រូវបានគាត់ចិញ្ចឹមប្រដៅរឹតដូចខ្សែចាប៉ីចឹង តែខ្ញុំមិនបានដើរតាមគន្លងគាត់ បាន ត្រឹមតែដឹងថាទង្វើណាគួរធ្វើ ណាមិនគួរធ្វើ តែមិនសូវទម្លាប់ធ្វើ ម៉្លោះហើយក៏ឆ្គង ឆ្នែងបែបហ្នឹងទៅ!

ឱ្យតែម៉ែចិញ្ចឹមប្រដៅអី គាត់ប្រើរំពាត់ ខ្ញុំរត់ទៅប្តឹងម៉ែខ្ញុំ ឯម៉ែខ្ញុំមនុស្សសេរី អាកូនចង់ក្លាយជាយក្សស្អីក៏ទៅៗ គាត់មិនទៅរវល់ខ្វល់ខ្វាយទេ ម៉្លោះហើយខ្ញុំនេះមានទីអាង ។ ត្រង់នេះខ្ញុំធ្លាប់ជាក្មេងខូច ខ្ញុំគ្រាន់តែសុំផ្តាំថា បើអ្នកប្រដៅកូន សូមកុំឱ្យនរណាមកការពារវា បើមិនអីចឹងទេ វាគ្មានខ្លាចអ្នកប្រដៅបន្តិចណាទេ ហើយក៏ ស្តាប់ពាក្យប្រដៅនោះមិនបាន មិនធ្វើតាមដែរ។ តែសូមកុំប្រដៅសម្លាប់កូន ប្រដៅគ្រាន់តែឱ្យគេដឹង និងចេះ ពិចារណាបានហើយ និយាយជារួមគឺដើរផ្លូវកណ្តាល។

ខ្មាសទីបី គឺខ្មាសនឹងរូបរាងមនុស្សមិនជាបើដូចជាខ្ញុំនៅពេលនោះ ដែលអ្នកចាស់ទុំក្នុងរាជវាំងលើកដៃមក គួរសម។ ខ្ញុំឥតបានសួរពូទេ ថាគាត់ជានរណា ព្រោះអាល័យតែខឹងគាត់ដាច់ក្បាលដាច់កន្ទុយរឿងគាត់ឱ្យ ខ្ញុំចាំគាត់ជាងពីរម៉ោង កាលណោះមានប្រាក់កាសឯណាចាយវាយឱ្យសំបូរសប្បាយនោះ អ្នកឯណាលក់នំ នែកអីក៏គ្មានប្រាក់ទិញ មានតែទឹកមួយបំពង់ដាក់តាមជាប់កង់គ្រាន់នឹងដោះស្រាយពេលឃ្លានខ្លាំង។ រួចបើ និយាយពីខោអាវរបស់ខ្ញុំវិញ គឺអាវយឺតដៃខ្លីព័ណ៌ត្រួយចេក ជាមួយខោព័ណ៌ខ្មៅឱ្យពព្លក់ ព្រោះហាលថ្ងៃ ហាលភ្លៀង (មិនដឹងជាកើតវិកលចរឹតអីទេខ្ញុំកាលណោះ ជិះតែកង់ហាលថ្ងៃហាលភ្លៀងពេញតែភ្នំពេញ)។

ឯកជន៖

លោកអ៊ំស្រីជាទីគោរព!

សូមលោកអ៊ំមេត្តាជ្រាបថា ខ្ញុំជាក្មេងម្នាក់ដែលបានភ្ញាក់រលឹក និងចងចាំជានិច្ចនូវកាយវិការរបស់លោក ទាំងពីរ។ ខ្ញុំនឹងព្យាយាមយកតម្រាប់តាមសុជីវធម៌ល្អរបស់លោកអ៊ំ ហើយដឹកនាំរឿងមួយនេះទៅគ្រប់ទី កន្លែងដែលខ្ញុំបានទៅដល់ ដោយព្យាយាមផ្សាយនូវកាយវិការមួយនេះ។

លី កល្យាណ

23 ខែ​ឧសភា 2012 / ស្នាមញញឹម

ជីវិតក្នុងរបត់ថ្មី


ខ្ញុំជឿថាមនុស្សម្នាក់ៗមិនងាយកែប្រែទម្លាប់ប្រចាំថ្ងៃ ឬទម្លាប់ផ្សេងៗឡើយ។ ដរាបណាមានអ្វីមួយមកផ្លាស់ ប្តូរដំណើរប្រព្រឹត្តទៅនៃទម្លាប់នោះ មនុស្សម្នាក់ៗនឹងភ្ញាក់អារម្មណ៍គិតដល់ពេលវេលាកន្លង និងទម្លាប់ដែល ត្រូវបាន ផ្លាស់ប្តូរ

ខ្ញុំសុំជូនឧទាហរណ៍មួយ៖ បុរស កាលនៅមិនទាន់មានសង្សារ មិនមានទម្លាប់ចេញទៅខាងក្រៅ បាញ់ទឹក អប់ មិនត្រូវការអ៊ុតខោអាវ ឬស្លៀកពាក់ស្អាតបាតពេកនោះទេ។ តែដល់ពេលចាប់ផ្តើមចង់ស្រឡាញ់ នរណាម្នាក់ហើយ គាត់ក៏ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់អាក្រក់មួយចំនួនចេញ។ នារីៗក៏ដូចគ្នា កាលបើគាត់មាន ចិត្តផ្តោតគិតទៅនរណាម្នាក់ហើយ គាត់ក៏ផ្លាស់ប្តូរទម្លាប់ នឹងគិតកែសម្រួលឥរិយាបថដើម្បីជាទីគាប់ចិត្ត នៃមនុស្សដែលគាត់កំពុងចាប់អារម្មណ៍។ ការផ្លាស់ប្តូរនេះបណ្តាលមកពីតម្រូវការ។

មួយវិញទៀត (មិនទាញឧទាហរណ៍តែយុវជនទេ) ចាស់មួយចំនួនក៏មានការផ្លាស់ប្តូរក្នុងជីវិត ជាមួយនឹង ភាពរីករាយក្នុងឳកាសចុងក្រោយ។ លោកអ៊ំប្រុសចាស់ៗ គាត់ផ្លាស់ប្តូរពីការឈ្ងោកមុខតែជាមួយការងារពី មុនមកសប្បាយរីករាយជាមួយការរាំរែក ជប់លៀងច្រៀងកំសាន្ត។ល។ ចំណែកអ៊ំស្រីៗវិញ គាត់ប្រែជារីក រាយនឹងការធ្វើបុណ្យដាក់ទាន ដែលពួកគាត់ពីមុនមកទម្លាប់តែមើលថែផ្ទះសម្បែង ការពារកូនចៅប្តីសី និង ប្រឹងរក និងរក្សាប្រាក់ ទុកដាក់ឱ្យគង់វង្ស។ ការផ្លាស់ប្តូរនេះបណ្តាលមកកាលៈទេសៈផង និងតម្រូវការផង។

ទម្លាប់កុមារមួយចំនួនក៏មានការប្រែប្រួល។ កាលពីមុន ក្មេងៗចូលចិត្តលេងគប់វង់ លេងឈូស លេងលោត អន្ទាក់ ដល់មួយរយៈនេះ ក្រោយពីទូរស័ព្ទ និងកុំព្យូទ័របានដើរតួនាទីសំខាន់ក្នុងសង្គមមក ក្មេងៗមិនសូវមាន ពេលលេងកំសាន្តតាមរបៀបសាមញ្ញទៀតទេ។ ពួកគេបានផ្លាស់ទម្លាប់ដែលធ្លាប់លេងល្បែងពីមុន មកចាប់ អារម្មណ៍ជាមួយល្បែងថ្មីដែលពេញនិយម។ ការផ្លាស់ប្តូរនេះគឺទៅតាមទំនោរ។

ខ្ញុំជឿថាមនុស្សណាម្នាក់ក៏មិនអាចប្រកាន់ទម្លាប់មួយណាឱ្យខ្ជាប់ខ្ជួនអស់មួយជីវិតដែរ។ ទម្លាប់របស់យើង ត្រូវតែប្រែប្រួលកាលបើមានអ្វីមួយថ្មីចូលមកផ្លាស់ប្តូរ អាចជាគំនិតថ្មី អាចជាមនុស្សថ្មី អាចជាវត្ថុថ្មី ហើយក៏ អាចជាជំនឿថ្មី។ 😛

ខ្ញុំបានជួបរឿងផ្លាស់ប្តូរនេះថ្មីៗ ដែលនាំឱ្យខ្ញុំពិចារណាដល់ការផ្លាស់ប្តូរផ្សេងទៀតក្នុងជីវិត។

ខ្ញុំជាមនុស្សដែលជោគជាំទៅដោយសារជាតិកាហ្វេអ៊ីន រហូតដល់អ្នកនៅជុំវិញលាន់មាត់ពីទម្លាប់ផឹកកាហ្វេ របស់ខ្ញុំ។

ខ្ញុំចូលចិត្តកាហ្វេលីងជាជាងកាហ្វេសម្រេច (Instant Coffee) ប្រើពាក្យឆ្អិនស្រេចដូចមិនសូវសម។ កាហ្វេ លីងច្រើនប្រើសម្រាប់ហាងកាហ្វេដែលអតិថិជនជាអ្នកចូលចិត្តកាហ្វេលីងឆុង ចោលក្លិនឈ្ងុយឈ្ងប់។

កាហ្វេរបស់ខ្ញុំ អ្នកដែលឆុងឱ្យ គេដឹងចិត្តស្រេច គឺកាហ្វេខ្មៅក្តៅមិនដាក់ស្ករ។ ប្រសិនបើជាកាហ្វេសម្រេច (Instant Coffee) កាហ្វេពីរស្លាបព្រាក្នុងមួយពែងចាក់ទឹកក្តៅចូល ដោយគ្មានដាក់ថែមអ្វីផ្សេងឡើយ បើ កាលណាគេច្រឡំឆុងមានស្ករខ្ញុំដឹងក្លិនភ្លាម។ មានជួនកាលខ្ញុំក៏ញ៉ាំកាហ្វេដោយថែមទឹកកកដែរ។ នៅ កន្លែងណាដែលគ្មានកាហ្វេឆុង ខ្ញុំចូលចិត្ត «អេសប្រេសសូ» ឬ «ប្លេកកូហ្វី»។ ខ្ញុំផឹកទឹកដោះគោ តែមិន ផឹកលាយជាមួយកាហ្វេទេ ដូចគ្នានឹងហូបនំបញ្ចុកដែរ ខ្ញុំមិនដាក់ល្បោយទេ តែក្រោយពេលហូបរួច ខ្ញុំ កាន់សណ្តែកកួរ ឬត្រសក់ហូបតាមក្រោយ។ ខ្ញុំដឹងថានេះជាទម្លាប់មួយអាក្រក់ តែខ្ញុំប្រែវាមិនទាន់បាន។

កាលពីខែមុន ខ្ញុំបានទទួលអំណោយពីក្មួយៗដែលទើបត្រឡប់មកពីលេងស្រុកថៃ។ ប្រហែលជាអ្នកម៉ាក់ លោកប៉ាដ៏គួរឱ្យគោរពទាំងពីរ ប្រាប់កូនថាមីងចូលចិត្តកាហ្វេបានជាគេផ្ញើមកនូវកាហ្វេ «ខាវសង Khao Shong» ។ កាហ្វេនេះជាផលិតផលរបស់អ្នកស្រុកខេត្តត្រាងនៃប្រទេសថៃ ដែលជាកាហ្វេក្នុងស្រុកបាន  ប្រើឈ្មោះជាភាសាថៃមុនគេបង្អស់ និងជាទីពេញនិយមនាពេលបច្ចុប្បន្ន។ នេះជាអំណោយដំបូងដែល បានផ្លាស់ប្តូរផ្នត់គំនិតខ្ញុំ គឺជាអំណោយដែលខ្ញុំមានឆន្ទៈក្នុងការផ្លាស់ប្តូរទម្លាប់។

ដំបូងទទួលអំណោយមកដោយគិតក្នុងចិត្តថា មើលទៅសាកឱ្យបានពីរបីដង កុំឱ្យក្មួយគេអន់ចិត្ត បំណាច់ នឹងគេខំយកមកជូន។ តែពេលបានស្វែងយល់ពីការណែនាំ ប្រៀនប្រដៅកូនរបស់ពួកគាត់មក ខ្ញុំបានរក ឃើញនូវចំណុចមួយចំនួនដែលគួរយកតម្រាប់តាម ពេលណាខ្ញុំមានកូនដែរ។

ក្នុងពេលញ៉ាំអាហារជាមួយគ្នា (ខ្ញុំហៅថាញ៉ាំព្រោះមានក្មេងៗក្នុងហ្នឹងដែរ ដើម្បីកុហកខ្លួនឯងថានៅក្មេង តិចទៅចុះ!) កូនៗរបស់គាត់ញ៉ាំបាយ ឬម្ហូបសល់ក្នុងចានច្រើន លោកប៉ាអ្នកម៉ាក់របស់ក្មួយៗ ជាអ្នក បង្ហើយតាមក្រោយ។ មួយចំណុចនេះខ្ញុំចាប់អារម្មណ៍ជាងគេព្រោះថា គ្រួសាររបស់ខ្ញុំមិនមានទម្លាប់បែប នេះទេ។ ពួកយើងទទួលខុសត្រូវអាហារនៅក្នុងចានរបស់ខ្លួន បើសិនជាអាហារនោះមិនឆ្ងាញ់យើងញ៉ាំ មិនអស់ ម៉ែនឹងវ៉ៃរហូតទាល់តែអស់បាយក្នុងចានបានរួចខ្លួន។ របៀបរឹតបន្តឹងបែបនេះ មានតែពីសម័យ ខ្ញុំនៅក្មេងទេ។ គាត់ក៏ប្រាប់ដែរថា សូមកូនកុំបន្ថែមការងារឱ្យម៉ែទៀត ក្នុងពេលដែលម៉ែលាងចាន ម៉ែត្រូវ ប្រមូលអាហារដែលសល់នោះដាក់ឱ្យសត្វ ហើយបានយកវាមកលាង ចុះបើកូនញ៉ាំឱ្យអស់ពីចាន ម៉ែក៏ ងាយនឹងយកវាមកលាង ឯសត្វដែលត្រូវការបាយដែរនោះយើងនឹងមានចំណែកផ្សេងសម្រាប់វា។ គាត់ មានហេតុផលរហូត។

ក្រឡេកមើលទៅទម្លាប់លោកប៉ាអ្នកម៉ាក់របស់ក្មួយស្រីទាំងពីរវិញ។ ពួកគាត់អប់រំកូនតាមរបៀប មាន គោលការណ៍ច្បាស់លាស់ ហើយតាមដែលខ្ញុំដឹង គោលការណ៍មួយក្នុងចំណោមនោះគឺ ប្រដៅណែនាំ ដោយមានហេតុផល និងតាមវិធីសាស្រ្តនិយាយដោយសម្តីទន់ភ្លន់។

ក្នុងពេលហូបអាហារជុំគ្នា ខ្ញុំឃើញគាត់ពិសាបង្ហើយ ខ្ញុំស្មានថាគាត់មិនទាន់ឆ្អែត (ខ្ញុំគិតដែរ ថាខ្ញុំមនុស្ស ហូបបាយច្រើនជាងគេ តែគាត់ហូបច្រើនជាងខ្ញុំទៅទៀត???) ទាល់តែសួរទើបដឹងថា គាត់មានវិធីអប់រំកូន ដោយការអនុវត្តន៍ផ្ទាល់… កូនញ៉ាំបាយមិនអស់ ម៉ាក់ស្តាយបាយដែលពិបាករក ប៉ាស្តាយបាយព្រោះពេល ប៉ា ម៉ាក់ និងកូនៗមានបាយញ៉ាំយ៉ាងឆ្អែត ថែមទាំងសល់ តែមានមនុស្សមួយចំនួនទៀតកំពុងតែដើរចច្រប់ ស្វែងរកអាហារត្រឹមតែមួយភាគបីនៃអ្វីដែលយើងកំពុងមាន។ តើយើងគួរអាណិតគេទេ? គួរខ្ជះខ្ជាយទេ ក្នុងពេលដែលយើងអាចនឹកប្រៀបធៀបបែបហ្នឹងបាន? ចំពោះខ្ញុំ ខ្ញុំមិនដែលបង្ខំចិត្តធ្វើអ្វីដែលខ្ញុំមិនចង់ ធ្វើដូចជាស្តាយបាយខំញ៉ាំឱ្យអស់បែបហ្នឹងឡើយ។ របៀបរបបរស់នៅពិតជាខុសគ្នា ឯគុណភាពជីវិតក៏ មិនដូចគ្នាដែរ។

ក្រោយបានស្តាប់ពាក្យប្រដៅរបស់លោកប៉ា អ្នកម៉ាក់ ក្មួយៗ ចំពោះកូនៗ របស់គាត់ ខ្ញុំដូចជាភ្ញាក់ខ្លួន។ តើខ្ញុំនឹងទុកឱ្យកាហ្វេហ្នឹងសល់ឬ? ក្នុងពេលដែលអ្នកខ្លះចង់ញ៉ាំកាហ្វេ តែគ្មានឳកាសបានញ៉ាំកាហ្វេ ឆ្ងាញ់បែបនេះផង។ ខ្ញុំមានឆន្ទៈក្នុងការផ្លាស់ប្តូរ ឬអាចនិយាយបានថាទទួលយករបត់ថ្មី ដើម្បីឱ្យជីវិតកាន់ តែបានភ្លក្សរសជាតិថ្មីៗថែមទៀតចាប់ពីពេលនេះតទៅ។

កាហ្វេរបស់ក្មួយឈ្ងុយឆ្ងាញ់ណាស់ ហើយមីងក៏បានញ៉ាំអស់ហើយដែរ ព្រោះមីងចង់ញ៉ាំរសជាតិដែល ក្មួយបានជ្រើសរើសឱ្យ។ I like it a lot, I like the kindest mind of yours.

 

អរគុណក្មួយៗ និងលោកប៉ា អ្នកម៉ាក់ ដែលនាំឱ្យខ្ញុំស្គាល់រសជាតិជីវិតមួយទៀតបានមកពីការផ្លាស់ប្តូរ

អាចស្វែងយល់បន្ថែម ប្រសិនបើចង់ដឹងពីប្រវត្តិរបស់កាហ្វេនៅវីគីផេឌៀ ដោយចុច ត្រង់នេះ

សំណូមពរ៖ សូមបង សុម៉ាដា  មេត្តាអាណិតជួយកែសម្រួលអត្ថបទរបស់ខ្ញុំផង។

I like you all!

11 ខែ​ឧសភា 2012 / ស្នាមញញឹម

មិត្តសម្លាញ់ និងម៉ូតូអេសអិល


ដោយសារតែអត្ថបទមុនៗមានអ្នកសង្ស័យថាខ្ញុំហ្នឹងខ្ទើយ ឬស្រឡាញ់ស្រីៗ ឬស៊ីមពីរ (ដូចជាតាម៉ាប់ និងពូ ស្រុកស្រែ) និងដោយសារមានការជជែកគ្នាទាក់ទងនឹងម៉ូតូអេសអិលផង ខ្ញុំសូមនិយាយរឿងមួយបន្ថែម ទៀត ជាភស្តុតាងថា ខ្ញុំបានជួបរឿងដែលគេច្រឡំហ្នឹងមិនមែនទើបតែឥឡូវនេះទេ គឺយូរយារណាស់ហើយ ហើយក៏ស៊ាំត្រចៀក និងធ្វើចិត្តបានដែរ (មិនខឹង មានតែសើចចាក់បណ្តោយ)។

ខ្ញុំមានមិត្តសម្លាញ់ម្នាក់កាលធ្វើការជាមួយគ្នាក្នុងអង្គការម្លប់បៃតង នៅកំពង់ធំ គាត់ឈ្មោះ សូ ខាន់សោម។ ឆ្នាំ ២០០៥ ដល់ ២០០៦ យើងស្រឡាញ់គ្នាណាស់ ដេកជាមួយគ្នា ដើរជាមួយគ្នាទៅណាមួយជំហានក៏តាម គ្នាទៅដែររហូតដល់ថ្នាក់អ្នកធ្វើការជាមួយមមៃថា តើយើងទាំងពីរបានធ្វើអ្វីខ្លះ…ជាមួយគ្នា? តើយើងបាន បង្កើតរឿងរ៉ាវស្នេហាជាមួយគ្នាទេដឹង បើម្ង៉ៃៗឃើញជាប់គ្នាជាងចាខ្វៃនៅហាងកាហ្វេស្ទឹងសែនទៀតនោះ? (ហាងកាហ្វេដែលខ្ញុំចូលចិត្ត 😀 )

មីនាង! កុំខឹងបើនាងបានអានអត្ថបទរបស់យើងនៅទីនេះ យើងគ្រាន់តែមិនចង់ពេលយើងបាត់ការចងចាំទៅ បាត់ទាំងអនុស្សារីយជាមួយនាងទៅផងទេ! (ក្រែងគ្នាកើតជម្ងឺអាល់ហ្សេមែរ)

អស់ពីអង្គុយមមៃ ពួកគាត់ក៏ហាមាត់សួរត្រង់ៗតែម្តង៖

ពីរនាក់នេះទៅភូមិបានធ្វើអីខ្លះ?

ខ្ញុំ៖ ខ្ញុំបានចុះទៅប្រជុំ និងពិនិត្យមើលការងារ… (ខំរាយការស្មានតែគេកំពុងតាមដានការងារយើង)

នៅតាមផ្លូវឈប់ធ្វើអីខ្លះ?

សោម៖(វាមានខួរក្បាលឆ្លាតជាងខ្ញុំឆ្ងាយណាស់ វាឆ្លាត និងពូកែមែនទែន ទាល់តែនៅជាមួយគ្នាបានដឹង) មានធ្វើអីគ្រាន់តែឈប់បត់ជើងហ្នឹងក៏ សួរដែរ!

អើ សួរៗទៅក្រែងមានធ្វើអីផ្សេងទៀត។

សោម៖ បើគេធ្វើអីផ្សេងចាំតែប្រាប់តើ! ហ៊ឹស!

ខ្ញុំបានត្រឹមចំហរមាត់ធ្លុងស្តាប់គេនិយាយរកកាត់យល់ន័យ ដើម្បីដឹងសាច់រឿង តែបានត្រឹមតែស្លឺ…

ពីរនាក់នេះឱបគ្នាឡើងខ្វិត បែបទើបធ្វើអីគ្នាហើយ មើល៍ទៅ?

ខ្ញុំ៖ ជិះម៉ូតូផ្លូវរលាក់ជិតដាច់ប្រម៉ាត់ម្តងៗយ៉ាងនេះ បើមិនឱ្យឱបធ្លាក់អ្នកក្រោយបាត់ បានបកទៅរើសវិញ មិនខានទេ!

សោម៖ ណែ! គេធ្វើអីគ្នាហើយៗ មិនបាច់ចាំសួរទេ! … ហ៊ើយអញហត់ជិតដួលហើយមកសួរលេងសើច អីទេ! (នាងហ្នឹងវាខឹងដល់កំពូលហើយតែធ្វើអីគេមិនបានវាមករករឿងខ្ញុំ) នែ មកពីមីនាងឯងហ្នឹងជិះរកតែ ក្រឡុក អញឈឺខ្លួនហើយ យប់ហ្នឹងកោសខ្យល់ឱ្យផងវ៉ី! (ថារួចវាទម្លាក់សាក់កាដូព្រូសទៅលើតុធ្វើការ របស់ខ្ញុំ)

ខ្ញុំ៖ ណែ… បែកប្រដាប់ថតសម្លេងបាត់ហើយ! (ខ្ញុំនិយាយទាំងនឹកថា ខូចបាត់ហើយព្រោះវានៅបាតគេ ផង) នាង … អង្គុយតោងតែគេសោះ មកហត់ស្អី? អាអ្នកបើកឯណេះជិតបាក់ដៃហើយ ប្រឹងទប់ម៉ូតូ និង គេច ក្រឡុកឡើងគ្រេចកដៃមិនគិត! ណែ … កុំមកខឹងគោវាយរទេះ គ្មានដៃកោសខ្យល់ឱ្យទេវ៉ី! យើងក៏ហត់ដែរ!

ដល់ឃើញពួកយើងឈ្លោះគ្នា ពួកគាត់ក៏បង្អង់ជជីកខ្លះដែរទៅ។ បន្ទោសពួកគាត់ក៏មិនបានដែរ។

បន្ទោសពួកគាត់យ៉ាងម៉េច បើមនុស្សធ្វើសកម្មភាពឱ្យគេសង្ស័យ ដូចជាទៅណាមកណាក៏ទៅជាមួយគ្នា បាយទឹកហូបនៅផ្ទះខ្ញុំជាមួយគ្នាជាញឹកញាប់ ដេកជាមួយគ្នាបន្ទប់តែមួយ ថតរូបថើបគ្នា (ពូកែថា ហ្អេះ?) ជិះម៉ូតូឱបគ្នាយ៉ាងសស្រាក់សស្រាំ ជួយគ្នាក្នុងការងារយ៉ាងអស់ពីចិត្តពីថ្លើម។ល។ និង ។ល។

មានម្តងនោះដឹកកូនត្រីយកទៅឱ្យកសិករពីភ្នំពេញទៅដល់ស្រុកប្រាសាទសំបូរ និងចូលទៅក្នុងភូមិដាច់ ស្រយាលទៀត។ ដោយសារកូនត្រីដឹកពេលថ្ងៃក្តៅមិនបាន ពួកយើងបានចេញដំណើរម៉ោងបួនល្ងាចពី ភ្នំពេញ ទៅដល់ទីរួមខេត្តនៅម៉ោងប្រាំពីរកន្លះ និងបានបន្តទៅភូមិពីរទៀត ទម្រាំរួចការងារចែករំលែកកូន ត្រីនោះម៉ោងជាងមួយយប់ ខ្ញុំបើកឡានត្រឡប់មកវិញទាំងល្វើយ វាដេកលក់ព្រងើយ ព្រោះអស់កម្លាំង ដោយទ្រាំអត់ងងុយមិនបាន ខ្ញុំក៏ឈប់តាមផ្លូវដោយអែបមកខាង ពន្លត់ម៉ាស៊ីនដេកមួយស្រឡេតដែរ ទើប បើកបន្តមកទៀតរហូតដល់ផ្ទះ។ ដោយមិនងូតទឹក ងូតភក់អី ពួកយើងដេកជាមួយគ្នារហូតដល់ម៉ោងប្រាំ ពីរព្រឹកបានក្រោកទៅធ្វើការ។ ដោយវាមិនទាន់អស់ងងុយ និងគ្មានខ្វល់ស្អីផងនោះ វាដេកអោបពីក្រោយ ខ្ញុំជិះម៉ូតូឌុបវាទៅដល់កន្លែង ហៅចុះពីម៉ូតូបានភ្ញាក់ពីដេក គេក៏តាំងថាឱ្យទៀតហើយ!

លើកណានោះយើងយកកូនត្រីទៅដាក់ឯភូមិ ម៉ោងដប់ពីរហើយតែមិនទាន់រួចការ ស្រាប់តែឡានអស់សាំង ខ្ញុំភ័យណាស់ព្រោះនៅស្រុកហ្នឹងគ្មាននរណាបើកទ្វារ ឬដើរហើរស្មើហ្នឹងទេ។ វាភ័យបន់អ្នកតានៅក្នុងភូមិ ត្រឡប់មកវិញម៉ោងជិតពីរបានដល់ផ្ទះ ដោយខ្ញុំឈប់ដេកតាមផ្លូវមួយស្រឡេតទៀត។ ព្រឹកឡើង យើង ត្រូវត្រដរទៅតាមដានត្រីទាំងនោះ និងណែនាំដល់សហគមន៍ក្នុងការចិញ្ចឹម ថែទាំ។ ដោយមិនភ្លេចយក ចេកមួយស្និត ទៅថ្វាយអ្នកតាលាបំណន់ពីយប់ 😀

ក្រោយមកវាក៏រៀបការជាមួយអ្នកធ្វើការជាមួយគ្នា។ ដោយឈប់ធ្វើការ និងអផ្សុកព្រោះធ្លាប់ខ្លួនក្នុងការដើរ ហើរជាមួយគ្នា វាក៏តាមខ្ញុំទៅធ្វើការឯភូមិ។ មុនចេញដំណើរប្តីវាបានហាមដែរថាកុំឱ្យទៅភូមិ តែពួកយើង បានចេញដំណើរដោយអាងថាមិនអីទេ។

ជិះម៉ូតូបណ្តើរជជែកគ្នាបណ្តើរពីសុខទុក្ខ (ព្រោះទើបរៀបការរួច 😀 ) ឆ្លងកាត់ភូមិជាច្រើនតាមដងផ្លូវទៅ ស្រុកប្រាសាទសំបូរ ហួសវិទ្យាល័យកំពង់ឈើទាលដែលជាទីប្រជុំជនរបស់ស្រុកតែប្រហែលពីរគីឡូម៉ែត្រ ស្រាប់តែយើងឮសូរ ផូង! យ៉ាងខ្លាំង។ វាស្រែកដាក់ត្រចៀកខ្ញុំ (ព្រោះជិះម៉ូតូពាក់មួកឃ្លុបទាំងអស់គ្នា) ថា៖ នែ ពីណាបាញ់អីហ្នឹង!

ខ្ញុំ៖ បាញ់ស្អី! ម៉ូតូបែកកង់ហ្នឹង! (ខ្ញុំស្រែកប្រាប់វាវិញ ដោយចាប់ផ្តើមបន្ថយល្បឿន ប្រុងប្រៀបអបអំប្រ៊ីយ៉ា ពេលល្បឿនធ្លាក់ចុះ ហើយប្រឹងទប់កុំឱ្យរេចង្កូតខ្លាំងពេក)

ដោយសារតែយើងកំពុងបើកលឿន និងឡើងទួលផង ការបែកកង់ក្រោយក៏នៅតែធ្វើឱ្យម៉ូតូដួលបោកយើង ទាំងពីរនាក់ទៅដី វារលាត់ក្បាលជង្គង់ចេញឈាមរឹមៗ និងប្រឡាក់សុទ្ធតែដីក្នុងស្នាមរបួស កួយដៃក៏រលាត់ វាត្រូវធ្ងន់ជាងខ្ញុំ ។ ខ្ញុំភ័យឡើងមានជាតិផ្អែមក្នុងមាត់ រត់ទៅលើកវា៖

ខ្ញុំ៖ នាង! នាង! មានត្រូវអីទេៗ?

សោម៖ នាងអើយ ជើងអញៗ ឈឺវ៉ើយឈឺ!

ខ្ញុំ៖ មានត្រូវក្បាលទេៗ? (ខ្ញុំលើកវាមកទាំងប្រហោងពោះ ព្រោះខ្ញុំត្រូវទទួលខុសត្រូវចំពោះអ្នកជិះជាមួយ)

ពេលមើលឃើញជង្គង់ និងកួយដៃមានរបួសសើស្បែក ខ្ញុំរាងអន់ភ័យបន្តិច តែនៅមិនទាន់អស់ចិត្ត។ ខ្ញុំលើកវាទៅរកដង្គត់ឈើឱ្យអង្គុយស្រួលបួល ប្រមូលសាក់កាដូស្ពាយទៅដាក់ជិតវា និងរត់ទៅលើកម៉ូតូ ម៉ូតូបែកកង់ក្រោយ និងដាច់ហ្រ្វាំងដៃ។ ខ្ញុំនៅមិនអស់ចិត្តពីវាទោះមើលឃើញថាស្នាមរបួសនៅឆ្ងាយពី បេះដូងក៏ដោយ។

ខ្ញុំ៖ នាងៗ មានត្រូវត្រង់ណាទៀតទេ? មានត្រូវក្បាលអត់?

សោម៖ អើ! ក្បាលអញ ៗ អូយៗៗៗ ឈឺៗ

ខ្ញុំ៖ ហាស! ត្រូវត្រង់ណាៗ?

សោម៖ ក្បាលអញ ត្រូវនឹងមួកឃ្លុបអញ បោកត្រូវជាមួយមួកវា អាឡូវខូចខួរក្បាលហើយ ហ៊ឺៗៗៗ

ខ្ញុំ៖ រំបល់យក៍ ហ៊ឺយ! តោះទៅពេទ្យ! របួសហ្នឹងទាល់តែលាងបានៗ!

ខ្ញុំទាញម៉ូតូមកបណ្តើរ ចង់ធ្លាក់អណ្តាតត្រឡប់មកទីប្រជុំជនវិញ។

សុំបើកវង់កាចកនិយាយរឿងឆោតរបស់ពួកយើងបន្តិចទៀត៖

បណ្តើរម៉ូតូមួយសន្ទុះស្រាប់តែងាករកវា វាទើបអូសជើងមកមិនទាន់បានហាសិបម៉ែត្រផង។ ឈប់ម៉ូតូដាក់ ជន្ទល់ហើយ ខ្ញុំរត់ទៅរកវា៖ នាងៗ នាងឡើងជិះលើម៉ូតូទៅ ចាំយើងរុញ!

សោម៖ ទេ! យើងមិនចេះជិះផង!

ខ្ញុំ៖ អត់អីទេ គ្រាន់តែកាន់ចង្កូតកាច់ដូចតែម៉ូតូយើងធម្មតាតើ! ចាំអញទប់ពីក្រោយ! បើនាងដើរមិនកើតចឹង ខ្លាចដំបៅទៅជាធ្ងន់ទម្រាំដើរដល់ជាង!

វាក៏ព្រមឡើងលើម៉ូតូ ខ្ញុំក៏ឈរកាន់ចង្កូតផងទប់វាពីចំហៀងនៅឡើយ។ គ្រាន់តែខ្ញុំជួយវាឡើងលើម៉ូតូភ្លាម វាស្រែកដូចពីណាគេចាក់ថ្នាំជ្រូកចឹង!

អញចុះវិញៗ នាងទប់ៗ … មិនជិះទេវ៉ី សុខចិត្តដើរវិញ កើតអីក៏កើតទៅ!

ចុះវាយ៉ាងម៉េចឯង? ក្រែងគ្រាន់តែកាន់ចង្កូតតើ? យើងរុញពីក្រោយ!

រុញក្បាលវាស្អីបើជើងយើងមិនដល់ដីផង! (វាក៏ទារចុះមកវិញ ហើយដើរតិចៗតាមក្រោយខ្ញុំ)

ពេលដើរហត់មែនទែន ជិតអស់ជើង សោមស្រែកតិចៗ ៖ នាងៗ ពេលយើងកាន់ចង្កូតបើនាងនៅបណ្តើរ ចឹងយើងអាចជិះបាន! (វាចង់ប្រាប់ថា វាចង់ជិះម៉ូតូវិញហើយ)

ខ្ញុំនឹកអស់សំណើចនឹងវាក៏ឱ្យវាឡើងជិះហើយខ្ញុំបណ្តើរម៉ូតូនោះទាំងបែកកង់ ដូចអូសឈើហ៊ុប។

សោម៖ អញឆ្ងល់វាណាស់ ម៉េចក៏ជិះម៉ូតូហ្នឹងកើតបើវាទាបជាងយើងទៀតនោះ? … លើលោកនេះពិតជា ចេះតែមានម៉ង! រឿងស្អីក៏ប្លែកទាំងអស់…សម្រាប់ភ្នែកយើង!… ហ៊ឹះ!

ខ្ញុំដកដង្ហើមសឹងមិនដល់គ្នាកាលបើវាបានធូរស្រាលព្រោះទំលើម៉ូតូឱ្យខ្ញុំបណ្តើរ…

មកដល់កន្លែងជាង ប្រាប់គេឱ្យប៉ះកង់ រួចបានខ្ចីម៉ូតូជាងឌុបវាទៅផ្ទះពេទ្យលាងរបួស។ ទៅដល់ផ្ទះពេទ្យ ហើយ មានពេទ្យហើយ តែពេទ្យអត់មានអាល់កុល … យ៉ៃ! ចុះអីក៏វេទនាម៉្លេះ!

រត់ទៅទិញអាល់កុល និងសំឡីមកទាំងស្តាយ ព្រោះថាខ្ញុំក៏អាចលាងរបួសបានដែរគ្រាន់តែមានអាល់កុល និងសំឡីទៅគឺបានហើយ ចាំបាច់ទៅរកពេទ្យឱ្យអស់ឈ្នួលអី។ តែក៏នឹកថា បើជាអ្នកផ្សេងប្រហែលខ្ញុំលាង ឱ្យមិនសូវញញើត តែនេះជាវា ខ្ញុំខ្លាចវាឈឺជាងអីទៅទៀត។

ឈឺប៉ុណ្ណឹងហើយវានៅនិយាយប៉ប៉ាច់ប៉ប៉ោចកុំឱ្យខ្ញុំភ័យ ព្រោះខ្ញុំឡើងញ័រដៃពេលជូតរបួសវា ។

ជាលទ្ធផល៖ ខ្ញុំត្រូវបានត្រង់ជើងអស់រយៈពេលបីខែ ហើយពេលបច្ចុប្បន្ននេះគឺមិនអាចអង្គុយបត់ជើងបាន យូរទេ ចំណែកសោមបានបន្សល់ទុកស្នាមរបួសក្បាលជង្គង់ និងកែងដៃឆ្វេងទុកកេរ្តចែកកូនៗវាមើល! 😀

អនុស្សាវរីយពិតជាមិនអាចលុបបានទេ ព្រោះខ្ញុំជាអ្នកស្រឡាញ់អនុស្សាវរីយ ជាអ្នកចូលចិត្តនិយាយពីបទ ពិសោធន៍ ទាំងនោះ។

ម៉ូតូអេសអិល ខ្ញុំធ្លាប់ជិះឆ្អែតឆ្អន់ហើយ ហើយវាក៏ធ្លាប់ជិះខ្ញុំឡើងឆ្អែតដូចគ្នាដែរ 😀 … បង្ហោះវាឆ្លងស្នាម ភ្លោះ បើកកាត់ទឹកអូរជម្រៅដើមទ្រូង រុកព្រៃរុកផ្សៃ គ្នាឡើងវេទនា ធ្លាប់បណ្តើរវាចម្ងាយដីរាប់គីឡូម៉ែត្រ ធ្លាប់ លើក សែងនឹងស្នែងពេលវាមិនឆេះហើយត្រូវដើរឆ្លងទឹក ជួលរ៉ឺមកដឹកជ្រូកបាមកដឹកម៉ូតូ … សព្វគ្រប់អស់ ហើយ តែក៏នៅតែអរគុណដែលវាបាននាំខ្ញុំទៅកាន់កន្លែងការងារដោយរលូន ទោះម្តងម្កាលមិនរលូន ក៏ដោយ។

ដូចអស់អីនិយាយដើមពួកម៉ាកហើយ សុំចប់តែត្រឹមហ្នឹង!

ឯវំ

11 ខែ​ឧសភា 2012 / ស្នាមញញឹម

ផ្តាច់ហ្វេសប៊ុក ដើម្បី…អូន!


ធ្លាប់តែឮលោក កុយ អ្នកកំប្លែងចំណាំនិយាយថា៖ «…ធ្វើអ្វីៗ ដើម្បី អូន!»

ដល់ឥឡូវខ្ញុំមកជួបរឿងនេះដោយខ្លួនឯង។

ខ្ញុំ និងគូដណ្តឹងនៅបាំងតែមួយខែទៀតយើងនឹងរៀបការជាមួយគ្នាហើយ។

នាងជាអ្នកធ្វើការនៅការិយាល័យប្រធានធំរបស់ខ្ញុំ ចំណែកខ្ញុំនៅការិយាល័យសាខារបស់ក្រុមហ៊ុន។ យើង ស្គាល់គ្នាជាងពីរឆ្នាំមកហើយ ទម្រាំសម្រេចចិត្តរៀបការនៅពាក់កណ្តាលខែក្រោយ មុនពេលចូលវស្សា។

ខ្ញុំនឹងនាងមានស្រុកកំណើតផ្សេងគ្នា នាងជាអ្នកមកពីភូមិដាច់ស្រយាលនៃខេត្តបាត់ដំបង ជាប់ជើងភ្នំក្រវាញ ខ្ញុំមានស្រុកកំណើតនៅទីរួមខេត្តកំពង់ចាម ឳពុកម្តាយ បងប្អូនខ្ញុំនៅទីនោះ ដែលចូលឆ្នាំនេះខ្ញុំប្រុងប្រៀប ទៅលេងពួកគាត់នារដូវចូលឆ្នាំខ្មែរ។

ខ្ញុំធ្លាប់ទៅលេងស្រុកខាងសង្សារហើយ ឆ្ងាយដាច់ស្រយាលមែនទែន គឺរហូតដល់ថ្នាក់មិនមានសេវាទូរស័ព្ទ ទៅដល់ឡើយ។ ឳពុកម្តាយ បងប្អូន ពូមីងរបស់នាងរស់នៅជុំគ្នាក្នុងភូមិតែមួយ ចុះពីទីរួមស្រុកមោងឫស្សី ទៅប្រហែលកៅសិបគីឡូម៉ែត្រទៀត តាមផ្លូវក្ងិកក្ងក់កាត់អូរកាត់ព្រៃ។ ខ្ញុំចូលចិត្តទីនោះតែមានបាយហូបដ៏ ផ្អែមឆ្ងាញ់ ត្រីដែលរកបានពីបឹងក្បែរភូមិនោះស្រស់ៗដុតដីឥដ្ឋឈ្ងុយជ្រលក់ទឹកត្រីផ្អែមដែលសង្សារខ្ញុំគាត់ ធ្វើ និង មានផ្លែឈើព្រៃហូបតាមរដូវ។ លើកមុនខ្ញុំទៅចំពេលផ្លែមៀនព្រៃសំបូរ ខ្ញុំក៏សប្បាយ ហូបឡើងពង អណ្តាត រលាកបំពង់ក… តែម្យ៉ាងដែរ!

គ្រួសារសង្សារខ្ញុំ ពួកគេរស់នៅជាក្រុមគ្រួសារយ៉ាងមានសេចក្តីសុខក្នុងព្រៃជ្រៅនោះ ដោយមិនសូវខ្វល់ខ្វាយ រឿងមានបានអីធំដុំឡើយ។ មួយភូមិនោះមានទូរទស្សន៍បីផ្ទះ ដែលមានតែក្បាលឌីសសម្រាប់ចាក់មើល វីដេអូ និងចម្រៀងកាយវិការ។ យើងមិនអាចមើលព័ត៌មាន ឬការកម្សាន្តអ្វីផ្សេងទេក្រៅពីប៉ុស្តិ៍ថៃដែលមើល ឃើញដោយព្រាកៗ ហើយស្តាប់ភាសាគេមិនបានមួយម៉ាត់នោះ។

កិច្ចការងាររាល់ថ្ងៃរបស់ពួកគាត់គឺធ្វើស្រែ និងចំការដែលនៅជាប់នឹងភូមិ។ ក្រោយប្រមូលផលគាត់ដឹកមក លក់នៅផ្សារមោងឫស្សី បានប្រាក់គាត់ទិញគ្រឿងប្រដាប់ទៅប្រើប្រាស់វិញ។ ពួកគាត់មិនសូវឡើងមកទេ ព្រោះផ្លូវឆ្ងាយ ណាមួយការចំណាយក៏ច្រើន។

មុនពេលសុំច្បាប់ពួកយើងជជែកគ្នាពីគម្រោងការឈប់សម្រាកនេះ។

ខ្ញុំ៖ បងនឹងដាក់ច្បាប់ពីថ្ងៃទីពុធ ទី១១ ទៅ! … បងចង់ទៅសម្រាកនៅផ្ទះឱ្យបានយូរបន្តិច… អាចរហូតដល់ ថ្ងៃទី ១៧ បានត្រឡប់មកភ្នំពេញវិញ។ យើងនឹងចូលធ្វើការនៅថ្ងៃទី១៨។

នាង៖ ចុះខ្ញុំ?

ខ្ញុំ៖ អូនចង់ឈប់ពីថ្ងៃណា?

នាង៖ ខ្ញុំចង់ទៅលេងផ្ទះដែរ តែខ្ញុំក៏ចង់ទៅលេងផ្ទះបងឱ្យបានហោចណាស់ពីរថ្ងៃ … រួចចង់ទៅលេងក្រចេះ ផង… បានទេ? (នាងមានគម្រោងច្រើនជាងខ្ញុំតាមដែលស្តាប់ផែនការរបស់នាងទៅ!)

ខ្ញុំ៖ ចឹងអូនអាចឈប់ពីថ្ងៃទី១១ ដូចបងដែរ ហើយទៅផ្ទះបានបួនថ្ងៃរួចចាំទៅលេងផ្ទះបង។ បងនឹងនាំអូន ទៅក្រចេះមួយថ្ងៃ។

នាង៖ ខ្ញុំចង់នាំបងទៅលេងផ្ទះខ្ញុំដែរ … បងទៅជាមួយខ្ញុំទៅ! រួចចាំទៅកំពង់ចាមទាំងអស់គ្នា!

ខ្ញុំ៖ ណូវេ! បងអផ្សុកណាស់ទៅលេងផ្ទះអូនដល់ទៅបួនថ្ងៃនោះ! អូនគួរគិតអាណិតបងផង!

នាង៖ ម៉េច? មកពីផ្ទះអូនតូច មិនស្អាត មិនល្អហ្អេក៏អី?

ខ្ញុំ៖ ណូ! មិនមែនចឹងទេ! បងត្រូវការញ៉ាំកាហ្វេ និងអាហារពេលព្រឹក ពេលល្ងាចត្រូវការហាត់ប្រាណ ហែល ទឹក ពេលថ្ងៃត្រូវការមើលព័ត៌មានពេលហូបបាយ … ។ល។ (ខ្ញុំរកនឹកនិយាយពីអ្វីដែលខ្ញុំត្រូវការដើម្បីជា ភ័ស្តុតាងសម្រាប់គេចចេញពីការទៅលាក់ខ្លួននៅក្នុងព្រៃជាមួយនាង) … ការងារប្រចាំថ្ងៃបងមានច្រើន ណាស់…

នាង៖ … បងត្រូវការច្រើនម៉្លឹងៗ ដូចជាមិនឃើញការងារប្រចាំម៉ោងផង…

ខ្ញុំ៖ មែន! បងភ្លេច ការងារនៅកន្លែងរបស់បងនៅមិនទាន់រួចរាល់ទេ បងត្រូវការប្រើកុំព្យូទ័រដើម្បីធ្វើការផង ដែរ! អូនឃើញទេ?

នាង៖ … បងត្រូវធ្វើការ?

ខ្ញុំ៖ បាទ!

នាង៖ … បងត្រូវរៀបឯកសារ?

ខ្ញុំ៖ បាទ!

នាង៖ … បងត្រូវឆ្លើយអ៊ីមេល?

ខ្ញុំ៖ បាទ…

នាង៖ … បងត្រូវបើកស្កាយ?

ខ្ញុំ៖ បាទ..

នាង៖ … បងត្រូវបើក ហ្វេសប៊ុក…

ខ្ញុំ៖ បាទ.  ណូ! អាហ្នឹងអត់សូវចាំបាច់ទេ! និយាយជារួម នៅផ្ទះអូនអត់មានសេវាទូរស័ព្ទ អត់មានភ្លើងប្រើ! បងមិនអាចទៅនៅហ្នឹងបានយូរទេ!

នាង៖ បងគ្មានចិត្តចង់ទៅលេងស្រុកខ្ញុំទេ! (នាងរអ៊ូររួចក៏ដើរចេញទៅបាត់ ខ្ញុំឯណេះក៏ចាប់ផ្តើមមួរម៉ៅ)

ខ្ញុំត្រូវបានមិត្តភ័ក្តិហៅទៅរកហូបបាយនៅខាងក្រៅជាមួយគ្នា។ យើងក៏និយាយគ្នាពីផែនការរបស់យើង ក្នុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនេះ។ ក្រោយពីរៀបរាប់ផែនការរបស់ខ្ញុំ និងសង្សារ ពួកម៉ាកខ្ញុំក៏ឱ្យដំបូន្មាន៖

មិត្តខ្ញុំ៖ ឯងមិនត្រូវប្រកែករឿងហ្នឹងជាមួយនាងទេ។ កុំភ្លេចថាយើងមានតួនាទីត្រូវយកចិត្តនាង គោរពការ សម្រេច ចិត្តរបស់នាងជានិច្ច … និយាយរួមគឺនាងជាស្តេច នាងធ្វើអ្វីក៏ត្រូវដែរ!

ខ្ញុំ៖ អើ បើចឹងយើងចាំបាច់រៀបការធ្វើអី? យើងមិនជួលនាងមកឱ្យគ្រាន់តែធ្វើចៅហ្វាយយើងទៅបានហើយ! រៀបការត្រូវចំណាយប្រាក់ ថ្លៃរៀបការ ថ្លៃទទួលខុសត្រូវប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំរួមទាំងការហូបចុក ឈឺ ថ្កាត់ ចំណាយពេលវេលានៅជាមួយគ្រួសារ មើលថែទាំកូនចៅ ចំណាយកិត្តិយសដោយត្រូវនាំនាងទៅ ជាមួយគ្រប់ពេលត្រូវចេញមុខក្នុងសង្គម ណែនាំនាងឱ្យគេស្គាល់ ចំណាយក្រដាសស្នាមចុះអេតាស៊ីវិល ធ្វើ ផែនការប្រចាំឆ្នាំ និងផ្ទេរលេខគណនី ស្អីៗឱ្យនាងដឹងទាំងអស់ លុយកាក់នរណាជំពាក់ត្រូវរាយការជូននាង ហើយធ្វើលិខិត ប្រកាសឱ្យគេយកមកសងនាងជំនួសយើង ចំណាយការទទួលខុសត្រូវលើនាង និងកូនចៅ ទាំងពេលដើរលេង ក៏ដូចជាពេលត្រូវបំពេញបេសកកម្មតាមខេត្តដែលនាងចង់ទៅតាមដានយើងដែរ បើ នាងចង់ទៅលេងបរទេសយើងត្រូវជូននាងទៅ ដោយរ៉ាប់ទាំងការចំណាយទាំងអស់ក្នុងពេលនោះផង ចំណាយ។ល។ និង ។ល។ ៗៗៗ  … និយាយរួមគឺនាំអំពល់ពេញមួយជីវិតចាប់ពីថ្ងៃរៀបការទៅ!

និយាយដោយខឹងមួរម៉ៅបន្តិចៗផង ខ្ញុំចាប់សាច់គោអាំងមួយដុំធំដាក់ចូលមាត់ដើម្បីបំបាត់ស្រ្តេស ព្រោះគិត ថាបើនៅនិយាយទៀត មួយយប់ហ្នឹងក៏រៀបរាប់មិនអស់ដែរ។

មិត្តខ្ញុំ៖ ណូ! តែមុនពេលរៀបការទេដែលត្រូវគ្រោងចំណាយរបៀបនេះនោះ … ឯងដឹងទេ ក្រោយពេលរៀប ការទៅពួកយើងមិនចាំបាច់ខ្វល់ខ្វាយច្រើនដូចការគ្រោងទុកឡើយ…

ខ្ញុំមិនជឿសម្តីវានិយាយទេ ពិតមែនតែយើងជាមិត្តដែលស្រឡាញ់រាប់អានគ្នា ជឿទុកចិត្តគ្នាយូរឆ្នាំណាស់ មកហើយក៏ដោយ ព្រោះថាអ្វីៗដែលខ្ញុំរៀបរាប់ខាងលើហ្នឹងគឺជារឿងសត្យានុម័តដែលត្រូវតែធ្វើចៀសមិនរួច រឿងអីដែលថាអាចគេចរួចនោះ។ ស្តាប់វាបណ្តើរខ្ញុំបន្តបាយម្ហូបរបស់ខ្ញុំបណ្តើរ។

មិត្តខ្ញុំ៖ មិនជឿហ្អេះ? ចាំយើងប្រាប់ … ពេលរៀបការរួចអ្វីៗនឹងប្រែប្រួលក្រឡាប់ចាក់ដូចជិះក្នុងបាល់ចុះពី លើកំពូលភ្នំមកដីចឹង!

នាងនឹងក្លាយជាចៅហ្វាយនាយនៅក្នុងផ្ទះ នាងទទួលរ៉ាប់រងទាំងស្រុងការងារផ្ទះ ឯយើងមកពីធ្វើការចាំតែ ហូបបាយដែលនាងរៀបចំរួចមានពេលមើលទូរទស្សន៍ ពេលបន្ទាប់មកទៀតនាងនឹងរាយការប្រាប់យើង ពីការចំណាយនានាដែលនាងបានចាយ និងបន្តចាយ រួចនឹងកោសរូសយើងលើការទិញរបស់របរតែងខ្លួន

ការងារអ្វីដែលឯងនិយាយមកទាំងប៉ុន្មាននេះនាងនឹងធ្វើជួសយើងទាំងអស់ក្រោយថ្ងៃរៀបការទៅ!

នាងនឹងទទួលខុសត្រូវចំណាយប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំរួមទាំងការហូបចុក ឈឺ ថ្កាត់ក្នុងគ្រួសារទាំងមូល នាងនឹងចំណាយពេលវេលានៅជាមួយគ្រួសារ មើលថែទាំប្តី និងកូនចៅជាប្រចាំថ្ងៃ។ នាងនឹងចំណាយ កិត្តិយសដោយត្រូវនាំអំពល់យើងឱ្យទៅជាមួយគ្រប់ពេលត្រូវចេញមុខក្នុងសង្គម ណែនាំយើងឱ្យគេស្គាល់ ថាជាប្តីពេញច្បាប់របស់នាង។ បើយើងមិនចង់ទៅចុះអេតាស៊ីវិលនាងនឹងជម្រុញយើងឱ្យទៅជួបឃុំ នាង នឹងរត់ការចំណាយក្រដាសស្នាមចុះអេតាស៊ីវិល។ នាងនឹងធ្វើផែនការប្រចាំឆ្នាំរបស់គ្រួសារ និងចំណាយ ផ្ទាល់ខ្លួនរបស់នាងទាំងអស់។ នាងនឹងទាមទារបញ្ជីឈ្មោះ និងប្រភពចំណូលរបស់យើងដើម្បីកុំឱ្យយើង ខ្វល់ខ្វាយចំណាយពេលច្រើន គឺនាងនឹងធ្វើការងារមួយចំនួនជំនួសយើងដូចជា ទៅបើកប្រាក់ខែពីធនាគារ ជំនួស ដោយគ្រាន់តែយើងប្រាប់លេខសម្ងាត់ឱ្យនាងដឹង និងធ្វើលិខិតប្រកាសឱ្យគេយកមកសងនាង ជំនួស។ នាងនឹងចំណាយការទទួលខុសត្រូវលើយើង និងកូនចៅ ទាំងពេលដើរលេង ក៏ដូចជាពេលត្រូវ បំពេញបេសកកម្មតាមខេត្តដែលនាងចង់ទៅព្រោះនាងចំណេញដែលអាចតាមដានយើងដែរនាងនឹង ចំណាយទាំងអស់។ ទៅលេងបរទេសក៏ដូចគ្នា ហ៊ានតែយើងថា បងមិនចង់ទៅព្រោះគ្មានលុយ នាងនឹងតប មកវិញថា អូនចេញទាំងអស់!

វាមិនដែលមាន! មើលតែរាល់ថ្ងៃទៅ ទៅបាយទឹកជាមួយគ្នាយើងជាអ្នកចេញទាំងអស់ គ្មានថ្ងៃផែនដី ក្រឡាប់លឿនដូចឯងថានោះទេ!

អើ! … ម៉ោពីរាល់ថ្ងៃនេះនាងមិនទាន់បានគ្រប់គ្រងហិរញ្ញវត្ថុរបស់យើង នាងម៉េចហ៊ានចំណាយ?

រំបល់យក៍នេះ អាហ្នឹងលុយយើងត្រូវចំណាយដដែលហ្នឹង?

ហ្នឹងបានថា!

ឯវំ

នេះជាការបង្ហាញពីឆន្ទៈមួយរបស់យុវជនក្នុងសេចក្តីស្នេហា!

«ស្នេហាជាបទពិសោធន៍ មេរៀនជីវិតរបស់មនុស្សលោក មិនមែនជាការគូសវាសរបស់ទេវតាទេ!»

ឯវំ

9 ខែ​ឧសភា 2012 / ស្នាមញញឹម

កូនចិញ្ចឹមរបស់ពួកគេ


ឃើញបង somada មានកូនស្រីពីរនាក់ សុជីវីមានកូនស្រីបីនាក់ ធ្វើឱ្យខ្ញុំនឹកដល់មិត្តរបស់ខ្ញុំម្នាក់ដែលបានសុំ កូនស្រីគេមកចិញ្ចឹម។

អារម្មណ៍ជាម្តាយបែបណាខ្ញុំអត់ដែលដឹងទេ (បើមិនដែលមានកូនផង) អត់ដែលស្រមៃឃើញទេ (ព្រោះរវល់ ស្រមៃឃើញបានទៅលេងហូលីវូត) ហើយក៏មិនជ្រួតជ្រាបថាអារម្មណ៍ទទួលខុសត្រូវនោះបែបណាដែរ តែ មានម្តងនោះខ្ញុំទៅទាន់ពេលកូនគាត់ឈឺ… ពិភពលោកដូចជាថ្មីចែសសម្រាប់ខ្ញុំតែម្តង ព្រោះតែពិភពលោក របស់ខ្ញុំនាពេលនោះនៅចំពោះមុខគាត់… មនុស្សចម្លែករបស់ខ្ញុំ។

និយាយដើមមនុស្សដែលបានចែកឋានទៅហើយបែបមិនបាបទេមើលទៅ!

យើងជាមិត្តនឹងគ្នាតាំងពីឆ្នាំ ២០០៣ ដោយគាត់ជាខ្មែរដែលធ្លាប់រស់នៅបរទេសច្រើនពេកទៅនាំឱ្យគាត់ មាន ទំនោរទៅរកភាពទាន់សម័យ ស៊ីវិល័យ និងមានគំនិតច្នៃប្រឌិតខ្ពស់ មួយរឿងទៀតដែលប្លែកសម្រាប់ ខ្ញុំ គឺថា គាត់ជាស្រ្តីដ៏ស្រស់ស្អាត ស្អាតពិតមែន តែស្រឡាញ់ស្រីដូចគ្នា 😦

គាត់ និងដៃគូជួលខន់ដូរស់នៅជាមួយគ្នាឯសៀមរាប តែដៃគូគាត់ដែលធ្វើការងារក្នុងអង្គការមួយនោះមិន សូវនៅសៀមរាបទេ គាត់នៅតែម្នាក់ឯង ហើយប្រហែលជាមូលហេតុមួយនេះហើយដែលនាំឱ្យគាត់ចង់ សុំ កូនគេមកចិញ្ចឹម។ និយាយរឿងសុំកូនគេមកចិញ្ចឹមនេះ គឺខ្ញុំទេជាអ្នកវេទនា។

ខ្ញុំចូលចិត្តប្រាសាទបុរាណ ទឹកធ្លាក់ និងកន្លែងណាដែលមានព្រៃភ្នំ ខ្ញុំជាញឹកញាប់ទៅសុំស្នាក់នៅផ្ទះ របស់ គាត់ដែលស្អាតដូចជាវិមានប្រធានាធិបតី និងរញ៉េរញ៉ៃដូចជាផ្ទះជាងដេរខោអាវ។ មកទល់ពេល នេះខ្ញុំនៅ មិនទាន់យល់មូលហេតុដែលពួកគាត់ទាំងពីរនាក់អាចរស់នៅជាមួយគ្នាទេ ម្នាក់ជាអ្នកធ្វើការ និងស្អាតស្អំ ម្នាក់ទៀតស្អាត និងធ្វើការដ៏រញ៉េរញ៉ៃ។ ដូចបាតដៃ និងខ្នងដៃ… អេ្ហ! បាតដៃនិងខ្នងដៃនៅ ជាមួយ គ្នា តើ!

កាលហ្នឹងក្រមិនសូវមានលុយ ចេះតែមុខក្រាស់ទៅសុំដេកផ្ទះគេជាមួយនឹងម៉ូតូអេសអិលមួយដែលបាន ដឹកនាំខ្ញុំទៅគ្រប់ទីកន្លែងជាច្រើនដែលខ្ញុំប្រាថ្នា។ អ្នកទេសចរក្រីក្រតែងតែរំខានពួកគាត់ជានិច្ច ដោយជួន កាលទៅដល់ពេលយប់ម៉ោងដប់ ឬជួនងើបម៉ោងបួនចេញដំណើរ។

ពេលសង្សារគាត់ចុះបេសកកម្មនៅមណ្ឌលគីរីមួយខែ មានរឿងមួយបានកើតឡើង គាត់បានទៅសួរសុខ ទុក្ខអ្នកជិតខាងរបស់គាត់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ ខ្ញុំបានទទួលទូរស័ព្ទរបស់គាត់ពេលកំពុងធ្វើ ការដ៏មមាញឹក ៖

– កល្យាណ! បងមានរឿងមួយចង់ពឹងប្អូនតើបានទេ?

– (ជាតិជាអ្នកគួរសមព្រោះបានជំពាក់គុណគេជាប់ជាយូរមកផងនោះ) បានតើបង បងមានការអីនិយាយ មកចុះ ខ្ញុំនឹងខំប្រឹងធ្វើឱ្យទាល់តែបាន!

– បងពឹងឱ្យជួយបង បងចង់សុំកូនគេមកចិញ្ចឹម!

– អូហ៍! … ហើយចុះបងសុំកូនពីណាគេ?

– នែក! បងបានមកសួរសុខទុក្ខពួកម៉ាកនៅពេទ្យគន្ធបុប្ផាសៀមរាប បងបានឮគេនិយាយថាមានគេទុក កូនង៉ែតចោល ទើបតែកើតបានពីរថ្ងៃនៅក្បែរពេទ្យហ្នឹង ហើយឥឡូវកូននោះបងបានយកមកផ្ទះហើយ តែបងចង់ឱ្យប្អូនជួយរត់ការក្រដាសស្នាមដើម្បីកុំឱ្យខុសច្បាប់។

– បងមានប្តឹងទៅឃុំ សង្កាត់ គេហើយនៅ។ ឃុំដែលរើសបានក្មេងនោះណា៎។ មានពីណាគេដឹងឮអត់?

– មានមេភូមិ និងប៉ូលីសគេនៅកន្លែងហ្នឹងដែរ បងសុំគេយកក្មេងមកផ្ទះសិនតែបានទុកលេខទូរស័ព្ទឱ្យ គេហើយ បើមាននរណាមករកកូន ឬប្តឹងបាត់កូនក្មេង ពួកគេនឹងទាក់ទងមកបងមិនខាន។

– ចឹងអត់អីទេ តាមខ្ញុំដឹងដូចជាគេទុកពេលបីខែក្នុងការស្វែងរកញាតិរបស់ក្មេង ហើយបើគ្មាននរណាមក រក មកទាមទារទេ បងអាចដាក់ពាក្យសុំសិទ្ធិជាអាណាព្យាបាលក្មេងបាន។ ខ្ញុំមិនទាន់បានមើលច្បាប់ ហ្នឹងទេ ចាំខ្ញុំរកមើលថែមទៀត។ តែបើបងឯងចង់សុំសិទ្ធិចិញ្ចឹមជាកូន អាហ្នឹងបែបត្រូវធ្វើការងារច្រើន។

– អូហ៍ ចឹងហេះ? ល្ងាចនេះអូនឯងមកទេ?

– ទៅ ខ្ញុំទៅ! (អរដែរហ្នឹង ចង់ទៅមើលតើអាក្មេងមានសំណាងណាដែលគាត់ស្រឡាញ់ពេញចិត្តទៅ?)

– ចាំល្ងាចចាំជួបគ្នាចឹង! (ទន្ទឹមនោះខ្ញុំឮសម្លេងកូនង៉ែតយំ ហាសហាសហា ខ្ញុំសើចទាំងមិនដឹងខ្លួន! ថានឹង មានរឿងអីកើតឡើងចំពោះខ្ញុំ)

ក្រោយពេលទៅដល់ផ្ទះគាត់ ខ្ញុំគ្មានបានដេកលក់មួយស្រឡេតណាទេ ដល់ព្រឹកឡើងខ្ញុំភ្ញាក់ម៉ោងប្រាំបួន។ នរណាដេកលក់ទៅ អ្នកម៉ាក់ថ្មីជាមួយលោកកូនថ្មី កូនក្មេងយំរឿងស្អីក៏គាត់មិនដឹង ដឹងតែពរៗៗៗ ដល់ ពេលគាត់ហត់ គាត់ដាក់វាលើពូកវារឹតតែយំ ខ្ញុំទ្រាំមិនបានខ្ញុំលើកវាម្តង។ ម៉ោងប្រហែលជាបីភ្លឺបានវាឈប់ យំ ខ្ញុំហត់អស់កម្លាំងដោយសារបើកបរផ្លូវឆ្ងាយក៏អង្គុយលក់ទាំងក្មេងនៅក្នុងដៃ។ អ្នកម៉ាក់ថ្មីវាក៏ក្រោកមក លើក កូនទៅងូតទឹកបាត់ទៅ ខ្ញុំក៏បន្តដេកលើកម្រាលទៀតព្រោះខ្ជិលងើបខ្លាចដាច់យល់សប្ត 😀 ។

ទម្រាំបានក្មេងនោះមកចិញ្ចឹមស្របច្បាប់ខ្ញុំត្រូវទៅទាក់ទងតាំងពីមេភូមិ មេឃុំ ចៅហ្វាយស្រុក និងសាលា ខេត្តសៀមរាប អស់ជិតបីខែ។ ចឹងបានថាអ្នកចិញ្ចឹមកូនទាំងពីរហ្នឹងអត់សូវពិបាកអីទេ ពិបាកតែជាមួយ ក្មេង ឯខ្ញុំឯណេះបានយ៉ាប់ព្រោះថា លុយចេញរហូត។

គាត់ដាក់ឈ្មោះកូនស្រីនោះថា នីណា តាមអ្នកច្នៃម៉ូតផ្ទះម្នាក់ដែលគាត់ធ្លាប់ស្គាល់ បែបគាត់ចង់ឱ្យកូន ក្លាយ ជាអ្នកឌីសាញម៉ូតផ្ទះមើលទៅ។

មានម្តងខ្ញុំទៅលេងផ្ទះគាត់ ឃើញពួកគាត់កំពុងជ្រួលច្របល់ ព្រោះក្មេងឈឺ។ កាលហ្នឹងប្រហែលជាកូនស្រី នោះវារលាកបំពង់ក វាឈឺ យំ មិនបាត់ យំយូរៗទៅអត់ឮសម្លេងអីទេ ពួកគាត់ក៏ដើរឆ្លេឆ្លាពេញផ្ទះ ម្តងបង ទៅ ប្រមូលប្រដាប់ប្រដាក្មេងថាទៅពេទ្យ ម្តងបងគាត់ទៅបញ្ឆេះឡាន ។ ខ្ញុំឡើងវិលមុខព្រោះទើបចុះពី ម៉ូតូ ដល់ ភ្លាមមិនទាន់អស់ខ្យល់។ ខ្ញុំឃើញសង្សារគាត់បីកូនទាំងរលីងរលោងទឹកភ្នែក បងស្រីនោះរត់ចុះ ឡើង បណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ គាត់កំពុងប្រមូលកន្ទប និងដបទឹកដោះគោ។

– មិនដឹងជាឈឺអីឱ្យប្រាកដទេ ពីម្សិលមិញទៅពេទ្យហើយ ពេទ្យថាគ្រុនក្តៅធម្មតា ឱ្យលេបថ្នាំហើយនៅ តែ មិនឈប់យំសោះ! ហ៊ឺ… ពិបាកដល់ហើយ។

មើលទៅពួកគាត់ដូចជាខ្វល់ខ្វាយសម្បើមណាស់ ខ្វល់យកតែមែនទែនទៅ ដល់ថ្នាក់គាត់ទៅពេទ្យញឹក ពេក ពេទ្យគេស្តីឱ្យពួកគាត់ ក៏ត្រឡប់មកផ្ទះវិញតយង៉យ។ ខ្ញុំមុជទឹករួចនៅអង្គុយចាំគាត់មកវិញ។

ពេលដែលស្ថិតនៅក្នុងស្ថានការណ៍នោះ ខ្ញុំនឹកមមៃថា ឱ… បើសិនជាឪពុកម្តាយបង្កើតរបស់ក្មេងនោះ បាន ឃើញនឹងភ្នែកដែលមនុស្សពីរនាក់នេះ ជាអ្នកដទៃសោះ កំពុងតែខ្វល់បារម្ភពីសុខភាពរបស់ក្មេង បែបនេះ តើពួកគេដាច់ចិត្តបោះបង់កូនខ្លួនឯងចោលកើតដែរទេ?

មូលហេតុអីដែលពួកគេបោះបង់ក្មេងនោះចោល? បែបគ្មាននរណាស្មានដល់ទេ តែខ្ញុំដឹងនៅពេល ក្រោយ មកទៀតថា ក្មេងនោះមានផ្ទុកមេរោគអេដស៍។

ពេលនេះប្រហែលជាទាំងអ្នកម៉ាក់ និងកូនទំនើប ទាំងពីរនាក់កំពុងតែនៅជាមួយគ្នាឯឋានសួគ៌ហើយ!

សូមឱ្យអ្នកទាំងពីរស្ថិតក្នុងសុគតិ និងក្នុងការចងចាំមួយរបស់ខ្ញុំ។

5 ខែ​ឧសភា 2012 / ស្នាមញញឹម

តើខ្ញុំកំពុងគិតពីអី?


ត្រឡប់មកពីធ្វើការរាល់ដងខ្ញុំតែងបោះកាតាបចោលទៅកៀនជញ្ជាំងក្បែរតុធ្វើការនៅក្នុងបន្ទប់។ វាស្ទើរតែ ជាទម្លាប់ទៅហើយដែលខ្ញុំត្រូវងូតទឹកផ្លាស់ខោអាវថ្មីសម្រាប់នៅផ្ទះ ឬត្រូវចេញទៅក្រៅបន្តដែលនាំខាត ពេលវេលាខ្ញុំអស់ជាច្រើន។

ថ្ងៃនេះខ្ញុំត្រូវចាប់ផ្តើមលេបថ្នាំតាមការកំណត់របស់វេជ្ជបណ្ឌិត ខ្ញុំគ្មានពេលសម្រាប់ចេញទៅរកការកំសាន្ត នៅខាងក្រៅជាមួយមិត្តភ័ក្តិទេ មិនដឹងជាទៅធ្វើអីបើមិនអាចលើកកែវជល់ជាមួយគេបាន។ ឥឡូវនេះ ពួក វាកំពុងតែនៅផឹកឯកន្លែងចាស់របស់យើងយ៉ាងសស្រាក់សស្រាំដោយមិនរង់ចាំខ្ញុំទៀតឡើយ … ប្រហែល ជាពួកវាមានទុក្ខធំជាងខ្ញុំដែលត្រូវ «សង្សារទាត់ចោល» ទៅទៀតព្រោះវាមិនអាចអាក់ខានផឹកមួយល្ងាច ណាទៀតទេ។ 😦

និយាយៗទៅ ការពិតពួកមិត្តរបស់ខ្ញុំទាំងបីនាក់ជាមនុស្សដែលមិនចេះផឹកស៊ី ដើរលេង រកការកម្សាន្តពេល យប់ទេ តែដោយកាលខ្ញុំត្រូវសង្សារទាត់ចោល ពួកគេក៏ស្ម័គ្រកំដរខ្ញុំផឹក… ហ៊ឺ… រម្លឹករឿងហ្នឹងពេលណាឈឺ ចាប់ពេលនោះ… មិនមែនរឿងសង្សារទាត់ចោលទេ គឺរឿងពួកវាបកស្រាយប្រាប់ប្រពន្ធវា៖

អូនឯងអត់ចេះអាណិតម្នឹសទេអី? ឃើញវាកំពុងមានទុក្ខអូនឯងចេះនិយាយស្តីឱ្យវា ឱ្យបងទៅកើត?

មិនឱ្យស្តីឱ្យយ៉ាងម៉េច បើគាត់នាំប្តីខ្ញុំដើរបាត់ៗមួយខែសាមសិបយប់យ៉ាងនេះនោះ? ថាគាត់ទៅ គាត់មាន ទុក្ខបងឯងហ្នឹងមានទុកស្អីនឹងគេដែរបានជាព្រមទៅជាមួយគាត់គ្មានតវ៉ាមួយម៉ាត់ចឹង?

នែ! នេះបានពិតជាអូនឯងមែន! វាគឺជាមិត្តដែលបងទុកវាដូចជាបងប្អូនចឹង។ អូនឯងគិតមើលមើល៍ បងប្អូន ពុកម៉ែយើងទាំងពីរមានពីណាព្រមឱ្យលុយយើងខ្ចីទេកាលការ? មានតែវាទេណា៎ វាដោះខ្សែកវាឱ្យបងយក ទៅភ្ជាប់ពាក្យជាមួយអូនឯង រួចឱ្យខ្ចីលុយចំណាយថ្លៃការទៀត អូនឯងគិតមើលទៅ! ពីណាក៏គេមើលងាយ បងថាគ្មានកំណើត គ្មានសមត្ថភាពចិញ្ចឹមអូនឯងរស់ដែរ … គេមើលងាយបងណាស់ណាដែលទៅដណ្តឹង អូនឯង។ ឥឡូវមិនបាច់និយាយអីទេ បងនឹងកំដរវារហូតទាល់តែវាបានធូរចិត្តឈប់ផឹក … បើបងកើតអី យ៉ាងម៉េចៗទៅជាមួយវា ក៏បងសុខចិត្តដែរ។

ណែក! ទៅជាប្រពន្ធកូនលែងសំខាន់ចឹងទៅនៀក?

អូនឯងមានគ្រប់សព្វអស់ហើយតើហី នៅចង់បានអីទៀត? អូនឯងចង់បានបង បងការជាមួយ អូនឯងចង់ បានកូនបងមានកូនជាមួយពីរឱ្យ អូនឯងចង់បានចិញ្ចៀនពេជ្របួនប្រាំវង់ បងទិញឱ្យហើយ មានផ្ទះឱ្យនៅ ហើយ មានឡានឱ្យជិះខ្លួនឯងហើយ មានស្អីៗដែលបងប្អូនអូនឯងគ្មានបងខំរកឱ្យអូនអស់ហើយ នៅខ្វះអី ទៀត?

ខ្ញុំចង់បានបងឯងនៅជិតខ្ញុំ!

អើ! នេះមិនម្នឹស អូនឯងបានបងហើយតើ? រួចអូនឯងមិនចង់ឱ្យបងទៅរកស៊ីធ្វើការអីទេឬ?

នែតាប៉ិនេះ ស្រវឹងអីក៏តមាត់មិនបាត់យ៉ាងនេះ!

បើបងមិននិយាយជាមួយថាបងនេះមានរឿងលាក់បាំង អាឡូវនិយាយជាមួយហើយរករឿងទៀត?

នែ តាប៉ិ កញ្ចាស់ និយាយអីស្តាប់មិនបានយ៉ាងនេះ? ខ្ញុំថាឱ្យឈប់នាំគាត់ដើរផឹកទៅ!

មូលហេតុគឺមកពីខ្ញុំទាំងអស់។ ថ្ងៃមួយប្រពន្ធពួកម៉ាកខ្ញុំនាងដាច់ចិត្តនិយាយជាមួយខ្ញុំត្រង់ៗ៖

បងឯង កាលណាបានរកប្រពន្ធ? នៅតែម្នាក់ឯងវាមិនងាយស្រួលប៉ុន្មានទេ!

ខ្ញុំមិនទាន់ចង់រកទេ! ដើរលេងសប្បាយមិនទាន់អស់ចិត្តផង!.. មិនហ៊ានទៅដណ្តឹងគេទេ ព្រោះមិនសូវ មានប្រាក់កាស គ្មានរបរឱ្យពិតប្រាកដចឹងគេមិនលើកកូនឱ្យទេ!

ខ្ញុំសុខចិត្តទៅដណ្តឹងគេឱ្យ ឱ្យតែបងឯងព្រមយកប្រពន្ធ! ការអស់ប៉ុន្មានពួកខ្ញុំទាំងបីនាក់ស្រីៗហ្នឹងសុខ ចិត្តលក់របស់របរបើថាលុយមិនគ្រប់ឱ្យតែបងឯងបានប្រពន្ធ!

ហ្អេ! ចុះ…ម៉េចក៏ព្រមចំណាយអីស្រួលម៉េះ ព្រោះតែរឿងខ្ញុំសោះហ្នឹង?

ខ្ញុំនឹកថាបើបងបានប្រពន្ធទៅ មុខជាមិនសូវដើរលេង បបួលប្តីខ្ញុំទៅផឹកស៊ីរាល់យប់ទៀតទេ ខ្ញុំសុខចិត្ត!

ពុទ្ធោ!…

កំសត់ដល់ហើយខ្ញុំត្រូវគេចាប់បង្ខំឱ្យរៀបការ។ តែខ្ញុំមិនព្រមទេ…ខ្ញុំជាមនុស្សរើសណាស់!

ក្រោយពេលបាយ ខ្ញុំមើលទូរទស្សន៍មួយភ្លែត តែដោយគ្មានកម្មវិធីណាមួយដែលខ្ញុំតាមដានជាក់លាក់ ខ្ញុំក៏ ទាញកុំព្យូទ័រមកចាក់ចម្រៀងស្តាប់បណ្តើរ ឆែករូបថតក្នុងកុំព្យូទ័របណ្តើរ … ភ្លេចៗម៉ោងដប់មួយកន្លះហើយ ខ្ញុំក៏សំងំគេងដោយស្តាប់ចម្រៀងដើម្បីបំពេរអារម្មណ៍។ ឥឡូវនេះខ្ញុំដូចជាពិបាកគេងលក់ណាស់ ប្រហែល ជាមានបញ្ហាអីមួយនៅក្នុងខ្លួន។

គេងលក់រលីវៗទៅហើយស្រាប់តែសម្លេងទូរស័ព្ទដៃរោទិ៍ឡើង…

អាឡូ ជម្រាបសួរ!

អាឡូបង!

អា..ឡូ.. អត់ទោស…

អាឡូបង! ខ្ញុំណា៎!

អូ! មានការអីអូន?

បង! បងខ្ញុំនៅជាមួយបងឯងដែរទេ?

អត់… អត់ផង! បងនៅផ្ទះតើ! មានរឿងអីហ្អោះ?

បងខ្ញុំគាត់បាត់អត់ឃើញមកផ្ទះតាំងពីម៉ោងប្រាំមួយ…ទូរស័ព្ទគាត់ក៏តេមិនចូល…ប្តីគាត់តេរកតាំងពីល្ងាច តែទូរស័ព្ទចូលហើយអត់លើក ដល់ក្រោយមកទូរស័ព្ទក្រៅតំបន់សេវារហូត…ខ្ញុំស្មានតែគាត់នៅជាមួយ បងឯងបានជាខ្ញុំតេមកសួរ។

ខ្ញុំភាំងផង ស្តាប់ពាក្យរៀបរាប់របស់ប្អូនស្រីសង្សារចាស់របស់ខ្ញុំផង គិតខ្លួនឯងផង។

អត់…ទេ… បងអត់បានទាក់ទងគ្នាយូរដែរហើយ។… តើមានរឿងអីក្នុងគ្រួសារទេដឹង? ហើយមានបើក ឡានទៅដែរទេ?

ប្តីគាត់តេមកថាអត់មានរឿងអីទេ គាត់ទៅធ្វើការជិះឡានទៅ តែមិនឃើញត្រឡប់មកផ្ទះវិញសោះ។ ខ្ញុំ បារម្ភពីគាត់ណាស់ មិនដឹងជាគាត់កើតអីបានជាទូរស័ព្ទនៅក្រៅតំបន់សេវា…

ស្តាប់ការរៀបរាប់របស់ប្អូនស្រីនាងបណ្តើរខ្ញុំរាវរកទូរស័ព្ទមួយទៀតដើម្បីចុចទៅរកលេខរបស់នាង។

…អ៊ឺ … បងតេមិញក៏មិនចូលដែរ… បងគិតថាក្រែងគេទៅជប់លៀងអីទេដឹង ហើយទូរស័ព្ទអស់ថ្មមិនអាច តេចូល! (ខ្ញុំលើកជាយោបល់បង្រ្កាបចិត្តកញ្ជ្រោលរបស់ប្អូនស្រីនាង ទាំងមិនច្បាស់ក្នុងចិត្តខ្លួនឯង)

…បែបចឹងដឹងបង… (នាងជាប្អូនស្រីម្នាក់ដែលស្រួលនិយាយគ្នាគ្រាន់បើ) តែបើបងបានដំណឹងអីពីគាត់ បងតេប្រាប់ខ្ញុំផងណា៎…

បាទ។

ដាក់ទូរស័ព្ទចុះ ខ្ញុំស្វាងចេសតែម្តង … នាងទៅណា? នាងមិនដែលដើរដោយគ្មានដំណឹងទេ! តាំងពី ស្គាល់គ្នាមកខ្ញុំដឹងថានាងមិនមានទម្លាប់បែបនេះឡើយ។

នាងទៅណា? នាងមានរឿងអី? តើនាងកើតអីឬអត់?

ខ្ញុំសម្រេចចិត្តចេញទៅរកនាង ទាំងមិនអាចកំណត់ចិត្តស្មានបានថានាងនៅទីណាផងទេ តែត្រូវតែទៅ រកនាងព្រោះថាម៉ោងស្មើណេះហើយ នាងមិនទាន់ទៅដល់ផ្ទះ ហើយមិនតេប្រាប់អ្នកផ្ទះទៀត នាងមុខ ជាមានរឿងអ្វីមិនខាន។

ខ្ញុំចូលចិត្តគិតណាស់ គិតតាមបែបប្រូបាប៊ីលីតេ ថាបើមានរឿងនេះ វានឹងមានរឿងនោះ វាអាចមានរឿង ណាមួយទៀតជាបន្ត ។

សម្លេងទូរស័ព្ទឮម្តងទៀត ៖

អាឡូបង នៅមិនទាន់បានដំណឹងអ្វីទេ បងមានស្គាល់កន្លែងធ្វើការរបស់គាត់ទេ?

បងស្គាល់ដែរ តែចាំមិនច្បាស់ទេ ដឹងតែនៅជិតយូអិនឌីភី ។

បងអាចប្រាប់លេខផ្លូវឱ្យខ្ញុំបានទេ?

ឥឡូវអូនឯងនៅឯណា?

ខ្ញុំនៅផ្ទះ។

ចឹង… (ខ្ញុំដឹងថាប្អូនស្រីនាងមានកូនតូច ខ្ញុំក៏មិនចង់ឱ្យនាងចេញមកក្រៅដែរ បើសិនជាអាច) មិនអីទេបង ចេញទៅរកចុះ។ បងប្រុងនឹងទៅហើយ អូនឯងនៅផ្ទះសិនទៅណា!

ខ្ញុំចេញទៅរកនាងដោយប្រឹងរកនឹកថាតើនាងអាចទៅកន្លែងណា? ដើរម្តេចក៏គ្មានគិតប្តី គិតកូនអីតិច សោះចឹង?

សំណួរទាំងឡាយបានប្រតិស្ឋឡើងក្នុងខួរក្បាលខ្ញុំ។ រហូតដល់ថ្នាក់ខ្ញុំវង្វេងកន្លែងធ្វើការនាង អស់ជិត មួយម៉ោង ទម្រាំនឹកថាឱ្យប្អូនឆែកតាមអ៊ីនធឺណេតរកអាសយដ្ឋានកន្លែងធ្វើការនាងទើបបានឃើញ។

ខ្ញុំបានសាកសួរអ្នកយាមអំពីនាង តើបានមកធ្វើការឬអត់? ដោយសារគេបានប្តូរវេនយាម វាប្រៀបដូច ជាពេលវេលាមួយភ្លែតនោះសឹងតែធ្វើឱ្យខ្ញុំធ្លាក់ទឹកចិត្តអស់ផ្លូវនឹងរកនាងឃើញ។ អ្នកយាមបានជួយរក លេខអ្នកធ្វើការជាមួយនាងដែលខ្ញុំញញើត ទម្រាំដាច់ចិត្តតេទៅរកគាត់នាម៉ោងពាក់កណ្តាលអាធ្រាត្រ បែបនេះ។

នាងបានទៅជប់លៀងជាមួយអ្នកធ្វើការ ទូរស័ព្ទរបស់នាងក៏អស់ថ្ម។ ខ្ញុំបានធូរចិត្តក្រោយពេលតេទៅ មនុស្សទីពីរដែលអាចប្រាប់ខ្ញុំបានថានាងនៅជាមួយក្រុមរបស់គាត់។

អ្វីៗបានកន្លងទៅប្រៀបដូចជាមួយពេល មួយពព្រិចភ្នែកដែលធ្វើឱ្យយើងលំបាកចិត្ត តែពេលនេះពួក យើងបានធូរចិត្តហើយ ក្រោយពេលតេប្រាប់គ្នាពីដំណឹងរបស់នាង។

ខ្ញុំមិនត្រូវការសុំគេនិយាយជាមួយនាងទេ ព្រោះថាខ្មាសគេដែរដែលមនុស្សអស់ធំប៉ុណ្ណឹងហើយដើរមិន ប្រាប់ដំណឹង។

ខ្ញុំត្រឡប់មកវិញចាំមើលផ្លូវនាង ព្រោះតាមស្មានពួកនាងមិនទាន់ចេញពីកន្លែងកម្សាន្តមកទេ។ ខ្ញុំចូល ទៅក្នុងហាងភេសជ្ជៈមួយក្បែរផ្លូវដើម្បីចាំមើលដំណើររបស់នាងត្រឡប់មកវិញ។

ខ្ញុំចូលចិត្តចាំ … រង់ចាំ… ជាពាក្យមួយដែលខ្ញុំបានសរសេរទុកក្នុងខួរក្បាលរបស់ខ្ញុំ មានពេលខ្លះខ្ញុំក៏ធុញ នឹងពាក្យមួយម៉ាត់នេះដែរដែលបានស្រូបខាបយកពេលវេលាស្ទើរតែពាក់កណ្តាលជីវិតរបស់ខ្ញុំចោល ទៅហើយនេះ ព្រោះតែអ្វី? មិនមែនព្រោះតែក្តីស្រឡាញ់មួយមុខទេ តែជាឆន្ទះ និងភាពស្មោះត្រង់។

ដោយសារតែមិនអាចផឹកស្រាបាន ក្នុងពេលឈរសម្លឹងមើលភេសជ្ជៈដែលនៅក្នុងទូក្លាស្សេ ខ្ញុំស្រាប់ តែសម្រេចចិត្តជ្រើសយកការ៉េមមួយប្រអប់តូចមកញ៉ាំ។ អង្គុយបណ្តើរសម្លឹងមើលបណ្តើរទៅផ្លូវធំ ក្រែងឃើញនាងបើកឡានត្រឡប់មកវិញ ខ្ញុំបើកគម្របប្រអប់យកស្លាបព្រាចូកការ៉េមញ៉ាំតាមសភាវគតិ។

គ្រាន់តែការ៉េមចូលដល់ក្នុងមាត់ភ្លាម ខ្ញុំមានអារម្មណ៍ដឹងថានេះជារបស់ដែលខ្ញុំមិនពេញចិត្តទាល់តែសោះ ខ្ញុំមិនដែលចូលចិត្តញ៉ាំការ៉េមទេ តាំងពីណាពីណីមក ចុះម្តេចក៏ខ្ញុំបែរជាជ្រើសរើស របស់ដែលខ្ញុំមិនចូល ចិត្តបែបនេះ?

មនុស្សយើងជួនកាលគ្មានឱកាសនឹងជ្រើសយកអ្វីដែលយើងពេញចិត្តបានឡើយហើយជួនកាល ទៀតនោះយើងបែរជាបង្ខំចិត្តជ្រើសយករបស់ដែលយើងមិនពេញចិត្តទៅវិញ…

ដំណោះស្រាយដ៏ល្អបំផុតដែលអ្នករាល់គ្នាបានដឹងមកហើយគឺថា៖

យើងគួរពេញចិត្តនឹងអ្វីដែលយើងធ្លាប់មាន និងកំពុងមាននេះទៅ ព្រោះហោចណាស់ក៏មួយវិនាទី ណានោះយើងអាចរីករាយបានមួយគ្រាពេលដែលនឹកឃើញថាមានវា គ្រាន់បើជាងអត់មាន!

2 ខែ​ឧសភា 2012 / ស្នាមញញឹម

ជាតិសាសន៍ដែលប្រតិបត្តិដោយចរិយាធម៌


ខ្ញុំសរសេររឿងនេះទុកមិនមែនព្រោះមានអំណួតចំពោះជាតិសាសន៍របស់ខ្លួននោះទេ ខ្ញុំចង់ត្រឹមតែទុកជាការ ប្រៀបធៀបពីមួយជំនាន់ខ្មែរទៅមួយជំនាន់ទៀត (អាចមិនមែនខ្មែរដែរទេ?) ដើម្បីឱ្យអ្នកស្វែងយល់បានជ្រាប ថាតើសង្គមមនុស្ស និងឥរិយាបថទំនាក់ទំនងប្រែប្រួលបែបណាខ្លះ?

រឿងទីមួយដែលខ្ញុំកត់សម្គាល់៖

ការចូលក្នុងជួររង់ចាំ៖ រឿងនេះនរណាក៏ធ្លាប់ជួបប្រទះដែរនាពេលបច្ចុប្បន្ន ដូចជាក្នុងការបើកបរ ក្នុងការចូល ជួរទិញអាហារ ។ល។

ខ្ញុំសុំលើកឧទាហរណ៍មួយនៅហាងអាហារឡាក់ឃី ។ ការឈររង់ចាំជារឿងដែលមិនអាចរម្លងបានកាលបើ មានមនុស្សកកកុញនៅទីនោះ។ នរណាៗក៏ត្រូវការប្រញាប់ តែអ្នកខ្លះបានមើលរម្លងភាពចាំបាច់របស់អ្នក ដទៃដោយរួសរាន់ប្រជ្រៀតគេទៅឈរនៅខាងមុខជួរក្នុងពេលដែលមានមនុស្សប្រហែលដប់នាក់កំពុងឈរ តម្រៀបគ្នារង់ចាំវេនរបស់ខ្លួន។ ចំណែកខ្ញុំ (ជាអ្នកគោរពសិទ្ធិស្រ្តី កុមារ និងមនុស្សចាស់) ខ្ញុំសុខចិត្តឱ្យនារី ម្នាក់មានផ្ទៃពោះកំពុងដឹកដៃកូនស្រីតូចគួរឱ្យស្រឡាញ់មួយនោះចូលទៅកម្ម៉ង់មុន ព្រោះគិតថាគាត់ពិបាក ឈរយូរ។ អូខេ! ស្រាប់តែកំពុងឈរបេះបួយកូនស្រីរបស់គេ មានកម្លោះសង្ហារម្នាក់ ប្រជ្រៀតចូលទៅកម្ម៉ង់ មុនខ្ញុំ… បន្ទាប់មកភ្លេចខ្លួនតែបន្តិច មានយុវនារីគួរជាទីមេត្រីម្នាក់មកដណ្តើមកម្ម៉ង់អាហារបានមុនទៀត… នៅថ្ងៃនោះខ្ញុំត្រូវឈររង់ចាំអស់ចំនួនប្រាំមួយនាក់ កុំតែបានអ្នកទទួលកម្ម៉ង់នៅទីនោះគាត់និយាយសុំទោស ភ្ញៀវដ៍អត់សណ្តាប់ទាំងនោះថា សូមឱ្យគាត់ម្នាក់នោះមុនទៅព្រោះគាត់ឈរចាំយូរហើយ! កុំអីនោះ… បែបឈរចាំដល់អស់មនុស្សទើបបានអាហារញ៉ាំមើលទៅ!

ខ្ញុំឥតមានជំនាញប្រជ្រៀតគេទេ ព្រោះទីមួយខ្ញុំស្អប់ក្លិន ទីពីរខ្ញុំហ្នឹងជាយុវជនកាកបាទក្រហមរបស់ម៉ែខ្ញុំ ហើយទីបីខ្ញុំខ្លាចគេថាខ្ញុំហ្នឹងទើបងើបមកពីរបប ប៉ុល ពត បានជាប្រឹងប្រជ្រៀតម្ល៉ឹងៗនោះ។

ម្សិលមិញនេះខ្ញុំបានជួបរឿងបែបនេះនៅក្នុងកន្លែងទូបើកប្រាក់ (ATM) របស់ធនាគារ៖

អ្នកដែលគេអនុញ្ញាតឱ្យចូលទៅបើកប្រាក់ពីទូនោះមានតែពីរនាក់ទេ (ព្រោះមានតែពីរទូ) ខ្ញុំក៏ឈរនៅម្ខាង ផ្លូវចូល ប្រយោជន៍ថា នឹងទុកផ្លូវសម្រាប់អ្នកដើរចេញមកបានស្រួលដោយខ្ញុំក៏មិនលំបាកនឹងចៀសផ្លូវគេ ឯ គេក៏មិនលំបាកនឹងគេចខ្ញុំ។ ស្រាប់តែបុរសដ៏សង្ហារគួរជាទីស្រឡាញ់ម្នាក់ គាត់ដើរមកឈរចាំចំពីមុខផ្លូវចេញ ចូលនោះ នាំឱ្យខ្ញុំទើសភ្នែកយកតែមែនទែន ព្រោះថាអ្នកដែលត្រូវចេញមកគេត្រូវរង់ចាំគាត់ចូលសិនបាន អាចចេញមកបាន (សម្រាប់ខ្ញុំ ខ្ញុំគិតថាគាត់នោះប្រញាប់ដល់ថ្នាក់ហ្នឹងមុខជាមានការបន្ទាន់ណាស់ហើយ)!

ដូចក្នុងប្រកាសមុនរបស់ខ្ញុំដែរ ជូនអ្នកនាងឡង់គ្រីសឺរ ខ្ញុំសង្កេតឃើញថាអ្នកបើកបរមិនដែលប្រើពាក្យថា ឈប់ក្នុងជួរដើម្បីរង់ចាំវេន ឡើយ។ នរណាអាចប្រជ្រៀតទៅបានគឺប្រឹងប្រជ្រៀតដោយមិនបានគិតដល់ សុវត្ថិភាព និងសុជីវធម៌ បន្តិចសោះឡើយ ។ រហូតដល់ថ្នាក់ខ្ញុំឃើញផ្លូវមានសិទ្ធិអាទិភាពកំពុងមមាញឹក ឯខ្ញុំកំពុងឈប់រង់ចាំដើម្បីឱ្យគេឆ្លងផុតរយៈឱ្យរយាលសិន ស្រាប់តែមានលោក ធំ ម្នាក់បើកឡានមកទន្ទឹម នឹងខ្ញុំហើយបើកកញ្ចក់ស្រែកដាក់ខ្ញុំថា ផ្ទះនាងឯងនៅហ្នឹងក៏អី? ខ្ញុំជាមនុស្សមិនសូវនិយាយស្តីទេ ព្រោះ ខ្លាចអ្នកដទៃបាក់ទឹកចិត្ត ហើយក៏មិនមែនជាមនុស្សចាំតែជាន់កែងគេដែរ អ្វីដែលខ្ញុំនិយាយនេះព្រោះខ្ញុំបាន ទទួលយកបទពិសោធន៍ទាំងនោះមកធ្វើជាឧបករណ៍សម្រាប់អប់រំចិត្តខ្លួនឯងថា សន្តិភាពមិនស្ថិតនៅលើ ជ័យជម្នះតែមួយមុខនោះទេ ។ គ្រាន់តែសង្កេតឃើញថា អ្នកដែលប្រជ្រៀតទៅមុនខ្ញុំនោះ ដូចជាមិន លឿនជាងខ្ញុំប៉ុន្មានទេ…

ចាស់ៗរបស់ខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា៖ កាលពីសម័យមុនក្នុងរបបសង្គមរាស្រ្តនិយម និងសាធារណរដ្ឋ ជាតិ ខ្មែរពោរពេញដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។

លោក ស៊ិន ស៊ីសាមុត ដែលគេរាល់គ្នាប្រសិទ្ធនាមជូន (មិនមែនបានដោយប្រការណាផ្សេង) ថាជាអធិរាជ សម្លេងមាស និងដែលនរណាក៏គោរពគាត់ ដោយខ្ញុំបានឮចាស់ៗនិយាយថា បើលោក និងក្រុមរបស់លោក និពន្ធទំនុកច្រៀង និងបទភ្លេងបាន ហើយគាត់ទៅទាក់ទងផលិតកម្មកាសែតចម្រៀងមួយណា គឺហាងឬតូប ក្បែរនោះត្រូវបិទសម្លេងភ្លេងដើម្បីឱ្យការចរចារជំនួញមានភាពច្បាស់លាស់ ណាមួយទៀត បើលោកចូល ក្នុងហាងណាមួយហើយ មិនមែនហាងដទៃដែលចង់បានចេះតែមកដេញតម្លៃបាននោះទេ។ ដូច្នេះ ខ្ញុំហ៊ានសន្និដ្ឋាន (ពិតមែនតែខ្ញុំមិនបានស្ថិតក្នុងពេលវេលានោះ) ថា៖ ក្នុងមុខជំនួញនេះលោកជាមនុស្ស ដែលមានគោលការណ៍ និងផ្តល់តម្លៃយ៉ាងជាក់លាក់។

ដោយសារគ្រួសារគាត់ និងចាស់ៗទាំងនោះមានផ្ទះនៅក្បែរគ្នា គាត់និយាយថា៖ ពេលលោកបើកឡានមក ដល់មុខទ្វាររបង លោកស៊ីប្លេយ៉ាងតិចបំផុត ក្នុងករណីមានអ្នកក្នុងផ្ទះនៅក្បែរទ្វារនោះ ឬពេលមកដល់ផ្ទះ វេលាយប់គឺលោកមិនស៊ីប្លេទេ។ សុជីវធម៌ក្នុងការរស់នៅមួយនេះនៅដក់ជាប់ក្នុងចិត្តគ្រួសារខ្ញុំរហូតដល់ខ្ញុំ ដោយឡែកទម្លាប់របស់គាត់ គឺរាប់អានមិនថាចាស់ទុំ ញាតិមិត្តជិតខាងណាទេ លោកតែងញញឹម ឱនក្បាល គោរពបន្តិចជាការគួរសមពេលដែលលោកក្រឡេកឃើញតាមផ្លូវ។ ទាំងរូបលោក ប្រពន្ធ(ចុង)របស់លោក និងម្តាយក្មេកសុទ្ធតែត្រូវបានកត់សម្គាល់ដោយញាតិជិតខាងទាំងនោះ ។

ខ្ញុំតែងនិយាយប្រាប់ចាស់ៗរបស់ខ្ញុំវិញថា ឱ្យតែមនុស្សដែលស្លាប់ទៅហើយសុទ្ធតែល្អទាំងអស់ អ្នកនៅរស់ គ្មាននរណាស្មើទេឬ?

រហូតមកដល់ធំអស់ធំត្រឹមអាយុ ៣៣ ឆ្នាំ (រាប់តាមឆ្នាំខ្មែរ) ប៉ុណ្ណេះទើបខ្ញុំដឹងថា ចាស់ៗរបស់ខ្ញុំគាត់និយាយ សម្តៅលើចរិយា សុជីវធម៌របស់មនុស្សបច្ចុប្បន្នដែលកាន់តែធ្លាក់ចុះទាប ព្រោះតែ អញនិយម

រឿងទីពីរ … ខ្ញុំនឹងលើកយកមកកកាយនាពេលក្រោយទៀត…

ខ្ញុំប្រហែលជាត្រូវការកែសម្រួលអត្ថបទនេះជាបន្តទៅទៀតព្រោះថាការដែលនឹកឃើញភ្លាមសរសេរភ្លាមនៅ មិនទាន់គ្រប់ជ្រុងជ្រោយឡើយ។

សូមរង់ចាំទស្សនាវគ្គបន្ត…

24 ខែ​មេសា 2012 / ស្នាមញញឹម

ជូនអ្នកនាងឡង់គ្រីសឺរ


ថ្ងៃនេះទាំងព្រលឹម គឺមានរឿងទាស់ចិត្តមហាសែនទាស់ចិត្តដែលបានកើតមានលើរូបខ្ញុំ។

ប្រមាណពីរបីថ្ងៃនេះ នៅកន្លែងធ្វើការគ្មានអ្នកបើកបរ។ មេខ្ញុំបានពឹងជូនមេធំទៅផ្ទះ និងទទួលគាត់មក ធ្វើការពេលព្រឹក។ ជួយគ្នាក្នុងគ្រាក្រមានទៅឆ្អី (រៀនថាតាមពូស្រុកស្រែ)។

ឡានដែលខ្ញុំធ្លាប់បើកស្ទាត់គឺលេខអូតូ ខ្ញុំធ្លាប់រៀននិងបើកលេខដៃដែរតាំងពីឆ្នាំ ១៩៩៨, ២០០២ និង ២០០៥។ ដល់ខានប្រើយូរហើយប៉ះឡានថ្មីដែលគេទើបនឹងអនុញ្ញាតឱ្យប្រើផង អ្នកជិះជាមួយប្រហែល ជាអាចសុំចុះចាក់បាញ់ឆែវក៏មិនដឹង។ រឿងហ្នឹងទុកឱ្យមេជាអ្នកវិនិច្ឆ័យដាក់ពិន្ទុការបើកបររបស់ខ្ញុំ ទៅចុះ។

តាមផ្លូវទៅទទួលមេ ខ្ញុំបានបើកទៅម្តុំផ្លូវស្តុបផ្សារដើមគរ បត់មករកផ្លូវបេនឡានខេអេសអូ ត្រង់ឆ្ពោះ ទៅកើត ឆ្លងផ្លូវទីមួយមិនអីទេ ដល់ពេលឆ្លងផ្លូវទីពីរដែលមានចរាចរកំពុងតែមមាញឹក ខ្ញុំបានឈប់ឡាន ដើម្បី ឱ្យចរាចរដែលនៅលើផ្លូវមានសិទ្ធិបានធូរស្រាលសិនចាំខ្ញុំឆ្លង ណាមួយខ្ញុំមិនសូវពូកែអប អំប្រ៊ីយ៉ា ផង ក្រែង រលត់កណ្តាលទី។ នៅពេលបានធូរស្រាលហើយខ្ញុំក៏បង្ហើបក្បាលឡាន ឆ្លងផ្លូវតែដោយឃើញ នៅម្ខាងផ្លូវ ទល់មុខខ្ញុំមានឡានត្រូវការបត់ឆ្វេងរបស់គេ ខ្ញុំក៏ទុកពេលឱ្យគេបត់មួយពីរសិន ៖

មេឯងចាំតិចសិនទៅ! ទៅយឺតបន្តិចក៏មិនដល់ថ្នាក់ស្តីឱ្យដែរ!

ឡានមានជាហូរហែរ តែគេក៏មានសតិទុកពេលឱ្យខ្ញុំឆ្លងផ្លូវព្រោះខ្ញុំបានឈប់ចាំទីនេះមុនឡានរបស់ គេមក ដល់ទៅទៀត។ ខ្ញុំឆ្លងបានពាក់កណ្តាលផ្លូវហើយ ស្រាប់តែរំបល់យក៍ណាទេ បើកឡានមកចំពីមុខ លើ ចំណែកផ្លូវរបស់ខ្ញុំ គឺបើកបញ្រ្ចាសទិស និងចេញពីជួរដែលត្រូវរង់ចាំនៅខាងស្តាំដៃរបស់ខ្លួន ក្នុង ពេលដែល អ្នកផ្សេងគេឈប់ក្នុងជួរចាំឆ្លងបួនប្រាំឡានតកន្ទុយគ្នា។ ដោយសារ តែជាសិទ្ធិរបស់ខ្ញុំត្រូវឆ្លង ផ្លូវ ខ្ញុំមួរម៉ៅដល់កម្រិត ខ្ញុំដកដៃពីចង្កូតក្តាប់ដៃដាក់ទន្ទឹមក្បាល៖

ហ៊ឺយ! ហ្វាក់ឃីង អាមេស៊ីង! (មាននរណាដែលជួបទេ គាត់បើកចូលមកក្នុង ផ្លូវរបស់ខ្ញុំហើយ គាត់ ប្រជ្រៀតទៅបញ្រ្ចាសនៅខាងស្តាំដៃខ្ញុំទៀត ហើយបើសិនគាត់គ្រាន់តែចេញពីជួររបស់គាត់ដោយ ជ្រុលដៃគួរណាស់តែគាត់បង្អង់ឱ្យខ្ញុំឆ្លងផ្លូវផុតសិន តែនេះគាត់រុលមកមុខរហូតទាល់តែខ្ញុំទុកផ្លូវអញ្ជើញ គាត់ឆ្លងផុតបានខ្ញុំអាចទៅមុខបាន)

ខ្ញុំសម្លឹងមើលទៅគឺជានារីម្នាក់បើកឡានឡង់គ្រីសឺរ ព័ណ៌ខ្មៅ សូមរក្សាសិទ្ធិមិនដាក់ផ្លាកលេខ ទេ។

នាងមិនហ៊ានមើលមុខខ្ញុំទេ ព្រោះថាបើមើលចំ ខ្ញុំប្រហែលជាស្រែកជំទាលដាក់មិនខាន។

ពេលដែលបើកឡានក្នុងក្រុងបានដឹងថា ខ្ញុំគ្មានភាពអត់ធ្មត់បន្តិចទេ។

អូម៉ាយហ្គត់! (មេខ្ញុំគាត់ស្រែកពេលមានឡានឬម៉ូតូបត់វ៉េវៗកាត់ទទឹង ឬមកពីឆ្វេងទៅស្តាំ) យូអាអលវ៉េស៍ហ្គីវអាប់។

ខ្ញុំហ្នឹងជាអ្នកហ្គីវអាប់!

ខ្ញុំគ្រាន់តែស្រឡាញ់ជីវិតខ្លួនឯង និងគោរពតម្លៃជីវិតរបស់អ្នកដទៃសូម្បីអ្នកសុំទាន។

ប្រញាប់ទៅណាលោកអើយ! មានការអីទៅ ជីវិតរបស់អ្នកឯងមានតម្លៃសម្រាប់គ្រួសារអ្នកឯងប៉ុណ្ណឹង អ្នកឯងស្មានតែខ្ញុំនឹងមិនសំខាន់សម្រាប់គ្រួសារខ្ញុំទេអី? សូម្បីអ្នកសុំទាន ក្មេងតាមចិញ្ចើមថ្នល់ក៏មាន ជីវិតមួយដូចយើងដែរ ម៉េចក៏គិតស្រួលអីតែឯង?

សុំទោសចុះ ខឹងពេកទ្រាំមិនបាន ប្រហែលជានឹងទាស់ចិត្តអ្នកខ្លះមិនខានឡើយ!

23 ខែ​មេសា 2012 / ស្នាមញញឹម

អត់មាននរណាថា ថាខ្លួនឯង


និយាយពាក្យហ្នឹងពេលណា ក៏អ៊ំមុនីតែងតែថាឱ្យខ្ញុំ «អង្គុយលើចង្អេរលើកខ្លួនឯង» … ចុះបើអីចឹងមែន!

អត្ថបទមុនរបស់ខ្ញុំ ពាក្យពរជ័យសម្រាប់ជនប្រមឹក គោលបំណងដែលសរសេររឿងហ្នឹងមិនត្រឹមតែដើម្បី សើចកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ តែចង់បញ្ជាក់ការណ៍ពីរបីឃ្លា (ធ្វើដូចខ្លួនឯងហ្នឹងជាអ្នកមានចំណេះដឹង ជ្រៅជ្រះរឿងសរសេរអត្ថបទអីអញ្ចឹង) ៖

១ – ខ្ញុំមើលឃើញបច្ចុប្បន្នភាពរបស់យុវវ័យ មជ្ឈិមវ័យនៅកម្ពុជាកំពុងរីករាយ និងដុះដាលក្នុងការប្រព្រឹត្តិ គ្រឿងស្រវឹង។ មិនហ៊ាននិយាយទេថាការប្រព្រឹត្តិនោះវាខុសឬត្រូវ គ្រាន់តែចង់រម្លឹកព្រះពុទ្ធដីកាដែលយើង បានដឹងទាំងអស់គ្នាថា៖ យើងត្រូវពិចារណា សូម្បីតែព្រះពុទ្ធក៏មិនដែលប្រព្រឹត្តតឹងតែងពេក ឬធូររលុងពេក ដែរ ពោលគឺព្រះអង្គជ្រើសយកផ្លូវកណ្តាលសម្រាប់ដើរ។

២ – គិតតាមរបៀបមនុស្សមានមនោសញ្ចេតនាជោគជាំក្នុងរឿងប្រលោមលោក ខ្ញុំមើលឃើញភាពរឹងត្អឹង ក្នុងការសម្តែងសេចក្តីស្រឡាញ់របស់មនុស្សយើង។ នរណាក៏ដឹងដែរថា អ្វីៗជារបស់អនត្តា … រូបនីមួយៗ គង់មានថ្ងៃរលាយសូន្យទៅ… នរណាមកកុហកថា ខ្ញុំនឹងអាចរស់បានដល់អាយុប៉ុណ្ណេះ ឬប៉ុណ្ណោះអី កុំមក បៀតខ្ញុំ … គ្មាននរណាដឹងបានថាជីវិតរបស់យើងត្រូវចប់ក្នុងវិនាទីណាមួយនោះទេ! កុំថាដល់ទៅដឹងថ្ងៃ ស្លាប់ទៀតនោះ … ម៉េចយើងមិនជ្រើសរើសការលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមក ដើម្បីភាពរីករាយ មួយភ្លែតណានោះសម្រាប់មនុស្សនៅជុំវិញខ្លួនយើងទៅ!

តើមានអ្នកណាដឹងថាស្អែកនឹងមានរឿងអ្វីកើតឡើង? ស្មានថាក្មេងស្រីទាំងហ្នឹងវាមិនដឹងថា ពូដែលផឹក ស្រាសល់សម្បកកំប៉ុងជិតកន្លះកេសហ្នឹងនឹងទៅជាយ៉ាងម៉េចនាអនាគតឬ? អ្នកប្រមឹកនោះពិតជាដក់ចិត្ត ជាប់នឹងពាក្យឱ្យពររបស់ក្មេងរើសសម្រាម ទោះជាការដែលក្មេងនោះឱ្យពរគេ អាចធ្វើឱ្យអ្នកដទៃមាន អគតិជាមួយក៏ដោយព្រោះគាត់នឹងគិតថា ក្មេងរើសសម្រាមឱ្យពរ ក៏គ្រាន់ជាងមនុស្សធម្មតាម្នាក់ជេរដែរ!

បើខ្ញុំជាអ្នកប្រមឹកហ្នឹងវិញក៏ខ្ញុំលួចគិត ញញឹមម្នាក់ឯងដែរ!

៣ – ខ្ញុំនៅតែគោរពក្តីស្រឡាញ់របស់មាតាគ្រប់រូបលើលោកនេះចំពោះបុត្ររបស់ខ្លួន។ ទោះបីដឹងថាកូន ជាមនុស្សបាតសង្គមយ៉ាងណា ជាមនុស្សដែលមិនគួរឱ្យពឹងពាក់បានយ៉ាងណា ក៏គាត់នៅតែទុកកូនជា សាច់របស់គាត់ដែលត្រូវមើលថែកុំឱ្យមានស្លាក មានដំបៅ។ ទាំងកូននៅតូច ក៏ដូចជាពេលកូនមាន គ្រួសារទៅហើយ គឺនៅចាំរវល់ខ្វល់ខ្វាយជានិច្ច … ជាតិខ្មែរ ជាតិអាស៊ី តែអីចឹងឯង…ខុសពីជាតិអឺរ៉ុប និង អាមេរិចដែលគេបើកទូលាយចំពោះកូនចៅមានអាយុចាប់ពី១៦ឆ្នាំឡើង។

មានមតិលើកចង្អេរតែប៉ុណ្ណឹងឯង! បើខ្ញុំលើករួចកាលណា ហ៊ឹស! អ៊ំមុនីដឹងតែចាញ់ខ្ញុំដាច់ បង់ថ្លៃភីស្សាឱ្យ មិនខានទេ!

ជួយមតិយោបល់ខ្ញុំផង (ជួយកាន់ជើង) បើខ្ញុំបានភីស្សាខ្ញុំនឹងផ្ញើចែកគ្នាហូបលើហ្វេសប៊ុកនេះដែរមិនខាន!

😀

22 ខែ​មេសា 2012 / ស្នាមញញឹម

ពាក្យពរជ័យសម្រាប់ជនប្រមឹក


ម្តាយខ្ញុំតែងតែហាមមិនឱ្យខ្ញុំផឹកស្រាច្រើនពេកទេ។ ក្រៅពីការជួបជុំគ្នាដើម្បីមុខរបរ និងការងារក្នុងវង់ផឹកស៊ី ខ្ញុំជាមនុស្សប្រមឹកម្នាក់យ៉ាងជោគជាំ ជោគរហូតដល់ថ្នាក់ម្តាយខ្ញុំលែងហាមហើយ គឺមានតែសួរថែមថា៖ កូន ចង់ផឹកស្រាស ឬ ទឹកត្នោតជូរ? រួចគាត់ក៏ពឹងគេដែលអាចទិញស្រាស ឬទឹកត្នោតជូរឱ្យខ្ញុំបានទៅរកវាមកឱ្យ កូនប្រមឹកម្នាក់នេះ។ នេះជាការលះបង់ដ៏ខ្ពង់ខ្ពស់ក្នុងនាមម្តាយម្នាក់ដែលសុំសីលប្រាំបី ដើម្បីកូនជាទីសម្អប់

កាលវិភាគការងាររបស់ខ្ញុំគឺ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (គ្មានសុរា ឬជាតិអាល់កុលណានាំចូលក្នុងពោះវៀន ឡើយ វៀរលែងតែថ្ងៃបុណ្យ ដែលត្រូវបានសម្រាកពីការងារ) កាលវិភាគសម្រាប់គ្រួសារខ្ញុំ គឺម៉ោងប្រាំបួន ព្រឹក ដល់ ម៉ោងប្រាំល្ងាច សម្រាប់ពីរថ្ងៃនៃសៅរ៍ និងអាទិត្យ ដែលមានបញ្ចូលទាំងការទំនាក់ទំនងផ្សេងៗ ក្នុងមុខរបរ។

ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោងប្រាំមួយល្ងាច ដល់យប់ជ្រៅខ្ញុំតែងរីករាយនឹងផឹកស្រាតែម្នាក់ឯងនៅមុខផ្ទះ អានរឿងកំប្លែងភាសាអង់គ្លេស ជាមួយដបស្រា និងកញ្ចប់បារី។

ដោយសារតែបារម្ភពីសុខភាពរបស់ខ្ញុំ ម្តាយខ្ញុំបាននាំខ្ញុំទៅលេងមិត្តរបស់គាត់ជាវេជ្ជបណ្ឌិតរួចបង្ខំខ្ញុំឱ្យចូល ខ្លួនឱ្យមិត្តគាត់ពិនិត្យ។

រឿងដែលមិត្តគាត់ណែនាំខ្ញុំគឺថា៖

លោកវេជ្ជបណ្ឌិត៖ ក្មួយត្រូវតែដឹងថា សុរា និងបារីអាចធ្វើឱ្យក្មួយមានសុខភាពទ្រុឌទ្រោមម្តងបន្តិចៗ ប្រៀប ដូចពាក្យដែលគេនិយាយថា ស្លាប់បន្តិចម្តងៗ

ខ្ញុំ៖ តើខ្ញុំនៅសល់ពេលប៉ុន្មានទៀតអ៊ំ? (ខ្ញុំរាងស្លុតចិត្តដែលគ្រាន់តែឮពាក្យថាស្លាប់នេះ)

លោកវេជ្ជបណ្ឌិត៖ ទេ! អ៊ំចង់និយាយថា យើងផឹកស្រា ជក់បារីរាល់ថ្ងៃ គឺនាំឱ្យគ្រឿងក្នុងរបស់យើងចាប់ផ្តើម ខូចខាតម្តងបន្តិចៗ… ស្លាប់យ៉ាងយឺតៗ… មិនមែនឆាប់ៗនេះទេ! (គាត់និយាយបញ្ជាក់កុំឱ្យខ្ញុំស្លុតចិត្តពេក)

ខ្ញុំ៖ អូហ៍… ល្អណាស់អ៊ំព្រោះខ្ញុំមិនទាន់ចង់ស្លាប់ឆាប់ពេកទេ ខ្ញុំផឹកមិនទាន់អស់ចិត្តផង។

ព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំក៏ប្រព្រឹត្តតាមទម្លាប់ខ្ញុំដដែល ខ្ញុំក្រោកពីម៉ោងបួន រត់ហាត់ប្រាណប្រមាណដប់ប្រាំនាទី រួចក៏អង្គុយជក់បារីនៅក្បែរកំប៉ុងស្រាបៀរដែលសល់ពីយប់មិញនៅក្បែររបងផ្ទះ នឹងអានកាសែតពីម្សិលមិញ ម៉ោងជិតប្រាំពីរព្រឹកហើយ ខ្ញុំក្រោកពីកៅអីប្រុងចូលក្នុងផ្ទះ ព្រោះមានសម្លេងក្មេងរើសអេតចាយបានមក រំខានចិត្តដែលប្រឹងផ្តោតលើព័ត៌មានលើក្រដាសកាសែត។ ពេលឆ្មៀងភ្នែកមើលទៅពួកវា ខ្ញុំឃើញក្មេងស្រី អាយុប្រហែល ដប់ឆ្នាំកំពុងសប្បាយជាមួយគ្រឿងតែងខ្លួនដែលគេបានបោះចោលនៅមុខផ្ទះមួយទល់នឹងផ្ទះ ខ្ញុំ។ ដោយសារពួកវាកំពុងដណ្តើ់មគ្នាចំពោះរបស់ដែលពួកវាត្រូវការ ខ្ញុំនឹកអាណិតក្មេងទាំងពីរនេះភ្លាម ៖ ហេតុតែគ្នាចង់ល្អ ចង់ស្អាត ខ្ញុំខំរកនឹកថាតើនៅក្នុងផ្ទះខ្ញុំមានរបស់របរបែបហ្នឹងដែរទេ? តែ…នឹកមិនឃើញ។

ខ្ញុំអង្គុយសម្លឹងពួកវាយូរគ្រាន់បើដែរ… ស្តាប់សម្លេងពួកវា ខ្ញុំគិតថាពួកវាជាអ្នកស្រុកចំនៀរខាងបន្ទាយមាន ជ័យ សៀមរាបអីហ្នឹង។ ខ្ញុំមើលឃើញពួកវារើយកសៀវភៅដែលមានគម្របរូបតុក្តតាស្អាតលើកមើលផ្អៀង ផ្អង។

ក៏ស្រាប់តែនឹកឃើញរឿងមួយ ខ្ញុំបក់ដៃហៅពួកវាមកជិត។ ដំបូងវាមិនចង់មកទេព្រោះមិនដឹងជាខ្ញុំហៅវាមែន ឬមិនមែនផង។

ខ្ញុំចូលទៅក្នុងផ្ទះរកមើលដបទឹកក្រូចដែលសល់ពីចូលឆ្នាំយកចេញមកក្រៅរួចហុចឱ្យក្មេងស្រីម្នាក់ដែលដើរ មកដល់មុន។

ខ្ញុំ៖ អាណេះសម្រាប់ញ៉ាំ។ ហើយណ៎! (ខ្ញុំចង្អុលទៅសម្បកកំប៉ុងស្រាដែលរាយប៉ាយក្បែររបង)

ខ្ញុំងាកទៅឃើញប្រដាប់កើបសម្រាមនៅក្បែរនោះក៏ទាញមកកើបដាក់រទេះរបស់ពួកវា។

ក្មេងដែលអូសរទេះមកដល់ក្រោយ ឃើញខ្ញុំធ្វើបែបនេះវាក៏សួរ៖ ពូអត់រាប់វាទេ?

ខ្ញុំ៖ ណូ! ទេ! មិនរាប់ទេ គឺឱ្យក្មួយ! (ខ្ញុំនិយាយទាំងមិនទាន់អស់ជាតិស្រាបារីនៅឡើយពីក្នុងខ្លួន និយាយម្តង ភាសាខ្មែរ ម្តងអង់គ្លេស)

ក្មេងទាំងពីរដើរមកទន្ទឹមគ្នាឈរពីមុខខ្ញុំ៖

អរគុណពូ! (គេលើកដៃសំពះយ៉ាងសមសួន) សូមឱ្យពូមានសុខភាពល្អ មាំមួន និងមានអាយុវែង!

ខ្ញុំដែលកំពុងស្រវឹងមិនទាន់ស្វាងស្រួលបួលនៅឡើយ ភ្ញាក់បន្តិចដែរចំពោះកាយវិការដែលខ្ញុំមិនបានរំពឹង ទុកនេះ។ ខ្ញុំប្រញាប់លើកដៃសំពះតបទៅវិញ៖

អរគុណ! សូមឱ្យក្មួយៗក៏មានអាយុវែង និងឆាប់…ខំរៀនឱ្យពូកែផង។

ពួកវាក៏បែរខ្លួនដើរចេញទៅជាមួយរទេះរបស់ពួកគេ ដោយទុកខ្ញុំឱ្យឈរគិតមួយស្របក់មុនពេលបិទទ្វាររបង ចូលទៅមុជទឹកសម្អាតខ្លួន។

នរណាថាក្មេងរើសសម្រាមជាក្មេងគ្មានបានរៀនសូត្រ គ្មានការចេះដឹង?

មេរៀនពេលព្រឹកមួយនេះខ្ញុំអាចនិយាយបានថាទ្រឹស្តីរបស់ខ្ញុំពិតជាមិនខុសឡើយ។

«មនុស្សម្នាក់ៗមិនអាចសម្លឹងមើលឃើញដោយភ្នែក ហើយវាយតម្លៃតាមតែរូបភាពនោះទេ» មនុស្សពិត ណាស់ត្រូវការពិនិត្យអង្កេតមើលឱ្យបានជ្រៅ ឱ្យបានយូរ ចឹងបានជាគេតែងនិយាយថា មុននឹងជ្រើសរើស គូជីវិត យើងត្រូវពិនិត្យស្វែងយល់ឱ្យបានយូរ។

អរគុណក្មួយស្រី! ពាក្យជូនពររបស់ក្មួយគឺផ្ទុយទាំងស្រុងពីការណែនាំរបស់លោកវេជ្ជបណ្ឌិត។

ឯវំ

18 ខែ​មេសា 2012 / ស្នាមញញឹម

ឯកជន៖ ស្លុតចិត្ត


មានពេលខ្លះខ្ញុំមានអារម្មណ៍ឯកាណាស់ព្រោះគ្មាននរណានៅក្បែរដែលអាចនិយាយរឿងក្នុងចិត្តអស់បានទេ មិត្តភ័ក្តិខ្ញុំមាន ខ្ញុំនៅមានមិត្តសម្លាញ់ច្រើនដែលជិតស្និទ្ធនឹងគ្នា…តែ…កាលណាខ្ញុំមានទុក្ខ ខ្ញុំសប្បាយចិត្ត ខ្ញុំ បែរជាគិតដល់មិត្តសំខាន់ម្នាក់របស់ខ្ញុំដែលបានស្លាប់បាត់ជាងប្រាំឆ្នាំហើយ! ខ្ញុំនឹកគាត់…

ខ្ញុំជិតស្និទ្ធនឹងគាត់ស្មើជាញាតិ ជាសាច់ឈាមម្នាក់របស់ខ្ញុំ ជាមនុស្សសំខាន់ដែលអាចស្តាប់គ្រប់រឿងរ៉ាវរបស់ ខ្ញុំ ទាំងសំខាន់ និងមិនសូវមានប្រយោជន៍។ ជាងប្រាំឆ្នាំហើយ ខ្ញុំនឹងគាត់លែងបានស្តាប់រឿងរ៉ាវគ្នា លែងបាន រម្លែកទុក្ខព្រួយគ្នាទៅវិញទៅមក គាត់ក៏លែងបន្ទោសខ្ញុំដែលធ្វើអ្វីមិនបានគិតវែងឆ្ងាយតទៅទៀតដែរ ខ្ញុំក៏ លែងបានស្តីឱ្យគាត់ពីរឿងខំធ្វើការពេកដល់ថ្នាក់ភ្នែករបស់គាត់មើលខ្ញុំមិនឃើញដែរ…

ថ្ងៃនេះខ្ញុំជួបរឿងដែលគាត់តែងតែដាស់តឿនខ្ញុំឱ្យប្រុងប្រយ័ត្ន ។ តាំងពីថ្ងៃដែលគ្មានគាត់ចាំស្តីប្រដៅមកខ្ញុំក៏ មិនដែលធ្វើឱ្យមានរឿងនេះទៀតឡើយ ទើបតែថ្ងៃនេះ… ខ្ញុំប្រហែសទាល់តែបាន…

…ស្មោះត្រង់ពេក គេហៅថាល្ងង់… ពេលមានទំនាក់ទំនងជាមួយអ្នកណាត្រូវចេះអង្កេតអាកប្បកិរិយារបស់ គេ ប្រតិកម្មរបស់មនុស្សម្នាក់ៗមានភាពខុសដាច់ពីគ្នា … ជួនកាលគេនឹងប្រទូស្តយើងដោយសារតែភាព ស្មោះត្រង់បែបនេះ…ពិនិត្យមើលគេឱ្យច្បាស់ហើយព្យាយាមរាវរកចម្លើយឱ្យឃើញ…ពេលយើងរកចម្លើយ ឃើញ នោះប្រតិកម្មតបរបស់យើងគឺប្រើសមស្របនឹងកាលៈទេសៈនោះបានមិនខាន ទោះប្រថុចញ៉ុចប៉ុណ្ណា ក៏ដោយ។…

ពួកយើងលែងបានជួបគ្នាហើយ … ខ្ញុំនឹកគេហ៍ណាស់…

ខ្ញុំមានតែពាក្យមួយឃ្លាប៉ុណ្ណោះចង់ប្រាប់គាត់ថា៖ «បើអាចទាញពេលវេលាថយក្រោយបាន ខ្ញុំនឹងមិនឈ្លោះ ជាមួយគាត់សូម្បីមួយម៉ាត់…»

ចូររីករាយជាមួយមនុស្សដែលនៅជុំវិញខ្លួនយើង ទោះគេជាមនុស្សដែលតែងប្រឆាំងជាមួយនឹងយើងក៏ ដោយ ព្រោះជួនកាលប្រតិកម្មទាំងនោះជាគ្រឿងដាស់តឿនចិត្តរបស់យើងឱ្យកាន់តែរឹងមាំថែមទៀត និងបាន ត្រៀម ស្នៀតសម្រាប់ទប់ទល់ស្ថានការណ៍អាក្រក់ដែលអាចកើតមាន។

I am happy to be with you! Even until now…

18 ខែ​មេសា 2012 / ស្នាមញញឹម

អ្នកដែលគួរឱ្យអាណិតជាងខ្ញុំ


នឹកៗទៅចង់តែសើចទេ តែមិនហ៊ានសើចនឹងខ្លួនឯង សុខចិត្តគ្រាន់តែនឹកបានហើយ!

នៅភ្នំពេញឥឡូវ ចូលដល់រដូវក្តៅភ្លើងដាច់រហូត ដូចលោក នី កែវប៉ុញ្ញា គាត់ដាក់នៅក្នុងប្រកាសរបស់គាត់ «ស្ទើរភ្លើង និងមិនគ្រប់ទឹក» (ខ្ញុំរកប្រកាសនោះដែរតែមិនមានទៀតទេ) ក្រុងដ៏ស្រស់ប្រិមប្រិយយើងមាន ភ្លើងប្រើមិនគ្រប់គ្រាន់ នោះទេ។ រឿងនេះតោងតែយើង ទាំងអស់គ្នាជួយសំចៃភ្លើងក្នុង ការប្រើប្រាស់ទើប បាន។

ខ្ញុំក៏មានគំនិតដ៏មហាអស្ចារ្យមួយ៖

ជារៀងរាល់ល្ងាចខ្ញុំតែងហាត់ប្រាណនៅក្នុងផ្ទះក្រោយត្រឡប់មកពីធ្វើការវិញ ម៉ោងប្រហែលជាប្រាំមួយ ល្ងាចគឺខ្ញុំមកដល់ផ្ទះហើយ។ មកដល់គឺដាក់ដាំបាយភ្លាម ក្រោយមកងូតទឹក រួចបើកព័តមានមើលបណ្តើរ ហាត់ប្រាណបណ្តើរ ខ្ញុំនិយមប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជាជាងគេ (មិនដឹងមករៀបរាប់ចំណូលចិត្តអីនៅនេះទេ) ជាពិសេសការអានព័ត៌មាន របស់ប៉ុស្តិ៍នេះគឺច្បាស់លាស់ មានបែបមានបទ បើព័ត៌មានអន្តរជាតិវិញ គឺអាន ឈ្មោះភូមិស្រុកអីហ្នឹងត្រឹមត្រូវជាងគេ ស្រាប់តែនឹកឃើញថា ស្រុកទេសឥឡូវក្រីក្រណាស់ ឆ្នាំទៅទឹកជំនន់ លិចជាងពាក់កណ្តាលស្រុក មនុស្សម្នាអត់បាយ ក្រហាយទឹកគឺអ្នកជនបទដែលជាផលិតករស្រូវ នៅមាន ឆ្លៀតអ្នកក្រីក្រនៅទីក្រុងឯណេះវេទនាមហាសែនវេទនា អត់ផ្ទះអត់សម្បែង រើមុងកន្ទេលចេញទៅនៅ ក្រៅ ក្រុង មានខ្លះយកលូធំៗធ្វើជាជម្រកស្នាក់នៅឃើញគួរអាណិត។

ក្រោយពីរឿងទឹកជំនន់មក ខ្ញុំបានកំណត់ខ្លួនឯងបន្ថយបាយ បន្ថយម្ហូប (ព្រោះរាល់ថ្ងៃហ្នឹងហូបនោះវាជ្រុល ពេក ចង់ដូចជ្រូកស៊ីបាយទៅហើយ) ដើម្បីសល់ប្រាក់ខ្លះទុកគ្រាន់ជួយគេអ្នកផ្សេងផង។ ក្រោយពីអនុវត្តការ សំចៃនេះបានប្រាំខែមកឃើញថាខ្ញុំទទួលបានប្រយោជន៍បីយ៉ាង៖ ទីមួយគឺលែងខ្ចីលុយគេចាយចុងខែទៀត ហើយ ទីពីរគឺបានស្រកទម្ងន់បួនគីឡូក្រាម ធ្វើដំណើររាងស្វាហាប់ជាងមុន និងទីបី ម៉ែ នៅឯស្រែលែងរអ៊ូពី រឿងសុំលុយគាត់។

ឥឡូវក៏គិតដល់រឿងមួយទៀតគឺសំចៃភ្លើងអគ្គិសនីដែលប្រើរាល់ថ្ងៃនេះ។ ប្រការដែលចាំបាច់គឺត្រូវរើរុះ កាលវិភាគ និងមានបែបផែនច្បាស់លាស់ក្នុងការសំចៃ។

នឹកឃើញគំនិតដែលត្រូវកែសម្រួលនេះភ្លាមខ្ញុំឈប់ហាត់ប្រាណក៏ទៅរកសៀវភៅមកគូសវាសគំនិត។ ខ្ញុំត្រូវត្រឡប់ មកពីធ្វើការម៉ោងប្រាំមួយដដែល រួចដាក់ដាំបាយដោតខ្សែភ្លើង មុជទឹក និងមើលព័ត៌មាន ក្រោយពេលបាយឆ្អិនខ្ញុំត្រូវបិទភ្លើង និងហាត់ប្រាណប្រមាណជាសាមសិបនាទីតាមទម្លាប់ ព្រោះនៅក្នុង ផ្ទះនេះមានតែខ្ញុំទេដែលចូលផ្ទះមុន គេ ចឹងគឺមិនប៉ះពាល់ដល់នរណាឡើយ។ រឿងនេះបើសិនអនុវត្ត បានជោគជ័យហោចណាស់ក៏សំចៃភ្លើងបានពីរខាំ ក្នុងមួយល្ងាចដែរ។ ណាមួយពេលល្ងាចនរណាៗក៏ បើកភ្លើងប្រើ ដូច្នេះទុកចែកអ្នកដទៃប្រើបានពេញអំពែភ្លើងក៏ល្អ ម្យ៉ាងដែរ។ គិតរួចខ្ញុំក៏ដាក់កំណត់ពេល វេលាអនុវត្តផែនការ។ ចាប់អនុវត្តពីថ្ងៃស្អែកទៅ

ស្អែកឡើង ត្រឡប់មកពីកន្លែងធ្វើការខ្ញុំចាប់ធ្វើកិច្ចការងារដែលបានកំណត់។ ដោយសារងងឹតនៅពេល ហាត់ប្រាណខ្ញុំបានភ្លាត់ដួលបោកមុខនឹងកម្រាលឥដ្ឋ នេះបើកុំតែទាបទេ បើសិនជានៅខ្ពស់វិញហ្អេះ! … ច្រមុះទាបរបស់ខ្ញុំ ហ្នឹងគ្មានសល់អីទេ ច្បាស់ជាក្រពិតសល់តែរន្ធពីរគ្រាន់ដកដង្ហើមប៉ុណ្ណោះ។  ក្រោយ សម្រាកបន្ទាប់ ពីហាត់ប្រាណរួចបានប្រមាណដប់នាទីមក ខ្ញុំបើកភ្លើង និងងូតទឹកម្តងទៀតមុន នឹងហូប បាយ។ កំពុងតែហូបបាយម៉ោងប្រហែលជាប្រាំបីយប់ ស្រាប់តែភ្លើងដាច់កណ្តាលបាយ ខ្ញុំដើរទៅរកទូរស័ព្ទ អិនចុចពិល របស់ខ្ញុំមកបន្តបង្ហើយបាយ។ បាយ បណ្តើរខ្ញុំនឹកសរសើរខ្លួនឯងបណ្តើរដែល សម្រេចចិត្តត្រូវ គឺទិញទូរស័ព្ទដែលមានពិលស្រេចគ្រាន់នឹងដោះស្រាយ ស្ថានភាពចំពោះមុខដែលទីក្រុងគ្មានភ្លើងគ្រប់ គ្រាន់ (ខ្ញុំមិនដុតទៀនទេព្រោះយល់ថាវាបំផ្លាញអុកស៊ីសែន ពេលដែលខ្ញុំកំពុងដកដង្ហើមនៅក្បែរវា ក្នុងផ្ទះជួល ដូចប្រអប់ឈើគូសនេះ)។ ខ្ញុំទម្រេតលើកៅអីនៅមុខទូរទស្សន៍ខ្មៅ ដេកលេង ព្រោះមិនអាចធ្វើអ្វីបានដោយ នឹកក្នុងចិត្តថា ប្អូនៗខ្ញុំគេមានណាត់ចេញទៅដើរលេងអស់ក្នុងថ្ងៃអាទិត្យ ចម្លែកអីតែខ្ញុំដែលគ្មាននរណា បបួលដើរលេង ហើយក៏គ្មានទៅណាក្រៅពីកន្លែងធ្វើការ និងផ្ទះនេះ។

Hey, everyone has a date, I have only a computer, a modem and books in this black house. It’s unfair…

ខ្ញុំសម្ងំដេកទៀតព្រោះថាបាយទើបរួចបែបនេះ រាងរងៀម។ មូសចាប់ផ្តើមចេញមកបណ្តើរៗ ងូងៗ ក្បែរ ស្លឹកត្រចៀក នាំរំខានចិត្តភ្លាម! ផាត់វាចេញផង ទះវាផង ចុះឡើងៗដៃខ្ញុំប៉ះនឹងភ្នាក់ដៃកៅអី ភូស!

ហ៊ឹស…អាចង្រៃរួមលោកជាមួយអញនេះក៏នាំរំខានអីម៉្លេះ! (ខ្ញុំនឹកក្នុងចិត្ត)

ដោយទ្រាំមិនបានដប់ប្រាំនាទីផង ខ្ញុំក៏ស្រែកដាក់ពួកវា៖

Hey! everyone in this house has a date, why don’t you guys go on a date! I want to be here ALONE…

ម្នាក់ៗមានសង្សារ គេនាំគ្នាទៅញ៉ាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនយ៉ាងរ៉ូម៉ង់ទិច គេជជែកគ្នាពីនេះ ពីនោះ គេញញឹមដាក់គ្នា សរសើរគ្នាថាអីចេះអីចុះ រួចក៏គិតគ្នាថាត្រូវទៅដើរលេងឯណានៅថ្ងៃសិទ្ធិនារី ដែលបានសម្រាកពីការងារ។ ឯខ្ញុំវិញនៅត្រមង់ត្រមោចម្នាក់ឯងជាមួយមូសក្នុងផ្ទះដូចប្រអប់នេះ រកតែ ខ្យល់ដកដង្ហើមឱ្យស្រួលច្រមុះមិនបាន។

ដោយទ្រាំជាមួយវាមិនបាន ខ្ញុំក៏រត់ទៅរកមុង ហើយសម្ងំដេកតទៅទៀត។

ព្រឹកឡើង ក្រោយភ្ញាក់ពីដេក ខ្ញុំអង្គុយនឹកអំពីយល់សប្តរបស់ខ្ញុំពីយប់មិញ។

អ្វីៗដែលខ្ញុំនិយាយពីល្ងាច គឹត្រូវបានរម្លឹកនៅក្នុងយល់សប្តហ្នឹងទាំងអស់៖

Hey! everyone in this house has a date, why don’t you guys go on a date! I want to be here ALONE… (ខ្ញុំ)

ដុតទៀនផងទៅ គ្រាន់បានភ្លឺខ្ញុំផង! (មូសនិយាយមករកខ្ញុំយ៉ាងស្រទន់)

ទាល់តែយូរបានដុត! (ខ្ញុំតទៅមូសវិញទាំងធុញទ្រាន់ដែលខ្ញុំនៅម្នាក់ឯង និងមានអាសត្វធាតុនេះមកបញ្ជា ទៀត)

ហ៊ឺចិត្តអាក្រក់ជាមួយខ្ញុំណាស់ផ្ទះនៅជាមួយគ្នាសោះ! ជាមួយគេផ្សេងសុទ្ធតែជួយគ្មានមាត់មួយ ម៉ាត់! (មូស)

ស្អី? ជួយស្អីអាណា? កំពុងតែយ៉ុងចិត្តផងកុំមកនិយាយច្រើន ធុញណាស់! ទៅ! ទៅឱ្យបាត់ៗទៅ! (ខ្ញុំខម ភ្នែកដេញវា)

ចុះង៉ៃមុនឃើញជួយសណ្តោងម៉ូតូស្រីស្អាតរហូតដល់ផ្ទះគេម៉ោងប្រាំបួនម៉ោងដប់បានមកដល់ផ្ទះ នោះអី! (មូស)

ឃើញពីអង្កាល់? បើមិនដឹងអីទេកុំនិយាយប្រយ័ត្នមាត់តិចទៅ! (ខ្ញុំចាប់ផ្តើមមួរម៉ៅចំតួជាមួយអាមូសមួយហ្នឹង)

គេឮពេលមកដល់ផ្ទះប្រាប់ប្អូននោះ ស្មានគេមិនដឹងហ្អី! (មូសឌឺដាក់ខ្ញុំវិញតាមសម្តីរបស់ខ្ញុំធ្លាប់និយាយ ជាមួយប្អូន)

អើ បើឮ និយាយត្រឹមតែពាក្យឮបានហើយ កុំនិយាយថាឃើញទៀត អញមិនចូលចិត្តអាណាមកចេះដឹងស្អីទេ! ឯងហ្នឹង…ជាស្អីហ៊ានតមាត់ជាមួយអញ? (កំពុងតែរសាប់រសល់ក្តៅផងស្អីផងមកមានអ្នកនិយាយ ឌឺឱ្យខឹងលែងអី)

គេគ្រាន់តែចង់បញ្ជាក់តើ!… ធ្វើឯងស្អីរិះថាំទុកភ្លើងឱ្យគេប្រើ រួចគ្រាន់តែគេសុំជប់លៀងក្រោមពន្លឺភ្លើងទៀន ផងក៏មិនបាន! គ្មានអាណិតខ្ញុំដែលចង់ញ៉ាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនទេឬអី? (មូសនិយាយ ចុងក្រោយរបៀប អង្វរកខ្ញុំឱ្យដុតភ្លើងទៀន)

No way! If I don’t have a dinner under the candle light, I won’t give anyone that possibility! (ខ្ញុំនិយាយទាំងកំហឹង)

ផ្តល់ឈាមឱ្យគេម្តងជិតកន្លះលីត្រ គ្រាន់តែឱ្យសត្វរួមលោកបានឆ្ងាញ់ផងមិនបាន! (មូសគំហកឱ្យខ្ញុំ ជាខ្លាំង រួចវាក៏ប្រាសព្រាត់បាត់ទៅ មុនពេលខ្ញុំយាដៃទះវាផ្ទប់នឹងស្លឹកត្រចៀកខ្ញុំ)

អារំបល់យក៍នេះ ទៅណាឱ្យបាត់ៗទៅ! អាចេះហែហៃ ស្អប់ហ្អែងដល់ពូជហ្អា! ហ្អើយហ្អា! ឱ្យតែឃើញម្តង ទៀត ធានាម៉ង ថាហ្អែង…! គ្មានរស់ទេអា! (ខ្ញុំស្រែកដាក់វាវិញដែលឌឺខ្ញុំកាន់តែខ្លាំង ហើយនឹកថាឱ្យតែឃើញ មូសគឺទះវាឱ្យងាប់ទាំងអស់មិនឱ្យរស់ទៀតទេ)។

យល់សប្តនេះក៏ចប់ត្រឹមហ្នឹងទៅ ទាំងខ្ញុំនៅក្តៅក្រហាយមិនទាន់បាត់។

មុនចេញទៅធ្វើការ ខ្ញុំបានឃើញប្រដាប់ចាប់មូសដែលជាផលិតផលរបស់តៃវ៉ាន់ និងឃើញមូសងាប់ក្នុង នោះមួយគំនរ ក្បែរកន្លែងខ្ញុំហាត់ប្រាណដែលជាធម្មតាខ្ញុំមិនបានចាប់អារម្មណ៍មើល។ ចឹងតើបានជាពេល ហាត់ប្រាណគ្មាន មូសមួយគ្រាប់ ព្រោះខ្ញុំគ្រាន់តែបិទអំពូលភ្លើង ឯប្រដាប់ចាប់មូសនោះនៅតែដំណើរការ ដល់ពេលដាច់ភ្លើង មូស ឱ្យដូចកណ្តាច់។ ខ្ញុំផ្អៀងប្រដាប់ចាប់មូសមកមើលលទ្ធផល ហើយក៏គិតថា ប្រហែលជាមានអាមូសសំគិះមួយហ្នឹង នៅក្នុងហ្នឹងដែរហើយបើសិនរឿងយល់សប្តជាការពិត…

ជិះម៉ូតូតាមផ្លូវមកកន្លែងធ្វើការខ្ញុំសើចញឹមៗ នឹកថាអាមូសសំគិះប្រហែលជាពេលដាច់ភ្លើងហ្នឹងសង្ឃឹម ថា មាន អាហារពេលល្ងាចក្រោមពន្លឺទៀន បានជាបបួលសង្សារវាមក វាខំអង្វរឯងដើម្បីបានឆ្ងាញ់មាត់ជាមួយ សង្សារម្តង តែត្រូវបរាជ័យ វាគួរឱ្យអាណិតជាងខ្ញុំទៅទៀត។

គ្រាន់តែចូលក្នុងតុធ្វើការភ្លាមពួកម៉ាកខ្ញុំមកដល់ភ្លាម!

ឯងល្ងាចមិញទៅណាបានជាមិននៅផ្ទះ?

ម៉ោងប៉ុន្មាន?

ម៉ោងប្រហែល៧យប់។ គ្នាទៅរកដល់ផ្ទះងងឹតឱ្យឈឹង! ប្រុងបបួលថាទៅក្រៅ!

ខ្ញុំនឹកភ្លាមថាម៉ោងហ្នឹងជាម៉ោងខ្ញុំហាត់ប្រាណហើយបិទភ្លើង ក៏រកវិធីតបទៅវិញទាំងដែលនឹកស្តាយថាមាន គ្នាដើរ ហើយបែរជាចំណេះជិះកឯងដោយសារតែរឿងសំចៃនោះ៖

រួចចុះទូរស័ព្ទមានម៉េចមិនតេរក?

តេខ្មោចសេះអី បើទូរស័ព្ទគ្នាគ្មានលុយមួយសេនផងហ្នឹង! … ហើយបើយកលេខផ្សេងតេទៅស្មានតែឯង លើកក៏អី?

ចាញ់ចំណេះ ចាញ់ទាំងចិត្ត! ស្តាយអើយស្តាយ បើមានវាបាននាំដើរលេងក្នុងមួយល្ងាចថ្ងៃអាទិត្យនេះខ្ញុំ ប្រហែលជា ស្រាកពីស្មុគ្រចិត្តបន្តិច។ ឥឡូវអ្វីៗ…ហួសទៅហើយ!…

គេថាធ្វើបុណ្យអីបានបុណ្យហ្នឹង ធ្វើបាបអីកម្មតាមទាន់ហន់!

ប្រហែលមែនទេដឹង? បើមិនអញ្ចឹង ខ្ញុំបែបមានស្នេហាអីនឹងគេដែរហើយបើចេះធ្វើបុណ្យខ្លះនោះ!

10 ខែ​មេសា 2012 / ស្នាមញញឹម

ម៉ោងស្រុកខ្មែរ


បើនិយាយពីភាពសុខគ្នារវាងម៉ោងស្រុកយើង និងម៉ោងសកលគឺ យើងលើស ៧ម៉ោង មានន័យថាបើម៉ោង សកលដើរដល់ម៉ោងសូន្យ ស្រុកយើងឯណេះម៉ោងប្រាំពីរព្រឹកហើយ។

ខ្ញុំចេះតែឆ្ងល់ម៉េចក៏ស្រុកមួយៗមានម៉ោងខុសៗគ្នាចឹង? ដូចជានៅអាមេរិចម៉ោង ប្រាំពីរព្រឹក យើងឯណេះ ម៉ោងប្រាំល្ងាច យើងលឿនជាងគេដប់ម៉ោង។ ចុះបើយើងជិះយន្តហោះម្តងទៅអាមេរិចម្តងទៅស្រុកខ្មែរទៅ យើងប្រហែលជាមិនសូវឆាប់ចាស់ទេយ៉ាង? ដូច្នេះគំនិតស្រឡាញ់តួកុនហូលីវូតរបស់ខ្ញុំប្រហែលជាអាចធ្វើ ឱ្យខ្ញុំក្មេងទាំងបេះដូង ក្មេងទាំងអាយុ (ព្រោះរាប់ទៅរាប់មកខ្ញុំទៅនៅឯអាមេរិចយឺតជាងដប់ម៉ោងពីស្រុកខ្មែរ)

តាមពិតទៅមិនទៅចង់និយាយអីទេពីរឿងខុសគ្នារបស់ម៉ោងពេលព្រោះវាជាច្បាប់ធម្មជាតិទៅហើយ បើ ស្រុក នានាមានម៉ោងដូចតែគ្នាយើងបែបមិនសូវច្រណែនគេទេ មុខតែមានអីៗដូចគ្នាតែទាំងអស់ហើយ។ គំនិតខ្ញុំ ដែលសរសេរប្រកាសមួយនេះព្រោះវា…ហ៊ឺយ…តឹងទ្រូងពេក…

ធ្លាប់តែធ្វើការជាយូរមកហើយ ហើយក៏ទម្លាប់ជាមួយម៉ោងពេលរបស់អ្នកធ្វើការងារ សឹងតែនិយាយបានថា មិនសូវបានទៅលេងស្រុកស្រែ ស្រុកកំណើតទេ បែបនេះឯងបានជា…តឹងទ្រូង…

អារឿងតាប៉ែហ្នឹងគង់មានង៉ៃគេគប់ក្បាលនឹងស្បែកជើងទេខ្ញុំ!

ខ្ញុំបានត្រឡប់មកពីបាត់ដំបងរួចហួសទៅកំពង់ធំ ពេលទៅនោះទិញសំបុត្រឡានក្រុងទុកស្រេចហើយ ដូច្នេះ ដល់ម៉ោងគឺឡើងឡាន (ម៉ាកន្លែងនេះសុំនិយាយសរសើរតិចចុះ ក្រុមហ៊ុនសូរិយាដឹកអ្នកដំណើរគ្រាន់បើជាង គេរឿងម៉ោងពេល និងតម្លៃ)។ ដល់ស្រុកដល់ទេសហើយក៏បានជួបជុំគ្រួសារធ្វើបុណ្យធ្វើទានតាមប្រពៃណី និងមានកម្មវិធីពីសេស បីសេសអីផងដែរ។

ដល់ថ្ងៃអាទិត្យត្រូវត្រឡប់មកផ្ទះវិញ ប្អូនជូនដាក់ចំណតឡានក្រុងកាពីតូលដែលបានទិញសំបុត្រទុកតាំងពី ម៉ោងបី ឈរចាំចុះឡើងម៉ោងបួន អ្នកលក់ប្រាប់ថាឡានខកជើង ក៏ប្រាប់ឱ្យគេទុកកៅអីសម្រាប់ជើងណា ដែលមកបន្ទាប់។ ចាំទៅ ចាំមក ទៅផ្ទះផង ទៅកន្លែងចាំឡានផង និយាយពីផឹកទឹកមិនដឹងប៉ុន្មានដបទេ នៅ តែឡានមិនទាន់មកដល់ទៀត សួរទៅសួរមកអ្នកលក់សំបុត្រប្រាប់ថាឡានអត់មានទេ! ស៊ីក! (រៀនថា តាមសុជីវី) អ៊ឹស! ចុះយូរណាស់ម៉េចមិនប្រាប់ៗ? ចង់ឱ្យបងឈឺចុកចាប់ឬអី? សន្យាស្រុកខ្មែរឯចឹងឬ? 😦

ខ្ញុំរត់វឹងទៅរកតាក់ស៊ី។ ថាមិនចង់ជិះតាក់ស៊ីទេព្រោះមាឌខ្លាឃ្មុំរបៀបនេះទើសតែគេពិបាកណាស់។

តាក់ស៊ីចេញទៅបាត់ប្រហែលប្រាំនាទីប៉ុណ្ណោះ! អ្នកនៅបេនតាក់ស៊ីប្រាប់… គ្រាន់តែឮថាហួសចិត្តសឹងដល់ ប៉ែត។ លោកអ្ហើយលោក! អីក៏ផ្តែសៗ?

ដល់ពេលឡេសឡាសហើយតើនេះ? ម៉ោងប្រាំជាងហើយ បើមានឡានមិនតិចជាងម៉ោងដប់ទេបានដល់ ភ្នំពេញ។ រកមើលឡានទួរីស ឱ្យតែថាពេញហើយចេញភ្លាមសុខចិត្តទ្រាំជិះហើយ ព្រោះខ្លាចមិនអាចចូល ធ្វើការស្អែកបានទាន់ពេល មិនចង់យឺតទេ។ ដើររកមើលឡានទួរីសក៏មិនសូវមានមនុស្ស រត់មករកឡាន ក្រុងវិញក្រែងមានមួយកន្លែងជិះនឹងគេ។

ខ្ញុំឆ្លេឆ្លាពេញមួយទីរួមខេត្តកំពង់ធំ បើគិតជាថ្លៃសាំងវិញបែបរួចថ្លៃឡានទៅភ្នំពេញ។ ស្រាប់តែចាំដល់ម៉ោង ប្រាំមួយសាមសិបនាទីយប់មានឡានកាពីតូលដែលគេលក់សំបុត្រឱ្យ (បីម៉ឺនរៀល) មកដល់។ លោកអើយ អរណាស់ហក់ឡើងឡានភ្លែត ដើរទៅឃើញកៅអីខាងស្តាំដៃទំនេរមួយក៏សួរអ្នកអង្គុយជាប់បង្អួចថា៖

អត់ទោស កៅអីនេះទំនេរទេ?

គេងក់ក្បាលតបមកវិញរាងដូចមិនសូវស្រួល។ ណ្ហើយអង្គុយសិនទៅចាំគិតទៀត។ ងាកទៅក្រោយឃើញ មានកៅអីទំនេរខ្លះដែរ នឹកថាគ្រាន់បើអាចមានកន្លែងសាគួ។

ស្រាប់តែមនុស្សម្នាឡើងឡានព្រឹបៗពេញកៅអីអស់ កាលខ្ញុំឈរចាំមានតែខ្ញុំទេចុះគេទៅឈរចាំនៅឯណា?

ទ្រាំអង្គុយទៀតទៅ! ស្រាប់តែធុំក្លិនទឹកអប់មុតច្រមុះភ្លាម! ក្លិននេះខ្ញុំមិនចូលចិត្តសោះតែម្តង ចុះនារីម្នាក់នេះ គាត់យល់ថាក្រអូបណាស់ទៅឬ? អ្ហើយគិតទៅ មនុស្សខុសៗគ្នាពិតមែន បើស្អីៗដូចតែគ្នានោះ គ្មានសល់ទេ!

ខ្ញុំទ្រាំយូរទៅៗ រហូតដល់ទ្រាំលែងបានក៏យកក្រដាសជូតមាត់មកខ្ទប់ច្រមុះ ធ្វើម៉េចកុំឱ្យតែធុំក្លិនហ្នឹងគឺបាន ហើយ។ ដល់ពេលឡានចូលចតនៅចំណតរំលង ឡានឈប់សឹងមិនទាន់ខ្ញុំជ្រែកគេជ្រែកឯងចុះទៅរកកន្លែង សមគួររបស់ខ្ញុំ គឺថាបានចាក់បាញ់ឆែវម៉ាអំហ៊ឹងម៉ង។ ឡើងលើឡានមកវិញខ្ញុំដើរលើកដៃ៖ សុំទោស លោកអើយ ខ្ញុំប្រញាប់ពេកបុកពីណាខ្លះទេ សុំទោស!

ឡើងមកវិញលបៗទៅយកថង់អីវ៉ាន់នៅកន្លែងចាស់មករកកន្លែងថ្មីអង្គុយនៅខាងក្រោយ បានគុណបុណ្យ មានមនុស្សចុះឡើងៗទៅក៏មានទំនេរកៅអីខ្លះ មកដល់រហូតភ្នំពេញគ្មានកើតអីទេព្រោះគ្មានក្លិនចម្លែក 😀

ខ្ញុំនឹកថា កាលពីថ្ងៃសៅរ៍នោះមកពីបាត់ដំបងដល់ភ្នំពេញទៅហួសដល់កំពង់ធំទៀតក៏មិនកើតអី ចុះនេះ គ្រាន់តែពីកំពង់ធំដល់រំលងសោះហ្នឹង? នេះបានថា យីអ៊ុនវាដាក់ អារក្សវាធ្វើ។

ថាម៉ោងវាម៉ោងស្រុកខ្មែរទៅហើយ មកពុលឯឡាននេះទៅទៀត! ស្អែកឡើងចូលធ្វើការមេហៅលត់មួយ ក្រុម កៅឆាយទាំងព្រលឹម! 😀

នឹករឿងម៉ោងស្រុកខ្មែររបស់ខ្ញុំ កាលនៅធ្វើការកន្លែងចាស់ មានមីងម្នាក់គាត់មកពីអាមេរិច គាត់ចុះពីយន្ត ហោះជាមួយគ្រួសារគាត់ គេប្រគល់ទូរស័ព្ទឱ្យម្នាក់មួយៗគ្រាន់ស្រួលតេរកគ្នា រួចក៏ដឹកដាក់សណ្ឋាគារ ចូល បន្ទប់មុជទឹកអីរួចគេនាំទៅហូបបាយ តែគាត់ចង់ទៅលេងផ្ទះបងប្អូនគាត់គេក៏ដឹកគាត់ដាក់ផ្ទះបងគាត់។ គ្រាន់តែគ្រួសារគាត់ចូលដល់ក្នុងរបងភ្លាម ប្អូនជីដូនមួយម្នាក់ទៀតក៏អូសគាត់ឡើងឡាន ប្រាប់ថា មីងទៅ រកទិញអីមកហូប។

គាត់ក៏ស្រែកប្រាប់គ្រួសារគាត់ថា៖ ឯង! ខ្ញុំទៅរកទិញអីហូបជាមួយប្អូន!

ប្អូនគាត់ឆ្លៀត ស្រែកទៀត៖ តែដប់ប្រាំនាទីទេបង! (បងហ្នឹងជាបងថ្លៃ ស្រែកប្រាប់អីចឹងទៅគ្រាន់គាត់មិន សូវខ្លាច ព្រោះមកលេងផ្ទះបងប្អូនខាងប្រពន្ធ)

ដប់ប្រាំនាទី…កន្លះម៉ោង…មួយម៉ោងកន្លងផុតទៅ…គាត់បានទទួលសារប្រពន្ធគាត់ផ្ញើមក ៖

HELP… Cambodian Time…

មួយម៉ោងកន្លះក្រោយបានមនុស្សត្រឡប់មកវិញ!

ជយោ!

Cambodian Promise!

ឯវំ

29 ខែ​មីនា 2012 / ស្នាមញញឹម

មួយចំណុចដែលខ្ញុំចូលចិត្ត


ខ្ញុំស្រឡាញ់ពេញចិត្តតែមួយចំណុចនេះទេដែលខ្ញុំចង់បង្ហាញអំពីរឿងហ្គេយ៍របស់ខ្ញុំ៖

… «ប៊ីដេកននៀលលើកម្រាលដោយសម្លឹងមើលទៅប្រអប់កែវរាងបួនជ្រុងស្មើមានព័ណ៌ថ្លាយង់នៅចំពីមុខ ដោយទឹកមុខញញឹមញញែម ផ្អៀងផ្អងមើល រួចខ្សឹបៗម្នាក់ឯង៖

– ខ្ញុំបន់ស្រន់សូមឱ្យឯងក្លាយជាសត្វចម្លែកដែលល្បីល្បាញជាងគេបំផុតក្នុងលោកនេះ បើមិនអីចឹងទេការ ចំណាយប្រាក់របស់ខ្ញុំដើម្បីទិញកែវស្អាតដាក់ឯងនេះពិតជាអស់ឥតអំពើហើយ។ …តើឯងអាចក្លាយទៅជា សេះសមុទ្របានទេហ្ន៎?… ម៉េចក៏ខ្ញុំមិនដែលឃើញសត្វណាដូចជាឯងពីមុនមក? …

នៅក្នុងកែវដែលប៊ីទើបតែនិយាយនេះ មានសត្វចម្លែកព័ណ៌សស្លេករបស់គេមូលស្ទើរទ្រវែងប៉ុនក្រចកកូន ដៃសឹងមើលមិនឃើញវាមានចលនាអាចសម្គាល់បានថាមានជីវិតផងទេ តែបើមើលវាឱ្យជិតដូចប៊ីយើងអាច ឃើញវាមានជើងប្រាំបីតូចៗឆ្មារដូចសសៃសក់ដែលកម្រើកខ្វើកៗប្រឹងវារទៅមកក្នុងវិមានកែវថ្លានោះដែល ប៊ីយល់ថាវាមានផលប្រយោជន៍ចំពោះសត្វចម្លែករបស់គេ។

សម្លេងស៊ីប្ល៉េម៉ូតូតេតៗនៅខាងមុខរបងផ្ទះ ប៊ីចាំសម្លេងម៉ូតូនេះបានក៏ស្ទុះក្រោកទៅបើកទ្វារ។ ហានីសង្សារ របស់ប៊ីត្រឡប់មកពីធ្វើការវិញដោយអាការៈអស់កម្លាំងល្វើយ។

– អីគេហ្នឹង? (ហានីបានឃើញរបស់ប្លែកក្នុងល្វែងកណ្តាលផ្ទះ ដែលប៊ីដាក់តាំងលើខ្នើយ)

– ហានីៗ នេះគឺជាសត្វចម្លែកណា៎! (ប៊ីឧទានទាំងញញឹមពព្រាយទៅរកគូស្នេហ៍) ខ្ញុំរកវាឃើញនៅក្នុង ម៉ាញ៉េពេលធ្វើវាពីព្រឹកមិញនេះ … ពេលខ្ញុំដោះខ្ចៅ មើលមេកានិចដែលខូច ខ្ញុំឃើញវាតោងខ្សែពានក្នុង ម៉ាញ៉េហ្នឹង… (ប៊ីនិយាយផងដាក់ខ្លួនដេកមើលសត្វសំណព្វចិត្តរបស់គេតទៀត)

– សត្វចម្លែក? (ហានីភ្ញាក់នឹងរហ័សនាមសត្វ សង្សារទើបនឹងនិយាយប្រាប់ដែលមើលនឹងភ្នែកទទេសឹងតែ មិនឃើញ ព្រោះវាមានព័ណ៌សស្លេក។ គាត់ទាញវ៉ែនតាមកបន្ថែមគុណភាពភ្នែករបស់គាត់ទៀត)

– ខ្ញុំគិតថាវាជាសត្វចម្លែកព្រោះខ្ញុំមិនដែលឃើញវាពីមុនមកទេ!

– …ខ្ញុំក៏ដូចជា…មិនដែលឃើញដែរ… (ហានីស្របចិត្តនឹងប៊ីថាគាត់ក៏មិនដែលឃើញសត្វដែលប៊ីចាប់បាន ហ្នឹងដែរ ហើយក៏ងក់ក្បាលឯកភាពជាមួយការវិនិច្ឆ័យរបស់ប៊ី) …ប្រហែលជាចឹងមែនហើយ…

– ហានី! ខ្ញុំនឹងដាក់ឈ្មោះវាថា បានី។ ខ្ញុំនឹងចិញ្ចឹមវាឱ្យល្អ បើថ្ងៃក្រោយទៅវាក្លាយជាសត្វចម្លែកមែននោះ យើងនឹងធ្វើទ្រុងមួយឱ្យវានៅខាងមុខផ្ទះ! … (ប៊ីវក់ចិត្តរវើរវាយជាមួយរបស់ថ្មីដែលគេទើបតែមាន)

ផ្លាស់ខោអាវរួច ហានីនៅតែឃើញប៊ីយកចិត្តទុកដាក់ជាមួយសត្វចម្លែកនោះមិនព្រមងើបសោះ។ គាត់ក៏ ចេញដើរទៅក្រៅផ្ទះស្របពេលដែលម្ចាស់ផ្ទះជួលនេះឌុបគ្នាប្តីប្រពន្ធចូលមកដល់ដែរ។ ឆ្កែរបស់គាត់រត់ ទៅទទួលម្ចាស់ដោយត្រេកអរ ព្រោះម្ចាស់ស្រីរបស់វាមានយួរថង់មួយមកជាមួយដែរ។

– បង! បានម្ហូបអីថ្ងៃនេះ?

– គ្មានអីទេហានីអើយ ថ្ងៃនេះនាំគ្នាហូបគុយទាវមួយចានម្នាក់រួចបាយល្ងាច។ ពួកខ្ញុំទើបតែចេញមកហាង មិញនេះឯង! ចុះពីរនាក់ហ្នឹងបានអីហូបបាយ? (ប្រពន្ធម្ចាស់ផ្ទះតបមកហានីដែលកំពុងជ្រំគល់ផ្កាកុលាប)

– អត់ទាន់ដឹងទេបង! ប៊ីប្រហែលជាអត់បានទៅផ្សារទេព្រោះរវល់វក់ជាមួយសត្វចម្លែកដែលគេទើបរក ឃើញ។ នោះបង! ននៀលមិនព្រមក្រោកទេ … ពួកខ្ញុំបែបចេញទៅរកអីនៅខាងក្រៅដែរហើយ…

– ប៊ី! (ពូម្ចាស់ផ្ទះស្រែកសួរទៅប៊ីដែលនៅក្នុងផ្ទះ) ប៊ី! បានសត្វចម្លែកមកពីណា?

– ពូ! ពូ! ខ្ញុំរកឃើញវានៅក្នុងម៉ាញ៉េរបស់ខ្ញុំ! (ប៊ីស្រែកប្រាប់តបទៅម្ចាស់ផ្ទះដោយស្និទ្ធស្នាល) វាចម្លែក ណាស់មានខ្លួនធំ តែមានជើងតូចដូចសសៃសក់ចឹង។ ខ្ញុំមិនដែលឃើញវាទេតាំងពីកើតមក។

– ឯណា? សុំមើលផងមក៍! (ម្ចាស់ផ្ទះក៏ដើរទៅរកប៊ីដែលកំពុងលើកកែវសត្វចម្លែកចេញមកខាងក្រៅ)

– បានអីហ្នឹងប៊ី? (ប្រពន្ធរបស់គាត់សួរទៅប៊ី ដែលកំពុងអរកខិបកខុបនៅពេលមានអ្នកយកចិត្តទុកដាក់ ជាមួយខ្លួន ផ្ទុយស្រឡះពីសង្សារគេ ដើរចេញទៅកំសាន្តចិត្តជាមួយគុម្ពផ្កាតែម្នាក់ឯងមិនត្រេកអរដូច ខ្លួនសោះ។ ម្ចាស់ផ្ទះជួលទាំងពីរនាក់ប្តីប្រពន្ធនេះស្តាប់មួយភ្លែតទៅក៏អាចសន្និដ្ឋានបានថាពួកគេមាន ភាពជិតស្និទ្ធនឹងប៊ីជាងហានី ព្រោះថាគ្រាន់តែឮប៊ីមានសត្វចម្លែកក៏នាំគ្នាដើរទៅរកប៊ីភ្លាម)

– បង! ពូ! មើលហ្នែក! នេះជាសត្វចម្លែករបស់ខ្ញុំ ខ្ញុំបានទៅទិញកែវយកមកដាក់វាតាំងពីព្រឹកពេលបាន ឃើញវាភ្លាម! (ពូម្ចាស់ផ្ទះចាប់កាន់កែវរបស់ប៊ីមើលទៅមើលមកក៏បើកគម្របវាឡើងមើលឱ្យច្បាស់)

– ប៊ីហ្អា៎! អាហ្នឹងដូចជាតុកកែឆ្កែទេ! ដូចមិនមែនសត្វចម្លែកអីទេ គឺតុកកែញី! (ពូម្ចាស់ផ្ទះស្រែកទាំងភ្ញាក់)

– តុកកែ? (ហានី និងប៊ីបើកភ្នែកធំៗរកគ្នា)

– មែនហ្នឹងឯងប៊ី! (បងស្រីបន្ទរតាមប្តីរបស់គាត់) គ្រាន់តែថាតុកកែនេះវាអត់បានបឺតឈាមយូរវាទៅជា សស្លេកស្លាំងចឹងឯង! បើវានៅលើខ្លួនឆ្កែគឺមានព័ណ៌ក្រម៉ៅជាងនេះ នេះបែបនៅក្នុងហ្នឹងយូរណាស់ ហើយបានជាព័ណ៌ឡើងសស្លេកបែបនេះ!…

– ប៊ី! ឆាប់យកអីមកដុតវាភ្លាមមក! (បងស្រីម្ចាស់ផ្ទះនិយាយស្ទើរតែមិនទាន់ចប់ ហានីស្រែកប្រាប់ប៊ីឱ្យ រកអ្វីមកកម្ទេចសត្វចម្លែកដែលពួកគេទើបតែដាក់នាមឱ្យមុននេះប្រហែលម្ភៃនាទី)

ប៊ីស្ទុះចូលទៅក្នុងផ្ទះរកដែកកេះនិងទានមកដុតតុកកែញីចោលភ្លាម។ ពួកគេនៅក្មេងនៅឡើយមិនទាន់ ទាំងស្គាល់សត្វសាមញ្ញៗដែលនៅជុំវិញខ្លួនអស់ផង។ ប៊ីជាកូនអ្នករាជការនៅតាមខេត្ត តែប៊ីមិនដែល បានឃើញតុកកែនៅក្នុងផ្ទះរបស់ខ្លួនឡើយ ដូចគ្នានឹងប៊ី ហានីជាកូនអ្នកជំនួញនៅឯខេត្តក៏មិនដែល បានស្គាល់តុកកែថាមានរូបរាងយ៉ាងណា ពិតមែនតែពួកគេបានរៀនចប់មហាវិទ្យាល័យហើយក៏ដោយ

នៅយប់នោះក្រោយពេលត្រឡប់មកពីញ៉ាំអាហារពេលល្ងាចនៅខាងក្រៅរួចមក ទាំងពីរនាក់ក៏ចាប់ សៀវភៅនិងកិច្ចការងាររបស់ខ្លួនធ្វើជាធម្មតា តែក្នុងចិត្តរបស់ពួកគេហាក់បីដូចជាអស់សង្ឃឹម ដូចជា ខ្វល់ខ្វាយជាខ្លាំង! …»

តែប៉ប៉ុណ្ណឹងឯងដែលខ្ញុំចូលចិត្ត។

ឯវំ

29 ខែ​មីនា 2012 / ស្នាមញញឹម

យ៉ាងណាដែរមួយឈុតនេះ?


បើសិនជារឿងស្នេហាកំសត់ៗមិនត្រូវបានគេគាំទ្រទេ រឿងស្នេហាមនុស្សចាស់ប្រហែលជាជម្រើសរបស់ខ្ញុំ ហើយសម្រាប់ថ្ងៃបុណ្យឈប់សម្រាកនេះ។

មួយល្បះពីរ ខាងក្រោមនេះគ្រាន់តែជាផ្នែកមួយនៃរឿងស្នេហាមនុស្សចាស់ដែលខ្ញុំចង់ប្រូម៉ូសិនបន្តិច។

«…អតីតគូស្នេហ៍មួយគូបានជួបគ្នាវិញដោយចៃដន់ និងព្យាយាមបង្កាត់ភ្លើងស្នេហាចាស់ដែលនៅសល់ រងើកខ្លះកំពុងឆេះនៅឡើយ…

– បងខ្លាច… (ការុណនិយាយខ្សឹបៗប្រាប់សវនីសង្សារចាស់របស់ខ្លួនដែលនៅអង្គុយលេងប្រឡែងនឹងទឹក អាងចិញ្ចឹមត្រីក្បែរខ្លួនគេ)…

– ខ្ញុំគ្មាននរណាហួងហែង គ្មានពុកគ្មានម៉ែឯណានៅចាំនៅយាមទៀតទេ តើបងនឹងខ្លាចអ្វី? (នារីមជ្ឈិមវ័យ ងាកមុខមកមើលអតីតសង្សារដែលសម្តែងការបារម្ភជាខ្លាំងចំពោះទំនាក់ទំនងជាថ្មីរបស់ពួកគេ)

– អូនមើលមកបងស្មានថាបងជាមនុស្សគិតងាយណាស់ទៅឬ? ដែលបងបារម្ភសព្វយ៉ាងនេះគឺបងបារម្ភ តែអំពីអូនមួយមុខគត់ …

– នរណាឱ្យបងមកទទួលខ្ញុំ? ខ្ញុំទៅផ្ទះខ្លួនឯងបានតើ! (សវនីចេញពីកន្លែងធ្វើការកំពុងឈររេរានៅមាត់ផ្លូវ)

– បងអផ្សុកក៏ជិះមកច្រាសដំណើរអូនទៅក្រែងបានតែមួយប៉ាន់ផឹកគ្រាន់ផ្សើមបំពង់ក។ (និយាយរួច ការុណគាត់ក៏សើចរលាក់តាមរបៀបកំប្លែងរបស់គាត់)

– ចឹងក៏បាន! ថ្លៃឈ្នួលមកចាំជូនទៅផ្ទះនេះ ខ្ញុំនឹងធ្វើម្ហូបជូនបងពិសាមួយល្ងាចឱ្យពេញចិត្តតែម្តង!

– អូខេ! បានប៉ុណ្ណឹងគ្រាន់ជាងកាលពីក្មេងហៅហូបត្របែកដែរ! ហាសហាសហា…

– ហ៊ិៗៗ…ឡូវចង់ពិសាអី ដឹកខ្ញុំទៅផ្សារទៅ! (ថារួចនាងក៏ជំទើតជើងឡើងម៉ូតូពីក្រោយសង្សារឱ្យកន្តឹមតឹម)

– បុកសាច់គោអាំងសណ្តែកកួរ និងសម្លម្ជូរគ្រឿងក្បាលត្រី! បានទេ?

– ចាស អញ្ជើញកំម៉ង់តាមសប្បាយលោកបង! តែទាល់តែជួយខ្ញុំធ្វើទើបឆាប់បានហូបទាំងអស់គ្នា!

– ដោយក្តីរីករាយអ្នកនាងម្ចាស់!

– កុំនិយាយលេង ទៅឆាប់ចេញម៉ូតូទៅ នៅទើសផ្លូវគេដល់ណាទៀត?

កំពុងតែរៀបចំបិទទ្វារផ្ទះដើម្បីចេញទៅក្រៅ ស្រាប់តែសវនីងាកមកឃើញជនចម្លែកបីនាក់ពាក់មួកឃ្លុប យកកាំភ្លើងភ្ជង់នាង ឈរជុំទិស។ សវនីស្រឡាំងកាំងស្របពេលដែលឃើញស្ថានភាពស្ត្រីចំណាស់នេះ កំពុងស្លុតភាំងស្មារតី បុរសម្នាក់ក្នុងចំណោមនោះបានឡើងជិះម៉ូតូរបស់សវនី ហើយបុរសដែលភ្ជង់នោះ បានស្រែកឱ្យនាងប្រគល់កាបូបដៃឱ្យគ្នាគេ។

សម្លេងគ្រាប់កាំភ្លើងបានផ្ទុះឡើងនៅពេលសវនីប្រុងប្រៀបរត់គេចខ្លួនដោយបានឃើញការុណកំពុងបរ ម៉ូតូនៅត្រើយផ្លូវម្ខាងប្រុងបត់ឆ្លងមករកនាង។

…»

ឯវំ

27 ខែ​មីនា 2012 / ស្នាមញញឹម

ចុងក្រោយគេ


បើមិនចូលចិត្តស្នេហាព្រាត់ប្រាស និងរឿងហ្គេយ៍កំប្លែងទេ ចុះចូលចិត្តរឿងស្នេហាមនុស្សចាស់ដែរទេ?

បើចូលចិត្តចុច Like មួយមក 😀

27 ខែ​មីនា 2012 / ស្នាមញញឹម

មានជម្រើសមួយទៀត


ក្នុងពេលសម្រាកបុណ្យចូលឆ្នាំនេះខ្ញុំនឹងសរសេររឿងខ្លះទុកចែកញាតិកម្សាន្តអារម្មណ៍។

តែសូមប្រាប់ខ្ញុំដោយគ្រាន់តែចុច Like លើប្រភេទរឿងដែលអ្នកចង់មើល។

បើមិនចូលចិត្តស្នេហាកំសត់ តើចូលចិត្តរឿងហ្គេយ៍ កំប្លែងទេ?

 

27 ខែ​មីនា 2012 / ស្នាមញញឹម

ស្នេហាកំសត់


សូមប្រាប់ខ្ញុំថាតើអ្នកចូលចិត្តរឿងស្នេហាកំសត់ទេ?

បើចូលចិត្តសូមចុច Like មក។

ខ្ញុំនឹងសរសេររឿងស្នេហាកំសត់ព្រាត់ប្រាសតភាគពីរឿងមុនរបស់ខ្ញុំ។

26 ខែ​មីនា 2012 / ស្នាមញញឹម

កិត្តិយស ឬស្នេហា? មួយណាធំជាង?


«ប្រាប់បងតាមត្រង់ ខ្ញុំនៅស្រឡាញ់បងស្ទើរតែដូចពីដើម…

តែរវាងកិត្តិយស និងស្នេហា ខ្ញុំត្រូវធើ្វការថ្លឹងថ្លែង។

សេចក្តីស្នេហារបស់ខ្ញុំចំពោះបងធំធេងណាស់ ជ្រាលជ្រៅណាស់ បងដឹងទេ? ខ្ញុំហ៊ាននិយាយប្រាប់គ្រួសារខ្ញុំ ថាខ្ញុំស្រឡាញ់បងបំផុត ខ្ញុំចង់រួមដំណើរជីវិតជាមួយបងក្នុងពេលសេសសល់ដែលខ្ញុំមាន។ គ្មានអ្វីនឹងអាច បញ្ជាក់បានថាខ្ញុំស្រឡាញ់បងប៉ុណ្ណា គ្មានអ្វីវាស់បានថាក្នុងជម្រៅចិត្តខ្ញុំមានរូបបងត្រឹមណាទេ តែខ្ញុំវាស់ កម្លាំងឆន្ទះរបស់ខ្ញុំបានថា៖

ខ្ញុំនៅស្រឡាញ់បង … ខ្ញុំនៅស្រឡាញ់កិត្តិយសខ្លួនឯង…

ខ្ញុំមិនអាចធ្វើជាអ្នកទីបីសម្រាប់ក្រុមគ្រួសារបងទេ ខ្ញុំលែងចង់បានបងជាកម្មសិទ្ធិរបស់ខ្ញុំទៀតហើយ។ ខ្ញុំគិត បែបនេះតាំងពីថ្ងៃដែលបងសម្រេចចិត្តជ្រើសយកគេ តាំងពីថ្ងៃដែលខ្ញុំបានដឹងច្បាស់ថាបងត្រូវការគេជាងខ្ញុំ ខ្ញុំមើលឃើញគុណសម្បត្តិរបស់គេមានចំពោះបងច្រើនជាងខ្ញុំមានចំពោះបង…

ដូច្នេះ ខ្ញុំប្រាកដចិត្តណាស់ថាគេនឹងថែបងបានល្អជាង។ ខ្ញុំស្រឡាញ់បងខ្លាំងពិតមែន តែមិនប្រាកដថាខ្ញុំនឹង ថែបងបានល្អនោះទេ ខ្ញុំប្រហែលជាមិនធ្លាប់ថែបងផងមិនដឹង…

សូមបងសម្រេចចិត្ត និងថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ កុំយកការវិនិច្ឆ័យសម្បកខាងក្រៅជាគោល គួរគិតថាគេមាន អ្វីដែលល្អៗសម្រាប់បងដែរ មិនមែនគ្មានសោះនោះទេ នោះជាអ្វីដែលបងបានសម្រេចចិត្តជ្រើសរើសគេ។ កុំ មើលឃើញតែវិបត្តិរបស់មនុស្សដែលគេស្រឡាញ់បង គួរសម្លឹងរកគុណសម្បត្តិរបស់គេផង នោះបងនឹងដឹង ថាគេមានក្តីស្រឡាញ់សម្រាប់បងដូចគ្នា។

បង! អ្នកដទៃអាចនឹងនិយាយអាក្រក់ពីគេ តែអ្នកដែលដឹងពីគុណសម្បត្តិរបស់គេច្បាស់គឺមានតែបងទេ សូមទុកពេលវេលាសម្រាប់គេផង មុននឹងបងតវ៉ាថាគេគ្មានពេលសម្រាប់បង!…»

ឯវំ

នេះជាអត្ថបទដែលខ្ញុំ (លី កល្យាណ) សាកសរសេរពីអារម្មណ៍។ សូមញាតិជិតខាងទាំងឡាយជួយវាយតម្លៃ (មិនមែនក្នុងន័យគាំទ្រ) ដើម្បីខ្ញុំបានកែលម្អ ក្នុងពេលសរសេរអត្ថបទក្រោយៗទៀតផង។

23 ខែ​មីនា 2012 / ស្នាមញញឹម

ជម្រាបរលឹកអ៊ំពូមីងបងប្អូនទាំងអស់គ្នា


ខ្ញុំបានត្រឡប់មកវិញហើយ ក្រោយពេលធ្វើដំណើរកំសាន្តជុំវិញបឹងទន្លេសាបអស់កាលមួយអាទិត្យមក។

មានតែតាម៉ាប់ទេដែលមាត់ទិព្វជាងគេដែលគួរតែលើកតម្កើងជាមនុស្សមានបុណ្យ។ គាត់ជូនពរខ្ញុំឱ្យ ប្រណាំងឡានបានលេខ១ ពិតជាដូចមាត់គាត់ថាមែន គឺថាជាធម្មតាមានអ្នកនាំផ្លូវយើងដែលគាត់បើកបរ លឿនសម្រាប់ខ្ញុំណាស់ តែលើកនេះគ្មាននរណាបើក ប្រធានធំរបស់ខ្ញុំជាអ្នកបើក។ ពេលគាត់កំពុងបើក ស្រាប់តែក្នុងឡានមានសម្លេងស្រែក ចេក … ចេក… ចេក… ខ្ញុំដែលកំពុងរកមើលផ្លូវបត់ និងសម្លឹងរកអ្នក នាំផ្លូវយើងទៅកាន់ភូមិ ក៏ប្រឹងកកូរកកាយរកមើលតើទូរស័ព្ទឬអី? ម៉េចក៏ទូរស័ព្ទនេះមានសម្លេងចម្លែកម្ល៉េះ ក្នុងឡាននេះមានមនុស្សតែបួននាក់ទេ រួចទូរស័ព្ទសុទ្ធតែដាក់សម្លេងតិចបំផុតទាំងអស់គ្នាហើយសុទ្ធតែខ្ញុំ ចំណាំសម្លេងបានទាំងអស់ ចុះអាណឹងស្អី? មកពីណា?

ចេក … ចេក… ចេក… ពុទ្ធោ ឡានស្រែកទេ! ព្រោះជាន់គ្នាហួសល្បឿនកំណត់! នេះបានពិតជាក្រុមបង្ហោះ ឡានពិតមែន។ ប្រធានគាត់ក៏ស្រែកប្រាប់ឡានវិញថា «គាត់ដឹងហើយ!» 😀

អរគុណតាម៉ាប់ ពិតជាបានពានលេខមួយមែន! ព្រោះថានាំមុខគេរហូត សំខាន់គឺពីបាត់ដំបងមកភ្នំពេញ យើងចំណាយពេលត្រឹមតែបីម៉ោង និងសែសិបប្រាំនាទីប៉ុណ្ណោះពិតជាចំណេញពេលវេលា និងបានទទួល រង្វាន់ជាទីគាប់ចិត្ត គឺថាមកដល់ការិយាល័យវិញ សហគមន៍មួយនៅពោធិ៍សាត់ដែលខ្ញុំស្រឡាញ់ជាងគេ បានផ្ញើនំជនជាតិចាមមួយកេសមកពួកយើង  😀 ។ គ្មាននរណាដូចខ្ញុំទេ គ្រាន់តែឮថាមាននំហូបហែក កេសភ្លាមមុនគេមុនឯងដោយមិនទាន់ទាំងដាក់សម្ពាយ នេះបើជាគ្រាប់បែកមួយកេសវិញ…ល្មមខ្ញុំ… 😀

មកវិញលើកនេះខ្ញុំមានរឿងសប្បាយចិត្តជាច្រើនដែលចង់ចែករម្លែក តែគិតថានឹងដាក់នៅក្នុងប្រកាស ក្រោយៗទៀតព្រោះថាទាក់ទងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនដូច្នេះការសរសេរក៏ត្រូវតែប្រយ័ត្ន មិននាំឱ្យប៉ះពាល់ដល់នរណាឡើយ។

អរគុណបងសុធា សុជីវី តាម៉ាប់ ពូខ្មែរលីង ពូស្រុកស្រែ ដែលបានជូនពរ ។ ខ្ញុំមានចំណាប់អារម្មណ៍លើ ពាក្យពីរម៉ាត់របស់ពូខ្មែរលីង «ដាក់ដោកដាក់រង្វង់» នាំឱ្យនឹកដល់កាលនៅក្មេង ចាស់ៗរបស់ខ្ញុំចំណាំប្រើ ពាក្យទាំងនេះ ។ មាត់ពូស្រុកស្រែក៏ទិព្វដែរ ព្រោះថាត្រឡប់មកលើកនេះមានរឿងសប្បាយចិត្តចែកញាតិ ចែកមិត្តគ្រាន់នឹងកែកំសាន្ត ចាក់ក្រឡេកគ្នាសើច ឬផាឱ្យគ្នាទៅវិញទៅមកដូចបងសុធា និងសុជីវី … 😀

មនុស្សចម្លែក (កាលមុនឈ្មោះសម្លេងផ្គរ ដូរឈ្មោះញឹកពេក លី កល្យាណ វង្វេងអស់ហើយ) ចាំបាច់ ជម្រាបសួរអីធ្លាប់មកលេងហើយតើ ខ្ញុំទេដែលមិនទាន់បានទៅលេងផ្ទះអ្នកឯណោះ ព្រោះថាថ្ងៃមុនបាន ទៅរកដែរតែរកមិនឃើញ ព្រោះលីងច្រើនពេក ខ្ញុំចាស់ផងភ្លេចពាក់វ៉ែនតាទៅផងច្រឡំតែផ្លូវ។

ចាំតែពាក្យតាម៉ាប់ និងសុជីវីទេ «កុំទៅយូរពេក…នឹកស្លាប់ហើយ…» នេះខ្ញុំគ្រាន់តែជាមិត្តក្នុងឋានឥន្ទនេត្រ ទេប្រើពាក្យដាក់ខ្ញុំផ្អែមជាងទឹកឃ្មុំខែចេត្រ (ក្នុងរូប) ទៅទៀត ចុះទម្រាំប្តីទម្រាំសង្សារវិញនោះ …

អូម៉ាយហ្គត់!

អរគុណពូៗ បង ប្អូនៗៗៗ ដែលបានជួយមើលជួយអើតផ្ទះរបស់ខ្ញុំមិនសូវដាច់ ខ្ញុំគ្មានអ្វីសងពូៗបងៗប្អូនៗ វិញទេមានតែចាំជួយមើលផ្ទះឱ្យវិញប៉ុណ្ណោះ។

ខាងក្រោមនេះជារូបភាពខ្លះៗបានមកពីភូមិ…

មួយនេះបានមកពេលចុះបេះផ្កា

មួយនេះមិនមែនចង់បង្ហាញក្រយ៉ៅដៃទេ តែទ្រាំទុកដល់ពេលឈប់មិនបាន ក្រពះខ្ញុំវាស្រែក!

មួយនេះបានពិតជាឆ្ងាញ់

មួយនេះម្ចាស់រើផ្ទះទៅអស់ហើយ នរណាមិនដឹងស្មានថាស្អាត!

មួយនេះតូចពិតតែមានទឹកដមណាស់

ផ្ទះធំតែខ្លួន គ្មានម្ចាស់នៅ

ពួកខ្ញុំជិតរើផ្ទះហើយ យកខ្ញុំមកធ្វើអី?

មិនដឹងថាអ្នកលក់មានចេតនាចង់ទាក់ទាញឬយ៉ាងណាទេ តែខ្ញុំដឹងច្បាស់ថាឃ្មុំមិនធ្វើសម្បុកបែបនេះឡើយ!

 

មកនេះគ្មានបានទិញរបស់បញ្ញើឯណាឱ្យបានដល់ដៃញាតិមិត្តឡើយមានតែផ្ញើតាមរូបដែលបានភ្ជាប់ជូន នេះគ្រាន់ជាការបង្ហាញថាខ្ញុំមានចិត្តមានថ្លើមចង់ទិញមកជូនដែរតែទាស់ម្យ៉ាង!

18 ខែ​មីនា 2012 / ស្នាមញញឹម

សូមជម្រាបលាមួយគ្រាសិន


ដោយសារប៉ុន្មានខែនេះអត់ការងារធ្វើ បានជាទំនេរមកនៅផ្ទះដែលសង់ក្នុងភូមិវើតប្រេសបានញឹកជាងគេ ផ្ទះឯភូមិប្លក់ស្ព៉ត់ឯណោះចូលលែងកើតហើយព្រោះចាក់សោរមិនត្រូវ។ និយាយធ្វើមើលតែអ្នកមាន មាន ផ្ទះពីរបីសង់នៅគ្រប់ភូមិ!

ប៉ុន្មានថ្ងៃនេះ ម៉ែបានជិះអាមិច មកជេរដល់ភ្នំពេញឱ្យខំរកការងារធ្វើ មិនមែនឱ្យទំនេរលេងឥន្ទនេត្រទេ (គាត់មានគិញសម្ងាត់ចាំតាមដានតាមផ្ទះរបស់ខ្ញុំទាំងអស់ តាំងពីវើតប្រេស ប្លក់ស្ព៉ត់ ស្កាយ ហ្វេសប៊ុក ធ្វីតធ័រ។ល។ ច្រើនពេករាប់ចង់ជាប់អណ្តាត)។ ពីពីរខែមុនម៉ែបានបររទេះគោមកជេរដែរតែដោយសារគាត់ មិនចេះប្រាបគោត្រឹមត្រូវមកដល់ពាក់កណ្តាលផ្លូវគាត់ក៏ដាក់រទេះស្រាយគោ សម្រាកទៅភ្លេចឯរឿងជេរខ្ញុំ!

ឥឡូវចង់មិនចង់ក៏ត្រូវតែស្តាប់ម៉ែ! គឺត្រូវខំរឿងការងារ ហើយជម្រាបលាបងប្អូនមាមីងអ៊ំទៅប្រណាំងឡាន មួយជុំបឹងទន្លេសាបសិន ចាំត្រឡប់មកវិញអ៊ុតលទ្ធផល។ បែបនេះទុកផ្ទះចោលមួយគ្រាសិនហើយ។

ខ្ញុំកំពុងតែគិតថាដូចជាសរសេររឿងខ្លួនឯងច្រើនពេកតាំងពីត្រូវមួយដំបង និងបីដងចបមក ខ្ញុំកំពុងគិត សរសេររឿងស្នេហាមនុស្សចាស់ តែដូចជារកទំនុកមិនឃើញ។ ធ្វើអីដូចមិនចង់ធ្វើ បែរទៅខុសសន្យាជា មួយមិត្តម្នាក់ថានឹងតែងទំនុកដាក់មេឡូឌីរបស់គាត់ក៏តែងមិនចេញ ដាក់អារម្មណ៍មិនបាន។ រួចចំណាយ ប្រាក់នឹងឥន្ទនេត្រនេះមួយខែៗរាប់សិបជិតរយដុល្លាក៏គ្មានឃើញបានការអ្វី គិតដកខ្លួនមួយគ្រាសិន។

តែមុននឹងលា សូមនិយាយពាក្យគួរសមចាស់ទុំ និងញាតិជិតខាងតិចសិន ៖

បងសុធា ខ្ញុំសូមផ្ញើផ្ទះផង បងមើលដូងប៉ុន្មានដើមនៅខាងក្រោយផ្ទះ មានក្មេងណាមកប្រើវាឱ្យឡើងបេះ ទៅបង អាដើមមានផ្លែតូចនោះទឹកវាផ្អែមជាងគេ។ ជួយអើតៗឱ្យខ្ញុំផងបងអើយ! (ធ្វើមើលតែមានទ្រព្យ របស់អីធំដុំណាស់ចឹង)។

សុជីវីអើយ ខ្ញុំផ្ញើផ្ទះផង ខ្ញុំទៅប្រណាំងឡាន។ ដើមស្ពឺម៉ាដើមនៅមុខផ្ទះហ្នឹងផ្លែផ្អែមគ្រាន់បើដែរ មើលៗ ទៅ បើឃើញទុំទេបេះចែកកូនៗហូបផងគ្រាន់មិនសូវទ្រហឹង។

តាម៉ាប់អើយៗតាម៉ាប់ នាំយាយម៉ាប់និងពួកម៉ាកមកលេង និងជួយមើលផ្ទះខ្ញុំផង។ ហើយស្វាយឆ្កួតខ្ញុំមួយ ដើមក្បែរដើមស្ពឺផ្អែមហ្នឹងបេះចែកគ្នាហូបទៅ វាផ្លែមិនរើសរដូវទេ បើមានគ្នាយើងណាមកលេងនាំគ្នាឡើង ទៅខ្ញុំដើរចោលផ្ទះមួយគ្រាសិនហើយ។

អរគុណបងប្អូនអ៊ំពូមីងដែលតែងចូលមកលេងផ្ទះខ្ញុំ ហើយបាននាំនិយាយគ្នាសើចសប្បាយ ចិត្តរបស់ខ្ញុំ ចង់បានតែភាពរីករាយប៉ុណ្ណឹងឯងទេ មិនប្រាថ្នាបុណ្យឯណាដែលធំហួសសមត្ថភាពរបស់ខ្លួនឡើយ។

នឹកៗខ្ញុំផងណា៎! ចាំមកវិញខ្ញុំមានរបស់ផ្ញើ! 🙂

17 ខែ​មីនា 2012 / ស្នាមញញឹម

មូលហេតុដែលកើតមានតែម្តងក្នុងជីវិត


ខ្ញុំធ្វើការនៅកន្លែងនេះជាងបីឆ្នាំគិតមកទល់ ២០១០។ នៅកន្លែងការងារណាក៏ដូចតែគ្នាដែរតែងមានការ ប៉ះទង្គិចជាមួយមេខ្លះមិនខាន ខ្ញុំក៏ដូចគេដូចឯងដែរ ហើយប្រហែលជាខ្លាំងជាងគេផងព្រោះភាសាអង់ គ្លេសរបស់ខ្ញុំហ្នឹងវាកម្រិត២។ តែអ្វី ដែលខ្ញុំចង់រម្លឹកនៅទីនេះគឺប្រធានចាស់របស់ខ្ញុំ។

គាត់ជាបុរសដំបូងរបស់ខ្ញុំ!

យើងមានកម្មវិធីមុនមួយថ្ងៃ មុនថ្ងៃដែលគាត់ត្រូវត្រឡប់ទៅស្រុកគាត់វិញ ដោយជប់លៀងលាគ្នា មាន ស្រាបៀរ ស្រាក្រហម ទឹកក្រូច ងាវស្រុះ បង្គាស្រុះ មាន់ដុត ពងទាកូនដែលសុទ្ធតែជាចំណូលចិត្តរបស់ ក្រុមការងារយើងទាំងអស់គ្នា និងមានអ្នកស្គាល់គ្នានៅជិតៗនោះមកចូលរួមដែរ។ យើងនិយាយគ្នាលេង រម្លឹករឿងការងារ និយាយរឿងកំប្លែងសើច និយាយដើមគ្នាយើងខ្លះគ្នាគេខ្លះ គាត់នៅឆ្លៀតផ្តាំផ្ញើការងារ ពួកយើងទៀត។ ក្រោយជូនវត្ថុអនុស្សាវរីយ៍ចម្លាក់ឈើខ្មែរ និងមានចុះហត្ថលេខារបស់យើងទាំងអស់គ្នា ចូលដល់កម្មវិធីថតរូបទុកជាអនុស្សាវរីយ៍ ផឹកស្រា ជជែកគ្នា រហូតដល់យប់បានបែកគ្នា។ ខ្ញុំចាំមិនបានថា កាលណោះយើងនាំគ្នាទៅច្រៀងការាអូខេបន្តទៀតឬអត់ទេ!

ស្អែកឡើងក្រោយចប់ម៉ោងការងារ គាត់ក៏លាពួកយើងម្តងម្នាក់។ ខ្ញុំស្ទើរស្រក់ទឹកភ្នែកព្រោះនឹកគាត់ដែល ធ្លាប់តែឃើញមុខគ្នា ដល់មកបែកគ្នាគ្រានេះមិនងាយបានជួបទេព្រោះគាត់ទៅស្រុកវិញ។ ដល់វេនខ្ញុំ ខ្ញុំខំ ទប់ទឹកភ្នែក ចាប់ដៃលាគាត់និយាយពាក្យប៉ុន្មានមាត់ជូនពរគាត់ គាត់ក៏ដូចគ្នា ស្រាប់តែគាត់ស្រវាចាប់ឱប ខ្ញុំមួយទំហឹងដៃគាត់ នេះបើសិនខ្ញុំមានមាឌធំប៉ុនគាត់ខ្ញុំមិនព្រមឱ្យគាត់ឱបខ្ញុំទេ តែនឹកវាមិនដល់ថាមេដែល មហាសុជីវធម៌ដូចគាត់នឹកឃើញមកចាប់ឱបខ្ញុំទាំងគាត់ដឹងថាខ្មែរមិនមានទំនៀមធម្មតាបែបនេះ។ តែមាឌ ក្រោមក្លៀកគាត់ដូចជាខ្ញុំរើគ្មានរួចទេ គាត់ចាប់ឱបរហូតដល់លាន់ឆ្អឹងខ្ញុំឮសូរឃ្លឹក!!! ថើបមួយខ្សឺតទៀតហ្ន៎!

ខ្ញុំមិនដែលឃើញមនុស្សប្រុសបរទេសឯណាដែលមហាសែនល្អដូចជាគាត់ គ្មានស្រី មិនចេះលេងសើចដើរ ផឹកស៊ីយប់ មួយថ្ងៃៗគិតតែការងារ តែដល់ម៉ោងចេញពីធ្វើការទ្រនិចដើរដល់នាទីនោះភ្លាមគឺរៀបចំអីវ៉ាន់ ព្រឹបៗរួចលាគ្នាហើយចេញទៅបាត់។ មានតែបាល់ទាត់ទេដែលអាចឱ្យគាត់សុំចេញមុនម៉ោងបាន គឺបាល់ ទាត់ពិភពលោក ខ្ញុំមិនដឹងរឿងកីឡាទេក៏មិនដឹងថាគាត់តាមដានក្រុមណាជាមួយក្រុមណាទេ ដឹងតែគាត់ ចេញពីការិយាល័យទៅមុនម៉ោងដែលខុសទាំងស្រុងពីទម្លាប់គាត់។

គាត់ស្រឡាញ់ស្មោះស្ម័គ្រជាមួយលោកស្រីគាត់ណាស់ គាត់នាំមកលេងឱ្យពួកយើងស្គាល់ប៉ុន្មានដងដែរ តែខ្ញុំចាំឈ្មោះគាត់មិនបាន។ មានម្តងគាត់និយាយលេងជាមួយយើង គាត់ថាគាត់ត្រូវទៅផ្ទះមុនពួកយើង ព្រោះ «បស់ Boss» របស់គាត់នៅចាំ។ ខ្ញុំចាប់ពាក្យនោះបានព្រោះគាត់កម្រនិយាយលេងណាស់ ពេល ណាក៏មានតែពាក្យថាការងារៗ គ្មានសម្រាកថ្ងៃបុណ្យអីទេ។ ដល់ពេលពួកគាត់ត្រូវសម្រាកត្រឡប់ទៅ ស្រុកវិញ ខ្ញុំក៏ជូនពរគាត់ថា សូមផ្ញើសេចក្តីនឹករលឹក និងជូនពរ «ម៉ាយគ្រេនបស់ My grand boss» ផង សូមលោកទាំងពីរធ្វើដំណើរប្រកបដោយសុវត្ថិភាព។ គាត់ភ្លេចពាក្យគាត់ ខ្ញុំក៏សម្រាយជូនថា កាលពីមុន លោកនិយាយថា ប្រពន្ធលោកជាប្រធានរបស់លោក លោកជាប្រធានរបស់ខ្ញុំ នាំឱ្យប្រពន្ធរបស់លោកជា ជីដូនប្រធានរបស់ខ្ញុំ (បកស្រាយតាមបែបសមីការពេជគណិត)។ គាត់សើចឡើងរលាក់!!!

យ៉េ!!! ថ្ងៃបែកគ្នាពិតជាធ្វើឱ្យខ្ញុំនឹកគាត់ខ្លះដែរ តែមានប្រធានផ្ទាល់របស់ខ្ញុំនៅក្បែរខ្ញុំមិនសូវគិតគាត់ពេក ទេព្រោះប្រធានផ្ទាល់នេះក៏មានប្រវត្តិមិនតិចជាមួយខ្ញុំដែរ។

ស្អែកឡើងខ្ញុំមកធ្វើការជាធម្មតា តែដូចជាយ៉ាងម៉េចមិនដឹងទេ … ដំបូងលាដៃវាយអក្សរ សរសេរអក្សរ ស្រាប់តែញ័រដៃ គ្មានកម្លាំងវាយ ឬកាន់ប៊ិចសរសេរ។ ខ្ញុំនឹកថាបែបមកពីការញៀនកាហ្វេរបស់ខ្ញុំ ក៏ក្រោក ក្រេសពីកៅអីទៅរកកាហ្វេមួយកែវ រួចត្រឡប់មកវិញធ្វើការតទៅទៀត តែមួយម៉ោងកន្លងទៅហើយនៅ តែធ្វើការមិនកើតទៀត និយាយទៅដូចជាយ៉ាងម៉េចមិនដឹង បើថាគ្រុនទៅវាញាក់ញ័រ វិលមុខ រកក្អួតអីគឺ ដឹងថាគ្រុន តែនេះមិនមានចឹងទេ តែដឹងថាធ្វើការតទៀតគឺមិនកើត។ ដោយសារដឹងខ្លួនថាខុសធម្មតា កុំ ឱ្យខូចថ្ងៃការងារគេ ខ្ញុំសុំសម្រាកមួយថ្ងៃ។

ស្អែកឡើងនៅតែចឹងទៀត ហើយក៏ធ្ងន់ជាងម្សិលទៅទៀត គឺរញីរញ័រ ដាក់កាហ្វេបីដងហើយនៅតែចឹង ទៀត។ សុំច្បាប់រួចហើយ តែមិនចង់ទៅសោះ លុះតែនឹកថាបើខ្ញុំផ្តាសាយហើយនៅក្នុងកន្លែងការងារបន្ត ទៀតមុខជាឆ្លងមួយបន្ទប់ហ្នឹងគ្មានសល់ម្នាក់ទេ ក៏សម្រេចចិត្តថាទៅផ្ទះសម្រាកម៉ាទំហឹង។

ស្អែកឡើងទៅធ្វើការនៅមិនទាន់អស់ជាតិវាទេ តែក៏ដឹងថាមិនមែនផ្តាសាយព្រោះមិនចង់កណ្តាស់ មិន ចង់រងារងៀមអីទេ គ្រាន់តែមិនដឹងមូលហេតុប៉ុណ្ណោះ។ អង្គុយគិតចុះឡើងចុះឡើងទៅខ្ញុំស្រាប់តែនឹក មេចាស់ក៏នឹកដល់ពេលបែកគ្នា… បុរសដំបូងរបស់ខ្ញុំ… តាំងពីតូចដឹងក្តីមកខ្ញុំមិនដែលបានត្រូវបុរសណា ម្នាក់ឱបទេ … គាត់ឱបខ្ញុំដល់ថ្នាក់លាន់សូរឃ្លឹក!!! អូហ៍… បែបខ្ញុំទ្រមដោយសារគាត់ឱបរឹតខ្ញុំទេដឹង? ព្រោះថាខ្ញុំអត់មានធ្វើការងារអីធ្ងន់ទេ អត់បានត្រូវគេវាយដំអីទេ ក៏អត់មានបានគ្រុន ឬផ្តាសាយអីដែរ តែមកឈឺសព្វខ្លួនដូចគេវាយបួនប្រាំដំបង ឬទៅសែងបាវអង្ករចឹង ញ័រដៃគ្មានកម្លាំងដៃ ដេកក៏គ្មានហ៊ាន ប្រែខ្លួនព្រោះងាកប្រែខ្លួនពេលណាឈឺសព្វតែម្តង។ ខ្ញុំរកនឹកជាច្រើនដងថាបានធ្វើអ្វីខ្លះ មុននឹងទម្លាក់ រឿងនេះទាំងស្រុងលើការឱបរឹតមួយនេះ… តែគ្មានសោះ គ្មានបានធ្វើអ្វីមុនពេលសម្រាកចុងសប្តាហ៍ ដែលត្រូវទៅហាត់ប្រាណសោះ ទើបនឹកថាមានតែរឿងមួយនេះឯងជាបុព្វហេតុ!!!

ហ៊ឺ បុរសដំបូងរបស់ខ្ញុំ … ដែលលួចឱបខ្ញុំទាំងដែលខ្ញុំមិនអាចរើខ្លួនរួច … ខ្ញុំត្រូវឈឺខ្លួនបីថ្ងៃទម្រាំវិលទៅ រកសភាពដើមវិញ។ ខ្ញុំនឹងចាំលោកគ្មានឱ្យភ្លេចទេ ចាំមើលទៅ!!!

ឯវំ

5 ខែ​មីនា 2012 / ស្នាមញញឹម

តើហ្នឹងដែលហៅថាស្នេហា? ឬគ្រាន់តែជាអារម្មណ៍?


ខ្ញុំអត់ទាន់ស្គាល់ច្បាស់ពាក្យ «ស្នេហា, ស្រឡាញ់, ចូលចិត្ត, អារម្មណ៍ល្អ» នៅឡើយទេ។ ដោយគេចពី ការបើកវចនានុក្រមទាំងអស់ និងការណែនាំពីគ្រូបង្រៀននៅសាលា ខ្ញុំព្យាយាមស្វែងយល់ពាក្យនេះ ខ្លួនឯងតាមរបៀបរបស់ខ្ញុំ។

មនុស្សដែលខ្ញុំស្រឡាញ់មុនគេគឺម្តាយ និងជីដូនរបស់ខ្ញុំ អាចជាស្នេហាដែរព្រោះមានពាក្យថាស្រឡាញ់ នៅក្នុងនោះ។ ចុះតើស្នេហាដែលគេដទៃមានគ្រប់តែគ្នានោះវាយ៉ាងណាទៅវិញ។

បុរសម្នាក់ដែលធ្វើការជាមួយមិត្តខ្ញុំបានសារភាពថាស្រឡាញ់នាង។ នាងក៏ស្រឡាញ់គាត់ ក្រោយមក អ្នកទាំងពីរបានរៀបការជាមួយគ្នា។ ហ្នឹងបែបស្នេហាហើយមើលទៅ ស្នេហាផ្លេកបន្ទោរ។

មិត្តពីរនាក់របស់ខ្ញុំដែលធ្លាប់រៀនជាមួយគ្នាក៏បានស្រឡាញ់គ្នាតាំងពីរៀនវិទ្យាល័យរហូតក្រោយចប់ មហាវិទ្យាល័យពីរឆ្នាំពួកគេក៏ព្រមព្រាងរៀបការជាមួយគ្នា។ ហ្នឹងក៏ស្នេហាដែរ ស្នេហាអមតៈ។

បងប្អូនសាច់ឆ្ងាយរបស់ខ្ញុំរៀបការហើយជិតដប់ឆ្នាំហើយតែគ្មានកូនសោះ ម្នាក់ៗខំរកវិធីធ្វើយ៉ាងណា ដើម្បីមានកូន ហើយក៏ទង្គិចចិត្ត ទាស់ទែងគ្នាមិនសូវលោះតែក៏នៅតែទ្រាំនៅជាមួយគ្នាបានរហូតមក។ ហ្នឹងក៏ស្នេហាដែរ ស្នេហាអត់កូន។

មិត្តម្នាក់ទៀតរបស់ខ្ញុំរៀបការបានកូនពីរទៅហើយ នៅតែចង់បានកូនបួនប្រាំនាក់ទៀត។ ហ្នឹងក៏ស្នេហាដែរ គឺសេ្នហាកូន និងគ្រួសារ។

ប្អូនៗខ្ញុំ មានសង្សាររួចក៏បែកគ្នា រួចអង្គុយសញ្ជប់សញ្ជឹងនឹកសង្សារ ហ្នឹងក៏ជាស្នេហា សេ្នហាយុវជន។

ចុះចំណែកខ្ញុំ! ខ្ញុំមានស្នេហានឹងគេដែរអត់? ខ្ញុំក៏អត់ច្បាស់ក្នុងចិត្តដែរ។ សូមក្រឡេកមើលស្នេហារបស់ ខ្ញុំវិញម្តងមើល តើដូចជាគេឯងដែរទេ?

ខ្ញុំស្រឡាញ់តួកុនហូលីវូត ចិន ហុងកុង កូរេ ជប៉ុន បារាំង អង់គ្លេស សៀម ។ល។ ព្រោះដោយច្រើនពេក មិនដឹងរៀបរាប់ម៉េចអស់។

និយាយពីរឿងស្រឡាញ់តួកុននេះ មានតែតួហូលីវូតទេដែលខ្ញុំស្រឡាញ់ច្រើនជាងគេ និងយូរជាងគេ ។ ឯតួកុនចិន នាងក្វាន់ ជឺលីន (Rosamund Kwan/Kwan Chi-lam) ហ្នឹងខ្ញុំស្រឡាញ់បានមួយឆាវ ប្រហែល បីខែក៏ឈប់ស្រឡាញ់ទៅ។ តួ ហុងកុង នាងបូបូ ក្នុង «រឿងជួសបន្លាក្នុងបេះដូង» បានឆក់បេះដូងខ្ញុំអស់ ជាងមួយឆ្នាំ ទម្រាំត្រឡប់មកជាមនុស្សជានាដូចដើម ខ្ញុំប៊ិះប្រឡងឌីប្លូមធ្លាក់។ តួកុនកូរេ ដែលស្រូបពេល វេលារបស់ខ្ញុំមួយចំភ្លូសដែរនោះគឺនាង ស៊ូ អា (Park Soo-ae) នាង លី យ៉ូវ៉ុន(Lee Yo-won) និង លោក រ៉េន (Jung Ji-Hoon)។ ដោយសារនាង លី យ៉ូវ៉ុន មានមុខមាត់ដូចមិត្តម្នាក់របស់ខ្ញុំ ខ្ញុំក៏សម្រេចចិត្តឈប់ ស្រឡាញ់នាងទៀត។ តួនាង អូស៊ីន ក្នុង «រឿងអូស៊ីន»របស់ជប៉ុន ធ្វើឱ្យខ្ញុំមិនត្រឹមតែកោតសរសើរនូវ ការតស៊ូរបស់ជនជាតិនេះក្នុងការកសាងជាតិក្រោយពីត្រូវបានបំផ្លាញ ដោយសង្គ្រាមលោកលើកទីពីរ នោះទេ តែតួម្នាក់នោះសម្តែងបានល្អសឹងថាឥតខ្ចោះគ្រាន់តែថារហូតមកដល់ពេលនេះនៅមិនទាន់ ស្គាល់ឈ្មោះពិតរបស់តួស្រីអូស៊ីននៅឡើយទេ។ តួកុនបារាំងនាង សូភី ម៉ាសូ (Sophie Marceau) ដែល មានរូបរាងស្អាតអស្ចារ្យនោះក៏មានឈ្មោះនៅក្នុងបញ្ជីមនុស្សដែលខ្ញុំ ស្រឡាញ់ម្នាក់ដែរ។  តួកុនជាតិ អង់គ្លេស នាងខេត វីនស្លេ (Kate Elizabeth Winslet) ក្នុង «រឿង ទីតានិច» នាងរ៉ាឆែល សេលី (Rachel Shelley) ក្នុង«រឿង Land Tax/Lagaan» របស់ឥណ្ឌា។ នាងអែនថង ប្រាសុម អ្នកនាងជីនតារា ស៊ុខាផាត់ តួកុនសៀមក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះមនុស្សដែលខ្ញុំស្រឡាញ់ដែរ។

តួកុននានាជាតួរាយរង ក៏ស្ថិតក្នុងចំណាត់ថ្នាក់រាយរងក្នុងដួងចិត្តខ្ញុំដូចគ្នា។ និយាយពីរឿងតួកុនហូលីវូត វិញម្តងដែលនៅក្នុងបញ្ជីរបស់ខ្ញុំមានដល់ទៅពីរទំព័រ គឺជាមនុស្សដែលខ្ញុំស្រឡាញ់ច្រើននាក់ ជាងតួជាតិ ដទៃ និងបានយូរជាងគេផងដែរ (មានកិត្តិយសដល់ប៉ុណ្ណឹងហើយម៉េចទៀត?)។

លោក ស្ទេវិន ស្ពីលប៊ើក, គ្រីស្តូហ្វើរ កូឡំបើស, ថូនី ហ្គោលវីន, ថែមលោក ចេមី អ៊ុយស៍(ជាតិអាហ្រ្វិកខាង ត្បូងមួយទៀតទៅចុះ) និង ជេមស៍ កាមេរ៉ុន ទោះមិនមែនជាតួកុន តែជាអ្នកដឹកនាំរឿង ផលិតករ និងជា អ្នកនិពន្ធ តែខ្ញុំស្រឡាញ់គាត់ដែលហ្មត់ចត់ និងប្រិតប្រៀងដូចមនុស្សស្រី រឿងដែលគាត់ដឹកនាំមិនសូវមាន ភាពខ្វះចន្លោះទេ។ បើជ្រុលជាស្រឡាញ់អ្នកដឹកនាំរឿងបុរស ខ្ញុំសុំថែមអ្នកដឹកនាំរឿងស្រ្តីទៀតចុះ លោកស្រី ក្លែរ គីលនើរ (Clare Kilner), អៃលីន ឆៃឃិន (Ilene Chaiken), លីហ្សា ឆូឡូដេនកូ (Lisa Cholodenko), រ៉ូស ត្រូចឆេ (Rose Troche), ជីននេវើរ ធើននើរ (Guinevere Turner), ស្ហាមីម សារីហ្វ (Shamim Sarif), ប៉ាទ្រីស្យ៉ា រ៉ូសេម៉ា (Patricia Rozema) ។ល។

ចំណែកតួកុនប្រុសវិញ ខ្ញុំស្រឡាញ់ ថម គ្រូស (Tom Cruise), ដឺម៉ុត មុលរ៉ូនី (Dermot Mulroney), ឡេអូណាដូ ឌីកាព្រីអូ (Leonardo Willhelm DiCaprio), ប្រែត ភីត (William Bradley “Brad” Pitt)។ កាលណឹងប្រហែល ជាឆ្នាំ ១៩៩៧ – ២០០០ ខ្ញុំស្រឡាញ់ ប្រែត ភីត ឡើងវង្វេង អង្គុយសញ្ជឹងគិតរក វិធីទៅជួបតួកុនសំណព្វ ចិត្ត … តើធ្វើម៉េចបានជួបទៅ? … គិតចុះគិតឡើង ខ្ញុំបែកគំនិត… ប្រាក់ថ្លៃ សំបុត្រយន្តហោះគ្មានទេ គ្មានសូម្បី មួយសេន ទោះជាមានក៏ទូតមិនឱ្យទៅលេង អាមេរិច ខ្ទឹមអីហ្នឹង បានដែរ រំពឹងលើសមត្ថភាពទៅរៀននៅ បរទេសបានបួក មិនបាច់សង្ឃឹម បើម្ង៉ៃៗគិតតែរឿងមិនបានការ … មានវិធីតែមួយទេ គឺទៅរកក្ងានបានបួន ដប់មក គិតចងវាជាប់គ្នាជាខ្សែ តជាប់ នឹងពោងក្រណាត់មួយមានកន្លែងសម្រាប់ខ្ញុំ រួចរកចង្កូតមួយភ្ជាប់ពី ក្រោយសម្រាប់បញ្ជាទិសខ្យល់ គិត រួចក៏ប្រុងទៅរកក្ងាន តែក៏មានយោបល់មួយទៀតដែរ … ក្ងានមិនដែល ឃើញហើរបានឆ្ងាយទេ មានតែកុក ក្រសារ រឺស្ទាំងប៉ុណ្ណោះ … ស្ទាំងហ្អេះ? ទំនងដែរ ព្រោះធ្លាប់ឃើញវា សំកាំងលើមេឃបានយូរ ណាស់ទម្រាំវាឆាបមកស៊ីត្រីក្នុងស្ទឹងសែនស្រុកខ្ញុំ វាប្រហែលជាអាចហើរឆ្លង សមុទ្របាន … តែចុះបើ វាគ្មានអីស៊ី វាមិនមានខ្ញុំទៅហើយទេ??? បែបនេះមិនបាច់គិតដល់ត្មាត ដល់ ឥន្រ្ទីយ៍អីទេ! ចំណែក កុក ក្រសារវិញ វាហើរយោងតែអាត្មាវាទៅមិនទាំងចង់ឆ្លងសមុទ្ររួចផង ទម្រាំយោង ខ្ញុំមួយទៀត!…

ណ្ហើយ បើថាពឹងលើអ្នកខាងក្រៅ (សត្វ) អស់ហ្នឹងទេ ដូចពឹងក្រពះគេឱ្យទំពារបាយឱ្យដូច្នេះដែរ គិតរកធ្វើ ពោងមួយហោះឆ្លងសមុទ្រទៅរកតួកុននោះនៅហូលីវូត អង្គុយរកនឹកថាត្រូវធ្វើអីខ្លះដើម្បីបានកើតជាពោង មួយ មានកៅស៊ូដែលត្រូវដេរភ្ជាប់គ្នាជាពោងផ្ទុកខ្យល់ មានខ្សែពួរចងរឹត និងប្រតោងសង្រែកសម្រាប់ផ្ទុក ខ្ញុំនិងអីវ៉ាន់ដែលត្រូវប្រើប្រាស់ ត្រូវរកជាលមួយរែងជាសង្រែកដាក់របស់ រួចត្រូវ មានកន្លែងដុតភ្លើងផង បានខ្យល់ក្តៅអាចយោងពោងឱ្យហោះឡើងបាន… ឱព្រះជាម្ចាស់ ទៅពឹង នរណាបានបើខ្លួនងមិនចេះ ដេរប៉ះអីផង រំពឹងតែគេ បើគេដេរបានល្អទៅគ្រាន់ ចុះបើគេដេរមិនជាប់ ល្អ … ខ្ញុំមិនបានទៅឋានសួគ៌ទៅ ហើយទេ!!! ហើយចុះបើមិនអីចឹង ស្រាប់តែកំពុងជិះៗពោងនោះវា ឆេះដោយសារខ្ញុំមិនបានមើលភ្លើង ត្រឹមត្រូវ វាមិនឆេះទាំងអស់ទៅហើយទេ តើឱ្យខ្ញុំរត់ទៅណា?… បើសិនជាមិនដូចការគិតរបស់ខ្ញុំ ស្រាប់តែ ខ្ញុំមិនចេះបញ្ជា ពោងវាមិនទៅអាមេរិច ស្រាប់តែវាទៅអាព្រិចវិញនោះ ខ្ញុំមិនធ្លាក់នៅកណ្តាលវាលខ្សាច់ កាឡាហារី ស្លាប់ចោលតួកុនខ្ញុំទៅហើយទេ? (ឡាប់ហើយ នៅគិតពីតួកុនទៀត!) … ណ្ហើយ វាមិនទៅ អាក្រក់ពេកនោះទេ គិតរឿងធ្វើពោងតទៅទៀត! ពេល គណនាចុះឡើងទៅស្រាប់តែ! ខ្ញុំនឹងអីវ៉ាន់ដែល ចាំបាច់នោះមិនសមាមាត្រនឹងគ្នាសោះ ទំងន់មនុស្ស និងអីវ៉ាន់ធ្ងន់ជាងទំហំខ្យល់ដែលអាចហោះហើរបាន … ចឹងគិតទម្លាក់អីវ៉ាន់ចោលខ្លះ…ទម្លាក់ម្តងមួយ រួចគណនាសារជាថ្មីនូវមាឌខ្យល់ដែលត្រូវការ … ចុះឡើងៗ ត្រូវទម្លាក់ទាំងខ្ញុំទៀតបានពោងនោះអាច ហោះបាន… ចុះបើមនុស្សដែលត្រូវទៅ បានទម្លាក់ចុះហើយ ចាំបាច់ធ្វើពោងធ្វើអី? មានវិធីមួយទៀត ដែលឮគេនិយាយគឺថាមានកាំជ្រួច អីគេ បរិមាណូ ណាណោះ អាចធ្វើដំណើរបានឆ្ងាយ … យី! មួយហ្នឹងទំនងមែនទែន តែ… អ្នកដែលរកឃើញកាំជ្រួចអីអស់ហ្នឹងរៀន ឡើងក្បាលទំពែកអស់ហើយ ទម្រាំរកឃើញវា ចុះខ្ញុំ? កាលណាបានបានទៅដល់អាមេរិចទៅ? ចង់ចិញ្ចឹម ក្រពើមួយដែរ តែទម្រាំវាធំខ្ញុំ ណេះចាស់បាត់ទៅហើយ លែងចង់ជួបតួកុនសំណព្វចិត្តហ្នឹងទៀតហើយ ណាមួយក្រពើដែលវា ហែលនាំខ្ញុំទៅនោះ បើសិនជាកំពុងតែជិះឆ្លងសមុទ្រស្រាប់តែវាឃើញញីឈ្មោលវា ខ្ញុំមិនត្រូវវាធាក់ ចោលឱ្យនៅកណ្តាលសមុទ្រទៅហើយទេ? មានអីអស្ចារ្យជាងមនុស្សមិនចេះហែលទឹក នៅកណ្តាល សមុទ្រទៅ? ឱក្តីស្រមៃ…ត្រូវអាលាយសូន្យ… ណាមួយក្រោយមកឮថា ប្រែត ភីត នោះទៅ ទាក់ទងនាង អាន់ជឺលីណា ចូលី ទាំងដែលខ្លួនងជាប្តីរបស់នាង ជេនីហ្វឺរ អានីស្តុន នៅឡើយខ្ញុំក៏ដកចិត្ត ស្រឡាញ់ពី មនុស្សពីរនាក់នេះទៅ ព្រោះខ្ញុំគិតថានាង អាន់ជឺលីណា ចូលី នេះក៏ជាមនុស្សយ៉ាប់ដែលធ្វើ ខ្លួនជាមនុស្សទីបីនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់គេ។ ឈប់ស្រឡាញ់! ពួកតួកុនតែប៉ុណ្ណឹង!

ទើបតែមួយរយៈនេះដែលខ្ញុំព្យាយាម រកវិធីដើម្បីរៀនថតរូប ក៏បានចាប់ចិត្តជាប់ស្នេហ៍តួកុន អ្នកនាង អាឡិចសាន់ដ្រា ហេឌីសុន និង អ្នកនាង មៀ គឺស៍ស្នឺរ ដែលជាអ្នកថតរូបទេសភាព និងម្នាក់ក្រោយជា អ្នកទាមទារសិទ្ធិស្រ្តី និងកុមារ។ ស្រឡាញ់នេះមហាស្រឡាញ់នាង អាឡិចសាន់ដ្រា ទោះដេក ដើរ ឈរ អង្គុយក៏គិតឃើញតែរូបនាងម្នាក់គត់ ណែ! វាទៅជាចឹងទៅ? ធ្វើមើលតែក្មេងអាយុបួនប្រាំ ដណ្តប់ទើបមាន ស្នេហាអីណាអីណី ក្បាលកញ្ចាស់ឡើងសក់ស្កូវហើយនៅព្រើលស្រមៃស្រឡាញ់ តួកុនទៀត ដល់ថ្នាក់ ដេកយល់សប្តបីយប់ជាប់គ្នាឃើញបានទៅលេងហូលីវូត និយាយពីសប្បាយចិត្ត នោះសប្បាយឡើង ចង់ឆ្កួត។ តែភ្ញាក់ឡើងនៅផ្ទះជួលដដែល មានសមត្ថភាពអីទៅលេងស្រុកអាមេរិច អាខ្ទឹមនោះកើតទៅ រកតែប្រាក់ចាយឱ្យគ្រាន់ដល់ចុងខែមិនដែលបានផងនោះ បើទោះជាមានក៏មិន ដឹងទៅរកនៅណា អាមេរិចមិនមែនព្រៃទំរីងណា មិនស្គាល់ផ្លូវ មិនស្គាល់ផ្ទះ មិនទាំងដឹងថាគេនៅ ណាផងហ្នឹង (ធ្វើ មើលតែមានសមត្ថភាពបានទៅចឹង)។ ចិត្តដែលស្រឡាញ់គេហ្នឹងប្រុងថាទិញកន្សែងរុំកធ្វើពីសសៃសូត្រ ល្អជាងគេពីស្រុកខ្មែរទៅជូនគេមួយគ្រាន់ជារបស់កំដរដៃ និងសារភាពប្រាប់ថាខ្ញុំបានឆ្កួត វង្វេងដោយ សារការងារថតរូបរបស់គាត់។ រម្លងបានបីយប់មកខ្ញុំយល់សប្តឃើញទៅដល់ហូលីវូតទៀត ទៅលើកនេះ មិនដឹងចេញដំណើរយ៉ាងម៉េចអីយ៉ាងម៉ាទេ ស្រាប់តែឃើញខ្លួនងជិះម៉ូតូ ប៉ារ៉ាស៊ូតដែលគេប្រើសម្រាប់ ថតរូបលើអាកាសនៅស្រុកខ្មែរ ខ្ញុំចំណាំឃើញក្រុមការងារលោក តេង ប៉េងស៊ាង ជាអ្នកជំនាញខាងធ្វើ ផែនទីដីធ្លីជាអ្នកបង្កើតនៅស្រុកខ្មែរមុនគេ។ គ្រាន់តែដឹងក្នុងយល់សប្ត ថាខ្លួនងកំពុងជិះម៉ូតូប៉ារាស៊ូត នោះ ស្រាប់តែខ្ញុំឃើញអក្សរ Hollywood ដែលនៅលើចំរាក់ភ្នំ នៅ ក្រុងឡូសអាន់ជឺឡើស រដ្ឋកាលីហ្វ័រញ៉ា រវល់តែសប្បាយចិត្តព្រោះដឹងថាខ្លួនបានមកដល់ហូលីវូតហើយ ខ្ញុំមើលទៅម្តងទៀតគឺខ្ញុំនៅស្ទើរតែជិតនឹង ផ្ទាំងដែកកំពស់១៤ម៉ែត្រនោះទៅហើយ ខ្ញុំស្រែក អា៎!!!! ឡើងភ្លាត់សម្លេងភ្ញាក់ទាំងខ្លួនពីយល់សប្តនោះមក វិនាសអស់ក្តីសង្ឃឹមដែលភ្ជាប់ជាមួយយល់សប្ត និងសម្លេងម៉ូតូប៉ារ៉ាស៊ូតដែលនៅពីក្រោយខ្នងថានឹងបាន ជួបនារីជាទីស្រឡាញ់នៅហូលីវូតនេះ បានជូនកន្សែងរុំកដល់គេ … ក្រោកពីដេកហើយនៅឆ្លៀតគិតទៀត ថា យីស! គ្រាន់បើចេះភ្ញាក់ទាន់ បើមិនភ្ញាក់ទេច្បាស់ជាហោះបុក ផ្លាកហូលីវូតនោះ បែកច្រមុះ ក្រពិតមុខ ខូចម៉ាកអស់មិនខាន ទោះជាពេលនោះបានជួបតួកុនហ្នឹង ហើយក៏រឹតតែយ៉ាប់ទៅទៀតក្នុងស្ថានភាពបែប ហ្នឹង! (បែកក្បាលមែនទែនមិនគិតទេ)។

គិតយូរៗទៅ ចឹងតើបានជាមនុស្សខ្លះនៅទប់ចិត្តខ្លួនងមិនបាន នៅទៅស្រឡាញ់អ្នកផ្សេងក្នុងពេលដែល ខ្លួនមានអាយុចាស់ណាស់ទៅហើយ គឺការដែលមិនអាចគ្រងបេះដូង និងចិត្តខ្លួនងបាន។

ហ៊ឺ មាននរណាមានសេចក្តីស្រឡាញ់ដូចខ្ញុំដែរអត់? ខ្លួនខ្ញុំមានតែមួយ បេះដូងក៏មានតែមួយ តែចិត្ត ស្រឡាញ់ របស់ខ្ញុំមានរាប់ពាន់ ដែលនេះមិនទាន់គិតដល់អ្នកដែលខ្ញុំធ្វើការជាមួយ មិត្តរបស់ខ្ញុំ និង គ្រួសារ របស់ខ្ញុំនៅឡើយផង បើបញ្ចូលមនុស្សអស់នោះទៀត មិនដឹងជាប៉ុន្មានម៉ឺននាក់ទេ។ តើគ្រាន់ដែរទេ? សំណួរនេះខ្ញុំតែងសួរខ្លួនឯងជានិច្ច សួររាល់ពេលដែលខ្ញុំពេញចិត្តនឹងអ្វីមួយរបស់ នរណាម្នាក់ហើយក៏ ប្រើពាក្យថាស្រឡាញ់គេនោះភ្លាមទៅ។

ខ្ញុំមិនប្រើពាក្យថាស្នេហាទេ ព្រោះវាមានរួមបញ្ចូលទាំងន័យថា ស្រឡាញ់ផង ស្និទ្ធផង ដែលនោះមិនមែន ជាអ្វីដែលខ្ញុំកំណត់ខ្លួនឯងថាកំពុងគិតបែបនេះឡើយ។

អា ! ភ្លេច! ខ្ញុំក៏ស្រឡាញ់ ថម និងជែរី ដែរ ស្រឡាញ់ខ្លាំងទៀតផង។ ម៉ាក់របស់ខ្ញុំបានដាក់នាម ឱ្យប្អូនៗខ្ញុំ គឺប្អូនប្រុស ជាឆ្មា ថម និងប្អូនស្រី ជាកណ្តុរ ជែរី កាលនៅក្មេងពួកវាឈ្លោះគ្នាមិនចេះស្វាង តែដល់ធំទៅ ពួកវាពីរនាក់នោះស្រឡាញ់គ្នាជាងវាស្រឡាញ់ខ្ញុំទៅទៀត។ តាមពិតទៅឆ្មា និងកណ្តុរនៅផ្ទះរបស់យើង បើខ្វះមួយណាក៏មិនបាន អត់ថម ជែរីអត់មានអីលេងជាមួយ បើអត់ជែរី ថមអផ្សុក។

ខ្ញុំស្រឡាញ់ថម និងជែរី ណាស់…នៅផ្ទះរបស់ខ្ញុំ! ……. ខ្ញុំស្រឡាញ់ខ្លាំងជាងអ្វីៗទាំងអស់!

1 ខែ​មីនា 2012 / ស្នាមញញឹម

កុហកគេមិនដែលល្អទេ


ខ្ញុំធ្វើការជាមួយអ្នកស្រុកនៅជនបទតាំងពីឆ្នាំ ២០០២ មកម៉្លេះ ជានិច្ចជាកាលខ្ញុំច្រើនជាអ្នករៀបចំការប្រជុំ ជាអ្នកណែនាំក្នុងការបណ្តុះបណ្តាល និងជាអ្នកសម្របសម្រួលការងាររបស់អង្គភាព។

អ្នកស្រុកទាំងនោះដែលភាគច្រើនយើងនាំគ្នាហៅគាត់ថាសហគមន៍ព្រោះនៅក្នុងគម្រោង គាត់មាននាទី បែបនេះតែងហៅខ្ញុំថាអ្នកគ្រូ។ គាត់ត្រូវបានចូលរួមជាមួយខ្ញុំរហូតដល់ជួនកាលយើងសម្រាកពីការសិក្សា យើងក៏និយាយគ្នាលេងពីគ្រួសារ ពីមុខរបរ ពីការងារផ្សេងដែរ។ ខ្ញុំស្និទ្ធស្នាលនឹងគាត់គ្រប់ៗគ្នា។

អ្នកនៅសៀមរាបត្រូវបានខ្ញុំទៅបណ្តុះបណ្តាលញឹកជាងគេព្រោះតែគម្រោងពីរនោះពិបាកជាងគេលើ បញ្ហាជីវភាពរបស់ប្រជាជននោះមួយផ្នែក តែដែលខ្ញុំចង់ទៅកាន់តែញឹកនោះព្រោះកាលទៅប្រជុំលើក ដំបូងនៅភូមិមួយរបស់គម្រោង មានការមិនពេញចិត្តពីអ្នកស្រុកដោយសារគេគិតថាគម្រោងនេះវាប៉ះ ពាល់ដល់ជីវភាពរបស់ពួកគេ មានអីគេប្រុងរកផ្គាក់កាប់ខ្ញុំទៅហើយ កុំតែបានតៃកុងឡាន និងលោកម្នាក់ ដែលទៅជាមួយប្រាប់ទាន់ ម៉្លេះគ្មានបានមកប៉ប្រែនៅលើវើតប្រេសនេះទេ។

កាលពីខែមុននេះយើងមានរៀបចំការប្រជុំមួយជាមួយគាត់ដែលរាល់លើកមានតែខ្ញុំទេទៅជួបគាត់។ លើក នេះមានទាំងអស់លោកជាប្រធាន ជាក្រុមការងារគម្រោងគាត់អញ្ជើញទៅចូលរួមដែរ។

រឿងដែលខ្ញុំនឹកអស់សំណើចម្នាក់ឯងក្នុងឡានត្រឡប់មកវិញ គឺរឿងដែលខ្ញុំកុហកសហគមន៍ រួចហើយ ជាន់កន្ទុយខ្លួនឯងទុក។ 😀

ពេលទៅបង្រៀន ប្រជុំ ឬជួបគ្នាជាមួយពួកគាត់នៅឯភូមិ ខ្ញុំតែងត្រូវបានគាត់សួរថា មានគ្រួសារឬនៅ? កូន ប៉ុន្មានហើយ? គ្រួសារធ្វើការអី? នៅឯណា? ប្រុងយកកូនប៉ុន្មាន? ។ល។ និង ។ល។

ឯចម្លើយរបស់ខ្ញុំតបទៅវិញនោះគឺ ខ្ញុំមានគ្រួសារហើយ ការឆ្នាំ២០០៥ មានកូនស្រីម្នាក់កើតឆ្នាំ ២០០៥ បើ គិតមកទល់ពេលសរសេរនេះគឺមានអាយុប្រាំពីរឆ្នាំហើយ គ្រួសារខ្ញុំគាត់ជាអ្នកច្នៃម៉ូតខោអាវ នៅក្នុងផ្សារ ធ្វើការនៅភ្នំពេញទាំងអស់គ្នា។ល។ និង។ល។ ដែរ។

មូលហេតុដែលខ្ញុំចេះ តែកុហកគេនេះគឺមានបី៖ ទីមួយ ខ្ញុំជួនកាលត្រូវដេកនៅភូមិ ត្រូវដើរជាមួយអ្នក ភូមិទៅនេះទៅនោះតាម តែការចាំបាច់ក្នុងការងារ រួចខ្ញុំក៏ត្រូវចេះការពារខ្លួនផងដែរ ។ ទីពីរ ខ្ញុំមាននាទី ជាអ្នកណែនាំគេ ការដែល នៅលីវទំនេរ មិនទាន់មានគ្រួសារក៏ជាផ្នែកមួយដែលនាំលំបាកក្នុងការណែនាំ ផងដែរ។ ឯរឿងក្រៅខោ មួយទៀតដែលខ្ញុំដឹងថាមានហេតុផលច្រើនជាងគេនោះគឺថាពេលនិយាយ ជាមួយសហគមន៍ពួកគាត់ក៏ ត្រូវការការលេងសើចរបៀបចំអេសចំអាសខ្លះៗដែរ បើខ្ញុំស្រីនៅលីវបែប នេះគាត់មិនហ៊ាននិយាយទេ បាត់សប្បាយអស់ហើយ! ខ្ញុំក៏បណ្តោយមាត់តាមពួកគាត់ខ្លះទៅ!

រឿងនេះមិនមែនលេងធេងទេ ពួកគាត់បានលបសួរក្រុមការងាររបស់យើងដែលធ្វើការជាប្រចាំនៅទីនោះ ថាតើព័ត៌មានដែលគាត់ទទួលបានពីខ្ញុំនឹងពិតឬទេ? ប្រហែលជាគាត់សង្ស័យច្រើន ទាំងកាយវិការ ការ និយាយស្តីរបស់ខ្ញុំ និងម្រាមដៃរបស់ខ្ញុំផងដែរ។ នៅទីបំផុតខ្ញុំសម្រេចចិត្តពាក់ចិញ្ចៀនមួយនៅម្រាមដៃ នាងខាងឆ្វេង (និយាយការពិតទៅខ្ញុំមិនចូលចិត្តវាទេ ចិញ្ចៀន ខ្សែក ខ្សែដៃអីនោះ ព្រោះវាទើសទែង) ។ រួចជួនកាលខ្ញុំហៅប្អូនស្រីៗរបស់ខ្ញុំថាកូន នៅពេលដែលខ្ញុំសម្រាកការងារទូរស័ព្ទមករកពួកវានៅឯផ្ទះ។

រឿងក៏វាចេះតែរម្លងទៅច្រើនឆ្នាំហើយដែរ ដែលខ្ញុំចេះតែកុហកពួកគាត់។ ទើបតែខែមុននេះក្រុមការងារ ខ្ញុំចុះទៅប្រជុំនៅទីនោះ ក៏ស្រាប់តែបែកធ្លាយរឿងរបស់ខ្ញុំធ្វើឱ្យគេសើចគ្រប់តែគ្នា។

ម៉ោងណាត់ប្រជុំបានមកដល់ពួកគាត់នៅរង់ចាំដំណើរពួកយើងទៅពីចម្ងាយ។ គ្រាន់តែចុះពីឡានភ្លាម ខ្ញុំជម្រាបសួរគួរសមគាត់ទាំងអស់គ្នាភ្លាម រួចណែនាំគាត់ឱ្យជម្រាបសួរអ្នកដែលអញ្ជើញមកដល់ដើម្បី ឱ្យពួកគាត់បានស្គាល់អ្នកធំៗផង។

មីង មា ពូ បងអីដែលគួរសមរួចក៏រកកន្លែងអង្គុយ ខ្ញុំក៏រកទីសមគួររបស់ខ្ញុំដែរ ស្រាប់តែមានសំណួរភ្លាម៖

អ្នកគ្រូ! សុខសប្បាយជាទេ? បាត់អ្នកគ្រូឯងមិនដែលមកបង្រៀនពួកខ្ញុំទៀតសោះ យូរហើយណា៎! រួចចុះគ្រួសារ កូនចៅអីធំប៉ុណ្ណាហើយអ្នកគ្រូ?

ខ្ញុំរាងមីងមាំងដែរព្រោះមិនទាន់បានតាំងចិត្តត្រឹមត្រូវផង រវល់តែគិតរឿងការងារដែលត្រូវនិយាយពេល ប្រជុំហ្នឹង ក៏មិនទាន់ហាមាត់និយាយថាម៉េចទេ គ្រាន់តែសើចញឹមៗដាក់គាត់ រួចក៏ប្រុងហើបមាត់ស្រាប់ តែប្រធានរបស់ខ្ញុំ និងលោកៗដែលអញ្ជើញទៅជាមួយគាត់ឮក៏ស្រែកតបភ្លាម៖

ហ្អេ! អ្នកគ្រូឯណាទាន់មានប្តី? មានកូនឯណា? គេនៅក្រមុំថាគេមានប្តីមានកូនអី!

គាត់ក៏ងាកមកនិយាយជាមួយខ្ញុំតាមទម្លាប់លេងសើចរបស់អ្នកធ្វើការ៖

ម៉េចចេះអ្នកគ្រូ បណ្តោយឱ្យមកធ្វើការងារនៅនេះ ក៏ស្រាប់តែបានប្តីបានកូនឯណា ដល់ថ្នាក់មានអ្នកសួរ រកលាន់ទៅហើយ! ថាប្រុសៗទៅ ទៅធ្វើការឯណាបានប្រពន្ធមានកូននៅនោះ អ្នកគ្រូហ្នឹងមានចឹងដែរ?

និយាយរួចប្រធានៗ គាត់ក៏សើច តែអ្នកស្រុកមានសើចអី ឯខ្ញុំឯណេះដឹងខ្លួនថាខុសក៏នៅអេះអុះ អៀនបន្តិច ខ្មាសបន្តិចមិនហ៊ានហាមាត់តបទៅយ៉ាងម៉េចទេ ទុកឱ្យពួកគាត់និយាយគ្នាទៅចុះ។ គាត់សួរទៀត៖

ក្រែងអ្នកគ្រូថាមានប្តីមានកូនហើយហ្អីកាលមកបង្រៀនពួកខ្ញុំនោះ!

ប្រធានក៏នាំបង្វែរនិយាយរឿងផ្សេងទៅ ធ្លាយដល់រឿងអ្នកសួរហ្នឹងគាត់ជាអាចារ្យការ ម៉្លោះហើយក៏បែក ប្រាជ្ញទៅនិយាយរឿងធ្វើអាចារ្យ រឿងរកពេលា រឿងអីណាឯណីទៅរួចខ្លួនឯរឿងខ្ញុំ។

ពេលនេះខ្ញុំកំពុងតែគិតថាគួរនិយាយយ៉ាងម៉េចពេលជួបពួកគាត់លើកក្រោយដើម្បីកុំឱ្យអាម៉ាស់មុខពេក!

ពាក្យចាស់ពោលទុកមិនមែនចង់និយាយក៏និយាយទៅទេ គឺសុទ្ធតែមានពិសោធន៍ទៅហើយ៖

«កុហកគេវាបាប» «ពាក្យភូត(កុហក)ច្រើន ច្រើនចាញ់អាត្មា»

23 ខែ​កុម្ភៈ 2012 / ស្នាមញញឹម

ពូថៅមួយ និងមនុស្សស្រវឹង


ខ្ញុំចូលទៅក្នុងព្រៃជារៀងរាល់ខែក្នុងពេលធ្វើការងារទាក់ទងនឹងព្រៃឈើ។ ចួនកាលកន្លះខែនៅក្នុងព្រៃ និង កន្លះខែនៅក្នុងស្រុកទាំងក្នុងពេលដែលសេវាទូរស័ព្ទមិនមានទូលំទូលាយដូចសព្វថ្ងៃ។ ខ្ញុំមិនដឹងថា អារម្មណ៍ របស់គ្រួសារខ្ញុំយ៉ាងម៉េចទេដែលខ្ញុំជាបង្គោលការពារគ្រួសារដើរបាត់ៗរហូតបែបនេះ។ ចំពោះខ្ញុំ នេះជាជីវិត ដែលយុវជនដូចជាខ្ញុំនៅត្រូវការស្វែងយល់ក្នុងសង្គមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ចង់ដឹង ចង់ ឃើញ ចង់ភ្លក្ស ជាពាក្យស្លោកសម្រាប់ការងាររបស់ខ្ញុំ។ មានថ្ងៃណាមិនសូវវក់ខ្លាំងទៅខ្ញុំនឹក ដល់អ្នកផ្ទះ ខ្ញុំខំ ប្រវាប្រវាទៅរកកន្លែងទួលមានដើមឈើខ្ពស់ដើម្បីតេមកប្រាប់ដំណឹងដល់អ្នកផ្ទះថាខ្ញុំនៅ រស់រានមានជីវិត ក្នុង កន្លែងមួយលើលោកនេះនៅឡើយទេ។

ជារៀងរាល់ពេលខ្ញុំតែងស្តាប់ពាក្យទូន្មានរបស់មនុស្សចាស់ទុំជានិច្ច ជាពិសេសទាក់ទងនឹងរបៀបរបប រស់ នៅរបស់អ្នកស្រុកដែលខ្ញុំកំពុងធ្វើការជាមួយ។ ពាក្យប្រដៅមានច្រើនណាស់ ច្រើនដល់ថ្នាក់ខ្ញុំភ្លេចខ្លះទៅ ហើយ។ នៅទីនេះចាស់ៗប្រាប់ថាទំនៀមអ្នកស្រុកបើមានមនុស្សប្លែកមុខចូលស្រុកហើយមានរឿងអាក្រក់ កើតឡើង អ្នកចម្លែកនោះនឹងត្រូវបណ្តេញចេញពីស្រុកទាំងយប់ទាំងថ្ងៃភ្លាមៗ ទោះអ្នកឯងធំអីមកពីណា ក៏ដោយ ព្រោះ ស្រុកនេះគេគោរពជំនឿធំជាងគោរពមនុស្ស។

លើកនេះយើងមានអ្នកសហការម្នាក់ទៀតមកជួយយើងធ្វើការ ពួកយើងទាំងបីនាក់បានមកដល់ស្រុកភូមិ ក្នុងវេលាម៉ោងបួនរសៀលហើយក៏ដាក់រទេះនៅផ្ទះលោកគ្រូបង្រៀនដដែល។ ខ្ញុំតែងត្រូវបានគេឱ្យមុជទឹក មុនគេព្រោះតែខ្ញុំអត់ដែលដុសលាងម៉ូតូទេ ពួកគាត់មុនពេលមុជទឹកគាត់សម្អាតម៉ូតូរបស់គាត់យ៉ាងស្អាត ខ្ញុំបាននិយាយជាមួយមីងម្ចាស់ផ្ទះឱ្យគាត់ដាំបាយឱ្យហូបជាមួយម្ហូបរបស់ម្តាយខ្ញុំដែលបានខ្ចប់មកឱ្យ។ ម្តាយខ្ញុំគាត់បានធ្វើសាច់ជ្រូកចិញ្ច្រាំផ្ញើឱ្យពួកគាត់សម្រាប់ញ៉ាំជាមួយនំប៉័ង ហើយផ្តាំខ្ញុំថាទុកញ៉ាំពេលព្រឹក ខ្ញុំគ្មានចាំព្រឹកអីទេ ទៅដល់ស្មើណាខ្ញុំប្រគល់របស់បញ្ញើជូនគាត់ ចំណែកនំប៉័ងវិញស្វិតឡើងនៅសល់ប៉ុន កដៃខ្ញុំ។ ពួកគាត់ក៏ប្រមូលកូនចៅមកហូបនំប៉័ងជាមួយសាច់ជ្រូកចិញ្ច្រាំដែលលាយគ្រឿងដូចគ្រឿងការី នៅខាងក្រោយយ៉ាងរីករាយ។ បើកាលណោះខ្ញុំមានម៉ាស៊ីនថតក៏ខ្ញុំថតទុកមើលដែរ។

ថ្ងៃនោះពូៗគាត់លាងម៉ូតូដែលប្រឡាក់ភក់យ៉ាងក្រាស់ព្រោះជារដូវវស្សារហូតដល់យប់បន្តិចបានយើងជុំ គ្នាហូបបាយ ព្រោះសម្អាងថាពួកយើងមានពិលក្រឡុកម្នាក់មួយ មានពិលប្រើថ្មម្នាក់មួយដែលអាចប្រើការ បានប្រហែលប្រាំបួនម៉ោងបានអស់ថ្ម។ រាត្រីទីមួយជារាត្រីរីករាយព្រោះថ្មពិលមិនទាន់អស់ទេ យើងក៏បើក វាហូបបាយផង និយាយគ្នាលេងផង និយាយរឿងផែនការសម្រាប់ស្អែកផង ចំណែកម្ចាស់ផ្ទះក៏អង្គុយជិត គ្នានោះដែរព្រោះមិនអាចទៅមើលវីដេអូនៅផ្ទះផ្សេងបានដោយសារភ្លៀងធ្លាក់ស្រិចៗគេមិនហ៊ានបញ្ចាំង។ ទើបនឹងវាតវង់រៀបដួសបាយ ស្រាប់តែមានមនុស្សប្រុសស្រីពីរនាក់ពរកូនតូចម្នាក់ជាប់ដៃផងមកស្រែកហៅ លោកគ្រូនៅមាត់ជណ្តើរ មីងគាត់ឮគាត់ស្គាល់សម្លេងក៏ហៅឱ្យឡើងមកលើ។ គ្រាន់តែឡើងមកមិនទាន់ អង្គុយស្រួលបួលផងស្រាប់តែទាំងប្តីប្រពន្ធនិយាយបណ្តើរយំបណ្តើរក្នុងភាសាមួយដែលខ្ញុំស្តាប់មិនសូវបាន ព្រោះជាជនជាតិភាគតិចកួយ។ យើងដួសបាយហុចចែកគ្នាហើយក៏ស្ងាត់ស្ងៀមចាំស្តាប់ថាមានរឿងអី ព្រោះមិនសូវយល់ភាសាហ្នឹងទាំងអស់គ្នា លោកម្នាក់ដែលទើបទៅនោះគាត់មិនដឹងរឿងអីទេ តែក៏ចំហមាត់ ស្តាប់ការរៀបរាប់របស់ប្តីប្រពន្ធនោះ។ គាត់យំបានបន្តិចលោកគ្រូក៏បែរចេញពីពួកយើងមែនទែនរំកិលទៅ ជិតភ្ញៀវសោករបស់គាត់ដោយនិយាយភាសាកួយទៅកាន់គាត់ទាំងពីរនាក់។ ប្រពន្ធនោះដាក់កូនលើភ្លៅ ថ្វាយបង្គំលោកគ្រូរួចយកចេកមួយស្និតស្ទើរទុំបន្តិច មានធូបបីសសៃរលើកជូនលោកគ្រូព្រមទាំងយំឮខ្លាំង ជាងមុនទៅទៀត។ ខ្ញុំបីនាក់គ្នាខ្ញុំសម្លឹងមើលគ្នាទៅវិញទៅមក រួចដាក់ភ្នែកទៅរកចានបាយដែកព័ណ៌ខៀវ របស់យើងដែលមានបាយពេញប្រៀបចាន ពូដែលចាស់ជាងគេគាត់នៅតែដួសម្ហូបដួសបាយហូប រួច ប្រាប់ខ្ញុំថាហូបទៅក្មួយឆាប់បានសារចានក្នុងពេលដែលខ្ញុំស្ងួតរកទឹកមាត់លេបគ្មាន។ ខ្ញុំនឹកដល់សម្តីរបស់ ពូថាបើមាននរណាចម្លែកចូលភូមិ ហើយមានរឿងអី គេនឹងបណ្តេញមនុស្សនោះចេញទោះយប់ ថ្ងៃអីក៏ ដោយ ខ្ញុំនឹកទៀតថាមុខជាមានរឿងអីហើយបានជាគេយំ រួចក៏គិតថាពួកយើងប្រហែលជាត្រូវបណ្តេញចេញទាំង យប់ភ្លៀងសស្រិចបែបនេះ យើងរងាស្ទើរពេញមួយថ្ងៃមកហើយពេលធ្វើដំណើរ គិតថាបានជ្រកក្នុងផ្ទះ ដែលសមរម្យជាងគេក្នុងភូមិនេះទុកថាជាទីចតមួយដ៏សមគួរ ចុះបើពួកយើងត្រូវគេបណ្តេញទៅ តើយើង ទៅកន្លែងណា បើមេឃកំពុងភ្លៀងហើយផ្លូវមហាសែនរអិលបែបនេះ? ភូមិដែលយើងអាចសំចតបានមួយ ទៀតមានចម្ងាយប្រហែលជា១០គីឡូម៉ែត្រកាត់ព្រៃឆ្លងទឹក ហើយផ្លូវដីក្រហម ជាប់កង់ម៉ូតូទៀត យប់ ស្មើណេះបើមិនជួបសត្វទេ យ៉ាងហោចណាស់ម៉ោងមួយយប់បានយើងអាចទៅដល់រកកន្លែងដេកបាន។ ខ្ញុំប្រឹងលេបបាយលាយម្ហូបតាមពាក្យពូប្រាប់ ព្រោះទាំងគាត់ទាំងខ្ញុំសុទ្ធតែដឹងថាត្រូវមានកម្លាំងគ្រប់គ្រាន់ ទោះមានរឿងអីកើតឡើងក៏ដោយ ត្រូវហូបបាយច្រើនៗ ការពារក្រែងយើងអត់បាយតាមផ្លូវ។ ខ្ញុំស្រាប់ តែមានអារម្មណ៍ថាបាយនោះចត់ ចត់យកតែមែនទែន ចត់ជាងខ្វិតខ្ចីទៅទៀត យ៉ាអ៊ី! ចុះមកលេបបាយ មិនរួចអីស្មើណេះ កំពុងតែមានរឿងផង។ ខ្ញុំងើបទៅយកទឹកមកផឹករួចក៏អង្គុយប្រឹងលេបតិចទៀតក្រែង គ្រាន់បានបាយខ្លះការពារកុំឱ្យខ្យល់ សម្លេងដែលពួកគេនិយាយគ្នានៅតែឮក្នុងត្រចៀកដដែលទេ តែខ្ញុំស្តាប់ មិនយល់ ស្តាប់មិនបាន មិនដឹងជាមានរឿងអី នរណាកើតអី តើគេនាំគ្នារកវិធីដោះស្រាយយ៉ាងម៉េច? ខ្ញុំអង្គុយនឹកគិតដល់របស់របររបស់ខ្ញុំតើខ្ញុំទុកស្អីនៅកន្លែងណាខ្លះ ដើម្បីពេលដែលត្រូវប្រមូលខ្ញុំអាចរកវា ឃើញភ្លាមៗ… គិតទៅដល់ថាចុះប្រអប់ម្ហូបដែលម្តាយខ្ញុំខ្ចប់សាច់ជ្រូកឱ្យអ្នកផ្ទះនេះគេលាងរួចហើយ នៅ ឯណាខ្ញុំខ្លាចភ្លេច។

ខ្ញុំចាំបានថា អ្នកប្តីនិងប្រពន្ធនោះនិយាយពាក្យខ្មែរមួយពីរឃ្លាប៉ុណ្ណោះ ហើយនិយាយយ៉ាងរដឺនជាងក្រុម គ្រួសារលោកគ្រូទៅទៀត។

…ចុះអីក៏ផ្តែសៗ…

ពាក្យនេះក្រោយមកត្រូវបានខ្ញុំត្រាប់តាមស្ទើរគ្រប់អត្ថបទពីនេះពីនោះរបស់ខ្ញុំ។

មួយម៉ោងបានកន្លងផុត យើងក៏សម្រេចថាសារចានបាយចេញព្រោះទោះជាទុកនៅទៀតក៏លេបលែងចូល រៀងៗខ្លួនហើយ។ លោកគ្រូបានសារធូបដែលបានដុតចេញ ប្រពន្ធលោកគ្រូដែលខ្ញុំហៅថាមីងៗ គាត់ បានដើរទៅរកស្រវាចេកនៅខាងក្រោមផ្ទះមកចងចេកដែលគេយកមកជូនហុចឱ្យទៅពីរនាក់ប្តីប្រពន្ធនោះ វិញ តែទំនងអ្នកទាំងពីរមិនចង់យកព្រោះខ្ញុំឃើញគេរាដៃ។ មីងចេះតែហុចឱ្យដោយនិយាយភាសារបស់ ពួកគាត់ឆ្លើយឆ្លងទៅមក ឯលោកគ្រូក៏នៅតែនិយាយជាមួយពួកគេ ដោយគ្រវីក្បាលតិចៗ ខ្ញុំឯណេះក៏ស្លុត ចិត្តទៅតាមហ្នឹងដែរព្រោះគិតថាបែបដោះស្រាយអីមិនចេញហើយបានជាគ្រវីក្បាល ហើយឱ្យរបស់ដែល គេយកមកជូនទៅវិញ។

ពួកយើងចាំតែរើរបស់ទៅ! សម័យជាកូនស្រីពៅរបស់មីងអាយុប្រហែលដប់ប្រាំឆ្នាំ វានៅអង្គុយក្បែរខ្ញុំ ចាំខ្ញុំ ហូបបាយរួចនឹងអាលវាបានរបស់បញ្ញើដែលខ្ញុំធ្លាប់សន្យាជាមួយវា។ លើកមុនខ្ញុំមកនៅផ្ទះវា ខ្ញុំឃើញវា យកក្រដាសដែលគេសែនចិនមានព័ណ៌ក្រហមមកប្រើ ខ្ញុំនៅនឹកមិនទាន់បាត់ទេ លើកមុនខ្ញុំនៅអង្គុយលើ រានហាលមុខផ្ទះខ្ញុំឃើញសម័យវាយកក្រដាសព័ណ៌ក្រហមដោយសារល័ក្តមកដាក់ចន្លោះបបូរមាត់ដើម្បី បានព័ណ៌ក្រហមស្អាតលើបបូរមាត់ ខ្ញុំនឹកឃើញ ឱហេតុតែគ្នាចង់ស្អាត ចង់ល្អ មិនដឹងថាអាក្រដាសហ្នឹង គេសម្រាប់យកទៅដុតសែនចិនអី។ ខ្ញុំក៏ហៅវាមកប្រាប់៖ ចាំបងមកលើកក្រោយ បងទិញការ៉ែមផ្ញើ! រួចខ្ញុំក៏ មិនភ្លេចដែរតែខ្ញុំមិនមែនអ្នកទៅទិញទេគឺម្តាយខ្ញុំជាអ្នករៀបចំឱ្យ។ ខ្ញុំបានប្រាប់គាត់ថា៖ ម៉ាក់ សម័យកូនមីង បានយកខោអាវខ្ញុំទៅបោកពេលខ្ញុំទៅធ្វើការ ហើយក្មេងហ្នឹងឧស្សាហ៍ណាស់ វាទៅកាប់អុសកាប់កូនឈើ យកមកលក់ក្នុងភូមិ យកមកបិតស្រាលក់បានលុយចាយណាម៉ាក់។ ម្តាយខ្ញុំ គ្រាន់តែឮថាគេបោកខោអាវ ឱ្យកូនគាត់ គាត់ស្រឡាញ់ណាស់ គាត់សួរ វាប៉ុណ្ណា អាយុប៉ុន្មាន ខ្ញុំក៏ប្រាប់ គាត់ ថាទិញក្រែមផ្ញើវាផង ម្សៅផង របស់ណាដែលក្មេងស្រីចង់បានហ្នឹង  ព្រោះគាត់ស្រណោះក្មេងពេលឮខ្ញុំនិយាយរឿងវាយកក្រដាសចិន សម្រាប់សែនយកទៅលាបមាត់ គាត់មានកូនស្រីដែរតែវាមិនដែលចេះ ចង់ល្អចង់ស្អាតដូចក្មេងម្នាក់នោះ។ មុនមួយថ្ងៃខ្ញុំចេញមកព្រៃ គាត់បានខ្ចប់អាវប៉ាក់និងផាមួងចាស់មួយ របស់គាត់ផ្ញើមីង និងខោខូវប៊យ និងអាវយឺតរបស់យុវវ័យមួយដែលទិញពីផ្សារមកផ្ញើឱ្យសម័យ និងមាន ក្រែមលាបមាត់ ក្រែមលាបមុខ ម្សៅ ឡេដែលគាត់ធ្លាប់ទិញឱ្យខ្ញុំផ្ញើឱ្យសម័យទាំងអស់ បូករួមទាំងរបស់ដែលមិត្តខ្ញុំផ្ញើពីស្រុកក្រៅមកដែល ខ្ញុំមិនបានប្រើគឺមួយកាបូបធំ។

ខ្ញុំនឹកថា បើខ្ញុំត្រូវទៅណា ហៅក្មេងមកឱ្យរបស់នេះផុតៗទៅព្រោះវាមកចាំយូរហើយ វាចង់បានណាស់ ពីក្បាលល្ងាចវាមិនទាន់មកពីព្រៃទើបខ្ញុំមិនទាន់ហុចឱ្យ ណាមួយម៉ាក់សុទ្ធតែមានសរសេរអក្សរណែនាំពី របៀបប្រើដាក់លើនោះទៀត ខ្ញុំចាំប្រាប់វាតាមក្រដាសនោះ ព្រោះគ្នាអត់បានរៀនសូត្រចេះអាន ចេះ សរសេរអីទេទោះជាកូនគ្រូបង្រៀនហើយក៏ដោយ។ សាលាបឋមសិក្សាដែលទើបបើកបានពីរឆ្នាំនៅក្នុង ភូមិហ្នឹងត្រូវបានបើកបិទៗមិនសូវជាប់លាប់ទេ ណាមួយអ្នកស្រុកនេះគិតតែពីរវល់នឹងរឿងរកលុយ ជា ជាងគិតរឿងរៀនសូត្ររបស់កូន សូម្បីលោកគ្រូ ខ្ញុំសួរគាត់ទៅគាត់ថាកាលកូននៅក្មេងគាត់រវល់តែដើរ កាប់ឈើ កាប់អុសគ្មានបានបង្រៀនកូនទេ ខ្ញុំក៏នឹករកពុទ្ធោតាមហ្នឹងដែរ គិតថាកូនគ្រូបង្រៀនផងមិនចេះ អក្សរចុះទម្រាំកូនអ្នកស្រុកធម្មតា?

ខ្ញុំរើយកកាបូបនោះហុចទៅឱ្យក្មេងដែលកំពុងអរញញឹមញញែម ទាំងក្នុងចិត្តនឹកថា៖ តិចទៀតបងទៅ ហើយសម័យ។ «សម័យ! ម្តាយបងផ្ញើខោអាវឱ្យអូនឯង» «មែន? ម្តាយបងឯងហ្នឹងម៉ែបងឯង មែន?» ហ៊ឺ ខ្ញុំថាមិនយកប្តីមិនយកកូនព្រោះធុញខ្លាចវាសួរខ្ញុំច្រើន ដល់ឥឡូវក្មេងនេះធំប៉ុណ្ណឹងហើយវានៅតែសួរ ខ្ញុំចឹងទៀត ខ្ញុំក៏តបទាំងល្វើយទៅវិញ «បាទ» ខ្ញុំចាំមើលវានឹងសួរខ្ញុំថាម៉េចទៀត។

អ្នកពីរនាក់ប្តីប្រពន្ធនោះបានចុះទៅវិញហើយដោយយួរចេកហ្នឹងទៅជាមួយផង។ តែគេក៏លែងយំលែង សោកអីទៀត ខ្ញុំនឹកថាបែបស្ថានការណ៍ធូរស្រាលវិញហើយ ប្រហែលជាលោកគ្រូសុំគេមិនឱ្យដេញពួក យើងទៅទេមើលទៅ ព្រោះពួកយើងមិនមែនជាមនុស្សអាក្រក់ គាត់ក៏ធ្លាប់បានស្គាល់មកដែរ។ ពេលភ្ញៀវ ទាំងនោះចុះទៅផុត ខ្ញុំរហ័សសួរលោកគ្រូភ្លាមពីហេតុការណ៍ទាំងនោះព្រោះខ្ញុំមិនចេះភាសា។

ស្តាប់ការសរុបសេចក្តីរបស់គាត់ទៅខ្ញុំឯណេះហួសចិត្តសឹងទៅដល់ប៉ែត។

ទាំងពីរនាក់ប្តីប្រពន្ធហ្នឹងឡើងមករកលោកគ្រូទាយ គាត់មិនត្រឹមតែជាគ្រូបង្រៀនទេ ជាគ្រូស្តោះផ្លុំ គ្រូខ្មែរ គ្រូទាយផង និងជាមនុស្សចាស់ទុំដែលគេហៅរកនៅពេលមានពិធីរៀប សែនព្រេនអីៗផង។ អ្នកប្រពន្ធ នោះនៅតែផ្ទះទេ ឯប្តីទៅកាប់អុសជាមួយពួកសម័យដែរហ្នឹង គាត់បាត់ពូថៅដែលខ្ចីគេយកទៅកាប់អុស ដល់ទៅរកយ៉ាងណាក៏មិនឃើញក៏ទៅទិញចេកមករកលោកគ្រូឱ្យជួយទាយរកពូថៅហ្នឹងឱ្យ ព្រោះគាត់ ចោទថាមានមនុស្ស ឬអារក្សដែលតាមព្យាបាទគាត់ជាអ្នកក្រដែលចេះតែលួចនេះលួចនោះរបស់គាត់។ មីងឆ្លៀតបញ្ជាក់ទៀតថាមួយភូមិនេះមានតែគ្រួសារនេះទេដែលកូនប្រាំពីរ ហើយគ្នាក្រណាស់ ក្រដល់ ថ្នាក់រកពូថៅមួយសម្រាប់ចិញ្ចឹមជីវិតគ្មាន។ ឯហេតុដែលបណ្តាលឱ្យក្រនោះវាមានត៖

ប្រពន្ធប្តីទាំងពីរគ្មានបងប្អូនគ្មានសាច់ញាតិ គឺកំព្រាក៏បានយកគ្នាជាប្តីប្រពន្ធមិនបានសែនព្រេនអីត្រឹមត្រូវ ទេគេបណ្តេញទៅនៅក្រៅភូមិជាយូរមកហើយ ដល់លោកមេភូមិគាត់អាណិតគាត់បានសុំរដ្ឋចែកដីឱ្យធ្វើ ផ្ទះនៅក្នុងភូមិជិតគេជិតឯងទៅគ្រាន់នឹងកាប់អុសកាប់ឈើលក់បានប្រាក់ចិញ្ចឹមកូនព្រោះនៅក្នុងព្រៃ ឯណា ឆ្ងាយពីគេវាលំបាកពេកចេះតែមករកបេះបោចក្នុងភូមិ។ បានដីក្បាលប្រហែលម្ភៃម៉ែត្រ បណ្តោយ ប្រហែលមួយរយនោះ បើមាននរណាគេមកឃោសនា ចែកអំណោយអី អ្នកភូមិ មេភូមិ មេឃុំអីគេអាណិត គេដាក់ឈ្មោះប្តីបើកមួយរបបទៅ ឯប្រពន្ធគេដាក់ឈ្មោះឱ្យបើកមួយរបបទៀត រួចកូនមានប្រាំនាក់នៅតូច ល្អិតល្អោចនៅឡើយមិនទាន់ជួយដៃជើងម៉ែឪបានទេ។ សម័យវាលូកមាត់កាត់ប្រសាសន៍មីងតាមសម្លេង រដឺនរបស់វា ក្នុងពេលដែលពួកខ្ញុំបានធូរដើមទ្រូងខ្សាកតែម្តង គឺដូចគេដកបាវខ្សាច់ចេញពីទ្រូង៖

អ្នកនឿតហ្នឹង បើគាត់ទៅទិញប្រហុកម្រយ គាត់ដាក់ស្រាសម្រយដែរ (គេនិយាយពីរោះណាស់) រួចទៅ ទិញមួយព្រឹកប្រហែលជាប្រាំជើង ម្តងទិញប្រហុក ម្តងទិញទឹកត្រី ម្តងទិញប៊ីចេង ម្តងទិញខ្លាញ់ មិនដែល ចេះទិញបានឱ្យរួចតែមួយជើងនោះទេ ហើយដាក់ស្រាប្រាំរយដែរ ហើយដាំបាយធ្វើម្ហូបអីក៏មិនកើតដែរ ឱ្យតែស្រាចូលពោះហើយនោះ។ (សម័យរើកាបូបបណ្តើរ និយាយជាមួយពួកយើងបណ្តើរ វាទាញសំពត់ អាវប៉ាក់មករលាស់)។

ខ្ញុំឃើញក៏ស្រែកទៅ ព្រោះថាខ្ញុំចាប់ផ្តើមរីករាយវិញហើយ៖ នែ! អាហ្នឹងបស់មីងទេ!

លោកគ្រូក៏បន្ត៖

តាមមើលទៅពូថៅហ្នឹងមិនបាត់ទៅណាទេ តែប្តីហ្នឹងស្រវឹងដាក់ដៃទៅណាមិនដឹងក៏ចេះតែមករកឱ្យជួយ ទាយឱ្យ គាត់ថា ឱ្យខំរកស្អែកហ្នឹងទៀត។ ព្រោះលើកមុនដាំបាយបាត់ឆ្នាំងបាយរួចចោទថាមានគេលួច តាមពិតទាំងប្តីទាំងប្រពន្ធស្មើដៃគ្នាខាងផឹក ម៉្លោះហើយក៏ភ្លេច វង្វេងឡើងវិលខួរអស់ ឯឆ្នាំងបាយនោះគឺ ដាំបាយរួចដើរទៅផឹកទាំងអស់គ្នា ឆ្កែឃ្លានវាពាំទៅស៊ីឯចុងភូមិ(ដី) ដល់ពីរថ្ងៃក្រោយទៅបត់ជើងទើបរក ឃើញមកវិញ កាលហ្នឹងរកគ្រូមើលដែរ ដល់រកឃើញវិញរត់មកប្រាប់លោកគ្រូវិញដែរ។

ខ្ញុំ៖ ចុះផ្ទះនៅឯណាមីង?

នៅខាងត្បូងទល់មុខផ្ទះកូនប្រសារគាត់ (ប្រហែលពីររយម៉ែត្រពីផ្ទះគាត់)។

ពូដែលទៅជាមួយខ្ញុំ៖ ចុះអត់មានពូថៅខ្លួនឯងទេ រកស៊ីនឹងពូថៅហើយខ្ចីតែគេ។

លោកគ្រូ៖ មានស្អីនៅក្នុងផ្ទះនោះ! របស់របរអីក៏ខ្ចីគេដែរ អ្នកខ្លះមានគេឱ្យទៅ ខ្លះគេធុញគេមិនព្រមឱ្យទេ ព្រោះគំនិតយើងវាមិនកើត!

ពូដែលទៅជាមួយខ្ញុំ៖ គ្មានបងគ្មានប្អូនអីសោះទេ?

មីង៖ កំព្រាតាំងពីក្មេងៗមក មិនមានញាតិមិត្តណាគេរាប់រកទេ ព្រោះគេជួយមិនកើត។

យើងបានសម្រាកយ៉ាងត្រជាក់ស្រេបក្នុងរាត្រីដែលរួចភ័យនោះ។

ខ្ញុំដេកមិនលក់ឆ្អែតដូចរាល់ដងទេ ព្រោះតែគ្មានបាយក្នុងពោះ។ ខ្ញុំងើបម៉ោងប្រាំក៏ហាត់ប្រាណរត់ត្រឹកៗ តាមផ្លូវមុខផ្ទះនាំឱ្យឆ្កែព្រុសទ្រហឹងពេញភូមិព្រោះវាឆ្ងល់នឹងមួកជាប់អាវរងារបស់ខ្ញុំ និងទម្លាប់ហាត់ប្រាណ ដែលគ្មាននរណាធ្លាប់ប្រទះភ្នែកក្នុងស្រុកភូមិនេះ។ ខ្ញុំលួចទៅសម្លឹងរកមើលផ្ទះរបស់ពួកគេ ដែលតាម មីងប្រាប់គឺជាខ្ទមតូចជាងគេមួយ។ មែន! លោកអើយ ស្រុកដ៏មហាសែនត្រជាក់នេះមានផ្ទះប៉ុនផ្ទះលោកគ្រូ (ផ្ទះឈើធំបីខ្នង ធំជាងគេក្នុងភូមិនេះ) ហើយខ្ញុំត្រូវដេកជាមួយនឹងសម្លៀកបំពាក់បីជាន់ហើយ នៅតែដេក មិនមានក្តីសុខទៀត។ ចុះទម្រាំខ្ទមប្រក់ស្លឹកត្នោត បិទជញ្ជាំងមិនជិតនេះ?

ខ្ញុំសុំនិយាយឱ្យច្រើនបន្តិចពីរឿងខ្ទមនេះ៖

ដូចខ្ញុំបានជម្រាបក្នុងប្រកាសមុនថាខ្ញុំដេកមិនលក់ទេពេលយប់ដោយត្រូវងើបយកក្រដាសហ្វ្លីបឆាតមកបិទ ជុំវិញមុងតែនៅមិនធន់នឹងអាកាសត្រជាក់ នៅក្នុងភូមិកណ្តាលព្រៃនេះ។ ខ្ញុំស្លៀកខោបីជាន់៖ ទីមួយ ខោរ៉ូម៉ារឹប ទីពីរខោក្រាស់មួយ ទីបីគឺខោស្លៀកធ្វើការដែលស៊កត្រឹមជង្គង់និងចងចុងជើងជាមួយកៅស៊ូ កុំឱ្យខ្យល់ឆ្លង កាត់។ អាវក៏ដូចគ្នានិងមានកន្សែងពោះគោមួយទៀតរុំក្បាល។ មានភ័យម្តងដែលខ្ញុំចង់ប្រាប់ទៀតដែរ តែសុំ ចាំទំនេរច្រើនសិនចាំដាក់ប្រកាសទៀត។

ដីភូមិរបស់គាត់នោះមានសង់ខ្ទមនៅចំកណ្តាលដើមពោតជុំវិញដែលប្រហែលជាអាចទប់ទល់ខ្យល់បាន ខ្លះ។ ខ្ទមនោះមានដំបូលប្រក់ស្លឹក និងជញ្ជាំងបិទដោយស្បូវក្រង តែមិនបានជិតទាំងបួនជ្រុងទេ កម្ពស់ ខ្ទមនោះពីដីប្រហែលជាមួយម៉ែត្រ និងកម្ពស់ពីកម្រាលក្តារទៅដំបូលមានប្រហែលជាមួយម៉ែត្រដែរ ប្រហែលជាមានតែក្មេងៗទេទើបអាចឡើងទៅអង្គុយបានលើខ្ទមនោះ។ ខ្ញុំព្រិចភ្នែកជាញឹកព្រោះទើប ក្រោកពីដេកក្រែងខ្ញុំមើលមិនសូវច្បាស់ ទាំងយកដៃញីភ្នែកពីរបីដង ខ្ញុំមិនហ៊ានចូលទៅជិតឡើយព្រោះ មើលត្រឹម១០ម៉ែត្រពីផ្លូវទៅនេះ ខ្ញុំមើលឃើញច្បាស់គឺមានពំនូកចំបើងនៅខាងជើងផ្ទះមួយគរតូច នៅ លើខ្ទមនោះមានកូនក្មេងដេកពីរបីនាក់ បានជាខ្ញុំមើលឃើញព្រោះវាអត់មានជញ្ជាំងមុខហើយឃើញ សុទ្ធតែជើងស្គមៗ។ ខ្ញុំក្រឡេកភ្នែកមួយជុំទៀតមុនពេលបោលក្បាលត្រឡប់មកវិញ មានកន្លែងដាំបាយ ដែលផ្គុំដោយថ្មកល់ជើងក្រានបីដុំ មានឆ្នាំងបាយនៅលើរានមួយដែលចំហគ្រប រួចផ្អៀងមួយចំហៀង ដោយកល់នឹងចានដីដុតសម័យឆ្នាំប៉ែត្រជាងប្រាំប្រាំមួយនៅក្បែរនោះ គ្មានឃើញពាងទឹក ពាងអីទេហើយ ក៏ប្រហែលជាគ្មានទាំងអណ្តូងទៀត។

ខ្ញុំឃើញហើយមីងខ្ទមហ្នឹង!

ខ្ញុំរត់មកវិញរាយការប្រាប់មីងនិងចាស់ៗដែលអង្គុយអាំងភ្លើង។ ខ្ញុំគ្រាន់តែនិយាយបានប៉ុណ្ណឹងដូចមានស្អី មកបង្អាក់មិនឱ្យនិយាយចេញអំពីភាពក្រីក្ររបស់មនុស្សរួមលោករបស់ខ្ញុំដែលហួសវិស័យ។ ខ្ញុំក៏រត់ចេញ ពីពួកគាត់បន្តហាត់ប្រាណទៀត។ ព្រះអើយ! មនុស្សកំពុងតែក្រហើយបានធ្វើបាត់ពូថៅដែលខ្ចីគេទៀត ខ្ញុំអាណិតណាស់។

ខ្ញុំត្រូវចេញទៅធ្វើការនៅភូមិផ្សេងបួនថ្ងៃ។ មុនពេលត្រឡប់មកផ្ទះឯខេត្តវិញ ខ្ញុំបានចូលយករបស់របរ ដែលខ្ញុំផ្ញើទុកនឹងផ្ទះលោកគ្រូ ដោយមិនភ្លេចអើតមើលខ្ទមនោះពេលជិះកាត់ទាំងក្តុកក្តួល។

គ្រាន់តែខ្ញុំនិយាយប្រាប់រឿងនេះក្នុងពេលរើឥវ៉ាន់ផ្លាស់ខោអាវបណ្តើរក្រោយមកដល់ផ្ទះវិញ ម៉ាក់ខ្ញុំគាត់យំ  គាត់ថាស្រុកយើងសម័យនេះហើយនៅគ្មានពូថៅប្រើសម្រាប់ចិញ្ចឹមជីវិតទៀត មិនមែនសម័យប៉ុលពត ឯណា។

ខ្ញុំបានឆ្លៀតទៅផ្ទះបងប្អូនឯភូមិក្បែរទីរួមខេត្តនោះដែរដើម្បីសួរយោបល់ពូខ្ញុំ ថាតើផ្លែពូថៅដែលជាងដំ និង ផ្លែដែលគេលក់នៅផ្សារមួយណាគ្រាន់ជាង ព្រោះផ្ទះរបស់ខ្ញុំប្រើពូថៅសល់ពីសម័យសង្គមពីរដែរ។ ពូ ប្រាប់ថាពូថៅដំដោយជាងស្រុកយើងល្អមាំជាប់ជាងពូថៅទិញ តែបើចង់ឱ្យគេដំទាល់តែចាំបួនប្រាំថ្ងៃសិន ខ្ញុំមិនអាចចាំបានទេព្រោះត្រូវត្រឡប់ទៅធ្វើការវិញក្នុងពីរថ្ងៃទៀត ក៏ទិញផ្លែពូថៅពីរតាមដែលម៉ាក់ប្រាប់ ដោយគាត់អ្នកចេញលុយឱ្យ មួយសម្រាប់ឱ្យយកទៅសងម្ចាស់គេដែលពួកគាត់បានធ្វើបាត់ មួយទៀតឱ្យ ទុកប្រើសម្រាប់ខ្លួនឯង។ បានលុយម៉ាក់ចេញឱ្យ ខ្ញុំក៏សុំម៉ាក់ឱ្យទិញខោអាវជជុះនៅផ្សារកន្លះការ៉ុងទៅឱ្យ ផង មុននឹងម៉ាក់ទៅទិញផ្តាំទៀត ម៉ាក់ទិញអាណាក្រាស់ៗណាម៉ាក់ មិនបាច់ខ្វល់ធំតូចអីទេ សំខាន់សុំឱ្យ តែកក់ក្តៅគ្រាន់នឹងដេកលក់ព្រោះរងាខ្លាំងណាស់។

ពេលមកដល់ភូមិនេះម្តងទៀត ខ្ញុំបានយកផ្លែពូថៅទៅឱ្យទាំងក្បាលល្ងាចទោះជាបានដំណឹងពីអ្នកផ្ទះ លោកគ្រូថាពូថៅនោះរកឃើញវិញដោយអ្នកស្រុកដែលទៅកាប់ឈើ គេបានឃើញវាភ្លេចចោលនៅឯព្រៃ។

ភ្លេចថាមានការ៉ុងខោអាវនៅជាប់កែបម៉ូតូខ្ញុំនឹកថាចាំព្រឹកចាំយកទៅឱ្យ តែដល់យប់ទើបបាយរួច អ្នកពីរ នាក់ប្តីប្រពន្ធនោះក៏មកលេង នាំកូនរញ៉ាក់រញៀវមកជាមួយផងមានដោយចេកមួយស្និតទើបកាច់ពីដើម ហូរជ័រតិចៗ និងកូនមាន់ប៉ុនកំភួនដៃខ្ញុំពីរមកផ្ញើ។ គ្នាមកអរគុណ រួចយករបស់ទ្រនាប់ដៃមកជូនវិញ។ មីងនិងលោកគ្រូជាអ្នកបកឱ្យស្តាប់ ខ្ញុំឯណេះវាទៅជាជនបរទេសទៅហើយព្រោះស្តាប់ភាសាគេនោះមិន បានសោះ តែលើកនោះខ្ញុំឆ្លៀតថតសម្លេងមកជាមួយចែកម្តាយខ្ញុំស្តាប់តាមរយៈម៉ាញ៉េតូច។ ខ្ញុំយកតែ ចេកទុកផ្ញើទៅម្តាយខ្ញុំតាមសំណូមពរ រួចឯមាន់ខ្ញុំប្រាប់ថាចាំវាធំខ្ញុំមកហូបតែម្តង តាមពិតទៅគេមុខមាំ មិនព្រមទេ ទារថាទាល់តែខ្ញុំព្រមទទួលទើបបាន ខ្ញុំប្រាប់ថាខ្ញុំដេកមិនលក់ទេបើសិនជាចងមាន់នៅក្រោម ផ្ទះហ្នឹងមួយយប់នោះខ្ញុំប្រហែលជាអាចឈឺ។ មីងអ្នកបកមិនដឹងនិយាយយ៉ាងម៉េច គេក៏ទុកមាន់ឱ្យចង ក្រោមផ្ទះរួចក៏ចុះទៅទាំងអស់គ្នាទុកឱ្យខ្ញុំសម្រាក។ មីងគាត់លបចុះទៅស្រាយមាន់នោះឱ្យវាដើរទៅបាត់ ទៅគាត់ក៏ថ្លង់វាយំដែរ។

ម្តាយខ្ញុំហូរទឹកភ្នែកផង សើចផង។ គាត់នឹកហួសចិត្តនឹងដើរទៅភ្លេចពូថៅនៅក្នុងព្រៃ គាត់ថា មិនដឹងជា ស្រវឹងប៉ុណ្ណាដល់ថា្នក់ភ្លេចរបស់ដែលកាន់ជាប់ដៃទៅ។ ខ្ញុំប្រាប់គាត់ថា ទាំងប្តីប្រពន្ធគឺដើរទៅដើរមកព្រោះ បានប្រាក់ពីលក់អុសទៅតូបលក់ចាប់ហួយហួសផ្ទះមីងប្រហែលពីរបីផ្ទះ ខ្ញុំសួរទៅមីងគាត់ថាគ្មានស្អីក្រៅ ពីនាំគ្នាទៅផឹកនោះទេ គាត់ខ្លាចថាបានផ្លែពូថៅទៅយកទៅលក់ទិញអង្ករហូបទៀតឯណោះ។

ធ្វើអីធ្វើទៅ ព្រោះម្តាយខ្ញុំគាត់តាំងចិត្តថាធ្វើបុណ្យហើយ គាត់គ្មានគិតអីទេ។

ទៅលើកក្រោយទៀត គេបាននាំកូនស្រីតូចមួយអាយុប្រហែលប្រាំពីរឆ្នាំមកលេងនៅយប់ទីមួយ។ មីង គាត់ខ្សឹបប្រាប់ខ្ញុំថា ចង់បានកូននោះទៅចិញ្ចឹមទេ? ខ្ញុំប្រកែកញ៉ាញតែម្តង។ យប់ទីពីរ ដឹងការណ៍មុន គ្រាន់តែឮឆ្កែព្រុសខ្ញុំបិទពិលរបស់ខ្ញុំទទូរភួយដេកលក់បណ្តោយ មីងក៏ស្រែកប្រាប់ថា គេដេកលក់អស់ ហើយ គាត់នាំគ្នាទៅវិញទៅ។

ខ្ញុំមិនមែនមនុស្សចិត្តដាច់ទេ ម្តាយខ្ញុំរឹតតែចង់បានកូនគេមកចិញ្ចឹមទៅទៀត តែសម្រាប់ខ្ញុំ ខ្ញុំធ្លាប់ត្រូវគេ បំបែកពីម្តាយខ្ញុំ ខ្ញុំដេកយំទាល់តែគេនាំមកជួបម្តាយវិញបានខ្ញុំហូបបាយ ខ្ញុំជួបបែបនេះហើយឱ្យខ្ញុំសាង ស្នាមរបៀបនេះទៀតឬ? រកស៊ីចិញ្ចឹមតែខ្លួនមួយមិនចង់រស់ស្រួលផង ទម្រាំមានមនុស្សម្នាក់ទៀតក្នុង បន្ទុកទៀតនោះយ៉ាងណាទៅខ្ញុំ?

ខ្ញុំជឿថា មនុស្សមានវាសនាខុសៗគ្នា។ នៅទីក្រុងខ្ញុំតូចចិត្តដែលខ្លួនឯងទន់ទាបជាងអ្នកនៅក្បែរ តែទៅ ដល់ព្រៃ ទីជនបទដាច់ស្រយាលខ្ញុំរឹតតែមើលឃើញពួកគេលំបាកជាងខ្ញុំមួយរយដងទៅទៀត។ ប្រហែល ជាមកតែពីគំនិតមិនចម្រើននេះហើយបានជាខ្ញុំនៅតែអាចឹងដដែល គ្មានទៅណាឆ្ងាយសោះ។