រំលង ទៅខ្លឹមសារ
1 ខែវិច្ឆិកា 2013 / ស្នាមញញឹម

ឌី អើយ ភ្លេចទៅ!

ផ្ទះរបស់ខ្ញុំមានឪពុកម្តាយ មានបងប្អូនមីងមាជីដូនជីតាម៉ាចំភ្លូសម៉ាចំអោក។ តែខ្ញុំមានឌីមួយទៀតដែលត្រូវពុក ម៉ែខ្ញុំរករឿងដេញគាត់ទីងណាត់ទីងណែងព្រោះតែជម្លោះដណ្តើមទ្រព្យក្នុងគ្រួសារ…

ឌីខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះធ្លាក់ពីលើមេឃមកពីណារ៉េ! ជាមនុស្សធម្មតាម្នាក់តែងមានធ្វើខុសធ្វើត្រូវគ្រប់ តែរឿងហ្នឹងតែឌីជាមនុស្សម្នាក់ដែលឈឺឆ្អាលចំពោះមនុស្សម្នាដទៃក្នុងគ្រួសារ។ គាត់ប្រឹងប្រែងច្រើនដងហើយ ដើម្បីឱយមនុស្សក្នុងគ្រួសារមានសេចក្តីសុខទទួលបានភាពសម្រាន្តចិត្តក្នុងជីវភាពឱយកាន់តែច្រើនតាមតែ គាត់អាចធ្វើបាន…តែឱយតែឌីចង់ធ្វើរឿងអី តែងមានរឿងដទៃមកខ្ទាស់ជើងគាត់ជានិច្ច។

ដីស្រែកេរ្ត៍ ជីតាខ្ញុំមានច្រើនណាស់ មានកន្លែងនេះបន្តិចនោះបន្តិច ដែលសុទ្ធតែមានទ្រព្យសម្បតិ្ត ឬអាច និយាយ បានថារកស៊ីកន្លែងណាក៏ចេញលុយដែរ ឱយតែរកលើដីទាំងនោះ។ ម៉ាដុំនោះគ្រាន់តែមាស ចង់ក្រាលដេកក៏ ក្រាលមិនអស់ផង ហើយកន្លែងខ្លះទៀតគ្រាន់តែដំណាំចំការច្បារសួនគាត់ ចិញ្ចឹមកូនចៅ ចៅទួតចៅលួតចៅលា ដឹងយក៍ទៅណាអស់! មិនបាច់និយាយបូរបាច់តាប៉ែច្រើនទេ ដឹងតែថាជីដូនជីតាខ្ញុំដាំមាសដាំពេជ្រ ដាំលុយទុកឱយមនុស្សជំនាន់ក្រោយគ្មានឱយលំបាកទេ!

តែពុក និងឌីជាមនុស្សពីរគំនិតផ្សេងពីគ្នាដាច់ស្រឡះ!

ម្នាក់អញនិយម ម្នាក់អួតក្អេងក្អាងបន្តិចតែក៏ចិត្តបានតែទាំងអស់គ្នាហ្នឹង គ្រាន់តែថាដើម្បីតែធ្វើធំក្នុងគ្រួសារ គាត់ទាំងពីរនាក់ត្រូវពាក់មុខយក្សដាក់គ្នា ក្នុងនាមតែត្រឹមជាបងប្អូននឹងគ្នាសោះហ្នឹងហ្នា៎!

ពុក បើនិយាយពីអួតវិញ សឹងទាញមេឃមកទ្រាប់អង្គុយ។ ចំណែកឌីវិញ និយាយអីក៏អាងៗ!

តែម្នាក់ៗទាញត្រូវទៅដាក់ខាងខ្លួនគាត់ទាំងអស់ អត់មានសល់គ្រាន់នឹងឱយខ្ញុំឆែកមើលឱយស្គាល់ត្រូវនោះ យ៉ាងម៉េចម្តងរ៉េ!

ពុកនៅផ្ទះ សឹងតែគ្មានស្អីសល់ទៀតរ៉េ ទ្រព្យកេរ្ត៍ជីដូនជីតា ព្រោះគាត់មិនចេះគ្រប់គ្រង ណាមួយគាត់នៅ ជាមួយតែនឹងអ្នកចាក់រុកឆ្កឹះឆ្កៀល អ្នកចាំតាមស្មូមច្រាស និងអ្នកអែបអប។ ពុកមិនដែលម្តងសោះស្តាប់ ពាក្យអ្នកឯណាខាងក្រៅ ព្រោះគាត់ជាមនុស្សម្នាក់ដែលសឹងទប់អារម្មណ៍ខឹងមិនបានផង ម្ល៉ោះហើយអ្នក នៅជុំវិញក៏ចង់ជំទាស់ខ្លះដែរ តែឃើញចរិតពុកខ្ញុំបែបនេះក៏ទៅជាមិនហ៊ានជំទាស់ពុកទៀត។

ឌី ក៏ជាមនុស្សម្នាក់ដែលគិតតែរឿងចំពោះមុខ គាត់មិនសូវបានគិតដល់ល្បិចម៉ាចំនួនដែលនឹងនាំគាត់ធ្លាក់ ផុងក្នុងរណ្តៅម៉ាណរ៉េ។ តែឌីគ្រាន់តែជាមនុស្សម្នាក់ដែលចង់នាំការគិតថ្មីដល់សមាជិកគ្រួសាររបស់យើង!

ខ្ញុំមកដល់ពេលនេះក៏មិនទាន់ហ៊ាននិយាយថា ពុកឬឌីជាមនុស្សល្អដែរ!

តែខ្ញុំគ្រាន់តែគិតលេងៗទេថា ឌី! កាលពីមុនផ្ទះយើង គ្រួសារយើងមានគ្នាច្រើនចេះសាមគ្គីគ្នាមែន មាន ទ្រព្យសម្បត្តិច្រើនមែនតែអាឡូវនេះកុំថាឡើយដល់ទៅទប់ទល់នឹងសត្រូវ សូម្បីអង្ករក្នុងពាងក៏រកសឹង ច្រកឆ្នាំងមិនបានដែរ។ ព្រោះតែតម្រូវការក្នុងការបំពោកបំប៉នមនុស្សមួយចំនួនក្នុងគ្រួសារដែលពុក ស្រឡាញ់ពុកលក់គ្មានសល់រ៉េ!

ចឹងគួរឌី បំភ្លេចគ្រួសារយើងចោលរ៉ូវ ព្រោះថាទុកជាឌីមកជួយកសាងគ្រួសារ ខ្ញុំក្រែងតែថាឌីមកទទួលថ្ម បាក់ប៉ុណ្ណោះ។ កុំឱយអ្នកជិតខាងយើងគេដៀលទាន់ឌីអើយ! ថាឌីល្ងង់មើលមិនដឹងថាផ្ទះយើងនៅ សល់តែសម្បកទទេគ្រាន់នឹងមានមុខជាផ្ទះឱយគេហៅប៉ុណ្ណោះ តែអស់ទ្រព្យក្នុងផ្ទះទៅ ញាតិណាក៏គេ មិនទាំងចង់អើតមើលគ្រួសារយើងផង គេខ្លាចថា បើគេអើតឃើញ យើងនឹងហាមាត់សុំលុយគេ!

បើពុកអ្នកនាំរឿងទៅហើយ ទុកឱយពុកអ្នកទទួលខុសត្រូវតទៅទៀតទៅ ព្រោះទោះយ៉ាងណាគាត់មិន ចង់ឱយឌីមកនៅក្នុងផ្ទះនេះទេ។

កម្មគឺអំពើ អ្នកណាធ្វើអ្នកហ្នឹងទទួល។

***

ស្អែកខានស្អែក ព្យុះមកចំស្រុកយើងទៅហើយ គ្រានេះគ្រាក្រហើយយើង!

  1. ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 2 2013 2:05 ល្ងាច

    ឌីហ្នឹងភាសាអីបង អត់ដែលឮ?

    • លី កល្យាណ / វិច្ឆិកា 2 2013 4:13 ល្ងាច

      មកពីខ្ញុំធ្លាប់ហៅឪពុកធំថា Daddy ដល់ចឹងខ្ញុំដាក់ក្នុងហ្នឹងថាឌីដែរទៅ!

    • ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 2 2013 9:38 ល្ងាច

      តាមខ្ញុំយល់ ឌីគាត់ស្រឡាញ់ក្រុមគ្រួសារ គាត់ម៉េចនឹងអាចអោបដៃឈរមើល គ្រួសារនេះរលំរលាយទៅបាន ។ ហេសហេ រឿងនេះមានន័យណាស់ 😉 😛

    • លី កល្យាណ / វិច្ឆិកា 2 2013 10:58 ល្ងាច

      អាល័យទៅ! តិចទៀតដួលមិនបាច់ប្រឹងរ៉េ! ប្រហោងជិតដូចស្គរហើយ។

    • ឌីវ៉ា / វិច្ឆិកា 2 2013 7:56 ល្ងាច

      ចឹងបានជាពីដំបូង ខ្ញុំ​អានហើយ​អានទៀត​នៅតែ​មិនយល់ 🙄 😀

    • លី កល្យាណ / វិច្ឆិកា 2 2013 10:55 ល្ងាច

      ហ៊ឺស អាជើងល្អ! 😀

    • ឌីវ៉ា / វិច្ឆិកា 2 2013 11:49 ល្ងាច

      ជើងខ្ញុំ​ល្អមែនតើ ឈរ​ច្រៀង​ខារ៉ាអូខេ​ព្រឹកល្ងាចៗ 😀

  2. vsthea / វិច្ឆិកា 3 2013 10:50 ព្រឹក

    មើលឡើងអំវេង អត់យល់

  3. achharia / វិច្ឆិកា 4 2013 1:36 ព្រឹក

    កម្មគឺអំពើ
    អ្នកខ្លះមិនបានធ្វើ ក៏បានទទួលដែរ
    អ្នកខ្លះខំប្រឹងធ្វើបែកញើសប៉ិនៗគ្រាប់ពោត
    តែអ្នកផ្សេងជាអ្នកបានទទួលផលព្រងើយទោវិញ !
    ចាស់ៗថា កម្មតែអាឈ្មោលហ្នឹង … 😀

    • Somada Vsthea / វិច្ឆិកា 4 2013 9:32 ព្រឹក

      អត់ជឿទេ លោកពូកាន់ជើងតែប្រុសៗគ្នាឯងហ្នឹង !!

    • លី កល្យាណ / វិច្ឆិកា 12 2013 5:05 ល្ងាច

      ថាកុំឈ្លោះគ្នា រឿងឌីបស់ញ៉ុមសោះ ទៅឈ្លោះគ្នាធ្វើអី?

    • achharia / វិច្ឆិកា 4 2013 9:31 ល្ងាច

      ខុសស្រឡះហើយ តាមពិតគឺផ្ទុយទៅវិញទេ 😀

    • លី កល្យាណ / វិច្ឆិកា 12 2013 5:04 ល្ងាច

      បង និង ពូ កុំឈ្លោះគ្នា។

      ថាកម្មគឺអំពើ អ្នកណាធ្វើអ្នកហ្នឹងទទួល គ្រាន់តែមិនដឹងយូរឬឆាប់ប៉ុណ្ណោះ!

បញ្ចេញមតិ