រំលង ទៅខ្លឹមសារ
24 ខែកក្កដា 2021 / ស្នាមញញឹម

ស្រណោះដៃសម័យកូវីដ ១៩


ថ្ងៃមួយនោះមានឳកាសបានទៅជួបគ្នានៅផ្ទះសង្សារ នាំគ្នាគេចបាយផ្ទះទៅដើរលេងចោលអ្នកស្រុក។ យើងជិះម៉ូតូទៅរកតូបម៉ូយបាយនៅមាត់ទឹក ដើម្បីកំម៉ង់ខ្យងស្ងោរ និងបាយឆាគ្រឿងសមុទ្រហូប រំលឹកអនុស្សាវម៉ាវកាលពី២០១៤ កាលណាត់មកសាសងគ្នាជាលើកដំបូង អំពីជីវភាពរស់នៅរបស់គ្រួសាររៀងខ្លួន ឬបើនិយាយឱ្យខ្លីទៅគឺមើលចិត្តគ្នាទៅវិញទៅមក។

រឿងថ្ងៃនេះមិនមែនជារឿងកំប្លែង ឬជារឿងកំសត់អីទេ គឺជារឿងរំភើបញាប់ញ័រ ព្រោះអីពេលជិតលាគ្នាទៅរកស៊ីនៅដើមពោធិ៍រៀងៗខ្លួនវិញ ខ្ញុំឯណេះវាស្រណោះដៃដែលកេះប្រាប់ ថា៖ ហេ៎ បាយៗ ថែខ្លួនផង។

នរណាក៏ល្បីដែរ ខ្ញុំនេះកំពូលមហាលា ប្រជុំមួយម៉ោងកន្លះទេ តែលាគ្នាវិញមួយម៉ោងឯណោះ ដូចមិនចេះអស់រឿង។

ដល់តែគេកេះដៃលា ដូចជាឡើងស្រយ៉ង់ចិត្តតែម្តង ហ៊ឺបែកគ្នាយូរៗណាស់អីឡូវ មិនសូវបានជួបគ្នាព្រោះមុខរបររៀងៗខ្លួន ។ ខ្ញុំអាណិតអ្នកលក់គ្រឿងសមុទ្រ អ្នកលក់កាហ្វេ និងអ្នកលក់សាច់គោអាំងទឹកប្រហុកណាស់ ជាពិសេសអ្នកលក់អាហារពេលព្រឹក បែបបារាំងដែលជាម៉ូយៗរបស់យើង ពួកគេមុខតែបាត់ម៉ូយពីរនាក់នេះយូរបន្តិចហើយ… អាណិតគ្នាណាស់។

អាណិតជាងគេគឺអាណិតសង្សារខ្ញុំហ្នឹងឯង អត់បានញ៉ាំភីស្សា និងផេនខេកទេ។

20 ខែ​មេសា 2020 / ស្នាមញញឹម

សត្វល្អូត នៅជិតប្រាសាទក្រពុំឈូក


មុនចូលឆ្នាំខ្មែរ ខែមេសា២០២០ មួយអាទិត្យ ខ្ញុំមានបេសកកម្មត្រូវទៅព្រះវិហារ ។ ខ្ញុំចេញពីភ្នំពេញនៅថ្ងៃទី០៦ ខែមេសា ម៉ោង៧៖៣០នាទី ទៅសម្រាកនៅផ្ទះកំពង់ធំមួយយប់ ។ លុះព្រឹកឡើងខ្ញុំងើបទៅខេត្តព្រះវិហារម៉ោង៦ព្រឹក ។

នៅតាមផ្លូវស្ងាត់ជាងសព្វមួយដង នាពេលថ្មើរណេះសមនឹងមានឡានតាក់ស៊ីរត់មួយៗទៅកំពង់ធំឬភ្នំពេញហើយ តែនេះគ្មានទេ! តាមផ្លូវអ្នកស្រុកប្រកបការងារតាមផ្ទះរៀងខ្លួន អ្នកលក់នំបញ្ចុកចាប់ផ្តើមហាន់បន្លែបណ្តើរៗ ចាស់ៗខ្លះបណ្តើរគោចម្លងថ្នល់វាឱ្យទៅរកស៊ីឯព្រៃខាងកើតផ្លូវ… បញ្ហាមេរោគកូវីត១៩នេះបានធ្វើឱ្យមនុស្សម្នាចេះនៅផ្ទះច្រើនជាងមុន ។

ខ្ញុំមកដល់ជិតប្រាសាទក្រពុំឈូក មានលោកនេនពីរអង្គកំពុងរៀបចំតុទទួលបច្ច័យនៅជើងភ្នំមួយ ។ កំពុងរីករាយនឹងបានឃើញលោកចេះជួយគ្នារៀបចំកន្លែងបោសដី បោសតុរលាស់ក្រណាត់ក្រាល ស្រាប់តែងាកមកឃើញសត្វល្អូតមួយហើរព្រុល ចេញពីព្រៃគម្ពោធនៅខាងកើតផ្លូវតម្រង់មករកឡាន ខ្ញុំជាន់ហ្វ្រាំងអូសឮសូរឡើងងឺត… ជាធម្មតាខ្ញុំកម្រជាន់ហ្វ្រាំងបែបនេះណាស់ អាណិតឡាន។ តែទន្ទឹមនឹងប្រឹងទប់ខ្លួន បង្ខំឡានគេចពីសត្វកំពុងហើរនេះ ខ្ញុំសម្លឹងមើលឃើញវាហើរយឺតនោះមហាយឺតហាក់គ្មានកម្លាំងសោះ ខុសពីធម្មជាតិរបស់សត្វព្រៃដែលលឿនរហ័ស ។ បើសិនខ្ញុំកុំជាន់ហ្រ្វាំង ប្រហែលជាឡានគេចផុតពីវាហើយ ។ តែចៃដន់អីពេលនេះខ្ញុំស្មានខុសល្បឿនហើយ ឡានបុកនឹងល្អូតដ៏កំសត់នោះដែលគ្មានកម្លាំងហើរផុតពីដីបីម៉ែត្រ សត្វក៏ខ្ទាតទៅខាងកើតផ្លូវ ខ្ញុំឈប់ឡាននៅផ្លូវចូលទៅប្រាសាទក្រពុំឈូកដោយសារត្រង់នេះជាផ្លូវកោង ហើយរត់មកមើល ក្រែងវានៅរស់ នឹងបានលើកដាក់ឡានទៅខេត្ត ដែលមានគ្នីគ្នាគាត់អាចជួយបានព្រោះជាអ្នកកសិកម្ម ។ រត់មកមើលមិនឃើញកម្រើកស្លាបកម្រើកក្បាល នឹកអនិច្ចាភ្លាម ឱអ្នកអើយ ខ្ញុំសុំខមាទោស ខ្ញុំគ្មានចេតនាទេ ក៏លើកដៃសំពះសំបូងសំរូងសុំឱ្យអ្នកឯងបានទៅកាន់ទីស្ងប់សុខចុះ។ លុះអើតមើលទៅកែវភ្នែកសត្វដែលងាប់ទៅហើយឃើញក្រហមដិត នឹកអាណិតណាស់ អាណិតខ្លួនខ្ញុំដែលបានបំពានជីវិតគេ ខ្ញុំក៏ស្ទុះទៅយកទូរស័ព្ទមកថតរូប ។ កំពុងអង្គុយគិតពិចារណាកំហុសដែលប្រហែសនេះ ស្រាប់តែស្រ្តីពីរនាក់ជិះម៉ូតូមកពីណាមិនដឹងព្រោះមិនបានតាមមើល ស្រែកសួរថាស្អីគេហ្នឹង? គេក៏បត់ម៉ូតូមកមើល ខ្ញុំអួលដើមកនិយាយមិនចង់ចេញ។
– សត្វអីហ្នឹងបង?

ខ្ញុំថាល្អូត ឡានខ្ញុំបុកវា។

– បងឯងហុចវាឱ្យខ្ញុំបន្តិចមក ។

អត់ទេ ខ្ញុំគ្មានសិទ្ធិទេ។

– គាត់ខ្លាចមេរោគហ្នឹងក៏អី?

ខ្ញុំគ្រវីក្បាលមិននិយាយអីទេ ខ្ញុំដើរចេញត្រឡប់ទៅរកឡានវិញ ។ អ្នកជាម្ចាស់ស្រុកអ្នកមានសិទ្ធិអាស្រ័យផលបានមកពីធនធានធម្មជាតិជាការធម្មតាទៅហើយ តែខ្ញុំកំពុងមានកំហុស ខ្ញុំគ្មានសិទ្ធិព្រមឬមិនព្រមឱ្យអ្នក សម្រាប់ជីវិតសត្វមួយនេះទេ។

ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាដែលជាអ្នកមានទ្រព្យសមរម្យល្មមនឹងរស់ហើយ សូមទុកកន្លែង ទុកព្រៃឱ្យសត្វទាំងឡាយគ្នាមានផ្ទះមានសម្បែងរស់នៅផង។ កុំដុតព្រៃ កុំទុកឱ្យគ្នាទុព្វលដល់ទីបំផុតអី! អាណិតគ្នា! កាលសម័យប៉ុលពត ម៉ែឪយើងស្រែកត្អូញលំបាកណាស់ គ្រប់សព្វសារពើ តើយើងមានដែលយកត្រចៀកស្តាប់សម្លេងសត្វទាំងឡាយដែលយំសោក ព្រោះអស់ព្រៃជាជម្រក ជាកន្លែងការងាររកស៊ីចិញ្ចឹមជីវិតទេ?

ខាងលើនេះជារូបទេសភាពពេលព្រឹកម៉ោង៦ នៅប្រយុទ្ធជិតទីរួមខេត្តព្រះវិហារ និងរូបមានដុតព្រៃរានដីចម្ការនោះ នៅជិតតំបន់ដែលលោក បេន គាត់ធ្វើការជាមួយសហគមន៍ដើម្បីថែទាំព្រៃឈើសម្រាប់ខ្មែរទាំងអស់គ្នា។

សូមឱ្យសព្វសត្វទាំងឡាយ កុំបីមានពៀរនឹងគ្នា កុំចងពៀរនឹងគ្នា សូមធ្វើជាញាតិជាមិត្តនឹងគ្នា ដរាបដល់អស់កប្បនេះទៅហោង!

15 ខែ​កុម្ភៈ 2020 / ស្នាមញញឹម

ពេលវេលាដ៏ស្ងប់ស្ងាត់


ធម្មជាតិពិតជាអស្ចារ្យណាស់សម្រាប់មនុស្សគ្រប់ៗរូប…ទឹកដោះដំបូងមានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ទារកទើបនឹងកើត ។

ធម្មជាតិពិតជាអស្ចារ្យមែន! គេកំណត់មកថាដើមឈើដែលមានមែក និងស្លឹក ត្រូវតែបក់រេរាំតាមខ្យល់…បើ មិនព្រមរេតាមខ្យល់ទេ មែកនៃដើមឈើនោះដាច់ខាតត្រូវតែបាក់តាមតក្កវិជ្ជា…

ធម្មជាតិនៃជីវភាពរបស់មនុស្សក៏ដូចគ្នានឹងដើមឈើ។ មែក ស្លឹក គឺតំណាងឱយជីវិត និងការងារ ដែលជាចាំ បាច់និងតក្កវិជ្ជាបំផុតគឺត្រូវតែរៀនរស់សម្របខ្លួនទៅនឹងមជ្ឈដ្ឋានជុំវិញដែលជះឥទ្ធិពលមកក្នុងជីវិត។

ពេលដែលអ្វីៗក្នុងជីវិតយើងជួបឧបសគ្គកាន់តែច្រើន អ្នកនៅជុំវិញខ្លួនយើងតែងលើកទឹកចិត្តដោយប្រាប់ថា នោះគឺគ្រាន់តែជាការសាកល្បងនៃព្រះជាម្ចាស់ប៉ុណ្ណោះ។ ការសាកល្បងកាន់តែច្រើន ជីវិតយើងនឹងកាន់តែ រឹងមាំព្រោះយើងអាចឆ្លងកាត់ឧបសគ្គជាច្រើនទាំងជោគជ័យ ទាំងបរាជ័យ … ថ្ងៃណាមួយដែលជីវិតយើងមិន អាចទ្រាំទ្របានជាមួយនឹងការសាកល្បងនេះ គេតែងគិតថាយើងជាមនុស្សគ្មានការតស៊ូ…

ធៀបទៅនឹងកម្លាំងទឹកហូរក្នុងមួយវិនាទី ឧបសគ្គមួយក្នុងជីវិត កាន់តែធ្វើឱយខាតបង់ពេលវេលានៃជោគជ័យ …ទឹកហូរមិនដល់គោលដៅទាន់ពេលវេលាដែលយើងបានគិតទុក។

***

បងនៅអង្គុយម្នាក់ឯងរង់ចាំពេលវេលាជួបអូនជាថ្មី! (២២ សីហា ២០១៣)

12 ខែតុលា 2019 / ស្នាមញញឹម

រូបថតផ្កាក្រវាន់នៅភូមិគោកងួន


រូបថតផ្កាក្រវាន់នៅភូមិកំណើតជីដូនជីតាខាងម្តាយរបស់ខ្ញុំមានសម្រស់គួរជាទីចាប់ចិត្ត មានព័ណ៌ធម្មជាតិស្រស់ស្រទន់ ហាក់ទាក់ទាញភ្នែកអ្នកទស្សនា ដូចក្លិនដ៏ក្រអូបឈ្ងប់របស់វាដែរ ។ ខ្ញុំមានផ្កាក្រវាន់ជាផ្កាប្រចាំចិត្តរបស់ខ្ញុំ ជាផ្កាតែមួយគត់ដែលខ្ញុំចូលចិត្តក្លិនក្រអូបលើសផ្កាឯទៀត ម្ល៉ោះហើយរូបថតផ្កាក្រវាន់លើកណាក៏មានថតដែរឱ្យតែពេលខ្ញុំទៅលេងស្រុកកំណើតជីដូនខ្ញុំ ។ រូបថតអាចនិយាយបានថាលើសពីមួយពាន់សន្លឹកគ្រាន់តែផ្កាក្រវាន់មួយមុខនេះ ដូច្នេះលោកអ្នកប្រាកដជាយល់ពីចំណូលចិត្តរបស់ខ្ញុំចំពោះវាបានហើយ ។

រូបថតមួយសន្លឹកក្នុងបណ្តារូបផ្កាក្រវាន់ទាំងឡាយរបស់ខ្ញុំ និងរូបខ្លះទៀត ត្រូវបានផេកមួយចំនួន​យកទៅផ្សព្វផ្សាយឈ្មោះផ្កាខ្មែរហើយដាក់និមិត្តសញ្ញាសម្គាល់ផេករបស់គេនៅក្នុងហ្វេសប៊ុក និងវេបសាយរបស់គេទៅហើយ ។

ខ្ញុំក៏ប្រហែលជាភ្លេចខ្លះដែរថាខ្ញុំធ្លាប់បានជូនរូបថតផ្កាក្រវាន់នេះដល់ញាតិមិត្តណាខ្លះ តែខ្ញុំចាំច្បាស់ថាខ្ញុំមិនដែលបានជូនរូបមួយនេះទៅនរណាទេពីមុនមក ព្រោះបើអ្នកដឹងថារូបនេះតំណាងឱ្យបេះដូងខ្ទេចខ្ទាំមួយ នោះប្រហែលជាអ្នកអាចប្រែចិត្ត។

ខ្ញុំចូលចិត្តថតរូបសម្រាប់ជំនួស(តំណាង)អារម្មណ៍ Metaphor ដូចជាអាឡិចអ្នកថតរូបសំណព្វចិត្តរបស់ខ្ញុំដែរ ។

បើអ្នកសង្កេតជាមួយខ្ញុំ អ្នកនឹងបានឃើញពន្លឺតាមចន្លោះស្លឹកក្រវាន់នេះប្រៀបដូចតំណក់ទឹកភ្នែកទាំងឡាយដែលស្រក់ មកដក់ជាប់ក្នុងដំណើរជីវិត ។ ទឹកភ្នែកនេះស្រក់រាយប៉ាយស្ទើរពេញរូបថត ស្រក់ពីគ្រឹះទៅដល់កំពូល ហើយស្រក់កាន់តែច្រើននៅពេលយើងមើលកាន់តែខ្ពស់ ។ ផ្កាក្រវាន់ធំមួយនៅខាងមុខបើកស្រទាប់រីកស្គុះស្គាយ ដូចជាកំពុងរីករាយនឹងអ្វីដែលខ្លួនមាន គេចមុខចេញពីភ្នែកមនុស្សដែលស្រឡាញ់ចាប់អារម្មណ៍បំផុត … បានត្រឹមស្រឡាញ់ តែគេគេចចេញធ្វើហាក់មិនដឹង ឬប្រឹងបំភ្លេច … បើគិតតាមគណិតវិទ្យា មុំនេះថតផ្កាបានស្អាតល្អបំផុតហើយ ស្រទាប់ទាំងប្រាំមួយរីកសាយមើលឃើញច្បាស់ក្រឡែត … ស្នេហាយើងដើរដល់ចំណុចដែលអាចជួបគ្នាហើយ ម្តេចឡើយសេចក្តីស្រឡាញ់មួយនេះបែរជាទទួលបានត្រឹមតែការព្រងើយបន្តើយ គេចចេញ លាចោល ទៅបាត់វិញ … បើយើងមើលទៅទង និងមែកផ្កាវិញ ស្ទើរច្រឡំគ្នាមិនដឹងជាមួយណារបស់ផ្កាណាទេ … អ្នកមកមុន និងអ្នកមកក្រោយ មិនប្រាកដថានរណាអាចរួមដំណើរជីវិតរហូតដល់ពេលចុងក្រោយឡើយ … ក្តីស្រឡាញ់បានផ្តោតសំខាន់ឆ្ពោះចំពោះមនុស្សម្នាក់គត់ ស្របពេលមានមនុស្សម្នាក់ទៀតផ្តោតចិត្តខ្លាំងដូចគ្នាឆ្ពោះមករក ទាមទារថែរក្សាសេចក្តីស្នេហាមួយនេះដែលទើបតែប្រេះស្រាំទៅ … គេមើលមកពីចម្ងាយដោយហ្មត់ចត់ណាស់ ល្អិតល្អន់ណាស់ ស្ទើរតែតាមមើលមិនដាក់ភ្នែក មិនព្រិចភ្នែក ត្រង់ឆ្ពោះ ច្បាស់លាស់ និងមានគោលដៅគ្មានងាករេ … បើអ្នកប្រើរង្វាស់ប្រវែង Matrix នោះអ្នកនឹងឃើញថា ផ្កាទាំងពីរទងនៅក្នុងចន្លោះស្ទើរស្មើគ្នា បើធៀបទៅនឹងគែមខ្វែងនៃជ្រុងរូបថត ។

នេះជាសម្លោកប្រៀបធៀបនៃសេចក្តីស្នេហារបស់មនុស្សបីនាក់ ។ រឿងរ៉ាវអតីតជារឿងដែលពិបាក​បំភ្លេចពន់ពេកក្នុងជីវិត ។ តែការត្រាំត្រែងក្នុងទុក្ខព្រួយបានទទួលត្រឹមតែពាក្យ ស្មោះស្នេហ៍ប្រែព្រាត់ប្រាស ទៅវិញ គ្មានអ្វីនឹងសង្ឃឹមថាសេចក្តីស្នេហាមួយនេះអាចវិលត្រឡប់វិញទេ ។ ទោះជាយ៉ាងណា ម្នាក់ៗបានត្រឹមគិតក្នុងចិត្ត បានត្រឹមលួចរក្សាទុកអនុស្សាវរីយ៍ល្អៗដែលពួកគេមានជាមួយ​គ្នាសម្រាប់រំលឹកលួងចិត្តខ្លួនឯងថា មានម្តងនៅលើលោកនេះដែលពួកគេមានមនុស្សម្នាក់ស្រឡាញ់គេយ៉ាងបរិសុទ្ធ យ៉ាងស្ម័គ្រស្មោះ មិនដែលគិតកេងចំណេញ ឬសម្លឹងរកផលប្រយោជន៍ពី​សេចក្តីស្នេហាមួយនេះឡើយ … មានពេលខ្លះក៏ស្តាយក្រោយព្រោះពួកគេមិនត្រឹមតែទុកអនុស្សាវរីយ៍ល្អៗនោះទេ ពួកគេក៏មានដាប់ស្នាមអាក្រក់ទុកឱ្យគ្នាផងដែរ …

ខ្ញុំបានបាត់បង់រូបភាពដើមដែលមានគុណភាពល្អអស់ទៅហើយព្រោះហាដឌីសដែលផ្ទុកវាបានខូច តែរូបទាំងនេះខ្ញុំធ្លាប់បង្ហោះក្នុងហ្វេសប៊ុកខ្លះ ទើបអាចទាញមកប្រើការបាន តែគុណភាពរូបថតមិនដូចរបស់ដើមដែលមើលទៅត្រជាក់ភ្នែកនោះទេ ។

ឥឡូវរូបនេះខ្ញុំបានសម្រេចចិត្តប្រគល់ជូនមិត្តម្នាក់របស់ខ្ញុំ ឈ្មោះ វ៉េង ទេពី ដូចមានបង្ហាញឈ្មោះជានិមិត្តសញ្ញាលើរូបថតស្រាប់ ។

សូមជូនពរមិត្តប្រកបដោយសេចក្តីសុខ និងសេចក្តីចម្រើនជានិច្ច ។ អរគុណដែលបានអធិដ្ឋានឱ្យខ្ញុំក្នុងពេលលំបាកបំផុតរបស់ខ្ញុំ ។

Presentation

ផ្កាក្រវាន់ ២០១២ @ភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕

3 ខែកញ្ញា 2019 / ស្នាមញញឹម

១៦ ឆ្នាំមុន


ដោយសារសង្សារខ្ញុំគេទៅដើរលេងចោលខ្ញុំមួយរយៈដើម្បីកុំឱ្យខ្ញុំចោទគេថាជាអ្នកនាំស្រ្តេស​មកឱ្យខ្ញុំឈឺ ខ្ញុំក៏មានពេលទំនេររុករើរៀបរយផ្ទះវើតប្រេសឱ្យថ្លៃថ្នូរបន្តិច ក្រែងដល់ពេលឆ្កួតមែនទែនទៅ ស្តាយក្រោយដែលមិនបានរៀបចំផ្ទះសម្បែងឱ្យស្អាតបាតនឹងគេ ។ រើៗក៏ឃើញប្រកាសមិនទាន់ផ្សាយជិតសាមសិបប្រកាស ខ្ញុំក៏យកវាមកកែសម្រួលបន្ថែមទៀតដើម្បីផ្សាយ៖

រឿងខ្លី ៖ ១៦ឆ្នាំមុន

១១ មេសា ២០១៤

ឆមាសទីពីរនៃឆ្នាំដំបូងដែលយើងរៀនជាមួយគ្នា ខ្ញុំនិងគេគឺជាមិត្ត។ ខ្ញុំស្រឡាញ់គេតាំងពីវិនាទីដំបូងដែលគេដើរ​ចូលមក ក្នុងថ្នាក់រៀនយើង។ សិស្សផ្លាស់មកថ្មីម្នាក់នេះតែងតែឆ្លើយនឹងអ្វីដែលគ្រូសួរ ទោះត្រូវឬខុស គេចេះវែកញែក ពិភាក្សាជាមួយគ្រូនូវអ្វីដែលគាត់កំពុងពន្យល់។ មានជួនកាលគេតមាត់ជាមួយគ្រូទៀតផង… ខុសពីថ្នាក់រៀន យើងពីមុនដែលមានតែសិស្សពូកែប៉ុន្មាននាក់ដែលសួរដេញដោលគ្រូ…

មុនពេលសារភាពប្រាប់គេថាខ្ញុំស្រឡាញ់គេ ខ្ញុំត្រូវចំណាយពេលជិតមួយឆ្នាំដើម្បីសង្កេតមើលចរិត ឬកពារ អាកប្បកិរិយា … និយាយជារួមគឺពិនិត្យតាំងពីដំណើរទំនង គំនិត យោបល់ និងចំណង់ចំណូលចិត្ត ថាសមគួរ នឹងអាចភពប្រសព្វគ្នាជាគូជីវិតឬទេ ឬមួយមានអ្វីដែលទាស់ឆ្គងមិនស្របចិត្តគ្នា នឹងអាលរកវិធីដោះស្រាយ សមស្រប។ ការសង្កេតនេះប្រើពេលយូរបន្តិចមែនតែបើគិតឱយសព្វគ្រប់ទៅ ខ្ញុំចូលចិត្តការមើលចិត្តថ្លើមគ្នា ឱយបានច្រើន ទាំងចំណុចល្អ និងចំណុចមិនល្អ រួមទាំងភាពស្របទិសគ្នានៃគំនិត…ដែលការសង្កេតគំនិត ត្រូវការប្រើពេលយូរជាងការសង្កេត តែកាយវិការ។

គិតមកទល់ពេលនេះ ១៦-១៧ឆ្នាំហើយដែលខ្ញុំស្រឡាញ់នាង។ ខ្ញុំមិនដែលបានឮនាងនិយាយថាស្រឡាញ់ខ្ញុំ​វិញ​ឡើយ។ ជាលទ្ធផលគឺខ្ញុំឆ្កួតវង្វេងស្រឡាញ់នាងតែម្នាក់ឯងតាំងពីពេលនោះមក។ គ្រប់ពេលដែលនាងមានសង្សារ ខ្ញុំគឺជាមិត្តដែលនៅតែស្និទ្ធស្នាលនឹងគ្នាជាធម្មតាដូចមិត្តឯទៀតដែរ។ ហើយរាល់ដងដែលស្នេហារបស់នាងមាន បញ្ហា ខ្ញុំក៏ជាមិត្តដែលនាងអាចនិយាយរឿងជាច្រើនជាមួយបាន។ ក្រោយមកខ្ញុំដាច់ចិត្តសារភាព​ប្រាប់នាងថាខ្ញុំលួចស្រឡាញ់នាង ។ យើងចាប់​ផ្តើមសង្កេតចិត្តគំនិតគ្នាទៅវិញទៅមកអស់ពេលបួនឆ្នាំថែមទៀត ។

នៅពេលដែលនាងប្រាប់ខ្ញុំថា នាងមានមនុស្សដែលនាងស្រឡាញ់ និងចង់រៀបការជាមួយហើយ ខ្ញុំស្រាប់តែយំ ង៉ោងផ្អើលមេឃផ្អើលដី​…ខ្ញុំខ្លាចជាខ្លាំងពេលត្រូវបែកពីមនុស្សដែលខ្ញុំស្រឡាញ់បំផុត ទុកចិត្តបំផុត ជាមិត្តរួមជីវិត តែមួយគត់របស់ខ្ញុំ… ខ្ញុំឆ្លងកាត់ពេលវេលា «សូន្យ» ក្នុងដំណើរជីវិតនៅពេលនោះឯង នៅពេលដែលគ្មានអ្វីសោះ ក្នុងដៃ…ពេលវេលាដែលខ្ញុំគិតថាត្រចះត្រចង់បំផុតសម្រាប់ជីវិតខ្ញុំ… ខ្ញុំកំពុងមាននាងនៅក្បែរ ខ្ញុំកំពុងកសាងខ្លួន ដើម្បីត្រៀមរកការងារល្អៗធ្វើ… ខ្ញុំជិតប្រឡងបញ្ចប់ការសិក្សាហើយ ខ្ញុំជិតនឹងត្រៀមទទួលសញ្ញាប័ត្រហើយ ខ្ញុំនឹងដាក់ពាក្យ ប្រឡងទៅសិក្សានៅជប៉ុនខាងផ្នែកបច្ចេកទេសមេកានិចដែលខ្ញុំចង់ធ្វើដើម្បី​ឈោងចាប់ ការងារផ្នែកកសិកម្មប្រើ បច្ចេកទេសទំនើប តែខ្ញុំប្រឡងមិនជាប់ឡើយ ។ បរាជ័យ​ផ្ទួនៗគ្នា របស់ខ្ញុំធ្វើឱយខ្ញុំ បាក់ទឹកចិត្ត ជាខ្លាំង។

ថ្ងៃដែលនាងចាកចេញទៅ ថ្ងៃដែលខ្ញុំបានទប់ខ្លួនឈរមិននឹង! ខ្ញុំឈរមើលនាងបណ្តើរសង្សារ ខ្ញុំឈរមើលនាង ហៅសំបុត្រការ…នៅទីបញ្ចប់ ខ្ញុំប្រាប់ខ្លួនឯងថា កាត់ចិត្តពីនាងទៅ ព្រោះទោះជាយ៉ាងណាសេចក្តីស្រឡាញ់របស់ខ្ញុំគឺ ចង់ត្រឹមឃើញនាងមានក្តីសុខនឹងមនុស្សដែលនាងស្រឡាញ់ គ្រប់គ្រាន់ហើយ ទោះមនុស្សដែលនាងជ្រើស មិនមែនជាខ្ញុំក៏ដោយ។ ខ្ញុំត្រូវទទួលស្គាល់ថា នាងបាន​ផ្តល់អាជ្ញាដល់មនុស្សម្នាក់ដែលនាងទុកចិត្តហើយ ខ្ញុំគ្មាន អាជ្ញាធរនឹងគ្រប់គ្រង ការពាររូបនាងទៀតទេ ខ្ញុំត្រូវរៀនផ្ទេរអំណាច កុំចេះតែគិតថា គ្មាននរណាអាចការពារ ឃុំ គ្រង ស្រឡាញ់នាងបានដូចខ្ញុំនោះ! គេចេះស្រឡាញ់នាងច្រើនជាងខ្ញុំទៅទៀត! គេចេះការពារនាងបានល្អជាង ខ្ញុំទៅទៀត! គេមានសមត្ថភាពជាងខ្ញុំ … ដូច្នេះការផ្ទេរអំណាចមិនចាំបាច់ទៅប្រកាសតែងតាំងអ្វីទេ សំខាន់គឺ ខ្ញុំអស់អំណាចហើយ!

ក្រោយថ្ងៃរៀបការរបស់នាង ខ្ញុំបានចាប់ផ្តើមរៀនកាត់ចិត្តពីនាង! ខ្ញុំសម្រេចចិត្តដើរលើផ្លូវជីវិតដែលខ្ញុំនឹងរើសដោយខ្លួនឯង ឬដែលព្រហ្មលិខិតនឹងផ្តល់ឱ្យ! ខ្ញុំកាន់តែច្បាស់ក្នុងចិត្តថា នាងមិនមែនគ្រាន់តែខឹងនឹងខ្ញុំមួយពេលទៅរើសប្រុសថ្មីបណ្តើរ បញ្ឈឺ ខ្ញុំនោះទេ នាងសម្រេចចិត្តច្បាស់លាស់ហើយក្នុងការជ្រើសរើសយកគេព្រោះគេជាប្រុស ដែលនាងអាចផ្ញើជីវិត ជាមួយបាន។ ខ្ញុំបានក្លាយជាមនុស្សសម្រេចចិត្តតែផ្ដាស ខ្ញុំរើសនារីម្នាក់ … ទោះមិនដឹងថាអ្នកថ្មីស្រឡាញ់ខ្ញុំ ខ្លាំងប៉ុណ្ណា តែខ្ញុំដឹង ត្រឹមថា នាពេលនោះខ្ញុំនិងអ្នកថ្មីត្រូវការលួងលោមគ្នាទៅវិញទៅមក!

ជាងដប់ឆ្នាំហើយដែលខ្ញុំរសាត់អណ្តែត មិននៅនឹងមួយកន្លែង និងមិនមាននរណាមកចងចិត្តខ្ញុំបាន…ខ្ញុំរាក់ទាក់ រកនាងគ្រប់ពេលដែលនាងត្រូវការ ខ្ញុំរីករាយនឹងនៅជាមិត្តម្នាក់ដែលនាងអាចហៅរកបាន…តែខ្ញុំសួរខ្លួនឯងថា ខ្ញុំធ្វើនេះដើម្បីអី??? ខ្ញុំប្រាប់ខ្លួនខ្ញុំវិញថា ខ្ញុំធ្វើនេះ គ្រាន់តែចង់សងនូវអ្វីដែលខ្ញុំមិនបានធ្វើ កាលនៅជាសង្សារនឹងគ្នា​ប៉ុណ្ណោះ។ តែរបៀបរក្សាសន្តិភាពបែបនេះ កាន់តែធ្វើឱ្យចិត្តខ្ញុំ (ឬដោយទាំងចិត្តនាងដែរ) ឈឺទៅៗ ។ ចិត្តដែលធ្លាប់ស្រឡាញ់ស្មោះ បានប្រែប្រួលហួសពីការស្មាន ខ្ញុំបែរជាចូលចិត្តសងសឹកនឹងស្នេហាទៅវិញ ខ្ញុំមិនដែល ទាក់ទងស្ត្រីណាតែម្នាក់ក្នងពេលតែមួយឡើយ … ហើយជាងដប់ឆ្នាំនេះ មាននារីមិនតិចជាងដប់នាក់ទេក្នុងមួយឆ្នាំដែល ត្រូវខ្ញុំបាយៗ ។ ខ្ញុំមិនដែលស្តាយក្រោយចំពោះទំនាក់ទំនងទាំងនោះទេ ព្រោះរាល់ទំនាក់ទំនងទាំងអស់ត្រូវបានខ្ញុំចាត់ទុកថា ខ្ញុំបង្រៀននារីទាំងនោះអំពីមេរៀនជីវិត «… អូនឯងរៀនឈឺចាប់ខ្លះទៅទើបជីវិតអូនរឹងមាំ មនុស្សដែលដើរកាត់ជីវិតអូន មិនមែនសុទ្ធតែជាមនុស្សដែលត្រូវរួមរស់ជាមួយអូនអស់មួយជីវិតនោះទេ ពួកគេអាចជាគ្រូបង្រៀនគួរពិសេសដែលមិនគិតកម្រៃ …»

ឆ្នាំនេះមិនដឹងជាយ៉ាងម៉េច នៅសុខៗគេក៏ផ្ញើសារប្រាប់ថា គេសុំរក្សាទុកអនុស្សាវរីយ៍ស្នេហ៍ដែលខ្ញុំមានចំពោះរូបគេពីមុនមក តែបើទោះបីជាខ្ញុំមិនព្រម ក៏គេនឹងរក្សាទុកវាជាប់ខ្លួន ។ ការឈឺចាប់ដែលធ្លាប់បានសះស្បើយជាយូរកន្លងមកហើយ ក៏ស្រាប់តែចាប់ពើតចុកគ្រាន់តែបានអានសារសង្សារចាស់មួយឃ្លានេះ ។ ពីរថ្ងៃក្រោយមកអ្នកធ្វើការជាមួយគ្នាគាត់ចាក់ចម្រៀងស្តាប់តិចៗតែម្នាក់គាត់ទេ តែខ្ញុំកាន់តែផ្ចង់អារម្មណ៍ធ្វើការកាន់តែឮចម្រៀងនោះច្បាស់ឡើងៗ ។ នាងសុខពិសីច្រៀងបទនោះអីក៏ពីរោះដល់ម្ល៉ឹង? «ស្រឡាញ់បងម្តេចឈឺចាប់ម៉្លេះ?» រាល់ពេលអ្នកធ្វើការជាមួយគាត់ចាក់បទនោះខ្ញុំតែងកាន់សៀវភៅការងារ របាយការណ៍ ឬកែវកាហ្វេទៅឈរនៅផ្លូវដើរក្រៅបន្ទប់  ទ្រាំរហូតដល់បទនោះរំលងផុតទៅ!…

ខ្ញុំតែងមានបំណងចង់នៅជាមួយនាងដែលខ្ញុំគិតថានឹងត្រូវរួមដំណើរជីវិតជាមួយគ្នារហូតដល់ចាស់ ចង់រីករាយថ្ងៃខួបកំណើតនាងជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃដែលពួកយើងត្រូវស្លាប់រៀងខ្លួន ចង់ធ្វើដំណើររុករកពិភពលោកនេះជាមួយគ្នា ចង់កសាងជីវិតគ្រួសារមួយពីចំណុចសូន្យឡើងទៅ ចង់រៀនស្វែងយល់អ្វីដែលថ្មីៗជាមួយគ្នា មើលថែគ្នានៅពេលឈឺថ្កាត់ក្នុងមជ្ឍឹមវ័យរបស់យើង ដេករាប់ផ្កាយពេលរាត្រីរនោច ចង់រំលែកទុក្ខព្រួយ និងរឿងរ៉ាវលំបាកលំបិនជាមួយគ្នា ចង់ស្តាប់ការឈឺចាប់របស់គ្នាទៅវិញទៅមកដើម្បីរំលែកការលំបាកទាំងនោះ ទៅរកគ្រូទាយរំសាយកំហឹងជាមួយគ្នា ទៅវត្តទៅវ៉ាធ្វើបុណ្យធ្វើទានជាមួយគ្នាប្រាថ្នាជាតិណាៗសុំជួបគ្នាជាគូជីវិតជារៀងរហូតទៅដរាបដល់លែងមានព្រះអាទិត្យនិងព្រះចន្ទ្រ… រៀងរាល់ឆ្នាំ នៅថ្ងៃខួបកំណើតនាង ខ្ញុំតែងតែទៅមើលមាត់ទន្លេតើមានផ្កាព័ណ៌លឿងរសាត់មកតាមទឹកដែរឬទេ? នាងតែងដំណាលប្រាប់ខ្ញុំដោយកំប្លែងលេងថា ម្តាយនាងប្រាប់ថាមិនចាំថ្ងៃកំណើតកូនច្បាស់ទេ ចាំតែកាលកំណើតនាងមានផ្កាព័ណ៌លឿងរសាត់តាមទឹកទន្លេ…

បរាជ័យចំពោះសេចក្តីស្រឡាញ់ដ៏មាំទាំមួយនេះបានលេបត្របាក់យកកម្លាំងថាមពលយុវវ័យរបស់ខ្ញុំជាងពាក់កណ្តាលទៅបាត់ … បាត់ជារៀងរហូត … ខ្ញុំគ្មានថ្ងៃបានត្រឡប់ក្រោយទៅស្វែងរកមនុស្សដែលខ្ញុំស្រឡាញ់សមរម្យសម្រាប់ជីវិតដើម្បីកាន់ដៃគ្នាដើរឆ្លងយុវវ័យបានម្តងទៀតទេ … ខ្ញុំខ្លាចនឹងដាក់ចិត្តស្រឡាញ់នរណាម្នាក់ខ្លាំងដូចដែលធ្លាប់ស្រឡាញ់អូនណាស់ ខ្លាចខ្ញុំនឹងជួបបរាជ័យជាលើកទីពីរទៀត ខ្លាចទ្វីបលោកនេះមិនទុកជីវិតឱយខ្ញុំបាននៅមើលឃើញនាងមានសុភមង្គលដូចដែលធ្លាប់ទុកជីវិតឱ្យខ្ញុំកាលពីដប់ឆ្នាំមុន … ខ្ញុំខ្លាចសូម្បីតែចង់ចាប់ផ្តើមរករបរចិញ្ចឹមជីវិត ខ្ញុំមិនហ៊ានដាក់បេះដូងខ្ញុំទាំងអស់ទៅជូននារីណាម្នាក់ទេ ខ្ញុំមិនហ៊ានសូម្បីជួបមុខមនុស្សធ្លាប់ស្គាល់យើងទាំងពីរនាក់ …

ខ្ញុំចង់ជូនពរថ្ងៃខួបកំណើតអូន ខ្ញុំបន់ស្រន់ព្រះសូមឱ្យអូននិងគ្រួសារ ជួបតែសេចក្តីសុខ និងសម្រេចបំណងប្រាថ្នារបស់អូន … ខ្ញុំសុំឈរពីចម្ងាយ ជូនពរ… និងសុំទោសអូន ខ្ញុំមិនអាចសូម្បីតែហ៊ានបង្ហាញមុខឈរមើលអូនដើម្បីនិយាយពាក្យប៉ុន្មានម៉ាត់នេះជូនពរអូនក្នុងថ្ងៃខួបកំណើតដូចដែលខ្ញុំធ្លាប់បានសន្យា … ខ្ញុំកំសាកស័ក្តិសមនឹងអូនទាត់ចោលមែន … ភ្នែកអូនមុតណាស់មើលឃើញចំណុចនេះរបស់ខ្ញុំហើយសម្រេចចិត្តបានត្រឹមត្រូវមិនរើសយកខ្ញុំ … ទន្ទឹមនឹងការឈឺចាប់ខ្លាំងមួយនេះ ខ្ញុំបែរជាអរគុណវាធំធេងណាស់ ដែលនាំអូនឱ្យរកសេចក្តីសុខនិងគ្រួសារដ៏កក់ក្តៅមួយនេះឃើញ ។

នី ខ្ញុំមិនចង់ឱ្យអូនរក្សាទុកក្តីស្នេហ៍មួយនេះក្នុងបេះដូងទេ ដាច់ខាតកុំទុកវាក្នុងបេះដូងអូនអីហានី ប៊ីចង់ឱ្យនី គឺជាមនុស្សម្នាក់ដែលបរិសុទ្ធ គ្មានស្លាកស្នាមបេះដូងជាមួយខ្ញុំទេ ។ ថ្ងៃនេះខ្ញុំចង់ប្រាប់អូនថា បំភ្លេចខ្ញុំចោលទៅ … លុបឱ្យអស់ពីសម្លាកអតីតមួយនេះ … កុំឱ្យវាក្លាយជារបស់ដែលអាចប្រៀបធៀបបានជាមួយនឹងក្តីស្នេហ៍របស់ម្ចាស់បេះដូងអូន … បើអូនធៀបវាខ្ញុំកាន់តែឈឺចាប់ ឈឺព្រោះបាត់បង់អូនខ្លាំងគ្រប់គ្រាន់ហើយ បើសិនខ្ញុំដឹងថាខ្ញុំត្រូវគេប្រៀបធៀបជាមួយគូប្រយុទ្ធដែលមិនអាចសូម្បីស្មើកម្លាំងនឹងគេ … ខ្ញុំអាចនឹងឈឺចាប់ដល់មិនអាចអត់ទ្រាំបានដើម្បីតស៊ូរស់ទៅទៀតបានឡើយ។ សុំទុកខ្ញុំឱ្យរស់ដើម្បីបាននៅដឹងថាអូនមានក្តីសុខផង ការណ៌នេះនាំខ្ញុំឱ្យបានធូរស្បើយពីការឈឺចាប់មួយគ្រាៗដែរ ។

HAPPY BIRTHDAY, honey. Wish you happiness, my Ex.

25 ខែសីហា 2019 / ស្នាមញញឹម

សុភមង្គលគ្រួសារ


ម្សិលមិញ ខ្ញុំបានណាត់មិត្តទៅជជែកគ្នាលេង ក្រោយពេលសង្សារខ្ញុំព្រលែងខ្ញុំចេញពីទ្រុង 😀 😀 😀 ឱ្យ​មាន​​សេរីភាព​មួយខែដើម្បីបំបាត់ស្រ្តេស៍ធ្ងន់ធ្ងរ ។ ខែក្រោយគេនាំទៅពេទ្យផ្លូវចិត្តមែនទែនហើយ បើសិនខ្ញុំនៅមានអាការៈឈឺក្បាលមិនបាត់បែបនេះទៀត ។ ដូច្នេះ បើទៅថ្ងៃមុខខ្ញុំមានជំងឺវិកលចរិត ជួយហុចនំនែកបាយទឹកម្តងម្កាលផងពេលឃើញតាមផ្លូវ 😀 😀 😀 ។ តែថ្ងៃនេះនឹកឃើញរឿងតូចមួយ ខ្ញុំក៏សរសេរទុកសម្រាប់គ្រប់គ្នាដែលចូលចិត្តការអាន ៖

សុភមង្គលគ្រួសារ

ខ្ញុំធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយនៅទីរួមខេត្ត ។ ពីកាលកំណើតខ្ញុំ ឪពុកខ្ញុំបានចេញពីផ្ទះទៅរកការងារឯទីក្រុងស្របពេលស្រុកទេសទើបងើបពីសង្គ្រាម ហើយគាត់ក៏បានគ្រួសារថ្មី មានកូននិងចេញទៅរៀនឯស្រុកបរទេស អស់ពេលយូរគួរសមដែរ ។ ពេលនោះ ខ្ញុំនៅតូច ខ្ញុំចាំបានថា មាមីង បងប្អូន និងជីដូនជីតាខ្ញុំប្រាប់ខ្ញុំថា ខ្ញុំជាកូនក្មេងដែលរើសបានក្រោមដើមគ្រាប់បែកក្បែរសាលារៀនដែលខ្ញុំរៀនសព្វថ្ងៃ ។ ពេលសួរបញ្ជាក់យាយខ្ញុំ គាត់ឆ្លើយបញ្ច្រាសមកវិញ ៖ ចៅឯងខំរៀនណា៎ ពេលណារៀនពូកែ មានការងារល្អៗធ្វើ ចៅឯងមានប្រាក់អាចចិញ្ចឹមម៉ែ និងយាយ ហើយបងប្អូនយើងផ្សេងទៀតក៏ពឹងលើចៅដែរ ។ ចាប់ពីពេលនោះមក កំណើតស្រពេចស្រពិលរបស់ខ្ញុំហាក់ត្រូវបានប្រឹងបំភ្លេចចោលពីមនុស្សគ្រប់គ្នា រួមទាំងខ្ញុំផង ដើម្បីការចាប់ផ្តើមចេញដំណើរថ្មីក្នុងជីវិត ។

ថ្ងៃមួយ ពេលចេញពីថ្នាក់រៀនទី២ក មានបងស្រីជីដូនមួយម្នាក់របស់ខ្ញុំដែលខ្ញុំស្គាល់ បានមកចាំខ្ញុំហើយទាញដៃខ្ញុំទៅប្រាប់ថា តោះទៅរកពុក ពុកឯងមកចាំនៅផ្ទះបង។ »ពុក? យីខ្ញុំរង់ចាំពុកយូរណាស់ហើយ ឥឡូវគាត់មកយកខ្ញុំទៅនៅជាមួយមែនទេដឹង? រាល់ថ្ងៃម៉ែ និងយាយ វាយខ្ញុំគ្មានលស់ពេល ខ្ញុំមិនចង់ត្រូវរំពាត់គាត់ទៀតទេ ខ្ញុំចង់ទៅនៅជាមួយពុកវិញ ។ ពុកប្រហែលជាស្រឡាញ់ខ្ញុំជាងម៉ែ គាត់នឹងមិនវាយខ្ញុំទេ ។‍« ខ្ញុំក៏តាមគាត់ទៅ ចោលសន្យាជាមួយម៉ែដែលតែងមកទទួលខ្ញុំចេញពីសាលាទៅផ្ទះ ។ ទៅដល់ ខ្ញុំឃើញបុរសស្អាតបាតម្នាក់ដែល មានសាច់ឈាមជាមនុស្សមានរបបអាហារហូបចុកគ្រប់គ្រាន់ បក់ដៃហៅខ្ញុំទៅជិត ហើយនិយាយថា ពុកនឹកកូនឯងណាស់ ។ គាត់ក៏ថើបខ្ញុំ លើកខ្ញុំដាក់អង្គុយលើភ្លៅ ហើយសួរនាំខ្ញុំច្រើន តាំងពីម៉ែ យាយ ការសិក្សារៀនសូត្រ និងជីវិតរស់នៅប្រចាំថ្ងៃ ខ្ញុំចាំបានថា ការជួបគ្នារបស់គាត់និងខ្ញុំពេលនោះបាននាំមកនូវទឹកភ្នែកជាច្រើនរបស់ម៉ែ និងយាយ ដែលស្រក់ដោយសារភ័យបាត់ចៅកំហូចតែមួយគ្រាប់គត់ គាត់ដើររកដាច់បាយថ្ងៃត្រង់ទម្រាំឃើញខ្ញុំមកចាំនៅសាលារៀនវិញពេលពុកជូនខ្ញុំមកដាក់ នៅម៉ោងមួយរសៀល ។ មេរៀនដំបូងដែលខ្ញុំជួបពុកខ្ញុំ គឺខ្ញុំចេះបោសផ្ទះ ។ គាត់បង្រៀនខ្ញុំឱយធ្វើ ហើយគាត់ណែនាំកុំឱយបោសសម្រាមដាក់ចូលក្រោមជើងខ្លួនឯង គឺត្រូវប្រើអំបោសរុញសម្រាមទៅមុខ ហើយប្រញាប់កើបចេញម្តងបន្តិចៗ…

ជារៀងរាល់ឆ្នាំ ខ្ញុំតែងបានជួបពុកដែលលួចលាក់មកអើតមើលកូននៅស្រុកកំណើតគាត់នេះ ។ ខ្ញុំតែងសង្ឃឹមថាពុកនឹងត្រឡប់មករកគ្រួសារខ្ញុំវិញហើយប្រឹងរកស៊ីធ្វើការដើម្បីចិញ្ចឹមខ្ញុំឱយមានសាច់ជាងរាល់ថ្ងៃដែលហូបបបរស្ទើរគ្រប់ពេល ។ ពេលជួបគ្នាគាត់មិនដែលនិយាយប្រាប់ពីគ្រួសារថ្មីរបស់គាត់ទេ ។ ខ្ញុំក៏មិនដែលសួរគាត់ដូចម្តេចដែរ ខ្ញុំជាក្មេងចូលចិត្តស្តាប់ជាងនិយាយបប៉ោច ។ គាត់លួចលាក់ជួបខ្ញុំ រហូតថ្ងៃមួយគាត់ចង់នាំម្តាយខ្ញុំនិងខ្ញុំទៅនៅភ្នំពេញ តែជីដូនខ្ញុំដាច់ខាតមិនឱ្យទៅទេ គាត់កាន់កាំបិតធំមួយនៅនឹងដៃ ហើយស្រែកដេញឪពុកខ្ញុំមិនឱ្យប៉ះពួកខ្ញុំ ។ មីងខ្ញុំនាំខ្ញុំដើរពង្វាងទៅលេងផ្ទះអ្នកជិតខាង គាត់ខ្លាចខ្ញុំឃើញការឈ្លោះជេរគ្នារវាងម៉ែក្មេកនិងកូនប្រសារ ។ ឪពុកខ្ញុំត្រូវចុះចាញ់ម្តាយក្មេកចិត្តបុណ្យរបស់គាត់ដោយសារតែកាំបិតធំ ហើយត្រឡប់ទៅភ្នំពេញវិញទទេ ។

គាត់ព្យាយាមទាក់ទងម្តាយខ្ញុំឱយនាំខ្ញុំមកលេងភ្នំពេញរៀងរាល់រដូវសម្រាកការសិក្សា គាត់បានទិញដីធំជាច្រើនហិកតានៅជាយក្រុងភ្នំពេញជិតទួលគោក ហើយនិយាយជាមួយជីដូនម្នាក់ទៀតរបស់ខ្ញុំឱយមកនៅចាំដី ដើម្បីមានលេសនាំខ្ញុំមកលេងគាត់ហើយមានកន្លែងស្នាក់នៅផង ។ ម្តាយខ្ញុំ និងខ្ញុំដឹងថាឪពុកខ្ញុំមិនមែនមានតែពួកយើងទេ ព្រោះការមករស់នៅភ្នំពេញ គាត់ក៏លួចលាក់មកជួបយើងដែរ ក្រោយមកខ្ញុំមានប្អូនពីរនាក់ទៀត ។ រឿងរ៉ាវកើតឡើងកាន់តែច្រើនក្នុងជីវិតពួកខ្ញុំទាំងបីនាក់បងប្អូន ។ ក្រោយដឹងថាឪពុកមានកូនពីរនាក់ទៀតធំៗហើយនោះ ពួកខ្ញុំដឹងច្បាស់ថា គ្មានអ្វីអាចសម្រេចដូចក្តីស្រមៃពីតូចមកទេ មិនអាចមានឪពុកនៅមើលថែ រកស៊ីចិញ្ចឹម​ដូចគេភាគច្រើននោះទេ ។ ថ្ងៃមួយខ្ញុំនិយាយប្រាប់ម្តាយខ្ញុំថា ម៉ែ យើងកុំចង់បានពុកមកនៅជាមួយយើងអី ! ម្តាយខ្ញុំឆ្ងល់ គាត់សួរថាក្រែងកូនឯងចង់នៅជាមួយពុកឯងហ្អី? រួចម្តេចត្រឡប់ជាលែងចង់បានហើយ? ខ្ញុំមិនចង់ឱ្យកូនគាត់ថ្មីកំព្រាឪពុកដូចពួកយើងទេម៉ែ ។ យើងធ្លាប់ទៅហើយ យើងអាចរស់បាន ។

ឪពុកខ្ញុំមិនឈប់ត្រឹមនេះទេ គាត់ទាមទារចិញ្ចឹមខ្ញុំ តែម្តាយខ្ញុំនិយាយថា ចាំខ្ញុំគ្រប់អាយុដប់ប្រាំបីឆ្នាំសិនទើបគាត់បណ្តោយឱ្យទៅនៅជាមួយឪពុកខ្ញុំ ។ អាយុជិតដប់ប្រាំពីរឆ្នាំ ខ្ញុំជាប់បាក់ឌុបហើយសម្រេចចិត្តមកប្រឡងនៅភ្នំពេញក្រែងជាប់បានចូលមហាវិទ្យាល័យនឹងគេ ។ ខ្ញុំត្រូវនៅជាមួយឪពុកដែលមានប្រពន្ធទីបួន និងទីប្រាំ ហើយមានកូនម្នាក់ពីរៗ នៅផ្ទះផ្សេងៗគ្នា ។ ពុកចង់ឱយខ្ញុំរៀនខាងគ្រប់គ្រង តែខ្ញុំបែរជាទៅប្រឡងខាងបច្ចេកទេសកុំព្យូទ័រដោយលួចលាក់ ។ ពេលចេញលទ្ធផល ទោះជាយ៉ាងណាខ្ញុំមិនអាចប្រកែកបានជាមួយគាត់ដើម្បីរៀនពីអ្វីដែលខ្ញុំចង់នោះទេ ខ្ញុំសម្រេចចិត្តរៀនតាមការចង់បានរបស់គាត់ ។ កាលនៅជាមួយម៉ែនិងយាយ ថាគាត់ក្រទៅហើយគ្មានប្រាក់ឱ្យទៅរៀនច្រើនទេ បើចង់បានត្រូវខំពុះអុស កាប់អុស រកបេះផ្លែឈើលក់ ឬរែកទឹកឱ្យគេពេលគេមានរវល់ទើបបានប្រាក់ទិញរបស់របរដែលខ្ញុំចង់បាន ដល់មកភ្នំពេញ របរទាំងនេះលែងមានទៀតហើយ ជុំវិញខ្លួនខ្ញុំសុទ្ធតែអ្នកក្រ ។ លុះមកនៅជាមួយឪពុកដែលអួតខ្លួនជានិច្ចថាអាចចិញ្ចឹមកូនបាន បែរជាពិបាកសុំប្រាក់ទៅរៀនដដែល មួរម៉ៅនឹងរឿងនេះ ខ្ញុំបានសំងំអង្គុយចម្លងវចនានុក្រម អង់គ្លេស-អង់គ្លេស (ព្រោះគាត់មិនព្រមទិញវចនានុក្រមអង់គ្លេស-ខ្មែរឱ្យខ្ញុំសោះ) Mini Merriam-Webster English Dictionary រហូតចប់ដោយចំណាយអស់សៀវភៅ១០០ទំព័រ៧ក្បាល ទាំងមិនដឹងថាពាក្យនីមួយៗមានន័យថាម៉េចទេ ។ តែខ្ញុំមានចំណាំមួយ គឺពាក្យនេះមានឬមិនមានក្នុងវចនានុក្រមនោះ ឬពាក្យនោះសរសេរបែបហ្នឹងត្រូវឬទេ ព្រោះពេលខ្ញុំលេងល្បែងទាយពាក្យ ខ្ញុំទាយកម្រខុសណាស់ ហើយកុំសួរពាក្យហ្នឹងមានន័យថាម៉េច ខ្ញុំអត់ចេះទេ ព្រោះឪពុកខ្ញុំមិនបានទិញវចនានុក្រមសម្រាប់​បកប្រែឱយខ្ញុំទេ ។

ខ្ញុំអត់មានប្រាក់ជាប់ខ្លួនច្រើនទេ​ ខ្ញុំបែកគំនិតដើរជួយប្រឡងគេ  ទៅអង្គុយយំឱ្យខ្មោចចិន បន្លំរើសសំបកដបនៅតាមមាត់ទន្លេលក់អេតចាយ(បានជាត្រូវបន្លំខ្លួនព្រោះខ្មាសគេ ខ្លាចគេឃើញ) ដើម្បី​យក​ប្រាក់​មក​ចាយ ។ ជាបន្តបន្ទាប់ ខ្ញុំចាប់ផ្តើមស្គាល់កន្លុកកន្លៀតក្នុងក្រុងភ្នំពេញដោយការចច្រប់រើសអេតចាយរបស់ខ្ញុំ ខ្ញុំបានទៅសុំដឹកអង្ករឱយអ្នកលក់នៅម្តុំរ៉ារទេះភ្លើង ព្រោះភ្នំពេញក្លាយជាបាតដៃរបស់ខ្ញុំហើយ តែខ្ញុំមិនដែលខកខានធ្វើការងារសាលា និងការងារផ្ទះឡើយ បើមិនដូច្នេះទេពុកនឹងជេរផ្អើលអ្នកស្រុកមិនខាន ។ ការងារផ្ទះមាន៖ មើលអំពូលភ្លើង ធ្វើម៉ូទ័រទឹក តភ្លើង ជួយជំរះស្មៅ លាងអាងហែលទឹក និងដើររើសដែកគោល សំបកកាទូស ។ ក្រោយមកពុកប្រគល់ការងារថ្មីឱ្យខ្ញុំធ្វើ គឺគិតបញ្ជីភ្លើងគីឡូ។ គាត់ម៉ៅភ្លើងមកចែកចាយ នៅតំបន់នោះ ហើយខ្ញុំក៏ចាប់អាជីពមួយទៀតដើម្បីរកចំណូល គឺដើរតភ្លើងតាមផ្ទះឱយគេពេលគេហៅ។ ខ្ញុំមានចំណូលគ្រាន់បើលើអាជីពភ្លើង តភ្លើងតាមផ្ទះតាមអំពូលតិចច្រើន ចំណែកការដូរខ្សែភ្លើងខ្ញុំមានកូនចៅពុកគាត់អ្នកធ្វើ ព្រោះគាត់មានកម្លាំង ខ្ញុំមានតែជំនាញទេ។ ត្រឹមនេះខ្ញុំទៅរៀនបានស្រួលជាងមុន ហត់ជាងមុន រកប្រាក់បានច្រើនជាងមុនបន្តិចដើម្បីជូនម្តាយខ្ញុំសម្រាបចិញ្ចឹមប្អូនៗ ។ ខ្ញុំបែកគំនិតរៀនផ្នែកកុំព្យូទ័រទៀត ទាំងផ្នែកប្រើប្រាស់សម្រាប់ការិយាល័យ និងជួសជុលថែទាំ បងស្រីម្តាយខ្ញុំនិងប្តីគាត់បានដឹងថាខ្ញុំត្រូវការកុំព្យូទ័រដើម្បីរៀនគាត់បានផ្តល់ប្រាក់មួយចំនួន និងប្រាក់ទិញវាមករៀន បួនរយដុល្លាទៀត ដែលអាចផ្តល់លទ្ធភាពឱ្យខ្ញុំទិញកុំព្យូទ័រចាស់មួយមករៀនជួសជុល។ ខ្ញុំរកប្រាក់បានខ្លះផ្សំផងដែរពីការជួយធ្វើស៊ីវីឱយមិត្តភ័ក្តិ គេហុចលុយឱ្យចាយព្រោះគេដឹងថាខ្ញុំក្រ គេជួយខ្ញុំគ្រប់គ្នា ត្រឹមមិត្តភ័ក្តិជួយជួសជុលកុំព្យូទ័រខ្ញុំមិនគួរយកប្រាក់គ្នាឡើយ តែគេទាមទារឱ្យខ្ញុំទាល់តែបាន ខ្ញុំចេះសរសេរលិខិតសម្រាប់ដាក់ពាក្យសុំការងារធ្វើ ជួយជូនមិត្តទៅកន្លែងសម្ភាសន៍ការងារ ព្រោះខ្ញុំស្គាល់ស្ទើរគ្រប់អង្គការ ក្រុមហ៊ុនធំៗ ល្បីៗ ។ ខ្ញុំក៏បានលុយពីចំណេះអស់ហ្នឹងដែរ ទោះមិនបានលុយក៏បានបាយទឹកជាញឹកញយដែរ ។

ដោយសាររវល់វក់នឹងលុយៗ ពុកដេញខ្ញុំចេញពីផ្ទះព្រោះមិនបានជួយអ្វីគាត់ច្រើនទេ ណាមួយការរកស៊ីរបស់គាត់ក៏ធ្លាក់ចុះ ចំណូលគាត់តិច ការចំណាយកើនឡើង ។ ខ្ញុំជួលផ្ទះយាយខ្ញុំដែលពុកខ្ញុំក៏គាត់ដេញយាយចាំដីឱ្យគាត់ចេញជាយូរមកហើយ ។ មិត្តភ័ក្តិបានជួយរកការងារឱយខ្ញុំធ្វើ ខ្ញុំមានចំណូល រសាត់អណ្តែត ខ្ញុំធ្វើតែការងារណាដែលត្រូវដើរទៅឆ្ងាយ រឿងរ៉ាវរបស់ពុកមានប្រពន្ធបន្តប៉ុន្មាននាក់ទៀតលែងជារឿងគួរឱ្យចាប់អារម្មណ៍ដូចកាលពីមុន។ មុនពេលដេញខ្ញុំចេញ ខ្ញុំឈ្លោះគ្នាជាមួយពុកដោយសារគាត់បង្ខំឱ្យខ្ញុំទៅនៅជាមួយប្រពន្ធគាត់ តែខ្ញុំមិនព្រម ។ ខ្ញុំដែលធ្លាប់តែជាកូនស្តាប់ពុករហូត បែរជាហ៊ានតវ៉ា រឿងនេះនាំឱយគាត់ប្តឹងទៅម្តាយខ្ញុំនៅស្រុកឱ្យមកយកកូនទៅវិញ ខ្ញុំចេញពីផ្ទះទាំងយប់ ហើយបញ្ចប់ក្តីស្រមៃកាលពីក្មេងដែលគាត់ធ្លាប់ប្រាប់ខ្ញុំថា ដីមួយវាលនេះទុកឱ្យបងប្អូនខ្ញុំទាំងអស់ … ហើយខ្ញុំស្រមៃថា ខ្ញុំនឹងជិះសេះឃ្វាលគោដូចក្នុងពាណិជ្ជកម្មបារីម៉ាបូរ៉ូនាសម័យនោះ … រលាយហើយ …

ដោយមើលឃើញការលំបាករបស់ពួកខ្ញុំជាក្មួយៗសាច់ជិតសាច់ឆ្ងាយ បងស្រីរបស់ម្តាយខ្ញុំបានទិញផ្ទះតូចមួយប្រក់ស័ង្កសីឱយពួកខ្ញុំស្នាក់នៅរៀនសូត្រ ដេកតម្រៀបគ្នាដូចកន្តំ តែពួកយើងស្រឡាញ់គ្នា ហើយថែទាំផ្ទះអ៊ំណាស់ អរគុណស្ទើររកអ្វីប្រដូចមិនបានចំពោះការបេះពីមាត់ពង្រាត់ពីកនូវ​លុយសម្រាប់ទិញផ្ទះរបស់អ៊ំនេះ ។ ពេលដឹងថាពួកខ្ញុំរស់នៅកុំក្បាលគ្នាបានសុខ ទាំងពួកវាត្រូវជាសាច់ឈាមខាងគាត់តែមិនព្រមទៅសុំគាត់ស្នាក់នៅ គាត់ក៏មករកពួកខ្ញុំឃើញដល់ផ្ទះ ក្មេងៗវាខ្លាចគាត់ណាស់ ព្រោះគាត់កាច តែចំពោះខ្ញុំ អ្វីក៏មិនខ្លាចដែរ ព្រោះនៅពីលើខ្ញុំមានតែយាយខ្ញុំម្នាក់គត់ដែលខ្ញុំខ្លាច ។ គាត់មកជេរខ្ញុំ ជេរប្អូនៗខ្ញុំ ហើយដេញឱ្យទៅនៅផ្ទះគាត់វិញ មិនឱ្យមកនៅសេរីបែបហ្នឹងទេ ។ ខ្ញុំប្រាប់ទៅគាត់ថាខ្ញុំមិនទៅវិញទេ ហើយប្អូនៗទាំងប្អូនបង្កើត និងប្អូនជីទួតមួយ បើវាចង់ទៅ ស្អែកឬថ្ងៃអាទិត្យ ខ្ញុំនឹងជូនវាទៅនៅជាមួយគាត់ ។ ប្អូនៗខ្ញុំវាអើតក្បាលចេញតាមបង្អួចឡៅតឿមកឆ្លើយនឹងខ្ញុំថា ៖ បងខ្ញុំអត់ទៅនៅឯណាទេ ខ្ញុំនៅផ្ទះអ៊ំនេះហើយ ព្រោះម៉ែឪខ្ញុំគាត់យកខ្ញុំមកផ្ញើនឹងបង ។ គាត់ស្រែកជេរពួកវាជេរទាំងម៉ែឪវាដែលត្រូវជាក្មួយគាត់ទៀត ។ ខ្ញុំប្រាប់ឱ្យគាត់ទៅសិនទៅ ។

យូរៗម្តង ពេលគាត់ដឹងថាខ្ញុំបានមកប្រជុំឬធ្វើការនៅភ្នំពេញ គាត់តែងតែមកលេង ហើយប្រាប់ខ្ញុំថា ពុកចង់ឱយកូនមកធ្វើការជាមួយពុក ឈប់ធ្វើការឱយគេទៅ ពិបាកណាស់! ដីយើងគ្មាននរណាមើល នរណាចាំទេ ។ ខ្ញុំដឹងថាវាពិបាក តែបើគាត់មិនចែកឱយកូនទេ គ្មាននរណាគេទៅមើលទៅចាំទេ ។ ខ្ញុំប្រាប់គាត់ថា ពុកគួរតែបែងចែកឱយកូនឱយអស់ទៅ ទុកតែល្មមសម្រាប់ខ្លួនឯងដែលមើលកើតទៅបានហើយ កុំឱ្យពិបាកខ្លួន ។ គាត់យល់ថាយោបល់នេះបំផ្លាញគាត់ណាស់ ខ្ញុំគួរតែមកចាំដីឱយគាត់ គាត់នឹងចែកដីឱយខ្ញុំធំជាងគេ ។ ខ្ញុំមិនដែលតបទេ តែខ្ញុំនឹកក្នុងចិត្តថា គាត់មានអាយុជាងចិតសិបឆ្នាំហើយគាត់មានប្រពន្ធ មានកូនបីទទឹងខ្លួនទៅទៀត ហើយកាត់ដីលក់ចិញ្ចឹមប្រពន្ធកូនរហូត អីចឹងខ្ញុំមិនក្លាយជាអ្នកចាំដីទុកសម្រាប់តាចិញ្ចឹមស្រីក្មេងទៅហើយឬ?

អត់ទេពុក នុយនេះខ្ញុំមិនត្រូវការទេ ព្រោះនុយនេះបានស្ទូចជីវិតខ្ញុំនិងគ្រួសារខ្ញុំស្ទើរកន្លះជីវិតទៅ ហើយ ។ ម្តាយខ្ញុំព្រោះតែពាក្យសន្យាទុកដីឱ្យកូនគាត់ គាត់មិនដែលហ៊ានទិញដីធ្លី ផ្ទះសម្បែងអីទេ គាត់ថាទុកលុយពេលពុកឱ្យដីពួកឯង យើងមានលទ្ធភាពសង់ផ្ទះនៅ ។ ខ្ញុំមិនដែលគិតខុសចំពោះពុកខ្ញុំទេ ជាញឹកញយខ្ញុំប្រាប់ម្តាយខ្ញុំឱយទិញផ្ទះនេះដីនោះ ទុកសម្រាប់ខ្លួនគាត់ តែគាត់មិនព្រម ដូច្នេះដើម្បីឱយគាត់ព្រម ខ្ញុំត្រូវរកប្រាក់សម្រាប់ទិញដីឬផ្ទះដែលខ្ញុំស្រឡាញ់ដោយខ្លួនឯង តែខ្ញុំមិនដែលដាក់ឈ្មោះខ្ញុំទេ គឺដាក់ឈ្មោះគាត់ ព្រោះខ្ញុំគិតថា គាត់មួយជីវិតនេះគ្មានសល់អ្វីទេ ក្រៅពីកូនបីនាក់ គាត់មិនដែលមានប្រាក់ហូបនំទេកាលខ្ញុំនៅរៀន គាត់ហូបតែបាយកក ហើយរិះថាំណាស់ រិះរហូតដល់ កូន បងប្អូនណាក៏ល្បីដែរ ។ គាត់មានប្តីតែប្តីរបស់គាត់មិនអាចរស់នៅជាមួយគាត់បានឡើយ ។ ជាញយដងណាស់ដែលខ្ញុំអរគុណពុក អរគុណព្រហ្មលិខិតដែលពង្រាត់ពុកពីពួកខ្ញុំទៅ ព្រោះអ្វីដែលខ្ញុំមិនអាចរស់នៅចុះសម្រុងជាមួយគាត់កើតគឺរឿងអាម៉ាសមួយដែលគាត់ធ្វើ និងការបង្ខំឱ្យធ្វើខុសចិត្តកូនៗ ។ រស់ជាមួយម្តាយ ខ្ញុំត្រូវរំពាត់ខ្លះមែន តែវាជាកំហុសខ្ញុំប៉ុណ្ណោះ បើរស់នៅជាមួយឪុពុក គឺការបង្ខំចិត្តកូនគ្រប់បែបយ៉ាង ។

ខ្ញុំរស់នៅតាំងពីតូចមកជាប់ឈ្មោះជាកូនអាប្រពន្ធបីរួចហើយ តែអ្នកខ្លះស្លាប់បាត់ទៅ គាត់អត់បានជេរខ្ញុំនូវពាក្យពិតទេ គឺថា ឪពុកខ្ញុំមានប្រពន្ធប្រាំពីរនាក់ ហើយនឹងឈានទៅរកអាទីបន្តបន្ទាប់ទៀតបាន។ ដូច្នេះសម្រាប់ខ្ញុំ មានម្តាយម្នាក់គ្រប់ហើយ ទោះគាត់មិនដែលបង្រៀនខ្ញុំឱយចេះហែលទឹក និងបរបាញ់សត្វដូចកូនគេដទៃ តែខ្ញុំក៏ចេះតិចតួចល្មមចិញ្ចឹមជីវិតបាន ។

មានម្តងម្កាល ប្អូនថ្លៃខ្ញុំវានិយាយរៀបរាប់ត្រង់ៗប្រាប់គាត់ថា ខ្ញុំនិងមែ៉មានដីចំការនៅឯណេះបន្តិចឯណោះបន្តិច មានផ្ទះឯណេះបន្តិច ឯណោះបន្តិច គាត់ក៏ច្រឡោតតូងភ្លាម គាត់ថាយកលុយទៅទិញអត់ប្រយោជន៍ គាត់ទុកដីឱយមិនមកមើលមកថែទេ។ មួយរយៈចុងក្រោយនេះគាត់ហៅពួកខ្ញុំនិងកូនផ្សេងទៀតទៅចែកដីឱយហើយធ្វើលិខិតប្រគល់ផ្តាច់ឱ្យ ដោយទាំងពាក្យជេរប្រទេចបណ្តាសារ គម្រាមផង ថាបើមិនមកមើលឪពុកទេ គាត់មិនចែកឱ្យឡើយ ។ ពុកខ្ញុំចង់ឱយពួកខ្ញុំទៅមើលថែគាត់ តែចំពោះខ្ញុំការទៅមើលថែពុកមិនមែនថាមិនចង់ទេ តែកុំនិយាយពាក្យដោះដូរគ្នានឹងដីគាត់គឺមិនបានដាច់ខាត បើខ្ញុំទៅមើលពុក គឺត្រូវទៅមើលដោយចិត្តរបស់ខ្ញុំ មិនមែនដើម្បីថ្នូរឡើយ ។ តែឱ្យខ្ញុំទៅមើលគាត់ដូចម្តេច បើគាត់ចល័តខ្លួនជាងទុកៗផាស់អាប់ទៅទៀត ដើរពីផ្ទះមួយទៅផ្ទះមួយ ជួនកាលយួររបស់ហូបដែលគិតថាពុកចូលចិត្តដូចកូនដែរយកទៅផ្ញើ ទៅដល់ផ្ទះប្រពន្ធទី៦គាត់មិននៅ អាណាទៅយួររបស់មកវិញកើត? របស់មានតិច ដូច្នេះត្រូវរំលែកពីចំណែកទុកសម្រាប់ខ្លួនទៅផ្ទះប្រពន្ធមួយទៀតចុងក្រោយ សង្ឃឹមគាត់នៅទីនោះ តែបានត្រឹមទុកនៅនោះថែមទៀត ព្រោះគាត់ចល័តដូចពួកលក់មុងអីចឹង។

ខ្ញុំជួនកាលចង់មានចង់បានដែរ តែបើវាពិបាកពេក ខ្ញុំសូមស្មាលា មិនមែនថាខ្លួនក្រហើយឬកធំទេ តែធ្វើឬកតូចវាមិនកើត ។ ខ្ញុំរៀនបានចេះដឹងខ្លះដែរ ពាក្យពេជន៍ខ្លះ ឪពុកមិនគួរនិយាយនឹងកូនបែបពួកយូកូងទេ ។ គាត់ប្រហែលជាគិតថាដីគាត់រាប់ម៉ឺននោះ មានតម្លៃណាស់សម្រាប់ខ្ញុំ នេះបើកុំតែម្តាយ កុំតែទើសនឹងប្អូន ថាបើបងមិនព្រមយក ពួកវាក៏មិនបានចំណែកដែរ កុំអីខ្ញុំត្រូវរស់ក្នុងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ។ នេះបើកុំតែខ្ញុំគ្មានសង្ឃឹមលើគាត់ ហើយទិញនេះទិញនោះទុក កុំអីគាត់មិនមកប្រជែងចែកដីឱយពួកខ្ញុំឱយមានគុណគាត់នោះទេ ។ សំណាងអាប្អូនៗផ្សេងៗទៀតដែរ អាណិតគ្នា គ្នាគ្មានអ្វីសោះពីម្តាយព្រោះម៉ែៗអស់នោះលង់ជឿប្តីគាត់ដូចម៉ែខ្ញុំដែរ ។

សូមស្វែងរកសុភមង្គលក្នុងគ្រួសារឱយបានសមរម្យ ថ្លៃថ្នូរ និងជាទីបង្អែកនៃកូនចៅ ដើម្បីជាប្រយោជន៍សម្រាប់បណ្តុះមនុស្សជាតិនៃខ្មែរឱយប្រសើរឡើង ។

ឯវំ

សូមជូនពរលោកអ្នកទាំងអស់គ្នាប្រកបដោយ សុភមង្គល សេចក្តីសុខ និងសេចក្តីចម្រើនជានិច្ច ។ នេះជាពាក្យជូនពររបស់យាយខ្ញុំដែលខ្ញុំឮញឹកញាប់ជាទីបំផុត ។

 

 

14 ខែកក្កដា 2019 / ស្នាមញញឹម

រាត្រីងងឹតនៅក្រុងអង្គរធំ


ក្រោយជូនដំណើរម្ចាស់ជំនួយពិនិត្យមើលការងារចុងបញ្ចប់នៃគម្រោងនៅកំពង់ធំ និងសៀមរាបមក ខ្ញុំបានសុំអ្នកធ្វើការជាមួយឈប់នៅសៀមរាបសម្រាកនៅទីនោះសិនរកអ្នកចាប់សសៃត្រង់បោះដៃផុតដែលឈឺដូចគេយកដង្កាប់មកទាញសសៃ។ អ្នកធ្វើការជាមួយគាត់បារម្ភណាស់ ព្រោះខ្ញុំបានឈឺក្បាលខ្លាំងសឹងបែកក្បាលរួចមកហើយកាលពីថ្ងៃត្រង់ ថ្ងៃសុក្រ ទី២១ មិថុនា ២០១៩ នេះ ។

រឿងមកពីអីចេះ ខ្ញុំចេញដំណើរមកមើលការងារនៅកំពង់ធំពីព្រឹកថ្ងៃព្រហស្បតិ៍ ជូនមេនិងម្ចាស់ជំនួយទៅមើលការងាររួចក៏ត្រូវសម្រាកនៅសៀមរាប ដោយសារចុងគម្រោងផង មេធំក៏ហៅទៅហូបបាយល្ងាចជាមួយជុំគ្នាទុកដូចការលាគ្នាដែលមិនពោលពាក្យលា។ បាយនោះក៏ជ្រុលទៅទៀត ផឹកស្រាច្រើនផង ជជែកក៏យូរផង មេតូចនៅការិយាល័យក៏ត្រូវការរបាយការណ៍ប្រញាប់ផង បែកពីមេធំដោយរត់ចោលគាត់មកមុន ហើយមកបង្ហើយការងារជូនមេតូច ។ មានបានបង្ហើយអីកើត មកដល់បន្ទប់សម្រាកប្រាសដេកលក់ឈឹង។ លុះព្រឹកឡើងងើបពីព្រលឹមទៅក្រឡាញ់ទៀតស្រាប់តែមានថ្លស់សសៃត្រង់បោះដៃផុតស្លាបប្រជៀវឈឺសឹងសន្លប់ តែទ្រាំៗៗៗ ពេលជូនដំណើរម្ចាស់ជំនួយដើរមើលការងារ ក៏ស្រាប់តែចាប់ឈឺក្បាលម៉ោកៗដូចគេដំ ។ ខ្ញុំសម្រាកលើឡានអស់ជិតមួយម៉ោង ទើបចុះទៅសម្រាកនៅលើអង្រឹងកន្លែងហូបបាយដែលគេចងសម្រាប់អ្នកមិនទាន់ជុំគ្នាហូបបាយ។ តែខ្ញុំមិនហូបបាយទេ មេធំគាត់ដឹងឈឺ ព្រោះមិនដែលចេះឈឺទេ គាត់ក៏ដេញឱយហូបលឿនៗឆាប់ចេញមកវិញ ។ ដំណើររឿងឈឺក្បាលនេះហើយដែលនាំខ្ញុំឱ្យនឹកដល់អារម្មណ៍នារាត្រីនៅក្រុងអង្គរធំ ។

រសៀលនោះអ្នកបើកបរគាត់បានទម្លាក់ខ្ញុំនៅសៀមរាបត្រង់កន្លែងជួលម៉ូតូដែលខ្ញុំចូលចិត្ត អង្គរភូល ត្រាវែលអេនធួរ នៅទល់នឹងធនាគារជាតិកម្ពុជាសាខាសៀមរាប ក្បែរផ្សារក្រោម។ ជួលម៉ូតូបានហើយខ្ញុំក៏មកបន្ទប់សម្រាក ហើយបានបង្ហើយការងារជូនមេតូចដែលអង្គុយចាំត្រម៉ង់ត្រម៉ោចនៅការិយាល័យ ។ ធូរចិត្តឡើងស្រាល ហើយការថ្លោះសសៃក៏រាងស្រាកស្រាន្តបន្តិច ។ ខ្ញុំនៅសម្រាកសៀមរាបនេះព្រោះបានណាត់គ្នានឹងមិត្តរួចហើយថានាំគ្នាដើរលេងសៅរ៍អាទិត្យនៅកន្លែងដែលមិត្តគាត់មិនទាន់បានទៅលេង ។ មិត្តខ្ញុំចេញពីភ្នំពេញមកម៉ោងបួនរសៀល ប្រហែលម៉ោងប្រាំបួន ឬលើសនេះទើបគាត់មកដល់ ដូច្នេះដល់ម៉ោងប្រាំមួយល្ងាច ខ្ញុំក៏ចេញឆ្វែលរកម៉ូយ…

ម៉ូយខ្ញុំនោះមិនមាននរណាក្រៅពីអ្នកលក់នំផេនខេកនៅផ្សារក្រោម លក់បបរសនៅផ្សាររាត្រី លក់គ្រឿងសមុទ្រនៅជិតស្ទឹងសៀមរាប លក់ម្ហូបនៅជិតផ្សារឡាក់គីនោះទេ ។ ក្រោយជិះឆ្វែលក្រែងមានម៉ូយណាម្នាក់អវត្តមានក្នុងការរករបរទទួលទានហើយដឹងថានៅដំណើរការដូចប្រក្រតី ក៏ស្រាប់តែឃ្លាន ដូច្នេះដើម្បីកុំឱយឃ្លានខ្លាំងព្រោះចាំមិត្តមកបាយជាមួយគ្នាខ្ញុំក៏ទៅទិញផេនខេកមួយកាន់ជិះម៉ូតូ ។ ជិះចុះជិះឡើង តេរកគ្នាទៅឃើញថាទើបដល់កំពង់ធំ ខ្ញុំក៏ជិះម៉ូតូកាន់ផេនខេកទៅអង្គរតូច ឆ្វែលអង្គរតូចមួយជុំពីរ ខ្ញុំក៏ទៅហួសដល់អង្គរធំ ខ្ញុំជិះដល់អង្គរធំម៉ោងជិតប្រាំបីយប់នៅលានជល់ដំរីសែនស្ងាត់ជ្រងំ ។ កាលមកដល់អង្គរតូចម៉ោងប្រាំពីរជាង ខ្ញុំនៅឃើញមានមនុស្សមួយៗជិះម៉ូតូឆ្លងកាត់ ពីក្រុងទំនើប(សៀមរាប)ទៅក្រុងចាស់(អង្គរធំ) លុះដល់យប់បន្តិចស្រាប់តែស្ងាត់ឈឹងតែម្តង ដែលខុសពីពេលថ្ងៃ មនុស្សម្នាកកកុញដើរលេងទៅមកជាជីវចល ។ ខ្ញុំស្រូបខ្យល់រាត្រីស្ងាត់ឥតធូលីនេះយ៉ាងមានសេរី ពេញៗសួត ក្នុងទីដែលមើលឃើញងងឹតស្ទុងៗនៅពេលពន្លត់ម៉ូតូ ។ នេះបើសិនជាត្រូវគេចាប់មកដាក់ទីនេះដោយបិទភ្នែកហើយទម្លាក់ចោល ខ្ញុំមិនដឹងមិនស្គាល់អ្វីទាំងអស់ ព្រោះកំពូលប្រាសាទសួរព័្រតដែលនៅពីមុខខ្ញុំនេះគ្រាន់តែជាស្រមោលខ្មៅ ខ្ពស់ប្រហែលៗនឹងចុងព្រៃទាំងឡាយដែលនៅពីក្រោយតែប៉ុណ្ណោះ ។ បើបែរមុខមកទិសប្រាសាទបាយ័នវិញ យើងមើលមិនឃើញប្រាសាទឡើយ ឃើញតែដើមឈើនិងភាពខ្មៅងងឹតបិទជិតជាមួយនឹងមេឃ ។ ខ្ញុំអាងថាមានតែខ្ញុំម្នាក់ឯង ខ្ញុំស្រែកឮៗថា ចុះមេឃយប់នេះអីក៏ខ្មៅងងឹតខ្លាំងម្លេះ? មិនអាសូរមនុស្សសត្វណាសោះទេអេះ ដើរទៅមុខចាក់ភ្នែកមិនយល់ទីកន្លែងត្រង់ណាសោះ? ខ្ញុំចង់សំងំស្ងៀមមួយសន្ទុះដើម្បីនឹកដល់មេរៀនសមាធិរបស់ជីដូនខ្ញុំ…ស្តាប់ធម្មជាតិនៅជុំវិញខ្លួន…ស្តាប់រហូតដល់ដឹងថាដង្ហើមយើងដកចូលបានដល់ត្រឹមណា…ពេលដង្ហើមចេញមកវិញនៅពេលណា…ការធ្វើសមាធិបែបនេះនាំចិត្តយើងឱ្យស្ងប់ក្នុងពេលនោះ ព្រោះយើងមិនបានគិតដល់បាយម្ហូប គិតដល់កន្លែងដើរលេង គិតដល់ប្រាក់ក្នុងហោប៉ៅ គិតរកវាមកបន្ថែមដោយរបៀបណា…

ខ្ញុំដាក់ខ្លួនអង្គុយលើថ្នល់កៅស៊ូ ហើយពែនភ្នែនអង្គុយមួយស្របក់ ។ គ្មានមូសទេ ឮសូរតែសត្វល្អិតយំ ស្ងាត់ឈឹង មហាសែនស្ងាត់… ខ្ញុំទាញទូរស័ព្ទមើលម៉ោង ៨កន្លះហើយ អត់មានសេវាសោះ ខ្ញុំចង់សួរគ្នាខ្ញុំតើដល់ណាហើយ ខ្ញុំក៏ទាញម៉ូតូចេញមកអង្គរតូចវិញទើបមានសេវា ។ ពេលសួរគ្នាដឹងថាទើបដល់កំពង់ក្តី ខ្ញុំក៏បកម៉ូតូទៅវិញ ព្រោះចង់ទៅឈរនៅក្លោងទ្វារខ្មោច តើពេលយប់បែបនេះខ្ញុំនឹងមានអារម្មណ៍ខ្លាចខ្លះទេ? ខ្ញុំបកមកវិញកាត់ក្លោងទ្វារទន្លេអុំ ឃើញអ្នកយាមគាត់ចងអង្រឹងមុងសម្រាន្ត ខ្ញុំក៏ជិះហួសគាត់បន្តិចហើយឈប់នៅខាងក្នុងក្លោងទ្វារទន្លេអុំ សូរសត្វប្រចៀវហើរ សម្លេងចង្រិតយំ … ខ្ញុំអូសម៉ូតូឱ្យផុតក្លោងទ្វារខ្លាចប្រចៀវនោមដាក់ក្បាល ។  ផុតក្លោងទ្វារ មានទីធ្លាចតម៉ូតូយ៉ាងស្រួលផុតពីគន្លងផ្លូវ លើកនេះប្រហែលភ្នែកខ្ញុំស៊ាំនឹងពេលយប់ងងឹត ទើបខ្ញុំអាចសម្លឹងមើលឃើញផ្កាយចោរ ខ្ញុំដាក់ខ្លួនអង្គុយលើថ្នល់សណ្តូកជើងមករកក្លោងទ្វារក្រុង ដោយសារចុងជើងខ្ពស់ជាង ខ្ញុំក៏បែរក្បាលដេកទៅរកក្លោងទ្វារម្តង ដោយកើយមួកសុវត្ថិភាព ។ ដេកបណ្តើរ ខ្ញុំនឹកគិតបណ្តើរ នេះបើសិនជាមានពស់ធំមួយវារកាត់ក្បែរខ្លួន ខ្ញុំក៏មិនដឹងព្រោះមើលមិនឃើញ ឬក៏ខ្មោចឯណាចង់មកលងក៏លងមិនខ្លាច ព្រោះមើលអីមិនឃើញសោះ សូម្បីតែម៉ូតូដែលខ្ញុំជួលគេជិះនេះ ក៏មើលមិនឃើញថាវាមានព័ណ៌សដែរ ។

ខ្ញុំស្រមៃថា តើកាលពីមុនមានអ្នកយាមនៅទីនេះទេ? គេមានដុតភ្លើងបំភ្លឺទេ? គេមានបណ្តាក់គ្នាដើរល្បាតដូចក្នុងរឿងបុរាណដែលគេថតថ្មីៗនេះដែរទេ? យប់ងងឹតខ្លាំងដូចយប់នេះ បើទោះជាមានភ្លើងគប់បំភ្លឺក៏នៅតែអាចមានមនុស្សលួចចូលចេញបានដែរ ព្រោះមើលមិនបានឆ្ងាយទេ ។ ថាមិនត្រូវអាចមានកម្លោះអ្នកក្រៅក្រុងណាម្នាក់ លួចបេតីកូនអ្នកនៅក្នុងក្រុងក្នុងកំពែង ក៏អាចលួចចូលទៅជួបគ្នាបានដែរ បើខ្ញុំវិញ ខ្ញុំនឹងហែលទឹកយកបង្អោងឬស្សីទៅដាក់ឡើងចូលក្នុងកំពែងស្កាត់រកគ្នាបានមិនខាន ហេសហេ ដូចទំនងសប្បាយដែរស្នេហាបែបហ្នឹង ។ គិតច្រើនរឿងណាស់ គិតអីចេះអីចុះ តែដែលខ្ញុំចាំបានថាខ្ញុំគិតច្បាស់ជាងគេគឺពាក្យថា សូន្យ ។ ងងឹតនេះងងឹតឱ្យសូន្យតែម្តង ។

សូន្យ??? សូន្យដែលស្មើនឹងទទេហ្នឹងឬ? ខ្ញុំបិទភ្នែកសាកស្រមៃថា បើគ្មានព្រះអាទិត្យរះនៅថ្ងៃស្អែកទេ ពេលវេលាគឺស្មើនឹងសូន្យហើយ ព្រោះខ្ញុំមើលអ្វីមិនឃើញទេ ហើយថែមទាំងមិនអាចដឹងទិសតំបន់ដែលត្រូវដើរទៅរកទៀតផងនាពេលនេះ ។ ខ្ញុំបិទភ្នែក មួយភាំងនោះគឺសូន្យ គ្មានអ្វីទាំងអស់ក្នុងខ្លួន គ្មានសូម្បីតែខ្លួន ឱសូន្យ ខ្ញុំស្គាល់អ្នកហើយ … ពេលនេះខ្ញុំគឺសូន្យ…

សម្លេងផ្ញើសាររបស់មិត្តចូលក្នុងទូរស័ព្ទឮសូរងឺត ខ្ញុំក៏ភ្ញាក់ពីការគិត ទាញទូរស័ព្ទមកមើលម៉ោងជាង៩ទៅហើយ មិត្តខ្ញុំមកដល់ប្រាសាទបាគងហើយ ខ្ញុំក៏ក្រោកឡើងសម្រួលអារម្មណ៍ ទាញមួកតម្រង់ហើយដើរស្ទាបៗទៅរកម៉ូតូ ខ្លាចភ្លាត់ទាត់ម៉ូតូឬបុកវា។ បន្ទាប់ពីស្ទាបចំម៉ូតូហើយ ខ្ញុំកាច់សោជិះចេញមកអង្គរតូចវិញ។ ក្រោយពីទទួលមិត្តពីចំណតរថយន្ត យើងក៏ព្រមព្រៀងគ្នាទៅញ៉ាំអាហារជប៉ុននៅហាងសៃគូ ទល់មុខផ្សារទំនើបឡាក់ឃីសៀមរាបដែលបិទទ្វារទៅហើយនោះ ។

ខ្ញុំបានស្គាល់ពាក្យថា សូន្យ ម្តងទៀតនៅលើគ្រែពេទ្យប៉ុន្មានថ្ងៃមុននេះក្រោយពេលត្រឡប់ពីដើរលេងវិញ ។

តើមាននរណាធ្លាប់ជួបរឿងបែបនេះក្នុងកាលទេសផ្សេងៗដែរទេ? បើមានចែករំលែកឱ្យខ្ញុំដឹងផង ។

DSC08265

នេះជារូបថតនៅយប់បន្ទាប់ពេលនិទានប្រាប់មិត្តអំពីអារម្មណ៍របស់ខ្ញុំនៅយប់មុន។ ក្នុងរូបគឺជាកន្លែងចតទូកដឹកភ្ញៀវកំសាន្តក្នុងកសិណអង្គរធំ នាក្លោងទ្វារទន្លេអុំ។

26 ខែ​ឧសភា 2019 / ស្នាមញញឹម

អនុស្សាវរីយ៍ស្នេហ៍


ខ្ញុំធ្លាប់មានស្នេហាមួយដែលខ្ញុំប្រើក្តីស្រមៃគូសវាសដំណើរជីវិតខ្លួនឯង។ ខ្ញុំធ្លាប់ស្រមៃថាខ្ញុំនឹងមានផ្ទះមួយនៅលើដីចំការស្រុកព្រៃ ខ្ញុំមានគំនិតដាំដំណាំ បង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត ។ ខ្ញុំជីកស្រះទុកទឹកប្រើប្រាស់សម្រាប់ជីវភាពខ្ញុំក្នុងចំការ ។ ល ។ ក្តីស្រមៃនេះតែងតែមាននារីម្នាក់នៅក្នុងនោះជានិច្ច ។ តែពេលដែលខ្ញុំមានឳកាសទិញដីចំការលើភ្នំ ដើម្បីចាប់ផ្តើមក្តីស្រមៃឱយដំណើរការ ស្រាប់តែនាងបែរជាត្រូវរៀបការចោលខ្ញុំទៅវិញ ។ ចំជាហួសហេតុមែន ព្រហ្មលិខិត បូករួមជាមួយ​នឹងព្រះជាម្ចាស់ព្រួតដៃគ្នាធ្វើបាបខ្ញុំណាស់ ទាំងផ្លូវកាយនិងផ្លូវចិត្ត សំណាងណាស់ពួកគេទុកមួយផ្លូវឱយខ្ញុំដែរ។

នារីក្នុងក្តីស្រមៃដែលត្រូវធ្វើដំណើរជីវិតជាមួយគ្នារៀបការចោលហើយ បែរជាមាននារីម្នាក់អាណិតខ្ញុំ ហើយប្រើពាក្យថាស្រឡាញ់ខ្ញុំមកជំនួស ជួយប៉ះភ្ជិតស្នាមរបួសមួយនេះឱយបានសះស្បើយមួយរយៈធំ និងដាក់ថ្នាំព្យាបាលបានរស់រហូតមកដល់ពេលនេះ ។ នារីទីពីរក៏ទៅចោលខ្ញុំទៀត តែលើកនេះនាងទៅចោលជារៀងរហូតសូម្បីចង់សួរយោបល់ ផ្តល់គតិបណ្ឌិតស្អីបន្តិចក៏មិនបាន ។ យីសចំជា អយុត្តិធម៌ណាស់ នេះបើសិនជាខ្ញុំស្លាប់បាត់គ្មាននរណាអាចកាត់ក្តីថាខ្ញុំទទួលរងអយុត្តិធម៌ពីព្រហ្មលិខិត និងព្រះជាម្ចាស់ដែលជាអ្នកធ្វើបាបខ្ញុំទេ ។

ពេលការងារច្របូកច្របល់ ខ្ញុំនឹកដល់ពេលដែលខ្ញុំធ្លាប់ប្រើក្តីស្រមៃដើម្បីរស់ នឹកដល់អនុស្សាវរីយ៍​ដែលនាំខ្ញុំឱយបានប្រើខួរក្បាល ពង្រីកគំនិត ដើម្បីគិតដល់ភាពសាមញ្ញនៃជីវិតដោយមិន​លោភលន់ ។​ គេគួរតែបង្រៀនខ្ញុំនៅក្នុងសាលាឱយខ្ញុំចេះលោភលន់ដើម្បីកុំឱយបាត់បង់ឱកាសល្អនិងនាងទៅ តែគ្មានសោះ សាលារៀនមួយណាក៏បង្រៀនតែភាពស្អាតស្អំដែរ តែដល់ពេលរស់ក្នុងសង្គមពិតប្រាកដ អ្វីៗមិនដូចទ្រឹស្តីអ្នកប្រាជ្ញក្នុងមេរៀនឡើយ។ ពូកែកុហកមែនពួកអស់នេះ។

ចង្រៃយក៍ ខ្មោចស្នេហានេះខ្ញុំបានធ្វើបុណ្យ បុណ្យ៧ថ្ងៃឱយរួចហើយវានៅតែតាមលងខ្ញុំរហូត រហូតដល់មានពេលខ្លះខ្ញុំចង់តែកាត់ក្បាលខ្លួនឯងចោលឱយវាភ្លេចបាត់កុំឱយជាប់ស្នាមក្នុងខួរនេះទៀត។ មកពីខ្ញុំខ្លាចកាត់ហើយវាមិនដុះវិញដូចជន្លេនបានជាខ្ញុំមិនហ៊ានកាត់បោះចោលក្នុងធុងសម្រាម កុំអីខ្ញុំនឹងលែងនឹកនារឿងអនុស្សាវរីយ៍ស្នេហាចាស់មួយនេះហើយ ។ ឬមកពីថ្ងៃនេះខ្ញុំមើលចំរឿងស្នេហាដូចរឿងរបស់ខ្ញុំ បានជាខ្មោចស្នេហ៍វាហ៊ានរស់ឡើងវិញព្រោះអាចលួចដណ្តើមផឹកទឹកអម្រិតដែលបានមកពីការកូរសមុទ្រទឹកដោះ ។ ចាំមើល៍ ខ្ញុំនឹងកាត់ក្បាលវាឱយដាច់ដូចរាហ៊ូ អាចង្រៃ។

តាមពិតទៅ ខ្ញុំគួរអរគុណពេលវេលា ដែលនាំខ្ញុំឱយបានជួបមនុស្សម្នាក់ដែលយល់ព្រមរើសខោអាវជជុះទឹកទីបួននេះមកពាក់លមើលសាកល្បង ។ អរគុណអូន!!!

4 ខែ​មេសា 2019 / ស្នាមញញឹម

ដំណើររុករកភូមិមួយនៅបន្ទាយស្រី (Sasiou)


នៅពេលបានអានសៀវភៅរបស់លោក Jim Mizerski : Cambodia Captured ខ្ញុំបានសង្កេតឃើញឈ្មោះភូមិមួយនៅក្នុងផែនទីឥណ្ឌូចិននាសម័យបារាំងកាន់កាប់នោះស្ថិតនៅខាងជើងភ្នំបូក ទាញចំណាប់អារម្មណ៍ខ្ញុំដល់ហើយ ព្រោះថាការកត់ត្រាសម័យបារាំង សូរសៀងមិនដូចការហៅឈ្មោះនាសម័យយើងនេះទេ។  Sasiou ភូមិសាស៊ីអ៊ូ (ឈ្មោះបឋមដែលខ្ញុំប្រកបលេង) ឬសសៀរអូរ (ឈ្មោះភូមិដែលខ្ញុំបានសន្និដ្ឋានដំបូង) ខ្ញុំចិញ្ចឹមចិត្តចង់ទៅរកភូមិនោះ។

 

ថ្ងៃមួយជាចៃដន់ ការងាររបស់ខ្ញុំត្រូវបានមេស្នើឱយជួយកិច្ចការផ្សេងទៀតដែលពាក់ព័ន្ធគ្នា។ កិច្ចដែលត្រូវធ្វើនៅឯអាយឯណេះទេ តែខ្ញុំបានប្រឹងបញ្ចប់កិច្ចការទាំងព្រលប់ រួចខ្ញុំបានវេចបាយកញ្ចប់ និងប្រហុកកប់ ស្ពាយបង្វេចជាមួយមិត្តចិត្តដូចគ្នាម្នាក់ ស្វែងរកភូមិដែលទាក់ចិត្តមួយនេះ។

តាមផែនទី ហ្គូហ្គល https://goo.gl/maps/Wh2YQzwQmbJ2 ភូមិនេះមានឈ្មោះពិតពីដើមមកថា ភូមិសសៀវ ត្រូវបាន និងកំពុងប្ដូរឈ្មោះពិតជាភូមិសាលាក្រវ៉ាន់ នាពេលបច្ចុប្បន្ន ក្រោយការកត់ត្រារបស់ជនបរទេសនៅលើផែនទីជាង១៥០ឆ្នាំមក ។ ខ្ញុំគ្មានពេលសាកសួរដើមចមនាំឱយមានការផ្លាស់ប្តូរឈ្មោះភូមិនេះទេ ព្រោះខើចពេលឡើងឡាន ដូច្នេះទុកនាទីនេះជូនម្ចាស់ស្រុកផ្សេងទៀតដែលលោកដឹង លោកនឹងជម្រាបមកជាខាងក្រោយ។

photo_2019-04-10_19-07-47

ភូមិសាលាក្រវ៉ាន់ (ពីមុនហៅភូមិសសៀវ) ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាពេលបច្ចុប្បន្ន មីនា ២០១៩។

ខ្ញុំនឹងបរិយាយនៅទីនេះអំពីអាជ្ញាធរអប្សរា និងការសិក្សាទាញទឹកមកបំពេញឡើងវិញក្នុងវាលរាជដាក ឬបារាយណ៍ជយតដាក ឬបារាយណ៍ជុំវិញប្រាសាទនាគព័ន្ធ។ តែសុំជំពាក់សិនខ្ជិលសរសេរណាស់។

ពេលស្វែងរកមើលទីជ័យភូមិសម្រាប់ខ្ញុំនាពេលចាស់ទៅ ខ្ញុំបែកគំនិតចង់ជិះទូកចុះពីភូមិសសៀវនេះ មកក្រុងអង្គរធំ ហើយអាចឡើងមកក្រុងសៀមរាប ឬចេញទៅបារាយណ៍ទឹកថ្លាដោយមិនពិបាកត្រឡប់មកវិញតាមម៉ូតូ។

តាមការសិក្សាពីចម្ងាយ (៧៨គ.ម.) ពីល្បឿនទូកកាណូតតូច (៤គ.ម.ក្នុងមួយម៉ោង) ពីពេលវេលា (បើកទាំងយប់បើកទាំងថ្ងៃ ប្រើអស់៩ទៅ១០ថ្ងៃ) ពីស្បៀង (ដល់ផ្សារចូលទិញបាយៗ) ពីភាពសប្បាយរីករាយតាមផ្លូវទូកដែលខ្ញុំបានគ្រោងនេះ (រាំលេងលើទូក ផឹកស៊ីម៉ាអស់ដៃ ស្ទូចត្រី អូសសំណាញ់។ល។) គឺត្រូវចំណាយពេលប្រហែលពីរអាទិត្យទើបរួចស្រេចការមកដល់ក្រុងសៀមរាប។

ជិះទៅជិះមកអស់តែពីរម៉ោង ហើយដើរបេះផ្កាអស់មួយម៉ោងទៀត ដើរលេងក្នុងភូមិទិញល្ពាក់ហូបអស់តែមួយម៉ោង មកវិញដល់សៀមរាបយ៉ាងសប្បាយ ។ តើមានអ្នកចាប់អារម្មណ៍ដំណើរផ្សងព្រេងតាមទូកមកពីភូមិសាស៊ីអ៊ូរបស់ខ្ញុំ មកសៀមរាបឬអត់?

23 ខែមករា 2019 / ស្នាមញញឹម

សត្វជាស


សត្វជាសរស់នៅកាយរន្ធក្រោមដីក្នុងព្រៃរបោះនៃប្រទេសកម្ពុជា ។ សត្វព្រៃនេះជាពួកល្មូនសណ្ដាននឹង​បង្កួយ មានរូបរាងស្រដៀងថ្លែន ផ្ទៃខ្លួនវាមានអុចបន្តក់ក្រឡេក្រឡា បណ្តោយពោះមានក្រឡាក្រហមខ្មៅដូចហូល មានដំណើររហ័ស​ណាស់។ កន្លែងក្តៅហើយស្ងួតជាទីជម្រកដ៏ល្អសម្រាប់សត្វជាស រន្ធរបស់​វា​មានផ្លូវចូល និងចេញ។ បើគេរកឃើញដានជើងចូលរន្ធរបស់វាហើយ គេដាក់សំណាញ់​គ្របនៅបង្ហើយរន្ធម្ខាងទៀតជាស្រេច ហើយចាក់ទឹកចូលខាងរន្ធចូល វាស្ទុះរត់លឿនណាស់​ចេញតាមបង្ហើយរន្ធម្ខាងទៀតនោះ ហើយទាក់សំណាញ់ដែលសង្កត់ជាប់។ ម្យ៉ាងទៀត គេប្រើ​អន្ទាក់ទ្រនុង​ធាងដូង ឬខ្សែចងកួចចុងសម្រាប់ដាក់ទាក់ឬរឹតកវាក៏បាន។ ជាសមានពីរប្រភេទ មាន៖

  1. ជាស ចយ មានឆ្អឹងរឹង ត្រូវនឹងឆាក្តៅ ស្លកកូរ
  2. ជាស ក្តារ មានបន្ទារខ្លួនធំ ត្រូវនឹងប្រឡាក់អំបិលម្ទេសអាំង

សត្វជាសជាអាហាររបស់អ្នកស្រុកស្រែចំការ ។ គេរកជាសបានតាមដុបព្រៃ តាមចំការ យកមកធ្វើម្ហូបដោយពេលដោយកាល ។ ម្ហូបទាំងនោះមានច្រើនមុខ ដូចជា៖ ពន្លាត់ស្បែកយកពោះចោលរួចអាំងហូបភ្លាមៗគ្មានប្រឡាក់ឬជ្រលក់អ្វីទាំងអស់ ឬស្លកកូរ ឬឆាក្តៅ (ដោយចិញ្ច្រាំ ព្រោះស្បើមនឹងស្បែកក្រឡេក្រឡារបស់​វា ឬខ្លាចឆ្អឹងវារឹង) ឬអាំងសាបរួចបុកជាមួយប្រហុក មេ្ទស និងអំពិលខ្ចីឬស្វាយខ្ចី។ គេអាចយកមកប្រឡាក់អំបិលម្ទេសរួចអាំងហូបជាគ្រឿងក្លែម ខ្លះនិយមយកជាសមកបំពងជ្រលក់អំបិលម្រេចក្រូចឆ្មារផងក៏មាន។

អាហាររបស់សត្វជាសគឺពពួកសត្វល្អិត ដង្កូវ ជាដើម ។ សត្វពពួកនេះពងកូនបានច្រើន កូននោះញាស់ហើយអាចបណ្តើររកចំណីជាមួយមេបាបានដោយងាយ ។ ចំពោះការសិក្សាស្រាវជ្រាវលម្អិតអំពីសត្វនេះខ្ញុំមិនបានដឹងច្បាស់ឡើយ ខាងក្រសួងបរិស្ថានទើបមានសៀវភៅជីវចម្រុះអំពីសត្វនីមួយៗមានក្នុងបណ្ណាល័យក្រសួង បើអ្នកស្រាវជ្រាវត្រូវការ គួរអញ្ជើញទៅរកនៅទីនោះ។

មានពាក្យចំណាំអំពីជាសខ្លះដែរ សត្វស្លៀកហូលបោសដី ។

ដោយសារគ្មានរូបភាពដែលខ្ញុំថតបានសត្វជាស ដូច្នេះសូមលោកអ្នករកមើលវាក្នុងវេបសាយផ្សេង។

សូមបញ្ជាក់៖ សោម ប្អូនខ្ញុំជាអ្នកស្រុកស្វាយចេក នាងពូកែធ្វើម្ហូបអ្នកស្រុកភ្នំណាស់ ដូចជាបុកម្ទេស បុកប្រហុក បុកជាសនេះជាដើម។ ប៉ុន្តែស្រុកខ្មែរខាងភាគពាយ័ព្យប្រើម្ទេសច្រើននៅក្នុង​ម្ហូបអាហារ បើអ្នកមានជំងឺក្រពះឬមិនសូវចេះហូបម្ទេសទេ សូមប្រាប់អ្នកលក់ជាមុនពេលត្រូវការបាយទឹកនៅស្រុកខាងណោះ ព្រោះបើប្រហែស គឺលោកអ្នកអាចត្រូវហូបបាយទាំងទឹកភ្នែកក៏ថាបាន៕

11 ខែធ្នូ 2014 / ស្នាមញញឹម

បាន​ការ​ពារ: ចុះអីក៏ស្វីតដូចកៅស៊ូកងម៉េស?


មាតិកា​នេះ​ត្រូវ​បាន​ការពារ​ដោយ​ពាក្យ​សម្ងាត់។ ដើម្បី​មើល​វា សូម​បញ្ចូល​ពាក្យ​សម្ងាត់​នៅ​ខាង​ក្រោម៖

18 ខែសីហា 2014 / ស្នាមញញឹម

បែកគ្នាឬ?


សេចក្តីស្រឡាញ់ដែលមានតែម្ខាងៗ សេចក្តីស្រឡាញ់ដែលធ្វើឡើងតាមចិត្តចង់ ក្តីសេ្នហាដែលចាស់ទុំមិន ពេញចិត្តមិនយល់ស្របមិនគាំទ្រ ក្តីស្រឡាញ់ដែលសង្គមបន្ទាបតម្លៃ ទាំងអស់នេះគឺជាដំណើរការវិវឌ្ឍន៍ មួយដែលត្រូវបញ្ចប់ដោយពាក្យថាបែកគ្នា។

បែកគ្នា?

ហេតុអ្វីចាំបាច់បែកគ្នា? បើនៅធម្មតាៗទៅមិនបានទេឬ? ធ្វើជាមិត្តក៏បាន ធ្វើជាមនុស្សធម្មតាម្នាក់ក៏បាន…

នៅធម្មតាម្តេចកើតទៅ ចិត្តស្រឡាញ់នៅតែស្រឡាញ់។ អ្នកដែលស្រឡាញ់គេតែម្ខាងគេមិនដឹងខ្លួន ទោះ ប្រឹងធ្វើជាឈប់ស្រឡាញ់ក៏មិនអាចឃាត់ចិត្តមិនឱយនឹកគិតអំពីគេកើត ។ ចំណែកអ្នកដែលស្រឡាញ់គ្នា ដោយមិនបានគិតវែងឆ្ងាយ ទៅឱយធ្វើមិត្តម្តេចទៅ បើធ្លាប់ស្រឡាញ់គ្នាហើយនុះ។ ឯក្តីស្នេហាដែលគ្រួសារ និងសង្គមមិនពេញចិត្ត គឺជារឿងមួយដែលសង្វេគណាស់។ នរណាដែលធ្លាប់មិនសមបំណងក្នុងរឿង ស្នេហា រមែងស្គាល់តម្លៃនៃក្តីស្រឡាញ់។ តែ មនុស្សមិនគួរគិតពីមតិជុំវិញខ្លួនច្រើនពេកទេ គិតច្រើនពេក សម្រេច ចិត្តមិនដាច់ស្រេច។ គិតពេកធ្វើអីបើកាតាលិករជុំវិញខ្លួនមិនបានជំរុញឱយមានភាពប្រសើរឡើង​ សម្រាប់ ​ទំនាក់ទំនងទាំងនោះផង?

ខ្ញុំឆ្ងល់ណាស់ ថាហេតុអ្វីមនុស្សជាអ្នកកំណត់ផែនការសកម្មភាព បែរជាត្រូវសម្រេចដោយព្រហ្មលិខិត ទៅវិញ? បើមនុស្សជាអ្នកកំណត់ហើយសុំសេចក្តីសម្រេចពីព្រហ្មលិខិតទៅមិនថាទេ តែនេះគ្មានសោះ មនុស្សមិនបាន សុំព្រហ្មលិខិតឱយចេះដឹងសម្រេចសេចក្តីក្នុងរឿងជីវិតផង បែរទៅជាអីចឹងទៅ? 

មនុស្សពីរនាក់ ចង់រក្សាទំនាក់ទំនងពួកគេដូចដើមឈើដែលក្រិន ។ បែកគ្នាក៏មិនចង់ គិតពីអនាគត ដើម្បីនៅជាមួយគ្នាក៏មិនអាច ចឹងនៅតែអីចឹងរហូតទៅ។ ជីវិតរបៀបនេះ តទៅ នឹង ស្ថិតនៅក្នុងប្រអប់ មួយដែលអ្នកទាំងពីរបានសម្រេចចិត្តជ្រើសរើសចូលទៅជ្រកក្នុងនោះ… មិនដឹងថាថ្ងៃមុខ មានរឿងអ្វី កើតឡើងទេតែទោះជាយ៉ាងណា………….គង់តែមានថ្ងៃមួយ………នឹងមកដល់……………………………

2 ខែមិថុនា 2014 / ស្នាមញញឹម

Niina


កូនស្រីតូចដ៏ឆ្នាសឆ្នើម និងរាបសាររបស់យើងកំពុងរត់លេងតេះតះ ពេលម៉ាមីចូល Confirm Checking In នៅ ព្រលានយន្តហោះ។ ពេលលោកតាវាភ្លេចខ្លួនបន្តិច (គាត់ចាស់ហើយ មិនមានកម្លាំងគ្រប់គ្រាន់នឹងរត់តាមចាប់ ចៅមហារពិសនេះទេ) វារត់មកតោងជើងខ្ញុំដែលកំពុងរុញអីវ៉ាន់ចូលទៅក្នុងឱយគេត្រួតពិនិត្យ។ ខ្ញុំស្រវាកូន លើកដាក់លើអីវ៉ាន់រុញចូលទៅក្នុង។ នីណាមើលទៅសប្បាយចិត្តណាស់ដែលបានលេងល្បែងថ្មីគឺជិះលើរទេះ អីវ៉ាន់សំពីងសំពោងរបស់ម៉ាមី លោកយាយ និងនីណាផងដែរ។

ពួកគាត់ទាំងបីនាក់ម្តាយ កូនស្រី និងចៅស្រីក្រៅខោ ចេញទៅពិនិត្យសុខភាពនៅស្រុកចិន ដោយមានរបស់ របរជាអំណោយផ្ញើបងស្រី ប្អូនស្រីបង្កើតគាត់នៅស្រុកចិននោះផង ធ្វើឱយមើលទៅសំពីងសំពោងណាស់ ណាមួយត្រូវបង់តម្លៃលើសទម្ងន់កំណត់ ណាមួយត្រូវបង់ឱយអ្នកជួយជញ្ជូនអីវ៉ាន់ផង។

ពេលខ្ញុំរើអីវ៉ាន់ដាក់ថ្លឹងអស់ ម៉ាក់នីណានៅមើលលេខគីឡូ។ ខ្ញុំក៏រុញកូនលេងពេញកន្លែងចាំទទួលអ្នកចុះពី យន្តហោះព្រោះកន្លែងជូនដំណើរឡើងយន្តហោះមានមនុស្សច្រើនពេក។ នីណាចង្អុលទៅកន្លែងលក់ការេម ទោះបីជាមានសុខភាពមិនល្អ មិនត្រូវគ្នានឹងរបស់ត្រជាក់យ៉ាងណាក៏នីណាកូនខ្ញុំនៅតែចូលចិត្តញ៉ាំការេម។ ខ្ញុំពរវាដើរទៅកន្លែងលក់ ឱយគេដាក់ដួសការេមដែលរលាយអស់ដាក់ពីលើដើម្បីស្រួលបញ្ចុកកូន។ ម៉ាមី ក្រឡេកឃើញក៏រត់មករកពួកយើង ការេមក៏ធ្លាក់ទៅលើមាត់ម៉ាមីវិញទៅ ។ ម៉ាមីតែងបន្ទោសខ្ញុំដែលដឹងថា កូនញ៉ាំការេមទៅឈឺក៏នៅតែឱយញ៉ាំតាមចិត្តចង់ បែបហ្នឹងបានជាកូនចេះតែតាមខ្ញុំ ។ ខ្ញុំតែងគិតពីអារម្មណ៍ ជាជាងគោលការណ៍។ រវល់តែគិតអីនឹងមិនហ៊ានហូបនេះហូបនោះព្រោះខ្លាចឈឺនុះ? បើស្អែកស្លាប់ទៅ មាន ពេលឯណាបានភ្លក្សរសជាតិអាហារដែលយើងចង់ហូបនោះ?

មុនពេលឡើងយន្តហោះ កូនស្រីខ្ញុំដែលនៅជាប់លើដៃខ្ញុំមិនរបេះ យកដៃរុកត្រចៀកខ្ញុំ រុកច្រមុះ រុកភ្នែកខ្ញុំ យកដៃខ្ទប់មាត់ពេលខ្ញុំនិយាយជាមួយម៉ាមី ខ្ញុំក៏មិនយល់ថាហេតុអ្វី ក្មេងអាយុជិតមួយខួបវាចូលចិត្ត យកដៃ មករុកក្បាលពោះ រុកក្លៀក រន្ធច្រមុះ ភ្នែក ។ ជួនកាលកូនស្រីចាប់មាត់ខ្ញុំ យកដៃរុកធ្មេញខ្ញុំឱយរបើក ទាញអណ្តាតខ្ញុំ… ជាតិមុនវាប្រហែលជាអ្នកធ្វើជ្រូកក៏មិនដឹង បានជាចូលចិត្តលេងបែបនេះ។

ភ្លេចៗខ្លួន ជិតដប់ឆ្នាំហើយដែលខ្ញុំលែងបានជួបគេ។

សេចក្តីស្រឡាញ់ដែលធ្លាប់មានចំពោះកូនស្រី ខ្ញុំនឹងរក្សាទុកជាប់ប្រាណ រហូតដល់ថ្ងៃលែងបានដកដង្ហើមទៀត!

17 ខែ​ឧសភា 2014 / ស្នាមញញឹម

អ្នកស្រែ ចម្ការ


នេះមិនមែនជាអត្ថបទតម្អូញ ឬហែកហួរ អំពីជីវិតអ្នកចម្ការឡើយ។ អ្វីដែលខ្ញុំចង់ចែករំលែកនៅទីនេះគឺការលាត ត្រដាងពីផលវិបាកមួយចំនួន និងផ្នត់គំនិតរបស់មហាជនចំពោះជីវភាពអ្នកស្រែ ចម្ការ។

  • បទពិសោធន៍ ក្រោយរបបប៉ុលពត

គ្រួសារខ្ញុំមានស្រែមួយប្លង់តូច ដែលបានដោយសារសល់អំណាចបុណ្យជីដូនជីតាពីសង្គមជាន់មុន ក្រោយពេល ជម្លៀសភៀសខ្លួនពីបាត់ដំបងមកស្រុកវិញ ដោយប្រើពេលជិតកន្លះឆ្នាំ ។ មកដល់ស្រុកកំណើត គ្មានដីធ្លីអ្វីសល់ សម្រាប់យើងឡើយ ព្រោះក្រុមសាមគ្គីបានបែងចែកអស់ហើយ។ តែដោយអំណាចជីតា ជីតាទួតដែលសេស-សល់ គេព្រមឱយដីមួយប្លង់ផ្ទះ និង ក្រោយមកស្រែមួយប្លង់តូចនេះនៅឆ្ងាយពីផ្ទះប្រហែលប្រាំគីឡូម៉ែត្រ។

ខ្ញុំតែងស្តាប់ដោយទ្រលាន់នូវការរំលឹកឡើងវិញរបស់កូន និងចៅម្ចាស់ដីរាប់រយហិចតាពីសង្គមមុន។ ដើមហេតុ ចម្បងពីចំណុចនេះហើយ ទើបខ្ញុំចូលចិត្តប្រមូលទិញដីភូមិចាស់ ដីស្រែចាស់របស់ដូនតា ដោយមានជំនឿថា របស់ទាំងអស់នេះគាត់មិនបានចែកឱយអ្នកណាផ្សេងដោយចិត្តគាត់ឡើយ គ្រាន់តែគាត់គ្មានឳកាសទុកឱយចៅ ដោយផ្ទាល់ប៉ុណ្ណោះ នេះមួយ។ មួយទៀត ខ្ញុំចង់ផ្សារភ្ជាប់ជីវិតទៅនឹងស្រែចម្ការ ដែលខ្ញុំមានជំនឿថា មានតែផល ពីទីនេះហើយដែលអាចចិញ្ចឹមកូនចៅរបស់ខ្ញុំទៅថ្ងៃមុខបាន របរផ្សេងទៀត បើរកគ្រប់តែគ្នា លក់ដូរនៅផ្សារគ្រប់ តែគ្នា ម្លេះសមស៊ីជ័រផ្លាស់ស្ទិចទាំងអស់គ្នាមិនខាន។ របរនៅឯផ្សារស្រួលរកណាស់ ទទួលរបស់មកដាក់លក់ ចាំយកកម្រៃក្បាលកាក់បានពីការលក់ចេញរបស់ដែលដាក់លក់នោះ នរណាៗក៏ចង់រករបរស្រួួលៗបែបនេះដែរ ហើយចុះបើបែបនេះ តើនរណានឹងធ្វើស្រែ ធ្វើស្រូវ ឱយអ្នកទាំងនោះហូប? 😦

ស្រុកទេសដែលមនុស្សធ្លាប់ស្លៀកបាវ ក្នុងនឹមអាណានិគម បានប្រឹងប្រែងកសាងខ្លួន យ៉ាងល្មាសស្បែក គឺយក របរស្រែចម្ការជាគោលធំ ទើបបានអ្នកស្រុកចិញ្ចឹមជីវិតបានសមរម្យគ្រាន់បើមួយរយៈ។ ដូច្នេះ ខ្ញុំក៏ត្រូវគិតឱយ ដិតដល់ក្នុងរឿងរបរនេះដែរ។

ដោយមាន ម្តាយ និងជីដូន ជាអ្នកមូលមតិក្នុងការសន្សំប្រាក់ ដើម្បីដោះដូរដីស្រែមួយចំនួនបានមកជារបស់ខ្លួន ហើយ ថែមទាំងទិញចម្ការបានតិចតួចបន្ថែមផង ខ្ញុំក៏ចូលចិត្តប្រឡូកក្នុងកិច្ចការនេះណាស់ដែរ។ ថ្ងៃសម្រាករបស់ ខ្ញុំគឺជួយដឹកអីវ៉ាន់ម្តាយទៅលក់តាមភូមិដែលនៅក្បែរស្រែរបស់យើង ខែវស្សាប្រឹងធ្វើស្រែ ខែប្រាំងប្រឹងលើកភ្លឺ និងធ្វើរបង។ទោះបីភាពខ្ជិលច្រអូសនៃវ័យក្មេងដឹកនាំខ្ញុំបែបណាក៏ដោយ ម្តាយខ្ញុំតែងជម្នះភាពខ្ជិលច្រអូស នេះដោយលួងលោមខ្ញុំឱយប្រឹងធ្វើការ ជំនួសកម្លាំងគាត់ផង ដើម្បីបង្វឹកខ្ញុំឱយស្គាល់រសជាតិជីវិតបែបនេះផង គាត់មានជំនឿថាបើថ្ងៃណាមួយដែលស្រុកទេសភ័ន្តប្រែទៀត ខ្ញុំនឹងអាចជួយជីវិតខ្លួនឯងរស់ ហើយអាចយោង សណ្តោងប្អូនៗដែលនៅតូចឱយរួចជីវិតផងដែរ។

ខ្ញុំមិនចេះស្ទូងទេ ម្តាយខ្ញុំលួងលោមខ្ញុំឱយស្ទូងដោយដំបូងដាក់កំណល់ឱយអង្គុយ បន្ទាប់មកគាត់ចំអន់ខ្ញុំថា ខ្ញុំ មានឈ្មោះតែថាធំដូចគេ (កូនអ្នកស្រុកដែលមកស៊ីឈ្នួលស្ទូង) តែស្ទូងមិនទាន់គេទេ។ ឮពាក្យចំអន់នេះកាល ណាខ្ញុំទ្រលាន់សម្បើមណាស់ ខ្ញុំប្រឹងស្ទូងទាល់តែបានលឿនដូចគេដូចឯង គ្រានោះដែរ។

បើខ្ញុំចុះច្រូតស្រូវពេលណាដែលថាមិនមុតនឹងកណ្តៀវ ម្តាយខ្ញុំតែងសរសើរថាខ្ញុំពូកែច្រូតស្រូវណាស់ ចាប់កួរ រួចបានដាក់កណ្តៀវច្រូត… 😀 😀 😀

កូនអ្នកស្រុកគ្រប់គ្នា គេស្ទូងឬច្រូតបានកណ្តាលថ្ងៃក្តៅ ឯចំណែកកូនម្ចាស់ស្រែ មិនបានទៅនៅហាលក្តៅនឹងគេ ទេវាទៅសំងំត្រាំទឹកអូរ រាយសន្ទូច មើលមង រកត្រីហូបឯណោះ។ កូនអ្នកស្រុកមកជួយដកស្ទូង ច្រូតស្រូវ បាន តែបាយម្ហូបមានត្រីមានសាច់គឺគេរីករាយនឹងហូបណាស់ទៅហើយ ចំណែកកូនម្ចាស់ស្រែ បើគ្មានពងទាស្ងោ ឱយវាស៊ីទេ វាស្រែកផ្អើលមេឃផ្អើលដី យំននៀលនឹងថ្លុកក្របី ទាល់តែបានពងទាស៊ីទើបអាចធ្វើការទៀត!!! 😥

នេះគ្រាន់តែជារឿងសើរៗ សើចសប្បាយរបស់ខ្ញុំ ដែលម្តាយ មីង ជីដូន ជីតា បងប្អូនជិតឆ្ងាយ ទុកនិទានឱយ កូនស្តាប់បានជាកេរ្តដំណែលយូរអង្វែង ព្រោះក្នុងមួយភូមិនោះ គ្មាននរណាគេធ្វើដូចខ្ញុំបានឡើយ។ នេះក៏រាប់ ទុកថាជាជំនាញពិសេសមួយរបស់ខ្ញុំដែរ 😀 😛

ស្លេះរឿងពីក្មេង ថ្លែងរឿងមនុស្សចាស់វិញម្តង៖

ខ្ញុំមានចម្ការឆ្ងាយពីផ្ទះប្រហែល ៤០ គីឡូម៉ែត្រដែរ ដែលមានដាក់ដាំស្វាយជាច្រើនមុខ តែវាដុះដាលកើតផល តែស្វាយកែវល្មៀតដែលគេគ្រប់គ្នាក៏មានដាំដែរ។ ស្វាយកែវចិន ស្វាយខ្ទិះអីវាមិនព្រមដុះល្អឡើយ។ មួយផ្នែក នៃដីនេះក៏មានដាក់ដាំ ស្វាយចន្ទី(ខ្យូវ) និងដាំស្រូវចម្ការ និងមានព្រោះសណ្តែកបាយខ្លះៗ តាមជ្រកតាមជ្រៀត តាមរដូវកាល។

ល្ពៅ ត្រសក់ ត្រប់ពុតញង និងមានដំណាំផ្សេងទៀតស្ទើរតែគ្រប់មុខ ត្រូវបានកប់ដាំតាមដំបូក តាមទួលនានា ក្នុងចម្ការ ប្រាថ្នាតែម្យ៉ាងគឺថា បើបានផលមក នឹងបេះចែកញាតិហូបផងព្រោះរបស់ដាំគ្មានដាក់ថ្នាំអ្វីទាំងអស់។

ម្តាយតេមកប្រាប់កូនថា៖ ល្ពៅ និងត្រសក់ ត្រូវបានស្វាស៊ីសឹងទាំងអស់ហើយ។ កូនអើយតើគិតដូចម្តេច? កូន ឆ្លើយទៅវិញថា៖ ទៅគិតធ្វើអី ស្វាគ្មាននរណាចិញ្ចឹមវាទេ វាមានប្រាក់ខែឯណារស់បាន? ចិញ្ចឹមវាផងទៅ!!! 😦 ម្តាយតមាត់មកវិញថា ម៉ែចិញ្ចឹមតែខ្លួនមិនចង់រស់ផង ទៅចិញ្ចឹមស្វាម៉ាហ្វូង ពេញចម្ការទៀតឬ??? និយាយប្រាប់វា ដូចអត់និយាយអីចឹង! ស្អីក៏ឱយចិញ្ចឹម ស្អីក៏ឱយទុក អាឡូវសត្វពេញចម្ការ មានគ្រប់មានសព្វ ចាំមើលបើឯងមកជាន់ចំពស់ ឯងកុំមករអ៊ូឱយសោះវ៉ី!

ក្រោយពេលកូនក្លាយជាអ្នកអភិរក្សសត្វ ដោយព្រោះចិត្តស្រឡាញ់សត្វ ម្តាយងាកអីបន្តិច តេមកប្តឹងកូនរឿង នរណាចូលបាញ់ឆ្មាបាក្នុងចម្ការ បន្តិចរឿងអាណាចាប់ស្វាស៊ី បន្តិចឮរឿងគេដាក់លប ចាប់សារិកាកែវ លលក ប៉ោលតោក កង្ហែន ទន្សាយ ពស់… ស្ទើររាល់ថ្ងៃ។ គាត់ធ្វើមើលតែខ្ញុំជាម្ចាស់របស់សត្វទាំងនោះដែលគេមក ប៉ះពាល់មិនបាន។ ខ្ញុំចេះតែឆ្ងល់ ចុះនរណាក៏ពូកែទៅរាយការណ៍ប្រាប់គាត់ រឿងទាំងអស់នេះម្លេះ? តាមពិតគឺពួកអាបាញ់សត្វស៊ីទាំងនោះឯង ដែលវាដណ្តើមកន្លែងគ្នារកសត្វក្នុងចម្ការយើង!

អ្វីៗទាំងអស់នៅក្នុងចម្ការ គឺជាជម្រកសត្វព្រៃយ៉ាងសុខសាន្ត។ ដើមត្នោតប៉ុន្មានដើមនោះ គឺជាជម្រកពស់ ទន្សាយ កណ្តុរ… លើកំពូលត្នោត សម្បូរណ៌ដោយសត្វស្លាបជាច្រើន។ ត្នោតនេះ ទោះគេឱយប្រាក់ ប៉ុន្មានសុំឡើងគៀបទឹក ក៏មិនអនុញ្ញាតដែរ វាគឺទុកសម្រាប់សត្វទាំងអស់ជ្រក ព្រោះថាជុំវិញនោះ គឺសុទ្ធតែមនុស្សមិនចេះស្រឡាញ់សត្វ។ មនុស្សទាំងនោះមិនជាក្ររកអីស៊ីគ្មានទេ តែគេចូលចិត្តប្រមាញ់បែបនេះជាងការរករបរផ្សេងទទួលទាន។

និយាយពីផលវិញ ហាក់ដូចជាគុណបុណ្យមួយផ្នែកដែលតបស្នងមកវិញពីការការពារសត្វទាំងនោះ ចម្ការនេះ ឱយផលស្វាយផ្លែសឹងបាក់មែក ដែលទាំងនេះគឺសល់ពីចំណីរបស់សត្វទាំងអស់។ ផ្លែស្វាយកែវល្មៀតមួយៗ ធំប៉ុនកំភួនជើងខ្ញុំ ជ្រុះរោយរាយពេញដី នៅឯលើដើមក៏សឹងញែកដើម ។ តែស្តាយអើយស្តាយ ដែលវាគ្មាន ទីផ្សារសោះ។ គេឱយថ្លៃមួយគីឡូមួយរយរៀល។ នេះបើសិនជាបានថ្លៃវិញ ម្តាយខ្ញុំស្លាប់ចិត្តនឹងចម្ការនេះ លែងរករឿងខ្ញុំមិនខានឡើយ (គាត់រករឿងខ្ញុំដែលយកលុយមកទិញចម្ការទុកចោល គ្មានបានប្រាក់ត្រឡប់ចូលហោប៉ៅវិញ)។ ចំណែកសណ្តែកបាយសល់ពីចំណីសត្វស្លាប បានផលគ្រាប់ធំៗល្អ យកមកផ្ទះធ្វើបង្អែមក៏ឆ្ងាញ់ណាស់ ទៅទៀត។លុះមកបានហូបរបស់ឆ្ងាញ់ដាំដោយខ្លួនឯងគ្មានដាក់ថ្នាំ ទើបខ្ញុំដឹងថា ការរស់នៅក្នុងទីក្រុងបាន បំផ្លាញ ជីវិតខ្ញុំដោយមិនដឹងខ្លួនតាមរយៈការហូបបន្លែមានជាតិពុលលាយឡំ។

ចម្ការមួយនេះសម្រាប់តែសង្គ្រោះសត្វទៅចុះ បែរទៅចម្ការពីរទៀតដែលដាំដំឡូងមី ឱយតែបានផល គឺដល់ ពេលទីផ្សារដំឡូងមីធ្លាក់ថ្លៃគ្រឹប។ ម្តាយខ្ញុំសឹងបែកដើមទ្រូង ព្រោះចំណាយទុន ចំណាយកម្លាំងច្រើនណាស់ លើវា។បើទុកលុយដែលកូនឱយយកទៅធ្វើចម្ការដេកចាយយ៉ាងរំភើយគ្មានខ្វល់ចិត្ត។

រាល់ពេលប្រមូលផល គាត់បបួលខ្ញុំលក់ចម្ការ ទុកប្រាក់ឱយគាត់ធ្វើបន្ទប់ជួល។ នេះក៏ជាក្តីស្រមៃមួយរបស់ខ្ញុំ ដែរ។ខ្ញុំក៏ចង់ឱយគាត់រស់នៅសុខស្រួលក្នុងវ័យចាស់របស់គាត់ មានពេលដើរលម្ហែ កម្សាន្តចិត្ត តែខ្ញុំនៅមិន ទាន់ចាត់ការរឿងនេះបាន ខ្ញុំត្រូវការពេលវេលាដើម្បីរកប្រាក់ឱយគាត់ថែមទៀត។

ម៉ែបាទ! ងាកមើលជុំវិញខ្លួនយើងទៅមើល៍ មាននរណាគេធ្វើស្រែធ្វើចម្ការដែរទេ? ម្នាក់ៗមានកូនមានចៅ ពេញទឹកពេញដីតែប្រាថ្នាតែរករបរដែលស្រួលខ្លួន សូម្បីអ្នកស្រែឥឡូវក៏រត់ចោលស្រុកទៅរករបរបានប្រាក់ ភ្លាមៗស្ទើររលស់អស់ពីភូមិទៅហើយដែរ។ តើយើងមិនគិតប្រកបការងារធ្វើស្រែចិញ្ចឹមជីវិតហើយបែរជាចាំ ទិញស្រូវពីស្រុកជិតខាងយើងមកស៊ីវិញឬ? តើសេដ្ឋកិច្ចយើងពឹងលើអី? ពឹងលើរបរលក់ដូរឬ? បើយើងមិន មែនជាអ្នកផលិតផងនោះ!

  • ទស្សនាទានពីជ្រុងម្ខាងនៃពិភពលោក

(នឹងបន្តសរសេរ…)

  • ទស្សនាទានពីជ្រុងម្ខាងនៃអ្នកស្រុកភូមិ

(នឹងបន្តសរសេរ…)

  • ទស្សនាទានរបស់អ្នកគ្រប់គ្រងរដ្ឋ

(នឹងបន្តសរសេរ…)

  • ទស្សនាទាននៃខ្លួនឯងចំពោះជីវភាពប្រចាំថ្ងៃ

(នឹងបន្តសរសេរ…)

ខ្ញុំមិនមែនជាអ្នកមានធ្លាក់ពីលើមេឃមកពីណាទេ។ ខ្ញុំគ្រាន់តែជាក្មេងដែលចូលចិត្តរបស់របរថ្មីៗ ដែលព្យាយាម ស្វែងរកន័យជីវិតពីគ្រប់ទិដ្ឋភាពទាំងអស់ក្នុងសង្គម ដោយស្រវាស្រទេញ របេះរបោញប្រាក់កាសដែលរកបានពី ការធ្វើការងារក្នុងការិយាល័យ ទៅកាន់ការស្រែ ចម្ការ ដើម្បីបន្ស៊ាំខ្លួនទៅនឹងជីវភាពទាំងនេះ ក្នុងន័យរក្សាលំនឹង ជីវិតដោយការរៀនរស់ក្នុងគ្រប់ស្ថានភាព។

ហើយបើសិនជានៅតែក្រមិនមាននឹងគេព្រោះគំនិតនេះ ខ្ញុំមិនបន្ទោសខ្លួនឯងដែលស្លាប់ទៅនៅតែក្រនោះដែរ!

2 ខែ​ឧសភា 2014 / ស្នាមញញឹម

ថ្ងៃអូនចេញទៅ


ធ្មេចបើក តែ មួយ ភ្លែតសោះ ជិត 10 ឆ្នាំ ទៅហើយ ។ ថ្ងៃនេះ ឆ្នាំនោះ ខ្ញុំ គ្រវីដៃលានាង យ៉ាងរីករាយ រីករាយព្រោះមានសេរីភាពក្នុងការដើរហើរ ប្រៀបដូចខ្លា រួចពីទ្រុងដែក។
តែ ពេលនេះ ខ្ញុំ ឆ្អែតហល់ ហើយពីការដើរលេង ខ្ញុំ ចាស់ទុំជាងមុនឆ្ងាយណាស់ ខ្ញុំ មិនមែន ខ្ជីខ្ជា នឹងរឿងជីវិត មិនមែន មនុស្សមិនបានការដូចដែលអ្នកដទៃធ្លាប់ ស្គាល់ ឡើយ ។

គ្មាន អ្វី ប្រសើរ ជាង កែប្រែជីវិត ធ្វើជា មនុស្ស ថ្មី ។

7 ខែ​មេសា 2014 / ស្នាមញញឹម

អនុស្សាវរីយ៍មួយ ក្នុងព្រៃជាំផ្កា (តចប់មែនទែនហើយ)


ធ្វើដំណើរមកដល់ត្រង់ស្ពានឈើមួយក្បែរមាត់ព្រៃជិតមកដល់ភូមិគន្លងខ្ទីង ខ្ញុំដក ក អើតតាមបង្អួចឡាន មើល ទៅឈើកំណល់ស្ពាន ឈើកំពុកដែលបន្តុប ត គ្នាដោយអ្នកដំណើរធ្លាប់បានឆ្លងកាត់។ ម្នាក់ៗអារដាក់មួយដើម អ្នកក្រោយឯទៀតមក ក៏អារដាក់ថែមទៀតគ្រាន់សម្រន់ភាពភ័យខ្លាចធ្លាក់ក្នុងអូរជម្រៅជាងប្រាំម៉ែត្រ។ បានជាគេ អារឈើដាក់បន្តុបបាន ព្រោះអ្នកបើកឡានទាំងនោះជាអ្នកអារឈើ គេមានរណាស្រាប់ក្នុងការសម្រួលចរាចរណ៍ ដូចជាបើសិនជាពើប នឹងឈើរលំដួលកាត់ទទឹងផ្លូវ គេក៏អារវា ជាកង់ៗ ហើយប្រមៀលចេញឱយផុតពីផ្លូវ ទើប អាចបន្តដំណើរទៅមុខទៀតបាន ឬដូចក្នុងករណីមានស្ពានឈើដែលមិនសូវមាំមួនបែបនេះ ។

ខ្ញុំចុះទៅលើកឈើដាក់តម្រឹមកល់កង់ឡានឱយមាំ ហើយប្រាប់នាងឱយបើកឡានដោយមានខ្ញុំជា អ្នកមើលផ្លូវ!

ដោយសារភ្នែកម្ញូបរបស់នាង ឡានបានធ្លាក់ពីកំណល់ឈើមាំ ទៅជាប់ផុងក្នុងចន្លោះឈើជាន់ខាងក្រោម ធ្វើ ឱយឡានត្រូវកៀបកង់មុខទាំងពីរលើស្ពានកំពុកនេះ។

– អូនប្រាប់ហើយថា ឱយបងបើកទៅ! មិនព្រមទេស៍។ អាឡូវឃើញហេ៎?

+ មានដែលឃើញនរណាគេបើកឡានបិទកញ្ចក់ហើយស្តាប់អ្នកស៊ីញ៉ូឡានស្រែករ៉េ??? អូនស្តាប់ម៉េចបានបើ ឡានក៏រោទិ៍ មនុស្សប្រឹងស្រែកបញ្ជាពីខាងក្រៅ ហើយអូនឯងបិទកញ្ចក់ជិតឈឹងអីចឹង???

– ចឹងហើយ ចង់ឱយអូនបើកឡាន!

+ បងគិតថាកុំឱយអូនឯងពិបាករត់រកកំណល់កល់កង់ឡាន ពេលវាផុតគន្លង… អាឡូវ…ហ៊ឺសហ្អា៎!

– អាឡូវគិតយ៉ាងម៉េចទៅ? បើជិះឡានមកផ្លូវជាងដប់គីឡូហើយគ្មានជួបនរណាម្នាក់សោះអីចឹងនុះ?

ទោះប្រឹងសម្លឹងរកមើលដើមឈើ ឬបង្គោលរឹងមាំណាមួយក្បែរៗនោះដើម្បីយកត្រើយឡានទៅប្រទាក់ក៏ គ្មានសោះព្រោះនៅក្បែរមាត់អូរ គេតែងកាប់ដើមឈើចេញឱយស្រឡះ បើមានដើមឈើធំមាំក៏មាននៅឆ្ងាយ ខ្សែត្រើយឡានតោងមិនដល់ឡើយ។ ចុះថ្ងៃអីក៏ស៊យយ៉ាងនេះ??

+ អូននៅចាំក្នុងឡានហ្នឹងហើយ បងដើរទៅមុខទៀតរកមនុស្សមកជួយសែងឡាន។

– អត់ទេ! ខ្ញុំមិនហ៊ាននៅចាំក្នុងឡានទេ! ក្រែងថាកន្លែងនេះជ្រូកព្រៃធ្លាប់ដេញបងឯងហ្អី???

+ បើអីចឹងចាក់សោឡានហើយដើរទៅជាមួយគ្នា ។ … ដើររួចក៏អត់អ្នកកីឡាហែលទឹក?

– រួច!!!

+ កុំប្រាប់ថារអ៊ូណា៎! មកធ្វើការជាមួយបងគឺបែបនេះឯង គ្មានសេវាទូរស័ព្ទ គ្មានទឹកភ្លើងប្រើប្រាស់ស្រួល គ្មាន ពូកខ្នើយភួយល្អៗទេ ហើយក៏គ្មានម្ហូបឆ្ងាញ់ របស់ល្អដូចជាមាសពេជ្រប្រើដែរ។ ហើយបើយានជំនិះមានតែ អាដូតឡាហើរហ្នឹងហើយ ឈ្នះអស់ឧបសគ្គលើផ្លូវទាំងឡាយ។

ខ្ញុំងាកមើលនាយអាយ ស្តាប់ស្នូរឡាន ក្រែងមានឡានណាមួយឆ្លងកាត់ នឹងអាលបានសុំគេជួយទាញឡាន ជាប់ផុងនេះពីលើស្ពានផង ក្រែងលោវាស្រុតទាំងឡាន ទាំងស្ពានបាក់ទៅក្នុងទឹកទៅនាំវេទនាមួយជាន់ទៀត!

តែគ្មាននរណាម្នាក់សោះ ក៏គ្មានឮសម្រិបអ្វីផ្សេងពីក្រៅពីទឹកហូរ …សត្វត្រសេះយំឆ្លើយឆ្លងជាមួយលលក កុកគ្រូ និងសម្លេងចង្រិតស្រែកពេលមេឃចុះត្រជាក់ ។

ដោយមិនចង់រេរាយូរនាំខកម៉ោងប្រជុំ ខ្ញុំនាំនាងដើរទៅមុខទៀតដើម្បីរកអ្នកភូមិឱយជួយលើកឡាន។ ដើរបាន កន្លះគីឡូ នាងក៏ទារឱយខ្ញុំឈប់សម្រាក៖

– បងហ្អា៎? ហត់ឬអត់ហ្នឹង?

+ មិនទាន់ទេ … កុំ កុំ កុំប្រាប់បងថាហត់ ប្រាប់ថាឱយនៅចាំឡានមិនព្រមទេ!

នាងរត់មកតោងស្មាខ្ញុំពីក្រោយ ហើយខ្ញុំក៏ឱយនាងតោងខ្ញុំដើរតាមសម្រួលដោយសារនាងមានដៃជើងវែងៗ យើងមិនបានពិបាកដើរប៉ះឬជាន់កែងគ្នាឡើយ។ ដើរអូសនាងយូរៗទៅ កាន់តែយឺតទៅៗ មិនបានមួយគីឡូ ម៉ែត្រផង នាងស្រែកសុំឱយឈប់សិន ព្រោះទ្រាំដើរទៅទៀតលែងរួចហើយ។

– បងហ្អា៎ សម្រាកបន្តិចសិនបានឬអត់?

+ អាឡូវចង់យ៉ាងម៉េច??

– អូន…ទៅលែងរួចហើយ សុំទីសិន!

+ បើយើងនៅសម្រាក យើងប្រហែលជាមិនអាចទៅភ្នំពេញបានទេណា៎អូន! ដើរបន្តិចទៀត មុខជាជួបអ្នកធ្វើ ចម្ការគេត្រឡប់ទៅផ្ទះ យើងនឹងពឹងគេឱយជួយលើកឡានយើងបានទៅមុខទៀត មិននាំពិបាកខកពេល យើងឡើយ!

– អូនអស់ជើងហើយ!

+ តោងបងមកចឹង!

– អត់ទេ! ចង់ឱយបងឯងអៀវវិញបានស្វ៊ីតជាង!

+ …. (គ្រាន់តែឮ ខ្ញុំគ្រវីក្បាលហួសចិត្តមួយបាត់ទៅហើយ) ហ៊ឺ!… អូខេ «អ្វីគ្រប់យ៉ាងដើម្បីអូន» (បទចម្រៀងសាពូន មីដាដា អីក៏ត្រូវម្លេះ???) ហើយម្តងណេះ!

នាងមានកម្ពស់ខ្ពស់ជាងខ្ញុំ តើខ្ញុំនឹងអៀវនាងបានប៉ុន្មានគីឡូម៉ែត្រទៅ??? សំណាងហើយដែលនាងមានទម្ងន់ ស្រាល ត្រឹមតែជាង សែសិបគីឡូក្រាម កុំអីនោះ… ខ្ញុំក្លាយជាឆ្កែដែលគេប្រើទុកបណ្តើរសត្វមិនខានរ៉េ។

– បងហ្អា៎?

+ បាទ!

– ពេលចាស់ទៅ បើខ្ញុំនៅផ្ទះចម្ការជាមួយបង ពេលឈឺទៅ បានពេទ្យឯណាមើល?

+ បងក៏ចេះដូចពេទ្យដែរ! … ហ្អេ៎! ក្រែងអូនចេះចាក់ថ្នាំដោយខ្លួនឯងទេតើ ចាំបាច់ពិបាកអី???

ខ្ញុំមើលមិនឃើញសោះឡើយនូវបញ្ហាលំបាកទាំងឡាយសម្រាប់មនុស្សចាស់ដូចជាពួកយើង ព្រោះខ្ញុំកំពុង ពេញកម្លាំង មាំមួន។ ជាងដប់ឆ្នាំនេះ ខ្ញុំគ្រុនឈឺតែប៉ុន្មានដងពេលយ៉ុងចិត្ត នឹងសង្សារទាត់ចោលទេ ហើយខ្ញុំ សារភាពថាខ្ញុំកម្រកោសខ្យល់ណាស់ ក្នុងរវាងប្រាំ ឬ ប្រាំមួយឆ្នាំ ខ្ញុំកោសខ្យល់ ឬម៉ាស្សាម្តងតែប៉ុណ្ណោះ។

– ពេលចាស់ទៅ មិនមែនឈឺតែមួយមុខហ្នឹងទេ! (នាងនិយាយប៉ប៉ាច់ប៉ប៉ោចម្នាក់ឯងព្រោះតែសប្បាយចិត្តជាង ពេលណាៗទាំងអស់កាលបើខ្ញុំព្រមចាញ់នាង ព្រមអៀវនាងដើរ។ នាងដឹងថាខ្ញុំមិនចូលចិត្តធ្វើរឿងផ្អែមល្ហែម បែបនេះទេទោះជាមួយស្រីណាក៏ដោយ)។

+ អូនហាត់ប្រាណ ហែលទឹក ហើយចេះថែរក្សាសុខភាពបានល្អចឹង មុខជាមិនងាយមានបញ្ហាទេ! តែ…ឈប់ នាំបងនិយាយបានទេ? បងហត់ណាស់!!!

– គ្រាន់តែចង់និយាយរឿងអនាគតផងក៏មិនបាន រកតែផ្អែមដាក់គ្នាបន្តិចក៏មិនកើត! យ៉ាប់ណាស់!

នាងថើបថ្ពាល់ស្តាំរបស់ខ្ញុំឮសូរ ជូបៗ ហើយបញ្ជាខ្ញុំឱយប្រឹងដើរឱយលឿន។ សំណាងបានធ្លាក់មកដល់មុន ពេលខ្ញុំដាច់ខ្យល់ស្លាប់នៅកណ្តាលព្រៃ គឺមានឡានដឹកជើងសរសរ និងស័ង្កសីសម្រាប់ធ្វើផ្ទះមកបញ្រ្ចាស នឹង ដំណើររបស់យើង។

ពេលនិយាយត្រូវថ្លៃគ្នារឿងទៅជួយទាញឡាន យើងក៏ឡើងឡាននោះ បកក្រោយមករកស្ពានវិញ។ អ្នកឡាន មានគ្នាបួននាក់ បានជួយរកឈើគាស់កង់ខាងមុខទាំងពីរបង្ហើប ហើយដាក់ខ្សែកាបទាញ ទើបឡានអាច ផុតផុង។

យើងនិយាយគ្នាត្រូវ ក៏បាននាំគ្នាជួយរៀបស្ពាននោះ ដោយដាក់ឈើតូចៗទទឹងស្ពានដើម្បីសម្រួលដល់ឡាន ក្រោយៗកុំឱយជាប់ផុងកង់ព្រោះតែភ្លាត់ឈើកំណល់ដូចឡានខ្ញុំទៀត ។ ខ្ញុំអរគុណអ្នកឡានជាខ្លាំង ដែលបាន ជួយយើងឱយរួចផុតគ្រាក្រនាពេលនេះ ។ រក្សាឱយប្រាក់ទៅគេហាសិបដុល្លារជាសគុណ។

+ អូនហ្អា៎! បងប្រជុំតែមួយភ្លែតទេ ចប់ហើយបងនឹងនាំអូនទៅភ្នំពេញឱយទាន់ពេលឡើងយន្តហោះ មិនឱយ ខកឡើយ! (ខ្ញុំសម្លឹងមើលនាងដែលហាក់ដូចជាខ្សោយកម្លាំងផ្អែកនឹងកៅអីឡានធ្វើមុខស្មឿក មិននិយាយ មិនស្តីអី ។ ខ្ញុំខំយកចិត្តអស់ប៉ុណ្ណឹងហើយ នាងនៅតែមិនតតាំងនឹងខ្ញុំសោះ បែបឈឺធ្ងន់ហើយម្តងណេះ!)

– អត់អីទេ! អូនគ្រាន់តែខ្លាចពេលយើងធ្វើដំណើរយប់មានបញ្ហាទេតើបង!

+ បងធានា!!! បងនឹងការពារអូនឱយបាន។ ហេសហេ ស្មានតាឈឺធ្ងន់ហើយតើ!

– បងប្រជុំយូរដែរទេ?

+ យ៉ាងយូរមួយម៉ោង!… អូនគេងក្នុងឡានពេលបងប្រជុំណា៎! គេងឱយលក់ ដល់ពេលបងងងុយគេងពេល បើកឡាន អូនចាំជួយដាស់បងផង!

– អូនគេងមិនលក់ទេ គ្រាន់តែមិញ គិតថាចប់បាត់ហើយនៅកណ្តាលព្រៃបែបនេះ! គ្មានទឹក គ្មានបាយផង!

+ ខ្លាចអី? បងដើរតែបែបនេះតាំងពីជាងម្ភៃឆ្នាំហើយ តាំងពីបងនៅតូចមកម្លេះ!…បើអត់មានអីញ៉ាំ យើងកាប់ គមផ្អាវញ៉ាំក៏បាន។ ឆ្ងាញ់ដែរតើ!

– តែនៅតែខ្លាចដដែល!

+ ដូររឿងនិយាយវិញអីចឹង!

ស្ងាត់មួយស្របក់ នាងក៏និយាយរឿងបាត់ចិញ្ចៀន ៖

– អូនវង្វេងដៃ មិនដឹងទុកចិញ្ចៀនបងនៅឯណាទេនេះ! រកនឹកមិនឃើញ!

+ ក្នុងទូដែក រកហើយនៅ?

– រកសព្វអស់ហើយ!

+ ចុះអូនយកទៅទុកនៅឯណា? … ង៉ៃហ្នឹងបើកុំតែបានចិញ្ចៀន ដៃបងត្រូវទូរទឹកកកកិនខ្ទេចមិនខាន!

– ធ្វើអីមិនចេះស្មានកម្លាំងទេបងឯង! …រកនឹកមិនឃើញសោះ!

+ អូខេ… ដូររឿងនិយាយទៀតទៅ!

– អូនប្រាប់ហើយនៅ ថាខែក្រោយអូនរើអីវ៉ាន់ទាំងអស់ ទៅ អាផាតមិន នៅសៀមរាប!

+ ប្រាប់រួចហើយពីយប់មិញ! … តែអូហ៍ភ្លេច! អូនមានយកខោអាវនៅក្នុងទូដាក់ចូលកាបូបបងទេ?

– រៀបរួចហើយ ។ ចុះត្រីក្រឹមបងឯងគិតយ៉ាងម៉េច? យកទៅលែងនៅមាត់ទន្លេទៅ!

ខ្ញុំទើបតែទិញត្រីក្រឹមជល់របស់ថៃ ដែលគេហៅថា ត្រីក្រឹមតាយ/អន្តាយ ព័ណ៌ខៀវមួយ និងក្រហមមួយ ដាក់តាំងក្នុង ដបសេរ៉ូមនាងដែលបោះចោលក្រោយព្យួររួច នៅក្បែរកន្លែងញ៉ាំបាយ។ ខ្ញុំទើបតែបង្ហាត់វាឱយ ចេះជល់ មិនទាន់ដែល បានដាក់ឱយជល់គ្នាបានម្តងផង ឥឡូវត្រូវរើវាទីងណាត់ទីងណែងទៅតាមទៀត។

+ ចាំបងគិតមើលសិន ថាគួរយកវាទៅនៅផ្ទះបង ឬនៅសៀមរាប!

– គិតពីអណ្តើក និងត្រី ដែលបងទើបនឹងយកទៅលែងក្នុងស្រះក្រោយផ្ទះផងទៅចឹង!!! អូនលែងទទួលខុស ត្រូវហើយ។ នៅអាផាតមិនគេមិនឱយចិញ្ចឹមអីទេ!

+ ត្រីរ៉ស់!!! ហ៊ឺ…យកទៅលែងមាត់ទន្លេចុះ ចំណែកអណ្តើក យកទៅលែងនៅអង្គរវត្ត! គិតរួចហើយ ត្រីក្រឹមក៏យកទៅ លែង នៅកសិណទឹកអង្គរដែរ! … ម៉ាស៊ីន និងអីវ៉ាន់ច្រើនប៉ិនណាប៉ិនណី ចេះគិតគូរ សណ្តោងយកតាមខ្លួន អណ្តើក និងត្រីបង ប៉ិនហ្នឹង អូនយកតាមផងមិនបានហ្ន៎?

អ្នកឱយតម្លៃជីវិត និងអ្នកគិតពីការងាររបររកស៊ី បានតម្លើងសសៃក តទល់គ្នាក្នុងឡានកណ្តាលព្រៃទៀត៖

– សុំដូររឿងនិយាយទៅ!!! រឿងហ្នឹងយើងឈ្លោះគ្នា ជាងមួយឆ្នាំហើយ!

…..

+ បងកំពុងគិតពីរឿងស្អែកនេះបងត្រូវធ្វើអីបន្ទាប់ពីជូនអូនឡើងយន្តហោះរួច?

– ត្រឡប់មកវិញម៉ោ!

+ ង៉ៃសុក្រហើយហ្នឹង ត្រឡប់មកធ្វើអី?

– ប្រុងដើរលេងជាមួយនរណាទៀតហើយ? (ដល់ម៉ោងនាងដំឡើងសំឡេងដាក់ខ្ញុំម្តងហើយ)

+ ចង់…បបួលស៊ីណាទៅលេងឧត្ដុង្គ… តែបែបគេរវល់ដែរហើយមើលទៅ! … និយាយអីចឹង ថ្ងៃណាអូនមកវិញ នឹងអាលបងសុំច្បាប់គេមកទទួលអូន។

– បួនប្រាំថ្ងៃទៀត! មិនទាន់ច្បាស់ទេ អូនចង់នៅមើលសាច់ក្រណាត់ និងសូត្រខ្លះ … ចាំទៅដល់នោះ អូននឹងតេរកបង អូខេ?

+ អូខេ! (ខ្ញុំនឹកក្នុងចិត្តថា ទោះនាងទៅយូរក៏មិនអីដែរ ខ្ញុំនឹងមានសេរីភាពក្នុងការដើរបានយូរបន្តិច!) … ចុះសូត្រស្រុកយើងមានដែរ ម៉េចអូនមិនប្រើវា?

– ការប្រើសាច់ក្រណាត់សូត្រ មិនមែនចេះតែប្រើទេបង។ សូត្រស្រុកយើង ទន់ ប្រើសម្រាប់តែម៉ូដលាតព្រោះ ងាយស្រួលកាត់ ។ យើងប្រើក្រណាត់ស្របនឹងម៉ូត ដូចជាបាទីក មានព័ណ៌ស្រស់ មានរូបប្លែកៗសម្រាប់អ្នក សិល្បៈ គេចូលចិត្តបែបនេះណាស់ ។ លើកនេះខ្ញុំរៀបចំ ម៉ូតសម្រាប់ អ្នកសិល្បៈ ចឹងត្រូវតែគិតពីរឿងម៉ូដ រូប និងព័ណ៌។ លើកមុនខ្ញុំកាត់ឱយពួកម៉ាកម៉ាក់ ខ្ញុំ រើសតែសាច់ក្រណាត់ ចំណែកព័ណ៌ មិនសូវស្មុគ្រស្មាញ ពេកទេ ព្រោះអ្នកស្រុកខ្មែរ ចូលចិត្តព័ណ៌ មិនស្អេកស្កះ មិនច្របូកច្របល់។ មានតិចតួចទេ ដែលគេចូលចិត្ត របៀប សាំញ៉ាំ…

+ … ចុះអូន ចូលចិត្តសាំញ៉ាំ ហីក៏ស្រួលៗ?

– ចូលចិត្តទាំងអស់។ គ្រាន់តែប្រើវាខុសពេលគ្នាប៉ុណ្ណោះ ដូចជាទៅជប់លៀងជាមួយពួកម៉ាក ឬទៅជប់លៀង ជាមួយអ្នកក្រុមហ៊ុន។ គឺត្រូវផ្លាស់ប្តូរតាមការគួរ! … សួរហ្នឹងមានបំណងចង់ទិញអីឱយអូនមែនទេ?

+ ដូច…អត់…ទាន់…មានអីទេ។ … អត់ទាន់បើកប្រាក់ខែផង!

– ចុះលុយដឹកអីវ៉ាន់ និងដឹកភ្ញៀវ … យកទៅណាអស់ហើយ??? (ដល់ពេលនិយាយរឿងលុយកាក់ គឺជាពេលតឹង សំឡេងដាក់គ្នាទៀតហើយ)

+ អាហ៊ី… អត់ប្រុងឱយបងទិញបាយហូបទេក៏អីហ្នឹង? អូនគិតមើល សាំងម៉ាលីត្រជិតបួនពាន់ហើយ រួច ឡានមិនមែនចាក់តែមួយលីត្រជិះបានឯណា? បាយមួយពេល មិនតិចជាងប្រាំបីពាន់រៀលទេ បើបងហូប ច្រើនបែបនេះនោះ… ហើយនៅនំ ទឹក និងជូនចាស់ៗខ្លះ ឱយក្មេងៗខ្លះ … មានលុយឯណាសល់ទៀតអូន?

– ចាយច្រើនណាស់បងឯង!

ខ្ញុំមិនតមាត់ទៀតទេ ពេលយើងមកដល់ភូមិវិញ។ ខ្ញុំចូលទៅផ្ទះពូ មើលសោទ្វារផ្ទះ និងបេះម្ទេស ត្រប់ កាប់ ចេកពីរស្ទងដែលចង់ទុំទៅហើយ បេះពោតបានប្រហែលមួយផ្លូន ដាក់ឡានទុកយកទៅភ្នំពេញ។

+ អូនមើលអីវ៉ាន់ឱយអស់ណា! កុំឱយមានភ្លេចអី ខ្ជិលបកមកវិញណាស់!

– អត់មានអីភ្លេចទេ! … អូហ៍! ភ្លេចមួយ!

+ ភ្លេចអី?

– ស្នាមដានជើង!!! 😀

+  ហសៗៗ…. តោះ ឡើងឡាន! យើងមិនបកក្រោយវិញទេ។ ​ពេលប្រជុំនៅផ្ទះមេភូមិរួច យើងឡើងឡានទៅ វាងខាងទំរីង ហើយចេញតាមកំពង់ថ្ម ។

– ប្រហែលទៅដល់ភ្នំពេញម៉ោងប៉ុន្មានបង?

+ ម៉ោងបីភ្លឺអីហ្នឹង!

– ពុទ្ធោ! យើងបើកឡានរហូតហើយ នៅទៅដល់ម៉ោងបីភ្លឺទៀត?

+ …បើសិនគ្មានបញ្ហាអ្វីសោះ!… ហើយអូនត្រូវគេងក្នុងពេលបងប្រជុំ ដើម្បីជួយដាស់បងកុំឱយគេងលក់ ពេល បើកឡានតាមផ្លូវ!

– រឿងហ្នឹងទុកចិត្តចុះ ប្រពន្ធបងគឺកំពូលសេក!!!

មែនហើយ ខ្ញុំភ្លេចពីសមត្ថភាពពិសេសរបស់នាងដែលតែងតែមានមតិយោបល់ជាប់រហូត នៅពេលណានាង ជិះឡាន ។​ តែបើដល់ម៉ោងគេងភ្លាម នាងក៏គេងលក់ភ្លាមៗដែរ។ រក្សាជាមនុស្សមានសតិបញ្ញាល្អប្រសើរក្នុង ការតាំងសមាធិ ទាំងសមាធិក្នុងការងារ និងសមាធិផ្លូវចិត្ត។ តែ… បើដល់ម៉ោងខឹងម្តងៗ ដូចយួនចុះទូក…

ពេលខ្ញុំកំពុងប្រជុំ ខ្ញុំឃើញនាងដើរទៅដើរមកនៅខាងក្រោយខ្នងប្រជាជន។

លុះដល់ពេលប្រជុំចប់ យើងក៏ជម្រាបលាអ្នកស្រុក និងមេភូមិត្រឡប់ទៅតាមផ្លូវកាត់ឃុំទំរីងនៃស្រុកសណ្តាន់ និងរំហូតដំណើរទៅកាន់ទីប្រជុំជនកំពង់ថ្មនៃស្រុកសន្ទុក ដើម្បីឡើងផ្លូវជាតិលេខ ៦ ត្រឡប់ទៅភ្នំពេញវិញ។

ផ្លូវធ្វើដំណើរពីភូមិដាច់ស្រយាលមកឃុំទំរីងសែនស្ងាត់ជ្រងំ លុះមកដល់ទំរីង ខ្ញុំបានឈប់ទិញនំកញ្ចប់ នំក្រៀម និងពោតស្ងោរ ដំឡូ​ងមី ទុកប្រើជាស្បៀងតាមផ្លូវ។ ក្រោយចាក់សាំងពេញឡានរួចហើយ មេឃងងឹត ល្មម ម៉ោងប្រាំមួយយប់ហើយ យើងក៏ចេញដំណើរមកតាមផ្លូវ ឆ្ពោះមកក្រយា-ដងក្តារ ដើម្បីចេញមកកំពង់ថ្ម!

យើងចេញមកដល់ផ្លូវជាតិលេខ ៦ នៅត្រង់កំពង់ថ្ម ម៉ោងប្រហែលប្រាំបួនយប់ ។ ដោយគ្មានកន្លែងញ៉ាំបាយ យើងក៏ស្រូតតម្រង់ទៅភ្នំពេញតែម្តង ។ នៅយប់នោះ គ្រាន់តែមកដល់ភ្នំពេញភ្លាម យើងគ្មាននឹកឃើញហូប អីថែមទេ គឺមុជទឹករួចត្បុលចូលដេកតែម្តង។

ព្រឹកឡើង(របស់ពួកខ្ញុំ គឺម៉ោងប្រហែលប្រាំបី) នាងរៀបចំវ៉ាលីស​ និងរៀបចំសម្អាតផ្ទះ ដោយប្រមូលរបស់របរ ដែលមិនត្រូវការចោល ជាពិសេសម្ហូបអាហារ។

+ អូនហ្អា៎! ឈប់ទិញអីៗ មកទុកច្រើនៗទៀតទៅ។ ពួកយើងដូចជាខ្ជះខ្ជាយណាស់ឥឡូវ!

– អូនខ្លាចអត់មានអីញ៉ាំពេលយប់ជ្រៅ … អូនទិញសម្រាប់តែង៉ៃណាធ្វើការយប់ប៉ុណ្ណោះ!

+ តែថា យើងដូចជាចោលនំប៉័ង ពងទា ប៊័រ អំបិលម្ទេស ជេម ច្រើនដងពេកហើយ … ហើយនែ! ឃើញទេ លើក នេះយើងចោលពងទា …ពីរ បួន ប្រាំមួយ… នំប៉័ងប្រាំមួយដើម (នំប៉័ងនេះ នាងជាអ្នកដុតដោយខ្លួនឯងរៀងរាល់ អាទិត្យ) ផ្លែប៉ោមផង ផ្លែសារីផង ហើយក្នុងទូរទឹកកកមានទំពាំងបាយជូរដុះផ្សិត មានត្រសក់ស្រូវរលួយ អូហ៍! គគ្រិចណាស់! … ទឹកដោះគោនេះបើកចោលប៉ុន្មានថ្ងៃហើយអូន? … ហ៊ឺ ផ្អូមបាត់ហើយ មើល៍ចុះ!

– បងឯងចេះរអ៊ូតាំងពីកាលណា? ម៉េចអូនទើបតែដឹងអីចឹង?

+ បងនិយាយនេះគ្មានន័យចង់រអ៊ូរទាំទេ! តាមពិតទៅវាមិនមែនជាប្រាក់របស់បងឡើយ តែបងគ្រាន់តែលើក ហេតុផលសមរម្យសម្រាប់យើងពិចារណាតែប៉ុណ្ណោះ!!!

– ក្មេងៗគង់តែរើសវាទេ។ គេមិនចោលទទេៗឡើយ!

+ ក្មេងៗ??? Who??? ក្មេងរើសសំរាមឬ?

– Yes!!!

+ Where the hell is that idea comes from? … បងស្មានថាអូនចិត្តល្អ តាមពិតទៅអូនគិតបែបនេះអាក្រក់ពេក ហើយ។ សាកគិតសារឡើងវិញមើល៍អូន! នំប៉័ង ពងទា និងផ្លែស្អីៗនេះ វានៅជាមួយយើងប៉ុន្មានថ្ងៃហើយ បាន យើងបោះចោល ហើយទម្រាំឡានដឹកសំរាមមកដល់ ប៉ុន្មានថ្ងៃ? ទម្រាំក្មេងៗរើកកាយសំរាមឃើញវា តើប៉ុន្មាន ថ្ងៃ? ហើយតើរបស់ហ្នឹងនៅហូបកើតដែរទេ? … មួយទៀត ចុះបើវាមិនត្រូវបានក្មេងរើសសំរាមឃើញ វាមិនត្រូវ ខូចខាតទទេៗចោលលុយហើយទេឬ? … អូននិយាយពីអ្វីដែលនៅក្នុងចិត្តអូនមកមើល៍!

– អូខេ អូនគិតថាបែបហ្នឹងគឺខុសមែន តែអូនគិតថាដូចរបស់ខ្លះដែលវាមិនខូច វានៅប្រើកើត ដូចជាអំបិល ខ្លាញ់ ស្ករអីអស់ហ្នឹង ទុកឱយអ្នករើសសំរាមគ្នារើសយកទៅប្រើទៅ! យើងមិនដឹងយកលុយឱយគ្នាតាមវិធីណា ក៏ធ្វើ បែបហ្នឹងទៅ គ្នាមានរបស់ប្រើផង។ អំបិលហ្នឹងមានទៅខូចអី? ខ្ញុំច្រកក្នុងកំប៉ុងត្រឹមត្រូវហើយតើ?

+ អូនហ្អា៎! បងសំណូមពរមួយណា៎!

– ចាស?

+ អូនកុំធ្វើបែបនេះ កុំគិតបែបនេះបានទេ? … ហ្អើយ!!! បងមានអារម្មណ៍ថាអូនធ្វើបែបនេះដូចជាមើលងាយគេ អីចឹងបាទ! បើអូនចង់ឱយគេ អូនទិញរបស់ល្អៗទៅ ហើយបងទទួលខ្លួនយកទៅឱយពួកគេ។ បើធ្វើបុណ្យ ធ្វើ ឱយល្អបន្តិចទៅហ្ន៎ោះ ហ្ន៎ោះអូនហ្ន៎ោះ!

– អូនឈប់ទិញអីវ៉ាន់មកច្រើនទៀតហើយ!

+ បាទ! ទិញសម្រាប់តែញ៉ាំល្មមអស់បីថ្ងៃអីបានហើយ ព្រោះអូនចូលចិត្តទៅញ៉ាំបាយនៅផ្ទះចាស់ច្រើនជាងនៅ ញ៉ាំអីនឹងផ្ទះនេះ។

– បងងូតទឹកទៅ!!! យើងទៅញ៉ាំបាយផ្ទះម៉ាក់!

+ Aye Aye, Sir!!!

ខ្ញុំជូននាងទៅរកអីញ៉ាំហើយក៏ហួសទៅ​ផ្ទះម្តាយនាង ដោយទុកដាក់របស់របរដែលបានបេះពីព្រៃមកក្នុងផ្ទះបាយ និងដើម្បីចាំញ៉ាំបាយជុំគ្នាពេលថ្ងៃត្រង់ មុនឡើងយន្តហោះ នៅម៉ោងបួនរសៀល។ អ្នកផ្ទះនេះ ចូលចិត្តជជែកគ្នា ណាស់ គេនិយាយគ្នាដោយគ្មានធុញទ្រាន់ បានរហូតដល់ បីបួនម៉ោង ហើយក៏មិនចេះអស់រឿងនិយាយ។ ដឹងថា គេមានរឿងជជែកគ្នាក្នុងគ្រួសារ ខ្ញុំក៏សុំដកខ្លួន!

+ រក្សា! ខ្ញុំចង់ចេញទៅក្រៅ។

– ទៅរកនរណាស្មើណេះ? ក្រែងង៉ៃហ្នឹង(ស៊ីណា)គេកំពុងធ្វើការ បងទៅរកនរណាគេ?

គ្រាន់តែឮសម្លេងតឹងសសៃករបស់កូនស្រីគាត់ភ្លាម ម្តាយនាងក៏លូកមាត់កាត់ភ្លាមដែរ ៖

= ចុះគ្រាន់តែគេទៅរកមិត្តភ័ក្តិផងមិនបានឬ? កូនឯងហ្នឹង ដូចជាហួងហែងជ្រុលពេកហើយ!

– មិនមែនកូនហួងហែងទេ! កូនគ្រាន់តែសួរទេតើ!

+ ខ្ញុំទៅរកមើលប្អូនខ្ញុំ តើវាចូលសាលាឬអត់! … ម៉ាក់ខ្ញុំគាត់ខ្លាចថាវាគេចមិនចូលសាលា ហើយគាត់ផ្តាំថាបើខ្ញុំ បានមកភ្នំពេញឱយចូលមើលវាផង។

= ហ្ន៎ក! ឃើញហេ៎?​ គេមានការ បានគេត្រូវទៅ!

– ចុះខ្ញុំមានទៅថាស្អី! … រួចព្រឹកមិញម៉េចបានបងមិននិយាយ?

+ ខ្ញុំទើបតែនឹកឃើញ!

– កុំធ្វើជាកណ្តុរបានដៃ ពេលឆ្មារមិននៅ! ខ្ញុំនឹងឱយគេតាមបងឯងរហូតដល់ម៉ោងត្រឡប់ទៅខេត្តវិញ!

= យី!!! ចុះកូនឯងប្រុងយ៉ាងម៉េចហ្នឹងហ្អ៎ាស???

– កូនគ្មានគិតអីទេម៉ាក់! ម៉ាក់គិតមើល៍ បើទៅទាក់ទងប្រពន្ធគេរាល់ពេលរាល់អាទិត្យបែបនេះ លើកលែងតែ ប្តីនោះជាប្រុសមិនដឹងខ្យល់បានគេមិនធ្វើអី! ម៉ាក់ដឹងទេ! គាត់ទៅទាក់ទងសង្សារចាស់គាត់ មិនព្រមបែកទេ ហើយគេឯណោះ ក៏មានប្តីហើយ។ បើប្តីគេមោហ៍បាំងតែបន្តិច បងឯងគ្មានថ្ងៃត្រឡប់មកវិញឃើញមុខខ្ញុំទេ!

+ ខ្ញុំគ្រាន់តែរាប់អានគ្នាទេតើ! … ខ្ញុំមិនចង់បែកគ្នាហើយ ត្រូវធ្វើជាសត្រូវស៊ីសាច់ហុតឈាមគ្នានោះទេបាទ!

– តែបងមិនមែនទៅនិយាយលេងធម្មតាទេ បើមិនអីចឹងបងត្រូវទៅរកពួកម៉ាកផ្សេងទៀតជជែកគ្នាដែរហើយ! នរណាមិនដឹងនោះ ថាទៅនិយាយគ្នារឿងអី? ក្រៅពីរឿងហ្នឹង មានរឿងអីអាចនិយាយគ្នាបានទៀត??? កុំឱយខ្ញុំចាប់បានថា ទៅធ្វើអីនៅឯណាទៀត ប្រយ័ត្នណា៎បងឯង!

= បានហើយ! ប៉ុណ្ណឹងបានហើយកូន! ឈប់ជជែកគ្នារឿងចឹងៗទៅ! ម៉ាក់ក៏ចង់និយាយដែរថាម៉ាក់មិនចង់ជួប កូនហើយស្តាប់ឮតែរឿងប្រចណ្ឌ រឿងដើរលេង … ត្រឹមម៉ាអារឿងចឹងៗក៏និយាយគ្នាមិនត្រូវដែរ ។ គេដទៃគេ គិតរឿងរកស៊ី រឿងការងារ រកលុយចូលផ្ទះ តែឯងពីរនាក់នេះ ង៉ៃណាក៏ប្តឹងតែរឿងដដែលៗ។

+ ខ្ញុំសុំទោស។

– ពួកខ្ញុំចង់នៅជាមួយគ្នាឱយសុខសាន្តដូចគេដូចឯងដែរ តែមិនដឹងធ្វើម៉េច បើពួកខ្ញុំនិយាយគឺមិនដែលត្រូវគ្នា បានយូរទេម៉ាក់! ម៉ាក់កុំកាន់ជើងគាត់អី! រឿងអីចឹងៗ បើមិនបានធ្វើខ្ញុំមិនទៅជាន់កែងនាំហត់ធ្វើអីទេ!

= អ៊ើ!! ប៉ុណ្ណឹងបានហើយ! នរណាទៅណា នរណាធ្វើអីធ្វើទៅ … និយាយអីនិយាយទៅ… ម៉ាក់ទៅរកមើលអ៊ំ យឿនឯងស្លសិន!

ម្តាយរបស់នាងជាមនុស្សមាំមួនក្នុងការនិយាយស្តីណាស់ បើគាត់ថាដូចម្តេច រឿងនោះមុខតែក្លាយជាបែបហ្នឹង ហើយ។ គាត់ចេញទៅបន្ទប់បាយ ទុកឱយខ្ញុំនៅតែពីរនាក់។ ខ្ញុំប្រុងនឹងដើរចេញទៅរកឡានហើយ ក៏នឹកថា សុំនាងម្តងទៀតចុះកុំឱយគេ ថាយើងដើរទៅណាមិនចេះជូនដំណឹងជម្រាបម៉ែប្រពន្ធ!

+ រក្សា…រក្សា… បងទៅក្រៅម៉ាភ្លែតណា៎!

– បើបងទៅ ខ្ញុំនឹងទៅតាមដែរ។

+ តស់!

រឿងហួងហែងគ្នាជារឿងមួយផ្អែមល្ហែមណាស់ តែពេលដែលមនុស្សត្រូវការសេរីភាពខ្លះៗ រឿងហួងហែង នឹងក្លាយជារឿង សោកសៅវិញមិនខាន។

នាងតាមខ្ញុំទៅមហាវិទ្យាល័យដែលប្អូនខ្ញុំរៀន ។ អាមួយរៀនពីរមហាវិទ្យាល័យ អាមួយទៀតរៀនតែមួយទេ។ ដូច្នេះ ម៉ាព្រឹកនេះ ខ្ញុំត្រូវដើរទៅបីកន្លែងផ្សេងៗគ្នា។ ជួបគ្រូទទួលបន្ទុកខាងសិក្សាហើយ ទំនាក់ទំនងសួរគាត់ ពីវត្តមានរបស់ប្អូនខ្ញុំហើយ ខ្ញុំក៏បានព័ត៌មានច្បាស់ ថាអាប្អូនប្រុសបង្កើត មិនចូលរៀនសាលាទាំងពីរ ឯអាប្អូន ជីលួតមួយនោះគឺចូលរៀនធម្មតាទេ។

ចេញពីសាលាមក យើងស្ទើរតែហួសម៉ោងបាយទៅហើយ។ ប៉ារបស់នាងចេញពីធ្វើការតាំងពីម៉ោង ១១ថ្ងៃ ហើយគាត់នៅចាំញ៉ាំបាយជាមួយកូនស្រីពៅរបស់គាត់ជិតមួយម៉ោងហើយ។ ខ្ញុំស្រូតណាស់ដែរ តែឡាននេះ ហោះឡើងលើមិនកើត!

– នៅភ្នំពេញស្ទះឡានដល់ហើយ!

+ អូនមានដែលគិតចង់ទៅនៅស្រុកដែលយើងទៅពីម្សិលមិញទេ? ជិះឡានមួយផ្លួវម្នាក់ឯង…

– មានម្យ៉ាងអត់ម្យ៉ាង។ ស្រុកនោះ បើឈឺថ្កាត់អី ដឹងតែស្លាប់តែម្តង តែខ្យល់អាកាសបរិសុទ្ធ ទឹកត្រជាក់ មានដើមឈើច្រើន មានបរិយាកាសស្ងប់ស្ងាត់ ។

+ បងចូលចិត្តនៅស្រុកនោះជាង!…

នៅស្ងៀមមួយស្របក់ ខ្ញុំដាច់ចិត្តនិយាយជាមួយនាងពីរឿងដើរលេង។ ខ្ញុំបាននិយាយប្រាប់នាងថា ខ្ញុំចង់ទៅខេត្ត ព្រះវិហារ ឡើងទៅលេងប្រាសាទដែលខ្ញុំប្រាថ្នាចង់ទៅ ព្រោះដូនតាខ្ញុំក៏មាននៅទីនោះខ្លះដែរ គ្រាន់តែមិនដែល បាន ទៅមករកគ្នា។

– ចាំអូនមកវិញចាំទៅទាំងអស់គ្នា!

+ បងសុំទៅតែម្នាក់ឯងបានទេ?

– ម៉េចបានជាចេះតែចង់ដើរទៅឆ្ងាយៗតែម្នាក់ឯងចឹង? បងមានដឹងថាខ្ញុំគិតស្ទើរតែគ្មានបានធ្វើអីកើត ដោយសារតែបង ទេ?

+ ទៅដើរលេងឆ្ងាយៗអីចឹង មិនចង់នាំអូនទៅទេ វាពិបាក ដូចឃើញស្រាប់ហើយ ពីម្សិលមិញ ម្សិលម្ង៉ៃ។ … ហើយចុះអូនទៅ គិតរឿងបងធ្វើអី សព្វបើគ្រាន់តែដើរលេងនុះ? បងមិនមែនចេញទៅខ្សែត្រៀមជួរមុខឯណា?

– មិនចង់ឱយទៅ!!!

+ សរុបទៅ គឺមិនឱយ(ខ្ញុំ)ទៅ(ដើរលេង)ទេមែនទេ?

– No, no. Not now.

+ OK.

នៅពេលបាយរួច នាងជជែកគ្នាជាមួយម្តាយឪពុកតាមទម្លាប់ធម្មតារបស់គ្រួសារ ដែលជាចំណែកមួយធ្វើ ឱយខ្ញុំកាត់ស្មានបានថា ការយល់ចិត្តគ្នាក្នុងគ្រួសារ ទំនាក់ទំនង និងស្ថានភាពមុខរបរគឺកើតចេញពីការ ប្រាស្រ័យទាក់ទងគ្នាតាមរបៀបនេះ ហើយភាគច្រើននៃក្រុមគ្រួសារខ្មែរ គឺមិននិយមជជែកគ្នាក្នុងគ្រួសារទេ គេច្រើនជជែកគ្នាជាមួយមិត្តភ័ក្តិជាង ភាគច្រើនបើនិយាយគ្នាបែបនេះ នឹងឈានដល់ការឈ្លោះប្រកែកគ្នា។

ពេលជូននាងឡើងយន្តហោះ និងរង់ចាំគេត្រួតពិនិត្យ ខ្ញុំនាំនាងទៅញ៉ាំកាហ្វេនៅទីនោះ ដើម្បីជជែកគ្នា ក្រែងនាងមានអី្វត្រូវផ្តាំផ្ញើខ្ញុំពេលនាងទៅឆ្ងាយ។

– បង! កុំភ្លេចរកកន្លែងថ្មីឱយត្រី អណ្តើក និងត្រីក្រឹម ត្រីក្រោញបងឯងផង ប្រយ័ត្នភ្លេច!

+ Yes Ma’am.

– បង! ទៅយកអីវ៉ាន់ដែលពួកម៉ាកអូនផ្ញើមកតាមអាណាផង។ គេតេមកឱយទៅយកតាំងពីយប់តែអូនភ្លេច!

+ Yes Ma’am. តេប្រាប់គេឱយទុកនឹងផ្ទះចុះ បងនឹងចូលទៅយកល្ងាចនេះ!

– បងហ្អា៎ ស្អែកកុំភ្លេចទៅកាត់សក់ផង សក់វែងដល់ហើយ អាក្រក់មើលណាស់! (នាងយកដៃមកជ្រងសក់ខ្ញុំ)

+ Yes Ma’am. ខ្មាសគេណាស់ គេមើល៍មកនុ៎ះ!

– បង…កុំដើរលេងច្រើនពេកណា៎! កុំទៅដើរជាមួយសង្សារចាស់ណា៎! ខ្លាចប្តីគេតាម។

+ Yes Ma’am. ចុះផ្តាំអីក៏ផ្តាំយ៉ាងនេះលោក?

នាងឡើងយន្តហោះទៅបាត់ ខ្ញុំក៏បកមកផ្ទះវិញ ស្របពេលស៊ីណាទូរស័ព្ទមកល្មមឱយទៅទទួលទៅញ៉ាំបាយ ម៉ោងប្រាំមួយល្ងាច។

ខ្ញុំយកឡាននាងទៅទុកនៅផ្ទះមា្តយនាង ហើយដើរទៅផ្ទះ។ ខ្ញុំសល់ពេលប្រហែលជាងពីរម៉ោងដើម្បីសំអាត ផ្ទះ និង ប្រមូលរបស់របរផ្សេងរៀបចំសម្រាប់រើផ្ទះ។ ដោយនឹកដល់បណ្តាំរឿងត្រីក្រឹម ត្រីរ៉ស់ និងអណ្តើក ខ្ញុំក៏ មុជទឹករាវរកវាដើម្បីយកទៅលែងនៅមាត់ទន្លេ ឱយអស់កម្មអស់ពៀរនឹងគ្នា មុនពេលខ្ញុំចេញទៅញ៉ាំបាយ ជាមួយស៊ីណា។

ស្រះលម្អមួយនៅខាងត្បូងផ្ទះតូចហើយរាក់ទេ តែមានឈ្លើងកន្លះឱយរវាម ប្រហែលជាពួកវាដោយមកតាម ត្រកួនដែលប្រពន្ធខ្ញុំទិញមកឱយអណ្តើកស៊ី វាក៏កើតជាកូនពូនជាចៅនៅក្នុងស្រះនេះប្រហែលពីរបីខែហើយ  តែខ្ញុំមុជរាវអស់ចិត្តហើយ ត្រីក៏រកមិនឃើញអណ្តើកក៏រកមិនឃើញ ចំណែកឈ្លើង បេះមួយដាក់ក្នុងដប មួយ មកតោងទៀត បានប្រហែលម្ភៃ។ ខ្ញុំឡើងទៅរកវ៉ែនតាមុជទឹកពីលើផ្ទះមករាវរកទៀតក៏នៅតែរកមិនឃើញ។ ស្ទើរនឹងអស់ចិត្តទៅហើយព្រោះត្រាំទឹកយូរពេករកកលស្រៀវស្រាញ ខ្ញុំក៏ឡើងមកអង្គុយគិតនៅមាត់ស្រះ។ ស្រះនេះបើចង់បូមទឹកចេញ ទាល់តែទៅរកម៉ូទ័របូមទឹកគេ តែមិនដឹងទៅរកឯណា បើស្រុកនេះគេប្រើទឹក ម៉ាស៊ីនគ្រប់តែផ្ទះទៅហើយ។ បើបាចចេញអាចត្រូវប្រើពេលយូរ មួយថ្ងៃពេញឯណោះ… អូខេ ខ្ញុំមិនទៅ ចំណាយប្រាក់ទិញម៉ាស៊ីនបូមទឹក ឬបាចទឹកស្រះនេះឱយបង់កម្លាំងទេ ខ្ញុំនឹងទៅរកបាយល្ងាចជាមួយស៊ីណា វិញប្រសើរជាង។

បាយល្ងាចជាមួយសង្សារចាស់រួច ទម្រាំជូនគេដាក់ផ្ទះ ទម្រាំមកដល់ផ្ទះប្រពន្ធវិញ ម៉ោងដប់យប់ល្មម ត្រឡប់មក ផ្ទះវិញខ្ញុំខំគិតដើម្បីរកវិធីធ្វើយ៉ាងណាចាប់អាត្រីរ៉ស់ និងអណ្តើកហ្នឹងឱយបាន ហើយយកទៅ ព្រលែងឱយបាត់ នៅថ្ងៃស្អែក ។ ងាកចុះងាកឡើង ខ្ញុំឃើញរោងដាក់ឡានមានក្រណាត់គ្របឡានចាស់មួយដែលមាន កន្លែងខ្លះ រហែកហើយត្រូវគេបោះបង់ចោលក្នុងឡាំងដាក់ប្រេងម៉ាស៊ីន។

ខ្ញុំរើយកក្រណាត់គ្របឡានមកសាកមើលអូសវាធ្វើដូចអូសមង តែនៅខ្វះខ្សែ ខ្ញុំក៏ស្ទុះទៅស្រាយខ្សែចំណងពីក្នុង ឡានរបស់ខ្ញុំរួចយកទៅប្រទាក់នឹងដើមផ្ការំដួលដែលគេទើបតែដាក់ដាំបានប្រមាណជាមួយខែ មិនទាន់ចាប់ឬស ផង។ ពេលអូសក្រណាត់ជូតឡាន វាមិនអាចទៅមុខបានដោយសារគ្មានកន្លែងចន្លោះអាចធ្វើឱយទឹកឆ្លងកាត់ ដូចមង។

ខ្ញុំលើកវា មកដាក់មាត់ស្រះហើយយកកាំបិតចិតផ្លែឈើ មកអង្គុយចោះឱយធ្លាយប្រហោង… ចុះឡើងៗ ខ្ញុំនឹក ស្រណោះខ្លួនដែលមកកំសត់ម្នាក់ឯងកណ្តាលយប់ នៅមាត់ស្រះដែលខ្ញុំធ្លាប់អង្គុយជាមួយនាង… ម្យ៉ាងផ្ទះនេះ មិនមែនជាផ្ទះរបស់ខ្ញុំទេ ម្តេចក៏ខ្ញុំមកនៅកន្លែងដែលខ្ញុំមិនចង់នៅបែបនេះ …

នឹកឃើញបែបនេះ ខ្ញុំស្ទុះភ្លែត ទៅមុជទឹកសម្អាតខ្លួនហើយចេញទៅច្រៀងរហូតដល់ម៉ោងបួនភ្លឺទើបត្រឡប់មក វិញ។ នេះជាព្រឹកថ្ងៃសៅរ៍ គ្មាននរណាមករំខាន គ្មានត្រូវងើបពីព្រឹកអីទេ ខ្ញុំក៏ដេករហូតដល់ម៉ោងប្រាំបួនព្រឹក។

បើកភ្នែកឡើងពេលណា ទូរស័ព្ទរោទិ៍ពេលនោះ ព្រោះនាងចង់តាមដានសម្លេងរបស់ខ្ញុំ ថាតើខ្ញុំចូលដេកម៉ោង ប៉ុន្មានកាលពីយប់ម៉ិញ។

– Good morning, baby.

+ បាទ។ អូនទៅដល់ណោះម៉ោងប៉ុន្មាន? ហើយគេងនៅឯណាឥឡូវ?

– អូនមកដល់ម៉ោង ប្រាំមួយ ។ មកដល់ញ៉ាំបាយរួចគេងតែម្តងព្រោះគេងមិនឆ្អែតផង។

+ អូហ៍ ចឹងបានជាអត់តេរកបង។

– បងហ្អា៎ មានទៅណាទៀតអត់យប់មិញ?

+ ទៅច្រៀង ម៉ោងជិតមួយ…

– ម៉ោងជិតមួយទៅ ឬក៏ម៉ោងជិតមួយមកផ្ទះវិញ?

+ ម៉ោងជិតមួយបានទៅ! មកវិញម៉ោងបួនភ្លឺ!…

និយាយទូរស័ព្ទចប់ ខ្ញុំឮទ្វារផ្ទះបិទគ្រាំង។ ខ្ញុំរត់ចុះពីលើមកដល់ដីដោយកាន់កាំបិតចិតផ្លែឈើជាប់ដៃ ក៏វាក់អ៊ើ នឹងឪពុកនាង ដែលគាត់ កំពុងកាន់ស្បោងមួយធំដាក់សុទ្ធតែត្រីក្រហម។ ខ្ញុំភ្ញាក់នឹងគាត់ គាត់ក៏ភ្ញាក់នឹងខ្ញុំ។

# អើ! ឯងនៅខាងលើទេកូន? ប៉ាស្មានថាទៅខេត្តបាត់ហើយ។ … ណែ ប៉ាទិញត្រីមកដាក់ក្នុងស្រះរបស់ឯងកុំឱយ សោះកក្រោះពេក។ ឆាប់ទៅលុបមុខ ហើយមកជួយគ្នា។ លឿន!!!

+ …យាយប៉ិនោះផ្តាំថាឱយខ្ញុំចាប់ត្រី អណ្តើក និងយកត្រីក្រឹមជល់របស់ខ្ញុំទៅលែង ។ គេហ៍ លែងឱយខ្ញុំទុកសត្វ ចិញ្ចឹមនៅផ្ទះនេះទៀតហើយ ព្រោះគ្មានអ្នកឱយចំណី។

# ហ្អា៎ក??? … ហើយចុះបើគ្រាន់តែទុកវាឱយនៅក្នុងស្រះហ្នឹងទៅ វាចេះរកស៊ីខ្លួនឯងហើយ! វាដែលយំទារចំណី អីពួកឯងម្តងណា? … នែក! និយាយអីចឹង នរណាចាប់ឈ្លើងដាក់ក្នុងដប?

+ ខ្ញុំ!!!

# ទៅៗ ទៅមុជទឹកស្លៀកពាក់ឱយត្រឹមត្រូវមក! មកជួយប៉ា!

+ Aye Aye, Sir!

ខ្ញុំចុះទៅអង្គុយមើលគាត់លែងត្រីម្តងមួយៗ គាត់ធ្វើហាក់ដូចជាមិនខ្ជិលសោះ។

គាត់ព្រលែងឈ្លើងកន្លះក្នុងដបដែលខ្ញុំចាប់ញាត់វាប្រុងសម្លាប់កាលពីម្សិលទៅក្នុងស្រះវិញដោយគ្មានញញើត ក្រោយពីការងារកំប៉ិកកំប៉ុកដូចជាប្រមូលក្រណាត់ចងរយីងរយោងរបស់ខ្ញុំពេញទីធ្លាដាក់ក្នុងស្បោងសំរាមរួច គាត់ក៏មកដាក់ខ្លួនអង្គុយដោយយកដៃមកច្រត់ស្មាខ្ញុំដើម្បីទម្លាក់ខ្លួនសន្សឹមៗលើស្មៅ។

# កូនឯងដឹងទេ? ហេតុអីបានប៉ាលែងត្រីក្នុងស្រះ?…ព្រោះគ្រឿងលម្អនៃស្រះតូចនេះគឺត្រីដែលអាចហែលរវាម មើលទៅមានសុខដុម មានជីវិតជីវ៉ាបរិបូរណ៍ដោយផាសុក។ សេចក្តីស្រឡាញ់មិនអាចខ្វះរបស់លម្អឡើយ ឬបើ ប្រៀបនឹងជីវភាព សេចក្តីស្រឡាញ់ដែលគ្មានវត្ថុលម្អ ប្រៀបដូចគ្មានសម្លៀកបំពាក់…ហើយ

+ តែខ្ញុំយល់ថាឈ្លើងទាំងនេះ វានឹងបំផ្លាញលម្អទាំងអស់របស់ស្រះ! ហើយវាក៏អាចចូលក្នុងត្រចៀកត្រីដែរ!!!

# នរណាថាទៅកូន? ក្នុងលោកនេះ មានរឿងច្រើនណាស់ដែលយើងមិនអាចដឹងដោយភ្នែក ត្រចៀក ច្រមុះ ឬមាត់ បានទេ។កូនមើលទៅ ក្នុងសង្គម មានអ្នកមាន មានអ្នកក្រ មានមនុស្សដែលសង្គមត្រូវការ មានមនុស្សដែល សង្គមមិនត្រូវ ការ តែធាតុពិត ទោះសង្គមមិនចូលចិត្តមនុស្សដូចជាឈ្លើង ក៏គេនៅតែជាផ្នែកមួយនៃសង្គម ។ បើគ្មានពួកគេ សង្គមនេះក៏មិនមែនបែបនេះ គ្មានតម្លៃនឹងពិចារណា គ្មានតម្លៃនឹងប្រព្រឹត្តល្អ។ ទាល់តែមាន អាក្រក់ទើបមានការពិចារណា។

+ ហេតុអីបានជាយើងមិននាំគ្នាធ្វើតែអំពើល្អទៅ???

# ឯងចង់បន្សុទ្ធសង្គមឬ? គ្មាននរណាចង់បន្សុទ្ធសង្គមទេ មានតែអាពតទេដែលចង់ធ្វើបែបនេះ។

+ បើមនុស្សគ្រប់គ្នាគិតឃើញថាអំពើល្អជារឿងគួរតែធ្វើខានមិនបាន ហោចណាស់ក៏សង្គមនេះជាសង្គមល្អមួយ គ្រាន់បើដែរ។

# សង្គមនេះនឹងក្លាយជានិព្វានមិនខាន ហើយគ្មាននរណាចង់ធ្វើកិច្ចការអីទាំងអស់។

ជម្លោះរវាងគាត់និងខ្ញុំបានបញ្ចប់។

+ ខ្ញុំទៅធ្វើម្ហូបសិន! ម៉ោងជិតដប់ពីរថ្ងៃត្រង់ហើយ។

ឪពុកនាង ប្រហែលជាគាត់ស្មានថាកូនអ្នកស្រុកស្រែចម្ការដូចជាខ្ញុំចេះធ្វើម្ហូបម្ហាដែលគាត់អាចហូបបានហើយ មើលទៅ! គាត់ក៏ទៅមុជទឹក រួចមកចាំនៅតុបាយ។ ខ្ញុំលើកពងទាស្ងោចាក់ទឹកស្អ៊ីវ កន្លះចាន និងចៀនពងទា ខ្ទឹមបារាំង ញ៉ាំជាមួយនំប៉័ងនិងប៊័រ (អូម៉ឺឡែត)។

# អើ! ស្មានថាគេមានម្ហូបអីគ្រាន់បើ ឃើញយកបន្លែគ្រប់មុខមកពីខេត្ត។

+ បន្លែខ្ញុំយកទៅទុកនៅផ្ទះធំអស់ហើយ។ ខ្ញុំអត់ចេះធ្វើម្ហូបឆ្ងាញ់ទេ តែទាំងនេះជាម្ហូបប្រចាំថ្ងៃរបស់ពួកខ្ញុំ។

គាត់ទ្រាំមិនដឹងជាប៉ុណ្ណាក្នុងការលេបនំប៉័ងជាមួយម្ហូបពិសេសរបស់ខ្ញុំ ព្រោះថាគ្រាន់តែបាយរួច គាត់ក៏បើក ឡានទៅផ្ទះវិញបាត់ខុសពីធម្មតាគាត់តែងសម្រាន្តសំដិលនៅក្រោយផ្ទះមើលសៀវភៅបន្ទាប់ពីបាយរួច។

នាងទូរស័ព្ទមកថា ល្ងាចថ្ងៃអាទិត្យនាងនឹងត្រឡប់មកវិញហើយ ។ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ខ្ញុំឈរសម្លឹង មើលត្រីក្រហមក្រឡេក្រឡាហែលទៅហែលមកក្នុងស្រះ ប្រដេញគ្នាជាមួយឈ្លើងកន្លះក្បែរៗសារាយ…

ខ្ញុំសម្រេចចិត្តសរសេរសំបុត្រមួយក្តារខៀនទុក…

«…ម្ខាងម៉ែទីពីរ ម្ខាងឪក្មេក… មួយចំណែកទៀតគឺក្តីអាណិតស្រឡាញ់…

ម៉ែ…ផ្តាំថា ធ្វើកិច្ចការរឿងយកត្រី អណ្តើក ទៅលែងឱយហើយក្នុងពេលទំនេរ មុននឹងរើអីវ៉ាន់ ។ ឪក្មេកមក ដល់ទិញត្រីមកដាក់ថែម…គ្រាន់តែឃើញថង់ត្រី បេះដូងខ្ញុំស្ទើរលោតចេញមកក្រៅ… បើគេហ៍មកវិញហើយ ឱយចាប់ចេញឱយអស់…ព្រះជាម្ចាស់!!! មិនដឹងឆ្នាំណាហើយទេ ត្រីតូចត្រីធំម៉ាថង់។

តើត្រូវជ្រើសយកមួយណា រវាងសង្សារ និងឪសង្សារ?»

…ឱយឪក្មេក និងប្រពន្ធបានឃើញ ដោយយកហ្វឺតសរសេរក្រដាសផ្ទាំងធំ មកសរសេរលើក្តារខៀនចាស់ ដែលគេចោល មកផ្អែកនឹងគល់ក្រខុបកណ្តាលវាលមុខផ្ទះ…ដោយមិនភ្លេចគូររូបខ្ញុំឈរឱនក្បាលជ្រប់ ទឹកស្រក់ ពេញកន្លែងឈរ ហើយសក់ក្បាលបះឡើងលើដូចកណ្តុរលង់ទឹក…

សូមអរគុណលោកអ្នកដែលបានប្រឹងអានពីដើមរហូតដល់ចប់!!! 😀

11 ខែ​មីនា 2014 / ស្នាមញញឹម

ថ្ងៃស្អែក… បើសិនគ្មានបង…


ចង់សរសេររឿងមួយនេះ តែរឿងផ្សេងៗនៅមិនទាន់សរសេររួចផង ណាមួយអាសាច់ឈាមឯង ម្នាក់នោះវារករឿងតាំងពី រឿង សន្យា លើកមុនម្លេះ។ វាសួររបៀបគម្រាម និង របៀបផ្ចាញ់ផ្ចាល ផង ថាឯងសរសេរ រឿងមួយមិនទាន់ចប់ទៅសរសេររឿងមួយទៀត។

ឥឡូវសម្រេចថា រឿងសន្យា នឹងសរសេរឱយឆាប់ចប់ ហើយរឿង អនុស្សាវរីយ៍មួយក្នុងព្រៃជាំផ្កា ក៏ត្រូវបិទវគ្គជប់លៀងនៅពេលបងសុធាត្រឡប់មកស្រុកវិញ!!!

***

មានតែប៉ុណ្ណឹងឯងដែលចង់អួតនោះ!!!

15 ខែមករា 2014 / ស្នាមញញឹម

កុំនឹកបងអី!


កាលនៅជាមួយគ្នា ថ្ងៃណាៗនាងមិនដែលនិយាយថានឹកខ្ញុំទេ តែបើថ្ងៃណាមួយដែលនាងប្រាប់ថា នាងនឹកខ្ញុំ នោះខ្ញុំនឹងទៅជាឈឺ!

មូលហេតុគឺមកពីអារម្មណ៍ដែលនាងនឹក គឺខ្លាំងជាងការព្រងើយកន្តើយរបស់ខ្ញុំ!

19 ខែធ្នូ 2013 / ស្នាមញញឹម

នឹកអ្នកដែលមិនអាចជួប


នឹកណាស់ នឹកពេលវេលារីករាយដែលយើងនៅជាមួយគ្នា។ សង្ឃឹមថាទីដែលគេកំពុងនៅ គេក៏មានមនុស្សដែល យកចិត្តទុកដាក់មើលថែគេ និងផ្តល់ភាពរីករាយជានិច្ចសម្រាប់ជីវិតគេ។

បើសិនជាអាចទាញពេលវេលាត្រឡប់មកជាថ្មី I want to state clearly to you, I love you. Don’t doubt on my love, and you can be sure of my sacrifice and my time I spent with you, nothing can steal my time with you.

Please come back to me, Baby. This time I’m not gonna let you out of my arms again.

 

http://www.youtube.com/watch?v=K-FQL-tJ3ic

http://www.youtube.com/watch?v=cw0tCdRLy0w

Another mood of NEED YOU NOW

http://www.youtube.com/watch?v=MmPWCJPyPzg

http://www.youtube.com/watch?v=StPs0K3ilzg

http://www.youtube.com/watch?v=IhZPX_3GcdQ

http://www.youtube.com/watch?v=YcaY6lNCDgE

 

7 ខែធ្នូ 2013 / ស្នាមញញឹម

ដូចជាស្ងាត់ប្លែក


ប្រកាសមួយមុននេះបន្តិច ហាក់បីដូចជាមានទស្សនទានអវិជ្ជមានជាច្រើន ដែលខ្ញុំរំពឹងទុកថា បង ប្អូនសាច់ញាតិជិតឆ្ងាយរបស់ខ្ញុំនឹងបាញ់ខ្ញុំ ផាំង…ផាំង…ផាំង ផាំង ផាំង ផាំង…។ល។

តែមើលទៅដូចជាមិនមានការបាញ់បោះ និងព្រួតគ្នាប្រើហឹង្សានៅទីនេះលើប្រកាសរបស់ខ្ញុំសោះ បែបនេះប្រហែលជាគ្មានមតិជំទាស់នឹងដំណើរសាច់រឿងដ៏វែងអន្លាយ របស់ខ្ញុំទេ!

តាមពិតទៅខ្ញុំគូរតែត្រេកអរដែលគ្មាននរណាជំទាស់នឹងសាច់រឿង តែខ្ញុំបែរជានិយមការវាយតម្លៃ បែបស្ថាបនាឬរិះគន់ផ្កាប់មុខទៅវិញ។

ខ្ញុំចង់បានការបាញ់ប្រហារខ្លះ ដើម្បីខ្ញុំដឹងថា តើអ្នកអានយល់យ៉ាងណាក្នុងរឿងនេះ?

1 ខែធ្នូ 2013 / ស្នាមញញឹម

អនុស្សាវរីយ៍មួយ ក្នុងព្រៃជាំផ្កា (តមិនទាន់ចប់)


ភាគ៣

ខ្ញុំនៅមិនទាន់ស្វាងងងុយឡើយ តែក៏មានអារម្មណ៍ថាផ្ទះនេះរង្គើដែរ… ទេ! បើគ្រាន់ត្រឹមតែភ្លៀង ខ្ញុំគិតថាមិនអាច ធ្វើឱយផ្ទះនេះទៅជារង្គើតិចៗបែបនេះដែរ…

សម្លេងចម្លែកលាយឡំជាមួយទឹកភ្លៀងស្រក់ស្រិចៗលើស័ង្កសី។ ខ្ញុំស្ទុះក្រោកភ្លែត អោនមើលទៅក្រោមផ្ទះតាម ប្រហោងក្តារ ដែលមានភ្នក់ភ្លើងសល់រងើកពីគល់ឈើងាប់បីបួនដែលខ្ញុំផ្គុំគ្នាគ្រាន់នឹងផ្តល់កំដៅដល់ពួកយើងនៅ ខាងលើផ្ទះ ជុំវិញភ្នក់ភ្លើងកូនជ្រូកព្រៃខ្មៅៗប្រមាណដប់ក្បាលដើរទៅដើរមកជុំវិញនោះ ស្រែកអ៊ូកៗដូច មនុស្ស ត្រដរខ្យល់។

ចំណែកផ្ទះដែលរង្គើដូច គេចាប់អង្រួននេះ គឺមេជ្រូកកំពុងតែត្រដុសខ្លួនដែលប្រឡាក់ភក់ ស្រមក ទៅម៉ោៗ… ប្រហែលជាវា រមាស់ស្រែង ក៏មិនដឹង!

+ ហ៊ឺស… គឺពួកអាអត់ផ្ទះអត់សម្បែងប៉ុន្មានក្បាលនេះសោះ! ស្មានតែផែនដីរញ្ជួយមែនទែនហ្អា៎។

– អីគេហ្នឹង?

ខ្ញុំឆ្លើយទាំងមិនដកភ្នែកពីរនាបក្តារ មើលទៅខាងក្រោមដែលកូនជ្រូកតូចៗទំហំធំជាងកជើងបន្តិច វាដើរទៅដើរ មកដើម្បីសំដិលខ្លួននឹងកំដៅភ្លើងពីក្នុងភ្នក់។

+ ហិៗ អូនហ្អា៎ មើលហ្ន៎! អាល្អិតមួយនោះដើរជាន់រងើកភ្លើង វារត់ទៅប្តឹងម៉ែវា! … ហាសៗ ដូចតែកូន មនុស្សដែរ!

ពួកយើងវក់ចិត្តឈ្ងោកមើលកូនជ្រូកព្រៃ និងមេបាវាដែលដើរក្រឡឹងក្រោមផ្ទះ ជុំវិញភ្នក់ភ្លើង ដោយភ្លេចគិតពី ពេលវេលា ភ្លេចការនឿយហត់ និងងងុយគេងអស់រលីង អារម្មណ៍ស្រស់ថ្លាបានត្រឡប់មកវិញជាមួយនឹង សំណើចរីករាយ។

ក្នុងនាមអ្នក ស្រឡាញ់កូនក្មេងតូចៗ នាងចូលចិត្តលេងជាមួយសត្វចិញ្ចឹមផងដែរ តែក៏មាន ប្រតិកម្ម (Allergy) ជាមួយនឹងរោមសត្វ ទើបនៅក្នុងផ្ទះរបស់យើង មិនមានសត្វចិញ្ចឹមប្រឡែងជាមួយឡើយ។ ដូច្នេះជម្រើស របស់ ពួកយើង បើចង់លេងជាមួយឆ្កែ ទៅផ្ទះឪពុកម្តាយនាង រួចបើចង់មើលត្រីក្រឹម ទៅហាង លក់ បាយម្ហូប ។ល។

ពីដំបូងខ្ញុំខ្លាចជ្រូកត្រដុសផ្ទះតូចនេះ អាចភ្លាត់ជើងសសរពីទម្រថ្ម រលំដួល នាំគ្រោះថ្នាក់ដល់យើង តែគិតម្តង ទៀតទៅ ទោះជាជើងសសរមួយភ្លាត់ ក៏នៅមានជើងសសរប្រាំបីទៀតអាចជួយទប់ទ្រផ្ទះទាំងមូលបានដែរ…

សត្វទាំងនេះ មិនមែនជាពពួកសត្វរកស៊ីយប់ឡើយ តែមូលហេតុដែលវាចូលមកជ្រកភ្លៀងក្រោមផ្ទះនេះ ក៏ព្រោះ តែវាឃើញមានកំដៅភ្លើង ដែលអាចកាត់បន្ថយអាកាសត្រជាក់ស្រេបបានខ្លះ។ កូនជ្រូកព្រៃមួយដែលដើរជាន់ រងើកភ្លើងបែរជាមានដំណើរប៉ាំងពៀច ប្រហែលដោយសារវារលាកជើង… ម៉ែវាស្រែក ង៉ូសៗពីរបីដង ពួកវាក៏ ចេញដំណើរបន្តទៀត… នាងខ្សឹបប្រាប់ខ្ញុំតិចៗថា បើថ្ងៃណាមួយនាងមានកូនច្រើនដូចជ្រូកបែបនេះ តើខ្ញុំនឹង ចិញ្ចឹមនាងរស់ឬក៏អត់???

+ ណូវេយ៍! រស់នៅខ្លួនមួយ ស្រួលខ្លួនមិនចង់ទេ ចង់តែនាំលំបាកមកដាក់ខ្លួន។

– ខ្ញុំក៏ចង់មានក្មេងៗលេងជាមួយដែរ ខ្ញុំអផ្សុកណាស់ បងឯងមិនដឹងទេឬ?

+ (ខ្ញុំខ្សឹបតិចៗមិនចង់ឱយនាងឮខ្ញុំរអ៊ូ) បើថ្ងៃណាគេមានលក់ថ្នាំបំបាត់ការអផ្សុក បងនឹងទិញមកលេបទាំងអស់ គ្នាឱយបាត់អផ្សុករៀងៗខ្លួន!

– បងឯងនិយាយអីហ្នឹង? ចង់ថាខ្ញុំនិយាយមិនសមហេតុផលមែនទេ?

+ ម៉ោងប៉ុន្មានហើយ? តើយើងត្រូវគេងបន្ត ឬត្រូវក្រោក? ព្រោះថាមួយយប់នេះយើងមិនបានគេងពេញភ្នែកទេ!

– ម៉ោងបី ជិតកន្លះហើយ តែអូនងងុយគេងទៀត មិនទាន់ចង់ក្រោកទេ! បងមានគម្រោងធ្វើស្អីខ្លះព្រឹកនេះ?

+ បងចង់ទៅប្រាប់មេភូមិឱយគេប្រមូលមនុស្សមកប្រជុំពេលល្ងាច ហើយពេលថ្ងៃយើងទំនេររហូតដល់ម៉ោង បួនល្ងាច។ តែយើងក៏អាចដើរមើលស្រុកទេសគេជិតៗនេះបានខ្លះ…ដោយថ្មើរជើង…

– ឆ្ងាយដែរទេ? …ហើយមានអីចង់អួតអូនខ្លះទៅ?

+ មានតែដើរមើលជីវភាពប្រចាំថ្ងៃរបស់ប្រជាជនស្រុកចម្ការហ្នឹង! នរណាធ្វើអ្វីខ្លះ? គេចិញ្ចឹមជីវិតបានរបៀបម៉េច?

– ស្មានតែចង់នាំទៅឱយស្គាល់ប្រពន្ធចុងនៅហ្នឹងតើ!

+ ហ៊ើយ! ថាប្រាប់ហើយ បើចង់មានថ្មីក៏មិនមកមានស្រីនៅក្នុងព្រៃឆ្ងាយអីម្ល៉ឹងៗដែរ។

– ក្នុងព្រៃហ្នឹងហើយស្រួលលាក់ពីភ្នែកខ្ញុំ!

+ ឆ្ងាយម្ល៉ែសៗ ទម្រាំមកដល់ អស់តង់ស្យុងអាលីងម៉ង! ឈប់ឈ្លោះគ្នា! គេង!

ពួកយើងក៏សំងំគេងបន្តដោយលែងរវល់ជាមួយសម្លេងស្អីទៀតហើយ ព្រោះម្តងនេះភ្នែកទាំងពីរធ្ងន់ជាងតៅ ស្រូវទៅទៀត។

ព្រឹកឡើងថ្ងៃរះផុតព្រៃយើងក៏ដាក់ដាំបាយ និងអាំងប្រហុកដែលមីងម្ចាស់ផ្ទះគាត់មាននៅក្នុងក្រឡពួចរបស់គាត់ បានប្រហុកអាំងហូបជាមួយបាយក្តៅៗទាំងព្រឹកបែបនេះ នឹកឃើញធ្លាយទៅដល់បុកក្រសាំងត្រីឆ្អើរ (ប្រសិនបើ មានទៀត) មិនដឹងជាឆ្ងាញ់យ៉ាងណាទេ។ ដោយមើលឃើញថាអ្នកទីក្រុងដេកយឺតជ្រុលម៉ោង ទើបងើបដាំបាយ នាងក៏លាន់មាត់និយាយដោយមិនបានគិតវែងឆ្ងាយថា៖

– មួយថ្ងៃៗ អ្នកស្រុកគិតតែពីធ្វើបាយ ធ្វើម្ហូបរហូតទៅ មានពេលឯណាទៅធ្វើការងារផ្សេងនោះ?

+ មនុស្សតែម្នាក់ទេតើដែលខាតពេល ក្នុងរឿងធ្វើការងារផ្ទះនេះ! អ្នកផ្សេងគេអាចធ្វើការពេញកម្លាំង មិនចាំបាច់ ខ្វល់រឿងទៅរកបាយទឹករាល់ពេលដូចអ្នកទីក្រុងឡើយ។… ហើយជាពិសេស គឺមិនបាច់គិតថា ត្រូវទៅទទួល នរណាមកញ៉ាំបាយជាមួយ… ឬត្រូវនាំគ្នាទៅញ៉ាំបាយនៅឯណា… ហើយក៏មិនខាតពេលធ្វើការដែរ!

រាល់លើក ខ្ញុំទទួលខុសត្រូវ នាំនាងទៅញ៉ាំបាយនៅក្រៅផ្ទះ (ក្នុងករណីយើងនៅសៀមរាប) ឬទៅទទួលនាងពី ផ្ទះនាងទៅផ្ទះម្តាយនាងដើម្បីញ៉ាំបាយជុំគ្នា ។ ប្រាក់ខែស្តួចស្តើងទាំងប៉ុន្មានរបស់ខ្ញុំបានរសាត់បាត់រប៉ាត់រប៉ាយ ទៅនៅនឹងហាងបាយ ហាងសាំង តូបលក់បារី និងកន្លែងលក់ស្រាអស់ទៅហើយ។ ជារៀងរាល់ខែ ខ្ញុំតែងរក ការងារក្រៅម៉ោងផ្សេងទៀតធ្វើដូចជា បកប្រែឯកសារមេរៀនស្តីពីជំនាញរបស់ខ្ញុំ ដឹកជញ្ជូនភ្ញៀវទេសចរ ជួសជុល កុំព្យូទ័រ និងមានពេលខ្លះខ្ញុំទៅបង្រៀនកូនគេរៀនកុំព្យូទ័រ។ នៅមានការងារបន្ទាប់បន្សំផ្សេងទៀតដែល អ្នកស្គាល់ គ្នាពឹងពាក់ហើយ តែងឱយកម្រៃសម្រាប់រត់ការឱយគេ ដែលជាញឹកញយ ប្រាក់រកក្រៅបានទាំងនេះ ច្រើនតែអាច ជួយបំពេញតម្រូវ ការបន្ថែមលើរបស់ប្រើប្រាស់មួយចំនួនរបស់ខ្ញុំដូចជា ថាសផ្ទុកឯកសារ (Hard disk) និងស៊ីឌី កម្មវិធីមួយចំនួន ព្រមទាំងការចំណាយនានាសម្រាប់ប្រើប្រាស់អ៊ីនធើណែត (តាមហាង​ ឬតាមទូរស័ព្ទ)។

ខ្ញុំដឹងថានាងតែងចង់ឱយខ្ញុំនៅជិតនាង នៅក្បែរនាង ធ្វើកិច្ចការណាដែលអាចរកកម្រៃបានច្រើនសម្រាប់រស់បាន ស្រួលជាងដើរធ្វើការក្នុងព្រៃ ដើរសម្រុះសម្រួលមនុស្សឈ្លោះគ្នាឱយដោះស្រាយបញ្ហាដោយសន្តិវិធី។ នាងបារម្ភ ខ្លាំងណាស់ ជាពិសេសរឿងដីធ្លីគឺជារឿងជម្លោះក្តៅគគុកដែលគ្មាននរណានឹងចង់ជួបគ្នានិយាយដោះស្រាយនោះ ទេ ម្នាក់ណាក៏គិតថាខ្លួនធ្វើរឿងត្រឹមត្រូវដែរ…

ក្នុងនាមជាគូស្នេហ៍ដែលឪពុកម្តាយនាងព្រមទទួលស្គាល់ (ព្រោះអស់ចំណេះ នឹងបំបែក) នាងគឺជានារីទីពីរបន្ទាប់ ពីម្តាយខ្ញុំដែលតែងគិតពីដំណើរជីវិតរបស់ខ្ញុំ តែងគិតការពារខ្ញុំគ្រប់សព្វទាំងអស់ពីគ្រោះកាចនានាដែលនាងយល់ ថាអាចកើតមានដល់ខ្ញុំ… ហើយដែលជួនកាលនាងធ្វើរឿងដែលឈ្លានពានដល់ព្រំដែននៃទំនាក់ទំនងរបស់យើង

– ខ្ញុំចង់ត្រឡប់ទៅវិញថ្ងៃនេះបានទេបង?

+ ទៅភ្នំពេញ???

– ចាស! ទៅដល់ភ្នំពេញតែម្តង ព្រោះស្អែកថ្ងៃត្រង់ អូនត្រូវទៅគូឡាឡំពួរ!

ជំនួសឱយការឈ្លោះបន្ទោសនាងដែលមកតាមខ្ញុំដោយមិនប្រាប់ថាត្រូវទៅឆ្ងាយបន្ទាន់បែបនេះ ខ្ញុំបានរួសរាន់ ទៅជួបជាមួយមេភូមិដើម្បីឱយគាត់ជួយប្រមូលប្រជាជនមកប្រជុំនៅល្ងាចនេះ ក្រោយពេលពួកគាត់ត្រឡប់ពីធ្វើ ចំការវិញនៅម៉ោងបួនល្ងាច។ រួចក៏ហួសទៅប្រាប់អ្នកធ្វើនំលក់ឱយគេធ្វើនំកូរឱយមួយថាសសម្រាប់ជាអាហារ សម្រន់ពេលប្រជុំល្ងាចនេះ។

+ ល្ងាចនេះ ប្រជុំរួច យើងនឹងបានត្រឡប់ទៅវិញហើយ! …លើកក្រោយបើសិនអូនត្រូវទៅណាឆ្ងាយ កុំចង់មក តាមបងទៀតអី! បងមិនចង់ឱយអូនឈឺនោះទេ!

ខ្ញុំក៏ដឹងថានាងតាមដានខ្ញុំ ព្រោះតែចម្ងល់រឿងខ្ញុំចូលចិត្តធ្វើការតាមភូមិឆ្ងាយៗនេះឯង។ ការសង្ស័យរបស់នាង ក៏មិនខុសដែរ…ខ្ញុំមិនបានតាំងចិត្តស្មោះត្រង់ជាមួយនរណាម្នាក់ឡើយ ខ្ញុំចូលចិត្តជីវិតរសាត់អណ្តែតជាជាងនៅ ស្មោះត្រង់តែក្នុងរឿងស្នេហា ហើយតាំងចិត្តថាធ្វើជាមនុស្សល្អ…

មើលទៅជុំវិញខ្លួនយើងទៅ តើមាននរណាហ៊ានអះអាងថាស្រឡាញ់របស់អ្វីមួយអស់មួយជីវិតទេ??? សូម្បីខោ អាវក៏យើងគង់ចង់ផ្លាស់ប្តូរ សូម្បីឡានម៉ូតូក៏នៅចង់បានថ្មី រឿងអីដែលយើងប្រុងស្មោះត្រង់នឹងមនុស្សស្រី តែ ម្នាក់ទៅកើត?

«ក្តីស្រឡាញ់» ចំពោះខ្ញុំ វាជារឿងដែលអាចកើតមាន ហើយក៏អាចអស់ទៅវិញ… យើងស្រឡាញ់គ្នានៅថ្ងៃនេះ តែយើងមិនដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងទេ! បទពិសោធន៍ស្នេហ៍ជាមួយស៊ីណាបានបង្រៀនខ្ញុំថា អ្វីៗ គឺមិនទៀងទាំងអស់!

– តើនៅទីនេះគេមានលក់អីដែលយើងអាចទិញផ្ញើប៉ានិងម៉ាក់បានដែរទេបង?

+ ចាំដើរមើលស្រុកទេសគេសិនទៅ ចាំឃើញអីសួរទិញគេតែម្តងទៅ! បងក៏មិនដែលទិញអីពីនេះទៅផ្ទះដែរ!

តែខ្ញុំតាំងចិត្តថា នឹងរស់នៅជាមួយនាងឱយមានក្តីសុខបំផុត ក្តីសុខដែលនាងចង់បាន ដូច្នេះបើថ្ងៃក្រោយយើង បែកគ្នា យើងនឹងចាំបានសេចក្តីសុខដែលយើងធ្លាប់មានជាមួយគ្នា ជាជាងចងចាំរឿងដែលយើងឈ្លោះគ្នា។

– បងនិយាយប្រាប់ខ្ញុំខ្លះមើល៍ តើបងធ្វើអីខ្លះនៅទីនេះ? ហើយម៉េចក៏ចូលចិត្តមកធ្វើការនៅទីនេះ?

+ ជាអ្នកស្រឡាញ់ធម្មជាតិ បងតែងគិតដល់ជីវិតដែលនៅជុំវិញខ្លួន។ បងមើលឃើញការលំបាករបស់មនុស្ស ដែលត្រូវផ្លាស់ទីលំនៅរហូត ខ្លះក៏ត្រូវគេធ្វើបាប ខ្លះក៏ធ្វើបាបខ្លួនឯង … តែមនុស្សទាំងអស់នេះគ្មានជម្រើសទេ ពួកគេគួរឱយអាណិតណាស់ ព្រោះតែការយល់ដឹងតិចតួច ខ្លះត្រូវជាប់គុកជាប់ច្រវ៉ាក់ ខ្លះត្រូវស្លាប់ព្រោះតែ ការពារដីធ្លី និងរក្សាលំនឹងជីវភាពរបស់ខ្លួន … បងមិនចង់ឃើញមនុស្សមានសារជាតិជាមនុស្សដូចគ្នា ធ្វើបាប គ្នាទៅវិញទៅមកព្រោះតែដើម្បីរស់រៀងខ្លួនតាមតម្រូវការនោះទេ។

– តើបងអាចជួយអ្វីបានខ្លះ?

+ បងពន្យល់ពីការផ្លាស់ប្តូរទម្លាប់ ការប្រកបរបរចិញ្ចឹមជីវិត ការដាំដុះ និងការផ្លាស់ប្តូរពូជស្រូវ បន្លែ និងដំណាំ មួយចំនួនដែលអាចរក្សាទុកបានយូរ ដូចជាពោត សណ្តែក ល្ងជាដើមព្រោះតែផ្លូវឆ្ងាយពីផ្សារ ទើបបងមិនប្រាប់ ឱយគេដាំបន្លែសម្រាប់លក់ទេ។ អូនមានសង្កេតឃើញឬទេ? នៅទីនេះគេដាំតែដំឡូង ពោត និងល្ងទេ ចំណែក ស្រូវគេធ្វើតិចបំផុតតាមកន្លែងណាទំនាប ។ មានពេលខ្លះបងនិយាយពីរឿងអនាម័យ ពីរឿងរៀបចំភូមិស្រុក ឱយ មានសាលារៀន មានគ្រូសម្រាប់ជួយបង្រៀនក្មេងៗដែរ តែគ្មានគ្រូណាស្ម័គ្រមកដល់ស្រុកនេះទេ។ ដូចអូនឃើញ ពិបាកស្រាប់ហើយ សូម្បីតែពេលយប់ក៏គ្មានភ្លើងភ្លឺដែរ នរណានឹងស្ម័គ្រមករស់នៅដូចមនុស្សព្រៃបែបនេះ! អីចឹង ហើយបានជាពួកគេរស់នៅតែរបៀបនេះរហូតមក។ ស្អីដែលបងនិយាយទៅរកគេ គឺក្នុងគោលបំណងតែមួយគត់

~រកចំណូលដែលអាចចិញ្ចឹមជីវិតរស់ «ល្មមសមរម្យ»~

– ខ្ញុំក៏គិតថាគ្មាននរណាគេទៅប្រឹងរៀនដល់ណាដល់ណីហើយប្រាថ្នាមករស់នៅក្នុងព្រៃរកស៊ី ស្អីមិនកើតបែបនេះ ដែរ!

+ ធ្វើម្តេចបើគ្នាកើតមកចំកន្លែងគ្មានតណ្ហាទៅហើយនោះ។

– អីគេ??? បងឯងនិយាយរឿងអាក្រក់អាក្រីហ្នឹងទៀតហើយមែនទេ? ខ្ញុំខំតែគិតថាបងជាមនុស្សដែលសុភាព បំផុតក្នុងលោកនេះដែលមិនចូលចិត្តនិយាយអាក្រក់ពីនរណា!

+ ហេស ពាក្យថា តណ្ហា មិនមែនប្រែបានតែមួយមុខហ្នឹងទេ។ តណ្ហា ប្រែថាចំណង់។ ចំណង់ដែលពួកគេគ្មាន នេះគឺចំណង់ដែលចង់មានចង់បានលើសពីសមត្ថភាព ឬនិយាយឱយខ្លីទៅថាលោភលន់មិនចេះឆ្អែត។ អូនមាន ដែលសង្កេតមើលទេ អ្នកនៅទីក្រុង ប្រឹងប្រែងធ្វើអ្វីៗដើម្បីឱយគ្រួសារនិងខ្លួនឯងរស់នៅសុខស្រួល ដោយមិន បានគិតពីផលវិបាកទៅថ្ងៃមុខទេ! ដំបូង បង្កើតម៉ូតូ ឡាន ក្រោយមកក៏ទៅប្រឹងធ្វើផ្លូវឱយល្អដើម្បីឱយម៉ូតូ ឡាន ដែលខ្លួនបានបង្កើតមិនត្រូវរលត់រលាយទៅវិញ ប្រឹងបង្កើតសៀវភៅ ប៊ិច ហើយក៏ខំប្រឹងរុញមនុស្សឱយខំរៀន ដើម្បីប្រើប្រាស់សៀវភៅ ប៊ិចអស់ហ្នឹង បើមិនអីចឹងទេ ការដែលខំរកនឹកបង្កើត នឹងទៅជាអសារបង់អស់!

– តែមនុស្សមិនអាចរស់នៅដោយគ្មានការរៀនសូត្របានទេ!

+ មិនមែនព្រោះតែការរៀនសូត្រហ្នឹងទេឬដែលមនុស្សប្រឹងជិះជាន់គ្នានោះ? អ្នកចេះដឹង យូរៗទៅ ធ្វើបាបតែ មនុស្សដែលមិនបានរៀនសូត្រ គ្នាមិនចេះអក្សរ ពេលទៅទិញដូរទំនិញ ក៏ពឺតតែសង្កត់កគ្នាឡើងលានអណ្តាត របស់គ្នារកបានយកទៅលក់ឱយ ឱយថ្លៃថោក ក្នុងលេសថាជារបស់ងាយរក ដល់គ្នាទៅទិញស្អីពីខ្លួនវិញក៏តាំង ចោទថាពិបាកធ្វើ ខំរៀនអស់ជិតម្ភៃឆ្នាំទម្រាំធ្វើបាន។ អត់ដែលគិតសោះថាគ្នាអ្នករករបស់នៅក្នុងព្រៃពិបាកដូច តែគ្នាគ្រាន់តែស្ថិតក្នុងកាលៈទេសៈខុសគ្នាប៉ុណ្ណោះ។

– អូខេ! អូនឈប់និយាយរឿងហ្នឹងហើយ! យើងដូររឿងទៅ!

ខ្ញុំនាំនាងមកដល់ផ្ទះពូអ្នកនាំផ្លូវវិញ ចូលយកប្លង់ដីដែលខ្ញុំបានគូរគ្រោងប្លង់សម្រាប់រៀបចំសង់ផ្ទះ ធ្វើចំការ ហើយបង្ហួសទៅមើលដីចំការមួយនៅទល់មុខគ្នានោះ ដែលខ្ញុំបានដោះដូរ គេនឹងប្រាក់យកមកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនទុកសម្រាប់រស់នៅក្រោយពេលចូលនិវត្តន៍ទៅ។

+ ដីនេះម្ចាស់គេបានលក់ឱយបង ព្រោះគ្នាប្រញាប់យកលុយទៅមើលប្តីដែលឈឺ។ អូនចូលចិត្តដែរទេ?

– ដីទួលអីចឹង ដាំអីកើតទៅ? តើទៅដល់ត្រឹមណាទៅ?

+ អូនចេះមើលក្នុងប្លង់ទេ? ចាំបងបង្ហាញ! យើងអាចដាំសណ្តែក និងពោតបាន។ ធ្វើស្រូវចំការមិនកើតទេ។ …ហ្ន៎! អូនឃើញស្នាមអូរនោះទេ? គឺវាហូរពីទួលនេះ ទៅក្រោមធ្លាក់ទៅអូរមួយដែលយើងជិះឡានឆ្លងពីម្សិលមិញ នុះណា៎! នែក នៅលើប្លង់ គឺពីត្រឹមនេះ ដល់ត្រង់នេះ។ ដីរបស់យើង គឺចុះតាមបណ្តោយអូរនេះ ដល់ដើមស្រឡៅ នៅត្រង់ចុងចំការរបស់ពូ។ បងប្រុងធ្វើផ្ទះនៅជម្រាលពាក់កណ្តាលដី ត្រង់ជាប់មាត់អូរហើយ ធ្វើធ្នាក់មួយស្ទាក់ ទឹកសម្រាប់ប្រើក្នុងផ្ទះ និងស្រោចដំណាំតិចតួច ។ ប្រហែលជាយើងត្រូវការជីកអណ្តូងទឹកមួយ ហើយបងចង់ ទិញសូឡាមកដាក់ប្រើ សម្រាប់បូមទឹក និងប្រើជាភ្លើងបំភ្លឺក្នុងផ្ទះ… ហើយនៅមានគម្រោងរៀបប្រព័ន្ធកសិកម្ម ចម្រុះមួយទៀតដែលបងកំពុងគិត!

– អូនមិនយល់ទេ តើកសិកម្មចម្រុះយ៉ាងម៉េចខ្លះទៅ?

+ នៅដីខាងលើដែលខ្ពស់ បងជីកស្រះចិញ្ចឹមត្រី រួចបង្ហួរមកខាងក្រោមសម្រាប់ដំណាំបន្លែ និងឈើហូបផ្លែ ដាំខាងក្រោមគេបង្អស់!

– ដីប៉ុន្មានហិចតាទៅបានជាគម្រោងបងដាំអីច្រើនយ៉ាងនេះ?

+ សរុបជាងមួយហិចតា តែក៏អាចនឹងត្រូវការទិញថែមទៀតបើសិនជាទៅរួច!

– លោភលន់ទៀតហើយ មួយហិចតាហ្នឹងធ្វើមិនអស់ផងក៏មិនដឹង?

+ រួចអូនស្មានតែបងធ្វើម្នាក់ឯងក៏អី? បើម្នាក់ឯងដដែល ទៅប្រឹងចិញ្ចឹមត្រី ប្រឹងដាំបន្លែធ្វើអី នាំតែហត់ជ្រុល?

នាងកំពុងនឹកឃើញដល់រឿងលក់ដូរ បានប្រាក់ប្រមូលទុក ដែលនោះគឺច្បាស់ណាស់ ជាជំនាញពិតប្រាកដ របស់នាង :roll: ដូច្នេះ ដល់ម៉ោងបញ្ចេញទស្សនៈគ្រប់គ្រងឱកាស ដើម្បីផលកំរៃ លែងមានយោបល់ខ្ទាស់ ជើងហើយ!

– ចឹងបងធ្វើអាងទឹកមួយទៅ សម្រាប់ទុកទឹកប្រើខែប្រាំង!

+ អូខេ គំនិតល្អណាស់! បងនឹងធ្វើផ្ទះឆ្ងាយពីអូរបន្តិច ហើយក៏ឱយខ្ពស់បន្តិចដែរ! រួចធ្វើអាងទឹកនៅដីខាងលើ ដែលខ្ពស់ជាងផ្ទះដើម្បីឱយទឹកអាចហូរចូលផ្ទះស្រួល មិនពិបាកបូមប្រើ។ បងចង់ដាំទុរេន ព្រោះទុរេនលក់ បានថ្លៃហើយមិនខ្វល់ថាខ្លាចកំពិតកំពៀវ លក់មិនបានថ្លៃដោយសារដឹកផ្លូវឆ្ងាយ ខូចខាតអីទេ!

– ដាំទំពាំងបាយជូរផង! (នាងចូលចិត្តផ្លែទំពាំងបាយជូរណាស់ ខ្ញុំមិនចូលចិត្តផ្លែឈើដែលជូរទេ)

+ ចឹងដាំតែបួនប្រាំគុម្ពបានហើយ ហើយធ្វើទ្រើងវាមកនៅខាងណេះ កុំឱយប៉ះទឹកខ្លាំងពេក ព្រោះវាមិនត្រូវការ ទឹកជោគជាំទេ!

– បងនឹងដាំមែនឬ? ដាំឱយច្រើនបានទេ? ហើយដាំមង្ឃុតផងបានទេ? ប៉ាចូលចិត្តណាស់

+ អូខេ ចឹងបងដាំមង្ឃុតដប់ដើមចុះ!

– ម៉េចក៏ដាំច្រើនម្ល៉េះ?

+ ព្រោះមង្ឃុតម៉ែយាយបងក៏ចូលចិត្តដែរ! ម៉ាក់បងក៏ចូលចិត្តដែរ!

– … ថ្ងៃណាទើបខ្ញុំបានទៅជម្រាបសួរពួកគាត់ទៅ?

+ អូនហ្អា៎!!!

– ខ្ញុំគ្រាន់តែចង់ឱយគាត់ស្គាល់ខ្ញុំប៉ុណ្ណោះ! បងមិនដែលគិតទេឬថាថ្ងៃណាមួយយើងត្រូវនៅជាមួយគ្នារហូត យើងត្រូវតែប្រាប់គាត់ជាមុនដែរ យើងគួរគោរពមនុស្សចាស់ផង!

+ យើងរស់នៅជាមួយគ្នាតែពីរនាក់បានហើយ បងមិនចង់ឱយគេដឹងរឿងយើងច្រើននាក់ឡើយ។ មនុស្សកាន់ តែច្រើនកាន់តែបង្កបញ្ហាទេ! ថ្ងៃនេះយើងមានក្តីសុខក្នុងការនៅជិតគ្នា យើងមិនដឹងថាថ្ងៃស្អែកមានរឿងអីទេ។ យ៉ាងណាក៏ដោយ បើមានរឿងអីកើតឡើង អូននឹងមិនពិបាកប្រឈមមុខជាមួយមនុស្សអស់ទាំងនោះ មិនចាំ បាច់គិតអីទាក់ទាមច្រើន។

– បងឧទាហរណ៍មកមើល តើទាក់ទាមរឿងអីទៅ?

+ ថ្ងៃក្រោយទៅ ឧទាហរណ៍ថាយើងមិនអាចរស់នៅចុះសម្រុងនឹងគ្នាទៀត អូនក៏មិនចាំបាច់គិតថា ខ្មាសគេឯង ខ្លាចគេនិយាយអីចេះអីចុះច្រើន នាំឱយឈឺក្បាល។

– ចឹងមានន័យថា បងនឹងមិននៅជាមួយអូនរហូតទេឬ? មានន័យថាថ្ងៃណាមួយបងនឹងទៅចោលខ្ញុំ ដូចដែល សង្សារចាស់បងធ្លាប់ទៅចោលបងមែនទេ?

+ អូនដឹងទេ? លើលោកនេះគ្មានអ្វីអមតៈទេ! We don’t know what tomorrow brings. So why let our lives so boring like this? Boring with the plan like this?

– I am not gonna say it is boring live with the accurate plans. Would you please think about it?

+ ចុះអូនដែលគិតដែរទេ ថ្ងៃនេះអូនមើលឃើញថានៅជាមួយបងរីករាយ ចុះបើថាថ្ងៃណាមួយអូនលែងរីករាយ ទៀតនោះ អូនមិនចង់ផ្លាស់ប្តូរស្អីខ្លះទេឬ? ចង់នៅ Boring បែបហ្នឹងរហូតហ្អ៎?

– We live together so happy, why would it change to be boring?

+ I told you already that everything can be change unconditionally.

– អូខេ យើងឈប់និយាយរឿងនេះទៀត បើមិនអីចឹងទេ ឈ្លោះគ្នាខ្មាសគេឥឡូវហើយ។

+ OK, one day you will see someone’s better than me.

ផែនការសង់ផ្ទះចំការក៏ត្រូវបញ្ចប់ដំណាលគ្នានឹងរឿងឥតបានការដែលយើងបានលើកយកមកនិយាយ។

ខ្ញុំដើរទៅបេះបោចបន្លែផ្សេងៗជុំវិញផ្ទះមកសម្រាប់អាហារពេលថ្ងៃត្រង់របស់យើង។ ក្រៅពីប្រហុក យើងនៅ សល់តែនំប៉័ងនិងត្រីខប្រអប់សម្រាប់ជាជំនួយអាហារថ្ងៃត្រង់ដ៏កំសត់របស់យើង។ ខ្ញុំដឹងថានាងលំបាកយ៉ាង ណាក្នុងការទទួលយករសជាតិមុខម្ហូបទាំងនេះ ដែលប្រហែលជាតាំងពីកើតមកនាងមិនដែលបានជួបប្រទះ ទេក៏មិនដឹង។

រាល់ពេលបាយលើកណាក៏ខ្ញុំមិនដែលធ្វើឱយមនុស្សនៅជុំវិញខ្លួនមានអារម្មណ៍ថាម្ហូបមិនឆ្ងាញ់ឡើយ ទោះជា ធាតុពិតវាមិនឆ្ងាញ់ក៏ដោយ ។ ពួកយើងទាំងពីរនាក់សុទ្ធតែមិនសូវចេះធ្វើម្ហូបទេ នៅពេលខ្ញុំសម្រាកពីការងារ នាងតែងស្ងោរពងទាឱយខ្ញុំជ្រលក់ទឹកស៊ីអ៊ីវញ៉ាំជាមួយនំប៉័ង ជំនួសហាំបឺហ្គ័រ/ភីស្សាដែលខ្ញុំចូលចិត្ត ឬជួនកាល នាងធ្វើ Italian Hot Dog ឱយខ្ញុំ (ព្រោះខ្ញុំហូបច្រើនណាស់ ទាល់តែ ហត់ដក បែបអ៊ីតាលីនេះទើបហូបឆ្អែត) ជាមួយនឹងនំប៉័ងស្ទើរប៉ុនកំភួនដៃខ្ញុំ ហើយដាក់បន្លែសឹងតែគ្រប់មុខ រួមជាមួយសាច់ក្រកបារាំងប្រវែងមួយចំអាម ចំនួនបីបួនដុំ។

ខ្ញុំស្ងោរក្តឹបននោង និងត្រឡាចសម្រាប់ជ្រលក់ជាមួយតៅហ៊ូនិងគ្រាប់សៀង ឱយនាងដែលអាច ដោះស្រាយ បានមួយពេលនេះ។ ពេលលើកចានហុតទឹកស្ងោរននោង ឮសូរគ្រូកយ៉ាងវែងងងង នាងស្រែកដាក់ខ្ញុំ មិនឱយ ធ្វើបែបហ្នឹងទេ!

– អូនប្រាប់បងប៉ុន្មានដងហើយថាកុំឱយញ៉ាំបាយឮៗបែបហ្នឹងទៀត?

+ បងចង់ប្រាប់អូនថា ពេលណាញ៉ាំបាយមិនឮសូរ គឺដូចជាលួចញ៉ាំបាយអីចឹង! បងមិនចូលចិត្តទេ! … អូនញ៉ាំ ននោងនេះមើល៍ឆ្ងាញ់ណាស់ណា៎ ឆ្ងាញ់ជាងនៅភ្នំពេញ… នៅទីនេះគេដាំដំណាំដោយគ្មានប្រើជីរគីមីអីទាំងអស់ ពេលណាមកញ៉ាំបាយនៅស្រុកនេះ ទោះជាម្ហូបមិនឆ្ងាញ់ក៏រសជាតិបន្លែឆ្ងាញ់ជាងនៅភ្នំពេញដែរ!

– ត្រឡប់ទៅវិញ បងនឹងបានញ៉ាំននោងស្ងោរជារៀងរាល់ថ្ងៃមិនខាន!

+ ហើយក្រោយពីញ៉ាំបែបហ្នឹងមួយឆ្នាំមក អូននឹងបានធ្វើបុណ្យឱយបងមិនខានដែរ!

ឱយតែនិយាយដល់រឿងផ្តេសផ្តាស នាងក៏តាំងរករឿងខ្ញុំទៀតហើយ។ ជាកូនចៅចិនកើតនៅស្រុកខ្មែរ នាងតែង បង្ហាញនូវទម្លាប់ពីរសាសន៍ចម្រុះគ្នា៖ ប្រកាន់ទំនៀមតឹងរ៉ឹងតាមជាតិចិន និងគោរពទម្លាប់ របស់ជាតិខ្មែរ។

– បង! ឈប់និយាយពាក្យអាក្រក់ៗទៅបានទេ?

+ បងគ្រាន់តែនិយាយលេងហ្នឹង! អូនតែងខឹងនឹងបងរហូតរឿងឥតបានការទាំងនេះ! (ខ្ញុំលួចសើចនឹងគំនិត ប្រកាន់ច្រើនរបស់អ្នកជាប់ខ្សែស្រឡាយចិននេះ តែមិនមែនមានន័យថាខ្ញុំមើលងាយទំនៀមរបស់គេឡើយ គ្រាន់តែថាទំនៀមនោះវាតឹងរ៉ឹងពេកសម្រាប់មនុស្សសេរីដូចជាខ្ញុំ!)

ក្រោយពេលបាយ យើងក៏សម្រាកមួយម៉ោងទៀត ហើយរៀបចំអីវ៉ាន់សម្រាប់ទៅផ្ទះវិញដាក់ក្នុងឡានរបស់ នាងដែលពោរពេញទៅដោយស្នាមកកិតជាមួយមែកឈើពេលបើកកាត់ព្រៃមកពីម្សិលមិញ។ ជាសំណាង មួយដ៏ធំក្រោយការសម្រេចចិត្តរបស់ខ្ញុំយកឡាននេះមកព្រៃ ព្រោះថា វាខ្ពស់ កម្លាំងខ្លាំង មានត្រើយសម្រាប់ យោងខ្លួនក្នុងករណីជាប់ផុងកណ្តាលព្រៃ។

– យើងជិះឡានដើរមើលព្រៃសិនទៅបង មុនពេលត្រឡប់ទៅវិញ ព្រោះម្សិលមិញអូនអត់ទាន់បានមើលស្រុក ទេសគេផង។

+ ត្រូវចិត្តបងតែម្តងហើយ បងចង់នាំអូនទៅមើលទំនប់ទឹកអូរក្រញ៉ាក នៅប្រហែលដប់គីឡូម៉ែត្រពីនេះទៅ។

យើងបកត្រឡប់ក្រោយ ហើយបែកចេញតាមផ្លូវឃុំមានរិទ្ធទៅទំនប់អូរក្រញ៉ាកដែលទើបសាងសង់រួចដោយ ក្រសួងធនធានទឹក ក្រោមជំនួយរបស់ធនាគារពិភពលោក ក្នុងគម្រោងស្តារឡើងវិញគ្រោះទឹកជំនន់ឆ្នាំ២០០០។

តាមផ្លូវដ៏លំបាកទាំងនេះ ខ្ញុំចង់នាំនាងទៅមើលប្រព័ន្ធដែលអាចធ្វើស្រែប្រាំងបាន ដោយចង់ជួលដីនៅក្នុង ប្រព័ន្ធនោះធ្វើស្រែប្រាំងផង ។ ផ្លូវលំបាកយ៉ាងណាក៏នាងមិនដឹងដែរ ព្រោះនាងមិនមែនជាអ្នកកាន់ចង្កូតឡាន ទេតែខួរក្បាល ភ្នែក និងជើងខ្ញុំសឹងរលុងអស់ទៅហើយ ណាមើលផ្លូវផង ណារេចង្កូតគេចក្រឡុកផង ម្តងជាន់ ហ្រ្វាំង ម្តងជាន់ហ្គារ ឡើងចង់ជ្រុះសក់។ មានស្ពានមួយកន្លែងនៅតាមផ្លូវដែលបាក់ ហើយខ្ញុំក៏លើកឈើចាស់ៗ នៅលើនោះ មកដាក់កល់គ្នារៀបប្រឡោះក្តារពីរសម្រាប់តែល្មមកង់ឡានសងខាងដើម្បីឆ្លង។

ទៅដល់ទំនប់អូរក្រញ៉ាកភ្លាម នាងសប្បាយចិត្តណាស់ព្រោះបានឃើញទឹកក្នុងអាង និងប្រព័ន្ធបង្ហូរខ្វាត់ខ្វែង។ ចុះពីឡានទៅ ខ្ញុំនាំនាងទៅមើលដីស្រែ ដែលកាលពីរដូវប្រាំងគេមិនមានធ្វើស្រែប្រាំងទេ ហើយទឹកមានហូរទៅ ជាប់ជានិច្ចដែលខ្ញុំបានគិតថាប្រុងជួលដីគេធ្វើនៅរដូវប្រាំងឆ្នាំក្រោយនេះសាកមួយឆ្នាំសិន។ នាងគាំទ្រគំនិត របស់ខ្ញុំដែលចង់ជួលដីគេធ្វើស្រែប្រាំង ។ ពេលបាននិយាយជាមួយមនុស្សដែលតែងគាំទ្រគំនិតរបស់យើង ធ្វើ ឱយអារម្មណ៍ខ្ញុំហាក់លង់កាន់តែជ្រៅទៅៗ ក្នុងការស្រមៃមួយដែលរលូនជាមួយនឹងផែនការ។

– បងចង់ហែលទឹកទេ?

+ ណូសែងស៍! ងងុយគេងណាស់ ។ អូនចុះទៅចុះ បងដើរទៅមើលខាងលើបន្តិច!

នាងផ្លាស់ខោអាវងូតទឹកលេងក្នុងអាងទឹកអូរក្រញ៉ាកយ៉ាងរំភើយ ខ្ញុំដើរមើលសំណង់ទ្វារទឹកធំៗទាំងពីរមុន ពេល ចូលទម្រេតក្នុងឡាន។ ដោយសារអស់កម្លាំងផង ដេកពីយប់មិនបានពេញភ្នែកផង ខ្ញុំបិទភ្នែកតែ បន្តិចក៏លក់ឈឹង។ ខ្ញុំភ្ញាក់ក្រញ៉ាង ទោះជានាងថ្នមដៃបើកទ្វារឡានក៏ដោយ។ នាងឡើងមកយកទឹកផឹក។ ក្នុងឡានរបស់នាងមានធុងទឹកកកមួយធំល្មមនឹងដាក់ទឹកដោះគោ ទឹកសុទ្ធ ប៊ីយ៊ែរ និងថ្នាំខ្លះរបស់នាងក្លាស្សេ ក្នុងនោះ សម្រាប់រំដោះ ការ ស្រេកឃ្លានមួយភ្លែតមួយគ្រាដែរ។ នាងហែលទឹកលេងយ៉ាងសប្បាយ ដូចត្រី បាឡែនក្នុងរឿងទីតានិចអីចឹង ខ្ញុំឈរមើលនាងពីចម្ងាយជាមួយនឹងការ ស្ងើចសរសើរដែលនាងអាចសំដិល ខ្លួនយ៉ាងស្រាលលើផ្ទៃទឹក ក្នុងខណៈពេលដែលគ្រាន់តែដើរឆ្ងាយបន្តិចក៏ហត់ដែរ ។

ខ្ញុំលុបមុខឱយស្វាងងងុយដែលនៅដេកមិនទាន់ឆ្អែតនៅឡើយ ស្របពេលនាងលេងទឹកអស់ចិត្តអស់ចង់ យើងក៏ ត្រឡប់មកវិញ។

សូមអភ័យទោសដែលខ្ញុំសរសេរមិនទាន់ចប់
អ្នកអានមុខជាត្រូវរង់ចាំថែមពីរបីខែទៀតហើយ!

1 ខែធ្នូ 2013 / ស្នាមញញឹម

Bachelor’s bad


Dear professional bachelors,

You had shown unintentional characters which lead my thinking of you as idiots.
image

image

11 ខែវិច្ឆិកា 2013 / ស្នាមញញឹម

I like a cleaned-slate…and now I can do it


I am struggling 10 years to this point where my previous relationship was ended with anger and sadness.

This writing was not just impressed my sad memories it also showing the experiments on relationships which should not be committed too much as it not 100% sure of what’s going on in the future.

It’s should be a time to tell teens that things going to happen without expectation, without anyone intention. So just let go what is going on in a caring relationship, learn how to say goodbye to a person used to be most beautiful/important/caring/patient/clinging/sticking/struggling with us and let that one be happy of what s/he looking for.

One word to a love of my life. “Caring.”

Things going on based on what we went on, we try to do, and what we are willing to do. So just accept of what we have been done and take a good response to it.

3 ខែវិច្ឆិកា 2013 / ស្នាមញញឹម

មិត្តស្រីរៀននៅអនុវិទ្យាល័យ


ជាងម្ភៃឆ្នាំហើយដែលខ្ញុំមិនដែលបានដឹងពីសុខទុក្ខរបស់គាត់។ ស្រាប់តែពេលដឹងដំណឹងគឺគាត់បានស្លាប់ បាត់ទៅហើយ។

គាត់និងខ្ញុំ ស្គាល់គ្នាកាលរៀនថ្នាក់ទីប្រាំបី។ ជាមិត្តនឹងគ្នាអង្គុយជាប់តុគ្នាមុខក្រោយ។ ដោយហេតុថាខ្ញុំជា មនុស្សរប៉ិលរប៉ូចរកលេខដាក់គ្មាន លោកគ្រូអ្នកគ្រូមិនដែលឱយនរណាអង្គុយជាមួយខ្ញុំទេ ម៉ាតុខ្ញុំម៉ៅដាច់តែ ម្នាក់ឯងរហូតពេញមួយជីវិតនៃការសិក្សា។

កាលណោះ ខ្ញុំមិនបានដឹងខ្លួនថានារីម្នាក់នេះស្រឡាញ់ខ្ញុំឡើយ។ ខ្ញុំក៏មានមនុស្សដែលខ្ញុំស្រឡាញ់រួចហើយ ដែរដែលខ្ញុំកំពុងតាមសម្លឹងមើលគេរាល់ថ្ងៃ តាំងពីម៉ោងគេជិះកង់ចេញពីផ្ទះរហូតដល់ម៉ោងគេត្រូវត្រឡប់ពី រៀនគួរយប់វិញ។

ថ្ងៃមួយនៅម៉ោងហាត់កីឡា ខ្ញុំបានលេងបាល់បោះស្ទើរពេញមួយម៉ោង ក្រោយពីហត់ពេក ខ្ញុំក៏សុំច្បាប់គេ សម្រាកទៅទិញទឹកផឹក។ នៅកៀនរបងសាលាកន្លែងលក់ចំណីចំណុក គាត់នៅរង់ចាំខ្ញុំនៅកន្លែងស្ងាត់ក្នុង ម៉ោងដែលសិស្សថ្នាក់ដទៃកំពុងរៀន គាត់ទាញដៃខ្ញុំឃាត់មិនទាន់ឱយត្រឡប់ទៅកន្លែងបាល់ទេ គាត់ប្រាប់ ខ្ញុំថាគាត់ស្រឡាញ់ខ្ញុំណាស់!

នេះជាលើកដំបូងហើយដែលស្រីស្អាតម្នាក់កាត់កេរ្ត៍កាត់ខ្មាសមកសារភាពស្នេហ៍ក្នុងយុវភាពប្រាប់ខ្ញុំ!

ខ្ញុំមិនមែនជាមនុស្សដែលងាយស្រឡាញ់ ងាយអាណិតគេនោះទេ ចំពោះរឿងស្នេហា គឺជារឿងដែលត្រូវគិត ឱយបានល្អិតបន្តិចព្រោះថា មនុស្សដែលនឹងក្លាយជាសង្សារយើង គួរតែមានចរិតឬកពារប្រហាក់ប្រហែលគ្នា ឬយ៉ាងហោចណាស់និយាយត្រូវចិត្តគ្នាខ្លះដែរ។

ខ្ញុំចាប់ដៃគាត់ហើយប្រាប់គាត់វិញថា ខ្ញុំមិនទាន់គិតដល់រឿងហ្នឹងរវាងយើងទាំងពីរនាក់ទេ។ ខ្ញុំសុំរាប់អានគ្នា ជាមិត្តដើម្បីពិនិត្យចិត្តគំនិតឱយបានច្បាស់សិន មុនពេលដែលយើងសម្រេចចិត្តថា នរណាជាមនុស្សដែល យើងស្រឡាញ់!

តាំងពីពេលនោះមក ខ្ញុំលែងសូវនិយាយលេងនឹងគាត់។ នារីម្នាក់នេះ តែងគិតដល់ខ្ញុំគ្រប់វិនាទី តែខ្ញុំមិនដែល ព្រមទទួលស្គាល់ថាគាត់ជាមនុស្សសំខាន់របស់ខ្ញុំឡើយ។ គាត់តែងសរសេរសំបុត្រជាភាសាអង់គ្លេសមកខ្ញុំ មិនសូវលោះ ព្រោះថាសំបុត្រភាសាខ្មែរ អ្នករត់សំបុត្រដែលជាមិត្តរបស់គាត់ និងមិត្តរបស់ខ្ញុំអាចមើលយល់!

គាត់តាមខ្ញុំគ្រប់ជំហាន ដោយសារតែគាត់ជាមនុស្សស្រីម្នាក់ដែលស្អាតគួរឱយស្រឡាញ់ មិត្តម្នាក់របស់ខ្ញុំក៏ មានចិត្តចំពោះគាត់ផងដែរ តែគាត់មិនព្រមទទួលយកការស្រឡាញ់ពីបុរសម្នាក់នោះឡើយ។ បុរសម្នាក់នោះ បានចេញមុខមកនិយាយជាមួយខ្ញុំដោយផ្ទាល់ឱយខ្ញុំដកខ្លួនចេញពីគាត់ ហើយខ្ញុំក៏សារភាពថា ខ្ញុំមិនមានចិត្ត ស្រឡាញ់គាត់ទេ។

ពៅ តាមខ្ញុំរហូតដល់ខ្ញុំត្រូវសុំច្បាប់ប្រធានថ្នាក់ជាញឹកញាប់។ ខ្ញុំគេចមិនចង់ជួប តែគាត់តាមខ្ញុំទៅចាំនៅក្បែរ ផ្ទះជារៀងរាល់ព្រឹកល្ងាច ។ ខ្ញុំក៏អាណិតគាត់ណាស់ដែរ ព្រោះគាត់ជានារីម្នាក់ដែលមានសុខភាពមិនមាំទាំ ឈឺសន្លប់ជាញឹកញាប់នៅក្នុងថ្នាក់ ។ មានជួនកាលយើងនៅក្នុងថ្នាក់តែពីរនាក់ ខ្ញុំលោតចេញតាមបង្អួចទៅ តាមមិត្តគាត់ម្នាក់ទៀត ឱយមកមើលគាត់នៅពេលសន្លប់…

ពេលសាលាតម្រូវឱយពួកយើងទៅធ្វើពលកម្មឆ្ងាយៗ គាត់រៀបចំបាយទឹក សម្រាប់ខ្ញុំផងដែរ ហើយតែងតែ ជិះកង់តាមជាប់ពីក្រោយខ្ញុំបីដូចស្រមោចរត់តាមគ្នា។ ទៅដល់ណាក៏គាត់ទៅក្បែរខ្ញុំ ឯខ្ញុំដល់តែមានមនុស្ស តាមស្អិតបែបនេះស្រាប់តែទៅជាខ្លាច ដើរគេចគាត់និងមិត្តម្នាក់ទៀតរបស់គាត់គ្រប់ពេល។ ត្រឡប់មកពី កន្លែងពលកម្មវិញ តាមផ្លូវមានទឹកហូរ ខ្ញុំនឹកឃើញថាបែបគ្មាននរណាមកមុជទឹកនៅនេះទេ ខ្ញុំក៏ចុះមុជ ហែល បណ្តែតខ្លួនតិចៗលេង និងរៀនជ្រមុជអត់ដង្ហើមក្នុងទឹក ដល់លេងបានមួយស្របក់ស្រាប់តែងើបឡើង គាត់និងមិត្ត របស់គាត់នៅក្បែរនោះដែរ។

ពេលណាដែលគាត់តាមខ្ញុំៗតែងតែគេច តែពេលណាដែលគាត់ត្រូវទៅណាយប់ព្រលប់ ខ្ញុំតាមពីក្រោយម្តង ការពារសុវត្ថិភាពព្រោះថាមនុស្សកំពុងឆ្កួតនឹងស្នេហា មិនដឹងជាក្នុងចិត្តគិតពីអីទេ។ ជាស្រីសុភាពរាបសារ ស្លូតបូត និងពោរពេញដោយរឿងរ៉ាវជីវិតដ៏កំសត់ គាត់គួរឱយអាណិតណាស់។ តែងមានចិត្តទន់ភ្លន់ និងបាក់ ទឹកចិត្តម្តងម្កាលពេលប្រឡងធ្លាក់មុខវិជ្ជាណាមួយក្នុងថ្នាក់។

ពេលប្រឡងឌីប្លូមរួច ខ្ញុំសម្រេចចិត្តប្រាប់ការពិតដល់គាត់ថាខ្ញុំមិនអាចស្រឡាញ់គាត់បានទេ ហើយខ្ញុំមាន អារម្មណ៍ថាខ្មាសគាត់ណាស់ដែលខ្ញុំបានធ្វើឱយកិត្តិយសនារីម្នាក់ត្រូវស្រុតចុះព្រោះតែខ្ញុំ។ គាត់យំស្ទើរ ពេញមួយល្ងាចនោះទម្រាំខ្ញុំនិយាយលួងលោមគាត់ឱយបានធូរស្បើយចិត្ត។ គាត់ប្រាប់ខ្ញុំថា បងស្រីគាត់ បង្ខំឱយគាត់រៀបការក្រោយពេលប្រឡងធ្លាក់ ហើយមានតែបុរសដែលតាមស្រឡាញ់គាត់ទេ ដែលបងស្រី គាត់ពេញចិត្តបំផុត! គាត់ខ្សឹបតិចៗថា គាត់ប្រហែលជាត្រូវរៀបការជាមួយគេហើយព្រោះពីមុនមកគាត់ បានប្រាប់បងស្រីគាត់ថា គាត់ស្រឡាញ់ខ្ញុំ តែដោយសារតែទៅមិនរួច គឺមានតែព្រមតាមបងម្តងវិញ!

ដល់ពេលចេញលទ្ធផលប្រឡង ខ្ញុំបានប្រឡងជាប់គួរជាទីពេញចិត្តបំផុត ចំណែកគាត់ប្រឡងធ្លាក់។ គាត់បាន សរសេរសំបុត្រមួយច្បាប់ប្រាប់ខ្ញុំថា ទោះជាមានមនុស្សប៉ុន្មាននាក់ទៀតដែលនៅរង់ចាំគាត់ក៏គាត់មិនអាចធ្វើ ចិត្តស្រឡាញ់គេដូចគាត់មានចិត្តចំពោះខ្ញុំដែរ។

សេចក្តីរៀបរាប់ក្នុងសំបុត្រវែងអន្លាយនោះ ខ្ញុំមិនសូវអើពើឡើយ ព្រោះថាក្នុងជីវិតជាយុវវ័យខ្ញុំមានអារម្មណ៍ ពេញដោយកម្លាំងនៃភាពក្លៀវក្លា មិនដែលស្តាយក្រោយ មិនដែលខកបំណង ខ្ញុំធ្វើបាននូវអ្វីដែលអ្នកដទៃមិន អាចស្រមៃថាខ្ញុំធ្វើបាន វាជារឿងដ៏រីករាយណាស់។ ការប្រឡងដែលទទួលបានលទ្ធផលជាទីគាប់ចិត្តនាំឱយ ខ្ញុំមានអំណួតក្រៃលែងក្នុងកំឡុងពេលដែលរិតត្បិតបំផុតដើម្បីគុណភាពនៃការអប់រំ។

មនុស្សតែងមានអំណួតនឹងខ្លួនឯងជានិច្ច។ ខ្ញុំគិតថា ថ្ងៃនេះមនុស្សស្រីដ៏ស្រស់ស្អាត ទន់ភ្លន់ម្នាក់ស្រឡាញ់ខ្ញុំ ទៅថ្ងៃមុខមិនខ្វះមនុស្សស្រីស្អាតៗដទៃទៀតស្រឡាញ់ខ្ញុំឡើយ បើខ្ញុំរៀនកាន់តែពូកែកាលណា គេក៏មើលមក ខ្ញុំអស្ចារ្យកាន់តែច្រើនកាលនោះ។ គាត់បានចាកចេញពីស្រុកទៅរស់នៅកន្លែងផ្សេងជាមួយបងស្រី និងបង ថ្លៃ បាត់ដំណឹងរហូតមក ដែលគិតទៅជាងម្ភៃឆ្នាំហើយ។

ចុងបញ្ចប់ កាលពីថ្មីៗនេះដែលខ្ញុំបានជួបជាមួយមិត្តជិតដិតរបស់គាត់ហើយបានដំណឹងមកថា គាត់បាន សម្រេចចិត្តរៀបការជាមួយបុរសដែលតាមស្រឡាញ់គាត់ តែត្រូវគេធ្វើបាបព្រោះតែគេដឹងថាគាត់ស្រឡាញ់ ខ្ញុំ។

នៅទីបំផុត គាត់ត្រូវឈឺស្គមរីងរៃដោយសារប្តីវាយធ្វើបាប និងមានស្រីបញ្ឈឺចិត្តក្នុងពេលគាត់កំពុងពរពោះកូន ទីបី រហូតដល់គាត់សម្រាលកូនរួចធ្លាក់ខ្លួនឈឺខ្លាំងឡើងៗ មិនអាចសង្រ្គោះបាន។

ខ្ញុំមានវិប្បដិសារៈនៅជាប់ក្នុងចិត្តក្នុងពេលបានដឹងថា គាត់មិនដាច់ចិត្តពីខ្ញុំក្នុងពេលមានប្តីមានកូនទៅហើយ ខ្ញុំមិនគួរបណ្តោយឱយនារីម្នាក់ដ៏គួរឱយគោរព ធ្លាក់ទៅក្នុងជីវិតអប្បលក្ខណ៍ជាមួយជនពាលសោះឡើយ!

បើសិនជាខ្ញុំនៅចាំមុខវាបាន ខ្ញុំនឹងទូទាត់គំនុំមួយនេះតាមវិធីត្រជាក់បំផុត ឱយសមចិត្តនឹងមនុស្សអាក្រក់ដែល ដាច់ចិត្តធ្វើបាបនារីទន់ខ្សោយម្នាក់ដ៏ស្រស់ស្អាត និងរាបសារក្នុងនាមជាម្តាយរបស់កូនខ្លួន។

តាមពិតទៅ ខ្ញុំចាំបានថាមានម្តងនោះ ពេលខ្ញុំមករៀននៅភ្នំពេញ អ្នកយាមទ្វារបានប្រាប់ខ្ញុំថា មាននារីម្នាក់ សម្បុរស្រអែម ភ្នែកធំៗ មករកខ្ញុំនៅចាំមាត់ទ្វារកន្លែងធ្វើការ តែពេលខ្ញុំចេញទៅរក បែរជាមិនឃើញមាននរណា ម្នាក់ទៅវិញ!

ក៏ធ្លាប់មានម្តងដែរ ដែលខ្ញុំត្រូវបានគេផ្ញើកន្សែងដៃប៉ាក់រូបត្រីក្រឹមពីរបណ្តើរគ្នាមកឱយ ដែលខ្ញុំសង្ស័យថា នោះ ជាទឹកដៃប៉ាក់ចាក់ជុលរបស់គាត់តាមដែលខ្ញុំធ្លាប់បានឃើញ។

គាត់ស្ថិតក្នុងការចងចាំមួយរបស់ខ្ញុំ! ជានារីម្នាក់ដែលមានដំណើរទន់ភ្លន់ សំដីសុភាពរាបសារ និងពោរពេញទៅ ដោយចិត្តបុណ្យ!

1 ខែវិច្ឆិកា 2013 / ស្នាមញញឹម

ឌី អើយ ភ្លេចទៅ!


ផ្ទះរបស់ខ្ញុំមានឪពុកម្តាយ មានបងប្អូនមីងមាជីដូនជីតាម៉ាចំភ្លូសម៉ាចំអោក។ តែខ្ញុំមានឌីមួយទៀតដែលត្រូវពុក ម៉ែខ្ញុំរករឿងដេញគាត់ទីងណាត់ទីងណែងព្រោះតែជម្លោះដណ្តើមទ្រព្យក្នុងគ្រួសារ…

ឌីខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះធ្លាក់ពីលើមេឃមកពីណារ៉េ! ជាមនុស្សធម្មតាម្នាក់តែងមានធ្វើខុសធ្វើត្រូវគ្រប់ តែរឿងហ្នឹងតែឌីជាមនុស្សម្នាក់ដែលឈឺឆ្អាលចំពោះមនុស្សម្នាដទៃក្នុងគ្រួសារ។ គាត់ប្រឹងប្រែងច្រើនដងហើយ ដើម្បីឱយមនុស្សក្នុងគ្រួសារមានសេចក្តីសុខទទួលបានភាពសម្រាន្តចិត្តក្នុងជីវភាពឱយកាន់តែច្រើនតាមតែ គាត់អាចធ្វើបាន…តែឱយតែឌីចង់ធ្វើរឿងអី តែងមានរឿងដទៃមកខ្ទាស់ជើងគាត់ជានិច្ច។

ដីស្រែកេរ្ត៍ ជីតាខ្ញុំមានច្រើនណាស់ មានកន្លែងនេះបន្តិចនោះបន្តិច ដែលសុទ្ធតែមានទ្រព្យសម្បតិ្ត ឬអាច និយាយ បានថារកស៊ីកន្លែងណាក៏ចេញលុយដែរ ឱយតែរកលើដីទាំងនោះ។ ម៉ាដុំនោះគ្រាន់តែមាស ចង់ក្រាលដេកក៏ ក្រាលមិនអស់ផង ហើយកន្លែងខ្លះទៀតគ្រាន់តែដំណាំចំការច្បារសួនគាត់ ចិញ្ចឹមកូនចៅ ចៅទួតចៅលួតចៅលា ដឹងយក៍ទៅណាអស់! មិនបាច់និយាយបូរបាច់តាប៉ែច្រើនទេ ដឹងតែថាជីដូនជីតាខ្ញុំដាំមាសដាំពេជ្រ ដាំលុយទុកឱយមនុស្សជំនាន់ក្រោយគ្មានឱយលំបាកទេ!

តែពុក និងឌីជាមនុស្សពីរគំនិតផ្សេងពីគ្នាដាច់ស្រឡះ!

ម្នាក់អញនិយម ម្នាក់អួតក្អេងក្អាងបន្តិចតែក៏ចិត្តបានតែទាំងអស់គ្នាហ្នឹង គ្រាន់តែថាដើម្បីតែធ្វើធំក្នុងគ្រួសារ គាត់ទាំងពីរនាក់ត្រូវពាក់មុខយក្សដាក់គ្នា ក្នុងនាមតែត្រឹមជាបងប្អូននឹងគ្នាសោះហ្នឹងហ្នា៎!

ពុក បើនិយាយពីអួតវិញ សឹងទាញមេឃមកទ្រាប់អង្គុយ។ ចំណែកឌីវិញ និយាយអីក៏អាងៗ!

តែម្នាក់ៗទាញត្រូវទៅដាក់ខាងខ្លួនគាត់ទាំងអស់ អត់មានសល់គ្រាន់នឹងឱយខ្ញុំឆែកមើលឱយស្គាល់ត្រូវនោះ យ៉ាងម៉េចម្តងរ៉េ!

ពុកនៅផ្ទះ សឹងតែគ្មានស្អីសល់ទៀតរ៉េ ទ្រព្យកេរ្ត៍ជីដូនជីតា ព្រោះគាត់មិនចេះគ្រប់គ្រង ណាមួយគាត់នៅ ជាមួយតែនឹងអ្នកចាក់រុកឆ្កឹះឆ្កៀល អ្នកចាំតាមស្មូមច្រាស និងអ្នកអែបអប។ ពុកមិនដែលម្តងសោះស្តាប់ ពាក្យអ្នកឯណាខាងក្រៅ ព្រោះគាត់ជាមនុស្សម្នាក់ដែលសឹងទប់អារម្មណ៍ខឹងមិនបានផង ម្ល៉ោះហើយអ្នក នៅជុំវិញក៏ចង់ជំទាស់ខ្លះដែរ តែឃើញចរិតពុកខ្ញុំបែបនេះក៏ទៅជាមិនហ៊ានជំទាស់ពុកទៀត។

ឌី ក៏ជាមនុស្សម្នាក់ដែលគិតតែរឿងចំពោះមុខ គាត់មិនសូវបានគិតដល់ល្បិចម៉ាចំនួនដែលនឹងនាំគាត់ធ្លាក់ ផុងក្នុងរណ្តៅម៉ាណរ៉េ។ តែឌីគ្រាន់តែជាមនុស្សម្នាក់ដែលចង់នាំការគិតថ្មីដល់សមាជិកគ្រួសាររបស់យើង!

ខ្ញុំមកដល់ពេលនេះក៏មិនទាន់ហ៊ាននិយាយថា ពុកឬឌីជាមនុស្សល្អដែរ!

តែខ្ញុំគ្រាន់តែគិតលេងៗទេថា ឌី! កាលពីមុនផ្ទះយើង គ្រួសារយើងមានគ្នាច្រើនចេះសាមគ្គីគ្នាមែន មាន ទ្រព្យសម្បត្តិច្រើនមែនតែអាឡូវនេះកុំថាឡើយដល់ទៅទប់ទល់នឹងសត្រូវ សូម្បីអង្ករក្នុងពាងក៏រកសឹង ច្រកឆ្នាំងមិនបានដែរ។ ព្រោះតែតម្រូវការក្នុងការបំពោកបំប៉នមនុស្សមួយចំនួនក្នុងគ្រួសារដែលពុក ស្រឡាញ់ពុកលក់គ្មានសល់រ៉េ!

ចឹងគួរឌី បំភ្លេចគ្រួសារយើងចោលរ៉ូវ ព្រោះថាទុកជាឌីមកជួយកសាងគ្រួសារ ខ្ញុំក្រែងតែថាឌីមកទទួលថ្ម បាក់ប៉ុណ្ណោះ។ កុំឱយអ្នកជិតខាងយើងគេដៀលទាន់ឌីអើយ! ថាឌីល្ងង់មើលមិនដឹងថាផ្ទះយើងនៅ សល់តែសម្បកទទេគ្រាន់នឹងមានមុខជាផ្ទះឱយគេហៅប៉ុណ្ណោះ តែអស់ទ្រព្យក្នុងផ្ទះទៅ ញាតិណាក៏គេ មិនទាំងចង់អើតមើលគ្រួសារយើងផង គេខ្លាចថា បើគេអើតឃើញ យើងនឹងហាមាត់សុំលុយគេ!

បើពុកអ្នកនាំរឿងទៅហើយ ទុកឱយពុកអ្នកទទួលខុសត្រូវតទៅទៀតទៅ ព្រោះទោះយ៉ាងណាគាត់មិន ចង់ឱយឌីមកនៅក្នុងផ្ទះនេះទេ។

កម្មគឺអំពើ អ្នកណាធ្វើអ្នកហ្នឹងទទួល។

***

ស្អែកខានស្អែក ព្យុះមកចំស្រុកយើងទៅហើយ គ្រានេះគ្រាក្រហើយយើង!

30 ខែកញ្ញា 2013 / ស្នាមញញឹម

ឯកជន៖ ថ្ងៃខួបកំណើតម្តាយខ្ញុំ


២៤ កញ្ញា ២០១៣

ជារៀងរាល់ឆ្នាំខ្ញុំតែងតែទូរស័ព្ទទៅជូនពរគាត់ ឬផ្ញើកាតប៉ូស្តាល់ទៅជូនម្តាយធំអបអរសាទរថ្ងៃពិសេសនេះ ថ្ងៃ ដែលជីដូនខ្ញុំបានផ្តល់ជីវិតមួយដ៏អស្ចារ្យសម្រាប់គ្រួសារខ្ញុំ។

គាត់ជាបងស្រីតែម្នាក់គត់របស់ម្តាយបង្កើតរបស់ខ្ញុំ។ ជាអ្នកដែលមានសុខភាពមិនសូវមាំទាំតាំងពីតូចមក គាត់ ត្រូវបានម៉ែយាយ(ជីដូនខ្ញុំ) ដាក់ឈ្មោះថា សុខ (ជាឈ្មោះនៅក្នុងគ្រួសារ) ឈ្មោះក្នុងបញ្ជីជាតិ ឡុងហ៊ុម សុខា ហើយក៏ជួនរណ្តំគ្នានឹងប្អូនស្រីឈ្មោះ ផលា ។ ប្អូនខ្ញុំទាំងប្អូនៗបង្កើត និងជីលួតមួយទាំងអស់ហៅគាត់ថាម៉ាក់អ៊ំ

ចំណែកខ្ញុំហៅគាត់ថាម៉ាក់ (របៀបបង្អូសសម្លេងដូចពពែស្រែករកម៉ែវា ឬមួយវាត្រូវគេអារ-ក) និងជួនកាលហៅ Mommy ឬ Mom តាមតែការនឹកឃើញរបស់ខ្ញុំតែពាសអីចឹងទៅ!

បានជាចង់រៀបរាប់វែងអន្លាយនេះណា៎ ព្រោះថាក្រែងមាននរណាដែលត្រូវចូលខ្លួនមកក្នុងគ្រួសារខ្ញុំ ដូច្នេះម្នាក់ នោះត្រូវសិក្សាពីរចនាសម្ព័ន្ធក្នុងគ្រួសារយើងយ៉ាងហោចណាស់ពីរខែបានយល់ 🙄

នៅក្នុងរបប ប៉ុលពត គ្រួសារយើងទាំងអស់គ្នាបានជម្លៀសទៅនៅស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង (មនុស្ស ចាស់ៗរបស់ខ្ញុំមួយណាក៏តែងដំណាលពីរឿងរស់នៅកាលសម័យប៉ុលពតនៅទីនោះដែរ ព្រោះមានរបាយការណ៍ មួយស្តីពីប្រព័ន្ធធារាសាស្រ្តនៅស្រុកគាស់ក្រឡ ខ្ញុំបានអានអក្សរអង់គ្លេសឈ្មោះស្រុកភូមិនៅទីនោះទាំងអស់ ដោយគ្មានទាក់មួយភូមិ តំបន់ណាឡើយ រហូតដល់អ្នកចុះសិក្សាគេលាន់មាត់សួរថាខ្ញុំធ្លាប់ទៅសិក្សាដែរឬ? ចាំ បាច់តែចុះទៅដល់បានស្គាល់ស្រុកភូមិ ស្តាប់តែពួកគាត់និយាយរឿងហ្នឹង ៣០ឆ្នាំ ក៏ចាំយកទៅណាមិនអស់!)។

ក្រោយរបបប៉ុលពតដួលរលំ ម្តាយធំខ្ញុំបានទៅធ្វើការជាមួយអង្គការមួយហើយបានឆ្លងទៅរស់នៅអាមេរិចដោយ មានការធានាពីជីដូនជីតារបស់ខ្ញុំដែលរស់នៅទីនោះស្រាប់តាំងពីមុនរបបលន់ណុល។

ដោយសារចំណេះដឹងភាសាអង់គ្លេសបានល្អ គាត់រកការងារធ្វើបាននៅក្នុងការិយាល័យនៃអង្គការមនុស្សធម៌ ក្រុមហ៊ុននានា និងចុងក្រោយគឺក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច។

ក្នុងពេលគ្រួសារយើងស្ថិតក្នុងស្ថានភាពបាតដៃទទេដូចប្រជាជនខ្មែរទូទៅក្រោយរបបប៉ុលពត គាត់បានខ្នះខ្នែង ស្វែងរកដំណឹងពីពួកយើង និងបានផ្គត់ផ្គង់ជីវភាពគ្រួសារយើងស្ទើរតែពីរភាគបីនៃការចំណាយ ដោយលះបង់ ពេលវេលាផ្ទាល់ខ្លួនស្ទើរតែពេញមួយជីវិតដើម្បីគ្រួសារ ដែលក្នុងនោះខ្ញុំជាអ្នកដែលចំណាយប្រាក់របស់គាត់អស់ ច្រើនជាងគេ។

ពីណាប្រើឱយគាត់ស្រឡាញ់ខ្ញុំខ្លាំងពេកធ្វើអី?

អូខេ! ឈប់! កុំទាន់បាញ់ខ្ញុំ! ខ្ញុំនៅមានរឿងចង់ជម្រាបជូនបន្តទៀត!

កាលពីអាទិត្យមុននេះ គឺជាថ្ងៃពិសេសរបស់មនុស្សពិសេសរបស់ខ្ញុំ ខ្ញុំមិនដែលភ្លេចឡើយនូវថ្ងៃខួបកំណើតមួយ នេះតែខ្ញុំក៏មានការត្រូវចុះទៅឆ្ងាយ ហើយថ្ងៃកំណើតគាត់គឺយឺតជាងមួយថ្ងៃនៅស្រុកអាមេរិច ដូច្នេះខ្ញុំសម្រេចចិត្ត ទូរស័ព្ទទៅជម្រាបគាត់ថា ខ្ញុំធ្វើខួបកំណើតគាត់នៅថ្ងៃ ២៤ កញ្ញា ២០១៣ ថ្ងៃនៅស្រុកខ្មែរ។

+ មែឃ … មែឃ! ង៉ៃណេះខ្ញុំរៀបចំខួបកំណើតជូនម៉ាក់ណា៎!

– ចាស??? (សម្តីរបស់គាត់ទន់ផ្អែមជានិច្ច ទោះជាខ្ញុំធ្វើខុសអ្វីក៏ដោយ គាត់មិនដែលច្រឡោតដាក់ខ្ញុំម្តងណាឡើយ)

+ ម៉ាក់! ថ្ងៃនេះជាថ្ងៃកំណើតម៉ាក់! ខ្ញុំទៅកុំម៉ង់នំសិន!

គាត់ភ្ញាក់ផ្អើលដែរ តែក៏មិនមាននិយាយអីទេ ព្រោះថាទោះជានិយាយអីក៏និយាយមិនទាន់ខ្ញុំធ្វើដែរ។ ខ្ញុំដាក់ទូរស័ព្ទ ពីគាត់ខ្ញុំតេទៅហាងនំដែលខ្ញុំចូលចិត្ត ប្រាប់គេឱយរៀបចំនំឆ្ងាញ់មួយ តាមចំណូលចិត្តរបស់ខ្ញុំ… មួយម៉ោងក្រោយ មកហាងគេហៅឱយទៅយកនំ។ ទូទាត់ប្រាក់ឱយគេរួច ខ្ញុំសុំគេយកប៊ឺរសម្រាប់សរសេរអក្សរមកធ្វើដោយខ្លួនឯង ខ្ញុំចូលចិត្តធ្វើជូនមនុស្សជាទីស្រឡាញ់ដោយដៃរបស់ខ្ញុំនូវអ្វីដែលខ្ញុំអាចធ្វើបាន…តែមិនមែននំខេកទេ!!!

ខ្ញុំតេទៅរកគាត់ម្តងទៀតក្រោយពេលអ្វីៗរួចរាល់ហើយ ម្តងនេះ Daddy ខ្ញុំជាអ្នកលើកទូរស័ព្ទ។ ខ្ញុំក៏ជម្រាបគាត់ពី រឿងនេះ គាត់សើចឮៗហាក់ដូចជាមិនដែលមាននរណាធ្លាប់ធ្វើឱយគាត់សើចបែបនេះពីមុនមកទេ (ពួកគាត់ រៀបការហើយ តែគ្មានកូនឡើយ នៅជាមួយគ្នាតែពីរនាក់ ប្រហែលជាជួនកាលឈ្លោះគ្នាផងក៏មិនដឹង តែខ្ញុំ ចូលចិត្តញ៉ោះគាត់ពេលដឹងថាពួកគាត់មិននិយាយរកគ្នា)។ មានរឿងអស់សំណើចមួយទៀត គឺពេលដែលខ្ញុំ សុំគាត់ធ្វើជាឪពុកម្តាយ (ពីមុនហៅអ៊ំប្រុសទេ) ស្រាប់តែក្រោយមកគាត់ហៅគ្នាសុទ្ធតែ Daddy, Mommy ហ្អើយ! ចាញ់បោកខ្ញុំរហូតចាស់ៗពីរនាក់នេះ។ តាមពិតទៅគាត់ស្រឡាញ់ខ្ញុំណាស់ ស្រឡាញ់តែខ្ញុំធ្វើការងារគ្រប់មុខបាន ហើយពីក្មេងខ្ញុំឧស្សាហ៍ និងរហ័សរហួនជាងពេលនេះ។

  • Hey, Mommy is coming, so I will let you be with your mom a little while, and then I want to talk to you about your work.

ឪពុកខ្ញុំ គឺគាត់តែប៉ុណ្ណឹងឯង ថ្ងៃណាក៏គាត់សួរខ្ញុំគ្រប់តែរឿងដែរ រឿងជីវិត ការងារ ប្រាក់កាសចាយវាយ ហើយ នឹងតើខ្ញុំរស់នៅរាល់ថ្ងៃនេះសប្បាយចិត្តដែរឬទេ?

ពួកគាត់តែងតែគិតពីខ្ញុំគ្រប់ពេលវេលា។ គាត់ចែករំលែកពេលពីការងារដ៏នឿយហត់របស់គាត់ ក្នុងការបង្រៀន សិស្សមកជួយគិតពីជីវិត និងតម្រង់ទិសខ្ញុំ។ បើគ្មានការណែនាំ ប្រដែប្រដៅពីមនុស្សចាស់អាយុជិតចិតសិបឆ្នាំ ទាំងនេះទេ ខ្ញុំប្រហែលជាតាប៉ែវ៉ែស្លាប់រស់មិនដឹងយ៉ាងណាយ៉ាងណីទេ។ កុំឱយតែឮថាខ្ញុំស្រឡាញ់អី ចង់បានអី ចង់ធ្វើអី គាត់មិនដែលនិយាយពាក្យថា «កុំ» ជាមួយខ្ញុំសោះ មានតែជំរុញបន្ថែម គាំទ្រនូវគំនិតឆ្កួតៗរបស់ខ្ញុំគ្រប់ ពេល ទោះបីដឹងថាវាឆ្កួតក៏ដោយ។

+ ម៉ាក់…ម៉ាក់ ថ្ងៃនេះជាថ្ងៃខួបកំណើតម៉ាក់! I am cherish the day you are coming into this world, I am proud to be your little one. Did you know that?

– Yes, babe. I know and I love you so much.

+ No matter how hard I try, no matter what I do, I would never be able to show you how much I appreciate everything you’ve done for me. You are my hero, you are my strength. In every smile, every tear and every cheer you were always there for me through the years supporting me and providing me with all the energy I needed in order to stand in this life. Happy Birthday Mom and thank you for everything!

– Oh thank you, baby…

រាល់លើក ឱយតែគាត់ឮខ្ញុំច្រៀងបទបំពេរគាត់នូវឃ្លាទាំងនេះ គឺគាត់តែងតែស្រក់ទឹកភ្នែក គាត់មិនដែលគិត ម្តងសោះថាខ្ញុំរប៉ិលរប៉ូចប៉ុនណា? ខ្ញុំខូចយ៉ាងណា? ក្នុងចិត្តគាត់មានតែខ្ញុំទេដែលគាត់ស្រឡាញ់ បើម្តាយខ្ញុំ និយាយអ្វីគាត់មិនសូវជឿទេ តែបើខ្ញុំនិយាយថា រឿងនេះ វាអីចេះ វាអីចុះ គាត់ជឿមួយរយភាគរយ ព្រោះតែម្យ៉ាង គត់គឺគាត់ស្រឡាញ់ខ្ញុំណាស់ ហើយទាំងប្តីទាំងប្រពន្ធ។ មិនខ្វល់ថាខ្ញុំចង់បានអាវថ្លៃរាប់រយ សៀវភៅរាប់គីឡូ គាត់ចំណាយប្រាក់ ចំណាយពេលរៀបចំទិញ ហើយផ្ញើមកខ្ញុំមិនដែលលើកលែងម្តងណាឡើយ ហើយឱយតែ ខ្ញុំ ហាមាត់ថាចង់រៀន ចង់ដើរទៅណា គឺគាត់ប្រុងប្រៀបប្រាក់ទុកឱយខ្ញុំចំណាយទាំងអស់… គិតទៅស្រឡាញ់ នរណាម្នាក់ងប់ងុលគឺគ្មានមើលឃើញកំហុសគេសោះឡើយ… តួយ៉ាងដូចជាម្តាយ និងឪពុកខ្ញុំនេះឯង!

ពេលគាត់និយាយ គាត់យំអស់ចិត្តហើយ គឺខ្ញុំម្តងជាអ្នកកាត់ស្ថានភាពតឹងតែង…

+ ម៉ាក់ហ្អា៎! ម៉ាក់ចង់បានអីប្រាប់កូនមក៍! កូននឹងធ្វើជូនម៉ាក់ ទុកជា Gift ក្នុងថ្ងៃខួបកំណើត!

– ម៉ាក់ ដូចជាមិនមានអ្វីចង់បានទេ! កុំទិញរបស់នាំអស់ប្រាក់ផ្ញើមកដូចលើកមុនទៀត!

+ ចឹងក៏បានដែរ! ចុះម៉ាក់អត់ចង់ធ្វើបុណ្យអីទេ?

– ធ្វើបុណ្យអីទៅចឹង?

+ ចុះវត្តដែលអត់មានកុដិនុះ ម៉ាក់មិនចង់ចូលធ្វើនឹងគេទេ?

– អ៊ើៗ ម៉ាក់ចង់ជាវព្រះមួយអង្គយកទៅតម្កល់ក្នុងកន្លែងនោះ ទុកឱយអ្នកស្រុកបានបូជា យកទទឹង…

+ អូខេ! ចាំកូនទៅមើលនៅពោធិ៍សាត់ជូន! អាឡូវម៉ាក់នឹកបន់ស្រន់ក្នុងចិត្តទៅ!… (ខ្ញុំទុកពេលឱយគាត់ប្រហែល ពីរនាទីដើម្បីធ្វើកិច្ចការរបស់គាត់ក្នុងចិត្ត) … រួចនៅម៉ាក់?

– ចាស រួចហើយ! You have made my day a very very special day today, my baby girl. I wish I could live with you.

+ One day, Mom. One day I will be with you. I promise you. ចឹងកូនផ្លុំទៀនហើយណា៎! កូនចង់ញ៉ាំ នំហ្នឹងតាំងពីអាទិត្យមុនម្លេះ!

គាត់ងាកទៅប្រាប់ប្តីរបស់គាត់ថាខ្ញុំ មាននំខេកក្នុងថ្ងៃខួបកំណើតគាត់ ហើយខ្ញុំផ្លុំទៀនជំនួសគាត់។ ក្រោយមក ខ្ញុំក៏ត្រូវឪពុកខ្ញុំសួរនាំរឿងរ៉ាវ ដដែលៗ (ប្រហែលជាជាងដប់ឆ្នាំហើយ តាំងពីខ្ញុំមានទូរស័ព្ទមក) ដើម្បីរាយការ ជូនលោកឪពុកផង និងសួរសុខទុក្ខស្មាស្តាំរបស់គាត់ដែលឈឺដោយសារគាត់ទៅហាត់ប្រាណផង។ គាត់អស់ សំណើចយ៉ាងខ្លាំងដែលមានកូនម្នាក់ មានគំនិតឆ្កួតលីលាខុសដាច់ពីគេ ក្នុងលោកនេះ។

ថ្ងៃសម្រាកនេះ ប្រហែលជានឹងត្រូវរកវិធីទៅមើលព្រះមួយអង្គជូនគាត់។

តែនំខេកញ៉ាំអស់ហើយ គឺញ៉ាំបណ្តើរ និយាយជាមួយឪពុកបណ្តើររហូតទាល់តែអស់នំខេក មួយ ថ្លៃ ដប់ប្រាំដុល្លារ អត់មានរំលែកឱយនរណាមួយរៀល ឱយតែអាបេប៊ីប៊យក្មួយសំណព្វចិត្តមួយជ្រុងតូចបំផុត ឱយវាជួយអបអរថ្ងៃ កំណើតរបស់ជីដូនវា!!!

To you, my lovely Mommy!

DSC07080

DSC07079

27 ខែកញ្ញា 2013 / ស្នាមញញឹម

អនុស្សាវរីយ៍មួយ ក្នុងព្រៃជាំផ្កា (ត)


ភាគ២

ដោយខ្លាចរៀបអីវ៉ាន់មិនទាន់ ហូបបាយរួចភ្លាមខ្ញុំមិនជួយនាងទុកដាក់ចានឆ្នាំងទេ។ ខ្ញុំចុះទៅប្រមូលសព្វាវុធ គ្រប់ធុនមកទុកដាក់កន្លែងដែលអាចរកបានដោយងាយ ក្បែរៗដំណេក។ នាងរៀបចានឆ្នាំង…

សម្លេងគីង្គក់ក្រត និងសត្វយំចម្រុះគ្នាធ្វើឱយនាងកាន់តែមានទឹកមុខស្លេកស្លាំងជាងមុន… ខ្ញុំឮសម្លេងពស់វែក ស្រែកដូចមាន់បណ្តើរកូន…ធ្វើឱយព្រឺសម្បុរខ្ញាកៗ… កំពូលសត្រូវរបស់ខ្ញុំ … តាមស្តាប់សម្លេងនេះ នៅមិនឆ្ងាយ ពីផ្ទះនេះឡើយ…ឬប្រហែលជានៅខាងក្រោមផ្ទះបាយនុះហើយ…

ងាកចុះងាកឡើងទៅ ខ្ញុំរកឃើញកញ្ចក់ចាស់មួយទំហំប៉ុនខ្នើយកើយ ដែលមីងម្ចាស់ផ្ទះគាត់ផ្អែកនៅជញ្ជាំង ក្បាលដំណេករបស់គាត់។ ខ្ញុំទៅលើកកញ្ចក់មកដាក់ក្បែរមាត់ទ្វារផ្ទះ ដោយដាក់ទូរស័ព្ទបាញ់ចំចានអាលុយ មីញ៉ូមហើយតម្រង់ឱយចំណាំងផ្លាតពីចានអាលុយមីញ៉ូមចំកញ្ចក់ម្តងទៀត… រៀបចុះរៀបឡើង ខ្ញុំចង់វិល មុខដោយសារតែរត់ម្តងទៅខាងណេះ ម្តងទៅខាងណោះ ទម្រាំសារេត្រូវ…

– ស្មើណាបានបងអាចឈប់ធ្វើខ្លួនទៅម៉ោៗ ធ្វើឱយខ្ញុំវិលមុខទៀត??? (តើខ្ញុំជាស្វាមែនទេ???)

អង្គុយនឹកដល់ពាក្យសម្តីដែលនាងនិយាយជាមួយខ្ញុំ ខ្ញុំតែងមានអារម្មណ៍ថានេះជានារីទីពីរហើយដែលអាច និយាយរឿងរ៉ាវជាច្រើនជាមួយខ្ញុំបាន។ ទោះនិយាយមិនសូវត្រូវគ្នាក៏ដោយ ក៏ខ្ញុំអាចដឹងថានាងតាមទាន់ការ គិតរបស់ខ្ញុំឬនិយាយម្យ៉ាងទៀតបានថា ដឹងគ្រប់ល្បិចរបស់ខ្ញុំ។

មានពេលខ្លះ យើងមានមិត្តជាច្រើននៅជុំវិញខ្លួន តែមិត្តដែលអាចនិយាយត្រូវគ្នាមានមិនច្រើននោះទេ។ មិត្ត ខ្លះអាចធ្វើឱយយើងរីករាយ ខ្លះក៏នៅស្ងៀមចាំស្តាប់យើងនិយាយ តែខ្លះទៀត ចូលចិត្តនិយាយខ្ទាស់រឿង ទោះ រឿងនោះត្រឹមត្រូវដូចម្តេចក៏ដោយ… ឧទាហរណ៍៖ ម្នាក់និយាយថា៖ ពីភ្នំពេញទៅ ពោធិ៍សាត់ ប្រហែល ១៩០ គីឡូម៉ែត្រ ម្នាក់ទៀតស្រែកវាសភ្លាម៖ ហេស ២០០ គីឡូម៉ែត្រឯណោះ!… វាខុសគ្នាយ៉ាងម៉េច បើគេប្រើពាក្យ ប្រហែលនុះ!

«…គិតមើលចុះ នាងដឹងថាខ្ញុំនឹងឃាត់នាងមិនឱយមកព្រៃព្រោះខ្ញុំទៅច្រើនថ្ងៃពេក (ដូច្នេះបើតិចថ្ងៃ នាងនឹង បានទៅដែរ) នាងរកល្បិចនិយាយឱយខ្ញុំចេញពាក្យថា៖ បងទៅ ឆាប់ម៉ោវិញទេ… គិតទៅមនុស្សស្រី ស្អិត ល្អិត ម៉ដ្ឋ ណាស់…»

ស្រកបាយបន្តិច ខ្ញុំចុះទៅលើកឆ្នាំងពោតស្ងោរ និង ពោតដុតដែលបានឆ្អើរទុកលើរនូតផ្ទះ។ នាងអង្គុយមាត់ ទ្វារជាមួយខ្ញុំមើលទៅមេឃខាងមុខផ្ទះដែលឃើញភ្លឺស្ទុងៗ … ជជែកគ្នារឿងជីវិតរបស់យើងបណ្តើរ បកពោត ហូបបណ្តើរ បន្ថែមពីលើបាយដែលខ្ញុំហូបមិនឆ្អែត ដោយសារនាងមិនចេះស្មានអង្ករដាក់ដាំបាយ។ យើងមាន ពេលជជែកគ្នាច្រើនរឿងណាស់រាប់តាំងពីរឿងកម្ទេចកម្ទីក្នុងជីវិត រហូតដល់ក្រុមគ្រួសាររបស់ អ្នកដទៃដែល នៅក្បែរយើង។ 

នាងនិយាយបណ្តើរពីការរកស៊ីរបស់ឪពុកម្តាយនាងដែលត្រូវការមានអ្នកជួយ ជំនួស ដៃជើង ហើយកិច្ចការងារ ចង់បើកហាងលក់សម្លៀកបំពាក់ដែលនាងគិតជាមួយខ្ញុំពីលើកមុនម្តង។

– នៅទីនេះ យើងគ្មានទូរទស្សន៍មើល គ្មានវិទ្យុស្តាប់ព័ត៌មាន គ្មានភ្លើងអគ្គិសនី គ្មានស្រា គ្មានម្ហូបឆ្ងាញ់ គ្មានពូក គ្មានខ្នើយទន់ស្រួលដូចនៅផ្ទះយើងសោះ… អ្វីៗហាក់ដូចជាពិបាកក្នុងការទម្លាប់រស់នៅណាស់!

+ តែក៏គ្មានផ្សែងពុល! … (នាងមានគំនិតចង់និយាយថា រស់នៅដូចក្នុងព្រៃអាម៉ាហ្សូន តែខ្ញុំតែងតែពេញចិត្ត នឹងលើកហេតុផលមកប្រាប់នាងយ៉ាងសុទិដ្ឋិ)។

ជាទម្លាប់ធម្មតាម៉ោងស្មើណេះ ខ្ញុំតែងតែផ្ញើសារទៅស៊ីណាដើម្បីនិយាយពាក្យរាត្រីសួស្តីជាមួយនាងមុនចូល គេង…

+ អូន! នៅហ្នឹងមួយ ភ្លែតបានទេ បងចង់ទៅទូរស័ព្ទរកពូមួយភ្លែតទៀត?

– អូនទៅដែរ!

+ ណូ! ដើរយប់អីចឹង ខ្លាចសត្វ។ អូននៅលើផ្ទះហ្នឹងហើយ!

– អត់ទេ ទៅដែរ! អូនដឹងថាបងនឹងតេទៅរកនរណាខ្លះ ស្មើណេះ!

+ ហ៊ើយ! បងសុំទៅតេរកស៊ីណាម៉ាភ្លែត បានក៏អត់? សុំតែម៉ាភ្លែតទេ។ បងនឹងស្រែកហៅអូនរហូត!

– បងតេរកនរណាតេទៅ តែអូនទៅជាមួយដែរ!

+ អូខេ … ចឹងមិនបាច់ទេ! ចាំស្អែកក៏បានដែរ!

បង្អង់មួយស្របក់ នាងក៏និយាយរឿងតទៅទៀត ធ្វើហាក់បីដូចជានាងមិនដឹងថាក្នុងចិត្តខ្ញុំកំពុងនៅមិនសុខព្រោះ តែមិនបានទាក់ទងទៅសង្សារចាស់។

– បង? កាលណាឈប់ធ្វើការឆ្ងាយពីផ្ទះ ហើយរកការងារជិតៗធ្វើវិញ?

+ បងកំពុងស្រឡាញ់ការងារបែបនេះ។ សុំឱយបងបានធ្វើអ្វីដែលបងចង់ធ្វើផងទៅ! (កិច្ចការដែលតែងហៅគូ ទំនាស់ទាំងឡាយ មកនិយាយតទល់គ្នា ព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ហើយដែល ជួនកាលប្រើ វិធីសាស្រ្តនយោបាយមួយចំនួនដើម្បីដំណើរការទៅបានរលូនជាងធម្មតាបន្តិច)

ក្នុងចិត្តនាង កិច្ចការដ៏គ្រោះថ្នាក់នឹងនាំទុក្ខដល់ខ្លួនយើង និងគ្រួសារទៀតផង។ ក្នុងចិត្តខ្ញុំ ខ្ញុំសប្បាយចិត្តនឹង បានចេញដើរជាជាងនៅក្នុងការិយាល័យឃើញតែមុខមនុស្សដដែលៗ…

ដើម្បីគេចពីប្រធានបទក្តៅដែលយើងនឹងអាចប្រគងសម្តីគ្នាព្រោះតែរឿងនេះ ខ្ញុំចុះទៅកល់កង់ឡាន ខ្លាចវា រអិលថយក្រោយប្រសិនបើមានភ្លៀងធ្លាក់។ ទើបតែនឹកឃើញថានៅក្នុងឡាននាង មានខ្នើយកល់ ពីរដាក់នៅ បាំងខាងក្រោយតៃកុង ខ្ញុំក៏ប្រមូលវាទុកសម្រាប់កើយក្នុងយប់នេះ ព្រោះថាខ្នើយមុងម្ចាស់ផ្ទះគាត់មិនបានត្រៀម សម្រាប់ពួកយើងទេ ដូច្នេះ យកតែមុងគាត់មកចងការពារមូសនោះគឺគ្រប់គ្រាន់ណាស់ហើយ យើងនឹងប្រើខោ អាវខ្លះដណ្តប់ជាជំនួសភួយបាន…រួមជាមួយនឹងភ្លើងគល់ដែលឆេះក្រោមផ្ទះ ជាគ្រឿងកំដៅដូចមនុស្សកូនខ្ចី ដេកអាំងភ្លើងអីចឹង! អស្ចារ្យ យប់ដ៏ត្រជាក់នេះ តើខ្ញុំនឹងដេកលក់ដែរទេ កាលបើមានឡានល្អមួយ និងមនុស្ស ស្រីស្អាតម្នាក់នៅក្រោមការមើលខុសត្រូវរបស់ខ្ញុំបែបនេះ?

+ អូនចុះមកក្រោម បត់ដៃបត់ជើងឱយហើយទៅ! ហើយកុំភ្លេចយកច្រាសដុសធ្មេញបងមកផង។

– តើខ្ញុំអាចរើអំពូលភ្លើងសិប្បនិម្មិតរបស់បងបានទេ? ខ្ញុំចង់កាន់ពិល!

+ បាទ បាន ព្រោះលែងត្រូវការមើលអីទៀតហើយ! តែប្រយ័ត្នដើរទាត់កញ្ចក់ ព្រោះបងគ្រាន់តែផ្អែកវាទេ!

– អូខេ។

ក្រោយបង្ហើយបារីរបស់ខ្ញុំហើយ ខ្ញុំក៏រៀបភ្លើងគល់តម្រៀបគ្នា ដើម្បីកុំឱយពិបាកចុះមករុញច្រើនដងនាំឱយដេក លក់មិនស្កប់។

– បង! អត់ទាន់ដុសធ្មេញទេហ្នឹងហ្អេក! ខ្ញុំទុកថង់ច្រាសនៅលើគ្រែក្រោមផ្ទះ។

+ សែងឃ្យូ បេប៊ី!

– អេមណត់ ហ្គន់ណា ហ្គេត យូ ធូ​ ស្លីប ធូណាយ អ៊ីហ្វ យូ ដុន ប្រាស់ យ៉ ធីត ហានី!

+ ងិងិងិ យេស មេម!

រៀងរាល់យប់ នាងគឺជាម្តាយដែលតែងរំលឹកដាស់តឿនខ្ញុំឱយធ្វើកិច្ចការដែលត្រូវធ្វើមុនពេលចូលគេង។ ទីមួយ គឺមុជទឹក ទីពីរគឺដុសធ្មេញ ទីបីគឺសូត្រធម៌មុនចូលគេង…

+ តោះចូលគេង! ស្អែកយើងនឹងបានងើបពីព្រឹក! តែ…យប់នេះសុំមិនសូត្រធម៌ទេ ងងុយគេងណាស់!

– គ្រាន់តែសូត្រប៉ុន្មានម៉ាត់ហ្នឹង? កុំខ្ជិល! រៀនទម្លាប់ខ្លួនជាមនុស្សល្អបន្តិចទៅ!

+ ចុះបងសូត្រក្នុងចិត្តរួចហើយតើ! (ខ្ញុំស្ទាបរាវរកអាវុធគ្រប់បែបយ៉ាងនៅលើក្បាលដំណេករបស់ខ្ញុំដើម្បីឱយ ប្រាកដថាខ្ញុំអាចរកវាឃើញនៅពេលអាសន្ន)

– បងដឹងទេ? ការសូត្រធម៌ គឺជាការតាំងសមាធិមួយ ធ្វើឱយអារម្មណ៍យើងស្ងប់មុនពេលគេង!

+ ចុះសាសនាផ្សេងដែលមិនបានសូត្រធម៌មុនពេលគេង គេនឹងឈឺឬ?

– បងនិយាយទៅមើល៍ សាសនាណាដែលមិនឱយសាសនិករបស់គេសូត្រធម៌ ឬរំលឹកដល់ព្រះមុនពេលគេង?

+ សាសនាគ្រឹស្ត!

– មុននឹងធ្វើអ្វីក៏គេត្រូវរំលឹកអរគុណព្រះដែរ!

+ សាសនាអ៊ីស្លាម! …មិនដែលឮចាមសូត្រធម៌មុនគេងទេ!

– សាសនាណាក៏មានដែរ! មានតែមនុស្សគ្មានសាសនាទេ ដែលមិនអាចសូត្រធម៌បាន។

+ អូខេ! (ខ្ញុំសូត្រធម៌មួយចប់តាមនាង) … តើយើងអាចនឹងទៅដល់ឋានសួគ៌ដែរទេ?

នាងមិនតបនឹងសំណួរបញ្ជោះបន្សោករបស់ខ្ញុំទេ នាងគេងអោបខ្ញុំលែងតមាត់ទៅទៀតព្រោះថាបើនៅតមាត់ ខ្ញុំនឹងនាំនាងនិយាយមួយយប់ទើសភ្លឺមិនខាន។

ពិតមែនតែខ្ញុំតែងតែនាំនាងនិយាយកំប្លែង អំពីជីវភាពរបស់ប្រជាជន ឬអំពីរឿងអាក្រក់អាក្រីផ្សេងៗ ប៉ុន្តែនេះ គ្រាន់ជាគ្រឿងបន្លប់ចិត្តប៉ុណ្ណោះ។ រឿងស្នេហាដែលព្រាត់ប្រាសគ្នាថ្មីៗរបស់ខ្ញុំ រឿងស្នេហាដែលខ្ញុំស្រឡាញ់ យ៉ាងស្ម័គ្រស្មោះអស់ពីបេះដូង នៅញាំញីជាប់ចិត្ត ជាប់ខួរ នៅឡើយទេ។ ខ្ញុំមិនដែលបំភ្លេចឡើយនូវស្នាមញញឹម របស់នារីជាទីស្រឡាញ់…ខ្ញុំមិនដែលភ្លេចឡើយ ទុក្ខលំបាក និងក្តីរីករាយមួយភ្លែតៗ ទាំងប៉ុន្មានដែលខ្ញុំ និង នាង ធ្លាប់បានដឹកដៃគ្នាឆ្លងកាត់…

ខ្ញុំចង់ចុះទៅជក់បារីនៅខាងក្រោម តែទំងន់ដៃរបស់នាងបានគ្របទទឹងខ្លួនខ្ញុំមួយទំហឹងទៅហើយ…

កំពុងតែដេកលក់យ៉ាងសុខស្រួល ស្រាប់តែភ្លៀងធ្លាក់យ៉ាងខ្លាំង។ គ្រាប់ភ្លៀងធំៗស្រក់លើស័ង្កសីធ្វើឱយលាន់ឮ សឹងបែកត្រចៀក។ នាងខ្លាចខ្លាំងណាស់ ព្រោះដំបូលស័ង្កសីដែលទាប ធ្វើឱយលាន់សំលេងកាន់តែខ្លាំង។

– បងអើយ!

+ បាទ?

– ខ្ញុំខ្លាចខ្លាំងណាស់!

+ កុំខ្លាចអី! ទោះជាយ៉ាងណាបងនឹងការពារអូន! គេងទៅ! បន្តិចទៀតភ្លៀងរាំងវិញលែងឮទៀតហើយ!

– បងនិយាយជាមួយអូនបន្តិចសិនមក៍ កុំទាន់គេង!

+ បា…ទ!

– ម៉េចក៏យើងមកនៅកំសត់ខ្លួនអីក្នុងព្រៃហ្នឹងអីចឹង?

+ មានអី … កំសត់អូន? គេរស់ម៉េចបាន … យើងក៏…បាន…ដែរ។

– តែយើងមានផ្ទះ មានគ្រែ មានពូក ម្តេចក៏យើងមកគេងនៅទីនេះ? … បង! កុំទាន់គេងណា៎!

+ បា..ទ…!

ទោះជាងងុយយ៉ាងណាក៏ខ្ញុំគេងមិនលក់ដែរ ព្រោះកម្លាំងដៃរបស់នាងឱបខ្ញុំស្ទើរស្លាក់ខ្យល់ទៅហើយ តែបើនៅ តែតមាត់គ្នាជាមួយនាងទៀត គឺប្រាកដជាបាននៅនិយាយគ្នាទល់ភ្លឺមិនខាន ព្រោះនាងកំពុងតែខ្លាច! ខ្ញុំក៏អង្អែល ខ្នងនាងតិចៗ ឱយនាងឆាប់គេងទៅ …

កណ្តាលអាធ្រាត្រ ខ្ញុំក្រោកចុះទៅមើលភ្លើងភ្នក់នៅក្រោមផ្ទះ ដកបារីមកជក់បណ្តើរ កំដរបរិយាកាសដែលត្រជាក់ ហើយសើម និងដែលស្ងាត់ជ្រងំនៅកណ្តាលព្រៃ ឮតែសម្លេងសត្វយំ គួរឱយស្រណោះស្រុកទេស…

បង! (សម្លេងនាងស្រែកស្ទើរភ្លាត់សម្លេង) បង! 

+បងនៅខាងក្រោម! … អូន! … បងនៅខាងក្រោម! … បងឡើងទៅវិញហើយ!

ក្រោយលាងជើងស្អាតបាតហើយ ខ្ញុំក៏ចូលគេងវិញ។

ម្តងនេះខ្ញុំដេកលក់ស្រួលបន្តិច ព្រោះតែអស់កម្លាំងដោយសារកាន់ចង្កូតឡានពេញមួយថ្ងៃ ប្រឹងឡើងអស់ពីខ្លួន។

តែដល់ជិតភ្លឺ ខ្ញុំត្រូវភ្ញាក់យ៉ាងខ្លាំងដោយសារសម្រែករបស់នាង…

– បង! បងៗ! … បង! រញ្ជួយផែនដីមែនទេ?

+ ហ៊ឹស?… មានឯណា?

– រង្គើផ្ទះហើយ!

+ អូន…ហ្អា៎… គេងទៅ! បងងងុយណាស់! 

– បងហ្អា៎? រញ្ជួយផែនដីហើយ

 

សូមរង់ចាំអានភាគបញ្ចប់

17 ខែកញ្ញា 2013 / ស្នាមញញឹម

ការពារគ្រាប់


តាមពិតទៅកំពុងអង្គុយសរសេរប្រកាសពីរបីឯណោះទេ តែនឹកឃើញថានៅភូមិនេះ បងប្អូនខ្ញុំបាញ់ខ្ញុំពេក តាមបាញ់រហូតដល់ផ្ទះនៅហ្វេសប៊ុក គ្មានថ្ងៃលោះសោះ ម្ល៉ោះហើយក៏គិតរកវិធីណាមួយដែលអាចការពារ ខ្លួនកុំឱយត្រូវគ្រាប់។

ជាបឋម គោលការណ៍របស់ខ្ញុំ គឺថាធ្វើយ៉ាងណាការពារខ្លួនឱយបានសិន កុំឱ្យគេចាប់ដានរឿងអាក្រក់ៗ របស់ខ្ញុំបាន តែចោលអា«ចរិត»ចង់ឱយគេសើចហ្នឹងមិនបានសោះ… សរុបទៅ…អាដែល!

បន្ទាប់មកត្រូវតាមចាប់កំហុសរបស់អ្នកតាមបាញ់ឬហៅម្យ៉ាងទៀតថាតាមប្រមាញ់រឿងរបស់គេម្តង។ តែ គ្មាននរណាគេចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនអាក្រក់ៗដែលអាចឱយយើងបាញ់បានវិញសោះ… សរុបទៅ…

ស្នៀតចុងក្រោយ គឺជន្លឱយគេចេញរឿង តែម៉ាល្បិចនេះគ្រោះថ្នាក់ណាស់ បើធ្វើភ្លាត់ អាចស្រោចមកលើ ខ្លួនឯងបាន… សរុបទៅ…អាដែល!

 

ណ្ហើយ! ទុកខ្លួនជាមនុស្សកំសត់ម្នាក់ដែលអាចផ្តល់ភាពរីករាយដល់មនុស្សជុំវិញខ្លួននៅទីនេះចុះ!

17 ខែកញ្ញា 2013 / ស្នាមញញឹម

ឋានៈបង


មានអ្នកប្រកួតប្រជែងសរសេរ «ប្រកាសឆ្លើយឆ្លង» ជាមួយខ្ញុំដែរហើយ!

សូមអញ្ជើញទស្សនា ប្លក់ពិសេស នេះ ពី «គ្រួសាររីករាយ» ដូចតទៅ…

krousarrikreay

ប្តូរបរិយាកាសមករៀនសរសេររឿង គួរអោយចាប់អារម្មណ៍ដូចបងកណ្យាណដែរ ហើយដៃគូអត្ថបទនេះគឺ «ឋានៈអូន»

ឋានៈអូន

ឋានៈបងក្នុងចិត្តអូនប្រៀបដូច ជាទីផ្សារភាគហ៊ុនដែលគេទិញហើយរក្សាទុក ដោយសង្ឃឹមថាវានឹងក្លាយជាទ្រព្យដ៏មានតម្លៃនៅពេលខាងមុខ។

ផ្ទុយទៅវិញ ភាគហ៊ុនមួយនេះ បែជាធ្លាក់ចុះយ៉ាងគំហុក លឿនហួសពីការស្មានរបស់អូន។

ប៉ុន្តែសំណាងហើយដែលអូនលក់ចេញទាន់ពេល កុំអីពិបាកពណ៌នាស្ថានភាពពេលនោះណាស់ អូនអាចនឹងជាប់បំណុល ហើយជាបំណុលមួយជីវិតមិនអាចសងអស់។​

អរគុណទេវតាដែលបណ្តាលចិត្តអូនអោយក្លាហាន សំរេចចិត្តចាកចេញពីបង មុនពេលស្ថានការណ៍មិនអាចស្រោចស្រង់!  😀

 

View original post

11 ខែកញ្ញា 2013 / ស្នាមញញឹម

អនុស្សាវរីយ៍មួយ ក្នុងព្រៃជាំផ្កា


ភាគ១

 

«

– បងហ្អា៎?

+ បាទ?

– គេហ៍សុំទៅលេងព្រៃជាមួយបងផងបានទេអាទិត្យនេះ?

+ ចាំអាទិត្យក្រោយទៅបានអត់? លើកនេះបងទៅដេកបួនប្រាំយប់ឯណោះ។ អូនមុខជាធុញមិនខាន។

»

…មួយខែក្រោយមក…

«

– បង!

+ បាទ???

– ការងារលាបជញ្ជាំងផ្ទះកាលណាបានរួចទៅ ប្រុងទុកឱយនៅមេម៉ាយប៉ុន្មានខែ ឱយដូចដូរចង្កៀងឡានដែរ មែនទេ?

+ អត់ទេ។ បងសន្យា។ (ខ្ញុំធ្លាប់សន្យាថានឹងដូរចង្កៀងឡានមួយចំហៀងរបស់ខ្ញុំដោយខ្លួនឯង មិនចង់ចំណាយ ប្រាក់ឱយជាងទេ។ ទម្រាំបានដូរចង្កៀនឡានរួច ខ្ញុំចំណាយពេលជាងបីខែ… ចាំថ្ងៃនេះ ចាំថ្ងៃនោះរហូត។)

– បងទៅព្រៃលើកនេះយូរទេ?

+ បងទៅតែពីរយប់មកវិញហើយ។ មកវិញបងនឹងបង្ហើយជញ្ជាំងផ្ទះ។

– ចឹងលើកនេះអូនសុំទៅព្រៃជាមួយផងបានទេ?

+ អូនទៅធ្វើអី???

– ចង់ទៅដើរលេង តាមព្រៃភ្នំ ធម្មជាតិនឹងគេម្តង។

+ អូនស្មានតែស្រួលណាស់ទៅឬ? មិនមែនដូចទៅដើរលេងនៅបរទេសទេណា៎។

– អូនដឹងទេតើថាវាមិនស្រួល តែអូនចង់ទៅ!

+ កុំទៅអី!!! ចាំបងនាំអូនទៅលេងចំបក់នៅកំពង់ស្ពឺវិញ។ ខាងណោះស្រួលធ្វើដំណើរបន្តិច។

– ម៉េចបានបងមិនចង់ឱយអូនទៅ??? បងឯងមាននរណានៅក្នុងព្រៃហ្នឹងមែនទេ?

+ ណែ!!! ទៅជាអីចឹងទៅ? កុំគិតសង្ស័យបងបែបហ្នឹងមើល៍ បើមាននរណាផ្សេងក៏បងមិនទៅមាននៅក្នុងព្រៃ ហ្នឹងដែរ។

– ចុះម៉េចបានជាមិនចង់ឱយអូនទៅជាមួយផង?

+ ប្រាប់ហើយថាពិបាក!

– ជិះឡានទៅមានអីពិបាក?

+ ហ្អើយ!!! និយាយមិនចេះស្តាប់សោះ!

»

ជួនជារដូវនោះជារដូវភ្លៀងធ្លាក់រអិលប៉ប៉ាច់ ខ្ញុំជិះម៉ូតូរបស់អង្គភាពទៅទុកនៅផ្ទះលោកម្នាក់ជាអ្នកនាំផ្លូវ សម្រាប់ ឱយគាត់ធ្វើដំណើរទៅមុន។ យើងបានណាត់គ្នាថាទៅព្រៃក្នុងតំបន់មួយដែលគេហៅថាជាំកា/ជាំផ្កា (កាលណោះ ជាតំបន់ដាច់ស្រយាល មិនទាន់មានឈ្មោះជាភូមិតាមផ្លូវការនៅឡើយទេ) គឺជាព្រៃដែលក្រុមហ៊ុនសម្បទានដីពីរ បានឈូសឆាយទៅជាវាលសម្រាប់ដាំកៅស៊ូ ហើយនៅសល់ដីបន្តិចបន្តួចដែលអ្នកភូមិនៅទីនោះតស៊ូក្រាញនៅ ធ្វើស្រែចំការក្នុងព្រៃតាំងពីយូរណាស់មកហើយ មុនពេលមានក្រុមហ៊ុនមកដាំកៅស៊ូទៅទៀត ដោយយើងអាច សង្កេតឃើញដើមដូង ដើមស្លា និងខ្នុរខ្លះនៅក្នុងដីចំការរបស់គាត់។

ផ្លូវធ្វើដំណើរពីខេត្តកំពង់ធំទៅទីរួមស្រុកសណ្តាន់ លំបាកណាស់ទៅហើយ ត្រូវឆ្លងទឹក ឆ្លងទូក រថយន្តរបស់នាង ដែលស៊ីសាំងយ៉ាងខ្លាំង ក៏ត្រូវចំណាយអស់ច្រើនជាងធម្មតាទៅទៀតពេលបរលើផ្លូវដីគ្រលុកធំតូចទាំងនោះ។ ចេញពីទីរួមស្រុកសណ្តាន់នៅម៉ោងពីររសៀលបន្ទាប់ពីបានទទួលទានបាយថ្ងៃត្រង់រួច ក្រោយពីធ្វើដំណើរពីខេត្ត កំពង់ធំអស់ពេលជាងបួនម៉ោង យើងបន្តដំណើរតាមផ្លូវរទេះក្នុងឃុំមានរិទ្ធទៅកាន់ផ្លូវ មៀង លីហេង ដែលជាផ្លូវ សំខាន់កាលសម័យដឹកជញ្ជូនឈើរបស់ក្រុមហ៊ុននេះ ទើបរថយន្តអាចធ្វើដំណើរបានស្រួលជាងមុនបន្តិច។ តាម ផ្លូវក្រាលគ្រួសក្រហមមៀងលីហេង ខ្ញុំបានប្រាប់នាងនូវទីតាំងសំខាន់ៗទាំងឡាយដែលជាអនុស្សាវរីយ៍របស់ខ្ញុំ ក្នុងព្រៃកន្លែងជ្រូកដេញ…កន្លែងទិញឈាមខ្លាឃ្មុំត្រាំស្រាយកទៅឱយនាង…កន្លែងឈប់សម្រាកកណ្តាលព្រៃ…

យើងទៅដល់ផ្ទះចំការមួយដែលជារបស់អ្នកនាំផ្លូវ ដែលគាត់ជាអ្នកស្រុកភូមិក្បែរនោះដែរ (ជិះប្រហែលមួយម៉ោង ទៅដល់ភូមិនោះហើយ) យើងមិនបានឃើញគាត់មកតាមសន្មត់គ្នាទេ។ ខ្ញុំឡើងបើកទ្វារផ្ទះដែលខ្ញុំមានសោស្រេច ឱយនាងចូលទៅមើល។

– បង! ទៅណា?

+ បងទៅរកកន្លែងទូរស័ព្ទរកគាត់បន្តិចសិន។ អូននៅលើហ្នឹងហើយ កុំចុះដី។ ចាក់សោទ្វារទៅ!

– កុំទៅយូរពេកណា៎ អូនខ្លាចស្ងាត់ខ្លាំងណាស់!

+ បាទ បងតេរកគាត់តែមួយភ្លែតទេ បងមកវិញហើយ។ (ដើរបណ្តើរខ្ញុំស្រែកប្រាប់នាងឱយបើកបង្អួចផង ព្រោះ តែក្នុងផ្ទះងងឹតពេក នាងក៏ស្រែកតបមកខ្ញុំវិញពីក្នុងផ្ទះនោះ)

– អូនភ្លេចយកពិលមកហើយ!

+ អត់អីទេ ទូរស័ព្ទបងមានពិលដែរ! (ដើរបណ្តើរខ្ញុំតមាត់ជាមួយនាងបណ្តើរ បន្លប់ភាពភ័យខ្លាចរបស់នាង) យើង មានអីហូបទៅល្ងាចនេះ?

– យើងមានតែត្រីប្រឡាក់ចៀនដែលបងឯងទិញពីផ្សារសណ្តាន់មកទេ! គ្មានអីហូបឡើយ។

+ ហ្អើយ! អត់មានអីហូបបែបនេះ ធ្វើឱយបងនឹកដល់ហាំប៊័ហ្គឺរព្រាត់ស្នេហ៍របស់បងដល់ហើយ។ នែក! បងប្រាប់ អូនណា៎! ឱយតែបងមកដេកក្នុងព្រៃនេះ គឺបងនឹកដល់ម្ហូបឆ្ងាញ់ៗនៅភ្នំពេញហើយ។ ពេលនឹកដល់ បងហូប បាយបានណាស់។

– បងចង់ហូបអី? (នាងប្រឹងស្រែកតមាត់ខ្ញុំដែលដើរទៅឆ្ងាយបន្តិចទៅហើយព្រោះនាងក៏ដឹងដែរថាខ្ញុំនិយាយកុំ ឱយនាងខ្លាច)

+ ថាម៉េច?

– បងចង់ហូបអី?

+ ហ៊្អែមៗ បើបានឆាត្រកួន និងសៀង ឬស្លប្រហើរទំពាំងលាយស្លឹកងប់ មិនដឹងជាឆ្ងាញ់យ៉ាងណាទេ! ជុជុជុ…

– ចាំទៅវិញអូនធ្វើឱយណា៎!

+ អូខេ! (ខ្ញុំដើរកាត់ចំការពោត ទៅកាន់តែឆ្ងាយហើយ ក៏ខ្ជិលហៅនាងទៀត។ ដល់ទូរស័ព្ទរកពូអ្នកនាំផ្លូវទៅ គាត់មិនទាន់បាន ចេញពីទីរួមខេត្តមកផង ដោយសារគ្រួសារគាត់ឈឺ។ ដូច្នេះការងារត្រូវប្រជុំនៅភូមិមួយ ទៀតដែលយើងបាន គ្រោងនោះត្រូវរំសាយសិនរង់ចាំអាទិត្យក្រោយវិញ។ ខ្ញុំក៏និយាយសុំផ្ទះគាត់សម្រាក និងរក បាយទឹកចានឆ្នាំង គាត់ដោះស្រាយមួយយប់នេះសិន)។

និយាយទូរស័ព្ទចប់ ខ្ញុំក៏ស្រែកប្រកូកហៅនាង៖

+ គេហ៍ហ្អើយ!

– ចាស!

+ ឃើញបងទេ??? ឃើញទេ? (ខ្ញុំនៅលើមែកស្វាយចន្ទី លើដីទួលមួយដែលខ្ពស់ជាងគេគ្រាន់មានសេវាទូរស័ព្ទ អាចនិយាយទៅរកពិភពលោកបាន)

ខ្ញុំគ្រវីដៃដាក់នាង រួចក៏ស្រាប់តែនឹកភ្នកថា ម្តេចក៏ខ្ញុំទុកនាងនៅលើផ្ទះនោះម្នាក់ឯងបែបនេះ? បើមានសត្វពន្លាត់ អីនៅក្នុងផ្ទះ នាងនឹងមានអាសន្នធំហើយ ព្រោះពេលខ្ញុំចាក់សោផ្ទះ ខ្ញុំមិនទាន់បានឡើងទៅមើលក្នុងផ្ទះនៅ ឡើយទេ។ ខ្ញុំស្រូតចុះមកវិញ តាមផ្លូវខ្ញុំកាច់បានពោតប្រហែលដប់ផ្លែ ។

+ នេះជាទឹកដីដែលបងតែងមកធ្វើការជាមួយអ្នកភូមិ អូនឃើញទេ? វាជាធម្មជាតិស្ងប់ស្ងាត់ដែលបងតែងនឹក ចង់មានជីវិតសាមញ្ញបែបនេះនៅពេលបងចាស់ទៅធ្វើការលែងកើត។ អូខេ! ល្ងាចនេះអូនចង់ញ៉ាំអី ចាំបងធ្វើ!

– អូនចង់ហូបពោតដុត! (នាងនិយាយប្លែកជាងធម្មតា ដែលប្រើតែពាក្យញ៉ាំៗៗៗ)

+ បងប្រាប់រឿងពិតមួយឱយអូនដឹង! មានប្រពន្ធជានារីទីក្រុង បងនឹងចេះគ្រប់សព្វទាំងអស់!

នាងសើចញឹមៗ ហើយដើរទៅចង្រ្កានបាយដែលនៅដាច់ពីផ្ទះធំប្រុងនឹងបង្កាត់ភ្លើងដាំបាយ កំដៅម្ហូប។ ខ្ញុំចុះ ទៅដងទឹកមកដាក់ឱយនាង តែលុះដល់ឃើញនាងបង្កាត់ភ្លើងមិនឆេះ ខ្ញុំក៏បង្កាត់ភ្លើង នាងលាងអង្ករហើយ បោសផ្ទះធំ។

ជញ្ជូនអីវ៉ាន់ពីក្នុងឡានសម្រាប់សម្រាករួចអស់ហើយ ខ្ញុំបបួលនាងទៅងូតទឹកទាន់មេឃមិនទាន់ងងឹតខ្លាំង។ ខ្ញុំបង្កាត់ភ្លើងភ្នក់ចាំនាងបណ្តើរ ជក់បារីបណ្តើរនៅក្រោមផ្ទះ ហើយឆ្លៀតរោចភ្លើងបាយដែលជាត់ទឹករួចផ្ងំឱយ ងំល្អ។

– បងឯងធ្វើអីហ្នឹង? ហុយផ្សែងខ្លាំងណាស់ ទ្រាំមិនបានទេ!

+ បងបំពក់ភ្លើងកុំឱយមូសខាំ ហើយការពារសត្វដើរពេលយប់ផង។ ទ្រាំបន្តិចទៅអូន បន្តិចទៀតលែងសូវ មានផ្សែងហើយ។

នាងចុះមកមាត់អណ្តូង ខ្ញុំក៏ដងទឹកឱយនាងងូតបណ្តើរ ជក់បារីបណ្តើរ​។ ចាំនាងងូតទឹកក្ររួចពេក ខ្ញុំក៏បកពោត ដាក់ឆ្នាំងស្ងោរក្បែរភ្នក់ភ្លើង ព្រោះឮនាងថាចង់ហូប។ ខ្ញុំរើត្រីក្រម៉មចៀនដែលខ្ញុំបានប្រាប់អ្នកលក់បាយឱយចៀន ឱយយើងហើយស្រេច ដាក់កំដៅដង្ហែគ្នាលើគម្របឆ្នាំងបាយ។

– អូនចង់ហូបពោតដុតម្តង។ បងដុតវាខ្លះទៅ!

ខ្ញុំក៏ដាក់ដុតពោតថែមទៀត។ ពេលនាងងូតទឹករួច យើងក៏ហូបបាយល្ងាចក្រោមពន្លឺភ្លើងទៀន និងអំពូលទូរស័ព្ទ បញ្ចាំងទៅលើចានក្លាំធ្វើពីអ៊ីណុកដែលគេប្រើសម្រាប់ដាក់សម្ល ដែលខ្ញុំបញ្ឈរក្បែរជញ្ជាំងផ្ទះ។ ពន្លឺជះត្រឡប់នៃ ចានក្លាំ នាំឱយយើងមើលឃើញមុខគ្នាច្បាស់ជាងមុនបន្តិច។ ទឹកមុខភ័យខ្លាចរបស់នាងដែលខ្ញុំបានឃើញមុន នេះនៅពេលទើបមកដល់ បែរជាជំនួសដោយខ្សែភ្នែករីករាយជាងមុន។

+ ញញឹមវិញហើយហ្អេះ?

– ម៉េច? បងឯងមិនដែលឃើញទេក៏អី? អូនខ្លាចណាស់ ផ្លូវដែលយើងជិះមកគ្មានជួបអ្នកស្រុកម្នាក់សោះ!

+ ស្មានថាទារត្រឡប់ទៅវិញទាំងយប់ទេតើ? (ខ្ញុំមិនមែននិយាយចំអន់ឡើយ ការពិតគឺខ្ញុំគិតថានាងនឹងទ្រាំទ្រ ភាពងងឹតស្លុបនៃស្រុកព្រៃនេះមិនបានហើយទារឱយខ្ញុំបើកឡានត្រឡប់មកវិញទាំងយប់មិនខាន)… ណេះត្រី! អូហ៍ ឯណានំប៉័ង និងត្រីជាប់គុក? (ខ្ញុំស្ទុះទៅស្រវារកកញ្ចប់អីវ៉ាន់ដែលខ្ញុំច្រកមកតាំងពីព្រឹក)

+ យី! ចុះអ្នកណាប្រឡាក់ត្រីនេះ? អីក៏សាបម្លេះ?

– ប្រៃណាស់ហើយ បងកុំហូបប្រៃពេក!

+ អ្ហើយ បងហត់ណាស់ ហើយបែកញើសច្រើនទៀត ប្រៃបន្តិចក៏មិនអីដែរ។ ឯណាទឹកស៊ីអ៊ីវ? អូនមានឃើញទេ? … អូន! ឃើញឆៃប៉ូវទេ បងដាក់ត្រង់នេះមិញហ្នឹង? … ឯណាកែវតៅហ៊ូបង? … បងទៅរកបេះម្ទេសសិន …

ខ្ញុំលោតចុះទៅដីព្រួស ព្រោះខ្ជិលរាវកាំជណ្តើរបីកាំនោះ។ ស្រវាដើមម្ទេស ស្ទាបៗ យកផ្លែអាធំៗ បួនដប់ផ្លែក៏ ឡើងមកលើផ្ទះវិញ។

– ម៉េចក៏មិនយកទូរស័ព្ទទៅបង?

+ ខ្លាចងងឹតអូន!

ខ្ញុំក៏បានហូបបាយ ជាមួយនំប៉័ង លាយគ្នាប្រឡូកប្រឡាកតាមតែចិត្តចង់ ម្តងបាយពមជាមួយត្រីប្រឡាក់ចៀន ម្តងនំប៉័ងនិងត្រីខប្រអប់ដែលអ្នកស្រុកនៅទីនោះនិយមហៅវាថា អាត្រីជាប់គុក។ ពេលឃើញនាងបិទភ្នែកពេល កំពុងហូបបាយខ្ញុំក្រោកគ្រូក ទៅឈរពីក្រោយនាងក្រែងនាងវិលមុខដួល… តែឈរមួយភ្លែតមិនឃើញនាងស្រែក ហើយនៅតែបិទភ្នែកដដែល ខ្ញុំក៏សួរថាកើតអី?

– កុំមាត់! អូនកំពុងបន់ស្រន់!

+ ពុទ្ធោ? កណ្តាលម៉ោងបាយ អូនបន់អី???

– បងហ្អា៎? ចាស់ទៅកុំរើសម្ហូបពេកអី កុំសាំញ៉ាំពេក កុំត្រូវការរបស់របរច្រើនពេក ខ្ញុំវិលមុខណាស់។ ចាស់ទៅ យើងមុខតែឈ្លោះគ្នានឹងរឿងរបស់របរដែលត្រូវមានសព្វគ្រប់ ពេលបាយ ពេលដេក ពេលធ្វើការ មិនខាន។

+ គ្រាន់តែប៉ុណ្ណឹងហ្នឹង?

– បងប្រុងរកស្អីទៀតដើម្បីបានហូបបាយមួយពេលដែលឆ្ងាញ់កើត??? បើងាកទៅរកនេះ ងាកទៅរកនោះ ខ្វះនេះ ខ្វះនោះមិនចេះគ្រប់ចឹង!

+ អូខេ អូខេ ឈប់ហើយ ឈប់រកអីទៀតហើយ តស់ ញ៉ាំបាយ! (តាមពិតខ្ញុំចង់ទៅរកដបទឹកមកផឹកដែរ ដល់តែ នាងស្តីឱយបែបនេះអន់ចង់បណ្តោយ)

ហូបបាយល្ងាចរួច ខ្ញុំមើលម៉ោងប្រហែលជាប្រាំមួយកន្លះ តែទីនេះងងឹតស្លុប រកពន្លឺភ្លើងឯណាគ្រាន់រំពៃមើល មិនមានសោះ សូម្បីអ្នកជិតខាងក៏នៅឆ្ងាយមើលមិនឃើញ។

សូមរង់ចាំអានភាគបន្ត

9 ខែកញ្ញា 2013 / ស្នាមញញឹម

វក់នឹងចម្រៀងមួយបទនេះយ៉ាងខ្លាំង Need You Now


ពេលបានស្តាប់បទចម្រៀង មួយនេះ ស្របពេលដែលខ្ញុំកំពុងស្រយង់ចិត្តផង ខ្ញុំជាប់ចិត្តនឹងចង្វាក់ភ្លេង អាគូស្ទិកហ្គីតា របស់ ខោនទ្រី ម្ញូស៊ិក អាមេរិចមួយបទនេះណាស់ … ចង្វាក់ថើរៗ ភ្លេងមិនញាប់ពេក មិនលន្លង់លន្លោចពេក ល្មមតែមនុស្សចាស់ដូចខ្ញុំស្តាប់បានចូលត្រចៀកល្មម…

***

Picture perfect memories, scattered all around the floor.

Reachin’ for the phone ’cause, I can’t fight it anymore.

And I wonder if I ever crossed your mind.

For me it happens all the time…

 

It’s a quarter after one, I’m all alone and I need you now.

Said I wouldn’t call, but I lost all control and I need you now.

And I don’t know how I can do without I just need you now.

 

Another shot of whisky, can’t stop looking at the door.

Wishing you’d come sweeping in the way you did before.

And I wonder if I ever crossed your mind.

For me it happens all the time…

It’s a quarter after one, I’m a little drunk and I need you now.

Said I wouldn’t call, but I lost all control and I need you now.

And I don’t know how I can do without I just need you now.

 

Guess I rather hurt than feel nothing at all…

 

It’s a quarter after one, I’m all alone and I need you now.

And I said I wouldn’t call, but I’m a little drunk and I need you now.

And I don’t know how I can do without I just need you now…

I just need you now…

Oh baby I need you now…

***

The core value of this song is the phrase of:

«And I wonder if I ever crossed your mind.

For me it happens all the time…»

 

ថ្ងៃណាមួយខ្ញុំនឹងទិញតាមអាម៉ាហ្សូនឱយបានបទដើមមកទុកស្តាប់ជាអនុស្សាវរីយ៍។

 

7 ខែកញ្ញា 2013 / ស្នាមញញឹម

ឯកជន៖ គំនិតកុំមុយនីសរបស់ខ្ញុំ


ព្រឹកមិញ ឬ ព្រឹកម្សិលមិញនេះខ្ញុំបានទៅដល់កន្លែងធ្វើការយឺតជាងសព្វដង ព្រោះតែនៅជាប់ចិត្តនឹងគំនិត រារែកមួយតាមផ្លូវ។

ពេលកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែខ្ញុំឃើញនំបារាំងធ្វើពីម្សៅ ដុតដែល យើងនិយមហៅថា នំឡើង/នំពងទា បានរត់មកដល់កណ្តាលថ្នល់។ ងាកទៅរកប្រភពច្រាសនៃដំណើររត់របស់វា ខ្ញុំបានឃើញ ស្រ្តីម្នាក់កំពុង កាន់ធូបមួយសសៃដុតរូចហុយៗ ធ្វើមាត់ជីបអូចៗ ហើយប្រុងបោះនំ បែបនេះមួយទៀតមកថ្នល់។

ខ្ញុំសឹងតែឈប់រើសនំនេះទុកទេតើ បើកុំតែខ្លាចទៅដល់កន្លែងធ្វើការយឺត ម៉ោង កុំអីបានទុករបស់ឱយឆ្កែឆ្មា រើសស៊ីដែរ បើទុកនៅកណ្តាលថ្នល់នេះ មានសត្វណាហ៊ានរត់មករើស ឬអាចថា ឡានម៉ូតូនឹងកិនវា មុនពេល សត្វនានារើសបាន។

ឬយ៉ាងហោចណាស់បានទុកឱយអាបេប៊ីប៊យ ក្មួយសំណព្វចិត្តរបស់ខ្ញុំស៊ី ដែរ អាចរួចថ្លៃប្រមាណជាពីរពាន់ រៀលគិតជាប្រាក់ខ្មែរ។

ប្រហែលបែបហ្នឹងទេដឹងដែលខ្ញុំមិនសូវចូលចិត្តការសែនព្រេនរបស់ ជាតិចិន/យួន។

3 ខែកញ្ញា 2013 / ស្នាមញញឹម

ឋានៈអូន


ក្រៅពីក្រុមគ្រួសារទៅ អូនជាមនុស្សតែម្នាក់គត់ដែលបងនឹកដល់រាល់ពេលរីករាយ និងទុក្ខព្រួយ។

ទោះពេលនេះ អូនមិននៅរំខាន ឱយបងពិបាកចិត្ត កំប្លែងឱយបងសប្បាយចិត្ត រញ៉ាំរញ៉ូវ ឬឃុំគ្រងបងដូចពេល មុនទៀត តែបងក៏នៅតែមានសេចក្តីសុខក្នុងការចំណាយពេលនឹកដល់អូន…

ចំណាយពេលវេលានឹកដល់មនុស្សម្នាក់ដែលមិនអាចជួបបានជានិរន្តរ៍​ គឺជារឿងមួយខ្ជះខ្ជាយណាស់ ហើយ ខាតបង់ប្រសិទ្ធភាពនៃខួរក្បាលដោយឥតប្រយោជន៍ ដែលមនុស្សដូចបងកម្រនឹងធ្វើរឿងគ្មានបានការបែបនេះ តែអូនបែរជាផ្លាស់ប្តូរបងទាំងបងមិនដឹងខ្លួនថារលកវប្បធម៌ក្នុងការរស់នៅរបស់អូនត្រូវបានបងទទួលយកបន្តិច ម្តងៗទាំងរវើរវាយ។ ឆ្លងកាត់ខេត្តសៀមរាបពេលណាក៏បងតែងគិតដល់នារីជាទីស្នេហារបស់បងម្នាក់នេះដែរ …

នឹកអូនពេលណាក៏ខ្ទេចបេះដូង នឹកអូនពេលណាក៏ស្ទើររលីងរលោងទឹកភ្នែក នឹកអូនលើកណាក៏បងត្រូវឈឺ…

តើនេះមិនមែនទេឬដែលថាបេះដូងបងបានទៅតាមអូន បាត់ទៅហើយនុះ?

បេះដូងមួយនេះលែងជាបេះដូងមនុស្សទៀតហើយ តាំងពីថ្ងៃត្រូវគេប្រាប់ថា «សុំបែកគ្នា» ម្តងមក…

ទោះជាយ៉ាងណាអូនបានស្ម័គ្រថែរបួសបេះដូងមួយនេះ តាមវិធីសាស្រ្តផ្សេងៗដែលអូនអាចធ្វើបាន ក្នុងបំណង តែមួយគត់គឺចង់ឱយបងត្រឡប់ទៅជា «មនុស្សម្នាក់» ជាថ្មី។ អូខេ ពីមុនហ្នឹងបន្តិច បងប្រហែលជាឆ្កែ??? :D

បងមានអារម្មណ៍ឯកោជាខ្លាំងពេលណាដែលបងឃើញគេដទៃមានអ្នករៀបបាយឱយញ៉ាំ មានអ្នកបោកខោអាវ មានអ្នកដឹកដៃកូនដើរលេងជាមួយនៅឯផ្សារ… ពេលខ្លះបងក៏ធុញទ្រាន់ នៅពេលឃើញគេដទៃកាន់ដៃគ្នាដើរ នៅមាត់សមុទ្រ ពោលពាក្យសាសង សន្យាស្នេហ៍មិនចេះអស់មិនចេះហើយ… Whenever I saw bread with butter and boiled eggs, I always quit from others eyes to have my private space, I can’t bear that it is a normal thing in my memory while it was once being a great time with you and you deserved it to me.

បងបានសន្យាថា នឹងធ្វើតែអំពើល្អ ប្រាថ្នាឱយញាតិមិត្តបងប្អូន ព្រមទាំងអូន និងកូន បានជួបតែក្តីសុខ មានតែក្តី ស្រឡាញ់ និងមានសុខភាពល្អជានិច្ចនិរន្តរ ។ ពេលបរិច្ចាគឈាមលើកនេះ ក្មេងប្រុសនោះឈ្មោះរក្សាដែរ បងគិត ក្នុងចិត្តថាវាជាចៃដន់ដែលមនុស្សដែលបងនឹកដល់នាពេលនោះ មានឈ្មោះដូចអ្នកដែលបានទទួលឈាមពីបង

***

ចាំបងផងណា៎! អូនសន្យាថានឹងមកវិញនៅថ្ងៃណាមួយ តែបើមិនអាចទេ អូនគ្រាន់តែចាំដល់ថ្ងៃមួយ ពេលដែល បងដល់វេលាត្រូវទៅជួបអូន… ចាំបងផង បងខ្លាចវង្វេងគ្នាដូចគ្រានេះទៀត… សន្យាផង ថាចាំបងណា៎!

អូននៅតែឈរតំណែងដើមរហូត ទោះបីបងមានអ្នកផ្សេងទៀតក៏ដោយ។ បងមិនដែលមានអារម្មណ៍ថាបងស្មោះ ត្រង់នឹងនរណាម្នាក់ឱយដូចកាលបងរស់នៅជាមួយអូនឡើយ។ អូនកុំច្រណែនគេអី ទោះជាយ៉ាងណា អូននៅ តែជានារីតែម្នាក់គត់ក្នុងខួរក្បាលរបស់បង។

11 ខែសីហា 2013 / ស្នាមញញឹម

រាប់ថ្ងៃរងចាំ


ពីមុនមកបងមិនដែលគិតដល់ពេលវេលានេះទេ ឬគិតដល់ត្រឹមតែ…គង់មានថ្ងៃមួយ!

ពីមុនមកបងក៏មិនដែលពិបាកចិត្ត នឿយហត់ក្នុងជីវិតដូចសព្វថ្ងៃនេះដែរ ។ អូនបានបង្រៀនបងឱយស្គាល់ជីវិត ពេញដោយសេចក្តីសុខ បានមកពីមនុស្សដែលឱយនូវក្តីស្រឡាញ់មកបងដោយគ្មានលក្ខខណ្ឌ។ ជីវិតដែល មនុស្សគ្រប់រូប ប្រាថ្នាចង់បាន។

កំហុសរបស់បង បងមិនត្រូវការឱយអូនលើកទោសឡើយ ចាំទូទាត់គ្នានៅជាតិក្រោយចុះ ព្រោះពីថ្ងៃនេះទៅ បងនឹងរាប់ថ្ងៃរងចាំ!!!

9 ខែសីហា 2013 / ស្នាមញញឹម

គោលដៅដែលអូនបានដាក់ឱយ


02 សីហា 2013

តាមត្រូវ ថ្ងៃនេះបងត្រូវសុំច្បាប់គេដើម្បីសម្រាកមួយថ្ងៃ គិតពីអូនឱយបានច្រើន កុំឱយអូនច្រណែននឹងគេ។

ប្រាំមួយឆ្នាំមុន អូនបានដាក់គោលដៅឱយបងក្នុងការ រៀបចំដំណើរជីវិតរបស់ខ្លួនឱយស្របទៅនឹងគំនិតរបស់ អូន…

02 មិថុនា 2005 ៖

  1. ប្រាំឆ្នាំទៀត 2010 បងត្រូវតែមានតួនាទីការងារមួយដែលខ្ពស់ជាងនេះ ប្រាក់ខែក៏ច្រើន

    «តួនាទីខ្ពស់ងាយ រកទេ តែបើប្រាក់ខែ ខ្ពស់បែបពិបាករកណាស់ ព្រោះខ្ញុំរៀនមិនសូវពូកែចឹង គ្មាននរណា គេឱយប្រាក់ខែច្រើន ទេ!»

  2. ពីរឆ្នាំទៀត 2007 បងត្រូវតែបន្តរៀន ថ្នាក់អនុបណ្ឌិត ហើយពីរឆ្នាំក្រោយពីចាប់ផ្តើមរៀន 2009 បងនឹងមាន ការងារគ្រាន់បើជាងសព្វថ្ងៃនេះមិនខាន

    «រៀនថ្នាក់បរិញ្ញាប័ត្រផងនៅតែរៀនមិនចង់ចប់ ទម្រាំរៀនអនុបណ្ឌិត ហើយឡើងចុះៗមួយអាទិត្យពីរ បីដង យ៉ាងនេះ ធ្វើម៉េចអាចរត់រួចទៅ??? បើខ្ញុំត្រូវរៀនផង ត្រូវធ្វើការនៅ ក្នុងព្រៃផងហើយត្រូវ មករកអូនទៀត។»

    កុំគិតច្រើនអី អូននឹងជួយបងឱយមានពេលរៀនសូត្រហើយ អាចធ្វើការបាននិងមានពេលនៅ ជាមួយអូន បានច្រើនជាងមុនទៅទៀត។

    By how?

  3. ឆ្នាំ 2012 បងត្រូវតែចូលធ្វើការងាររដ្ឋ ដើម្បីកាន់តំណែងណាមួយដែលអាចធ្វើធំបាន។

    «ប្រុងធ្វើធំធ្វើអី? ធ្វើធំគ្មានពេលវេលាសម្រាប់ខ្លួនឯង និងគ្រួសារទេ។ ណាមួយយើងមិនមែនជាមនុស្សដែល អាចធ្វើធំបានផង។ …កុំដាក់គោលដៅខ្ពស់ៗពេក ពេលបងមិនអាចធ្វើបាន អូននឹងបន្ទោសទៀតមិនខាន»

    មនុស្សគ្មានគោលដៅក្នុងជីវិត ដូចឡានអត់ចង្កូតហើយបើកដាក់លេខ L ចឹង។ ជាបឋមបងត្រូវស្តាប់ពី ផែនការរបស់អូនឱយចប់ចុងចប់ដើមសិន ចាំវាយតម្លៃថាវាយ៉ាងម៉េច?«អូខេ។ សុំទោសៗដែលខ្ញុំកាត់ប្រសាសន៍លោកស្រីប្រធាន។ សូមគោរពអញ្ជើញបន្តជម្រាបពីផែនការនោះ ទៀតចុះ។»

     

  4. បងមានដែលគិតចង់ធ្វើការនៅរដ្ឋសភាដែរទេ?

    «អត់មានសោះតែម្តង ហើយក៏មិនចង់ធ្វើដែរ»

    បើបងធ្វើជាអ្នកតំណាងរាស្រ្ត ប្រហែលជាអាចទៅរួចព្រោះពីឥឡូវទៅបងកំពុងធ្វើការងារសង្គមរួចទៅ ហើយ។ អីចឹងបងនឹងមានគេស្គាល់ខ្លះៗ។«អូនកុំនិយាយរឿងធ្វើការងារធំហ្នឹងទៀតបានទេ? បងមិនចង់កេងចំណេញលើអង្គភាពដែលបងកំពុង ធ្វើសព្វថ្ងៃនេះទេ។»

    មានកេងចំណេញអីទៅ?

    «អូនឯងមិនយល់ថា វាជាការកេងចំណេញទេឬ?»

    អូខេ អីចឹងបងមានដែលចង់ធ្វើការងារជាមួយប៉ាដែរទេ?

    «អត់ចង់ទេ។ អូនកុំនិយាយទៀត កិច្ចការណាដែលប្រើខ្សែ ប្រើអំណាចមិនសមហេតុផល។ បើបងចង់នោះ បងនឹងទៅធ្វើការងារជាមួយប៉ាបងពីយូរណាស់ហើយ។ (នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជា ច្រើននៃការជ្រើសរើសគូស្រករដោយមិនបានពិនិត្យចិត្តគំនិត និងទំនោរឱយបានច្បាស់លាស់មុនពេល សម្រេចចិត្តរស់នៅជាមួយគ្នាជាគូជីវិត) »

    ចុះបើមានរបររកស៊ីផ្ទាល់ខ្លួន បងចង់ធ្វើដែរទេ? ដូចជាបើកហាងលក់បាយម្ហូប ឬក៏លក់គ្រឿងអេឡិចត្រូនិច?

    អូនមានដែលមើលពីចំណុចខ្សោយរបស់បងទាក់ទងទៅនឹងការធ្វើអាជីវកម្មដែរទេ? បងក៏ចង់ដែរ ចង់មាន ហាងលក់គ្រឿងកុំព្យូទ័រមួយ ព្រោះពេលវេលាទៅខាងមុខគេត្រូវការប្រើវាច្រើនណាស់ ជាពិសេសសិស្ស។ តែម្តាយបងតែងនិយាយថា ចិត្តបុណ្យខ្សត់ទ្រព្យ។ អីចឹងបានជាបងខ្ជិលគិតតែម្តងទៅ! … អូហ៍ ហើយអូន កុំចង់រកស៊ីធ្វើអី នាំហត់ខ្លួន មានប៉ុណ្ណាយើងរស់ត្រឹមហ្នឹងទៅ បងធ្វើការឆ្ងាយគ្មានពេលមកជួយមើលអូនទេ

    អូខេ។ ចឹងសម្រេចថាមិនធ្វើតំណាងរាស្រ្ត មិនធ្វើការងារជាមួយទាហាន មិនធ្វើការងារក្នុងក្រសួងជាមួយ ប៉ាអ៊ំហើយក៏មិនធ្វើការរដ្ឋជាមួយប៉ាខ្លួនឯង។ ចប់។

    «ចឹងយើងអាចគេងបានហើយមែនទេ?»

    នៅទេ ។ គោលដៅមួយនេះ គឺនៅឆ្នាំ 2013 បងត្រូវតែរកប្រាក់ឱយបានជាងមួយពាន់ដុល្លារក្នុងមួយខែ។

ដោយមិននៅចាំស្តាប់នាងរៀបរាប់ផែនការជីវិតដែលនាងបានរៀបចំទុកឱយខ្ញុំចប់ ខ្ញុំក៏ចេញទៅក្រៅចោលឃ្មុំ ឱយរអ៊ូម្នាក់ឯងតទៀតទៅ។

***

ថ្ងៃនេះ៖

រូបភាពបុរសកម្មករក្នុងរោងលក់ឡាននៅក្បែរសណ្ឋាគារមនោរម្យ កំពុងហូបអាហារពេលព្រឹកក្នុងប្រអប់ស្នោ ដែលជាទីពេញនិយមប្រើប្រាស់សម្រាប់អ្នកលក់ដូរ បានដិតជាប់ក្នុងអារម្មណ៍ខ្ញុំ ធ្វើឱយខ្ញុំចង់ឈប់ថតរូបភាព មួយនេះបំផុត។

មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនគឺ កម្មករម្នាក់នោះកំពុងដួសបាយហូប ហើយនៅក្បែរគាត់មាន ឆ្កែខ្មៅមួយក្បាល និងមាន់គករូបស្អាតមួយឈរ ជ្រហម ចាំមើល ក្រែងមានអាហារធ្លាក់ចុះមក សម្រាប់ពួកគេ។

ខ្ញុំមើលឃើញកែវភ្នែកអ្នកហូបបាយព្រឹកបានគេចចេញពីក្រសែភ្នែកគួរអាសូរនៃសត្វទាំងពីរ ហើយប្រឹងបំភ្លេច ក្តីស្រេកឃ្លានរបស់សត្វទាំងនោះដោយពឺតពមបាយនោះបន្តទៀតយ៉ាងប្រញាប់ប្រញាល់។

កែវភ្នែកនោះ ដូចអារម្មណ៍ខ្ញុំកាលពីប្រាំមួយឆ្នាំមុន ដែលប្រឹងគេចចេញពីផែនការជីវិតរបស់នាងរៀបចំសម្រាប់ ខ្ញុំ។

មកដល់ថ្ងៃនេះ ខ្ញុំមិនបានដើរតាមផែនការដើម្បីឱយដល់គោលដៅដែលនាងចង់បានឡើយ។ នាងចង់ឱយខ្ញុំល្បី ល្បាញក្នុងសង្គម និងមិនត្រូវបានគេមើលងាយ ក្នុងកាលៈទេសៈមួយដែលខ្ញុំនឹងត្រូវក្លាយជាមនុស្សរបស់ខ្លួនឯង ប្រសិនបើមាននាងនៅក្បែរខ្ញុំរហូតដល់ពេលនេះ ខ្ញុំប្រហែលជាមិនភ្លេចមុខភ្លេចក្រោយដូចសព្វថ្ងៃនេះទេ។

ដល់ពេលនេះបានបងអាចដឹងខ្លះៗថា ចិត្តបង គំនិតបង អូនដឹង អូនយល់អស់ហើយ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែ បេះដូងរបស់បងក៏អូនយកទៅតាមបាត់ហើយដែរ។

28 ខែមិថុនា 2013 / ស្នាមញញឹម

ពូស្រុកស្រែ និងកាហ្វេរបស់ខ្ញុំ


គោរពជូនពូស្រុកស្រែជាទីស្នេហានៃខ្ញុំ និងតាម៉ាប់៖

កម្មវត្ថុ៖ សុំរម្លឹករឿងសន្យាកាលពីខែមុន។

ដើម្បីបានកាហ្វេមកឆុងញ៉ាំ ប្រកបដោយក្លិនឈ្ងុយឈ្ងប់ទប់ចិត្តមិនបាន វាទាមទារពេលវេលា និងត្រូវការការតាំងចិត្តផងដែរ។

ខ្ញុំសុំនិយាយរឿងដំណើរការឆុងកាហ្វេសិន ព្រោះថាសព្វថ្ងៃនេះ ខ្ញុំគឺជាអ្នកគាំទ្រកាហ្វេដ៏ងុបងុលម្នាក់។

មុននឹងបានកាហ្វេមកឆុង គឺយើងត្រូវដាំកាហ្វេ រង់ចាំរហូតដល់វាទុំដោយថែទាំវាយ៉ាងយកចិត្តទុកដាក់អស់ប្រមាណជា ៦ ដល់ ១២ខែក្រោយពេលដាំ ដោយវាមានការប្រែប្រួលរយៈពេលនៃការលូតលាស់ទៅតាមពូជរបស់វា។

បន្ទាប់មក គេប្រមូលផលផ្លែកាហ្វេដែលទុំស្ងួត ហើយយកវាទៅលីង ទើបកិនឱយម៉ត់ ដើម្បីងាយឆុងនឹងទឹកក្តៅចេញក្លិនយ៉ាង គួរឱយចង់សាករសជាតិ។

កាលពីប្រមាណមួយខែពីរខែមុន ខ្ញុំនឹងពូស្រុកស្រែ បានជាប់សន្យាគ្នា/ភ្នាល់គ្នា រឿងអ៊ុតលទ្ធផលនៃការបោះឆ្នោត ឆ្នាំ ២០១៣ នៅ ស្រុកខ្មែរដែលក្នុងនោះខ្ញុំសូមភ្ជាប់លីងទៅកន្លែងយើងជជែកគ្នា ដើម្បីទុកជាភស្តុតាង ដោយមានសាក្សី ដឹង ជាច្រើន នាក់ផង ដែរ។

សូមជម្រាបជូនពូស្រុកស្រែមេត្តាជ្រាបថា បានជានៅថ្ងៃនេះ ខ្ញុំ (លី កល្យាណ) ហ៊ានរម្លឹករឿងភ្នាល់គ្នា ព្រោះថាពីម្សិលមិញ ក្រោយពេលចេញពីធ្វើការ ខ្ញុំបានស្ទះផ្លូវដោយក្បួនដង្ហែររបស់ខាង ២ អស់ជិតកន្លះម៉ោង ដែលខ្ញុំមិននឹកស្មានដល់ថា បក្ស មួយនេះអាចឈានដល់មានការគាំទ្រដោយប្រជាជនជាច្រើននាក់ដល់ម្ល៉េះទេ។ តាំងពីថ្ងៃភ្នាល់គ្នានោះមកខ្ញុំដឹងខ្លួនច្បាស់ថា ត្រូវតែខំអត់ធ្មត់សន្សំប្រាក់ទុកប៉ាវ ពូនិងបងតាមសន្យាដោយមើលឃើញថា ធ្វើយ៉ាងណាក៏នៅតែមិនឈ្នះខាងបក្ស ១ ដែរ។

មិនមែនថាខ្ញុំមានអំណួតអីនឹងឈ្នះពូទេ គ្រាន់តែថានឹកស្មានមិនដល់ថា មានមនុស្សច្រើនដល់ថ្នាក់នេះ ហ៊ានចេញមុខដើរហែ ដែលគ្រាន់បើជាងខ្ញុំឆ្ងាយណាស់ មិនដែលហ៊ានអើតក្បាល ចេញមុខ ឈរឱយនឹងនរក្នុងសង្គមនឹងគេ។

តែអាឡូវ ខ្ញុំរាងមានសង្ឃឹមតិចៗហើយ ហើយដូចជារាងធុំក្លិនកាហ្វេគេកំពុងលីងផងដែរ។ ខ្ញុំគិតថា នៅក្នុងកំឡុង ២៩ ថ្ងៃ ទៀត(ឬអាចយូរជាងនេះបន្តិច ព្រោះទម្រាំរាប់សន្លឹកឆ្នោតហើយ) ខ្ញុំប្រហែលជា «អាច» បានកាហ្វេខ្មៅក្តៅមួយកែវដែលជា «រង្វាន់» បានមកពីការភ្នាល់គ្នានេះពីពូនិងបងផងដែរ។ ហើយថ្ងៃនោះក៏ប្រហែលជាយើងអាចជួបជុំគ្នាផឹកកាហ្វេ ស្តាប់ភ្លេង ក្លែមស៊ុប ផឹក រួមគ្នា ជាឱកាសតែមួយគត់ ដែលពួកខ្ញុំរង់ចាំ (ខ្ញុំនិងតាម៉ាប់)។

សូមពូស្រុកស្រែ មេត្តាទទួលនូវសេចក្តីគោរព រាប់អានដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតអំពីខ្ញុំ។

26 ខែមិថុនា 2013 / ស្នាមញញឹម

បាន​ការ​ពារ: កុំមីសស្យ៉ុង


មាតិកា​នេះ​ត្រូវ​បាន​ការពារ​ដោយ​ពាក្យ​សម្ងាត់។ ដើម្បី​មើល​វា សូម​បញ្ចូល​ពាក្យ​សម្ងាត់​នៅ​ខាង​ក្រោម៖

15 ខែមិថុនា 2013 / ស្នាមញញឹម

ស្មានថាបងមិនចេះយំឬ?


ខ្ញុំមិនដែលស្រក់ទឹកភ្នែកព្រោះរឿងបន្តិចបន្តួចឡើយ។ ឬរឿងធំដុំខ្លះក៏មិនអាចចេះតែធ្វើឱយខ្ញុំយំដែរ។

ពេលជួបជុំមិត្តភ័ក្តិចាស់ៗដែលបែកគ្នាជាយូរមក វាកាន់តែធ្វើឱយខ្ញុំភ្លេចនាងលែងបានកាលបើមានមិត្តម្នាក់គាត់ជាអ្នកច្នៃម៉ូតដែរ

ឃើញការតុបតែងខ្លួនរបស់មិត្ត ឃើញកាយវិការទន់ភ្លន់ដែលមានអត្ថរសប្រហាក់ប្រហែលគ្នាធ្វើឱយចិត្តខ្ញុំមិនគិតមិនបានអំពីនាង តើនាងជានរណា??? នាងគ្រាន់តែជាមិត្តម្នាក់ក្នុងអតីតកាល ជាការចងចាំមួយដែលខ្ញុំមិនសូវដែលនឹកដល់ ព្រោះតែដឹងថាកាល ណានឹកដល់នាង ខ្ញុំតែងតែឈឺ… តែនាងនៅតែជាមិត្តដែលខ្ញុំមិនដែលបានបំភ្លេចចោលសោះទោះក្នុងកាលៈទេសៈណាក៏ដោយ ក្នុងពេលដែលខ្ញុំសប្បាយចិត្ត ក្នុងពេលទុក្ខព្រួយញាំញី ខ្ញុំតែងនឹកដល់នាង នារីម្នាក់ក្នុងអតីត…នារីម្នាក់ដែលធ្លាប់ឃុំគ្រងចិត្តខ្ញុំ អស់កាលដ៏យូរយារជាងគេជាងឯង នាងគ្រប់គ្រងបេះដូងបីភាគបួនរបស់ខ្ញុំក្នុងតំណែង «ព្រះនាងម្ចាស់»។

អ្នកប្រហែលជាមិនធ្លាប់បំភ្លេចទេអំពីនរណាម្នាក់ដែលធ្លាប់ធ្វើឱយអ្នករីករាយ តែមនុស្សដែលធ្លាប់ធ្វើឱយអ្នកឈឺចាប់ អ្នក ប្រហែល ជាអាចបំភ្លេចបានខ្លះ។ ខ្ញុំក៏ដូចគ្នា ខ្ញុំមិនបានតាំងចិត្តថាស្រឡាញ់ឬនឹកនាងឱយច្រើនជាងគេទេ តែខ្ញុំមិនអាចភ្លេច បានឡើយថា នាងគឺជានារីតែម្នាក់គត់ដែលឈរនៅខាងខ្ញុំក្នុងពេលដែលខ្ញុំព្រមចុះចាញ់ព្រហ្មលិខិត។

កំពូលនារីជាទីស្នេហា… សូមកុំបំភ្លេចសន្យារបស់យើង… បងក៏មិនដែលភ្លេចអូនឡើយ!

9 ខែមិថុនា 2013 / ស្នាមញញឹម

អរគុណសង្សារចាស់


បានធ្វើជាសង្សារបងពិតជាមានតម្លៃណាស់ មានក្តីសុខណាស់ ខ្ញុំមានសុភមង្គលជាងអ្វីទាំងអស់នាគ្រានោះ…

បងជាមនុស្សម្នាក់គត់ដែលខ្ញុំដាក់ចិត្តស្រឡាញ់យ៉ាងងុបងុល យ៉ាងស្មោះស្ម័គ្រ ទោះយើងបានរាប់អានគ្នាត្រឹមតែបួនឆ្នាំជាង ក៏ខ្ញុំនៅតែមានអារម្មណ៍ថាសេចក្តីសុខដែលខ្ញុំមាននោះ យូរ វែង គួរសម ល្មមឱយខ្ញុំក្សេមក្សាន្ត រហូតដល់ពេលនេះបើគ្រាន់  តែត្រឹមនឹកដល់វាម្តងម្កាល។

«មនុស្សយើង បើមានអ្វីមួយល្អ តែងមានអ្វីផ្សេងទៀតដែលមិនសមប្រកប។ មនុស្សមិនអាចមានអ្វីៗទាំងអស់ព្រមពេល ជាមួយគ្នានោះទេ។»

ស្តាប់បងនិយាយពាក្យនេះលើកណា ខ្ញុំតែងឆ្លុះបញ្ចាំងពីរូបរាងរបស់ខ្ញុំ… តើខ្ញុំមានអ្វីគ្រប់យ៉ាងល្អដែរទេ? សមល្មមដែរទេ? ឬមួយខ្ញុំគ្មានអ្វីល្អសម្រាប់បងទេ? ខ្ញុំបានចំណាយពេលយ៉ាងច្រើនគិតពីរឿងនេះ ហើយនៅចុងបញ្ចប់ខ្ញុំគិតដល់អារម្មណ៍ របស់បង… តើបងមានអារម្មណ៍រីករាយទេដែលប្រើជីវិតជាមួយនឹងខ្ញុំ? ឬមួយបងចង់បានមនុស្សឥតខ្ចោះម្នាក់?

«ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ…»

ពាក្យមួយឃ្លានេះមានន័យច្រើនយ៉ាងណាស់។ ទីមួយ គឺខ្ញុំមិនមែនជាមនុស្សដែលបងស្រឡាញ់ទេ ព្រោះទើបតែពេលនេះ ដែលបងរកឃើញមនុស្សបងស្រឡាញ់។ ទីពីរ បងចង់និយាយពាក្យមួយឃ្លាថែមទៀត(តែបានបង្កប់ក្នុងនោះស្រេចហើយ) ថាយើងទាំងពីរល្មមដល់ពេលដើរផ្លូវបំបែកហើយ។

សេពគប់គ្នាជាងបួនឆ្នាំ ខ្ញុំទើបតែដឹងថាបងមិនដែលស្រឡាញ់ខ្ញុំសោះ។ តាមពិតមនុស្សពីរនាក់អារម្មណ៍គឺខុសគ្នាពិតមែន។ យើងដើរជាមួយគ្នា មានចិត្តដូចគ្នាច្រើនយ៉ាងណាស់ ការគិតគូរក៏ស្របចិត្តគ្នាច្រើនរឿង ដឹងពីសុខទុក្ខគ្នាជានិច្ច ខ្ញុំស្មានថា ពួកយើងមានគោលដៅរួមគ្នា ព្រោះជានិច្ចកាលខ្ញុំតែងប្រាប់បងថា ខ្ញុំស្រឡាញ់បង ចង់មានផ្ទះ ចង់មានឡាន ចង់នៅជួបជុំ គ្នាជាមួយបង… ឯបងក៏នៅស្ងៀម … ខ្ញុំស្មានខុសថាបងក៏កំពុងគិតដូចខ្ញុំដែរ…

លុះដល់បានឃើញបងមានក្តីសុខនឹងមានមនុស្សដែលបងស្រឡាញ់នៅជាមួយ ទើបខ្ញុំដឹងថា នេះគឺជាអ្វីដែលបងត្រូវការ… ជួនកាលខ្ញុំលួចបន់ស្រន់ក្នុងចិត្តទាំងតូចចិត្តចំពោះវាសនាខ្លួនឯងថា ៖ សូមឱយបងមានសេចក្តីសុខឱយបានច្រើនពីគេម្នាក់នោះ ព្រោះគេអាចរកសេចក្តីក្សេមក្សាន្តជូនបងបាន។ បងគ្រានេះមិនដូចបងគ្រាមុនដែលនៅជាមួយខ្ញុំទេ! បងមិនដែលញញឹមឡើយ…

បងចាស! បងមានដឹងទេថាបងបានផ្លាស់ប្តូរខ្សែជីវិតរបស់ខ្ញុំមួយចំណែកដ៏ធំ… បើគ្មានបង បើគ្មានគេ ខ្ញុំប្រហែលជាពេញចិត្ត ស្លាប់ហើយនឹងប្រាក់ខែដ៏សំគមរបស់ខ្ញុំក្នុងនាមអ្នកស្នេហាជាតិ ស្នេហាប្រជាជន…

ខ្ញុំសារភាពថាខ្ញុំច្រណែនគេណាស់។ ខ្ញុំក៏ជាមនុស្សម្នាក់ដែរ ខ្ញុំមានចិត្តច្រណែនឈ្នានីសគឺជារឿងមិនអាចគេចវេះបានឡើយ ទោះបីខ្ញុំធ្លាប់និយាយថាខ្ញុំជាមនុស្សសាមញ្ញ មិនទាមទារជីវភាពធូរធារជ្រុលហួសសមត្ថភាពក៏ដោយ។ រាល់ពេលដែលបង ដំណាលពីគេ បងមានអារម្មណ៍ស្រស់ថ្លាមែនទែន រហូតដល់ខ្ញុំអាចដឹងបានថាបងស្រឡាញ់គេខ្លាំងយ៉ាងណា…

«គេរៀនបានខ្ពស់…គេមានការងារដ៏ល្អ…គេមានប្រាក់ខែច្រើន…តំណែងក៏ធំ…គេជាមនុស្សស្រវាស្រទេញ…ពូជពង្សគេក៏ ខ្ពង់ខ្ពស់សមរូបសមរាង…» ងាកមកខ្ញុំ តើខ្ញុំមានអ្វីខ្លះដែលអាចទាក់ចិត្តបងបាន? រៀនក៏ត្រដាបត្រដួសមិនបានខ្ពស់នឹងគេ ការងារសឹងតែចាត់ទុកថានៅចំណាត់ថ្នាក់បាតគេ…ចំណែកប្រាក់ខែកុំនិយាយរំលឹកដល់ឡើយ ព្រោះមិនបានថ្លៃបេសកកម្ម របស់គេផង។ តើទៅនិយាយអ្វីពីពូជពង្សអន់ខ្សោយស្ទើរគ្មានទ្រព្យអ្វីសម្រាប់ចិញ្ចឹមជីវិតនោះ???

ធ្វើឱយគូប្រជែងក្រៅសង្វៀនដូចជាខ្ញុំ កុំថាឡើយយកខ្លួនទៅប្រដូចនឹងគេឱយបានស្មើកម្លាំងគ្នា សូម្បីតែបានប្រកួតក៏ស្រមៃ មិនដល់ដែរ។

ខ្ញុំដើរដួលដោយមិនមានអ្នកច្រានឡើយ…ខ្ញុំអស់សង្ឃឹមក្នុងជីវិតណាស់ ព្រោះក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំបានរលាយបាត់រូប ទៅហើយ…

ទោះជាយ៉ាងណា ខ្ញុំអរគុណបងជាខ្លាំង។ បើគ្មានបង បើគ្មានគេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ … បើខ្ញុំមិនដួលនាគ្រានោះ ខ្ញុំមិនដឹងថា ការងើបឡើងដោយខ្លួនឯង ប្រើពេល ប្រើកម្លាំងប៉ុណ្ណាដែរ ហើយខ្ញុំក៏ប្រហែលមិនបានស្គាល់រសជាតិជីវិតនៃការងើបឈរដោយ ខ្លួនឯងឡើយ។

ក្នុងចំណោមមិត្តភ័ក្តិទាំងឡាយរបស់ខ្ញុំដែលបានផ្តល់នូវភាពកក់ក្តៅក្នុងគ្រាដែលខ្ញុំរងា ខ្ញុំមិនអាចមិននិយាយបានថា អរគុណ! ចំពោះបងនិងគេឡើយ។ តិចឬច្រើនបងនៅតែមានចំណែកក្នុងជីវិតខ្ញុំ ដែលខ្ញុំអាចឈរយ៉ាងរឹងមាំ ធ្វើជាមនុស្សម្នាក់ដែលរស់ នៅយ៉ាងមានតម្លៃពេញជាមនុស្ស បានផ្តល់ប្រយោជន៍ឱយសង្គមខ្លះ និងរៀនពីសង្គមវិញនូវមេរៀនជាច្រើនដែលក្រុមគ្រួសារខ្ញុំ មិនដែលបានបង្រៀនខ្ញុំ។

ខ្ញុំបានមកដល់គោលដៅរបស់ខ្ញុំហើយ ទោះពីមុនមកក្នុងការកំណត់គោលដៅរបស់ខ្ញុំមានរូបបងថែមទៀតក៏ដោយក៏ខ្ញុំនៅតែ សម្រេចបាននូវអ្វីដែលខ្ញុំប្រាថ្នា… ក្នុងចិត្តខ្ញុំនៅតែប្រើពាក្យដដែលថា…អរគុណបង។ សូមឱយបងក៏មានក្តីសុខដូចខ្ញុំដែរ។

29 ខែ​ឧសភា 2013 / ស្នាមញញឹម

ឯកជន៖ ផ្ញើសារមកទាំងព្រឹក


មិត្តភ័ក្តិដែលខ្ញុំខានជួប (គេចពី) គាត់អស់ពេលជាងពីរឆ្នាំ បានផ្ញើសារចូលប្រអប់សំបុត្រអ៊ីមែលរបស់ខ្ញុំមកទាំងព្រឹកម៉ោង ប្រាំភ្លឺព្រោះតែគាត់មិនអាចទាក់ទងខ្ញុំតាមទូរស័ព្ទបាន។ គាត់ចង់ឱយខ្ញុំជូនដំណឹងគាត់បើសិនជាខ្ញុំមកភ្នំពេញវិញ តែខ្ញុំចេះ តែខ្ជិលតេរកគាត់ព្រោះការងារខ្លួនឯងក៏រវល់ ណាមួយ បើទៅជួបជាមួយមិត្តភ័ក្តិ ខ្ញុំត្រូវផ្ចង់អារម្មណ៍ស្តាប់រឿងរបស់គាត់ ហើយយកចិត្តទុកដាក់ក្នុងជួយផ្តល់យោបល់ផង ចុះបើអារម្មណ៍ខ្ញុំមិននៅជាមួយនឹងរឿងរបស់គាត់ផង វានៅតែនឹកដល់ កិច្ចការដែលមិនទាន់បានធ្វើរួចបែបនេះ តើខ្ញុំត្រូវដោះស្រាយយ៉ាងណាពេលទៅជួបគាត់?

ក្នុងសារ គាត់បានសួរបញ្ជាក់ថាតើខ្ញុំនៅចាំអ្វីដែលបានសន្យាជាមួយគាត់ដែរឬអត់? ភាគច្រើនគាត់ជាអ្នកបង្ខំខ្ញុំឱយសន្យា!

ព្រះអើយ! នរណាទៅចាំបានថាសន្យាគ្នាថាម៉េចខ្លះ បើរឿងដែលធ្លាប់និយាយនោះកើតតាំងពីសករាជណានោះ ហើយឱយ មនុសស្មាត់ជើងនឹងដើរ (ពនេចរ) ម៉ាកខ្ញុំនេះទៅចាំរឿងដែលគេបង្ខំឱយសន្យាម្តេចទៅកើត?

សូមចងចាំថា កុំបង្ខំនរណាម្នាក់ឱយសន្យារឿងដែលគេមិនចង់ធ្វើ ព្រោះគេនឹងប្រឹងបំភ្លេចមិនចង់នឹកមិនចង់ឮទេ រឿងអី ដែលត្រូវចងចាំផងនោះ?

19 ខែ​ឧសភា 2013 / ស្នាមញញឹម

I hate silence


I hate being in a silence mood and rushing action.

Once I used to be cheated by the silence of someone very closed, someone very special, it hurts me deeply. I can’t bear to be normal with that f**king hurt even I tried the best to put myself out of nervous…I still remembered that f**k*ng bike that I rode him until he broke all his spokes, because of my personal affair you had to be lived shortly, poor bike.

Now I am silence, I can’t be responded to someone who had asking for an answer, that an answer will take out a whole life of mine to be something that difficult to come back like a DELETE, COPY, PASTE in the modern technology systems.

SO AUTOMATICALLY I am a cheater. I have became a cheater to every little thing to that person who had a million question to me and just want back an answer that will need only two capital words.

“OK” is still difficult to say at this moment of silence and I hate myself for cheating someone very pure heart, someone doesn’t know how big the world is. How can I make a karma for that same problem? To someone really loyal to what occur in that pure heart?

I am now really a beautiful cheater in the world, a series cheater. I trust no one right now. And what I am doing is just finding happiness for just a moment. I am afraid of being related to each other in daily life.

Is it my fault??? I don’t know that someone could blame me of being selfish or being cheater.

 

16 ខែ​ឧសភា 2013 / ស្នាមញញឹម

ឯកជន៖ ស្រឡាញ់កូនតូចរបស់គេ


ប្រហែលជាខ្ញុំមានបញ្ហាផ្លូវចិត្តក៏មិនដឹងដែលខ្ញុំស្រឡាញ់កូនស្រីតូចៗរបស់គេច្រើននាក់អីយ៉ាងនេះ ឬមួយក៏មកពីខ្លួនឯងអត់កូន បានជាធ្លាក់ខ្លួនលង់ស្នេហ៍ស្រីក្មេងងើបមុខមិនរួចអីចឹង?

ពីមុនមក ខ្ញុំមិនមែនជាមនុស្សបែបនេះទេ។ ខ្ញុំមិនចូលចិត្តកូនក្មេងឡើយ ដោយសារតែកាលពីក្មេងខ្ញុំជាមនុស្សមានរបៀបណាស់ ទុកដាក់របស់របរមានសណ្តាប់ធ្នាប់ និងសម្បូណ៌ជាងគេគឺសំបុត្រស្នេហា??? មិនថាមនុស្សធំ ឬ កូនក្មេងភាគច្រើនចូលមកក្នុង បន្ទប់ខ្ញុំ ឬ ក្នុងជីវិតខ្ញុំគឺច្រើនតែរើកកាយអីវ៉ែអីវ៉ាន់របស់ខ្ញុំឱយតែពាស ចឹងហើយបានជាមិនសូវចូលចិត្តកូនក្មេង។

តែអាឡូវខុសពីមុន គឺថាកូនក្មេងអាចប្រឡូកប្រឡាកជាមួយរបស់របរខ្ញុំបាន ឬអាចធ្វើឱយខូចខាតរបស់របរមួយចំនួនបានដោយ មិនមានការខឹងសម្បារពីសំណាក់ លី កល្យាណ ឡើយ ហើយថែមទាំងអាចប្រឡែងលេងជាមួយបានម៉ាសេរីទៀតផង។

ពីណាប្រើឱយខ្ញុំស្រឡាញ់ស្រីក្មេងធ្វើអី? ចឹងចង់ស្រីក្មេងធ្វើអីធ្វើទៅ ខ្ញុំមិនទៅឈឺក្បាលហាលថ្ងៃអីទេ របស់របរអាចរកបានវិញនៅ ពេលក្រោយទៀត តែក្តីស្រឡាញ់និងការបង្រៀនកូនក្មេង អាចផ្តល់នូវការចងចាំ និងរបៀបរបបមួយទៀតដែលពួកគេអាចយល់ ដឹងបន្តិចម្តងៗនៅពេលគេកំពុងចម្រើនវ័យ។ «ខូចរបស់ តែអាចឱយក្មេងម្នាក់ដឹងពីលទ្ធផល គឺជារឿងដែលមិនអាចប្រៀបធៀប បានឡើយ»។

ក៏ប៉ុន្តែ ទៅផ្ទះប៉ុន្មានថ្ងៃ លេងជាមួយប្អូនប្រុសអាយុប្រហែលជាពីរឆ្នាំ បានតែមួយម៉ោង ក៏ទ្រាំសឹងមិនបានទៅហើយ។ ចុះមាត់វា ហ្នឹងកើតមកសម្រាប់តែសួរក៏អីហ្ន៎? និយាយពីចម្ងល់មហាចម្ងល់ហើយ ល្បងតូចនោះ។ តាមពិតទៅវាមិនព្រមដើរតាមខ្ញុំទេ តែ ដោយសារវាឮខ្ញុំនិយាយថាប្រុងទៅលេងមាត់សមុទ្រ វាក៏តាំងតាមស្អិតដូចស្ករតាំងម៉ែស្រូវរបស់ដាវី ទៅណាម៉ាជំហានក៏តោង ក៏​ តាមគ្មានពេលទំនេរ ហើយសួរ ឆ្ងល់ស្ទើរគ្រប់រឿង … ម៉ែឪវាបែបមិនដែលប្រាប់កូនថាយ៉ាងនេះយ៉ាងនោះទេមើលទៅបានជាវាសួរ ខ្ញុំនោះសួរ។ នៅជាមួយបានតែបីម៉ោង ខ្ញុំក៏ដេញវាទៅផ្ទះទៅ។ សំណាងហើយដែលម៉ែឪវាមិនយកមកដាក់ឱយខ្ញុំមើលយូរពេក កុំអីនោះដាច់ខ្យល់ប៉ិតតែម្តង។

ចុះអ្នកមានកូនតូចច្រើននាក់នោះ តើគេលំបាកប៉ុណ្ណាទៅលោក?????

 

 

10 ខែ​ឧសភា 2013 / ស្នាមញញឹម

ក្មេងលោភលន់


ប៉ុន្មានថ្ងៃនេះនិយាយតែពីរឿងនៅក្មេង ព្រោះតែចង់រំលឹកដល់ថ្ងៃចាប់ផ្តើមដំបូងនៃរដូវវស្សាឆ្នាំនេះ ដែលរាល់ៗឆ្នាំ ខ្ញុំតែងមានពេល មានអនុស្សាវរីយ៍ច្រើនជាងពេលណាៗទាំងអស់។

ប្រហែលជាខ្ញុំទើបតែរៀនថ្នាក់ទីបី ឬអាយុខ្ទង់៨ឆ្នាំ ឬលើសនេះតិចតួច ខ្ញុំតែងត្រូវបានបងប្អូននៅភូមិកំណើតម្តាយខ្ញុំស្រឡាញ់ រាប់អានខ្លាំងណាស់ (អាឡូវលែងស្រឡាញ់ហើយ ព្រោះពួកគេមានគ្រួសារអស់) គេតែងនាំខ្ញុំទៅចំការដែលនៅក្នុងព្រៃឆ្ងាយពីភូមិ ដោយត្រូវដើរប្រហែលជាពីរម៉ោងទើបដល់។ ថ្ងៃនោះជាថ្ងៃបុណ្យរបស់បងប្អូន ពួកយើងបានទៅគេងនៅទីនោះតាំងពីយប់ ដល់ ព្រឹកឡើងពេលចាស់ៗរវល់ យើងក៏នាំគ្នា មានធំមានតូចប្រហែលប្រាំពីរនាក់ទៅលេងចំការ។

ខ្ញុំទើបតែស្គាល់ចំការជាលើកដំបូងនៅក្នុងខែវ៉ាកងមុនចូលឆ្នាំខ្មែរ ដែលពួកគេនាំខ្ញុំទៅបេះឪឡឹកនៅចំការតាទួតខ្ញុំដែលជិតប្រមូល ផលលក់ក្នុងថ្ងៃបន្ទាប់។ ចំការគឺខុសពីស្រែ ដែលអាចមានដំណាំផ្សេងៗរួមផ្សំ មានស្ថានភាពជាទីទួលមិនលិចទឹក តែក៏មិនមែន ខ្ពស់ដូចជាភ្នំនោះទេ គេច្រើនធ្វើចំការនៅក្នុងព្រៃព្រោះអាចគេចផុតបានខ្លះពីគោក្របី ចំណែកស្រែធ្វើបានតែម្តងក្នុងមួយឆ្នាំ ហើយ គ្មានអ្វីផ្សេងពីស្រូវក្រៅពីម្អមនោះទេ។

ចំការតាទួត មានដំណាំច្រើនណាស់ សមនឹងជាមនុស្សដែលគេគោរពមែន។ គាត់ដាំឪឡឹកនៅក្រោយពីច្រូតស្រូវចំការរួច ហើយ មានដំណាំផ្សេងទៀតសម្រាប់បេះយកទៅផ្ទះដូចជាននោង ត្រសក់បន្តិចបន្តួច ត្រឡាច ល្ពៅ ម្ទេស មានដើមថ្នាំជក់ជាច្រើនដើម ដែលយាយទួតដាំសម្រាប់លក់ដូរ។ នៅជាយរបងលាយឡំជាមួយដើមឈើព្រៃ តាយាយខ្ញុំដែលត្រូវជាកូនរបស់គាត់បានដាំស្វាយ  និងខ្នុរខ្លះ ដោយមានដាក់សញ្ញាសម្គាល់ថាជារបស់យាយតាមួយណា ហើយតាទួតក៏មានដាំរុក្ខជាតិខ្លះសម្រាប់ប្រើការជាថ្នាំបុរាណ ព្យាបាលជម្ងឺតាមការចាំបាច់របស់គាត់។

ដោយសារគាត់ជិតបេះលក់ឪឡឹកទាំងនោះហើយ ទើបតានិងយាយដែលមានអាយុបងខ្ញុំប្រហែលជាជាងដប់ឆ្នាំ បើកដៃឱយខ្ញុំ រើសម៉ាសេរីតាមលទ្ធភាពដែលអាចស្ពាយយកទៅបាន ព្រោះគាត់ក៏ត្រូវស្ពាយរបស់គាត់ដែរ សម្រាប់យកទៅធ្វើចង្ហាន់បុណ្យ។ ខ្ញុំរើសយកតែផ្លែណាដែលធំបំផុតក្នុងចំណោមផ្លែឪឡឹកក្នុងចំការដែលខ្ញុំឃើញ ហើយចងជាប់នឹងចុងក្រមាពីរផ្លែម្ខាងមួយៗ និង ពីរផ្លែទៀតខ្ញុំស្រាក់នឹងវល្លិដែលតាខ្ញុំគាត់ប្រើឱយទៅបោចឱយគាត់ គាត់ចងស្រាក់ជាថ្នក់ឱយ។ ខ្ញុំហូបឪឡឹកមួយចំអែតមុននឹង ចេញដំណើរត្រឡប់មកវិញ។

តាមផ្លូវត្រឡប់មកវិញ ខ្ញុំឃើញផ្លែគុយខ្ញុំក៏ឈប់បេះទុកផ្ញើម៉ែ ឃើញផ្លែល្ពាក់ ខ្ញុំក៏សង្វាតបេះមកទៀត រហូតដល់ស្ពាយលែងរួច ខ្ញុំ សម្រេចចិត្តថាត្រូវហូបផ្លែឪឡឹកខ្លះដើម្បីសម្រាលស្មា ឈប់ពីរដងខ្ញុំនិងគ្នីគ្នាហូបអស់ឪឡឹកពីរជាចំណែករបស់ខ្ញុំ ចំណែករបស់ពួក គេមិនទាន់ហូបទេ គេទុករហូតមកដល់ផ្ទះបុណ្យវិញទើបនាំគ្នាហូប។

ចំណែកខ្ញុំវិញ ព្រោះតែភាពលោភលន់ខ្ញុំស្ទើរតែអូសឪឡឹកមកភូមិមិនដល់ ក៏បានបងប្អូនជីលួតមួយរបស់ខ្ញុំជួយបកទៅយកមក វិញពេលគាត់ទៅដល់ភូមិម្តងហើយដាក់អីវ៉ាន់របស់គាត់ទុកស្រួលបួលហើយ ព្រោះថាកុមារីម្នាក់នោះដើរមកដល់ក្រោយគេយ៉ាង យូរ។

មកដល់ផ្ទះ ឪឡឹកក្តី គុយក្តី ជាំ ប៉ល់ហូបមិនកើតទេ ខ្ញុំក៏យំតាមតែការស្តាយរបស់ ហើយមិនអស់ចិត្តនឹងស្ពាយមកបានតែប៉ុណ្ណឹង

ដល់មុនពេលធ្វើស្រែ តានិងយាយខ្ញុំ បបួលខ្ញុំទៅលេងចំការតាទួតទៀត។ លើកនេះខ្ញុំមានពិសោធន៍ច្រើនជាងមុន ខ្ញុំបានប្រុង ប្រៀបរកក្រមាធំ រកកន្ត្រកយួរ និងមានឈើសម្រាប់ធ្វើដងរែក រែករបស់មកពីចំការរបស់តាទួត។

ទៅដល់ចំការ ខ្ញុំស្រងាកចិត្តជាខ្លាំង ព្រោះថាគ្មានឪឡឹក គ្មានត្រសក់ គ្មានសូម្បីតែម្ទេសគ្រាន់នឹងផ្ញើម៉ែខ្ញុំសោះ។ ខាតពេញទំហឹង ហើយពេលនេះ ដើរព្រៃហើយគ្មានអីផ្ញើអ្នកផ្ទះ គឺជារឿងមួយអាម៉ាស់ណាស់។ ត្រឡប់មកវិញតាមផ្លូវ ខ្ញុំបានឃើញផ្កាក្រវាន់ និង ផ្លែរបស់វាដែលមានខ្លះទុំ ខ្លះខ្ចី ខ្ញុំក៏បេះមកទុកជារបស់កំដរដៃ។ ដើរមកដល់ចំការតាយាយមួយគ្រួទៀត ខ្ញុំបានឃើញពូមីងខ្ញុំដែល កំពុងរើសគ្រាប់ស្វាយចន្ទី (អ្នកស្រុកខ្ញុំហៅក្តខ្យូវ ឬក្រយ៉ូវ) ខ្ញុំក៏សុំគេបេះផ្លែវាយកមកផ្ញើម៉ែ ព្រោះអស់ជម្រើសហើយ ទោះជាខ្យូវ មានរសជាតិមិនជាទីគាប់ចិត្តសម្រាប់មនុស្សចាស់ ហើយពេលហូបវាគឺត្រូវចំណាយស្ករប៉ោតច្រើនក៏ដោយ (ស្រុកក្ររកតែអង្ករច្រក ឆ្នាំងសឹងមិនបានទៅរវល់អីនឹងចំណាយស្ករប៉ោតលាយទឹកត្រីម្ទេស សម្រាប់ជ្រលក់ស្វាយចន្ទីឱយឆ្ងាញ់មាត់នោះ បានតែអំបិល ក្រួសជ្រលក់នោះអរណាស់ទៅហើយ)។

ជាលទ្ធផលម្តាយខ្ញុំបានវ៉ៃខ្ញុំដែលធ្វើឱយប្រឡាក់ខោអាវបោកមិនជ្រះព្រោះជ័រស្វាយចន្ទីហៀរមកប្រឡាក់ពេញខ្លួន។

តែគាត់លើកទឹកចិត្តខ្ញុំជានិច្ចដែលមានគំនិតរករបស់ចូលផ្ទះ ព្រមទាំងបានហាន់ស្វាយចន្ទីកូរជាដំណាប់ទុកហូប បានជាងមួយខែ  គ្រាន់នឹងឱយខ្ញុំកេះពេលឃ្លានខ្លាំងបាយមិនទាន់ឆ្អិន។

ម្តាយខ្ញុំមានទម្លាប់មួយគឺថា ឱយតែមានរបស់ចូលផ្ទះ គាត់តែងនិយាយថា៖ ហ្អូ៎ មានលាភមកទៀតហើយយើង!

នេះជាទម្លាប់របស់អ្នកស្រុកស្រែចំការ ដែលតែងប្រសិទ្ធីរបស់របរដែលអ្នកផ្ទះនាំយកពីព្រៃមក បើជារបស់ដែលមិនគួរសមគេតែង ងូតទឹកឱយ ដូចជាប្តីរកបានជ្រូកព្រៃ ហើយកាច់បានចង្កូមវាមកដាក់លើហ៊ឹង ប្រពន្ធត្រូវចេះដួសទឹកមកចាក់លាងជម្រះចង្រៃដែល អាចមានមកតាមចង្កូមហ្នឹង។ នេះមកពីគេជឿថា មនុស្សស្រីជាប្រភពនៃសិរី។

សូមស្វែងរកន័យពាក្យនេះនៅក្នុងវចនានុក្រម និង ក្នុងគេហទំព័រកំពូលមហាសំណព្វចិត្តរបស់ខ្ញុំ៖ បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

7 ខែ​ឧសភា 2013 / ស្នាមញញឹម

ការភ័ន្ត​ច្រឡំ​អំពីទីតាំង​ជួង​យក្ស


ការភ័ន្ត​ច្រឡំ​អំពីទីតាំង​ជួង​យក្ស.

7 ខែ​ឧសភា 2013 / ស្នាមញញឹម

សាមញ្ញ តែមិនសាមញ្ញ


រឿងខ្លះយើងគិតថាតូចតាចទេ តែធាតុពិតរបស់វា ជាដើមចមសំខាន់របស់រឿងរ៉ាវធំៗនៅក្នុងសង្គមក៏ថាបាន។

ខ្ញុំបានជួបផ្ទាល់ភ្នែកនូវរឿងរ៉ាវមួយចំនួនដែលសង្គមបច្ចុប្បន្នកំពុងតែអនុវត្តដោយគ្មានបានគិតពិចារណាវែងឆ្ងាយឡើយ…

បុរសម្នាក់ឌុបកូនបីនាក់ទៅសាលារៀន មានកូនប្រុសម្នាក់អង្គុយពីមុខ និងកូនពីរនាក់អង្គុយតោងនៅខាងក្រោយ។ ពួកគេកំពុង នៅឈប់ចាំស្តុប លើផ្លូវបំបែកមកពីមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីចាំបត់ឆ្វេងទៅផ្លូវព្រះមុនីវង្សឡើងទៅខាងពេទ្យកាល់ម៉ែត្រ។

ខ្ញុំនៅឈប់លើផ្លូវមុនីវង្សក្នុងរង្វង់ស្តុបនោះដូចគ្នា ដើម្បីបត់ឆ្វេងទៅផ្លូវសហព័ន្ធរុស្ស៊ីដែរ លុះដល់វេនភ្លើងបៃតងសម្រាប់ខ្ញុំ និងអ្នក ឯទៀតបានបង្អង់ល្បឿនដើម្បីទុកឱកាសឱយរថយន្តពេទ្យដែលស្រែកស៊ឺរ៉ែនអាចបត់ឆ្វេងទៅខាងកាល់ម៉ែត្របានលឿនដោយមិន បាច់បង្អង់។

បុរសកំសត់របស់ខ្ញុំ និងអ្នកដទៃផ្សេងទៀត គាត់ឆ្លៀតពេលរថយន្តស៊ីរ៉ែនបត់ទៅហើយ គាត់ក៏រោទិ៍ម៉ាស៊ីនម៉ូតូតាមពីក្រោយគូថ រថយន្តពេទ្យ ដែលតម្រូវឱយ អ្នកមានសិទ្ធិបត់ឆ្វេងតាមភ្លើងសញ្ញា ត្រូវបង្អង់ល្បឿនបន្តទៀតសម្រាប់អ្នកផ្សេងទៀតជាច្រើនដែល ធ្វើតាមគ្នា។ យូរៗទៅ អ្នកត្រូវបត់ឆ្វេងបានបាត់សិទ្ធិព្រោះតែអស់ភ្លើងសញ្ញាអទិភាព ហើយបែរជាដូចមនុស្សខុសច្បាប់នៅ កណ្តាលផ្លូវធ្លានាពេលនោះ។

របៀបបែបនេះគេហៅថាឆ្លៀតឱកាសពង។

ចំពោះខ្ញុំ ការអត់អោនក្នុងការធ្វើដំណើរលើផ្លូវ គឺត្រូវតែមាន បើមិនតិចក៏ច្រើនទៅតាមកាលៈទេសៈ តែថារឿងមួយនេះបានឆ្លុះ បញ្ចាំង និងអាចឈានដល់ក្លាយជាគំរូសម្រាប់ក្មេងជំនាន់ក្រោយថែមទៀតផង។ វាបានចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គម បច្ចុប្បន្នហើយតែបើសិនជាគ្មានអ្វីប្រែប្រួលទេ វានឹងចាក់ឬសកាន់តែជ្រៅទៅទៀតក្នុងជំនាន់មនុស្សបន្ត។

ខ្ញុំមិនចង់និយាយថា ក្មេងនោះ«អាច»ឃើញទង្វើឪពុកធ្វើ ហើយ«អាច»ធ្វើតាមទេ តែខ្ញុំគ្រាន់តែប្រៀបធៀបថា ស្រុកអាមេរិច បារាំង អង់គ្លេស គេបង្រៀនកូនតូចតាំងពីរបៀបទុកដាក់សម្រាម​ របៀបឈរតម្រង់ជួររង់ចាំវេន របៀបធ្វើការងារមួយចំនួនដែល យើងមើលទៅឃើញថា គេរៀនបណ្តុះគំនិតទំពាំងរបស់គេ ឱយល្អ ឱយប្រសើរតាំងពីតូចមក ដូច្នេះទៅថ្ងៃមុខ ឬស្សីរបស់គេ មិនងាយស្អុយរលួយចោលទាំងអស់ឡើយ។

ខ្ញុំខ្លួនឯងក៏ធ្លាប់មានគំនិតខូចបែបនេះដែរពីមុនមក។ ខ្ញុំជាកូនគ្រូបង្រៀន ដូច្នេះការទៅសាលារៀនយឺតវាចង់ទៅជាទម្លាប់ទៅ ហើយព្រោះតែក្មេងខ្ជិលដូចជាខ្ញុំ តែងគេងក្រក្រោក តែងចេញទៅចាំមិត្តភ័ក្តិដើម្បីជិះកង់បណ្តើរគ្នាទៅរៀន រួចក៏តាំងយឺតម៉ោង កាលនោះលោកគ្រូដែលកាន់ការខាងវិន័យជាគ្រូ របស់ម្តាយខ្ញុំទៅទៀត រាប់ថាជាជីតាគ្រូរបស់ខ្ញុំ ចំណែកម្តាយខ្ញុំគាត់ក៏ទៅសាលា យឺតដែរ ដូច្នេះ ខ្ញុំក៏សរសៀរៗដើរទៅជិតគាត់ដើម្បីបានចូលក្នុងបរិវេណសាលាមុនពេលគេគោរពទង់ជាតិ ព្រោះបើចូលក្រោយគោរព ទង់ជាតិ ខ្ញុំនឹងទៅដល់ថ្នាក់យឺតជាងគ្រូ ហើយនឹងអាចត្រូវគ្រូមិនឱយចូលថ្នាក់ទៀតផង។

លោកគ្រូវិន័យ៖ ហ្អែងកុំអាងតែម៉ែធ្វើគ្រូហើយចង់គេចមិនគោរពវិន័យ។ អញគ្មានយោគយល់ទេ ទៅ! ទៅឈរនៅដងទង់ជាតិ មួយម៉ោងទៅពួកអាកូនសិស្សមករៀនមាននាឡិកាពីរ។ (ម៉ោរៀនយឺតហើយយកលេសថានាឡិកាពាក់នៅដៃដើរយឺត)។ (គាត់ ងាកទៅម្តាយខ្ញុំដែលជិះម៉ូតូកន្ថោរចូលក្នុងសាលាធ្វើមិនដឹង) មើល៍ កូនអ្នកគ្រូឯងទៅ! ម៉ោរៀន ផ្ទះត្រឹមហ្នឹងសោះយឺតដែរ។

ម្តាយខ្ញុំ៖ លោកគ្រូធ្វើម៉េចធ្វើទៅ! ទុកតែភ្នែកនិងឆ្អឹងឱយខ្ញុំបានហើយលោកគ្រូ។

ខ្ញុំខ្មាសពួកម៉ាកណាស់ ដែលត្រូវលោកគ្រូតាស្តីឱយជាងគេ ព្រោះយើងជាកូនគ្រូបង្រៀន ។ ខ្ញុំនឹកអន់ចិត្តនឹងម្តាយ ដែលគេដទៃ មិនត្រឹមតែឪពុកគេមកសុំលោកគ្រូវិន័យឱយកូនបានចូលសាលាដោយមិនបាច់ត្រូវរងពិន័យទេ គេថែមទាំងជូនកូនដល់មាត់ជណ្តើរ ទៀតផង។ តាំងពីនោះមក ខ្ញុំបានព្យាយាមបំផុតនៅឆ្ងាយពីការរងពិន័យ។

ព្រោះតែចរិត ច្រឡោងខាម នៅថ្ងៃខ្ញុំប្រឡង ខ្ញុំស្រែកស្តីឱយម្តាយដែលទារជូនខ្ញុំទៅបន្ទប់ប្រឡង ៖

ម៉ាក់ឯងទៅប្រឡងជំនួសខ្ញុំក៏អី??? ខ្ញុំមិនត្រូវការឃើញមុខនរណាទេពេលទៅប្រឡង មិនបាច់ទៅលុតក្រាបគេទេ ខ្ញុំមិនចូលចិត្ត … បើម៉ាក់ឯងទៅមើលខ្ញុំនៅសាលានោះ ខ្ញុំមិនចូលប្រឡងឡើយ។

មិនប្រឡងម៉ាក់អ្នកធ្លាក់ក៏អី?

មិនជឿសាកមើល៍ទៅ! (គាត់អត់ហ៊ានជាមួយខ្ញុំទេ ព្រោះខ្ញុំហាមថា បើគាត់ទៅសូកគេ ឬទៅនិយាយជាមួយគ្រូគ្នាគាត់ ពេលខ្ញុំដឹង ខ្ញុំនឹងទៅធ្វើស្រែ ហើយមិនចូលធ្វើការទេ ព្រោះខ្មាសគេដែលប្រឡងជាប់ដោយសារមានគេជួយ។ ខ្ញុំដឹងថាគាត់មិនសូកគេដោយ សារខ្ញុំប្រឡងធ្លាក់លើកទីមួយ។ ហាសហាសហា ពេលប្រឡងធ្វើត្រូវច្រើនដែរ តែមកពីគេដាក់ចូលបន្ទប់ពិសេសពីរមុខវិជ្ជា ធ្វើឱយ អារម្មណ៍ខ្ញុំមិនមូល…ធ្លាក់ក្ឌូក។ ក្រោយចេញលទ្ធផល ខ្ញុំបានបិទទ្វារបន្ទប់រៀនសារថ្មីដើម្បីប្រឡងលើកទីពីរ សំណាងហើយដែល ប្រឡងជាប់ កុំអីបានធ្វើស្រែពិតមែនហើយ)

កាលនៅពីក្មេងអាយុប្រហែល ៩ឆ្នាំ ខ្ញុំធ្លាប់សុំឪពុកដើម្បីជិះយន្តហោះ (ពីភ្នំពេញ ទៅសៀមរាប និងត្រឡប់មកវិញ)។

ប៉ា!!! ប៉ា!!! ខ្ញុំចង់ជិះយន្តហោះ!

ជិះស្អី? បើឯងពុលរហូតហ្នឹង?

ខ្ញុំចង់ជិះយន្តហោះ! ហ្អាវៗៗៗ

ជិះលើកមុនល្មមឆ្អែតហើយ!

អត់ទេ ខ្ញុំចង់ជិះទៀត។

កុំ!

ប៉ាឯងអាក្រក់ណាស់!

ថាកុំ! ប៉ាមិនមែនប្រធានកប៉ាល់ហោះទេ!

ប៉ាឯងសុំគេទៅ!

កុំអីកូន! ប៉ាខ្ជិលសុំគេណាស់។ លើកមុនម៉ោពីគេជាមិត្តរបស់ប៉ាទេ។

មិនដឹងទេ ប៉ាឯងសុំគេទៀតទៅ។

កូនឯងខំរៀនទៅ ចាំជិះទៅរៀននៅបរទេស។ ឬក៏រៀនបើកកប៉ាល់ហោះតាម៉ងទៅ។

កាលណាបាន បានជិះ??? ខ្ញុំចង់ជិះអាឡូវនេះ។ (ដល់ម៉ោងទួញសោក យំយែកបែកពពុះមាត់)

នែកូន! ឯងខ្មាសគេដែរទេ ដែលដើរសុំដោយសារគេទាំងយើងមិនចាំបាច់ត្រូវទៅផងនោះ។ ប៉ាខ្មាសគេណាស់ ព្រោះប៉ាមិនចង់កេង ចំណេញនរណាទេ គេខាតមនុស្សមួយកៅអីដោយសារតែកូនឯង។ កូនឯងដឹងទេ? បើកូនឯងមិនបានធ្វើអ្វីជាប្រយោជន៍ដល់គេ កុំ នាំគេឱយខាតបង់ដោយសារយើងណាកូន។ មនុស្សបែបនេះរស់នៅនាំធ្ងន់ផែនដីទទេៗ។

មិនដឹងទេ! ខ្ញុំត្រូវតែជិះយន្តហោះឱយបាន។

យកវាទៅឯណាឱយបាត់ពីមុខខ្ញុំទៅ! ថ្លង់ណាស់!

 

រឿងខ្លះ បើយើងបណ្តុះកូនតាំងពីតូចមកប្រហែលជាមានប្រសិទ្ធភាពជាង។

7 ខែ​ឧសភា 2013 / ស្នាមញញឹម

ភាពស្មោះត្រង់របស់អ្នកជនបទ


ខ្ញុំទើបតែមើលឯកសារការងារដែលធា្លប់បានកត់ចូលក្នុងសៀវភៅកំណត់។ ខ្ញុំមើលដោយយកចិត្តទុកដាក់ ហើយក៏ធ្លាក់ដល់ចំណុច មួយដែលខ្ញុំធ្លាប់សួរទិញផ្លែទឹកដោះ (អ្នកភ្នំពេញហៅផ្លែទឹកដោះគោ ប្រហែលជាខ្លាចថាពាក្យទឹកដោះ អ៊ែកៗពេកក៏មិនដឹង តែអ្នក ស្រុកកំពង់ធំខ្ញុំហៅតែទឹកដោះៗបែបនេះ) ពីអ្នកស្រុកក្នុងពេលទៅប្រជុំនៅទីនោះ។

ក្នុងកំណត់សរសេរថា៖ Buy milky fruit for Ch… ក្រោយនោះពីរបីទំព័រ ដាក់បន្ថែមថា៖ No milky fruit for Ch as the people told me that the milky fruit had some worms inside up to this time. They won’t sell that to me even I insisted them as I expected there will some of the fruit will be good (no worm inside).

ខ្ញុំក៏នឹកឃើញរឿងហ្នឹងឡើងវិញ។

ក្រោយពេលប្រជុំចប់ ដោះស្រាយរឿងឈឺក្បាលពេលប្រជុំរួច ខ្ញុំបានឆ្លៀតសួរអ្នកស្រុកនៅទីនោះដើម្បីរកទិញផ្លែទឹកដោះផ្ញើមិត្តភ័ក្តិ៖

បងៗ មានទឹកដោះខ្លះទេនេះ? ចែកឳយខ្ញុំខ្លះម៉ោ ខ្ញុំយកទៅផ្ញើម៉ែ និងបងប្អូន។

គ្មានទេអ្នកគ្រូអើយ។ ខែនេះដល់ខែទឹកដោះមានដង្កូវហើយ។

ហ៊ឺស បែបមិនអីទេ យើងបេះវាកុំយកអាទុំពេកទៅ គឺគ្មានទេ។ ឱយតែបាន បេះម៉ោបង ខ្ញុំសុំចែកទាំងអស់។ (ខ្ញុំចង់បានណាស់ ព្រោះតម្លៃវាថោកមែនទែន)

ខ្ញុំមិនមែនចិត្តអាក្រក់ ឬខ្ជិលទេអ្នកគ្រូ។ លុយនរណាមិនចង់បាន? តែថា បើអ្នកគ្រូឯងយកទៅហូបទៅ ទៅជាឈឺជាអីទៅ មិនវរ ហើយទេ។ បើម្តាយអ្នកគ្រូឯង និងបងប្អូនហូបទៅឃើញតែដង្កូវ មិនរករឿងអ្នកលក់ទៅហើយទេ???

ត្រូវមាត់អ្នកស្រុកម៉ាទំហឹង ធ្វើខ្លួនអ្នកចេះដឹងស្អី បើគ្រាន់តែរឿងតូចតាចសោះក៏មិនចេះគិតដែរ។

ខ្ញុំនៅមានសមានចិត្ត/ឆន្ទៈក្នុងការងារនៅជនបទ មិនមែនមកពីប្រាក់ខែខ្ញុំច្រើននោះទេ គឺមកពីអារម្មណ៍ដែលដក់ជាប់នឹងសន្តាន ចិត្តស្មោះត្រង់នេះទៅវិញទេ។ បើមិនអីចឹង មិនមែនខ្ញុំសុខចិត្ត ស៊ីអត់ស៊ីឃ្លាន នៅចាំការងារដែលបន្តធ្វើជាមួយអ្នកក្រីក្រ ទោះជា ប្រាក់ខែចាយមិនគ្រប់សម្រាប់ការចុះទៅដេកតាមភូមិតាមស្រុកក៏ដោយ។​ ខ្ញុំឱយតម្លៃឆន្ទៈច្រើនជាងតម្លៃទឹកប្រាក់។

4 ខែ​ឧសភា 2013 / ស្នាមញញឹម

តើជាគុណបុណ្យ ឬផែនដីមូល?


ថ្ងៃមុននេះបានជួបរឿងគួរឱយសប្បាយចិត្តសម្រាប់ខ្ញុំ ដែលគួរទុកជាមេរៀនពិចារណាសម្រាប់អ្នកដែលធ្លាប់បានធ្វើបុណ្យដាក់ ទាន ព្រោះប្រហែលជាហេតុផលនេះ បានជាខ្ញុំបានជួបរឿងល្អៗក្នុងជីវិតជារហូតមក។ រឿងទីពីរទើបកើតឡើង កាលពីរសៀល អាទិត្យមុននេះ តែរឿងទីមួយមានពាក់ព័ន្ធតាំងពីពីរឆ្នាំមុនដែលខ្ញុំទើបតែនឹកឃើញមុននេះបន្តិចដែរ។

ប្រហែលក្នុងកំឡុង ខែកក្កដា ឆ្នាំ២០១១ ខ្ញុំបានទៅបង់ពន្ធ នៅពន្ធដារទួលគោកភ្នំពេញ។ ជាធម្មតារបស់ខ្ញុំទៅហើយដែលខ្ញុំតែង រង់ចាំវេនរបស់ខ្លួន ដែលនៅពេលនោះមានមនុស្សប្រហែលជាងដប់នាក់នៅក្នុងបន្ទប់បង់ពន្ធកំពុងរង់ចាំវេនរបស់ខ្លួនដូចគ្នា។ ពេល ខ្ញុំកំពុងឈរក្បែរបុគ្គលិកពន្ធដារ ដោយមិនបានសួរនាំអ្វីទាំងអស់នោះ បុរសសង្ហារ់ម្នាក់អាយុបងខ្ញុំប្រហែលជាងដប់ឆ្នាំ ទំនងជា មានចិត្តឈឺឆ្អាលចំពោះអ្នកមកដល់ថ្មី បានណែនាំខ្ញុំ៖

…មកបង់ពន្ធឡានឬ?

ចាស។

ទៅសុំក្រដាសមកសរសេរខ្លួនឯងទៅ! នោះនៅកន្លែងគាត់មានក្រដាស។ (គាត់និយាយហើយចង្អុលទៅអ្នកទទួលប្រាក់និងចេញ បង្កាន់ដៃបង់ពន្ធដែលកំពុងញាប់ដៃសរសេរ និងពិនិត្យឯកសារ)

ចាស។

ខ្ញុំឆ្លើយចាសបែបនេះឯង ព្រោះថាខ្ញុំមិនអាចជ្រៀតគេទៅសុំទម្រង់ពាក្យសុំបង់ពន្ធនោះទេ ព្រោះមានមនុស្សច្រើនណាស់នៅរង់ចាំ ដូចគ្នានឹងខ្ញុំដែរ។ ដោយគាត់ឃើញខ្ញុំនៅស្ងៀម គាត់ក៏ងើបទៅសុំពាក្យនោះមកឱយខ្ញុំ នាំឱយខ្ញុំកាន់តែរអៀសខ្លួនដែលគាត់ជា មនុស្សចាស់ជាងមកជួយបែបនេះ។ ខ្ញុំអរគុណគាត់ជាខ្លាំង ហើយសរសេរបីបួននាទីក៏រួចរាល់ និងបានយកពាក្យសុំនោះទៅដាក់ ក្រោមសំណុំពាក្យរបស់អ្នកមកមុនតាមលំដាប់លំដោយ។ រួចនឹកថាមិនដឹងអរគុណគាត់យ៉ាងម៉េចសមទេ ហេតុតែគាត់មិនចង់ឱយ ខ្ញុំចំណាយប្រាក់ក្នុងការជូនសគុណមន្ត្រីពន្ធដារដែលកំពុងរអ៊ូបណ្តើរថាការងារច្រើនខ្លាំងណាស់ រកពេលសម្រាកគ្មាន ឬថាហត់ ដល់ហើយ។ល។

ដល់វេនគាត់ត្រូវចូលទៅរាប់ប្រាក់បង់ពន្ធឱយគេ ស្រាប់តែគាត់ខ្វះកាតគ្រីឡានថ្មីដែលទើបទិញធ្វើផ្លាកលេខ ចំណែកឡានចាស់ មួយទៀតមានឯកសារគ្រប់ហើយ។ គាត់ក៏រត់ទៅផ្ទះបាត់ដោយផ្តាំមន្ត្រីពន្ធដារថា ទុកឯកសារគាត់ផង គាត់នឹងត្រឡប់មកវិញ ព្រោះផ្ទះគាត់នៅជិតដែរទេ។ បានឳកាសហើយខ្ញុំ យ៉ាងហោចណាស់ខ្ញុំអាចប៉ាវកាហ្វេគាត់មួយកែវ ពេលគាត់ត្រឡប់មកវិញ។ ទោះជាយ៉ាងណាក៏ឯកសារខ្ញុំត្រូវតែហើយមុនគាត់ដែរ ខ្ញុំក៏នៅចាំមើលឯកសារគាត់ផងដើម្បីកុំឱយច្រឡំគ្នានឹងឯកសារគេផ្សេង ដែលនៅរាយប៉ាយលើតុរបស់អ្នកទទួលពន្ធជាមន្រ្តីពន្ធដារនោះ។

ដល់វេនខ្ញុំរួចរាល់ គាត់ក៏មកដល់ល្មម ខ្ញុំប្រគល់ឯកសារឱយគាត់ហើយចេញទៅចាំគាត់នៅខាងក្រៅបន្ទប់។

ខ្ញុំបានអញ្ជើញគាត់ទៅពិសានំបាញ់ឆែវនៅក្បែរនោះ មុនពេលយើងយកម៉ូតូអូសត្រឡប់ទៅផ្ទះរៀងខ្លួន។ ពេលកំពុងពិសាបាញ់ ឆែវនោះខ្ញុំមិនហ៊ាននិយាយអ្វីទេ ព្រោះមានទម្លាប់មួយគឺមិនចូលចិត្តខ្ទាតទឹកមាត់ដាក់គេ។

គាត់ប្រាប់ខ្ញុំថា៖ ខ្ញុំមិននឹកស្មានថាបានជួបបងនៅទីនេះសោះ! (គាត់ហៅខ្ញុំបង)

ខ្ញុំ៖ អូហ៍ … តើយើងធ្លាប់ជួបគ្នាពីមុនមកដែរឬបង? (ខ្ញុំហៅគាត់ថាបងដែរ)

គាត់៖ យី! បងចាំខ្ញុំអត់បានទេឬ?

ខ្ញុំ៖ ហ៊ឺ…. ខ្ញុំសុំទោសបង ខ្ញុំពិតជានឹកមិនឃើញសោះ ប្រហែលខ្ញុំនឹកមិនទាន់ឃើញ…. បងប្រាប់ខ្ញុំបន្តិចមក៍ ថាបងធ្លាប់ជួប ខ្ញុំនៅឯណាទៅ?

គាត់៖ ឱ ខ្ញុំស្មានថាបងស្គាល់ខ្ញុំទេតើ! បងមាននឹកឃើញទេ បងធ្លាប់សណ្តោងឡានខ្ញុំមកពី….តាំងពីឆ្នាំទៅនោះណា៎!

ខ្ញុំខ្មាសគេសឹងជ្រែកមេឃ ម៉ែឪហើយ អាយុខ្ញុំច្បាស់ណាស់ គឺប្អូនគាត់ទេ តែខ្ញុំមិនដែលយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញ ខ្លួនខ្ញុំសោះ។

មុនលាគ្នាពីគាត់មក ខ្ញុំបានអរគុណគាត់ដែលបានជួយខ្ញុំក្នុងពេលបង់ពន្ធអម្បាញ់មិញ ព្រោះថាបើគ្មានគាត់ទេ ខ្ញុំប្រហែលជាត្រូវគេ ទារប្រាក់ថ្លៃទឹកប៊ិចគួរសមដែរហើយ។ ហើយក៏អរគុណដែលគាត់នៅរាប់អានខ្ញុំ ក្នុងពេលដែលខ្ញុំមិនអាចចំណាំគាត់បាន។

*****

រឿងទីពីរនេះ គឺរឿងនៅកន្លែងបង់ពន្ធទៀត៖

ខ្ញុំចូលទៅក្នុងកន្លែងបង់ពន្ធឡាន ដើម្បីដាក់ពាក្យសុំដែលបានកូពីពីមិត្តភ័ក្តិមកបំពេញរួចស្រេចពីផ្ទះ ក៏យកទៅដាក់លើតុមន្រ្តី ពន្ធដារដូចតែរាល់ដង ហើយថយទៅឈរនៅខាងក្រោយព្រោះគ្មានកៅអីអង្គុយទេ ដោយសារមនុស្សច្រើនពេកជិតសាមសិបនាក់ នៅក្នុងនោះដែរ។ ដោយសារអាងថា សរសេរពាក្យរួចរាល់ ខ្ញុំមិនបានបកទៅយកវ៉ែនតាដែលភ្លេចនៅឯផ្ទះនោះទេ ណាមួយគ្មានអី ចាំបាច់ត្រូវមើលឡើយ បើសិនត្រឹមរាប់លុយគឺអាចរាប់បាននឹងភ្នែកទទេ។

ឈរចាំគេយូរនោះយូរ ព្រោះមនុស្សច្រើន ស្រាប់តែក្មេងតូចម្នាក់វារត់លេងចុះឡើងៗ វាចង្អុលមុខខ្ញុំទំនងលេងបន្តិចមែនបន្តិច។ ខ្ញុំបើកភ្នែកធំៗ ប្រឹងមើលថាតើក្មេងនេះជានរណា មានម៉ែមានឪក៏អត់បានជាវាមកចង្អុលមុខខ្ញុំធ្វើមើលតែខ្ញុំមានកំហុសអីចឹង?

ម្តាយវាស្ទុះភ្លែតមកវាយដៃកូនទម្លាក់ចុះ ធ្វើឱយខ្ញុំរាងរសាយចិត្តបន្តិច។ គាត់និយាយនឹងខ្ញុំតាមរបៀបមនុស្សដឹងខុសត្រូវ ដោយ សុំទោសចំពោះកាយវិការមិនសមរម្យរបស់កូនប្រុសគាត់៖

…អូនអើយ ខ្ញុំសុំទោសផង កូនខ្ញុំគ្មានដឹងអីសោះ។…សុំទោសផងណា៎…ហ្អ៊ី???

អត់អីទេបង។ (ខ្ញុំរាងភ្ញាក់ដែរដែលគាត់លាន់មាត់បែបនេះដាក់ខ្ញុំ)

អូន…អូន… ចុះទៅណាមកណាបានជាមកជួបគ្នានៅនេះចឹង? អ្ហូយ ខ្ញុំតេទៅអូនឯងច្រើនដងណាស់តែតេទៅអត់មានអ្នកលើក (បានអីលើកបើលេខណាមិនដែលស្គាល់ប្លុកឱយទៅជារោទិ៍ចោលអស់ហើយហ្នឹង?)

ខ្ញុំធ្មឹងធ្មាំងមួយស្របក់ដោយសារតែខ្ញុំរកនឹកយ៉ាងណាក៏ខ្ញុំនឹកមិនឃើញថា គាត់ជាមិត្តភ័ក្តិ ឬជាអ្នកធ្លាប់ធ្វើការជាមួយ ឬធ្លាប់ទៅ ប្រជុំជួបគ្នានៅឯណា ឬក៏សង្សារចាស់របស់ខ្ញុំក៏មិនដឹង??? ដោយទ្រាំមិនបាននឹងការនិយាយគួរសមរបស់គាត់ ខ្ញុំក៏សើចស្ញេញ ទៅវិញតបនឹងគាត់ ព្រោះមិនចង់សួរត្រង់ពេកនៅចំពោះមុខមនុស្សរាប់សិបនាក់បែបនេះទេ។

មិនដឹងសួរថាអញ្ជើញទៅណាកើតព្រោះថាឃើញគ្នាក្នុងកន្លែងបង់ពន្ធទៅហើយ ម៉្លោះហើយក៏ដាច់ចិត្តសួរសុខទុក្ខតាមរបៀបអ្នក ស្គាល់គ្នាទៅចុះ!

ចាស បងសុខសប្បាយជាទេឬ?

ចាស សុខទុក្ខធម្មតាទេ។ ប៉ាវាគាត់តាំងពីង៉ៃជិះឡានអូននោះមក គាត់ឱយខ្ញុំតេរកអូនថានឹងអញ្ជើញមកបាយជុំគ្នានៅផ្ទះម្តង គ្រាន់នឹងបានអរគុណហើយសុំរាប់អានគ្នាផង តែតេទៅអូន យូរណាស់ហើយ មិនដែលចូលសោះ លើកណានោះ តេទៅគេ ប្រាប់ថាលេខនេះមិនអាចទាក់ទងបានទេ។ ខ្ញុំ និងប៉ាវាគិតថាបែបអូនទៅណាឆ្ងាយហើយបានជាតេមិនចូល។

…ហ៊ឺ… ខ្ញុំមិនសូវនៅផ្ទះទេបង។ ខ្ញុំច្រើនតែទៅតាមខេត្ត តាមភូមិឆ្ងាយៗ ។ (ដោយរកលេសគេចទៅណាក៏មិនរួច ខ្ញុំក៏នៅឈរ និយាយលេងជាមួយមនុស្សដែលខ្ញុំនឹកមិនឃើញសោះថាខ្ញុំធ្លាប់ជួបនៅកន្លែងណា គិតសឹងក្តៅខួរទៅហើយនៅតែនឹកមិនឃើញ)

ដោយសារឃើញខ្ញុំមិនសូវចាប់អារម្មណ៍នឹងសម្តីគាត់ ឬនិយាយដោយត្រង់ថាមិនយកចិត្តទុកដាក់នឹងសម្តីគាត់ គាត់ក៏និយាយ ប៉ប៉ាច់ប៉ប៉ោចម្នាក់ឯងទៀត៖

…ង៉ៃហ្នឹងណា៎ បើមិនបានឡានអូនបងមកវិញដោយសារទេ ប៉ាវាខ្ញុំគាត់ទៅឡើងយន្តហោះមិនទាន់ទេ មុខជាអស់លុយដូរ សំបុត្រទៀតមិនខាន…តែចេះសំណាងណាស់ បានជួបឡានអូន បានដោយសារមកជាមួយ។ កុំអីនោះដេកផ្លូវទាំងបួននាក់ ម៉ែឪកូន មិនខានឡើយ។ …ចង់អរគុណតាំងពីប៉ាវាត្រឡប់មកពីណាមីបៀរម៉្លេះតែរកមិនចូលសោះ សង្ស័យតែឃើញលេខខ្ញុំ បិទចោល ម៉ងបានជាអីចឹងនោះ! (គាត់និយាយចំអន់ខ្ញុំទាំងមិនដឹងថាខ្ញុំនេះកំពុងតែរកនឹកមិនឃើញពីរូបភាពគាត់ក្នុងការចងចាំ)

អូនចំណាំខ្ញុំបានឬអត់ហ្នឹង? (គាត់សួរបែបនេះពេលបណ្តើរគ្នាចេញពីកន្លែងបង់ពន្ធមក ហើយមើលទៅខ្ញុំកាន់តែងីងើទៅៗ)

សុំទោសណា៎បង! ខ្ញុំគិតថាបងបែបច្រឡំហើយ ខ្ញុំមិនសូវមានមិត្តភ័ក្តិទេនៅភ្នំពេញនេះ បើនៅកំពង់ធំក្រែងលោមានខ្លះ។ តែថាទោះជាច្រឡំក៏មិនអីដែរ គ្រាន់នឹងស្គាល់គ្នាផង។

ទេ! ខ្ញុំថា គឺប្អូនឯងនេះហើយ ដែលធ្លាប់ដឹកខ្ញុំនៅម្តុំបិតត្រាំង វាលរេញ កាលបួនប្រាំឆ្នាំមុន យូរណាស់ហើយ ។ កាលហ្នឹង ឡានដែលខ្ញុំជួលពីកំពង់សោមមក មកខូចនៅបិតត្រាំង ហើយអ្នកម្ចាស់ឡាននោះគាត់ក៏តេហៅជាងមកធ្វើ។ មានចាំក៏អត់? គាត់ធ្វើយូរហើយនៅមិនរួចទៀតជួនជាម៉ោងជិតដប់យប់ទៅហើយ អត់មានឡានក្រុងជិះកាត់ទៀត ហើយប្តីខ្ញុំត្រូវឡើងយន្ត ហោះម៉ោងប្រាំបីព្រឹក គាត់ក៏សាកលើកដៃសុំឡានគេ ហើយឡានប្អូនក៏បើកហួសរួច បកក្រោយមកវិញ ឱយពួកខ្ញុំជិះជាមួយ ណែក! ខ្ញុំឥតភ្លេចទេណា អូនឯងពេលសើចទៅគឺមានខួចខុសគេ។ ខ្ញុំចំណាំបាន។ អូនឯងមានគ្នាពីរនាក់ ហើយពួកខ្ញុំជិះនៅ បាំងក្រោយ ក្នុងឡានអូនឯងស្អីក៏មានដែរ នំប៉័ង ទឹកសុទ្ធ ប៊័រ ដំណាប់ផ្លែឈើដាក់កែវ (ជេម) ។ ហើយចាំបានទេ ពួកម៉ាកអូន ឯងស្រែកយំពេលអូនឯងបើកឡានលឿន ព្រោះឮប្តីខ្ញុំប្រាប់ថាប្រញាប់នោះ? ហើយមកដល់កំពង់ស្ពឺ ក្តាមអូនឯងរួចចំណង វារពេញឡានរហូតដល់ពួកម៉ាកអូនឯងស្រែកឱយឈប់ឡានចាប់វាដាក់ក្នុងកន្រ្តកវិញ។ ខ្ញុំជួយចាប់ដែរនោះ កាលហ្នឹងនឹក ឃើញក៏អត់?????

ហ៊ឺ…ខ្ញុំ…ខ្ញុំ…ខ្ញុំ…

ឈប់សិនៗ ចាំមើលណា ខ្ញុំមានលេខទូរស័ព្ទ ចាំខ្ញុំតេសាកមើល ចូលទៀតក៏អត់ ហើយចូលលេខអូនឯងក៏អត់?

គាត់តេមកភ្លាម ចូលលេខខ្ញុំមែន។ ខ្ញុំឆ្ងល់អើយឆ្ងល់?

ចុះបងបានលេខខ្ញុំពីណាមក៍?

កាលហ្នឹងប្តីខ្ញុំគាត់ខ្ចីទូរស័ព្ទអូនឯងតេមកប្រាប់អ្នកផ្ទះ ដល់ចឹងទៅក៏ជាប់លេខហ្នឹងនៅទូរស័ព្ទម្តាយខ្ញុំ។

ហ៊ឺបងអើយ ខ្ញុំនឹកយ៉ាងម៉េចក៏មិនឃើញទេបង។ ខ្ញុំសុំទោសទៅចុះ។

មែនក៏អី? តែថាខ្ញុំនៅចាំបាន។ ខ្ញុំចង់អញ្ជើញអូន និងមិត្តទៅញ៉ាំបាយជាមួយខ្ញុំម្តង សូមកុំប្រកែកអី ព្រោះពួកខ្ញុំមានអារម្មណ៍ ថាជំពាក់គុណប្អូនណា៎។ អញ្ជើញម្តងទៅ! ទុកថារាប់អានមិត្តថ្មីដែលមិនធ្លាប់ស្គាល់គ្នាទៅចុះ។

កុំអីបង បានតែបងនិយាយប៉ុណ្ណឹងនោះខ្ញុំអរគុណណាស់ទៅហើយ ។ អញ្ជើញចុះបង ខ្ញុំគិតរកជម្រាបលាសិនហើយ។

ទេៗ កុំអីចឹងអី។ អញ្ជើញបាយជាមួយខ្ញុំម្តងទៅណា៎ ឥឡូវនេះតែម្តងទៅ ។ កុំប្រកាន់នឹងខ្ញុំ ខ្ញុំនឹងតេហៅប្តីខ្ញុំមកជាមួយដែរ។ តោះទៅជាមួយខ្ញុំ។

ខ្ញុំអត់ចង់ទៅទាល់តែសោះ ណាមួយខ្លាចចាញ់បោកគេ ណាមួយខ្លាចគេនាំទៅលក់(ពីណាទិញទៅលោក????)។ តែគេចពី ម្នាក់ស្រីនេះមិនរួចសោះ។ គាត់អូសដៃខ្ញុំដាក់ចូលឡាន ហាយឡេនឌ័រ របស់គាត់ ដោយប្រាប់អ្នកយាមម៉ូតូថា បើស្អែកមក យកបានឬអត់? អ្នកយាមគេក៏ព្រមយាមឱយ។

ណ្ហើយ ម៉ូតូអាគុបហ្នឹងចាស់ជិះលែងចង់ទៅមុខហើយ ហើយអត់មានភ្លើងសម្រាប់ជិះពេលយប់ផង ចំណែកខ្លួនប្រាណខ្ញុំនេះ ចង់យកទៅលក់ឱយពីណាក៏គេមិនហ៊ានទិញដែរ ព្រោះគេខ្លាចថាជាគ្រញូងក្លែងក្លាយ។ បាយល្ងាចម៉ាពេល រួចលុយបានខ្លះ ដែរធ្វើម៉េចអានេះមិនមែនខ្ញុំទៅបោកគេស៊ីឯណា គេហៅខ្ញុំត្រឹមត្រូវទេតើ?

គាត់នាំខ្ញុំចូលហាងបាយចិនមួយកន្លែងដែលមានភ្ញៀវសឹងកកខាប់ ខ្ញុំមិនសូវនិយមម្ហូបចិនទេ តែចេះតែទ្រាំទៅបំណាច់នឹងគេ ប៉ាវទៅហើយ។ ដល់និយាយគ្នាចុះ និយាយគ្នាឡើងទៅ ក៏បានទៅជានឹកឃើញថា មានលើកណានោះខ្ញុំដឹកអ្នកសុំដោយសារ មកពីកំពង់សោម ហើយគាត់នោះសុំបើកឡានជួសខ្ញុំ ព្រោះបែបមើលទៅឃើញខ្ញុំស្រវឹងខ្លាំងនិយាយឡូឡាស្តាប់គ្នាមិនបាន ហើយខ្ញុំចេះតែនឹកថា ចុះអាគាត់អ្នកផ្ញើខ្លួននឹងឡានខ្ញុំហ្នឹងវាចង់ប្លន់ឡានខ្ញុំក៏អីបានជាចេះតែសុំខ្លួនបើកឡានខ្ញុំចឹង???

លោកហ្អើយលោក ទម្រាំតែរកនឹកឃើញចង់ម៉ាង៉ៃវាល់ល្ងាច ហៀរដល់យប់។ តែរួចបាយមួយពេល ហើយឆ្ងាញ់មាត់ទៀត ប្តីប្រពន្ធមួយគូនេះគួរឱយគោរពស្រឡាញ់ណាស់។

តែលេខទូរស័ព្ទខ្ញុំ ប្លក់លេខគាត់ទាំងពីរបាត់ទៅហើយ!

1 ខែ​ឧសភា 2013 / ស្នាមញញឹម

សន្យា (ភាគ៧)


ខ្ញុំជាមនុស្សស្មោះត្រង់ក្នុងរឿងស្នេហា។  តែ…អូខេ ខ្ញុំសារភាព… ខ្ញុំមិនមែនជាមនុស្សស្មោះត្រង់​បំផុតនោះទេ។ ជានិច្ចជាកាល ខ្ញុំតែងតែស្វែងរកការកម្សាន្ត សប្បាយនៅខាងក្រៅផ្ទះជាញឹកញយតាមតែឱកាសហុចឱ្យ។ តើវា មិនមែនជារឿងធម្មតាទេឬ សម្រាប់មនុស្សម្នាក់ក្នុងស្ថានភាពរបស់ខ្ញុំ?

មនុស្សស្រីដែលនៅក្បែរខ្លួនខ្ញុំនេះ មិនមែនជាស្រីដែលខ្ញុំស្រឡាញ់ទេ ទោះបីនាង មានរូបសម្បត្តិស្អាតជាងនារី ទាំងអស់ដែល ខ្ញុំធ្លាប់មានទំនាក់ទំនងក៏ដោយ … សេចក្តីស្រឡាញ់មិនបានផ្អែកទាំងស្រុងទៅលើរូបសម្រស់​ ឡើយ តែក៏មិនមែនកាត់ផ្តាច់ពី សម្រស់ដែរ … ហើយក៏ប្រហែលដោយសាររូបសម្រស់របស់នាងស្អាត នេះឯង ហើយដែលខ្ញុំអាចមានទំនាក់ទំនងយូរអង្វែង និងជិតស្និទ្ធនឹងនាងជាងនារីណាៗទាំងអស់…

ជានារីស៊ីវិល័យតាមរបៀបអ្នកសិល្បៈដែលស្រឡាញ់រចនាបទផ្ទាល់ខ្លួន នាងមានលក្ខណៈពិសេសតែងខ្លួនយ៉ាង ស្រស់ស្អាត… សក់ខ្មៅរលើបបួងឡើងទៅលើផុត​ស្រឡះ​ មូរចូលគ្នាដូចគូទខ្យងចុងបំផុតដោតបន្ដុបនៅលើនោះ ដោយស្នៀត​សក់ធ្វើពីប្រាក់ មានរំយោលផ្កាក្រវាន់ដាំពេជ្រចាំងរលេក ទម្លាក់​មកក្បែរ​ស្លឹក​ត្រចៀក។ រូបរាងស្តើង ខ្ពស់ ១,៦០ម៉ែត្រ ប៉ុណ្ណឹងហើយ នាងនៅ តែពាក់ស្បែកជើងកែងចោត ដែលធ្វើឱ្យពេលដើរជាមួយគ្នាគេមិនដែល មើលឃើញខ្ញុំទេ។ ទម្រង់មុខនាងដូចជាកូនចៅចិន ស្រដៀងនឹងនាងកុប តារាភាពយន្តថៃ នាងមានសម្បុរ ស ជ្រះ តែមិនសូវជាស្អាតប៉ុន្មានទេ ដោយសារតែជម្ងឺខ្វះគ្រាប់ឈាម ក្រហមនេះយាយី ដែលធ្វើឱ្យសម្បុរសនេះប្រែ​ ជាលាយបៃតងព្រឿងៗ ដោយសារសាច់ឈាមមិនបរិបូណ៍ នាំឱ្យមើលឃើញ សសៃឈាម។ នាងចូលចិត្ត​ស្លៀក​ រ៉ូប ឬ សំពត់ច្រើនជាងខោ។ ព័ណ៌ដែលនាងចូលចិត្តប្រើគឺព័ណ៌បៃតង ព័ណ៌បៃតងលាយ ខៀវខ្ចី ព័ណ៌សលាយលឿង ខ្ចី (ស៊ីនួន) ព័ណ៌ផ្កាឈូកស្រាល… និងមានកន្សែងរុំកប្រើជាប្រចាំ ការពារខ្យល់ត្រជាក់ប៉ះបំពង់ក នាំឱ្យរលាកជា ញឹកញយ (ឬដើម្បីបាំងកុំឱ្យគេមើលទៅឃើញកវែងរបស់នាងទេដឹង???)។

ខ្ញុំសារភាពថា រូបរាងរបស់នាងពិតជាស្អាតគួរឱ្យចាប់ចិត្ត តែក្តីស្រឡាញ់មិនមែនចេះតែកើតមានសម្រាប់គ្រប់ មនុស្សដែលមាន រូបល្អស្អាតនោះទេ … ប្រហែលជាខ្ញុំជាមនុស្សខុសគេទេដឹង?… តែគិតចង់ស្រឡាញ់យ៉ាងណា ក៏ខ្ញុំធ្វើចិត្តស្រឡាញ់ស្រីស្អាត ដូចជានាងមិនបានដែរ ។ ពិតជាមិនចម្លែកឡើយដែលស្រីរូបស្អាតប្រហែលនឹងតារា  ភាពយន្ត ត្រូវបានបុរសជាច្រើនព្យាយាម ទាក់ទង រួមមានទាំងអ្នករាជការក្នុងស្ថាប័នទាហានជាមួយឪពុកនាង និងទាំងកូនចៅអ្នករកស៊ីធ្លាប់ទាក់ទងជាមួយម្តាយនាង។ រហូតជួនពេលខ្លះ នាងហុចទូរស័ព្ទមកឱ្យខ្ញុំនិយាយ ជួសនាងផង ដើម្បីសាងភាពប្រចណ្ឌដែលខ្ញុំមិនដែលគិតដល់ទាល់ តែសោះ។

និយាយជំនួសអូនមួយភ្លែត! អូនរវល់! (នាងហុចទូរស័ព្ទមកឱ្យខ្ញុំហើយដើរទៅក្រៅបន្ទប់បាត់)

ទេ! និយាយជួសគ្នាយ៉ាងម៉េច? មិនដឹងនិយាយរឿងអីទេ! … អា..អាឡូ… គាត់មានធុរៈរវល់ … បន្តិច។ អត់ទោស បើសិន មានអីត្រូវផ្តាំផ្ញើ សូមផ្តាំមកចុះ ចាំខ្ញុំកត់ទុកជូនគាត់…

រួចពីទូរស័ព្ទភ្លាម ខ្ញុំដើររកនាងដើម្បីណែនាំភ្លាមដែរ៖

គេហ៍! កុំធ្វើបែបនេះទៀតណា៎ បងមិនចូលចិត្តមនុស្សគ្មានសុជីវធម៌របៀបនេះទេ កំពុងនិយាយទូរស័ព្ទជាមួយគ្នា អូនបែរជា ហុចឱ្យអ្នកផ្សេងនិយាយ បើបងជាគាត់នោះមិញវិញ បងនឹងខឹងអូនគ្មានថ្ងៃរសាយឡើយ។ ផ្តេសផ្តាស ណាស់ បែបនេះគេ ហៅថាគ្មានសុជីវធម៌!

អាប៉ិហ្នឹង…

He…! You should use this word instead.

He ហ្នឹង តេរកអូនញឹកញាប់ពេកបានជាអូនធុញ មិនដឹងជាប្រកែកយ៉ាងម៉េចឱ្យស្រួលស្តាប់ជាងនេះ ព្រោះអូន ធ្លាប់ប្រាប់ថា អូនមិនចូលចិត្ត He ហ្នឹងទេ ហើយឱ្យឈប់តេរកអូនទៀត តែ He ហ្នឹងមិនស្តាប់។

អូហ៍!… ព្យាយាមនិយាយពីរបីដងទៅ!

ម៉េចប្រចណ្ឌឬ?

ណូ…ប្រចណ្ឌខ្មោចសេះស្អី! I’m not f**king jealous.

ស្មានតែប្រចណ្ឌ…

និយាយគ្នាឱ្យហើយណា៎ បើថ្ងៃណាមួយពួកយើងត្រូវបែកគ្នា គឺគ្មានរឿងប្រចណ្ឌឆ្កួតៗកើតឡើងទេ។ទោះយើង បែកគ្នាព្រោះ មូលហេតុអ្វីក៏ដោយគឺមិនត្រូវប្រើហឹង្សា មិនត្រូវឈ្លានពានគ្នាទៅវិញទៅមកឡើយ ។ ទោះជាយ៉ាង​ ម៉េចក៏ដោយ យើងនៅតែជា មិត្តនឹងគ្នា ។ គេហ៍ដឹងទេ? You are my best friend I’ve ever had.

Just only best friend??? ស្អាតត្រឹមអូនប៉ុណ្ណឹងហើយនៅត្រឹមតែជាមិត្តទេ?

Yes, but you know being best friend is better than anything else. For my opinion and concept, I’ll do as what my best friend telling me to do but not what my girlfriend telling me to do.

អូនមិនចង់បានត្រឹមជាBest Friendអីគេហ្នឹងទេ!

បើដឹងហើយថាបងមិនឱ្យតម្លៃលើអ្វីផ្សេងក៏អូននៅតែមិនចូលចិត្តទៀតឬ?

ចុះបើបងផ្លាស់គំនិតហើយសាកល្បងឱ្យតម្លៃវិញទៅ មិនបានទេហ្អេះ?

ពិបាកផ្លាស់ប្តូរគំនិត! ហើយក៏មិនចង់ដូរ៕

ពិតមែនតែខ្ញុំក៏មានសាច់មាន ឈាម​ដូចមនុស្សទូទៅមែន តែចិត្តមនុស្សគឺខុសគ្នា អ្នកខ្លះស្រឡាញ់ស្រីស្អាត អ្នកខ្លះស្រឡាញ់ ស្រីឆ្លាត អ្នកខ្លះ ស្រឡាញ់ស្រីដែលមានទ្រព្យ … តែខ្ញុំស្រឡាញ់ស្រីដែលខ្ញុំស្រឡាញ់ … ទោះស្រី ដែលខ្ញុំស្រឡាញ់ស្អាតមិន បាន ពាក់កណ្តាលនាងក៏ដោយ … ក៏ខ្ញុំនៅតែស្រឡាញ់គេ … ព្រោះខ្ញុំក៏ជាអ្នកស្មោះ ស្នេហ៍ម្នាក់ដែរ 😀

ដោយសាររបររកស៊ីទទួលបានផលច្រើន គួបផ្សំនឹងជីវិតដែលចូលចិត្តសម័យទំនើបនិយមផង នាងទិញប្រើតែ រថយន្តទំនើប ប្រើ របស់ដែលសុទ្ធតែយកពីស្រុកគេមកទាំងអស់…​ ជាញឹកញយ មនុស្សដើរមិនទាន់បច្ចេកវិទ្យា ដូចជាខ្ញុំតែងរងគ្រោះព្រោះតែរបស់ ទំនើបទាំងនោះ ដូចជាជាប់ក្នុងរថយន្តប្រើក្រយៅដៃដើម្បីបញ្ជា ឬជាប់នៅ ក្នុងកៅអីម៉ាស្សា ។ មានម្តងនោះ ខ្ញុំខឹងដល់កម្រិតរហូត មិនអាចទប់ចិត្តមិននិយាយពីរឿងរបស់របរទាំងនោះបាន គឺ ខ្ញុំ និងនាង ត្រូវជាប់នៅរានហាលមុខបន្ទប់ដោយសារតែទ្វារចេញ ចូលក្នុងបន្ទប់ប្រើសម្លេងបញ្ជាហើយពួក យើងប្រើសម្លេងខុសតង់ដែលវាចងចាំ លុះដល់ព្យាយាមច្រើនដងទៅវាប្លក់សម្លេងរបស់ ពួកយើង។ ខ្ញុំត្រូវសួ តោងហក់ទៅអោបដើមស្លា ហើយសម្រូតចុះមកក្រោមដើម្បីចូលទៅក្នុងផ្ទះ ហើយកែប្រែការកំណត់របស់ ប្រដាប់បញ្ជា។ ខ្លួនប្រាណខ្ញុំសុទ្ធតែរបួសព្រោះអោបដើមស្លា ដែលក្នុងប្រវត្តិជីវិតរបស់ខ្ញុំខានឡើងដើមឈើយូរណាស់ហើយ។

តែ…នាងជាមិត្តល្អបំផុតរបស់ខ្ញុំ។ គ្រប់ពេលមានបញ្ហានាងជាអ្នកដែលនៅក្បែរខ្ញុំជារៀងរហូត។

ពេលខ្ញុំឈឺ នាងនៅមើលថែខ្ញុំបីដូចជាគូជីវិត។ ហើយខ្ញុំក៏ដូចគ្នាពេលណាខ្ញុំឈឺ ខ្ញុំរត់ទៅរកនាង។វាជាសភាវគតិ ដែលមនុស្សរស់ នៅជាមួយគ្នាត្រូវតែគិតពីគ្នាជានិច្ច រួមទាំងពេលមានឈឺមានភ័យ មានសុខមានទុក្ខ។

គ្រាមួយដែលខ្ញុំនៅធ្វើការក្នុងព្រៃជិតមួយខែ ខ្ញុំដឹងថាមិនស្រួលខ្លួន ខ្ញុំឡើងពីព្រៃទៅរកនាងនៅភ្នំពេញ៖

ហ្អាក??? បង កើតអីហ្នឹង?

គេទះ គេតប់ គេដាល់ គេធាក់ គេទាត់ឡើងប៉ល់អស់ហើយ។ (មិនដឹងកើតអីទេ ដើរព្រៃសុខៗស្រាប់​ តែឈឺខ្លួន ទ្រមខ្លាំងទ្រាំមិន បានក៏ឡើងមកភ្នំពេញទៅ)។

នរណាធ្វើអីបង? ហើយបងទៅរករឿងគេឬយ៉ាងម៉េចបានជាគេវ៉ៃដល់ថ្នាក់នេះ?

ពួកម៉ាកកល្យាណហ្នឹងណា៎… មិនដឹងវានិយាយស្អីខ្លះបានជាគេស្អប់បង។ ម្នាក់កូនបីនោះ ខ្លួនស្គមទេ តែធាក់ បងគ្មានប្រណី … ឡើងជ្រះក្អែល មិនតែប៉ុណ្ណោះស្រាប់តែមានស្រីក្មេងម្នាក់ទៀតដែលនៅទំនេរនៅឡើយ ផ្តាំឱ្យ ម្នាក់កូនបីនោះធាក់បងថែម ព្រោះខ្លួនឯងធាក់បងមិនកើតដោយសាររក្សារាងជ្រុលពេក(Sic!)។ រួចម្នាក់ទៀត កូនពីរនាក់ធំៗនោះ ដំបូងៗមិនទាន់វ៉ៃបងទេ គ្រាន់តែស្តីឱ្យតែយូរៗទៅ វ៉ៃសុទ្ធតែបីជើងរាប់មួយប្រាំមួយសារដើម ។ រួចចំណែកបងប្រុសម្នាក់ទៀតនោះ តាមដឹងដូចជានៅ ក្បែរៗផ្ទះយើងដែរ លេងធាក់បងឡើងទ្រម ហេតុផលរបស់គាត់គឺបង្ការកុំឱ្យស្រីៗប៉ុន្មាននាក់ខាងលើវ៉ៃបងទាន់។ (គ្មាននរណា គេរករឿងអីទេ ឈឺតែ ខ្លួនឯងហ្នឹង)។

អ៊ូអ៊ូ…នរណាមកធ្វើបាបដំរីទឹករបស់អូនអីចឹង? តោះ ទៅពេទ្យតែម្តងទៅ មិនបាច់ផ្លាស់ខោអាវទេ។ អូនបញ្ចេញ ឡានសិន…

ខ្ញុំមិនដែលស្គាល់សត្វដំរីទឹកសោះតែម្តងរួចនឹកស្មានថាសត្វនោះគួរឱ្យស្រឡាញ់ហើយបានជានារីដែលតែងច្រៀង ដាក់ត្រចៀកខ្ញុំ ថាស្រឡាញ់ខ្ញុំណាស់នេះ ហៅខ្ញុំបែបនេះ។

អូនស្លៀកពាក់ឱ្យសមរម្យជាងនេះបន្តិចបានទេ? បងចាំ។ (ខ្ញុំនឹកអរក្នុងចិត្តដែលនាងដាក់ឈ្មោះពិសេសបែបនេះ ឱ្យខ្ញុំ)

នាងចូលទៅតែងខ្លួន សារជាថ្មីជំនួសខោខ្លី និងអាវយឺតរបស់នាង។ ពិតមែនតែខ្ញុំឈឺជិតស្លាប់ ហើយខ្ញុំមិនដែល គិតពីរឿងស្រស់ ស្អាតយ៉ាងម៉េចក៏ដោយ តែខ្ញុំមិនចង់ឱ្យអ្នកដទៃឃើញនាងមិនស្អាតនោះទេ។ ទោះជាខ្ញុំដឹងថា ការតែងខ្លួននោះ នឹងចំណាយ ពេលរបស់ខ្ញុំជាងមួយម៉ោងក៏ដោយ ក៏ខ្ញុំទ្រាំចាំ… អូខេ ទោះយ៉ាងណាក៏ខ្ញុំនៅតែ ស្រឡាញ់ស្រីស្អាត។

ដោយមិនចង់ឱ្យខាតពេល ខ្ញុំក៏ចូលបន្ទប់ទឹក សម្អាតខ្លួនដែលឡើងពីព្រៃមកកុំឱ្យពេទ្យខ្លាចខ្ញុំដែលមិនដឹងជាមាន បញ្ហាអ្វី ហើម ពេញខ្លួនទាំងអស់។ មុជទឹករួចទាញអាវថ្មីមួយដែលនាងដាក់ឱ្យក្នុងទូខោអាវរបស់ខ្ញុំ នាងបានសន្យា ថានឹងទិញអាវយឺតរូបក្រពើ ព័ណ៌បៃតងនេះឱ្យខ្ញុំជាយូរហើយ។ ខ្ញុំបញ្ចេញឡានរបស់នាងមកក្រៅរួចស្រេចចាំនាង នាងមិនដែលប្រើឡានរបស់ខ្ញុំចេញដើរលេង ក្នុងទីក្រុងទេ ព្រោះវាមានអាយុជាងម្ភៃឆ្នាំហើយ ទោះជាខ្ញុំថ្នមថែវា យ៉ាងណាក៏សម្រស់ និងសុខភាពរបស់វាមិនអាចរក្សាបានយូរ អង្វែងឡើយ។

ពេទ្យប្រាប់ថា ខ្ញុំមានប្រតិកម្មជាមួយអ្វីម្យ៉ាងដែលប៉ះ សាច់របស់ខ្ញុំជាច្រើនកន្លែង។ តែខ្ញុំរកនឹកមិនឃើញសោះថា​ ខ្ញុំដើរទៅប៉ះនឹង ស្អីដែលនាំឱ្យសាច់ ស្បែកខ្ញុំឡើងហើមស្ពីងដូចត្រូវគេវាយដំច្រំធាក់យ៉ាងដំណំបែបនេះ។

អូនស្មានតែនរណាគេធ្វើបាបបងពិតមែន ហើយគិតថាមនុស្សស្លូតអស់ត្រឹមប្តីអូនមាននរណាអាចនាំឱ្យឈ្លោះ ជាមួយបាន? បើ សូម្បីតែរុយទំក៏មិនខ្ចីបក់ផងនោះ! (និយាយរួចនាងក៏សើចរលាក់គ្មានគិតថាចិត្តអ្នកឈឺវាយ៉ាង ម៉េចនោះទេ ក្នុងពេលដែលខ្ញុំសូម្បី តែសើចក៏ឈឺដែរ)

គេហ៍កំពុងឌឺខ្ញុំមែនទេ???

ហើយប៉ុណ្ណឹង នៅមិ​នដឹងគេឌឺទៀត?

មិនដឹងហ្នឹងហើយបានជាសួរ។ បងគ្រាន់តែសួរកុំឱ្យវ៉ៃខុសប៉ុណ្ណោះ! (Sic!)

ទោះជាខ្ញុំមានធុរៈប៉ុណ្ណឹងហើយក៏រក្សាមិនព្រមលុបចោលកម្មវិធីមួយចំនួនដែរ។ នាងត្រូវទៅជប់លៀងជាមួយមិត្ត និងសង្សាររបស់ គេមកពីក្យូដូដោយនាំខ្ញុំទៅជាមួយដែរ បន្ទាប់ពីជជែកគ្នាលេងជាមួយមិត្តភ័ក្តិនាងមួយស្របក់ ពួកគេបានសុំឱ្យយើងជួយកក់បន្ទប់ សម្រាប់ស្នាក់នៅខេត្តកំពង់ធំ និងសៀមរាប និងចាត់ចែងរករថយន្តដែលគួរ ឱ្យទុកចិត្តសម្រាប់ជូនពួកគេដើរលេងស្រុកខ្មែរ តាម ផែនការដែលគេប្រាប់យើង។ ចេញពីនោះ នាងនិងខ្ញុំក៏ហួសទៅកំពង់សោមដើម្បីសម្រាកលម្ហែនៅសមុទ្រទាំងកណ្តាលអាធ្រាត្រ។ ដល់កំពង់សោម ក្រុងមាត់សមុទ្រ ភ្លឺល្មម នាងនាំខ្ញុំឆ្លងទៅលេងកោះឬស្សី ជាមួយមិត្តភ័ក្តិរបស់នាងបួនដប់នាក់ទៀតដែលមក ដល់ទីនេះតាំងពីក្បាលល្ងាច ខ្ញុំមិនសូវចូលចិត្តមនុស្សអ៊ូអរច្រើន ក៏តែងដើរគេចមិនចង់រួមសមាគមនឹងគេឡើយ គេក៏ចំអន់ខ្ញុំជា ច្រើនរឿងដើម្បី ទាក់ទាញខ្ញុំកុំឱ្យខ្មាសអៀនគេ។

មិនឱ្យខ្មាសយ៉ាងម៉េច បើគេម្នាក់ៗមានមុខរបរ មានថានៈធំៗក្នុងសង្គមផងដែរ ងាកមកមើលខ្ញុំជាស្អី ខ្ញុំគ្រាន់តែជាបុគ្គលិកអង្គការ តូចតាចស្ទើរមិនដែលឮឈ្មោះ។ អង្គុយមើលពួកគេប្រឡែងគ្នាលេង ខ្ញុំគិតក្នុងចិត្តថា មនុស្សមួយក្រុមនេះស្ថានភាពជីវិតក៏ខ្ពង់ខ្ពស់ តែក៏ធ្វើខ្លួនសាមញ្ញបានតាមកាលៈទេសៈ និងមានភាពឆ្លាតវៃ ពួកគេនៅក្មេងនៅឡើយទេ តែសម្តីសម្តៅនិយាយមិនឡេះឡោះឥត ប្រយោជន៍ មិនឈ្លោះ ប្រគងសម្តី លេងជ្រុល ឬនាំបង្ករឿងចំពោះមិត្តនិងមិត្ត ជជែកគ្នាដោះស្រាយតែបញ្ហារបស់គ្នាទៅវិញទៅមក នរណាមានបញ្ហាអ្វីក្នុងការរកស៊ី ពួកគេសួរ គ្នាដើម្បីរកផ្លូវជួយមិត្ត មានទាំងអ្នកដែលអាចសម្រេចចិត្តអារកាត់រឿងនីមួយៗបាន មានទាំងអ្នកទទួលខ្លួនចេញទៅជួយនិយាយជាមួយធនាគារដើម្បីសុំពន្យារពេលបង់ប្រាក់ដើមដែលខ្ចីមករកស៊ី ដោយគេចេះជជែក គ្នាថាតើគួរ និយាយបែបណាដើម្បីឱ្យធនាគារព្រមទទួលហេតុផលនោះ អ្នកនេះនិយាយអីចេះ អ្នកនោះថាអីចុះម្នាក់មួយម៉ាត់ម្នាក់ មួយយោបល់ ពួកគេសម្រេចគ្នាបានដោយជោគជ័យ។

ខ្ញុំមើលទៅពួកគេដូចជាដឹងថាពេលវេលាដែលពួកគេជួបគ្នាគឺជាពេលដែលជួយគ្នាដោះស្រាយបញ្ហាក្នុងជីវិត អ្នក ខ្លះនិយាយប្រាប់ ការលំបាកតាំងពីរឿងផ្ទៃក្នុងគ្រួសារ រាប់ទាំងរឿងប្តីប្រពន្ធ រឿងលើគ្រែផងដែរ តែគ្មាននរណាសើច យំឱ្យគ្នាសោះឡើយ មានតែឱ្យ គំនិតថាគួរដោះស្រាយបែបនេះ បែបនោះទៅវិញ។ 

មកដល់ត្រង់នេះ ខ្ញុំភ័យបុកពោះ ព្រោះខ្ញុំខ្លាចនាងលើកយករឿងរបស់យើងមកជជែកជាមួយពួកគេ។

ពេញមួយថ្ងៃនៅលើកោះ និងលើកាណូតក្នុងសមុទ្រ ពួកអ្នកសម្បុរសប្រែព័ណ៌ជាក្រហម ចំណែកខ្ញុំសម្បុរខ្មៅ ស្រាប់ក៏ឡើងសម្បុរ ខ្មៅក្រញ៉េះនឹងគេដែរ។

ត្រឡប់មកដល់សណ្ឋាគារវិញ ពួកយើងគេងតែពីរនាក់នៅមាត់សមុទ្រសំដិលយកខ្យល់ត្រជាក់ ក្រោយពេលជប់លៀងបាយល្ងាច ដើម្បីអបអរសាទរមិត្តម្នាក់របស់នាងដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅអង់គ្លេស។ ពេលខ្ញុំតេទៅរកសង្សារចាស់ដើម្បី សួរពីសុខទុក្ខគ្នារួច ខ្ញុំក៏ផ្ញើសារទៅនិយាយរាត្រីសួស្តីជាមួយស៊ីណាហើយសើចតែម្នាក់ឯងពេលមើលសារតបមកវិញរបស់ស៊ីណា។

បងដឹងទេ?…

បាទ?

…អូននៅតែច្រណែននឹងគេ … ទោះគេស្រឡាញ់បងតិចជាងមុន តែបងនៅតែឃែរគេរាល់យប់… ប្រៀបដូចអ្នក ទើបមានស្នេហា ថ្មីដែលតែងនឹកគិតដល់គ្នាគ្រប់ដង្ហើមចេញចូល…មិនដឹងថាកាលស្រឡាញ់គ្នាដំបូងបងគិតពីគេ បែបណាទេ…ហ្ន៎?

…គេហ៍ដែលសង្កេតដែរទេ? មនុស្សម្នាក់ទុកប្រាក់ក្នុងហោប៉ៅ លុះសម្បូរណ៍ប្រាក់ច្រើនទៅ ក៏តាំងទុកដាក់ដោយប្រហែស។ ពេល បាត់បង់ប្រាក់ទៅ មនុស្សនោះក៏តាំងដើររក តាំងរើកកាយសព្វរបស់ក្នុងផ្ទះដើម្បីរកប្រាក់ដែល ខ្លួនជាដើមចមបណ្តាលឱ្យបាត់បង់។ ឧទាហរណ៍នេះប្រដូចនឹងរូបបងដែលកាលមានរបស់ល្អនៅក្នុងដៃបងមិន ចេះយកចិត្តទុកដាក់ថែរក្សាឱ្យបានត្រឹមត្រូវ ព្រោះ សេចក្តីប្រមាទ។ កុំច្រណែនគេអីណា៎ ព្រោះជួនកាលនេះជាវត្ថុជំនួសដែលបងគួរធ្វើពីមុនមកទេ។

បង…នៅនឹកគេទេ?

បាទ។

គេនៅតែសំខាន់សម្រាប់បងប៉ុណ្ណាខ្ញុំក៏ដឹង ទោះជាមានពេលខ្លះបងបង្ខំចិត្តបំពេញភារកិច្ចរបស់ខ្លួនចំពោះគ្រួសារ យ៉ាងណាក៏ខ្ញុំនៅ តែមើលឃើញកែវភ្នែកបងត្រូវការគេជាទីបំផុត។ … តែមនុស្សម្នាក់ៗត្រូវតែមានមនុស្សសំខាន់ របស់ខ្លួនដើម្បីដាក់កំណត់ចំពោះ ខ្លួនឯងដើរឱ្យដល់គោលដៅណាមួយ… បើគ្មានទេ នរណាក៏មិនសូវប្រឹងប្រែង ដែរ។ មែនទេបង?

ប្រហែលហើយ។ … អូនងងុយគេងហើយឬនៅ? តោះចូលក្នុង។

កុំទាន់អីបង។ អូនចង់នៅនិយាយលេងជាមួយបងសិន។ …បងងងុយឬ?

អត់ទាន់ងងុយទេ។ តែខ្លាចអូនអស់កម្លាំងព្រោះដើរពេញមួយថ្ងៃហើយ។ ម៉េចដែរ? អូនមានឈឺខ្លួនទេហ្នឹង?

អត់អីទេ ព្រោះនៅតែលើទូក ដើរតែបន្តិចហ្នឹង។ ខ្ញុំសប្បាយចិត្តណាស់ដែលមានពេលនៅជាមួយបងពេញមួយថ្ងៃ ដូចថ្ងៃនេះ។ …បង Break input បានតែអាទិត្យនេះទៀតទេឬ?

បងសុំគេពីរអាទិត្យថែមទៀត ណាមួយគេមិនទាន់សម្រេចបន្ថែម Input (ពេលវេលាការងារ)ឱ្យបងផង ដូច្នេះបង ត្រូវតែ សម្រាកសិន។… ម៉ោះ បងធ្វើសរសៃឱ្យ! (នាងក៏បែរខ្នងមកឱ្យខ្ញុំតប់គក់ច្របាច់ រំសាយការឈឺចាប់ដែលបណ្តាល មកពីអង្គុយយូរ)

ស្អែកបងត្រូវនៅចាំប៉ាចុះយន្តហោះមកពីចិន ហើយបើកឡានជូនគាត់ទៅពញាក្រែក។ … ស្អែកនេះយើងត្រូវ ក្រោកពីព្រឹកដើម្បី ត្រឡប់ទៅភ្នំពេញវិញ ពេលបាយថ្ងៃរួច អូននិងម៉ាក់ទៅពញាក្រែកមុន ចំណែកបងចាំទៅពេល ទទួលប៉ាហើយ ។

យើងទៅធ្វើអីនៅឯនុះ?

 

11 ខែ​មេសា 2013 / ស្នាមញញឹម

ជិតចូលឆ្នាំថ្មី ខ្ញុំមានអាយុកើនបានមួយឆ្នាំទៀតហើយ


ថ្ងៃនេះមានរឿងច្រើនណាស់ដែលបានកើតឡើង ទាំងនៅក្នុងជីវភាពប្រចាំថ្ងៃ និងកន្លែងការងារ។

ព្រឹកមិញនេះ មានទូរស័ព្ទមួយទាំងព្រលឹម (ព្រោះយប់មិញខ្ញុំគេងលក់នៅម៉ោង៨យប់) ដែលជាបញ្ហាធំមួយ(ពីរ បីឯណោះ) ក្នុង កន្លែងធ្វើការដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ព្រោះវាទាក់ទងជាមួយនឹងទំនាស់ផលប្រយោជន៍។ កម្រទូរស័ព្ទនិយាយគ្នាទាំង  ព្រលឹមបែបនេះណាស់ខ្ញុំ លើកលែងតែរឿងគ្រួសារទេដែលអាចតេមកទាំងព្រលឹមបាន។

ចូលមកដល់កន្លែងធ្វើការ មេបានបង្ហាញនូវការរៀបចំរបាយការណ៍ដែលខុសពីគោលបំណងគាត់ចង់បាន។ មេគាត់មិនត្រូវការ ព័ត៌មានណាដែលមិនចាំបាច់ (ចាំមើលតែពេលត្រូវការចាំតែឱយតើ)។ ចំណែកខ្ញុំ មិនត្រូវការធ្វើការដែលគ្មានព័ត៌មានច្រើនទេ ខ្ញុំ ត្រូវការព័ត៌មានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះជួនកាល បើមាននរណាម្នាក់ត្រូវការខ្ញុំនឹងមានព័ត៌មានផ្តល់ឱយទាន់ ពេលវេលា។

មិត្តរួមការងារបានព្រមព្រាងគ្នាថានឹងរៀបចំបាយពេលថ្ងៃត្រង់មួយពេលទៀត។ ត្រូវរៃអង្គាសប្រាក់បដិភាគបន្ថែមដើម្បីបន្តដំណើរ ផឹកស៊ីរបស់យើងឱយបានពេញលេញមួយពេលទៀត។ តែស៊យដល់ហើយ ព្រោះខ្ញុំមានណាត់បាយនៅខាងក្រៅបាត់។

មិនដឹងថានៅក្នុងកន្លែងធ្វើការសប្បាយប៉ុណ្ណាទេដែលមានសុទ្ធតែបង្កងបង្គា ត្រីអាំង និងបង្អែម ក្លែមជាមួយស្រាបៀក្លាស្សេតាំង ពីម្សិលឡើងត្រជាក់ស្រេប អ្ហែមៗ… (មិនដឹងថាខុសឬត្រូវទេដែលខ្ញុំក៏ចូលចិត្តផឹកស្រាបៀពេញម៉ាទំហឹងដែរ ពិតមែនតែកម្លាំង មិនសូវមាំអីនឹងគេ) ជាពិសេសមានពេលបាយជាមួយមេ បានជជែកគ្នារឿងការងារខ្លះផង សោះមិនសូវខាតពេលច្រើន តែ…

ថ្ងៃនេះជាថ្ងៃដំបូងហើយក្នុងសប្តាហ៍នេះដែលខ្ញុំបានញ៉ាំគ្រាប់បាយចូលខ្លួន មានសម្លប្រហើរត្រីឆ្អើរ និងឆាខាត់ណាសាច់គោ។ ឆ្ងាញ់ណាស់!!! តាមខ្ញុំស្មានស្នាដៃចុងភៅម្នាក់នេះមិនអន់ឡើយ។ អាហារដ្ឋាន «អម» នៅផ្លូវប៉ាស្ទ័រ ដែលមានម្ចាស់ហាងជាស្រី ចំណាស់ស្រស់ស្អាតម្នាក់នេះ គួរឱយចង់ទៅហូប មិនសូវនិយាយស្តីប៉ប៉ាច់ប៉ប៉ោចច្រើន និយាយលាយញញឹម និយាយដឹង ខុសត្រូវទាំងក្នុងរឿងទទួលយកការកែលម្អ តម្លៃក៏សមរម្យ ហើយជាពិសេសមានបង្អែមមួយចានសម្រាប់លាងមាត់ផង។ មិន មែនចង់ផ្សាយពាណិជ្ជកម្មអីទេ តែគ្រាន់តែឆ្ងាញ់មាត់នឹងសម្លប្រហើរត្រីឆ្អើរមួយកូនឆ្នាំងដីតូចនេះ ហុតឡើងខ្មាសគេព្រោះសល់ តែស្លឹកគ្រៃនៅក្នុងឆ្នាំង (សូម្បីតែខ្ជាយក៏ញ៉ាំអស់ដែរ)។ ដោយសារថ្ងៃនេះគេធ្វើចេកខ្ទិះ ខ្ញុំមិនចំណូលផង ក៏មិនហ៊ានអួតពីរស ជាតិបង្អែមនេះដែរ។ បើធៀបនឹងហាង «ត្រសក់ផ្អែម» នៅផ្លូវត្រសក់ផ្អែម ហាងនេះគឺប្រហាក់ប្រហែលគ្នា ដោយគ្រាន់តែហាង ត្រសក់ផ្អែមមានកន្លែងអង្គុយមានផាសុកជាងនេះ និងមានម៉ាស៊ីនត្រជាក់បន្តិចៗផង ធ្វើឱ្យញ៉ាំបាយឆាប់ឆ្អែតណាស់។

ទៅបាយនៅក្រៅផ្ទះជាមួយមិត្តភ័ក្តិរួចខ្ញុំក៏ហួសទៅផ្ទះដាក់ចំណីឱ្យក្មួយបង្កើត ឈ្មោះអាបេប៊ីប៊យ (ធ្វើឬកឯងជាទន្សាយអ្នកមាន ស្អីស៊ីតែចំណីកញ្ចប់ សាច់ជ្រូកចិញ្រ្ចាំលីង និងកកេរតែក្រដាសសោះហ្នឹង) វានឹកខ្ញុំខ្លាំងណាស់ គ្រាន់តែស្រែករកភ្លាម វារត់មក ដល់ក្រោមជើងភ្លាមដែរ ដែលជាធម្មតា វាខ្ជិលមែនទែន ហៅទម្រាំតែចេញមក ដប់នាទីអីឯណោះ!

ដោយសារតែខ្លួនឯងមិនសូវដឹងពីរឿងធ្វើម្ហូប ខ្ញុំមិនដែលហ៊ាននិយាយរឿងមុខម្ហូបជាមួយអ្នកធ្វើការរួមនឹងខ្ញុំឡើយ តែខ្ញុំតែងដឹង ថាតើកន្លែងណាមានម្ហូបដែលខ្ញុំចូលចិត្ត ដូចជានៅហាងមួយក្បែរមាត់ទន្លេ ខ្ញុំចូលចិត្តញ៉ាំសាមុសា រ៉ាហ្គូសណ្តែក និងសាច់ក្រក ឡាសាញ៉ា និងស៊ុបសាច់ក្រកបន្ទះ។ រួចចំណែកហាងដែលស្លម្ជូរគ្រឿងស្លឹករមៀតក្បាលត្រីឆ្ងាញ់ គឺហាងរំចង់នៅព្រែកលាប។ រួចត្វាគោដែលឆ្ងាញ់គ្រាន់បើ ហើយខ្ញុំចូលចិត្តគឺនៅវ៉ាស៊ីងតោនព្រែកលាប ហើយបើនិយាយពីដំឡូងបារាំងបំពងឆ្ងាញ់គឺនៅ ប៊ីប៊ីវើល ចំណែកសាច់នំប៊ឺហ្គ័រឆ្ងាញ់គឺឡាក់គីប៊ីហ្គ័រ ហើយបើសាច់មាន់ឆ្ងាញ់វិញមានតែនៅ ប៊ីប៊ីឃ្យូ ឈីកខិន… ចំណែកបបរស ត្រីងៀតឆ្ងាញ់ជាងគេលើលោកនេះសម្រាប់ខ្ញុំ មានតែនៅហាងមួយនៅកំពង់ធំ អត់មានដំបូលប្រក់ អង្គុយលើគ្រែ ដួសបបរដាក់  ចានដែកសល់ពីសម័យសង្គ្រាមព័ណ៌ប្រាក់ (ឱយឆាប់ត្រជាក់) ដាក់ឱយហូប ម្ចាស់ហាងជាស្រីចាស់ម្នាក់ ទារថ្លៃធ្វើម្ហូបប្រចាំខែ  ច្រើនៗណាស់ តែក៏នៅតែពេញចិត្តឱ្យព្រោះខ្ញុំចូលចិត្តបបរសនោះតាំងពីកូនង៉ែតមក…

ឆ្នាំនេះគ្មានអ្វីពិសេសឡើយ មានតែអង្គុយមើលគេមើលឯង ដើរទៅដើរមក ហើយនឹងធ្វើការឱយរួចមុនពេលចាប់ផ្តើមការងារនៅ ឯភូមិដាច់ស្រយាល តាមខេត្ត។ តែខ្ញុំចង់កត់ត្រាទុកនូវអ្វីៗដែលបានកើតឡើង ហើយតើដែលនឹងខុសប្លែកគ្នាពីមួយឆ្នាំទៅមួយ ឆ្នាំបែបណា?

ទើបតែថ្ងៃនេះទេដែលមេធំ និយាយកាន់ជើងថា បើខ្ញុំនៅតែធ្វើការងារបានត្រឹមនេះ គេនឹងដាក់ការងារឱយធ្វើខ្ពស់លើសហ្នឹងមួយ កម្រិតទៀត… គាត់មិនទាន់និយាយពាក្យថាអាណិតខ្ញុំទេ តែខ្ញុំដឹងថាក្នុងចិត្តគាត់អាណិតខ្ញុំ បើមិនអាណិតស្រឡាញ់ខ្ញុំទេ ស្មាន តែពេលខ្លះខ្ញុំធ្វើខុសហើយ ធ្វើការងារមិនទាន់ហើយ (គាត់មិនច្រឡោតដាក់ដូចអ្នកផ្សេង) មេនៅការពារខ្ញុំទៀត ហើយមិនមែនតែ មេធំទេ មេទីពីរក៏ Save my life រាល់តែដងដែរ កុំអីស្មានតែ បានឈរជើងនៅកន្លែងហ្នឹងជាប់ឬ? បើម្នាក់ៗលេងតែប៉ែងជើង គ្នាបែបនេះ។

ចង់និយាយពាក្យប៉ុន្មានម៉ាត់ ព្រោះមិនដឹងថាថ្ងៃនេះ ថ្ងៃស្អែកនឹងប្រែប្រួលបែបណា ចង់និយាយមុនពេលហួសពេលនឹងនិយាយ៖

អរគុណម៉ែ ម៉ាក់ ប៉ា និងលោកគ្រូ អ្នកគ្រូ ទាំងអស់ ព្រមទាំងញាតិមិត្តនៅជុំវិញខ្លួនរបស់ខ្ញុំដែលបានណែនាំប្រដៅឱ្យខ្ញុំធ្វើជា មនុស្សដែលមិនរស់នៅនាំទុក្ខដល់អ្នកដទៃ (លើកលែងតែអ្នកនៅហ្វេសប៊ុក និងវើតប្រេស ខ្ញុំអាចនាំទុក្ខដោយនិយាយសាំតាប៉ែ ច្រើន តែម៉ែមិនដែលស្គាល់ហ្វេសប៊ុកទើបគាត់មិនដែលប្រដៅខ្ញុំឱ្យក្លាយជាមនុស្សល្អនៅលើនេះទេ) ។

អរគុណមេទាំងពីរដែលជានិច្ចកាលតែងចេញមុខការពារកូនចៅផ្តេសផ្តាសដូចជាខ្ញុំ។

អរគុណផែនដីដែលរក្សាទុកខ្ញុំឱយនៅលើលោក ខ្ញុំប្រហែលជាធ្ងន់ណាស់ហើយ…

តែមិនភ្លេចទេ៖ សូមជូនពរញាតិមិត្តទាំងអស់គ្នាដែលអាចឃើញអក្សរនេះ សូមមិត្តបានជួបប្រទះសេចក្តីសុខ សេចក្តីចម្រើន និង មានតែសុភមង្គលជានិច្ចក្នុងក្រុមគ្រួសារ នាឆ្នាំថ្មីនេះគ្រប់ៗគ្នា។

 

24 ខែ​មីនា 2013 / ស្នាមញញឹម


ស្មានតែគ្មានវិធានការអីទេ។ ប៊ិះអាលាយ ឱដើមត្នោតខ្មែរ!

សហគមន៍ជនបទនៅកម្ពុជា

ដោយគិតថានេះជាឯកសារមិនចាំបាច់រក្សាសិទ្ធិ​ពិសេស ដែលកូនខ្មែរគ្រប់រូបគួរតែបានដឹង ព្រោះជាលទ្ធផលនៃការងាររដ្ឋដែលមួយផ្នែក (ទោះធំឬតូច) បានមកពីការប្រមូលពន្ធពីខ្មែរ គ្រប់រូបក្នុងនោះមានទាំងខ្ញុំផងដែរ។

ឱត្នោតខ្ញុំអើយ!!!

 

IMAG2518

IMAG2519

IMAG2520-1

View original post