រំលង ទៅខ្លឹមសារ
25 ខែសីហា 2019 / ស្នាមញញឹម

សុភមង្គលគ្រួសារ

ម្សិលមិញ ខ្ញុំបានណាត់មិត្តទៅជជែកគ្នាលេង ក្រោយពេលសង្សារខ្ញុំព្រលែងខ្ញុំចេញពីទ្រុង 😀 😀 😀 ឱ្យ​មាន​​សេរីភាព​មួយខែដើម្បីបំបាត់ស្រ្តេស៍ធ្ងន់ធ្ងរ ។ ខែក្រោយគេនាំទៅពេទ្យផ្លូវចិត្តមែនទែនហើយ បើសិនខ្ញុំនៅមានអាការៈឈឺក្បាលមិនបាត់បែបនេះទៀត ។ ដូច្នេះ បើទៅថ្ងៃមុខខ្ញុំមានជំងឺវិកលចរិត ជួយហុចនំនែកបាយទឹកម្តងម្កាលផងពេលឃើញតាមផ្លូវ 😀 😀 😀 ។ តែថ្ងៃនេះនឹកឃើញរឿងតូចមួយ ខ្ញុំក៏សរសេរទុកសម្រាប់គ្រប់គ្នាដែលចូលចិត្តការអាន ៖

សុភមង្គលគ្រួសារ

ខ្ញុំធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយនៅទីរួមខេត្ត ។ ពីកាលកំណើតខ្ញុំ ឪពុកខ្ញុំបានចេញពីផ្ទះទៅរកការងារឯទីក្រុងស្របពេលស្រុកទេសទើបងើបពីសង្គ្រាម ហើយគាត់ក៏បានគ្រួសារថ្មី មានកូននិងចេញទៅរៀនឯស្រុកបរទេស អស់ពេលយូរគួរសមដែរ ។ ពេលនោះ ខ្ញុំនៅតូច ខ្ញុំចាំបានថា មាមីង បងប្អូន និងជីដូនជីតាខ្ញុំប្រាប់ខ្ញុំថា ខ្ញុំជាកូនក្មេងដែលរើសបានក្រោមដើមគ្រាប់បែកក្បែរសាលារៀនដែលខ្ញុំរៀនសព្វថ្ងៃ ។ ពេលសួរបញ្ជាក់យាយខ្ញុំ គាត់ឆ្លើយបញ្ច្រាសមកវិញ ៖ ចៅឯងខំរៀនណា៎ ពេលណារៀនពូកែ មានការងារល្អៗធ្វើ ចៅឯងមានប្រាក់អាចចិញ្ចឹមម៉ែ និងយាយ ហើយបងប្អូនយើងផ្សេងទៀតក៏ពឹងលើចៅដែរ ។ ចាប់ពីពេលនោះមក កំណើតស្រពេចស្រពិលរបស់ខ្ញុំហាក់ត្រូវបានប្រឹងបំភ្លេចចោលពីមនុស្សគ្រប់គ្នា រួមទាំងខ្ញុំផង ដើម្បីការចាប់ផ្តើមចេញដំណើរថ្មីក្នុងជីវិត ។

ថ្ងៃមួយ ពេលចេញពីថ្នាក់រៀនទី២ក មានបងស្រីជីដូនមួយម្នាក់របស់ខ្ញុំដែលខ្ញុំស្គាល់ បានមកចាំខ្ញុំហើយទាញដៃខ្ញុំទៅប្រាប់ថា តោះទៅរកពុក ពុកឯងមកចាំនៅផ្ទះបង។ »ពុក? យីខ្ញុំរង់ចាំពុកយូរណាស់ហើយ ឥឡូវគាត់មកយកខ្ញុំទៅនៅជាមួយមែនទេដឹង? រាល់ថ្ងៃម៉ែ និងយាយ វាយខ្ញុំគ្មានលស់ពេល ខ្ញុំមិនចង់ត្រូវរំពាត់គាត់ទៀតទេ ខ្ញុំចង់ទៅនៅជាមួយពុកវិញ ។ ពុកប្រហែលជាស្រឡាញ់ខ្ញុំជាងម៉ែ គាត់នឹងមិនវាយខ្ញុំទេ ។‍« ខ្ញុំក៏តាមគាត់ទៅ ចោលសន្យាជាមួយម៉ែដែលតែងមកទទួលខ្ញុំចេញពីសាលាទៅផ្ទះ ។ ទៅដល់ ខ្ញុំឃើញបុរសស្អាតបាតម្នាក់ដែល មានសាច់ឈាមជាមនុស្សមានរបបអាហារហូបចុកគ្រប់គ្រាន់ បក់ដៃហៅខ្ញុំទៅជិត ហើយនិយាយថា ពុកនឹកកូនឯងណាស់ ។ គាត់ក៏ថើបខ្ញុំ លើកខ្ញុំដាក់អង្គុយលើភ្លៅ ហើយសួរនាំខ្ញុំច្រើន តាំងពីម៉ែ យាយ ការសិក្សារៀនសូត្រ និងជីវិតរស់នៅប្រចាំថ្ងៃ ខ្ញុំចាំបានថា ការជួបគ្នារបស់គាត់និងខ្ញុំពេលនោះបាននាំមកនូវទឹកភ្នែកជាច្រើនរបស់ម៉ែ និងយាយ ដែលស្រក់ដោយសារភ័យបាត់ចៅកំហូចតែមួយគ្រាប់គត់ គាត់ដើររកដាច់បាយថ្ងៃត្រង់ទម្រាំឃើញខ្ញុំមកចាំនៅសាលារៀនវិញពេលពុកជូនខ្ញុំមកដាក់ នៅម៉ោងមួយរសៀល ។ មេរៀនដំបូងដែលខ្ញុំជួបពុកខ្ញុំ គឺខ្ញុំចេះបោសផ្ទះ ។ គាត់បង្រៀនខ្ញុំឱយធ្វើ ហើយគាត់ណែនាំកុំឱយបោសសម្រាមដាក់ចូលក្រោមជើងខ្លួនឯង គឺត្រូវប្រើអំបោសរុញសម្រាមទៅមុខ ហើយប្រញាប់កើបចេញម្តងបន្តិចៗ…

ជារៀងរាល់ឆ្នាំ ខ្ញុំតែងបានជួបពុកដែលលួចលាក់មកអើតមើលកូននៅស្រុកកំណើតគាត់នេះ ។ ខ្ញុំតែងសង្ឃឹមថាពុកនឹងត្រឡប់មករកគ្រួសារខ្ញុំវិញហើយប្រឹងរកស៊ីធ្វើការដើម្បីចិញ្ចឹមខ្ញុំឱយមានសាច់ជាងរាល់ថ្ងៃដែលហូបបបរស្ទើរគ្រប់ពេល ។ ពេលជួបគ្នាគាត់មិនដែលនិយាយប្រាប់ពីគ្រួសារថ្មីរបស់គាត់ទេ ។ ខ្ញុំក៏មិនដែលសួរគាត់ដូចម្តេចដែរ ខ្ញុំជាក្មេងចូលចិត្តស្តាប់ជាងនិយាយបប៉ោច ។ គាត់លួចលាក់ជួបខ្ញុំ រហូតថ្ងៃមួយគាត់ចង់នាំម្តាយខ្ញុំនិងខ្ញុំទៅនៅភ្នំពេញ តែជីដូនខ្ញុំដាច់ខាតមិនឱ្យទៅទេ គាត់កាន់កាំបិតធំមួយនៅនឹងដៃ ហើយស្រែកដេញឪពុកខ្ញុំមិនឱ្យប៉ះពួកខ្ញុំ ។ មីងខ្ញុំនាំខ្ញុំដើរពង្វាងទៅលេងផ្ទះអ្នកជិតខាង គាត់ខ្លាចខ្ញុំឃើញការឈ្លោះជេរគ្នារវាងម៉ែក្មេកនិងកូនប្រសារ ។ ឪពុកខ្ញុំត្រូវចុះចាញ់ម្តាយក្មេកចិត្តបុណ្យរបស់គាត់ដោយសារតែកាំបិតធំ ហើយត្រឡប់ទៅភ្នំពេញវិញទទេ ។

គាត់ព្យាយាមទាក់ទងម្តាយខ្ញុំឱយនាំខ្ញុំមកលេងភ្នំពេញរៀងរាល់រដូវសម្រាកការសិក្សា គាត់បានទិញដីធំជាច្រើនហិកតានៅជាយក្រុងភ្នំពេញជិតទួលគោក ហើយនិយាយជាមួយជីដូនម្នាក់ទៀតរបស់ខ្ញុំឱយមកនៅចាំដី ដើម្បីមានលេសនាំខ្ញុំមកលេងគាត់ហើយមានកន្លែងស្នាក់នៅផង ។ ម្តាយខ្ញុំ និងខ្ញុំដឹងថាឪពុកខ្ញុំមិនមែនមានតែពួកយើងទេ ព្រោះការមករស់នៅភ្នំពេញ គាត់ក៏លួចលាក់មកជួបយើងដែរ ក្រោយមកខ្ញុំមានប្អូនពីរនាក់ទៀត ។ រឿងរ៉ាវកើតឡើងកាន់តែច្រើនក្នុងជីវិតពួកខ្ញុំទាំងបីនាក់បងប្អូន ។ ក្រោយដឹងថាឪពុកមានកូនពីរនាក់ទៀតធំៗហើយនោះ ពួកខ្ញុំដឹងច្បាស់ថា គ្មានអ្វីអាចសម្រេចដូចក្តីស្រមៃពីតូចមកទេ មិនអាចមានឪពុកនៅមើលថែ រកស៊ីចិញ្ចឹម​ដូចគេភាគច្រើននោះទេ ។ ថ្ងៃមួយខ្ញុំនិយាយប្រាប់ម្តាយខ្ញុំថា ម៉ែ យើងកុំចង់បានពុកមកនៅជាមួយយើងអី ! ម្តាយខ្ញុំឆ្ងល់ គាត់សួរថាក្រែងកូនឯងចង់នៅជាមួយពុកឯងហ្អី? រួចម្តេចត្រឡប់ជាលែងចង់បានហើយ? ខ្ញុំមិនចង់ឱ្យកូនគាត់ថ្មីកំព្រាឪពុកដូចពួកយើងទេម៉ែ ។ យើងធ្លាប់ទៅហើយ យើងអាចរស់បាន ។

ឪពុកខ្ញុំមិនឈប់ត្រឹមនេះទេ គាត់ទាមទារចិញ្ចឹមខ្ញុំ តែម្តាយខ្ញុំនិយាយថា ចាំខ្ញុំគ្រប់អាយុដប់ប្រាំបីឆ្នាំសិនទើបគាត់បណ្តោយឱ្យទៅនៅជាមួយឪពុកខ្ញុំ ។ អាយុជិតដប់ប្រាំពីរឆ្នាំ ខ្ញុំជាប់បាក់ឌុបហើយសម្រេចចិត្តមកប្រឡងនៅភ្នំពេញក្រែងជាប់បានចូលមហាវិទ្យាល័យនឹងគេ ។ ខ្ញុំត្រូវនៅជាមួយឪពុកដែលមានប្រពន្ធទីបួន និងទីប្រាំ ហើយមានកូនម្នាក់ពីរៗ នៅផ្ទះផ្សេងៗគ្នា ។ ពុកចង់ឱយខ្ញុំរៀនខាងគ្រប់គ្រង តែខ្ញុំបែរជាទៅប្រឡងខាងបច្ចេកទេសកុំព្យូទ័រដោយលួចលាក់ ។ ពេលចេញលទ្ធផល ទោះជាយ៉ាងណាខ្ញុំមិនអាចប្រកែកបានជាមួយគាត់ដើម្បីរៀនពីអ្វីដែលខ្ញុំចង់នោះទេ ខ្ញុំសម្រេចចិត្តរៀនតាមការចង់បានរបស់គាត់ ។ កាលនៅជាមួយម៉ែនិងយាយ ថាគាត់ក្រទៅហើយគ្មានប្រាក់ឱ្យទៅរៀនច្រើនទេ បើចង់បានត្រូវខំពុះអុស កាប់អុស រកបេះផ្លែឈើលក់ ឬរែកទឹកឱ្យគេពេលគេមានរវល់ទើបបានប្រាក់ទិញរបស់របរដែលខ្ញុំចង់បាន ដល់មកភ្នំពេញ របរទាំងនេះលែងមានទៀតហើយ ជុំវិញខ្លួនខ្ញុំសុទ្ធតែអ្នកក្រ ។ លុះមកនៅជាមួយឪពុកដែលអួតខ្លួនជានិច្ចថាអាចចិញ្ចឹមកូនបាន បែរជាពិបាកសុំប្រាក់ទៅរៀនដដែល មួរម៉ៅនឹងរឿងនេះ ខ្ញុំបានសំងំអង្គុយចម្លងវចនានុក្រម អង់គ្លេស-អង់គ្លេស (ព្រោះគាត់មិនព្រមទិញវចនានុក្រមអង់គ្លេស-ខ្មែរឱ្យខ្ញុំសោះ) Mini Merriam-Webster English Dictionary រហូតចប់ដោយចំណាយអស់សៀវភៅ១០០ទំព័រ៧ក្បាល ទាំងមិនដឹងថាពាក្យនីមួយៗមានន័យថាម៉េចទេ ។ តែខ្ញុំមានចំណាំមួយ គឺពាក្យនេះមានឬមិនមានក្នុងវចនានុក្រមនោះ ឬពាក្យនោះសរសេរបែបហ្នឹងត្រូវឬទេ ព្រោះពេលខ្ញុំលេងល្បែងទាយពាក្យ ខ្ញុំទាយកម្រខុសណាស់ ហើយកុំសួរពាក្យហ្នឹងមានន័យថាម៉េច ខ្ញុំអត់ចេះទេ ព្រោះឪពុកខ្ញុំមិនបានទិញវចនានុក្រមសម្រាប់​បកប្រែឱយខ្ញុំទេ ។

ខ្ញុំអត់មានប្រាក់ជាប់ខ្លួនច្រើនទេ​ ខ្ញុំបែកគំនិតដើរជួយប្រឡងគេ  ទៅអង្គុយយំឱ្យខ្មោចចិន បន្លំរើសសំបកដបនៅតាមមាត់ទន្លេលក់អេតចាយ(បានជាត្រូវបន្លំខ្លួនព្រោះខ្មាសគេ ខ្លាចគេឃើញ) ដើម្បី​យក​ប្រាក់​មក​ចាយ ។ ជាបន្តបន្ទាប់ ខ្ញុំចាប់ផ្តើមស្គាល់កន្លុកកន្លៀតក្នុងក្រុងភ្នំពេញដោយការចច្រប់រើសអេតចាយរបស់ខ្ញុំ ខ្ញុំបានទៅសុំដឹកអង្ករឱយអ្នកលក់នៅម្តុំរ៉ារទេះភ្លើង ព្រោះភ្នំពេញក្លាយជាបាតដៃរបស់ខ្ញុំហើយ តែខ្ញុំមិនដែលខកខានធ្វើការងារសាលា និងការងារផ្ទះឡើយ បើមិនដូច្នេះទេពុកនឹងជេរផ្អើលអ្នកស្រុកមិនខាន ។ ការងារផ្ទះមាន៖ មើលអំពូលភ្លើង ធ្វើម៉ូទ័រទឹក តភ្លើង ជួយជំរះស្មៅ លាងអាងហែលទឹក និងដើររើសដែកគោល សំបកកាទូស ។ ក្រោយមកពុកប្រគល់ការងារថ្មីឱ្យខ្ញុំធ្វើ គឺគិតបញ្ជីភ្លើងគីឡូ។ គាត់ម៉ៅភ្លើងមកចែកចាយ នៅតំបន់នោះ ហើយខ្ញុំក៏ចាប់អាជីពមួយទៀតដើម្បីរកចំណូល គឺដើរតភ្លើងតាមផ្ទះឱយគេពេលគេហៅ។ ខ្ញុំមានចំណូលគ្រាន់បើលើអាជីពភ្លើង តភ្លើងតាមផ្ទះតាមអំពូលតិចច្រើន ចំណែកការដូរខ្សែភ្លើងខ្ញុំមានកូនចៅពុកគាត់អ្នកធ្វើ ព្រោះគាត់មានកម្លាំង ខ្ញុំមានតែជំនាញទេ។ ត្រឹមនេះខ្ញុំទៅរៀនបានស្រួលជាងមុន ហត់ជាងមុន រកប្រាក់បានច្រើនជាងមុនបន្តិចដើម្បីជូនម្តាយខ្ញុំសម្រាបចិញ្ចឹមប្អូនៗ ។ ខ្ញុំបែកគំនិតរៀនផ្នែកកុំព្យូទ័រទៀត ទាំងផ្នែកប្រើប្រាស់សម្រាប់ការិយាល័យ និងជួសជុលថែទាំ បងស្រីម្តាយខ្ញុំនិងប្តីគាត់បានដឹងថាខ្ញុំត្រូវការកុំព្យូទ័រដើម្បីរៀនគាត់បានផ្តល់ប្រាក់មួយចំនួន និងប្រាក់ទិញវាមករៀន បួនរយដុល្លាទៀត ដែលអាចផ្តល់លទ្ធភាពឱ្យខ្ញុំទិញកុំព្យូទ័រចាស់មួយមករៀនជួសជុល។ ខ្ញុំរកប្រាក់បានខ្លះផ្សំផងដែរពីការជួយធ្វើស៊ីវីឱយមិត្តភ័ក្តិ គេហុចលុយឱ្យចាយព្រោះគេដឹងថាខ្ញុំក្រ គេជួយខ្ញុំគ្រប់គ្នា ត្រឹមមិត្តភ័ក្តិជួយជួសជុលកុំព្យូទ័រខ្ញុំមិនគួរយកប្រាក់គ្នាឡើយ តែគេទាមទារឱ្យខ្ញុំទាល់តែបាន ខ្ញុំចេះសរសេរលិខិតសម្រាប់ដាក់ពាក្យសុំការងារធ្វើ ជួយជូនមិត្តទៅកន្លែងសម្ភាសន៍ការងារ ព្រោះខ្ញុំស្គាល់ស្ទើរគ្រប់អង្គការ ក្រុមហ៊ុនធំៗ ល្បីៗ ។ ខ្ញុំក៏បានលុយពីចំណេះអស់ហ្នឹងដែរ ទោះមិនបានលុយក៏បានបាយទឹកជាញឹកញយដែរ ។

ដោយសាររវល់វក់នឹងលុយៗ ពុកដេញខ្ញុំចេញពីផ្ទះព្រោះមិនបានជួយអ្វីគាត់ច្រើនទេ ណាមួយការរកស៊ីរបស់គាត់ក៏ធ្លាក់ចុះ ចំណូលគាត់តិច ការចំណាយកើនឡើង ។ ខ្ញុំជួលផ្ទះយាយខ្ញុំដែលពុកខ្ញុំក៏គាត់ដេញយាយចាំដីឱ្យគាត់ចេញជាយូរមកហើយ ។ មិត្តភ័ក្តិបានជួយរកការងារឱយខ្ញុំធ្វើ ខ្ញុំមានចំណូល រសាត់អណ្តែត ខ្ញុំធ្វើតែការងារណាដែលត្រូវដើរទៅឆ្ងាយ រឿងរ៉ាវរបស់ពុកមានប្រពន្ធបន្តប៉ុន្មាននាក់ទៀតលែងជារឿងគួរឱ្យចាប់អារម្មណ៍ដូចកាលពីមុន។ មុនពេលដេញខ្ញុំចេញ ខ្ញុំឈ្លោះគ្នាជាមួយពុកដោយសារគាត់បង្ខំឱ្យខ្ញុំទៅនៅជាមួយប្រពន្ធគាត់ តែខ្ញុំមិនព្រម ។ ខ្ញុំដែលធ្លាប់តែជាកូនស្តាប់ពុករហូត បែរជាហ៊ានតវ៉ា រឿងនេះនាំឱយគាត់ប្តឹងទៅម្តាយខ្ញុំនៅស្រុកឱ្យមកយកកូនទៅវិញ ខ្ញុំចេញពីផ្ទះទាំងយប់ ហើយបញ្ចប់ក្តីស្រមៃកាលពីក្មេងដែលគាត់ធ្លាប់ប្រាប់ខ្ញុំថា ដីមួយវាលនេះទុកឱ្យបងប្អូនខ្ញុំទាំងអស់ … ហើយខ្ញុំស្រមៃថា ខ្ញុំនឹងជិះសេះឃ្វាលគោដូចក្នុងពាណិជ្ជកម្មបារីម៉ាបូរ៉ូនាសម័យនោះ … រលាយហើយ …

ដោយមើលឃើញការលំបាករបស់ពួកខ្ញុំជាក្មួយៗសាច់ជិតសាច់ឆ្ងាយ បងស្រីរបស់ម្តាយខ្ញុំបានទិញផ្ទះតូចមួយប្រក់ស័ង្កសីឱយពួកខ្ញុំស្នាក់នៅរៀនសូត្រ ដេកតម្រៀបគ្នាដូចកន្តំ តែពួកយើងស្រឡាញ់គ្នា ហើយថែទាំផ្ទះអ៊ំណាស់ អរគុណស្ទើររកអ្វីប្រដូចមិនបានចំពោះការបេះពីមាត់ពង្រាត់ពីកនូវ​លុយសម្រាប់ទិញផ្ទះរបស់អ៊ំនេះ ។ ពេលដឹងថាពួកខ្ញុំរស់នៅកុំក្បាលគ្នាបានសុខ ទាំងពួកវាត្រូវជាសាច់ឈាមខាងគាត់តែមិនព្រមទៅសុំគាត់ស្នាក់នៅ គាត់ក៏មករកពួកខ្ញុំឃើញដល់ផ្ទះ ក្មេងៗវាខ្លាចគាត់ណាស់ ព្រោះគាត់កាច តែចំពោះខ្ញុំ អ្វីក៏មិនខ្លាចដែរ ព្រោះនៅពីលើខ្ញុំមានតែយាយខ្ញុំម្នាក់គត់ដែលខ្ញុំខ្លាច ។ គាត់មកជេរខ្ញុំ ជេរប្អូនៗខ្ញុំ ហើយដេញឱ្យទៅនៅផ្ទះគាត់វិញ មិនឱ្យមកនៅសេរីបែបហ្នឹងទេ ។ ខ្ញុំប្រាប់ទៅគាត់ថាខ្ញុំមិនទៅវិញទេ ហើយប្អូនៗទាំងប្អូនបង្កើត និងប្អូនជីទួតមួយ បើវាចង់ទៅ ស្អែកឬថ្ងៃអាទិត្យ ខ្ញុំនឹងជូនវាទៅនៅជាមួយគាត់ ។ ប្អូនៗខ្ញុំវាអើតក្បាលចេញតាមបង្អួចឡៅតឿមកឆ្លើយនឹងខ្ញុំថា ៖ បងខ្ញុំអត់ទៅនៅឯណាទេ ខ្ញុំនៅផ្ទះអ៊ំនេះហើយ ព្រោះម៉ែឪខ្ញុំគាត់យកខ្ញុំមកផ្ញើនឹងបង ។ គាត់ស្រែកជេរពួកវាជេរទាំងម៉ែឪវាដែលត្រូវជាក្មួយគាត់ទៀត ។ ខ្ញុំប្រាប់ឱ្យគាត់ទៅសិនទៅ ។

យូរៗម្តង ពេលគាត់ដឹងថាខ្ញុំបានមកប្រជុំឬធ្វើការនៅភ្នំពេញ គាត់តែងតែមកលេង ហើយប្រាប់ខ្ញុំថា ពុកចង់ឱយកូនមកធ្វើការជាមួយពុក ឈប់ធ្វើការឱយគេទៅ ពិបាកណាស់! ដីយើងគ្មាននរណាមើល នរណាចាំទេ ។ ខ្ញុំដឹងថាវាពិបាក តែបើគាត់មិនចែកឱយកូនទេ គ្មាននរណាគេទៅមើលទៅចាំទេ ។ ខ្ញុំប្រាប់គាត់ថា ពុកគួរតែបែងចែកឱយកូនឱយអស់ទៅ ទុកតែល្មមសម្រាប់ខ្លួនឯងដែលមើលកើតទៅបានហើយ កុំឱ្យពិបាកខ្លួន ។ គាត់យល់ថាយោបល់នេះបំផ្លាញគាត់ណាស់ ខ្ញុំគួរតែមកចាំដីឱយគាត់ គាត់នឹងចែកដីឱយខ្ញុំធំជាងគេ ។ ខ្ញុំមិនដែលតបទេ តែខ្ញុំនឹកក្នុងចិត្តថា គាត់មានអាយុជាងចិតសិបឆ្នាំហើយគាត់មានប្រពន្ធ មានកូនបីទទឹងខ្លួនទៅទៀត ហើយកាត់ដីលក់ចិញ្ចឹមប្រពន្ធកូនរហូត អីចឹងខ្ញុំមិនក្លាយជាអ្នកចាំដីទុកសម្រាប់តាចិញ្ចឹមស្រីក្មេងទៅហើយឬ?

អត់ទេពុក នុយនេះខ្ញុំមិនត្រូវការទេ ព្រោះនុយនេះបានស្ទូចជីវិតខ្ញុំនិងគ្រួសារខ្ញុំស្ទើរកន្លះជីវិតទៅ ហើយ ។ ម្តាយខ្ញុំព្រោះតែពាក្យសន្យាទុកដីឱ្យកូនគាត់ គាត់មិនដែលហ៊ានទិញដីធ្លី ផ្ទះសម្បែងអីទេ គាត់ថាទុកលុយពេលពុកឱ្យដីពួកឯង យើងមានលទ្ធភាពសង់ផ្ទះនៅ ។ ខ្ញុំមិនដែលគិតខុសចំពោះពុកខ្ញុំទេ ជាញឹកញយខ្ញុំប្រាប់ម្តាយខ្ញុំឱយទិញផ្ទះនេះដីនោះ ទុកសម្រាប់ខ្លួនគាត់ តែគាត់មិនព្រម ដូច្នេះដើម្បីឱយគាត់ព្រម ខ្ញុំត្រូវរកប្រាក់សម្រាប់ទិញដីឬផ្ទះដែលខ្ញុំស្រឡាញ់ដោយខ្លួនឯង តែខ្ញុំមិនដែលដាក់ឈ្មោះខ្ញុំទេ គឺដាក់ឈ្មោះគាត់ ព្រោះខ្ញុំគិតថា គាត់មួយជីវិតនេះគ្មានសល់អ្វីទេ ក្រៅពីកូនបីនាក់ គាត់មិនដែលមានប្រាក់ហូបនំទេកាលខ្ញុំនៅរៀន គាត់ហូបតែបាយកក ហើយរិះថាំណាស់ រិះរហូតដល់ កូន បងប្អូនណាក៏ល្បីដែរ ។ គាត់មានប្តីតែប្តីរបស់គាត់មិនអាចរស់នៅជាមួយគាត់បានឡើយ ។ ជាញយដងណាស់ដែលខ្ញុំអរគុណពុក អរគុណព្រហ្មលិខិតដែលពង្រាត់ពុកពីពួកខ្ញុំទៅ ព្រោះអ្វីដែលខ្ញុំមិនអាចរស់នៅចុះសម្រុងជាមួយគាត់កើតគឺរឿងអាម៉ាសមួយដែលគាត់ធ្វើ និងការបង្ខំឱ្យធ្វើខុសចិត្តកូនៗ ។ រស់ជាមួយម្តាយ ខ្ញុំត្រូវរំពាត់ខ្លះមែន តែវាជាកំហុសខ្ញុំប៉ុណ្ណោះ បើរស់នៅជាមួយឪុពុក គឺការបង្ខំចិត្តកូនគ្រប់បែបយ៉ាង ។

ខ្ញុំរស់នៅតាំងពីតូចមកជាប់ឈ្មោះជាកូនអាប្រពន្ធបីរួចហើយ តែអ្នកខ្លះស្លាប់បាត់ទៅ គាត់អត់បានជេរខ្ញុំនូវពាក្យពិតទេ គឺថា ឪពុកខ្ញុំមានប្រពន្ធប្រាំពីរនាក់ ហើយនឹងឈានទៅរកអាទីបន្តបន្ទាប់ទៀតបាន។ ដូច្នេះសម្រាប់ខ្ញុំ មានម្តាយម្នាក់គ្រប់ហើយ ទោះគាត់មិនដែលបង្រៀនខ្ញុំឱយចេះហែលទឹក និងបរបាញ់សត្វដូចកូនគេដទៃ តែខ្ញុំក៏ចេះតិចតួចល្មមចិញ្ចឹមជីវិតបាន ។

មានម្តងម្កាល ប្អូនថ្លៃខ្ញុំវានិយាយរៀបរាប់ត្រង់ៗប្រាប់គាត់ថា ខ្ញុំនិងមែ៉មានដីចំការនៅឯណេះបន្តិចឯណោះបន្តិច មានផ្ទះឯណេះបន្តិច ឯណោះបន្តិច គាត់ក៏ច្រឡោតតូងភ្លាម គាត់ថាយកលុយទៅទិញអត់ប្រយោជន៍ គាត់ទុកដីឱយមិនមកមើលមកថែទេ។ មួយរយៈចុងក្រោយនេះគាត់ហៅពួកខ្ញុំនិងកូនផ្សេងទៀតទៅចែកដីឱយហើយធ្វើលិខិតប្រគល់ផ្តាច់ឱ្យ ដោយទាំងពាក្យជេរប្រទេចបណ្តាសារ គម្រាមផង ថាបើមិនមកមើលឪពុកទេ គាត់មិនចែកឱ្យឡើយ ។ ពុកខ្ញុំចង់ឱយពួកខ្ញុំទៅមើលថែគាត់ តែចំពោះខ្ញុំការទៅមើលថែពុកមិនមែនថាមិនចង់ទេ តែកុំនិយាយពាក្យដោះដូរគ្នានឹងដីគាត់គឺមិនបានដាច់ខាត បើខ្ញុំទៅមើលពុក គឺត្រូវទៅមើលដោយចិត្តរបស់ខ្ញុំ មិនមែនដើម្បីថ្នូរឡើយ ។ តែឱ្យខ្ញុំទៅមើលគាត់ដូចម្តេច បើគាត់ចល័តខ្លួនជាងទុកៗផាស់អាប់ទៅទៀត ដើរពីផ្ទះមួយទៅផ្ទះមួយ ជួនកាលយួររបស់ហូបដែលគិតថាពុកចូលចិត្តដូចកូនដែរយកទៅផ្ញើ ទៅដល់ផ្ទះប្រពន្ធទី៦គាត់មិននៅ អាណាទៅយួររបស់មកវិញកើត? របស់មានតិច ដូច្នេះត្រូវរំលែកពីចំណែកទុកសម្រាប់ខ្លួនទៅផ្ទះប្រពន្ធមួយទៀតចុងក្រោយ សង្ឃឹមគាត់នៅទីនោះ តែបានត្រឹមទុកនៅនោះថែមទៀត ព្រោះគាត់ចល័តដូចពួកលក់មុងអីចឹង។

ខ្ញុំជួនកាលចង់មានចង់បានដែរ តែបើវាពិបាកពេក ខ្ញុំសូមស្មាលា មិនមែនថាខ្លួនក្រហើយឬកធំទេ តែធ្វើឬកតូចវាមិនកើត ។ ខ្ញុំរៀនបានចេះដឹងខ្លះដែរ ពាក្យពេជន៍ខ្លះ ឪពុកមិនគួរនិយាយនឹងកូនបែបពួកយូកូងទេ ។ គាត់ប្រហែលជាគិតថាដីគាត់រាប់ម៉ឺននោះ មានតម្លៃណាស់សម្រាប់ខ្ញុំ នេះបើកុំតែម្តាយ កុំតែទើសនឹងប្អូន ថាបើបងមិនព្រមយក ពួកវាក៏មិនបានចំណែកដែរ កុំអីខ្ញុំត្រូវរស់ក្នុងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ។ នេះបើកុំតែខ្ញុំគ្មានសង្ឃឹមលើគាត់ ហើយទិញនេះទិញនោះទុក កុំអីគាត់មិនមកប្រជែងចែកដីឱយពួកខ្ញុំឱយមានគុណគាត់នោះទេ ។ សំណាងអាប្អូនៗផ្សេងៗទៀតដែរ អាណិតគ្នា គ្នាគ្មានអ្វីសោះពីម្តាយព្រោះម៉ែៗអស់នោះលង់ជឿប្តីគាត់ដូចម៉ែខ្ញុំដែរ ។

សូមស្វែងរកសុភមង្គលក្នុងគ្រួសារឱយបានសមរម្យ ថ្លៃថ្នូរ និងជាទីបង្អែកនៃកូនចៅ ដើម្បីជាប្រយោជន៍សម្រាប់បណ្តុះមនុស្សជាតិនៃខ្មែរឱយប្រសើរឡើង ។

ឯវំ

សូមជូនពរលោកអ្នកទាំងអស់គ្នាប្រកបដោយ សុភមង្គល សេចក្តីសុខ និងសេចក្តីចម្រើនជានិច្ច ។ នេះជាពាក្យជូនពររបស់យាយខ្ញុំដែលខ្ញុំឮញឹកញាប់ជាទីបំផុត ។

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: